កូនផ្ទះកញ្ចក់នៅក្នុងសួនក្រោយភូមិគ្រឹះត្រូវបានធ្វើឡើងដោយមានកញ្ចក់ថ្លាជាជញ្ជាំង ចំណែកខាងក្នុងក៏មានដាំដើមឈើនិងផ្កាថែមជាច្រើនប្រភេទ បើទោះជាព្រិលកំពុងតែធ្លាក់មិនអាចបើកបង្អួចបាន តែផ្កាដែលដុះលូតលាស់នៅខាងក្នុងក៏អាចផ្តល់ក្លិនឈ្ងុយស្រស់ស្រាយអោយអ្នកដែលកំពុងអង្គុយ
« តាំងពីឯងត្រឡប់មកពីអាល់បានីវិញ ម៉ាក់ក៏មិនសូវមានពេលនិយាយជាមួយប៉ុន្មាន....កាលនោះយ៉ាងម៉េចដែរ ទៅដើរលេងសប្បាយឬអត់? » អេស៊ីលីន សួរបណ្តើរចាក់តែចូលពែងបណ្តើរ
« គឺមិនសូវបានដើរប៉ុន្មានទេព្រោះពេលនោះជីមីនជាប់រវល់ការងារច្រើន »
« ឮប៉ាឯងថាជីមីននាំទៅមើលកន្លែងធ្វើការរបស់គេមិនមែនឬ? »
« ទៅបានតែមួយភ្លែតប៉ុណ្ណោះ » តែមួយភ្លែតតែក៏ល្មមអោយនាងនិងគេឈ្លោះគ្នាមួយគ្តាំងធំទៅហើយ សូម្បីតែពេលនេះគ្រាន់តែគិតដល់អ្វីដែលកើតឡើងនៅក្នុងក្លឹបនោះនាងក៏មានអារម្មណ៍ម៉ួហ្មងភ្លាម
« ពេលនៅជាមួយគ្នាគេល្អជាមួយឯងឬអត់? »
«....» ពេលត្រូវសួរសំណួរបែបនេះ ម៉ូរីសាទៅជាអាក់សម្តីមិនដឹងគួរឆ្លើយបែបណា។ វាជាការពិតដែលគេធ្លាប់គំហកធ្វើអោយនាងខ្លាចហើយក៏ធ្លាប់ធ្វើអោយនាងយំ តែក្នុងពេលតែមួយគេក៏ធ្លាប់បង្ហាញភាពទន់ភ្លន់ ព្រួយបារម្ភនិងមិនដែលបង្ខំនាងអោយធ្វើអ្វីដែលខ្លួនមិនចង់ធ្វើនោះទេ។
បើសួរថាគេល្អជាមួយទេ? ចម្លើយគឺម្នាក់ពាក់កណ្តាល ព្រោះប្រុសម្នាក់នេះពេលខ្លះក៏ល្អពេលខ្លះក៏អាក្រក់ នាងស្មានចិត្តគេមិនងាយត្រូវឡើយ
« ជីមីនពេលខ្លះអាចនិងគួរអោយខ្លាច តែគេមិនអាក្រក់ទាំងស្រុងនោះទេ....បើព្យាយាមយល់ពីគេបន្តិចខ្ញុំគិតថាការរស់នៅជាមួយគ្នាមិនពិបាកនោះទេ »
ស្តាប់សម្តីរបស់នាង អេស៊ីលីន ងក់ក្បាលតិចៗយល់មិនសួរដេញដោយអ្វីទៀត គាត់លើកពែងតែមកក្រេបហើយសម្លឹងមើលទៅក្រៅស្ងាត់ៗ ម៉ូរីសាអង្គុយស្ងៀម នាងដឹងថាគ្រប់គ្នាមិនសង្ឃឹមអំពើល្អនិងភាពថ្នាក់ថ្នមចេញពីមនុស្សដូចជាជីមីនទេ សម្រាប់ម៉ាក់ក៏ដូចគ្នា ដូច្នេះហើយចម្លើយបែបនេះស្តាប់ទៅក៏មានហេតុផលអាចទទួលយកបាន។
——————————————————
« សាន់ដ្រូ »
« អ្នកនាងតូច » សាន់ដ្រូប្រញាប់ងាកទៅគោរពបន្តិចពេលឃើញម៉ូរីសា ដើរមករក
« ខ្ញុំចង់ទៅវិមានធំ អ៊ំជួយជូនខ្ញុំទៅបន្តិចបានទេ? »
« បាទ គ្មានបញ្ហាទេ ចាំខ្ញុំទៅត្រៀមឡានជូន » ថាហើយក៏ប្រញាប់ចាត់ចែងយកអាវរងារមកពាក់ហើយដើរទៅបើកឡានចេញមក។ ម៉ូរីសា សម្លឹងមើលកូនកាដូរតូចនៅក្នុងដៃដែលនាងឆ្លៀតចូលទិញមុនពេលត្រឡប់មកពីហាងផ្កាវិញទាំងស្នាមញញឹមស្រស់ជាងមុនបន្តិច មុននេះបើម៉ាក់មិននាំនិយាយរឿងជីមីនទេនាងប្រហែលជាភ្លេចទៅហើយថាខ្លួនឯងទើបនិងទិញការដូរអោយគេ។៙វិមានធំ
តិប...តិប....តិប....
សម្រឹកជើងដើរជាន់កំទេចព្រិលបន្លឺឡើងពីក្រោយកាន់តែកៀកមុននិងស្រមោលធំរបស់មនុស្សម្នាក់បង្ហាញឡើងនៅក្បែរខ្លួន
« មិនស្មានថាជួបចៅហ្វាយនៅទីនេះសោះ គាប់ជួនដល់ហើយ » សំនៀងបង្កប់ភាពឡកឡឺយបន្លឺឡើងក្បែរត្រចៀក ជីមីន មិនតបតែភ្នែកបែរជាផ្តោតលើកូនវីឡាតូចចំពោះមុខមិនដាក់
គេខានមកជាន់ទីនេះ ១២ ឆ្នាំហើយ គ្រប់យ៉ាងប្រែប្រួលខ្លាំងណាស់ សួនផ្កាកុលាបត្រូវបានដុតចោលអស់ សូម្បីតែវីឡាដ៏ស្រស់ស្អាតក៏ត្រូវទុកចោលគ្មានអ្នកមើលថែរ
ទីបំផុតទឹកដីនេះក៏ក្លាយជាកន្លែងដែលគេបោះបង់ចោលម្តងទៀត
« ឯងមានបំណងអីអេវែល? » សម្លេងគ្មានទឹកដមស្រាប់តែបន្លឺឡើង ម្ចាស់ឈ្មោះញោចចុងមាត់ញញឹមបន្តិច មុននិងដើរជ្រែងហោប៉ៅសំដៅទៅរកទ្វាររបស់វីឡាធ្វើដូចសំណួរមុននេះគ្រាន់តែជាខ្យល់អាកាសដែលបក់មកប៉ះត្រចៀកប៉ុណ្ណោះ
« មករំលឹកអតិតកាលចាស់បន្តិចល្អទេ? »ក្រាក.....
ទ្វារឈើពុកផុយត្រូវបានរុញចូលទៅក្នុង គន្លឹះដែកដែលខានប្រើប្រាស់យូរកកិតគ្នាបង្កើតជាសំឡេងគួរអោយស្រកៀកត្រចៀក។ គ្រប់យ៉ាងក្នុងនេះនៅតែដដែល មិនថាតុ ទូ កៅអី គ្រប់យ៉ាងនៅកន្លែងដើមរស់វាមិនផ្លាស់ប្តូរ មានតែធូលី ស្មៅ និងវល្លិ៍ដែលដុះលើការ៉ូ និងជញ្ជាំងប៉ុណ្ណោះដែលបញ្ជាក់ពីសភាពខ្វះការថែទាំរបស់វីឡា។
មើលទៅសាវ៉ាថ័រ គ្មានចេតនាថានិងរុះរើផ្ទះនេះទេ គេបណ្តោយអោយវាដួលរលំទៅតាមអាយុកាល ព្រោះជួនកាលវាជារបស់ចុងក្រោយតែមួយដែលជួយរំលឹកពីវត្តមានរបស់មនុស្សម្នាក់ដែលធ្លាប់រស់នៅកន្លែងមួយនេះក៏ថាបាន។
អាលីសាន់....
សាល់វ៉ាថ័រ មិនចង់ទទួលស្គាល់ការស្លាប់របស់នាង ឬជួនកាលគាត់មិនធ្លាប់ធ្វើចិត្តបាននិងការបាត់បង់មនុស្សស្រីជាទីស្រឡាញ់....ជួនកាលបើអគារមួយនេះដួលរលំដោយខ្លួនឯង ពេលនោះគាត់អាចនិងទទួលស្គាល់ការពិតក៏ថាបាន
« បន្ទប់នេះ » អេវែលដើរមកឈរនៅចំពោះមុខផ្ទះបាយដែលពោរពេញដោយធូលីនិងកំទេចកំទីព្រិលជាប់កកពេញបន្ទប់ រុក្ខជាតិវល្ល៍ដុះវារពេញជញ្ជាំង មិនថាជាសម្ភារៈប្រើប្រាស់ដែលជ្រុះរាត់រាយពេលកន្លែង និងគ្រឿងសង្ហារឹមដែលចាប់ផ្តើមពុកផុយ....ធម្មជាតិបំផ្លាញកន្លែងមួយនេះមិនអោយសល់សភាពដើម តែមិនថាយ៉ាងណាសម្រាប់ជីមីន វានៅតែជាកន្លែងដែលគេចងចាំច្បាស់បំផុត
« ១២ឆ្នាំមុន ឯងប្រើកាំបិតចាក់សម្លាប់គាត់ក្នុងក្នុងបន្ទប់នេះ »
«.....»
« ម៉ាក់របស់យើង....ឯងសម្លាប់គាត់នៅត្រង់នេះ លើការ៉ូនេះ....ចាំបានឬអត់? »_____________________
🥲អរគុណសម្រាប់ការអាន
រាត្រីសួស្តីអ្នកទាំងអស់គ្នា ♥️♥️

YOU ARE READING
ក្រសោបស្នេហ៍ថែបេះដូង [Pause]
Fanfictionអតិតកាលដប់ឆ្នាំមុននៅតែតាមលងបន្លាចម៉ូរីសារហូតដល់ថ្នាក់នាងមិនហ៊ានប្រឈមមុខនិងកែវភ្នែកពណ៌ប្រាក់មួយគូរនោះ។ មនុស្សស្រីដទៃអាចនិងលង់ចង់បានមនុស្សប្រុសដែលមានទាំងព្រមដូចជាជីមីនមកគ្រប់គ្រង តែនាងដឹងច្បាស់ថាអំណាច ភាពជាអ្នកប្រម៉ាញ់ និងមន្តស្នេហ៍អាថ៌កំបាំងទាំងនោះមិ...