ទាយាទម៉ាហ្វៀ
ភាគ17៖ ជីវិតថ្មីដែលគ្មានគ្នា!«ប៉ា..»
«ប៉ាប៉ាឈប់សិន» កាលបើហូស៊ុកត្រឡប់មកវិមានដើម្បីយករបស់របរទៅឲ្យភរិយាឯណោះ គេក៏ភ្លេចថាជេយ៍គីនឹងខេវីននៅផ្ទះ ម៉្យាងជេយ៍គីគេក៏អន្ទះសារចង់ទៅមើលប្អូនខ្លាំងណាស់ដែរ តែគេមិនអាចទៅបានព្រោះគេកំពុងតែឈឺ។
«ស្ដាប់ប៉ា..» ហូស៊ុកដែលបំណងចង់បោះជំហានចេញទៅហើយនោះក៏បញ្ឈប់ដំណើររួចបែរមកបន្ទន់ជង្គង់ពីមុខកូនប្រុសដែលមានទឹកមុខស្លេកស្លាំងព្យួរសឺរ៉ូមជាប់ដៃនោះ ដៃមាំលូកកាន់ប៉ះស្មាកូនរួចដាលទៅអង្អែលប៉ះក្បាលរបស់កូនថ្នមៗហាក់ចង់លួងលោមគេមិនឲ្យទៅតាមខ្លួនឡើយ។
«ជេយ៍គីកំពុងតែឈឺ កូនមានសុខភាពទន់ខ្សោយមិនអាចទៅប្រឡូកប្រឡាក់នឹងបរិយាកាសក្នុងមន្ទីរពេទ្យបាននោះឡើយ កូនសម្រាកសិនទៅ ស្អែក ខានស្អែកប៉ានឹងនាំម៉ាក់ហើយប្អូនកូនមកផ្ទះវិញណា៎»
«តែជេយ៍គីចង់ឃើញប្អូន..ជេយ៍គីចង់លឺសំឡេងប្អូនយំជាលើកដំបូង ជេយ៍គីចង់កាន់ដៃប្អូននឹងប្រាប់ប្អូនថាគេកើតមកមិនឯកោទេ គេមានបងប្រុសម្នាក់នៅចាំមើលការធំឡើងរបស់គេ..ណា៎ប៉ាណា៎ឲ្យកូនទៅជាមួយប៉ានឹងបងខេវីនផងទៅ» ជេយ៍គីនិយាយរៀបរាប់ទាំងទឹកថ្លាហូរស្រក់កាត់ផែនថ្ពាល់ គេឈឺខ្លួនថ្នាក់ណាក៏គេមិនខ្វល់សំខាន់គេចង់ទៅជួបនឹងមើលការប្រសូតចេញរបស់ប្អូន តែលោកប៉ាគេមិនអនុញ្ញាតសោះ។
«ជេយ៍គី..ប៉ាសុំចិត្តកូនណា៎ កុំឲ្យប៉ាពិបាកអី ប៉ាមិនចង់ឃើញកូនឈឺខ្លាំងជាងនឹងឡើយណា៎ ជុប៎» ហូស៊ុកលួងលោមរួចថើបថ្ពាល់កូនប្រុសកណ្ដាលមួយខ្សឺតរួចទើបចាកចេញនឹងទៅទទួលខេវីនពីសាលាទៅមន្ទីរពេទ្យជុំគ្នា។
ង៉ោង!
គ្រាន់តែឡានហលោកប៉ាចេញទៅបាត់ ក្មេងតូចដែលព្យួរសារ៉ូមនោះក៏ប្រញាប់ដោះវាចេញរួចប្រញាប់រត់ទៅកាន់ចំណតឡានដែលមានអុំតៃកុងម្នាក់កំពុងតែជូតសម្អាត។
«អ្នកប្រុសតូច នេះអ្នកប្រុសចង់ទៅណានឹង?»
«ជូនខ្ញុំទៅពេទ្យ» ពាក្យជេយ៍គីនិយាយនាំឲ្យអុំប្រុសតៃកុងឡាននោះភាំងបន្តិច គាត់ក៏បន្ទន់ជង្គង់ចុះរួចកាន់ដៃរបស់ជេយ៍គីជាប់។
«តែអ្នកប្រុស...»
«បើអុំមិនជូនទៅចាំមើលខ្ញុំប្រាប់ប៉ាប៉ាថាថ្ងៃមុនអុំដឹកស្រីក្មេងដល់ជ្រុះក្រវិលក្នុងឡាន..» ជេយ៍គីនិយាយស្របនឹងដៃទាញក្រវិលមួយចេញមកពីហោប៉ៅហាក់ដូចជាគេបានត្រៀមជាមុនថានឹងលើករឿងនេះមកនិយាយអ៊ីចឹង អុំតៃកុងនោះក៏មិនអាចធ្វើអីបាន រឹតតែមិនអាចប្រកែក។
...
មន្ទីរពេទ្យ..
«អ្នកប្រុសតូចៗ កុំរត់មួយៗ អ្នកប្រុសតូចកំពុងតែឈឺផង» អ្នកបើកឡានរត់តាមពីក្រោយអ្នកប្រុសតូចជេយ៍គីកាលបើគ្រាន់តែមកដល់ពេទ្យភ្លាមគេក៏រត់ឡើងមករកបន្ទប់សម្រាលតែម្ដង ព្រោះចង់មកទាន់ប្អូនកើតតែថា..
ង៉ា! ង៉ា..
សំឡេងក្មេងតូចយំពីក្នុងបន្ទប់សម្រាលមកនាំអោយជេយ៍គីដែលរត់មកដល់ក៏ឈប់នឹងអើតមើលតាមចន្លោះជញ្ជាំងក្បែរនោះ គេមិនហ៊ានចូលទៅព្រោះខ្លាចលោកប៉ាបន្ទោសនឹងខឹងដែលគេរត់មកទាំងឈឺបែបនេះ មួយសន្ទុះលោកដុកទ័រក៏ចេញមកព្រមជាមួយនឹងទារិកាតូចមានសម្បុសក្រហមរងាលតែមុខគួរឲ្យខ្នាញ់ បបូរមាត់តូចគួរអោយចង់ប៉ះ។
«អូនតូចស្អាតណាស់ ហិហិ» ជេយ៍គីលើកដៃម្ខាងប៉ះជញ្ជាំងអូសទៅមករួចដៃម្ខាងក៏លើកជូតទឹកភ្នែកខ្លួនឯងដែលស្រក់ព្រោះតែរំភើប ជេយ៍គីក៏បែរខ្នងចេញមកវិញកាលបើបានឃើញនឹងដឹងថាប្អូនមានសុវត្ថិភាពរួចមក គេក៏ដើរកាន់តុក្កតាស៊ុបភើមែនគេមកវិញស្របនឹងអ្នកបើកឡានរត់មកដល់ល្មម។
«ហូយ៎! អ្នកប្រុសតូច»
«អុំជូនខ្ញុំទៅផ្ទះវិញ ប្អូនផុតគ្រោះថ្នាក់ហើយ» ជេយ៍គីនិយាយទាំងទឹកភ្នែករួចប្រាប់ឲ្យគាត់ជូនខ្លួនទៅផ្ទះវិញព្រោះគេបានមកឃើញប្អូនហើយទោះមិនបានប៉ះផ្ទាល់ ត្រឹមតែបានឃើញគេក៏អស់ចិត្ត។
«ចង់ទៅណាកូនកំហូច» គ្រានោះសំឡេងមួយក៏បន្លឺឡើងនាំឲ្យក្មេងតូចបញ្ឈប់ដំណើរវត្តមានលោកប៉ាគេចូលមកព្រមជាមួយនឹងទឹកមុខញញឹមហាក់ដូចជាបង្ហាញថាគេចាប់បានកូនកំហូចនេះហើយអ៊ីចឹង។
«គិតថាប៉ាមិនដឹងថាកូនលួចមករឺ? ប៉ាដឹងថាកូនមិនស្ដាប់នឹងចចេសមកតាមប៉ាទាល់តែបាន»
«កូន..កូនសុំទោស» ជេយ៍គីពេបមាត់តិចៗរួចអោនក្បាលចុះសុំទោសលោកប៉ាគេ ហូស៊ុកក៏ញញឹមរួចកាន់ស្មានាំកូនទៅជាមួយ។
«ប៉ា..»
«ក្រែងថាចង់ទៅមើលប្អូននោះអីកូន? នេះចេះភ្លេចទៅហើយណ៎» ជេយ៍គីដែលយំមុននោះក៏ជូតទឹកភ្នែករួចញញឹមមិនឈប់តែម្ដង គេនឹងលោកប៉ាក៏ដោយចូលទៅខាងក្នុងបន្ទប់សម្រាកព្យាបាលដែលឡេឡានីកំពុងតែរៀបចំសម្រាក។
YOU ARE READING
ទាយាទម៉ាហ្វៀ (រដូវកាលទី០២)
Romanceចិត្តស្នេហ៍ប្រែមកជាស្អប់ ការស្អប់ដែលកើតឡើងពីការយល់ច្រឡំនឹងការលាក់បាំង។ (បងស្រឡាញ់អូន) ប្រែក្លាយមកជា «យើងស្អប់នាង..ស្រីផិតក្បត់» ថេយ៉ុង អាល់ហ្វ្រេដដូ / រូម៉ា ផាទ្រីសៀរ៍