ភាគ ៦១

298 10 2
                                    

ព្រឹកថ្ងៃថ្មី
« អេវែល? »
« ណេរ៉ូ មិនទំនេរទើបខ្ញុំមកទទួលអ្នកនាងជំនួស » អ្នកកម្លោះបកស្រាយជាមួយស្នាមញញឹមបន្តិច ដៃក៏បើកទ្វារឡានអោយម៉ូរីសាចូលទៅក្នុង មុននិងបិតទៅវិញហើយដើរទៅកន្លែងអ្នកបើក
« ខ្ញុំខានឃើញមុខលោកមួយរយៈហើយ ស្មានថាលែងបានជួបហើយតើ » នាងតូចនិយាយលេងបន្លំមែន ក្នុងចិត្តនៅតែមានអារម្មណ៍ដឹងខុសនិងរឿងលួចរត់កាលពីលើកមុនមិនបាត់
« ក៏បិះទៅហើយ បើមិនមែនណេរ៉ូពឹងអោយជួយមកទទួលជំនួស ខ្ញុំគិតថាចៅហ្វាយគ្មានថ្ងៃទុកចិត្តអោយខ្ញុំនៅការពារអ្នកនាងទៀតទេ »
« ពិតមែនឬ? »
« បាទ ពេលនេះគាត់ប្តូរការងាររបស់ខ្ញុំអោយទៅមើលការខុសត្រូវក្លឹបនៅក្រៅក្រុងហើយ »
គ្រាន់តែឮចម្លើយនេះមេដើមហេតុដូចជានាងកាន់តែដឹងខុសមួយកម្រឹតទៀតភ្លាម។ ថ្ងៃមុនក៏ត្រូវដាក់ទោសមានរបួសជាប់ពេញខ្លួន ពេលនេះក៏ត្រូវទម្លាក់តំណែងអោយទៅធ្វើការក្រៅក្រុង បើជាអ្នកដទៃប្រហែលជាខឹងស្អប់លែងចង់ជួបមុខនាងបាត់ទៅហើយ
« និយាយតាមត្រង់ បើខ្ញុំជាលោក ខ្ញុំប្រាកដជាមិនចង់មកជួបមុខមនុស្សដែលធ្វើអោយខ្ញុំមានបញ្ហាបែបនេះទេ » អេវែល សើចតិចៗនិងអ្វីដែលខ្លួនឮមុននិងសម្លឹងមកក្រោយតាមកញ្ចក់
« ខ្ញុំមិនមែនជាមនុស្សចូលចិត្តចងគុំនុំ » គេនិយាយងាយៗបែបមិនប្រកាន់ តែខ្សែរភ្នែកបែរជាជះស្រមោលអ្វីម្យ៉ាងដែលអានមិនដាច់
« យ៉ាងណាគ្រប់យ៉ាងមិនមែនជាកំហុសអ្នកនាងតែម្នាក់ ខ្ញុំធ្វេសប្រហែសដោយខ្លួនឯង ត្រឹមតែត្រូវទម្លាក់តំណែងបែបនេះគឺចាត់ទុកថាសំណាស់ណាស់ទៅហើយ »
« ខ្ញុំសុំទោសពិតមែន » ម៉ូរីសា នៅតែទទូច បើទោះមនុស្សឋានៈនាងភាគច្រើនមិនបន្ទាប់ខ្លួនសុំទោសអង្គរក្សក៏ដោយ
« បាទ » នាយញញឹមស្រទន់លើកចុងក្រោយព្យាយាមប្រាប់ដោយប្រយោលមិនអោយនាងគិតច្រើន ម៉ូរីសាក៏ញញឹមបន្តិចតបទៅវិញ មុននិងបញ្ចប់កិច្ចសន្ទនាត្រឹមនេះ។

     ពេលទៅដល់ហាងផ្កា ម៉ូរីសាជួបនិយាយជាមួយនិងក្រុមការងារផ្នែកតុបតែកម្មពិធី ពួកនាងពិភាក្សាគ្នាអស់មួយសន្ទុះធំទម្រាំនាងតូចសម្រេចចិត្តបានថាជ្រើសរើសផ្កាប្រភេទអ្វីខ្លះ
« Hydragea , baby's breath,carnation ហើយនិង Tulip...អ្នកនាងប្រាកដហើយឬថាមិនត្រូវការផ្កាកុលាប? » 
« ចា៎ អត់ទេ » អោយប្រាប់យ៉ាងម៉េចថានាងចង់បានផ្កាកុលាបចង់ស្លាប់ទៅហើយតែយកមិនបានព្រោះអនាគតប៉ាក្មេករបស់នាងស្អប់វាដល់ថ្នាក់សូម្បីតែស្រមោលក៏មិនចង់ឃើញផង
« បើចឹងខាងខ្ញុំនិងរៀបចំគ្រប់យ៉ាងតាមការសម្រេចចិត្តរបស់អ្នកនាង តែបើមានអ្វីត្រូវការកែប្រែឬបន្ថែមអ្នកនាងអាចទាក់ទងមកពួកខ្ញុំក្នុងកំឡុងពេលមួយអាទិត្យមុនថ្ងៃរៀបចំពិធី ព្រោះមិនចឹងវាអាចនិងពិបាកក្នុងការផ្លាស់ប្តូរ »
« ខ្ញុំគិតថាគ្រប់យ៉ាងល្អឥតខ្ចោះហើយ តែបើមានអ្វីទៀតខ្ញុំនិងទាក់ទងមកអ្នកស្រី »
« បើចឹងសម្រាប់ថ្ងៃនេះគ្រប់យ៉ាងគឺរួចរាល់អស់ហើយ អរគុណសម្រាប់ពេលវេលា ហើយក៏ចូលរួមអបអរផងណា៎ អ្នកនាងម៉ូរីសា » មនុស្សស្រីចំណាស់ញញឹមស្រទន់ហើយងើបឈរទាញនាងក្រមុំមកអោបបន្តិចមុននិងទម្លាក់ដៃចុះវិញ
« អរគុណ »
« បើមិនប្រញាប់ទេ អ្នកនាងអាចដើរមើលផ្កានៅក្នុងហាងបាន »
« ចា៎ »
ម៉ូរីសា តបទទួលសំណើរហើយក៏សម្រេចចិត្តដើរមើលផ្កាស្រស់ដែលដាក់តាំងលម្អនៅក្នុងហាងម្តងមួយរហូតមកឈប់នៅចំពោះមុខបាច់ផ្កាកុលាបក្រហមមួយបាច់ធំ....ពណ៌របស់វាស្អាតឆើតឆ្លុះជាងផ្កាដទៃដែលនៅក្បែរ កាន់តែមើលនាងក៏កាន់តែនឹកដល់ខ្សែ-កដែលពាក់ជាប់និង-ក
« បន្តោងខ្សែរ-ក របស់អ្នកនាងស្អាតណាស់ ខ្ញុំទើបតែចាប់អារម្មណ៍ » សុខៗសម្លេងអេវែលក៏ស្រាប់តែបន្លឺឡើង ធ្វើអោយអ្នកដែលកំពុងភ្លឹកប្រញាប់ងាកទៅរក
« អូ៎... » ម៉ូរីសា លើកដៃស្ទាបខ្សែ-ករបស់ខ្លួន ហើយក្នុងពេលតែមួយស្នាមញញឹមស្រាលក៏បង្ហាញឡើងលើបបូរមាត់ក្រពុំ
« វាជាកាដូរដំបូងដែលជីមីនអោយមកខ្ញុំ »
« វាសមនិងអ្នកនាង »
« អរគុណ »
« ម៉ាក់របស់ខ្ញុំក៏ចូលចិត្តផ្កាកុលាបដែរ » អេវែល បែរទៅសម្លឹងផ្កាហើយក៏និយាយចេញមកទាំងគ្មានទិសសំបន់ តំបូងម៉ូរីសាចម្លែកចិត្តតិចតួចដែលគេស្រាប់តែចាប់អារម្មណ៍ខ្សែ-ក របស់នាង តែពេលឮបែបនេះហើយនាងក៏យល់
« មនុស្សស្រីភាគច្រើនមានចំណុចខ្សោយអោយផ្កាកុលាប មិនចម្លែកទេដែលគាត់ចូលចិត្តវា »
« អ្នកនាងចូលចិត្តផ្កាកុលាបដែរឬ? »
« ប្រាកដណាស់ ខ្ញុំចូលចិត្តកុលាប ម៉ាក់ក៏ចូលចិត្តកុលាប កាលពីក្មេងទំនេរៗម៉ាក់បបួលទៅដាំផ្កាជាមួយគាត់រហូតហ្នឹង មកដល់ពេលនេះនៅក្រោយផ្ទះកុលាបដុះរាប់រយទងរកតែផ្លូវដើរលែងចង់ឃើញហើយ » និយាយចប់ក៏អស់សំណើចបន្តិច នឹកឃើញកាលពីក្មេងពេលម៉ាក់ហៅទៅជួយទោះយ៉ាងម៉េចក៏ចេះតែទៅដែរអោយតែបានសប្បាយ ពេលខ្លះរអិលដួលរហូតដីប្រឡាក់ពីក្បាលដល់ចុងជើងផងក៏មាន
« និយាយអញ្ចឹងបើជ្រុលជាមកដល់ហើយគួរតែទិញកុលាបមួយបាច់ផ្ញើរគាត់ល្អទេ? » ម៉ូរីសា អោយយោបល់ អេវែលឮហើយក៏បានតែញញឹមខ្សោយ
« ស្តាប់ទៅក៏ល្អ ខ្ញុំខានទៅលេងគាត់យូរហើយ »
« បើចឹងពួកយើងទៅលេងគាត់ទៅ ព្រោះខ្ញុំក៏មិនរវល់អីទៀត ចំណែកលោកក៏មិនប្រញាប់ដែរមែនទេ? »
« បាទ »
« ល្អណាស់ ពួកយើងទៅៗ »

/ វាលរហោស្ថាន /
ម៉ូរីសា ឈរសម្លឹងមើលផ្នូរចំពោះមុខស្លុតមិនដឹងគួរនិយាយយ៉ាងម៉េច
« សុំទោសផងខ្ញុំមិនដឹងថាម៉ាក់របស់លោក... »
« មិនអីទេ ខ្ញុំមិនបានប្រាប់អ្នកនាងដោយខ្លួនឯង » អេវែល និយាយកាត់ដោយសម្លេងថើរមុននិងដើរទៅទម្លាក់បាច់ផ្កាកុលាបពណ៌ក្រហមស្រស់នៅលើផ្នូរ គេឈរសម្លឹងមើលផ្លាកឈ្មោះដែលឆ្លាក់នៅលើផ្ទាំងថ្មចំពោះមុខស្ងាត់ៗ
« គាត់មិនត្រឹមតែចូលចិត្តផ្កាកុលាបធម្មតាទេ បើនិយាយអោយចំគឺមើលទៅឈ្លក់វង្វេងច្រើនជាង....សម្រាប់គាត់ រាល់ថ្ងៃថូផ្កានៅក្នុងបន្ទប់គឺត្រូវតែប្តូរដាក់កុលាបស្រស់រៀងរាល់ព្រឹកមុនពេលដែលគាត់ភ្ញាក់...តែធម្មតាក៏គាត់មិនចេះពិសារដែរ គាត់ពិសារតែ តែកុលាបប៉ុណ្ណោះ....មិនថាជាក្លិនទឹកអប់ សាប៊ូបោកខោអាវ...គ្រប់យ៉ាងជុំវិញខ្លួនគាត់គឺត្រូវតែជាផ្កាកុលាបនិងក្លិនរបស់វា បើមិនចឹងទេគាត់ប្រាកដជារករឿងមិនសុខចិត្តឡើយ » និយាយបណ្តើរក៏ញញឹមម្នាក់ឯងបណ្តើរ ឯម៉ូរីសាដែលឈរស្តាប់បានតែសម្លឹងមើលខ្នងគេពីក្រោយ ហើយអត់មិនបាននិងឆ្ងល់ដល់ជីវិតរបស់អេវែលមុនពេលក្លាយជា made man
នាងចង់ដឹងថាគេធំធាត់មកជាមួយនិងបរិយាកាសគ្រួសារបែបណាទៅ ហេតុអីនាងយល់ថាសម្តីរបស់គេមានលាក់បង្កប់នូវភាពឯកានិងសោកសង្រេងបែបនេះ?

______________________
អរគុណសម្រាប់ការអាន
រាត្រីសួស្តីអ្នកទាំងអស់គ្នា 😘♥️

Leefaye🦋

ក្រសោបស្នេហ៍ថែបេះដូង [Pause] Tahanan ng mga kuwento. Tumuklas ngayon