ភាគ48

674 27 1
                                    

ទាយាទម៉ាហ្វៀ
ភាគ48

"នេះ..នេះបងបោកប្រាស់អូនរឺថេយ៍? ហ៊ឹកហ៊ឺ" លីលីក៏បែរពោលទាំងភ្នែករលីងរលោងខណៈដៃតូចស្រឡូនព្យាយាមកាន់ប៉ះកញ្ចឹងករដែលកំពុងតែត្រូវដៃមាំទាំមានកម្លាំងច្របាច់មួយទំហឹងសឹងតែលានបំពង់ខ្យល់ បំពង់សំឡេងចេញមួយរំពេចទៅហើយនោះ ថេយ៉ុងសំឡឹងមើលផ្ទៃមុខនាងវិញព្រមជាមួយមុខស្មើធេងហាក់ដូចជាគ្មានភាពមេត្តាករុណានៅសេសសល់ក្នុងចិត្តសម្រាប់នាងអីទាល់តែសោះហើយ។
"បោកប្រាស់? មិនត្រូវទេ..ព្រោះអូនជាអ្នកល្ងង់ជឿបងដោយខ្លួនឯងទេតើមិនចឹង?" ថេយ៉ុងបញ្ចប់ប្រយោគខ្លួនឯងដោយស្នាមញញឹមលាក់កំនួចតែម្ដង លីលីដែលសំឡឹងមើលមុខគេនោះក៏ហាក់ស្រៀវស្រាញត្បិតថានាងមិនស្មានថានាងដោះលែងភាពកាចសាហាវនាយកន្លងមកដើម្បីសម្រេចតាមផែនការរបស់នាង ធ្វើឲ្យគេបញ្ចេញកំហឹងទៅលើរូម៉ាព្រោះចង់កម្ចាត់នាង តែពេលនេះលីលីដូចជាបានសាកថ្នាំខ្លួនឯងម្ដងហើយ
តែមិនមែនដូចជារូម៉ាឡើយ...គឺខ្លាំងជាងនោះទៅទៀត។

ព្រូស! គ្រាំង...
រាងកាយតូចស្រឡូនដែលមុននោះស្លៀកពាក់ឈុតសុីវីល័យក៏ប្រែមកជាស្លៀករ៉ូបសដែលដាច់រហែកជំនួសវិញ ហើយជើងតូចដែលធ្លាប់តែដើរជាន់ប៉ះការ៉ូឥដ្ឋដែលមានតម្លៃថ្លៃនឹងត្រជាក់ៗក៏ប្រែក្លាយមកជាដេកដួលនៅលើដីក្នុងបន្ទប់ងងឹតស្លុបហើយនឹងមានក្លិនស្អុយគគ្រុកទៅវិញ។
"កន្លែងនេះហើយ គុកងងឹតមានក្លិនស្អុយគគ្រុកសាកសមបំផុតសម្រាប់ស្រីដែលមានសណ្ដានស្អុយរលួយដូចជានាងលីលី.." ថេយ៉ុងពោលពាក្យបែបឆ្ងាយពីលីលី គេគ្មានចិត្ត គ្មានបេះដូងប្រគល់ឲ្យនាងទៀតឡើយ វាហាក់ដូចជាលុបបាត់អស់ទៅជាមួយនឹងហេតុការណ៍រអិលធ្លាក់ពីលើផ្ទះនោះអស់ទៅហើយ។
"បងធ្វើបែបនឹងដាក់អូនមិនបានទេថេយ៍ អូនជាម៉ាក់របស់កូនបង..ផាច់" មួយដៃកាលពីនៅជាន់ខាងលើមិនទាន់ធ្វើឲ្យនាងស្កប់ស្កល់ទើបថេយ៉ុងបន្ថែមមួយកំផ្លៀងទៀតឲ្យនាងបានឆ្អែតឆ្អន់ហើយក៏ឈប់ហើបមាត់និយាយតែពាក្យវិប្បល្លាសបែបនេះទៀត។
"ជាម្ដាយរបស់កូនយើងហ្អេស៎? បើនិយាយពីពាក្យថាម្ដាយ អ្នកគ្មានគុណសម្បត្តិដែលសាកសមធ្វើជាម្ដាយគេទេ ហើយនាងក៏មិនសាកសមនឹងមានកូនជារបស់ខ្លួនឯងដែរ" រំលឹកដល់ពាក្យថាម្ដាយម្ដងៗ ការឈឺចាប់សំឡេងយំរបស់កូនស្រីគេក៏ហាក់ដូចជាលាន់លឺពេញក្នុងខួរក្បាលគេម្ដងទៀត ហូស៊ុកដែលនៅជិតនោះក៏ចូលមកជិតក្មួយប្រុសមុននឹងកាន់ស្មាគេជាប់ណែន។
"ខាងនេះទុកឲ្យពូ ឯងមានការងារអ្វីចង់ធ្វើរឺចង់ដោះស្រាយក៏ទៅធ្វើឲ្យហើយចុះ ឱកាសវាមិនចេះតែមាននោះទេ អូ! ពិតមែនហើយ..ពូក៏មានរឿងមួយចង់ឲ្យឯងបានដឹងនឹងឃើញដែរ"
"អេដវីន!" គ្រាន់តែសំឡេងហូស៊ុកបន្លឺឡើងភ្លាម ម្ចាស់ឈ្មោះក៏ប្រញាប់រត់ចុះមកព្រមជាមួយនឹងឯកសារមួយជាប់ដៃមកជាមួយដែរ គ្រាន់តែឃើញអេដវីនភ្លាមថេយ៉ុងក៏គ្រឺតសឹងតែលោតធាក់គេកណ្ដាលមុខទៅហើយ។
"ខឹងមុខយើងចង់តែធាក់ទេ នេះប្រាប់ឲ្យមកតែម្នាក់ឯងតែក៏បែរជាទៅជម្រាបលោកពូទៀត"
"បើសិនជាខ្ញុំលាក់បាំង ខ្ញុំអាចនឹងត្រូវចៅហ្វាយបាញ់បំបែកក្បាលជំនួសវិញណាទាន៎ អញ្ចឹងខ្ញុំសុខចិត្តរើសយកធាក់វិញហើយ មិនទាន់ចង់នៅក្រោមដីទេទាន៎" អេដវីននិយាយបណ្ដើរក្រញ៉ាងខ្លួនបណ្ដើរហាក់ដូចជាបញ្ជាក់យ៉ាងច្បាស់ថាគេខ្លាចរអានឹងលោកពូថេយ៍យ៉ាងណានោះ។
"បើសិនជាឯងលាក់បាំងជាមួយនឹងពូ ឯងក៏មិនបានមកចាប់ស្រីម្នាក់នេះទុកមួយកន្លែងបែបនេះដែរ ពុតធ្វើជាមិនអាចកម្រើកបាន មនុស្សរុក្ខជាតិ? វាគួរឲ្យកំប្លែងដូចជាល្បែងកូនក្មេងអញ្ចឹងអាក្មួយប្រុស"
"តែវាក៏បានផលជាមួយនឹងកញ្ជ្រោងបិសាចនេះ" ថេយ៉ុងងាកមើលទៅលីលីដែលកំពុងតែអង្គុយមើលមកគេទាំងទឹកភ្នែករលីងរលោងឯណោះ ជំហានវែងៗក៏បោះចូលទៅរកលីលីមុននឹងបន្ទន់ជង្គង់ចុះពីមុខនាងដោយដៃម្ខាងលូកទាញយករបស់ម៉្យាងពីហោប៉ៅមក។
"ថេយ៍..ថេយ៍បងធ្វើបែបនឹងដាក់អូនមិនទេ ហ៊ឹកហ៊ឺ" លីលីក៏យំកាន់តែខ្លាំងកាលបើអ្វីដែលថេយ៍ដកចេញពីហោប៉ៅនោះគឺជាសោរច្រវ៉ាក់ដែលគេយកមកចាក់ដៃជើងនាងឯណោះ ថេយ៉ុងក៏បញ្ឈប់សកម្មភាពបន្តិចរួចងើបសំឡឹងមើលទៅលីលីចំ ជាហេតុនាំឲ្យអ្នកម្ខាងទៀតហាក់មានសង្ឃឹមថាយ៉ាងហោចទឹកភ្នែកនាងក៏ធ្វើឲ្យគេបានទន់ចិត្តខ្លះ ដៃមាំទាំម្ខាងដែលមិនមានកាន់សោរក៏ទម្លាក់ចុះកាន់ប៉ះថ្ពាល់នាង គ្រាន់តែទទួលបានការប៉ះពាល់ពីថេយ៍ភ្លាមអ្នកដែលកំពុងតែហៀបនឹងធ្លាក់ចុះក្រញាំរបស់គេឯណោះប្រញាប់លូកស្រវ៉ាចាប់កាន់ដៃនាយភ្លាម។
"ថេយ៍..បងធ្វើបែបនឹងមិនបានទេណា៎ថេយ៍ អូនជាភរិយាបង លីឈីងកូនពួកយើងនាងនឹងគិតបែបណាបើដឹងថាលោកប៉ាគេយកម៉ាក់គេមកឃុំបែបនេះ? បងថេយ៍.."
ក្រឹប!
ដៃដែលក្រសោបកាន់បំណងចង់សុំភាពសន្ដោសក៏ត្រូវចាក់ដោយច្រវ៉ាក់ដែលថេយ៍បានរៀបចំជាស្រេចនោះ ថេយ៉ុងក៏ញញឹមរួចលូកដៃកាន់ប៉ះថ្ពាល់ភរិយា ភរិយាចិត្តមារដែលមានបំណងចង់សម្លាប់គេនឹងព្យាយាមបំផ្លាញគ្រប់យ៉ាងនៅជុំវិញខ្លួនគេ សូម្បីតែមនុស្សស្រីជាទីស្រឡាញ់របស់គេក៏នាងបំបែកនាងចេញពីទ្រូងគេទៀត។
"យើងគិតថាកូនឈីងនាងមិនឆ្ងល់ឡើយ ព្រោះតាំងពីកើតមករហូតមកដល់ពេលនេះ វត្តមាននាងនៅក្នុងជីវិតកូនឈីងគឺតិចបំផុតហើយ សឹងតែគ្មានតែម្ដងលីលី ឈប់ប្រើពាក្យថាជាម្ដាយមកដើម្បីយករួចខ្លួន ព្រោះយ៉ាងណាក៏យើងមិនដោះលែងនាងដែរ នាងចង់នៅក្បែរយើងនឹងអោបក្រសោបយើងណាស់មែនទេ? បាន! ចាំយើងបំពេញបំណងនាងចុះលីលី" ថេយ៉ុងក្រោកឡើងមួយអស់កម្ពស់រួចលើកដៃជ្រោងសក់បន្តិចរួចទើបបោះជំហានចាកចេញ។
"សម្លាប់យើងតែម្ដងទៅ! បើសិនជាឯងគង់តែធ្វើបែបនេះដដែលនោះ តែកុំសង្ឃឹមថាឯងអាចបានស្រីម្នាក់នោះមកវិញឲ្យសោះ ព្រោះយើងគ្មានថ្ងៃឲ្យវាកើតឡើងជាដាច់ខាត" លីលីក៏អស់ទ្រាំនឹងការសម្ដែងធ្វើជាផ្អែមល្ហែមចំពោះមុខនាយទៀត ទើបនាងបញ្ចេញកាយវិការនឹងអារម្មណ៍ពិតដែលនាងមានមកលើគេ ថេយ៉ុងក៏ញញឹមរួចក្រវីក្បាលបន្តិចតែគេក៏បែរងាកមកមើលនាងឡើយ។
"សម្លាប់នាង? វាដូចជាងាយពេកទេដឹង? នាងមានរឿងជាច្រើនដែលត្រូវចួបនឹងតបស្នងដូចគ្នា លីលី"
ហ្អាយ!!!!!
ទោះបីជាថេយ៉ុងចេញមកដល់ខាងក្រៅហើយក៏ដោយក៏សំឡេងស្រែករបស់លីលីនៅតែបន្លឺដល់ត្រចៀកគេ តែថេយ៍ក៏មិនបានយកចិត្តទុកដាក់ខ្វល់ខ្វាយព្រោះអ្នកដែលគេខ្វល់ខ្វាយពេលនេះមិនមែនជានាងឡើយ តែជាអ្នកផ្សេងទៅវិញទេ ហើយគេក៏មិនអាចរង់ចាំបានទៀតឡើយដើម្បីបានទៅរកនាង បកស្រាយប្រាប់នាង។
"អ្នកប្រុសតូចមិនមើលក្រដាស.."
"ពិតមែនហើយ" ថេយ៉ុងក៏ភ្លេចគិតពីក្រដាសឯកសារដែលអេដវីនបានយកមកឲ្យគេនោះ មិនបង្អង់នាយក៏ប្រញាប់បើកមើលដោយមានវត្តមានអេដវីននឹងហូស៊ុកនៅទីនោះដូចគ្នា។
តក់!
ទឹកភ្នែក2តំណក់ក៏ហូរតក់នៅលើក្រដាសឯកសារនោះ ឯកសារដែលបញ្ជាក់ច្បាស់ពីលទ្ធផលDNAដែលជារបស់គេនឹងហាណា កូនស្រីដែលគេតែងតែបង្ហាញការស្អប់ខ្ពើម មើលងាយនាងគ្រប់សព្វព្រោះតែគិតថានាងជាកូនរបស់រូម៉ានឹងរ៉ូហ្សេស៍ ឃើញពួកគេមានក្ដីសុខកំហឹងរបស់គេក៏ពុះកញ្ជ្រោលដល់ថ្នាក់និយាយរឿងបង្ហាញកាយវិការអាក្រក់ដល់ថ្នាក់នេះ ពេលនេះគេក៏បង្ហាញភាពអាក្រក់នេះប៉ះចំកូនស្រីបង្កើតរបស់គេទៀត។
"ហើយអ្នកនាងលីឈីងក៏ជាកូនស្រីរបស់លោករ៉ូហ្សេស៍ដូចជាអ្វីដែលលីលីនាងបានអះអាងនោះពិតមែន" ថេយ៉ុងទម្លាក់ក្រដាសឯកសាររួចក្ដាប់ជាប់នឹងដៃបន្តិច នាយក៏បោះជំហានចាកចេញយ៉ាងលឿនដែលគ្រាន់តែមើលក៏ដឹងថាគេចង់ធ្វើអី ហូស៊ុកក៏បង្ហាញសញ្ញាឲ្យអេដវីនចូលទៅចាប់ឃាំងឃាត់គេភ្លាមកុំឲ្យគេធ្វើអ្វីផ្ដេសផ្ដាស។
"លែង..លែងយើង យើងនឹងទៅរកម៉ា អេដវីន"
"ខ្ញុំថាអ្នកប្រុសតូចមិនបាច់ទៅទេ.." អ្នកដែលព្យាយាមហាមឃាត់នោះក៏បាននិយាយឃ្លាប្រយោគខ្លះដូចជាគេបានដឹងរឿងអ្វីមកអញ្ចឹងដែរ ការរើបម្រាស់របស់ថេយ៍ក៏បញ្ឈប់ដោយថេយ៍ប្ដូរពីការរើចេញមកជាងាកមើលទៅអេដវីនវិញ។
"ហេតុអី?" អេដវីនក៏មិនទាន់និយាយអីតែបែរចុចទូរសព្ទ័បើកបង្ហាញនូវរូបភាពខ្លះឲ្យអ្នកប្រុសមើល ថេយ៍កញ្ឆក់យកមកមើលហើយក៏សឹងតែក្អួតឈាមស្លាប់មួយកន្លែងព្រោះរូបនោះវាជារូបរូម៉ាគ្រងឈុតរៀបការយ៉ាងស្រស់ស្អាតព្រមជាមួយនឹងថ្ងៃខែច្បាស់លាស់ដែលនៅសល់មិនដល់មួយសប្ដាហ៍ទៀតផងនោះវាក៏មកដល់។
"អ្នកនាងម៉ាសម្រេចរៀបការហើយ"
"អត់ទេ! មិនអាចទេ..យើងមិនព្រមដាច់ អត់ទេ"

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now