« បន្តិចទៀតឯងនិងដឹងហើយ ប្រញាប់ដើរតាមទៅកុំអោយប៉ាឯងចាំយូរ » ម៉ាក់និយាយតែប៉ុណ្ណឹងហើយក៏ដើរចេញទៅម្នាក់ទៀតធ្វើអោយម៉ូរីសាមានអារម្មណ៍ថាគ្រឿងក្នុងរបស់នាងរមួលចូលគ្នាអស់ហើយ កាន់តែដើរក៏កាន់តែគិតច្រើនរហូតមកដល់ពេលនេះនាងដើរមកដល់មុខបន្ទប់ធ្វើការរបស់ប៉ាបាត់ទៅហើយ។
ដៃទាំងពីរច្របាច់ចូលគ្នាណែន ព្យាយាមរុញច្រានភាពភ័យខ្លាចរបស់ខ្លួនអោយទៅម្ខាងមុននិងដាច់ចិត្តគោះទ្វារ
« ចូលមក »
ទ្វារបន្ទប់ត្រូវបានរុញចូល បង្ហាញប៉ាដែលកំពុងអង្គុយនៅលើកៅអីស្បែករបស់គាត់ ចំណែកនៅក្បែរបង្អួចក៏មានខូឡេន ឈរជ្រែងហោប៉ៅសម្លឹងមើលទៅក្រៅ គាត់មិនសូម្បីតែងាកពេលដែលនាងបើកទ្វារចូលមក
« អង្គុយចុះមក » សម្លេងចំណាស់បន្លឺឡើង ម៉ូរីសាដាក់ខ្លួនអង្គុយនៅទល់មុខតុឈើធំដែលពោពេញដោយឯកសា ខួរក្បាលក៏មិនភ្លេចទន្ទេញជាប់គ្នាថាមិនអោយភ្លេចខ្លួនខាំសាច់ក្នុងមាត់តាមអារម្មណ៍ភ័យទេ ប៉ាស្អប់ពេលដែលនាងធ្វើបែបនេះខ្លាំងណាស់
« មិនយូរមិនឆាប់ប៉ានិងដល់វ័យដែលត្រូវចូលនិវត្តន៍ ហើយខូឡេននិងត្រូវចូលជំនួសតំណែងរបស់ប៉ា ឯងដឹងមែនទេ? »
« ចា៎ ដឹង » ម៉ូរីសា គ្រលៀសភ្នែកទៅសម្លឹងបងប្រុសរបស់ខ្លួនម្តងទៀត តែគាត់នៅតែបង្ហាញឫកពារហាក់មិនចង់លូកមាត់ចូលការសន្ទនារបស់ពួកនាងដដែល
« តែមួយរយៈនេះទំនាក់ទំនងរវាងអាម៉ាឡន និង ដន សាលវ៉ាថ័រ ស្និតស្នាលខុសពីធម្មតា សូម្បីតែអ្នកដឹងនាំជាន់ខ្ពស់ក្នុងសម្ព័ន្ធជាច្រើនក៏ចាប់ផ្តើមចូលចិត្តវាដែរ....ប៉ុន្មានអាទិត្យមុនបន្ទាប់ពីទទួលបានតំណឹងថាពួក រុស្សី និង ចិន ព្យាយាមមកបង្ករបញ្ហាចង់ពង្រាយអំណាចនៅឡាវេហ្គាស អាម៉ាឡន ក៏ចេញមុខទៅស៊ើបការភ្លាម....វាកំពុងតែប្រើឱកាសនេះយកចិត្តគ្រប់គ្នា » ភាពមីងមាំងចូលមកគ្របដណ្តប់ពេញខួរក្បាល តាមធម្មតានៅក្នុងសង្គមដែលពួកនាងរស់នៅមនុស្សស្រីត្រូវបានហាមមិនអោយលូកដៃក្នុងកិច្ចការមនុស្សប្រុស ឬសូម្បីតែចង់ដឹងចង់ឮព័ត៌មានផ្ទៃក្នុងរបស់ជំនួញម៉ាហ្វៀឡើយ តែហេតុអីសុខៗប៉ាក៏លើករឿងនេះមកនិយាយ?
ម៉ូរីសា ជ្រួញចិញ្ចើមចូលគ្នាជាប់ តែនាងឆ្លាតល្មមនិងដឹងថានេះមិនមែនជាពេលហើបមាត់សួរសំនួរអ្វីនោះទេ
« បើវាត្រឡប់មកវិញជាមួយភាពជោគជ័យនោះមានន័យថា អនាគតរបស់បងប្រុសឯងក៏រង្គោះរង្គើរ ហើយប៉ានិងគ្មានថ្ងៃបណ្តោយអោយរឿងនោះកើតឡើងជាដាច់ខាត ការលះបង់ច្រើនឆ្នាំកន្លងមកនេះគឺមិនអាចអោយអាសាបង់នោះទេ បងរបស់ឯងគឺត្រូវតែទទួលតំណែងជា ទីប្រឹក្សាជំនិតរបស់ ដន.... » គាត់ឈប់បន្តិច ហើយក្រសែរភ្នែកដែលគាត់សម្លឹងមើលមកធ្វើអោយនាងកាន់តែមិនស្រណុកចិត្ត
« ជម្រើសគឺមានតែការរៀបការរបស់ឯងជាមួយនិង ជីមីន ដេរ៉ូប៊េទីស៍ ប៉ុណ្ណោះដែលអាចរក្សាតំណែងមួយនេះអោយបងប្រុសរបស់ឯងបាន »
ឌាំង!! គ្រាន់តែប៉ានិយាយចប់នាងមានអារម្មណ៍ដូចមេឃបាក់សង្កត់មកលើរហូតដកដង្ហើមមិនចេញ បំពង់-ក-ឡើងអួលណែនរហូតរកពាក្យនិយាយមិនចង់បាន
« ប៉ាមានន័យថាម៉េច?! »
« ប៉ានិយាយគ្នាជាមួយនិងដនសាលវ៉ាថរ៍រួចហើយ បីខែទៀតឯងនិងត្រូវរៀបការជាមួយជីមីន »
« ខ្ញុំមិនព្រម! » ម៉ូរីសា ងើបឈរស្រែកជំទាស់ទាំងភ្លេចខ្លួន សូម្បីតែខូឡេន ដែលឈរស្ងាត់មួយថ្ងៃក៏ងាកមកដោយភាពភ្ញាក់ផ្អើលដូចគ្នា
« រីសា! » អ្នកកម្លោះហៅឈ្មោះប្អូនដោយសម្លេងទាបព្រោះពេលនេះទឹកមុខប៉ាចាប់ផ្តើមប្រែហើយ
« ខ្ញុំមិនរៀបការជាមួយប្រុសម្នាក់នោះទេ! »
« យើងមិនបានហៅឯងមកសួរយោបល អង្គុយចុះហើយធ្វើតែតាមតួនាទីដែលឯងត្រូវធ្វើទៅ! »
« តែនេះមិនមែនជាតួនាទីរបស់ខ្ញុំ បើបងប្រុសចង់បានឋានៈនោះគាត់ត្រូវយកវាដោយខ្លួនឯងមិនមែនយកខ្ញុំទៅលក់ដោះដូរបែបនេះ! »
រឹតតែប្រុសម្នាក់នោះជា ជីមីន ដេរ៉ូប៊េទីស៍នាងរឹតតែទទួលយកមិនបាន។ គ្រប់គ្នាហៅគេថាGrim Reaper ក៏ព្រោះគ្រប់កន្លែងដែលមានគេទៅគឺមានតែការស្លាប់ បាត់ដៃមួយគូរនោះប្រឡាក់ឈាមលាងមិនជ្រះ ទោះមិនស្គាលច្បាស់តែនាងក៏ដឹងល្មមថាគេជាមនុស្សប្រុសគួរអោយខ្លាចយ៉ាងណា រូបភាពព្រៃផ្សៃដែលនាងឃើញកាលពីដប់ឆ្នាំមុននៅមិនទាន់រលុបពីខួរក្បាលនៅឡើយ ហើយពេលនេះប៉ាក៏ចង់បង្ខំអោយកូនស្រីរបស់ខ្លួនរៀបការជាមនុស្សប្រុសដែលគ្រប់គ្នាខ្លាចរអាមិនហ៊ានចូលជិតបែបនេះបានយ៉ាងម៉េច?!
« បិទមាត់!! » ប៉ាស្រែកអោយដោយកំហឹងទឹកមុខរបស់គាត់ពេលនេះគួរអោយខ្លាចខ្លាំងណាស់
« ស្តាប់អោយច្បាស់ម៉ូរីសា ម៉េកខេណា បើយើងអោយឯងរៀបការឯងក៏ត្រូវតែរៀបការ គ្មានសិទ្ធតវ៉ានោះទេ! » គាត់បង្អុលមុខប្រមានដោយភាពដាច់អហង្ការ ធ្វើអោយម៉ូរីសាត្រូវក្តាប់ដៃខាំមាត់សឹងបែកឈាម ព្យាយាមខ្លាំងណាស់ទប់មិនអោយទឹកភ្នែកហូរចុះមក
« ខូឡេន និយាយអ្វីបន្តិចបានទេ?! » ពេលនិយាយជាមួយប៉ាមិនបាននាងក៏ងាកទៅរកបងប្រុស តែទឹកមុខមាំដូចថ្មរបស់គាត់កាន់តែធ្វើអោយនាងខឹងនិងអន់ចិត្តលើសដើម
« ហេតុអីក៏បងមិននិយាយអ្វី?!!! ខ្ញុំមិនចង់ចង់រៀបការ កុំបង្ខំអោយខ្ញុំរៀបការជាមួយអាឃាតករនោះបានទេ!! »
ផាច់!!!!
« ប៉ា!!! » សម្លេងខូឡេនស្រែកឮលាន់ខ្ទរពេញបន្ទប់ធ្វើការ ជើងវែងដើរលឿនដូចព្យុះមកឈរបាំងប្អូនពីមុខប៉ា ឯម៉ូរីសាបានត្រឹមឈរស្ងៀមលែងកម្រើក ទឹកភ្នែកដែលប្រឹងទប់ជាយូរក៏ហូរចុះមកអោយទាល់តែបាន
« ហេតុអីក៏ប៉ាធ្វើបែបនេះ?! ហ្ហឹក....ហេតុអីចាំបាច់បង្ខំអោយខ្ញុំរៀបការ?? ហេតុអីខ្ញុំមិនអាចមានជីវិតធម្មតាដែលជារបស់ខ្ញុំ?! ខ្ញុំគ្រាន់តែចង់រស់នៅដោយសប្បាយចិត្ត ទៅរៀន និងមានការងារធ្វើដូចមនុស្សទូទៅ ហេតុអីក៏មិនបាន!? » នាងសម្លឹងឪពុកពីក្រោយខ្នងបង ទឹកភ្នែកបន្តហូរស្រែករកភាពយុត្តិធម៌អោយខ្លួនឯង តែអ្វីដែលទទួលបានគឺមានតែក្រសែរភ្នែកខឹងក្រោធប៉ុណ្ណោះ
« កុំល្ងង់អោយសោះ ម៉ូរីសា គ្មានរៀនគ្មានការងារអ្វីទាំងអស់ តួនាទីរបស់ឯងគឺរៀបការជាមួយជីមីនធ្វើជាប្រពន្ធកំដគ្រែនិងមានកូនអោយគេតែប៉ុណ្ណឹង ឈប់ស្រែកជំទាស់ឥតប្រយោជន៍ហើយត្រឡប់ទៅបន្ទប់ខ្លួនឯងវិញមុនពេលយើងអស់ការអត់ធ្មត់ជាងនេះ! »
« ត្រឡប់ទៅបន្ទប់វិញទៅ រីសា » ខូឡេន សម្លឹងមកហើយក៏ប្រាប់ដោយសម្លេងរឹង ទឹកមុខរបស់គាត់ពោរពេញដោយកំហឹង នាងមិនដឹងនោះទេថាគាត់ខឹងដែលនាងហ៊ានជំទាស់សម្តីប៉ាឬក៏ខឹងប៉ាដែលហ៊ានទះកំផ្លៀងនាង?
ម៉ូរីសា មិនតបនាងលើកដៃជូតទឹកភ្នែកហើយដើរចេញពីបន្ទប់យ៉ាងលឿនដោយមិននិយាយអ្វីទៀត នាងស្អប់ប៉ា ហើយរឹតតែស្អប់ខ្លួនឯងដែលលួចសង្ឃឹមថាគាត់មានកូនចិត្តខ្វល់និងស្រឡាញ់នាងខ្លះ ទាំងដែលធាតុពិតនាងគ្មានតម្លៃស្មើរនិងឋានៈមួយផង។ពេញមួយអាទិត្យដែលម៉ូរីសាសង្ងំឃុំខ្លួនឯងនៅក្នុងបន្ទប់មិនចេញទៅណា ប៉ានិងម៉ាក់ក៏មិនខ្វល់ហៅអោយចេញទៅក្រៅដូចគ្នា ទើបតែកាលពីព្រឹកប៉ុណ្ណោះដែលនាងដឹងថាថ្ងៃនេះជាថ្ងៃភ្ជាប់ពាក្យរបស់ខ្លួន...
មើលទៅប៉ាប្រហែលខ្លាចបាត់បង់តំណែងនោះខ្លាំងហើយទើបទ្រាំមិនបានបោះនាងទៅអោយជីមីនលឿនថ្នាក់នេះ
« រីសា ញញឹមបន្តិចទៅធ្វើមុខបែបនេះអ្នកចូលរួមប្រាកដជាគិតថាឯងមិនចង់ភ្ជាប់ពាក្យមិនខាន »

VOCÊ ESTÁ LENDO
ក្រសោបស្នេហ៍ថែបេះដូង [Pause]
Fanficអតិតកាលដប់ឆ្នាំមុននៅតែតាមលងបន្លាចម៉ូរីសារហូតដល់ថ្នាក់នាងមិនហ៊ានប្រឈមមុខនិងកែវភ្នែកពណ៌ប្រាក់មួយគូរនោះ។ មនុស្សស្រីដទៃអាចនិងលង់ចង់បានមនុស្សប្រុសដែលមានទាំងព្រមដូចជាជីមីនមកគ្រប់គ្រង តែនាងដឹងច្បាស់ថាអំណាច ភាពជាអ្នកប្រម៉ាញ់ និងមន្តស្នេហ៍អាថ៌កំបាំងទាំងនោះមិ...