គ្រឺង!!
ទ្រុងដែកដែលទម្លាក់បាំងបិតសង្វៀនត្រូវបានលើកឡើង មនុស្សមួយក្រុមចូលទៅគ្រាអ្នកដែលជាដៃគូប្រកួតរបស់ជីមីន ចេញមក។ សភាពរបស់គេគឺធ្ងន់គួរសម ម៉ូរីសា មិនហ៊ានសម្លឹងចំ ត្រឹមស្នាមបែកនៅលើថ្ងាស់និងឈាមដែលស្រក់ចុះដូចជាទឹកក៏ល្មមនិងធ្វើអោយនាងងាកមុខចេញទៅម្ខាងទៅហើយ
« ខ្ញុំសុំទៅមើលពួកគេសិនហើយ » ណេរ៉ូ អោនមុខបន្តិចជាការលាហើយក៏ដើរចេញទៅខាងក្រៅបាត់ ចំណែកម៉ូរីសា ពេលត្រូវទុកអោយនៅតែម្នាក់ឯងបេះដូងស្រាប់តែលោតញាប់ភ្លាម នាងដកដង្ហើមវែងមួយឃូសមុននិងត្រឡប់ទៅចាប់អារម្មណ៍មនុស្សប្រុសម្នាក់ទៀតដែលនៅលើសង្វៀន តែថាពេលដែលនាងងាកទៅរកកែវភ្នែកក៏ប្រសព្វគ្នាល្មមនិងកែវភ្នែករបស់គេ...ភាពស្ងប់ស្ងាត់ស្រាប់តែកើតឡើង នាងមិនធ្លាប់គិតថាជីមីននិងមើលទៅឃោឃៅគួរអោយខ្លាចខ្លាំងពេលដែលមុខសង្ហារបស់គេស្រោចដោយឈាមបែបនេះ
ហ្វឹប!
កាយតូចងើបឈរពីកៅអីដើរឡើងលើសង្វៀន ក្លិនញើស និងតំណក់ឈាមដែលស្រក់នៅលើផ្ទៃរាបក្រោមបាតជើងមិនបានធ្វើអោយនាងញញើត តែជាស្នាមបែកនៅលើមុខរបស់ជីមីនទៅវិញទេដែលធ្វើអោយម៉ូរីសា ត្រូវអួលដើម-ក កាន់តែចូលទៅជិតនាងកាន់តែឃើញវាច្បាស់ មិនថាជាស្នាមបែកលើខ្ទង់ច្រមុះ កន្ទុយភ្នែក និងបបូរមាត់ដែលមានកំណកឈាមនិងចាប់ផ្តើមឡើងជាំ...
« ថ្ងៃស្អែកមុខរបស់លោកប្រាកដជាហើម » ម៉ូរីសា បញ្ឈប់ជើងនៅឆ្ងាយពីកាយរបស់គេគួរសម ឈាមធ្វើអោយនាងខ្លាចតែការឈឺចាប់របស់ជីមីន ធ្វើអោយនាងចង់ជម្នះភាពភ័យខ្លាចមួយនេះអោយបាន
« យើងដឹង » ជីមីន តបសម្លេងស្មើរ គេគ្មានឫកពារបង្ហាញថានិងខ្វល់ ទើបម៉ូរីសា ត្រូវខាំមាត់បោះជំហ៊ានទៅអោយកាន់តែជិត
« ហើយលោកប្រាកដជាឈឺ »
« វាមិនមែនជាលើកទីមួយ...យើងទម្លាប់ហើយ របួសប៉ុណ្ណឹងមិនជាបញ្ហាទេ »
« ហេតុអីធ្វើបាបខ្លួនឯងបែបនេះ? បើស្មុកស្មាញគួរតែរកអ្វីធ្វើផ្សេង ហេតុអីចាំបាច់វៃគ្នា? »
« ចូលចិត្តអ្វីមួយត្រូវមានហេតុផលដែរឬ? » ចិញ្ចើមក្រាស់លើកឡើងតាមសំណួរ ធ្វើអោយស្នាមបែករីកកាន់តែធំ ឈាមក៏ច្រាលចេញមកបន្ថែម វាជារូបភាពដែលធ្វើអោយម៉ូរីសា ត្រូវបិតភ្នែកក្តាប់ដៃណែន នាងប្រាប់ខ្លួនឯងថាមិនអី ហើយប្រឹងដកដង្ហើមមួយៗមុននិងសម្រេចចិត្តបើកភ្នែកម្តងទៀត
នាងយល់ថាខ្លួនឯងកំពុងតែចង់ងងឹតមុខហើយ!
« ខ្ញុំនិងលាងរបួសអោយលោក » ម៉ូរីសា មានចេតនាចាប់ក-ដៃធំអោយដើរតាមខ្លួនចុះមកក្រោមតែពេលដែលនាងបែរខ្នងគេចពីរបួសចំពោះមុខ កាយមាំបែរជាចាប់ក្រសោបអោបនាងពីក្រោយទៅវិញ
ដង្ហើមរបស់គេនៅញាប់បន្សល់ពីការហត់ ញើសដែលជ្រាមមកលើអាវ វាអាចនិងគួរអោយខ្ពើមតែម៉ូរីសា បែជាឈរនៅស្ងៀមចាំទទួលយកកម្តៅដែលចេញពីរាងកាយមួយនោះដោយមិនជំទាស់អ្វី
« មិនបាច់ទេ យើងដឹងថានាងខ្លាចឈាម » គេសង្កេតទឹកមុខរបស់នាងជាប់ជានិច្ច គេដឹងថាសភាពគេនៅពេលនេះធ្វើអោយម៉ូរីសា មានអារម្មណ៍មិនល្អឡើយ
« ខ្លាចក៏ត្រូវតែធ្វើ យ៉ាងណាយើងគង់តែរៀបការ អនាគតបើលោកត្រឡប់មកផ្ទះជាមួយរបួស ក្នុងនាមជាប្រពន្ធខ្ញុំត្រូវតែមើលថែលោក »
« នាងមិនចាំបាច់បង្ខំខ្លួនឯងព្រោះយើងក៏បាន » សម្លេងរបស់គេខ្សោយមិនមែនមកពីការហត់ តែព្រោះបេះដូងកំពុងតែឈឺទៅវិញទេ គេមិនចង់អោយនាងធ្វើព្រោះតួនាទី តែគេចង់បានក្តីបារម្ភពិតប្រាកដចេញពីចិត្តមួយដួងនោះ
«....» ម៉ូរីសា នៅស្ងៀម នាងជ្រើសរើសមិនតបតែក៏បន្តអោយគេអោបមួយអស់ចិត្តរហូតដល់ដៃទាំងគូរទម្លាក់ចុះវិញទើបនាងងាកមកប្រឈមមុខនិងគេម្តងទៀត
« ចុះទៅក្រោមទៅ ខ្ញុំនិងលាងរបួសអោយលោក » កែវភ្នែកថ្លាយង់ដែលធ្លាប់តែស្រោបដោយស្រមោលនៃភាពភ័យខ្លាច ពេលនេះបែរជាសម្លឹងមើលមកដោយភាពប្រាកដប្រជារហូតវាធ្វើអោយជីមីន ស្ងាត់មិនចង់ជំទាស់អ្វីទៀត គេនៅឈរស្ងៀមសម្លឹងមុខនាង រហូតម៉ូរីសាទ្រាំមិនបានចាប់ដៃហើយអូសគេអោយដើរតាមខ្លួនចូលទៅបន្ទប់តូចមួយដែលនៅក្នុងនេះ ។
« ប្រអប់ថ្នាំនៅក្នុងបន្ទប់ទឹក អោយយកអោយទេ? »
« មិនអីទេ លោកចាំនៅទីនេះហើយ » និយាយចប់ក៏ដើរទៅតាមការប្រាប់ តែពេលចេញមកវិញក៏ត្រូវភាំងជាប់ជើងមួយខណៈ ពេលប្រុសកម្លោះដែលពាក់អាវយឺតពណ៌ប្រផេះមុននេះបែរជាប្តូរមកឈរប្រលែងល្វែងលើគ្មានអ្វីបិតបាំងទៅវិញ
« អាវទទឹកញើស មិនចង់ពាក់ទើបដោះចេញ » គេមិនត្រឹមតែនិយាយ ដៃក៏ចង្អុលទៅរកអាវយឺតដែលខ្លួនដោះចោលលើកម្រាលមុននេះ ហើយកាយវិការដូចក្មេងរបស់ជីមីន ធ្វើអោយម៉ូរីសា នឹកភ្លាមដល់ចចកតូចរបស់ខ្លួន
កាលពីមុនគេក៏ធ្លាប់ធ្វើបែបនេះដែរ...
« អង្គុយចុះទៅ » នាងលាក់ស្នាមញញឹមខ្លួនឯងហើយកាន់ប្រអប់ថ្នាំដើរទៅរក ជីមីនក៏ធ្វើខ្លួនល្អអង្គុយតាមបញ្ជា
« ធ្លាប់លាងរបួសអោយអ្នកណាពីមុនមកទេ? » ពេលម៉ូរីសា ចាប់សំឡីចាក់អាលកុលនិងចាប់ផ្តើមលាងរបួសអោយ ជីមីន ក៏ស្រាប់តែសួរឡើង កែវភ្នែកប្រាក់ចាស់នៅតែសម្លឹងទម្រង់មុខស្អាត់មិនដាក់
កាន់តែមើលកាន់តែនៅជិតគេកាន់តែយល់ថាមិនអាចក្រឡេកទៅណាផ្សេងបានក្រៅពីនាង
« អត់ទេ នេះជាលើកទីមួយហើយ...ឈឺឬអត់? »
« មិនឈឺទេ »
« ឆ្លងកាត់ច្រើនពេកស្បែកស្ពឹកលែងដឹងអារម្មណ៍អ្វីអស់ហើយឬយ៉ាងម៉េច » ម៉ូរីសា មានចេតនានិយាយលេង ជីមីនក៏មិនប្រកាន់បើទោះពាក្យរបស់នាងធ្វើអោយគេនឹកទៅដល់អតិតកាលអាក្រក់ពីមុនមកក៏ដោយ
« ប្រហែលទេដឹង » បន្ទាប់ពីទទួលបានចម្លើយ គ្រប់យ៉ាងក៏ត្រឡប់មកស្ងប់ស្ងាត់ ម៉ូរីសា សម្អាតរបួសលើមុខរបស់គេដោយភាពផ្ចឹតផ្ចង់ រហូតពេលរួចរាល់សំឡីប្រឡាក់ឈាមដែលទម្លាក់នៅក្បែរជើងក៏គចូលគ្នាដូចជាកូនភ្នំទៅហើយ
« របួសនេះធំ ប្រហែលត្រូវដេរហើយ » នាងសម្តៅដល់របួសនៅលើចិញ្ចើម វាបែកធំជាងការគិតសូម្បីតែពេលសម្អាតវាមុននេះនាងត្រូវទ្រាំខាំមាត់ខ្លួនឯងសឹងបែកមិនអោយងងឹតមុខសន្លប់ពាក់កណ្តាលទី
« យើងនិងអោយ ណេរ៉ូ ខលហៅ រ៉ៃឃឺ »
« ល្អ...បើចឹងខ្ញុំរៀបរបស់ទុកវិញហើយ »
ពេលម៉ូរីសា រៀបចំយកថ្នាំទៅទុក នាយក៏ទាញទូរស័ព្ទមកនិយាយ ទម្រាំម៉ូរីសារួចរាល់ជីមីនក៏និយាយរួចដូចគ្នា
« ហេតុអីសុខៗចុះមកទីនេះ? »
ជីមីន ដឹងច្បាស់ថានាងមិនស្គាល់កន្លែងនេះ ហើយណេរ៉ូ ក៏មិនមែនសុខៗនឹកឃើញនាំនាងចុះមកដែរ លុះត្រាតែម៉ូរីសា និយាយឬសួរនាំរកគេប៉ុណ្ណោះ ចំណែកឯម៉ូរីសា ពេលត្រូវសួរភ្លាមៗជើងដែលកំពុងដើរចេញពីបន្ទប់ទឹកក៏ភាំងបន្តិច តែចុងក្រោយនាងក៏ជ្រើសរើសនិយាយតាមត្រង់ ព្រោះយ៉ាងណាក៏កុហកគេមិនបាន ណេរ៉ូ គង់តែរាយការណ៍ប្រាប់គេតាមក្រោយដដែលហ្នឹង
« ព្រោះខ្ញុំចង់មករកលោក »
« ធម្មតាមិនចង់នៅជិតយើងឡើយ ហេតុអីស្រាប់តែចង់មករក? »
« ព្រោះលោកយកខ្ញុំមកទីនេះ ហើយក៏ទុកខ្ញុំចោល ខ្ញុំគ្រាន់តែអផ្សុកប៉ុណ្ណោះ »
« បើចឹងថ្ងៃស្អែក យើងអនុញ្ញាតអោយនាងចេញទៅក្រៅមួយថ្ងៃ យ៉ាងម៉េចដែរ? »
« ល្អ តែខ្ញុំមិនត្រូវការ » ចម្លើយរបស់នាងធ្វើអោយជីមីន ជ្រួញចិញ្ចើមចូលគ្នាម្តងទៀត
« នាងត្រូវការអី? »
« ខ្ញុំត្រូវការលោក ជីមីន »

BINABASA MO ANG
ក្រសោបស្នេហ៍ថែបេះដូង [Pause]
Fanfictionអតិតកាលដប់ឆ្នាំមុននៅតែតាមលងបន្លាចម៉ូរីសារហូតដល់ថ្នាក់នាងមិនហ៊ានប្រឈមមុខនិងកែវភ្នែកពណ៌ប្រាក់មួយគូរនោះ។ មនុស្សស្រីដទៃអាចនិងលង់ចង់បានមនុស្សប្រុសដែលមានទាំងព្រមដូចជាជីមីនមកគ្រប់គ្រង តែនាងដឹងច្បាស់ថាអំណាច ភាពជាអ្នកប្រម៉ាញ់ និងមន្តស្នេហ៍អាថ៌កំបាំងទាំងនោះមិ...