« ខ្ញុំទៅគេងហើយ » ម៉ូរីសា មិនចាំអោយជីមីនតប គ្រាន់តែនិយាយចប់ក៏ដើរឡើងជណ្តើរទៅបន្ទប់បាត់
ក្រឹប!!
មកដល់ភ្លាមក៏ទាញទ្វារបិត នាងដើរទៅអង្គុយលើគ្រែហើយដកដង្ហើមធំចេញមកតិចៗ បេះដូងលោតញាប់រណ្តុក មុននេះមិនគួរបណ្តោយខ្លួនអោយគេប៉ះពាល់បែបនោះ ជាពិសេសពេលឃើញភាពប្រែប្រួលរបស់ជីមីនបន្ទាប់ពីឮការបដិសេធរបស់នាងហើយ ម៉ូរីសាស្រាប់តែមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ
ថ្ងៃនេះគេនាំនាងទៅញាំអាហារឆ្ងាញ់ ហើយពេលត្រឡប់មកវិញក៏ចង់អូសនាងឡើងគ្រែ តែពេលមិនបានសម្រេចក៏ស្រាប់តែបង្ហាញភាពត្រជាក់ចេញមក គេគិតថានាងជាស្រីចិត្តងាយដែលធ្វើល្អដាក់តិចតួចក៏ព្រមដោះសម្លៀកបំពាក់វារឡើងពូកតាមបំណងរបស់គេឬ?
ម៉ូរីសាទម្លាក់ខ្លួនគេង នាងទាញភួយមកដណ្តប់តែចិត្តបែរជាមិនស្ងប់
នាងខកបំណងហើយក៏កណ្តោចកណ្តែង យប់នេះជាយប់តំបូងដែលគេងនៅកន្លែងប្លែកតែម្នាក់ឯងដោយគ្មានម៉ាក់ ឬខូឡេនមកជាមួយ ម៉ូរីសាឯកា ហើយវានិងល្អជាងនេះបើសិនជីមីនព្យាយាមយល់ពីចិត្តរបស់នាងបន្តិច ជាជាងបំផ្លាញវាដោយទង្វើររបស់គេមុននេះ...ព្រឹកថ្ងៃថ្មីចូលមកដល់ ម៉ូរីសាភ្ញាក់ដឹងខ្លួនព្រោះតែក្លិនឈ្ងុយដែលរសាត់មកប៉ះច្រមុះ ទោះចិត្តនៅមិនទាន់ចង់ចុះទៅជួបមុខជីមីន តែនាងគេចរហូតមិនបាន គេជាម្ចាស់នៅទីនេះ ទោះយ៉ាងណានាងក៏ត្រូវញាំអាហារដើម្បីក្រពះ។
ម៉ូរីសារៀបចំខ្លួនចេញពីបន្ទប់ កាន់តែដើរទៅជិតក្លិនឈ្ងុយក៏កាន់តែភាយមករក រហូតចូលមកដល់ផ្ទះបាយកាយតូចក៏ត្រូវភាំង ព្រោះអ្នកដែលកំពុងកាន់វែកកាន់ខ្ទះមិនមែនជា ជីមីន ដូចអ្វីដែលរពឹងទុក ផ្ទុយទៅវិញជាមនុស្សស្រីខ្លួនស្រឡូនខ្ពស់ សក់ពណ៌ត្នោតទម្លាក់ចុះដល់ចង្កេះ នាងពាក់អៀមការពារប្រឡាក់ ហើយចាប់នេះចាប់នោះមិនដឹងពីវត្តមានរបស់អ្នកមកដល់ថ្មីសូម្បីតែបន្តិច
« អ្នកនាងភ្ញាក់ហើយឬ? » សុខៗសម្លេងរបស់ ណេរ៉ូ ក៏បន្លឺឡើង គេដើរចេញមកដោយមានកាន់កាហ្វេមកជាមួយ
« ណេរ៉ូ? លោកមកដល់តាំងពីពេលណា? » ម៉ូរីសា ឆ្ងល់ព្រោះមិនឮជីមីននិយាយថានិងមានអ្នកណាមក ហើយការសន្ទនារបស់ពួកនាងធ្វើអោយមនុស្សស្រីម្នាក់ទៀតដែលកំពុងចៀនសាច់ងាកមកចាប់អារម្មណ៍ភ្លាម
« អូ៎ នាងប្រហែលជាម៉ូរីសាត្រូវទេ ខ្ញុំរ៉ៃស្សែល » រ៉ៃស្សែលញញឹមស្រស់ ទុកវែកចុះហើយដើរមកចាប់ដៃ
« សួស្តី ខ្ញុំមិនដឹងថានាងមក » ម៉ូរីសា ព្យាយាមធ្វើខ្លួនមិនអោយឆ្គងពេក នាងនៅចាំឈ្មោះនេះ ' រ៉ៃស្សែល ' មនុស្សស្រីដែលរៀបចំផេនហោស៌របស់ជីមីន ហើយក៏ជាមនុស្សស្រីដែលជីមីនមិនព្រមនិយាយអោយនាងស្គាល់ បើទោះនាងធ្លាប់សួរពីមុនមក
« កុំបារម្ភ យូរទៅនាងប្រាកដជាឧស្សាហ៌ឃើញខ្ញុំមិនខាន » រ៉ៃស្សែល ញញឹមប្រាប់បង្ហាញភាពជាមិត្ត តែខួរក្បាលម៉ូរីសាបែរជាគិតទៅដល់ការពិតដែល ជីមីនប្រហែលជាទុកចិត្តមនុស្សស្រីចំពោះមុខខ្លាំងព្រោះមិនចឹងគេប្រហែលជាមិនបណ្តោយអោយនាងទទួលខុសត្រូវនិងអាចចេញចូលផេនហោស៌របស់គេបានតាមចិត្តនោះទេ
នាងចង់ដឹងពិតមែនថាពួកគេស្និតស្នាលនិងគ្នាខ្លាំងប៉ុណ្ណាទៅ?
« ចា៎ »
« មែនហើយ អង្គុយចុះមក អាហារខ្ញុំធ្វើរួចហើយ »
ម៉ូរីសាមិនតប តែក៏ព្រមដើរទៅអង្គុយលើកៅអីនៅតុអាហារតាមការប្រាប់ នាងទទួលស្គាល់ថារ៉ៃស្សែលជាមនុស្សស្រីស្អាតខ្លាំងណាស់ មើលទៅឆ្លាត ជឿជាក់ហើយក៏មានមន្តស្នេហ៍ ជាពិសេសកែវភ្នែកពណ៌មរកតដែលជះពណ៌ស្រស់ស្អាលពេលចាំងនិងពន្លឺថ្ងៃមួយគូរនោះ មានមនុស្សស្រីស្អាតនិងពូកែបែបនេះនៅក្បែរ មានឬដែលមនុស្សប្រុសបណ្តោយអោយរួចខ្លួន?
« ខ្ញុំស្មានថាចៅហ្វាយប្រាប់អ្នកនាងរួចហើយ » ណេរ៉ូ លូកមាត់ តបសំណួរដែលសួរមកខ្លួនមុននេះ
« អត់ទេ គេមិនបានប្រាប់... »
« គាត់ប្រហែលជាភ្លេចហើយមើលទៅ »
« ប្រហែលហើយ » ម៉ូរីសា តបសម្លេងខ្សោយ គេមិនមែនភ្លេចតែនាងប្រហែលជាមិនសំខាន់គ្រប់គ្រាន់សម្រាប់អោយគេចំណាយពេលនិយាយប្រាប់រឿងគ្រប់យ៉ាងទៅវិញទេ សូម្បីតែពេលនេះ នាងសម្លឹងជុំវិញខ្លួនច្រើនដងតែបែរជាមិនឃើញសូម្បីតែស្រមោលរបស់គេសោះ
« ថ្ងៃនេះចៅហ្វាយមានប្រជុំបន្ទាន់ទើបចេញទៅតាំងពីព្រឹក ថ្ងៃត្រង់ទើបគាត់ត្រឡប់មកវិញ » ណេរ៉ូ ចាប់អារម្មណ៍ទឹកមុខរបស់ម៉ូរីសា ទើបនាយប្រញាប់ប្រាប់ជៀសវាងនាងគិតខុសលើចៅហ្វាយរបស់ខ្លួន
« អញ្ចឹងឬ? » ជីមីន ចេញទៅដោយមិនប្រាប់ គេមិនបានទុកសូម្បីតែកូនណូត ឬផ្ញើរសារតាមទូរស័ព្ទប្រាប់
មើលទៅគេប្រហែលជាខឹងពិតមែនហើយ
« ខ្ញុំមិនដឹងថានាងចូលចិត្តអ្វី ទើបធ្វើអាហារធម្មតាៗ សង្ឃឹមថាញាំបានទៅចុះ » រ៉ៃស្សែល ស្រាប់តែបន្លឺសម្លេងឡើងម្តងទៀត ស្របពេលតែមួយក៏លើកចានអាហារពីរចានមកដាក់លើតុ
« ខ្ញុំអាចញាំបានគ្រប់យ៉ាង » ម៉ូរីសា មិនមែនជាមនុស្សរើស ហើយនំប៉័ង ពងទា និង បេខន ជាអាហារពេលព្រឹកសាមញ្ញនាងញាំច្រើនដងមកហើយ
« កាហ្វេយកយ៉ាងម៉េចដែរ? »
« សុំសូកូឡាមួយកែវបានហើយ »
« អូខេ »
មួយសន្ទុះក្រោយ សុកូឡាក្តៅ និងកាហ្វេក្តៅក៏លើកមកដាក់លើតុ ម៉ូរីសា ទទួលរបស់ខ្លួន ចំណែករ៉ៃស្សែលក៏អង្គុយចាប់ផ្តើមញាំអាហារ
« ណេរ៉ូ លោកមិនញាំទេឬ? » នាងទើបតែសង្កេតឃើញថានៅចំពោះមុខណេរ៉ូគ្មានចានអាហារនោះទេ
« អត់ទេ ខ្ញុំញាំនំប៉័ងរួចហើយ » ម៉ូរីសា ងក់ក្បាលយល់ហើយក៏បន្តញាំអាហាររបស់ខ្លួនមិននិយាយអ្វីទៀត
គ្រប់យ៉ាងធ្លាក់ទៅក្នុងភាពស្ងៀមស្ងាត់តែបរិយាកាសក៏យល់ថាតានតឹងតិចតួច មិនដឹងថាម៉ូរីសា មិនចូលចិត្តរ៉ៃស្សែល ឬនាងមិនទម្លាប់ជួបមនុស្សប្លែកមុខ ព្រោះមើលទៅនាងគ្មានចេតនាចង់បបួលអ្នកម្ខាងទៀតនិយាយអ្វីឡើយ
« ខ្ញុំឮថាការរៀបការនៅធ្វើឡើងនៅខែក្រោយហើយ » រ៉ៃស្សែលជាអ្នកផ្តើមការសន្ទនា
« ចា៎ »
« ចូលរួមអបអរផងណា៎ »
« អរគុណ » ហើយនាងនៅតែតប-ត មួយមាត់ៗ ណេរ៉ូ បានតែអង្គុយផឹកកាហ្វេស្ងាត់ៗសម្លឹងឆ្លាស់គ្នារវាងគូដណ្តឹងចៅហ្វាយខ្លួន និងអ្នកនាងអគ្គនាយករបស់ខុនដូមួយនេះស្ងាត់ៗពេលវេលាដើរលឿនគួរសម បន្ទាប់ពីញាំអាហារពេលថ្ងៃរួច រ៉ៃស្សែលក៏ត្រឡប់ទៅវិញព្រោះនិយាយថាមានប្រជុំសំខាន់ ចំណែកជីមីនក៏មិនឃើញត្រឡប់មកផ្ទះរហូតពេលនេះម៉ោងប្រាំបួនយប់ទៅហើយ ក្នុងផេនហោស៌គឺមានតែនាងនិងណេរ៉ូប៉ុណ្ណោះ
« លោកថាចៅហ្វាយលោកមកពេលរសៀលមែនទេ នេះយប់ទៅហើយបែរជាមិនឃើញសូម្បីតែស្រមោលរបស់គេ »
« ខ្ញុំក៏មិនប្រាកដដែរអ្នកនាង គាត់មិនបានបញ្ជាក់ »
« លោកមិនបារម្ភខ្លាចជីមីនកើតអីទេឬ? » ណេរ៉ូ ជាមនុស្សជំនិត ហើយក៏ជា made man គេឆ្លងកាត់ច្រើន ដែលសំខាន់តួនាទីគេគឺការពារទាយាទតែម្នាក់របស់ម៉ាហ្វៀនៃញ៉ូវយ៉ក តែពេលនេះបែរជាធ្លាក់ខ្លួនមកអង្គុយយាមនាងហើយទុកចៅហ្វាងខ្លួនចោលទៅវិញ
« អ្នកនាងកុំបារម្ភ អេវែល នៅជាមួយគាត់ហើយ » ចម្លើយដែលទទួលបានធ្វើអោយម៉ូរីសា ជ្រួញចិញ្ចើមបន្តិច នាងស្មានតែជីមីនអោយអេវែលនៅ Manhattanតើ មើលទៅប្រហែលមិនមែនបែបនោះទេ
« បើចឹងលោកអង្គុយចាំចៅហ្វាយលោកម្នាក់ឯងចុះខ្ញុំទៅគេងហើយ »
« បាទ រាត្រីសួស្តីអ្នកនាង » ពេលម៉ូរីសា ងើបពីសាឡុង ណេរ៉ូ ក៏ងើបតាមហើយអោនខ្លួនបន្តិចបង្ហាញការគោរព
« ចា៎ លោកដូចគ្នា រាត្រីសួស្តី »ពាក់កណ្តាលយប់ ម៉ូរីសានៅមិនទាន់គេងលក់ ថ្ងៃនេះនាងមិនបានជួបជីមីន គេបាត់ទៅពេញមួយថ្ងៃធ្វើអ្វីខ្លះគ្មានអ្នកណាដឹង ចំណែកនាងត្រូវនៅស្ងៀមជាប់ក្នុងផ្ទះដូចជាអ្នកទោស រ៉ៃស្សែលមិនបាននៅកំដរយូរ ចំណែកណេរ៉ូ ក៏ធ្វើខ្លួនដូចជាមនុស្សគ្មានរូបរាង នាងអផ្សុកតែបែរជាមិនអាចទៅណាបាន ឬជួនកាលនេះជាការដាក់ទោសដែលនាងហ៊ានបដិសេធតម្រូវការរបស់គេផងក៏ថាបាន
« ល្ងង់ពិតមែន » ម្សិលមិញបេះដូងរបស់ម៉ូរីសាពោរពេញដោយក្តីសង្ឃឹម នាងគិតថាគេព្រមបើកបង្ហាញចំណុចល្អអោយបានឃើញព្រោះចង់ស្វែលយល់ពីនាង ហើយចង់អោយការរៀបការមួយនេះមានន័យលើសពីពាក្យថាការចាប់បង្ខំ តែធាតុពិតនាងក៏ត្រូវមកជួបតែភាពអស់សង្ឃឹមដដែលៗអរគុណសម្រាប់ការអាន🤍
៚leefaye

YOU ARE READING
ក្រសោបស្នេហ៍ថែបេះដូង [Pause]
Fanfictionអតិតកាលដប់ឆ្នាំមុននៅតែតាមលងបន្លាចម៉ូរីសារហូតដល់ថ្នាក់នាងមិនហ៊ានប្រឈមមុខនិងកែវភ្នែកពណ៌ប្រាក់មួយគូរនោះ។ មនុស្សស្រីដទៃអាចនិងលង់ចង់បានមនុស្សប្រុសដែលមានទាំងព្រមដូចជាជីមីនមកគ្រប់គ្រង តែនាងដឹងច្បាស់ថាអំណាច ភាពជាអ្នកប្រម៉ាញ់ និងមន្តស្នេហ៍អាថ៌កំបាំងទាំងនោះមិ...