ទាយាទម៉ាហ្វៀ
ភាគ80ព្រឹកថ្ងៃថ្មី..
នៅឯមន្ទីរពេទ្យដែលមានសភាពរៀងអ៊ូអរបន្តិចក៏ព្រោះថាថ្ងៃនេះមានក្រុមយុវជនស្មគ្រ័ចិត្តជាច្រើនចុះមកដើម្បីរៀបចំកម្មវិធីសប្បុរសធម៌នឹងកំសាន្តសម្រាប់អ្នកជម្ងឺដែលសម្រាកព្យាបាលនៅទីនោះ។
"ថ្ងៃនេះអ្នកនាងរូម៉ាមានទឹកមុខស្រស់បស់ដល់ហើយ" អ្នកគ្រូពេទ្យដែលនៅប្រចាំការនឹងមើលថែរូម៉ាជំនួសថេយ៉ុងនាយប់មិញនេះក៏លាន់មាត់និយាយព្រមជាមួយអារម្មណ៍សប្បាយ ព្រោះរូម៉ានាងតែងតែស្រងូតស្រងាត់ចាប់តាំងពីនាងពិការភ្នែកមើលអ្វីលែងឃើញមក ទើបតែថ្ងៃេនះទេដែលមានទឹកមុខស្រស់បស់។
"អូ! ប្រហែលជាសប្បាយចិត្តព្រោះដឹងថាលោកថេយ៍នឹងត្រឡប់មកវិញថ្ងៃនេះមែនទេអ្នកនាងម៉ា?" ពាក្យស៊កសៀតរបស់អ្នកគ្រូពេទ្យម្នាក់នោះក៏នាំឲ្យអ្នកដែលអង្គុយស្ដាប់នោះខ្ជឹបបបូរមាត់ បញ្ចេញកាយវិការមិនពិតប្រាកដដូចជាចង់ញញឹមបន្តិចអីបន្តិច អ្នកគ្រូពេទ្យក៏មកពិនិត្យមើលសឺរ៉ូមដែលបន្តោកតាំងពីយប់មកនោះ។
"ប្រហែលជាមួយម៉ោងទៀតសឺរ៉ូមនឹងអស់ហើយ អ្នកនាងម៉ាក៏អាចចុះទៅមើលការតាំងពិពរណ៍នៅខាងក្រោមអាគារបានហើយណា៎" លឺអ្នកគ្រូពេទ្យនិយាយបែបនេះរូម៉ាក៏មិនបានឆ្លើយតបតែក៏ញញឹមតិចៗ ខួរក្បាលនាងក៏គិតដល់រឿងខ្លះដែលនៅដិតដាមនៅឡើយ។
(ការវះកាត់នៅតែប៉ុន្មានខែទៀតប៉ុណ្ណោះ បើខ្ញុំមិនអាចមើលហាណាឃើញ ខ្ញុំគួរធ្វើបែបណាទៅ?)
រូម៉ាអង្គុយសញ្ជឹងគិតម្នាក់ឯងនៅលើគ្រែ ខ្យល់ត្រជាក់រហឹមបោកបក់ចូលមកប៉ះនឹងរាងកាយនាំឲ្យស្បៃគ្របលើស្មារូម៉ារអិលធ្លាក់ប្រុលទៅលើឥដ្ឋ អ្នកកំពុងតែសញ្ជឹងគិតក៏ភ្ញាក់ព្រើតប្រញាប់ទម្លាក់ដៃហាក់ចង់ទប់មិនឲ្យវាជ្រុះព្រោះនាងមើលមិនឃើញមិនអាចចុះយកដោយខ្លួនឯងឡើយ តែណ្ហើយ! វាហួសមួយជំហានបាត់។
"ហ៊ឹម! យ៉ាប់ពិតមែន" សំឡេងខ្យល់បក់បោកទៅកាន់ទិសខាងស្ដាំដៃនាំឲ្យនាងដឹងថាស្បៃគ្របស្មានាងធ្លាក់ទៅខាងនោះ រូម៉ាសម្រេចចិត្តថានាងកិលខ្លួនចុះដើម្បីរើសតែក៏មានដៃមាំទាំទប់ស្មានាងជាប់មិនឲ្យចុះ មួយសន្ទុះស្បៃត្រជាក់ៗដែលធ្លាក់លើឥដ្ឋនោះក៏ត្រូវមកគ្របលើស្មានាងដូចដើម រូម៉ានាងក៏ជ្រឹមចិញ្ចើមបែបឆ្ងល់តែក៏បែររសាយចិត្តកាលបើក្លិនទឹកអប់បញ្ជាក់ប្រាប់ថាមនុស្សម្នាក់នោះជានរណា។
"លោក.."
"ចាំក្លិនប្ដីបានចឹង ដឹងប្ដីសប្បាយចិត្តរឺអត់?!" អ្នកដែលមកជួយយកអាសារនាងនោះក៏ពោលទាំងញញឹម រូម៉ាក៏លូកដៃកាន់ទាញស្បៃគ្របស្មាកាន់តែជាប់ណែនរួចខិតថយខ្លួនបន្តិច តែមានក្លិនម៉្យាងហើរមកប៉ះនឹងច្រមុះនាងនាំឲ្យអ្នកដែលព្យាយាមខិតនោះប្ដូរចិត្តមកជាចូលជិតថេយ៉ុងវិញ ស្រីតូចក៏អោនមុខចុះតាមក្លិនថ្នាំលាងរបួស ដៃក៏រាវរហូតដល់ប៉ះនឹងបង់របួសដែលរុំនៅលើដៃរបស់គេ។
"ដៃលោកកើតអី?!" រូម៉ាក៏សួរភ្លាមគ្រាន់តែប៉ះដឹងភ្លាមថឫកន្លែងដែលមានរបួសនោះជាដៃរបស់គេ ថេយ៉ុងក៏អោនសំឡឹងមើលទៅផ្ទៃមុខសក្បុសនឹងក្រសែភ្នែកដែលសំឡឹងមើលតែមួយកន្លែងនោះ គេក៏ញញឹមរួចលូកដៃមាំដែលមានរបួសគួបផ្សំនឹងដៃម្ខាងទៀតក្រសោបមុខនាងតិចៗ។
"គ្រាន់តែប៉ះដៃបន្តិចបន្តួច.."
"លោកកុហក!" មិនចាំយូររូម៉ាក៏ឆ្លើយតបទៅកាន់សម្ដីរបស់នាយភ្លាម មិនថាគេហាមាត់និយាយសម្ដីបែបណាមកនាងក៏ដឹងទាំងអស់ថាមួយណាជាពាក្យពិតមួួយណាជាពាក្យកុហក គេមិនអាចកុហកនាងបានឡើយ។
"អូនបារម្ភពីបងមែនទេ?!" ឃើញនាងសួរនាំដេញដោលបែបនេះ បេះដូងកំព្រារងាឯណោះរបស់ថេយ៉ុងក៏មានសង្ឃឹម ចិត្តដែលក្រៀមក្រោះមកជាយូរក៏ស្រស់បំព្រងឡើងវិញខ្លះ នាយអោនមុខចុះមករួចសំឡឹងចំមុខនាង ពីមុនបើគេធ្វើបែបនោះនាងក៏នឹងលូកដៃអោបករគេ និយាយថាស្រឡាញ់គេតែពេលនេះវាគ្មានរឿងទាំងនោះកើតឡើងទៀតឡើយ គ្រប់យ៉ាងបានប្រែផ្លាស់អស់ទៅហើយ។
"ក៏..ចេះតែសួរទៅព្រោះថាលោកជាប់ឈ្មោះជាអ្នកមើលថែខ្ញុំ បើលោកមានរបួសអញ្ចឹងខ្ញុំមិចនឹងអាចប្រើលោកដែលជាមនុស្សឈឺឲ្យទិញអ្វីឲ្យខ្ញុំបានទៅ?" រូម៉ាក៏លើកយកលេសដោះសារភ្លាមៗរួចដកដៃពីបង់រុំរបួសនាយបន្តិច ថេយ៉ុងក៏ងក់ក្បាលរួចសំឡឹងមើលទៅខាងក្រៅបន្តិច ឃើញថានៅខាងក្រៅមានមនុស្សជុំគ្នាកុះករចូលរួមពិធីតាំងពិពរណ៍ដែលយុវជនស្មគ្រ័ចិត្តបានរៀបចំនោះ។
"ម៉ា.."
"មិននិយាយជាមួយលោកទេ"
"ចង់ចុះទៅក្រោមដើរលេងអត់?!"
"ទៅ!" រូម៉ាដែលឆ្លើយតបទៅគេនឹងបែរបំណងចង់ទម្លាក់ខ្លួនគេងលើពូកទៅហើយនោះក៏ប្រញាប់ឆ្លើយតបញាប់មាត់គ្រាន់តែលឺថាដើរលេងភ្លាម វាហាក់ដូចជាបំណងរបស់នាងទៅហើយ តាំងពីមុនគេមកទៅទៀត ថេយ៉ុងក៏អស់សំណើចរួចលើកដៃឈ្លីក្បាលនាងស្រាលៗ។
"នែ! ខូចសក់ខ្ញុំអស់ហើយ" នាងតវ៉ានឹងលើកដៃពង្រាបសក់ដែលគេឈ្លីមុននោះ នាងកាន់តែហួងហែងថេយ៍ក៏កាន់តែឆាឆៅនាងតាមទម្លាប់។
"នែ!"
"យ៉ាងមិចខ្លាចមិនស្អាតរឺ?"
"នៅខាងក្រោមប្រហែលជាមានកម្លោះៗច្រើន ខ្ញុំត្រូវតែស្អាតលោកដឹងទេ?" រូម៉ាបោះសម្ដីចង់ឌឺដងដាក់ថេយ៍ តែក៏បែរជាធ្វើឲ្យគេសើចឡើងរលាក់ទៅវិញ នាយក្រវីក្បាលតិចៗរួចលូកដៃស៊កពីក្រោយចង្កេះនាងតិចៗ។
"នឹករំពៃប្រុសក្មេងអី នៅឲ្យស្ងៀមឲ្យប្ដីបីដាក់រទេះវិញល្អជាងអូនសម្លាញ់"
"អូនសម្លាញ់ក្បាលលោក" គូជម្លោះក៏នៅតែបន្តឈ្លោះគ្នារហូតដល់រៀបចំគ្រប់យ៉ាងរួចចាកចេញទៅជាមួយនឹងគ្នាបាត់ពីបន្ទប់។ជាន់ខាងក្រោម!
មកដល់ខាងក្រោមក៏មានមនុស្សច្រើនកុះករដូចជាការរំពឹងរបស់រូម៉ាពិតមែន ហើយការរំពឹងទុកនោះហើយដែលធ្វើឲ្យទឹកមុខអ្នកអង្គុយលើរទេះស្រពាប់ស្រពោនបន្តិច ត្បិតនាងគ្មានឱកាសបានមើលឃើញឡើយ។
"អុប៎!" បបូរមាត់ដែលច្បូញចូលគ្នានោះក៏មានអ្វីម៉្យាងមកអឹប រូម៉ាបង្ហើបមាត់បន្តិចរួចក៏ទទួលដឹងជាតិផ្អែមៗនឹងការរលាយរបស់ស្ករសំឡី មួយសន្ទុះដៃមាំក៏លូកទាញដៃនាងឲ្យកាន់ដងស្ករសំឡី តែមុននឹងកាន់ក៏មិនភ្លេចអោនថើបខ្មងដៃនាងជាមុនដែរ។
"មើស៎! មនុស្សឆ្លៀតឱកាស" រូម៉ារលាស់ដៃបន្តិចរួចក៏បែរចេញដោយដៃកាន់ស្ករសំឡីជាប់នឹងដៃ ថេយ៉ុងក៏ញញឹមរួចរុញនាងទៅកាន់ខាងមុខឆាក ដៃមាំក៏បញ្ឈប់រទេះរួចចូលមកបន្ទន់ជង្គង់ពីមុខនាង ថេយ៍ក៏លូកទាញដៃខាងឆ្វេងរបស់ម៉ាមករួចបំពាក់ចិញ្ចៀននៅនឹងដៃនាងរបស់នាង បំពាក់ទាំងមិននិយាយអ្វីទាំងអស់។
"អូនចង់ស្ដាប់បទចម្រៀងទេ?បងនឹងឡើងច្រៀងឲ្យអូនស្ដាប់"
"មិនបាច់ទេ!ខ្មាសគេ.." រូម៉ាក៏បដិសេធតែមិនអាចយកឈ្នះបំណងគេបាន ថេយ៉ុងក៏កាន់ស្មានាងបន្តិចរួចឡើងទៅលើឆាក គ្រប់គ្នាក៏នាំគ្នាមកឈរមើលកាលបើឃើញប្រុសសង្ហាឡើងច្រៀងបែបនោះ ថេយ៉ុងអង្គុយពីមុខព្យាណូរួចងាកសំឡឹងមើលទៅអ្នកអង្គុយនៅលើរទេះនោះ។
"បទចម្រៀងមួយនេះផ្ញើជូននារីម្នាក់ដែលជាម្ចាស់ជីវិតខ្ញុំ សូមឲ្យអូនបានស្ដាប់បទនេះហើយចងចាំរាល់អនុស្សាវរីយ៍គ្រប់យ៉ាងណា" ពាក្យពេចន៍ថេយ៍បញ្ចប់ត្រឹមការអោនមុខលេងភ្លេង អ្នកអង្គុយលើរទេះឯណោះក៏ញ៉ោចស្នាមញញឹមកាលបើបានលឺបទសំណព្វចិត្តនាងនឹងគេ ថេយ៉ុងអង្គុយលេងព្យាណូបណ្ដើរច្រៀងបទ love of my lifeដែលជាបទជាទីស្រឡាញ់របស់ពួកគេ នាយច្រៀងបណ្ដើរស្រក់ទឹកភ្នែកបណ្ដើរ គេនាំឲ្យគ្រប់គ្នាយំតាមគេ មានតែម៉ាទេដែលអង្គុយញញឹមព្រោះនាងមិនអាចមើលឃើញនឹងមិនអាចមើលដឹងថានាយកំពុងតែយំ។
ផ្លាច់! ផ្លាច់..
បទចម្រៀងក៏បញ្ចប់ រូម៉ាក៏ទះដៃបន្តិចមុននឹងនាងទទួលដឹងដល់រទេះនាងបម្លាស់ទីព្រោះមានអ្នករុញ តែនាងក៏មិនបាននិយាយអីព្រោះក្លិនទឹកអប់ដែលហើរប៉ះច្រមុះនាំឲ្យនាងដឹងថាជាថេយ៍ នាយបន្ទប់ជង្គង់ពីមុខនាងរួចកាន់ដៃនាងជាប់ណែន មិនភ្លេចថើបខ្មងដៃនាងផង។
"ស្អែកអូននឹងធ្វើការវះកាត់ហើយ មានអ្នកបរិច្ចាគភ្នែកឲ្យអូនហើយ អូនសប្បាយចិត្តទេ?!"
"ពិតមែនហ្អេស៎ថេយ៍?លោកមិនកុហកទេមែនទេ?" រូម៉ានាងក៏សួរទាំងញញឹមសប្បាយចិត្ត ហើយស្នាមញញឹមនាងក៏ធ្វើឲ្យអ្នកសួរនាំនោះស្រក់ទឹកភ្នែកទាំងស្ងប់ចិត្ត គេក៏ងក់ក្បាលរួចអង្អែលប៉ះក្បាលនាងទាំងទឹកភ្នែកស្រក់។
"បាទ៎ បងមិនកុហកទេ!"
(បងច្បាស់ជានឹកមុខគួរឲ្យស្រឡាញ់អូនស្លាប់ហើយ)
YOU ARE READING
ទាយាទម៉ាហ្វៀ (រដូវកាលទី០២)
Romanceចិត្តស្នេហ៍ប្រែមកជាស្អប់ ការស្អប់ដែលកើតឡើងពីការយល់ច្រឡំនឹងការលាក់បាំង។ (បងស្រឡាញ់អូន) ប្រែក្លាយមកជា «យើងស្អប់នាង..ស្រីផិតក្បត់» ថេយ៉ុង អាល់ហ្វ្រេដដូ / រូម៉ា ផាទ្រីសៀរ៍