ជំ. ៥៣: ឃ្លាន..

230 64 21
                                    

  នៅយប់តែមួយជាមួយគ្នានោះដែរ គូស្នេហ៍កម្សត់កម្រពិតជាបានស្កាត់ជួបគ្នាម្តងទៀតពិតមែន។ ប៉ុន្តែម្តងនេះពួកគេមិនបានជួបគ្នានៅផ្ទះតូចរបស់ជេយ៉ុននោះទេ ពោលគឺពួកគេលួចចេញមកចម្ការក្រោយផ្ទះឯណេះវិញ។ នៅដីចម្ការនេះមានដាំដើមអំពៅមួយជួយព័ទ្ធជុំវិញជារបង រីឯដីទំនេរក៏មានដាំដំណាំហូបផ្លែជាច្រើន ដ្បិតអីដីលាតសន្ធឹងរាប់ហិចតា។ កូនខ្ទមតូចមួយសមល្មមទុកឱ្យអ្នកថែទាំចម្ការសម្រាកនៅពេលថ្ងៃ លុះដល់យប់ឡើងក៏ប្រែក្លាយជាលំនៅសម្រាប់ឱ្យគូស្នេហ៍មួយគូនេះសាសងគ្នាវិញម្តង។ ស៊ុងហ៊ុនអង្គុយពែនផ្នែន យកកំភ្លៅពោរពេញដោយសាច់ហាប់ណែនសម្រាប់ធ្វើជាក្នើយជូនបណ្តូលចិត្ត។ ពួកគេសំងំនៅទីនេះជាងពីរម៉ោងហើយ ប៉ុន្តែពាក្យផ្តោះផ្តងមិនសូវឮនិយាយ ព្រោះតែកំពុងតែភ្លឹកគយគន់ទៅចន្ទស្រទន់អឹមអៀនរះត្រឹមមួយចំហៀងជាមួយនិងដារាប៉ុន្មានដួង។
  “ ថ្ងៃស្អែកបងត្រូវទៅក្រៅក្រុងប៉ុន្មានបីថ្ងៃ ” ស៊ុងហ៊ុន ចូកសក់រលោងលេងបណ្តើរ និយាយបណ្តើរ។ គ្រាន់តែនាយចាប់និយាយ ទោះបីចន្ទស្អាតប៉ុណ្ណាក៏ជេយ៉ុមលែងចាប់អារម្មណ៍ដែរ បុរសម្នាក់នេះគឺសំខាន់ជាង។ ជេយ៉ុន ងើយក្បាលបន្តិច ចិញ្ចើមក្រញង់គួចចូលគ្នាប្រហែលជាកំពុងតែឆ្ងល់។
  “ បងត្រូវទៅបន្ទាយ ទុកឱ្យលោកឧត្តមនាវីឯកមើលគ្រប់គ្រងតែម្នាក់ឯងយូរណាស់ហើយ ទម្រាំនិងបងរកពេលទៅបាន ” បីដូចជាអានទឹកមុខរបស់បណ្តូលចិត្តដាច់ ស៊ុងហ៊ុនបកស្រាយកុំបាច់សួរនាំទាន់។ ជេយ៉ុន ស្រាយចិញ្ចើមវិញដ្បិតអីចម្ងល់របស់ខ្លួនក៏ទទួលបានការសម្រាយតបរួចរាល់ហើយ។
   “ បាទ! ” ជេយ៉ុន ឆ្លើយដោយការយល់ដឹង ដ្បិតថាត្រូវឃ្លាតគ្នាប៉ុន្មានថ្ងៃពិតមែនតែជេយ៉ុនក៏យល់ថានោះជាកាតព្វកិច្ចរបស់គេ មិនចង់បន្ថែមបន្ទុកឱ្យកាន់តែឈឺក្បាលជាមួយខ្លួនឡើយ។ ក្មេងប្រុសទាញដើមដៃមាំនោះយកមកឱបជាប់និងទ្រូង ហើយញញឹមស្ញេញដាក់ស្វាមី។
  “ ទៅជាមួយគ្នាទៅ ” គេនិយាយផូង ឱ្យជេយ៉ុនតម្លើងភ្នែកបែបមិនគួរឱ្យជឿភ្លាម។ ពុទ្ធោរអើយ អ្នកណាក៏គេដឹងដែរថាម្ចាស់ប្រុស និងក្មេងបាវបម្រើនេះមិនសូវត្រូវរ៉ូវគ្នាប៉ុន្មានទេ សាកគិតមើលបើនៅសុខៗស្រាប់តែចេញទៅក្រៅក្រុងជាមួយគ្នា មុខតែគេសង្ស័យ លើករឿងនេះមកវែកញែកពិភាក្សារអោងពុំខាន។
  “ ប៉ុន្តែ.... ”
“ ចាកចេញពីក្រុងប៉ុន្មានថ្ងៃ ចំណាយពេលជាមួយគ្នាដោយមិនចាំបាច់មានអារម្មណ៍ទើសទាល់ បីថ្ងៃទោះជាមិនយូរតែបងក៏ស្ងប់ចិត្តហើយត្រឹមប៉ុណ្ណោះ ” ជាជាក់ស្តែងដែលនាយលើកសំណើរឡើងព្រោះដឹងច្បាស់ថាបន្ទាយបញ្ជាការដ្ឋានដែលបោះទីតាំងនៅទល់ដែននោះពុំសូវមានមនុស្សរស់នៅប៉ុន្មានទេ ដ្បិតគេទុកកន្លែងនោះសម្រាប់តែទាហានហ្វឹកហាត់ប៉ុណ្ណោះ។ ចំណែកឯកូនទាហាន បន្ទាប់ពីបញ្ចប់ការហ្វឹកហ្វឺនក៏ត្រឡប់ចូលកន្លែងសម្រាកគ្រប់គ្នាលើកលែងតែអ្នកដែលមានវេនយាមដើរល្បាតប៉ុណ្ណោះដែលត្រូវដើតរទៅមក ប៉ុន្តែប៉ុណ្ណោះក៏វាមិនថ្វីដែរពិតអីស៊ុងហ៊ុនគេមានបន្ទប់សម្រាកផ្ទាល់ខ្លួនរបស់គេដាច់ដោយឡែក ដូច្នេះប្រសិនបើទៅទីនោះ ពួកគេអាចស្និទ្ធស្នាលគ្នាដោយពុំចាំបាច់ខ្វាយខ្វល់ច្រើនឡើយ។ ប្រុសលើកយកប្រអប់ដៃស្រឡូនមកផ្អឹបនិងមាត់ នាយបិទភ្នែករួចក៏ហឺតខ្យល់យ៉ាងវែងចូលទៅក្នុងសួតដើម្បីឱ្យវាដោយជាមួយនិងក្លិនមល្លិកាជាប់ខ្លួនជេយ៉ុនផងដែរ។
  “ អូនតាមបង ” ដូចដែលធ្លាប់ពោលប្រាប់រួចមកហើយ ថាជេយ៉ុនពិតជាខ្លាចក្នុងការដែលត្រូវគេចាប់បានពីអាថ៍កំបាំងដ៏អាក្រក់របស់គេរវាងស៊ុងហ៊ុនខ្លាំងណាស់ ប៉ុន្តែគេខ្វល់ពីចិត្តរបស់ស៊ុងហ៊ុនច្រើនជាងអ្នកណាទាំងអស់។
  គ្រាន់តែបានចម្លើយស្របដូចចិត្ត ស៊ុងហ៊ុន ឱនទៅថើបបបូរមាត់ក្រមិចភ្លាម គេថើបញីញក់សព្វពេញផ្ទៃមុខរបស់ជេយ៉ុនរួចទើបដកថយមកវិញ។
  “ គួរឱ្យស្រលាញ់ណាស់ ម្លិះរបស់បង ” ឮតែសព្វនាមត្រជាក់ដល់គ្រឿងក្នុង បេះដូងរីកធំហួសមាឌរបស់វា ជួនកាលត្រឹមតែពាក្យសាមញ្ញៗប៉ុណ្ណោះក៏ធ្វើឱ្យយើងរំភើប និងមានអារម្មណ៍ថាខ្លួនឯងពិសេសសម្រាប់នរណាម្នាក់បានដែរ។
 
-
  ក្នុងនាមជាភរិយាដ៏ល្អមួយរូប និងជាស្រ្តីដែលល្អគ្រប់លក្ខិណាផងនោះ លម្អង ក៏បានមករៀបចំឥវ៉ាន់ជូនស៊ុងហ៊ុនដោយផ្ទាល់។ កាលបើបានរៀបចំរួចរាល់អស់ហើយនាងក៏បានប្រាប់ឱ្យនាយដួងដែលជាសូហ្វ័រឡានលើកឥវ៉ាន់ទាំងអម្បាលមាណយកទៅទុកក្នុងគូទឡានឱ្យហើយជៀសវាងពេលវេលាមកដល់អាចធ្វើឱ្យភ្លេចនេះភ្លេចនោះ។
  “ អ្នកនាងលម្អងរៀបចំរួចអស់ហើយមែនទេទានប្រោស? ” ជេយ៉ុន អើតក្បាលប្លឺមតាមមាត់ទ្វារ នាយមកនេះបំណងថាចង់ជួយរៀបចំម្ចាស់ស្រី តែរវល់តែទៅរៀបចំនៅបន្ទប់លោកជំទាវមួយភ្លែត មកវិញលម្អងក៏ធ្វើការរួចអស់បាត់។ លម្អង សើចក្នុងបំពង់កនិងរឹកពាររបស់គេ នាងបោយដៃហៅជេយ៉ុនឱ្យចូលមកក្នុង មកអង្គុយជិតនាង។
  “ អឹមម គឺនៅមួយទៀត ខ្ញុំភ្លេចដាក់ប្រេងម្លិះឱ្យលោកបង ចាំជេយ៉ុនយកទៅឱ្យគាត់ផងណា៎ ” នារីនាំដំណើរល្វត់ល្វន់របស់ខ្លួន ដើរទៅដល់ក្បែរទូសម្អាងរួចក៏ដកចេញនូវដបថ្មចរណៃចេញមក វាជារបស់សំខាន់ដែលស៊ុងហ៊ុនតែងតែមានជាប់និងខ្លួនជានិច្ចមិនអាចប្រហែសបានទេ។
  “ សុខសប្បាយតាមផ្លូវណា ជេយ៉ុន ” នាងហុចដបប្រេងឱ្យទៅជេយ៉ុន ទាំងជូនពរកម្លោះផង។ ជេយ៉ុនសំពះអរគុណយ៉ាងសមសួន នាងល្អយ៉ាងនេះតើនិងឱ្យកើតចិត្តខឹងស្អប់នាងយ៉ាងណាទៅ និយាយតាមត្រង់ទៅចុះ នាងល្អខ្លាំងពេករហូតដល់ជេយ៉ុនរអៀសខ្លួនមិនចង់ហ៊ានមើលមុខនាងចំសោះ។
  “ អ្នកនាងមិនទៅជូនដំណើរលោកម្ចាស់ទេ? ”
  “ មិនអីទេ ខ្ញុំជាប់ធុរៈហើយ ផ្ញើរលោកបងផងណា ” លម្អង អង្អែលស្មាជេយ៉ុន ញញឹមដាក់គេដូចតែរាល់ដង តែមិនថាមើលយ៉ាងណាក៏ជេយ៉ុនយល់ថាវាខុសពីសព្វមួយដងដែរ។ ចម្លែក... ចម្លែកចិត្តណាស់ ស្នាមញញឹមដែលនាងផ្តល់ឱ្យហាក់បីដូចជាមានបង្កប់នូវប្រស្នាអ្វីមួយដែលជេយ៉ុនស្វែងមិនដល់ទៅវិញ។ តែយ៉ាងណាមិញអាល្អិតក៏រុញច្រានគំនិតទាំងនោះចោល ប្រហែលជានាយគិតច្រើនពេកតែម្នាក់ឯងក៏ថាបាន។
ជេយ៉ុន ពោលពាក្យលាទៅកាន់លម្អងរួចសឹមនាយនាំអាត្ម័នខ្លួនទៅផ្ទះតូច ដើម្បីយកឥវ៉ាន់របស់ខ្លួនម្តង។

វាយោរផាត់ស្នេហ៍Where stories live. Discover now