ភាគ ៥៩

293 15 1
                                    

ប្រឹប!
សម្រឹកជើងធ្ងន់ទម្លាក់ពីលើឡានមកប៉ះស៊ីម៉ង់ ទាំងម្ចាស់មុខមាំហាក់ដូចជាភ្លឹងវិញ្ញាណមិននៅក្នុងខ្លួន ដល់ថ្នាក់សូម្បីតែឡានមកពីវិមានធំដែលចតនៅក្បែរនោះក៏នាយមិនបានងាកទៅចាប់អារម្មណ៍សូម្បីតែបន្តិច ទាំងដែរធម្មតាខូឡេន ប្រាកដជាឡូឡាមិនខានបើដឹងថាជីមីន មករកម៉ូរីសាពេលដែលគ្មានគេនៅផ្ទះបែបនេះ
« អ្នកប្រុសរបស់អ៊ំកើតអីឬអត់? » ណេរ៉ូ អត់មិនបាននិងលួចខ្សឹបសួរ ភ្នែកចេះតែដៀងតាមមើលមនុស្សប្រុសចំពោះមុខជារឿយៗ តែសាន់ដ្រូ មិនតបផ្ទុយទៅវិញទឹកមុខចំណាស់បង្ហាញច្បាស់ពីកង្វល់ដែលកើតមាននៅក្នុងចិត្ត...យប់នោះគាត់ឃើញខូឡេន លឹបលរនៅមុខបន្ទប់របស់ហ្គាឡេន ហើយគាត់ខ្លួនឯងក៏មិនប្រាកដដូចគ្នាថាខូឡេនមានបំណងអ្វី ដែលសំខាន់ គេបានឃើញអ្វីខ្លះ ហើយពេលនេះគេកំពុងគិតអ្វីទៅ?!

« បងប្រុស » ម៉ូរីសា ងើបឈរពេញកម្ពស់ពេលឃើញវត្តមានបងប្រុសដើរចូលមក ចំណែកជីមីននៅបន្តអង្គុយក្រេបតែ លើសាឡុងដោយឫកពារធម្មតាៗ ធ្វើដូចមុននេះគ្មានរឿងអ្វីកើតឡើងទាំងដែលធាតុពិតម៉ូរីសា ធាក់គេសឹងស្លាប់ទៅហើយទម្រាំតែគេដាច់ចិត្តឈប់ញោះហើយប្រលែងនាងអោយមានសេរីភាពមុនពេលខូឡេនដើរចូលមក
« រីសា និយាយថាឯងចេញទៅធ្វើការទាំងព្រឹក រវល់បែបនេះចង់អោយយើងជួយនិយាយដនបន្ថយការងារខ្លះឬអត់? » ជីមីន ធ្វើជាលើកចិញ្ចើមម្ខាងសួរ តែពេលឃើញអ្នកម្ខាងទៀតក្តាប់ដៃណែននិងស្នាមក្រហមលើដើម-ក របស់ម៉ូរីសា នាងក៏ស្រាប់តែយល់ថាសមចិត្ត
« អរគុណសម្រាប់ទឹកចិត្ត តែយើងមិនចូលចិត្តធ្វើខ្លួនទំនេរដើរតាមតែស្រីអត់ប្រយោជន៍មួយថ្ងៃៗមិនធ្វើអីនោះដែរ » ខូឡេន ថាបកអោយវិញទាំងទឹកមុខស្មើរ ធ្វើអោយអ្នកដែលអារម្មណ៍ល្អមុននេះទៅជាក្តៅក្បាលមួយរំពេច
« ស្រីដែលឯងនិយាយដល់ជាគូដណ្តឹងរបស់យើង ហើយបើមិនភ្លេចទេ នាងក៏ជាប្អូនស្រីរបស់ឯងដូចគ្នា ដូច្នេះហើយជួយនិយាយអ្វីដែលផ្តល់តម្លៃអោយនាងខ្លះផង ខូឡេន! »
ជីមីន ទម្លាក់ពែងតែចុះនិយាយទាំងសម្លេងស្មើរ ជាពិសេសកែវភ្នែកពណ៌ប្រាក់មួយគូរនោះដែលសម្លឹងខូឡេនសឹងតែធ្លុះទៅហើយ
« យើងមិនធ្លាប់ភ្លេចថារីសាជាប្អូនស្រីរបស់យើង ឬថាឯងខ្លួនឯងជាអ្នកភ្លេចថាអ្នកណាជាបងប្អូនអ្នកណា? » សម្តីបង្កប់ន័យ និងក្រសែរភ្នែកចំអករបស់ខូឡេន ធ្វើអោយជីមីន ខាំធ្មេញ ក្តាប់ដៃណែនសឹងតែបាក់
« ឆ្លើយមិនចេញព្រោះសំណួរត្រូវចំណុចមែនទេ? » ខូឡេន នៅតែបន្តជះសាំងលើភ្លើងមិនឈប់ ម៉ូរីសា បានតែឈរមីងមាំងព្រោះមិនយល់សាច់ការអ្វី
នាងមិនដឹងថាខូឡេនចង់សំដៅលើអ្វី ហើយហេតុអ្វីគ្រប់យ៉ាងដែលគាត់និយាយធ្វើអោយជីមីនបញ្ចេញទឹកមុខគួរអោយខ្លាចបែបនេះ
« មនុស្សជាច្រើនងាប់ព្រោះតែមាត់អត់គម្របដូចជាឯង ដឹងឬអត់? » ជីមីន ងើបឈរដើរទៅរក ម្នាក់ៗសម្លឹងមុខគ្នាធ្វើអោយបរិកាសក្នុងបន្ទប់ចាប់ផ្តើមពោរពេញដោយសម្ពាធ រហូតទៅជាម៉ូរីសា ដែលក្លាយជាអ្នកធ្វើខ្លួនមិនត្រូវទៅវិញ
« ប្រាកដណាស់! យើងប្រាកដជាដឹង ជាពិសេសមនុស្សដែលដឹងរឿងមិនគួរដឹង....មនុស្សបែបហ្នឹងងាប់លឿនតែម្ត ង ឯងឆ្លងកាត់ច្រើនមិនចាំអោយយើងនិយាយក៏ដឹងហើយមិនចឹង? » ខូឡេន ញញឹមត្រជាក់ គេដឹងខ្លួនច្បាស់ណាស់ថាពេលនេះអ្នកណាកំពុងកាន់សន្លឹកបៀរធំជាងអ្នកណា ជីមីនមានអាថ៌កំបាំងជាច្រើនដែលមនុស្សមិនប៉ុន្មាននាក់ទេដែលដឹង ហើយបើទោះជាខូឡេនស្អប់ឪពុកខ្លួនឯងខ្លាំងប៉ុណ្ណា តែពេលនេះគេប្រហែលជាត្រូវអរគុណគាត់ហើយ ព្រោះបើតាចាស់នោះមិនពូកែសម្តែងបោក ដន អោយទុកចិត្តគាត់យ៉ាងនេះប៉ុន្មានឆ្នាំមកនេះ ថ្ងៃនេះគេក៏ប្រហែលមិនបានដឹងការពិតដ៏ខ្មៅងងឹតរបស់មនុស្សទាំងនេះដែរ
ការពិតរបស់មនុស្សដែលគេធ្លាប់គិតថាស្គាល់ច្បាស់ តែធាតុពិតគ្រប់យ៉ាងក៏គ្រាន់តែជាការសម្តែងបោកប្រាស់មួយប៉ុណ្ណោះ
សម្ព័ន្ធមួយនេះ....គ្រួសារមួយនេះ...គ្រប់យ៉ាងសុទ្ធតែជាការបោកប្រាស់!
« ខូឡេន បងចង់និយាយពីអី? »
« គ្មានអីទេ គ្រាន់តែរំលឹករឿងចាស់ៗតិចតួចជាមួយនិងអនាគតប្តីឯងប៉ុណ្ណោះ មែនទេជីមីន? » ចុងប្រយោគនាយស្រាប់តែប្តូរទៅញញឹមស្រស់ដាក់ម្ចាស់ឈ្មោះដែលខ្លួននិយាយដល់ ហើយបើទោះជីមីនមិនតបអ្វី តែខូឡេនអាចទាយបានមិនខុសថាអាម្សៀនេះ ប្រហែលជាកំពុងរកវិធីបញ្ជូនគេទៅនរកដែលជ្រៅបំផុតបាត់ទៅហើយ
« ខូឡេន... »
« កុំគិតច្រើនអី បងថាគ្មានអីគឺគ្មានអីហើយ និយាយគ្នាជាមួយគូដណ្តឹងឯងបន្តទៀតចុះ បងឈប់រំខានហើយ » ចុងប្រយោគនិយាយចប់ក៏ទាញម៉ូរីសា មកអោបបន្តិចមុននិងងាកសម្លឹងមុខជីមីនជាលើកចុងក្រោយហើយដើរឡើងទៅបន្ទប់បាត់ ទុកអោយបន្ទប់ទទួលភ្ញៀវនេះនៅសល់តែជីមីន និងម៉ូរីសា ប៉ុណ្ណោះ
នៅតែពីរនាក់ តែនាងបែរជាមានអារម្មណ៍ថានៅជាមួយមនុស្សច្រើនដណ្តើមអុកស៊ីសែនគ្នាដករហូតនាងរកខ្យល់ដកមិនចង់បាន ចំហាយកំហឹងដែលភាយចេញពីខ្លួនរបស់មនុស្សមាឌធំចំពោះមុខធ្វើអោយម៉ូរីសាអត់មិនបាននិងលួចលេបទឹកមាត់
នាងមិនមែនល្ងង់ នាងដឹងថាសម្តីទាំងអស់មុននេះសុទ្ធតែមានបង្កប់ន័យអ្វីម្យ៉ាង តែដែលសំខាន់នាងហ៊ានសួរជីមីនឬអត់ថាវាបង្កប់អ្វី បើមើលទៅគេដូចជាខ្លាស្រែកឈាមរៀបនិងហែករបស់មានជីវិតតំបូងដែលហ៊ានរត់កាត់មុខបែបនេះ
« ជ- »
« ថ្ងៃនេះប៉ុណ្ណឹងទៅចុះ ស្អែកយើងនិងអោយណេរ៉ូមកទទួល » ជីមីន និយាយកាត់ទាំងសម្លេងគ្មានទឹកដម មុខដែលសម្លឹងមកក៏ស្មើរថេងរហូតនាងយល់ថាគេកំពុងគម្រាមដោយប្រយោលមិនអោយសួរដេញដោលរឿងមុននេះទៀត
« លោកនាំខ្ញុំទៅណាឬ? » ហើយនាងក៏ត្រូវតែធ្វើតាម ជីមីនអាចនិងចាប់ផ្តើមបើកចិត្តជាមួយនាង តែគ្រប់យ៉ាងមានព្រំដែនរបស់វា បើហ៊ានតែឈានជើងមិនស្រួលអ្វីដែលខំសាងមកអាចនិងរលាយទៅវិញក៏ថាបាន
« ទៅរើសផ្កាសម្រាប់លម្អក្នុងពិធី យើងចង់អោយនាងជ្រើសរើសគ្រប់យ៉ាងដោយខ្លួនឯង » បបូរមាត់ក្រាស់ញោចញញឹមបន្តិច តែវាដូចជាថ្នាំវេទមន្តជួយអោយអារម្មណ៍ម៉ូរីសា ធូរស្រាលជាងមុននេះបានឆ្ងាយណាស់
« បើចឹងខ្ញុំនិងរៀបចំខ្លួនចាំ »
« ល្អ » និយាយមួយមាត់ហើយកក៏ថើបថ្ងាស់មួយខ្សឺតមុននិងបន្ត
« យើងត្រឡប់ទៅវិញហើយ »
« ចា៎ »
ម៉ូរីសា តាមសម្លឹងខ្នងក្រាស់ដែលដើរចេញរហូតដល់ផុតទើបប្រញាត់រត់ឡើងបន្ទប់របស់ខ្លួនវិញ ធ្មេញក៏ចេះតែខាំសាច់ក្នុងមាត់តិចៗមិនឈប់...ពេលខ្លះនាងយល់ថាខ្លួនឯងស្គាល់ជីមីន តែពេលខ្លះក៏យល់ថានាងមិនស្គាល់គេសូម្បីតែបន្តិច ដូចជាពេលនេះជាដើម គេមិនចង់អោយនាងដឹង តែភាពមិនចង់អោយដឹងនោះរឹតតែធ្វើអោយនាងចង់ជីងឫសជីកគល់ហែកខ្លួនគេពីក្នុងចេញមកក្រៅ ហើយបើកយកអាថ៌កំបាំងគ្រប់យ៉ាងមកអានខ្លាំងណាស់!!
នាងចង់ដឹងគ្រប់យ៉ាងពីប្រុសម្នាក់នេះ ហើយនាងមិនខ្វល់នោះទេថារបស់អស់នោះវាគួរអោយខ្លាចនិងនាំសុបិន្តអាក្រក់មកអោយនាងបែបណា៎

____________________
អរគុណដែលបានអាន ហើយក៏អរគុណសម្រាប់ការងចាំកន្លងមក 🥺🤍
ជួបគ្នាភាគបន្តនៅថ្ងៃស្អែកណា៎ ✨

Leefaye🦋

ក្រសោបស្នេហ៍ថែបេះដូង [Pause] Donde viven las historias. Descúbrelo ahora