ភាគ41

730 32 0
                                    

ទាយាទម៉ាហ្វៀ
ភាគ41

ក្រឡេកមើលទៅដៃគូរួមគំនិតគ្នាទាំង2នាក់ដែលអូសនាំគ្នាទៅមុននោះវិញ រ៉ូហ្សេស៍នាំលីលីឡើងទៅលើដំបូលអាគារមន្ទីរពេទ្យ ខ្ពស់ផុតដើម្បីឲ្យប្រាកដថាគ្មាននរណាទៅរំខាននូវកិច្ចសន្ទនារបស់ពួកគេបាន។
"លោក..លោករ៉ូហ្សេស៍ ហូយ៎" លីលីតម្អូញជាប់មាត់តាំងពីជាន់ខាងក្រោមរហូតមកដល់ជាន់ខាងលើដំបូលទៅហើយក៏នៅមិនឈប់ទៀត រ៉ូហ្សេស៍មកដល់ទីតាំងដែលអាចនិយាយគ្នាបាននាយក៏ប្រញាប់វាសដៃទាញឲ្យលីលីមកឈរនៅពីមុខគេវិញម្ដង។
"ហីយ៉ា!មានការអីនិយាយគ្នាបានតើស៎ ចាំបាច់មក? ឈឺដៃសឹងតែស្លាប់ទៅហើយ" លីលីមិនបានខ្លាចនូវរិទ្ធិអំណាចបុរសអ្នកមានម្នាក់នេះឡើយ ព្រោះនៅទីនេះមិនមែនមានតែគេឡើយដែលមានអំណាចក្ដោបក្ដាប់រឿងគ្រប់យ៉ាងនោះ នាងក៏ដូចគ្នា ត្បិតខ្លាកំណាចដូចជាគេក៏ត្រូវតែមានដៃគូដូចជានាង ហើយបើសិនជាពេលណាខ្លាហ៊ានបកក្បាលមកខាំនាង នាងក៏នឹងចាត់ការគេវិញដូចគ្នា។
"លោកមានការអីសំខាន់និយាយមែនទេ?"
"ការសំខាន់ហ្អេស៎? ក្នុងខួរក្បាលកំពុងតែគិតអីដែលទៅនិយាយរឿងគ្រប់យ៉ាងប្រាប់ប្ដីនាងនោះ? នាងគិតថាវាមិនអាចក្រោកមកវាយបកនាងវិញមែនទេ លីលី?" រ៉ូហ្សេស៍បញ្ចេញកាយវិការកោងកាចដាក់អ្នកខ្លួនអូសទីងណាត់ទីងណែងពីក្នុងមកក៏ព្រោះតែរឿងកើតឡើងមុននេះ បើគេទៅមិនទាន់រឿងគ្រប់យ៉ាងមិនចប់ទៅហើយទេរឺ?
"លោកគិតថាខ្ញុំល្ងង់ថ្នាក់នឹងហ្អេស៎? ខ្ញុំដឹងតើស៎ថាថ្ងៃណាមួយគេគង់តែក្រោកមក តែគេក៏គ្មានភស្តុតាងអ្វីមកចាប់កំហុសពួកយើងឡើយ កាំមេរ៉ាសុវត្ថិភាពគ្រប់ទីកន្លែងក្នុងផ្ទះនោះខ្ញុំបានលុបចោលអស់ហើយ ម៉្យាងលោកកុំបារម្ភអី វានឹងមិនមានផលប៉ះពាល់លើលោក គូដណ្ដឹងលោកក៏គ្មានថ្ងៃដឹងដែរ បើលោកមិននិយាយប្រាប់ទៅនាងដោយខ្លួនឯងនោះ" លីលីនិយាយទាំងមានភាពជឿជាក់លើផែនការស្មោគគ្រោករបស់នាង រ៉ូហ្សេស៍បានត្រឹមតែលើកដៃឈ្លីថ្ងាសខ្លួនឯងបែបតានតឹងជាខ្លាំង លីលីក៏សំឡឹងមើលទៅគេរួចអោបដៃទាំងសងខាងចូលគ្នាបន្តិច។
"ជ្រុលជាលោកសួរឲ្យខ្ញុំឆ្លើយឡើងចង់សឹកមាត់ទៅហើយ ឥលូវខ្ញុំសួរលោកមួយសំនួរវិញចុះ" រ៉ូហ្សេស៍មិនបានឆ្លើយតបតែក៏ងាកបែរមុខចំមករកនាង ដូចជាប្រាប់នាងថាឲ្យនិយាយមកចុះគេនឹងចាំស្ដាប់។
"ហេតុអីក៏លោកចង់ចូលក្នុងគ្រួសារផាទ្រីសៀរ៍ម៉្លេះ? លោកមិនដែលដឹងពីរឿងអាស្រូវរបស់ជំនាន់មុនគេទេរឺ? រឿងលោកតារបស់គូដណ្ដឹងលោកនោះ?" រ៉ូហ្សេស៍ងាកបែរចេញក្រោយស្ដាប់សំនួរលីលីចប់ នាយដើរទៅឈរនៅកន្លែងបង្កាន់ដៃរានហាលរួចសំឡឹងមើលទៅឆ្ងាយ លីលីក៏ចូលទៅជិតគេ ឈរទន្ទឹមគ្នារង់ចាំស្ដាប់ការបកស្រាយ។
"ម៉ាជាក្មេងល្អតាំងតែពីតូចរហូតដល់ធំ ទោះបីនាងឆ្នាស់បន្តិចមែនតែនាងក៏មានលក្ខណសម្បត្តិដែលអាចកែប្រែបត់បែនតាមកាលៈទេសៈបាន ដូចជាពេលដែលនាងមានកូន.." រ៉ូហ្សេស៍ស្ងាត់មាត់បន្តិចពេលនិយាយដល់អតីតកាលដែលរូម៉ាមានទម្ងន់កូនជាមួយនឹងថេយ៉ុង ដៃមាំទាំក្ដាប់ណែនហាក់ឃាត់លែងជាប់ គេអាចនិយាយថាមិនអីនៅចំពោះមុខនាងតែក្នុងនាមគេជាមនុស្សប្រុសម្នាក់ ជាគូដណ្ដឹងពេញសិទ្ធិ គេក៏អាក់អន់ចិត្ត ខូចចិត្តនឹងរឿងមួយនេះ។
"យើងសង្ឃឹមថាពេលដែលយើងនឹងម៉ារៀបការរួច នាងក៏នឹងមើលថែកូនរបស់យើងឲ្យល្អដូចជាហាណាដែរ" រ៉ូហ្សេស៍ពោលនូវប្រយោគមួយដែលនាំឲ្យលីលីច្បូញមាត់បន្តិច នាងក៏ចូលមកកាន់តែកៀកនឹងសំឡឹងគេជាប់។
"និយាយដល់រឿងកូន ចុះលីឈីងលោកគិតបែបណាដែរ?" លីលីក៏ឆ្លៀតលើកយកកូនស្រីរបស់ពួកគេទាំង2ឡើងមកនិយាយផងដែរ រ៉ូហ្សេស៍ក៏ងាកមើលទៅនាងរួចលូកដៃយកសែកមកសុីញ៉េចំនួនមួយសែនដុល្លាររួចហុចទៅឲ្យលីលីទាំងមិននិយាយអ្វីមួយម៉ាត់សោះ។
"លោកមិនគិតចង់និយាយប្រាប់នាងទេហ្អេស៎?"
"បើនាងត្រូវការលុយបន្ថែមប្រាប់មកយើង ហើយពេលដែលនាងធំឡើងនឹងរៀនចប់សឹមយើងបញ្ជូននាងឲ្យទៅរៀននៅបរទេសទាំងការចំណាយអ្វីទាំងអស់ទុកឲ្យយើងជាអ្នករ៉ាប់រង" រ៉ូហ្សេស៍បញ្ចប់កិច្ចសន្ទនារវាងគេនឹងលីលីដោយការជ្រែងហោប៉ៅចាកចេញបន្ទាប់ពីហុចសែកឲ្យនាងរួច លីលីតាមសំឡឹងមើលផែនខ្នងនាយពីក្រោយរួចក្រវីក្បាលបន្តិច។
"មនុស្សប្រុសសុទ្ធតែអាត្មានិយមបែបនឹងរឺ?"
...
ក្រោយចាកចេញពីបន្ទប់វីអាយភីដែលថេយ៉ុងសម្រាករួចមករូម៉ាក៏រុញនាំកូនមកកាន់បន្ទប់របស់នាងវិញ ដោយសារតែហាណានាងទើបតែព្យាបាល អញ្ចឹងនាងមិនទាន់ត្រូវបានអនុញ្ញាតឲ្យទៅផ្ទះនៅឡើយ គឺនាងស្ថិតក្រោមការមើលថែនឹងតាមដានរបស់លោកដុកទ័រសិន។
"ហាណា ហ៊ឹម" រូម៉ាឧទានហៅកូនស្រីតិចៗតែនាងមិនឆ្លើយតបទើបអ្នកជាម្ដាយញញឹមរួចក្រសោបបីកូនពីរទេះមកដាក់លើគ្រែគេងវិញម្ដង ហាណាគេងលង់លក់យ៉ាងស្ងប់សុខគ្មានកង្វល់អ្វីក្នុងចិត្ត ហើយហើយនេះជាអ្វីដែលរូម៉ានាងចង់បាន។
"កូនស្រីម៉ាក់ស្រស់ស្អាត ឆ្លាតនឹងគួរឲ្យស្រឡាញ់បំផុតក្នុងលោកនេះ..ម៉ាក់សុំទោសដែលឲ្យកូនឆ្លងកាត់រឿងរ៉ាវជាច្រើនកន្លងមកជាមួយគ្នា សូម្បីតែកាលពីកូននៅក្នុងផ្ទៃម៉ាក់មិនបានសូម្បីតែបំពេញបំណងកូនដែលអាចមានប៉ាមកមើលថែទាំដូចជាទារិកាដទៃទៀត" រូម៉ាក្រសោបកាន់ដៃកូនដោយដៃម្ខាង ចំណែកដៃម្ខាងដែលនៅសេសល់ក៏វែកសក់នាងស្រាលៗ ទឹកភ្នែកមួយតំណក់ក៏ហូរតក់កាត់ផែនថ្ពាល់ម្ដាយ រូម៉ានាងមើលថែកូនអស់ពីសមត្ថភាពតែនាងក៏នៅតែមានអារម្មណ៍ថាខុសឆ្គងជាមួយនឹងកូន នាងរអៀសចិត្តដែលនាងមិនអាចបំពេញចន្លោះខ្វះខាតនៃជីវិតទៅកាន់កូនបានដូចជាគ្រួសារដទៃ។
"បើសិនជាឲ្យម៉ាក់ត្រឡប់ពេលវេលាថយក្រោយ ម៉ាក់ក៏នឹងនៅតែសម្រេចចិត្តបែបនេះ ហាណាចាំណា៎ កូនកើតមកមិនមែនជាបន្ទុកក៏មិនមែនជាការឈឺចាប់ដល់ម៉ាក់ឡើយ ផ្ទុយទៅវិញកូនជាទ្រព្យសម្បត្តិរបស់ម៉ាក់ ជាកម្លាំងចិត្តតែម៉្យាងគត់ដែលម៉ាក់មាន ខណៈពេលដែលម៉ាក់គ្មាននរណាទាំងអស់នៅក្បែរម៉ាក់ក៏មានកូន កូនតែងតែនៅក្នុងការចងចាំជម្រុញឲ្យម៉ាក់តស៊ូមកដល់ថ្ងៃនេះ ម៉ាក់.."
"ម៉ាក់ស្រឡាញ់កូនណាស់" រូម៉ាទម្លាក់បបូរមាត់ថើបថ្ងាសកូនមួយខ្សឺតនាំយកទឹកថ្លាមួយតំណក់ស្រក់តក់នៅលើថ្ងាសរបស់នាងទៀត។
ទីង!ទីង..
ខណៈនោះទូរសព្ទ័ក៏ស្រាប់តែរោទ៍ឡើង រូម៉ាប្រញាប់ក្រោកទាញភួយដណ្ដប់ឲ្យកូនរួចទើបបើកកាបូបមើលក្រែងថាជាទូរសព្ទ័នាងតែដៃក៏បែរជាឈប់ធ្មឹងព្រោះទូរសព្ទ័ដែលរោទ៍ជាសារមុននោះមិនមែនចេញពីទូរសព្ទ័នាងឡើយ តែចេញពីទូរសព្ទ័មួយគ្រឿងផ្សេងដែលនៅលើតុក្បែរនោះហើយវាក៏ជារបស់រ៉ូហ្សេស៍នឹងឯង។
រូម៉ាលូកកាន់ទូរសព្ទ័យកមកមើល ដំបូងនាងក៏មិនចង់ប៉ះពាល់ព្រោះចង់គោរពសិទ្ធិរបស់រ៉ូហ្សេស៍តែថាដោយសារមានរឿងខ្លះដែលនាំឲ្យនាងមិនអាចទប់នឹងលើកទូរសព្ទ័មិនមែនជាកម្មសិទ្ធិយកមកមើល។
"លុយ1សែនដុល្លារត្រូវបានដកពីគណនី.." តួលេខនឹងគណនីដែលត្រូវបានដកនោះនាំឲ្យរូម៉ានាងចងចិញ្ចើមបន្តិច គ្រានោះទ្វារបន្ទប់ក៏បើកឡើងនាំវត្តមានម្ចាស់ទូរសព្ទ័មកព្រមជាមួយនឹងកាហ្វេ2កែវក្នុងដៃ ទឹកមុខស្រស់ញញឹមសំឡឹងមើលមករូម៉ា មុននឹងនាងក្រឡេកមើលទៅវិញ ទឹកមុខគេក៏ប្រែប្រួលបន្តិចកាលបើឃើញរូម៉ាកាន់ទូរសព្ទ័គេមិនតែប៉ុណ្ណឹងនាងក៏លើកវាមកបង្ហាញគេទៀត។
"បងមានទំនាក់ទំនងអីជាមួយលីលី?!"
"បងរ៉ូហ្សេស៍?!"

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now