ទាយាទម៉ាហ្វៀ
ភាគ55,56ការសំឡឹងមើលបែបគ្មានកំហឹង គ្មានគំនុំគំកួនតែជាក្រសែភ្នែកថ្លាយ៉ង់របស់បុរសម្នាក់ប្រើសំឡឹងទៅកាន់មនុស្សស្រីដែលគេស្រឡាញ់បំផុតដូចជាអតីតកាលដែលគេធ្លាប់បានធ្វើ អតីតកាលដែលគេស្រឡាញ់ងប់ងល់ជាមួយនឹងនាងខ្លាំងប៉ុណ្ណា ពេលនេះគេក៏រក្សាអារម្មណ៍បែបនោះអាចនិយាយបានថាក្រោយឆ្លងកាត់រឿងទាំងអស់រួចមកក្ដីស្រឡាញ់គេក៏កើនឡើងមួយកម្រិតទៀត។
"ម៉ា.." ថេយ៉ុងឧទានហៅឈ្មោះម្ចាស់រាងកាយតូចក្នុងឈុតអ្នកជម្ងឺដែលពេលនេះគេក៏កំពុងតែសំឡឹងមើលមកនាយដូចគ្នាដែរ ដៃមាំទាំប្រញាប់លូកក្រសោបកាន់ប៉ះផ្ទៃមុខនាង ក្រសែភ្នែកដែលសំឡឹងមើលនាងមុននោះក៏ប្រែមកជារលីងរលោងមួយរំពេចតែម្ដង។
"ហេតុអីក៏លាក់បាំងរឿងគ្រប់យ៉ាងទុកតែម្នាក់ឯងបែបនេះ? ហេតុអីក៏អូនចូលចិត្តតែធ្វើខ្លួនឲ្យលំបាកម្នាក់ឯង..ម៉ា! អូនគួរតែប្រាប់បង បងនឹងការពារអូន" អស់ពីការក្រសោបកាន់ប៉ះថ្ពាល់នាង ថេយ៉ុងក៏ស្រវ៉ាអោបនាងជាប់ទ្រូង គេអោបអង្អែលខ្នងនាងប្រៀបដូចជាព្យាយាមចង់លួងលោមនឹងសុំចូលខ្លួនមកព្យាបាលរបួសឲ្យនាង ប៉ះប៉ូវទាំងកំហុសដែលគេបានសាងព្រមទាំងរឿងដែលកើតឡើងក្នុងជីវិតនាង។
តែថាបំណងរបស់គេមិនបានជ្រួលជ្រាបដល់ចិត្តរូម៉ាសូម្បីតែបន្តិច..
"ដកដៃលោកចេញ...អឹស!" រូម៉ាប្រើកម្លាំងដែលនាងមានច្រានគេចេញមួយទំហឹងដល់គេត្រូវបុកផ្ទប់នឹងទ្វារបន្ទប់ដែលបើកទៅម្ខាងនោះ។
"គ្រាន់តែដកដង្កូវពីក្នុងសាច់មួយខ្ញុំចាំបាច់អីត្រូវការជំនួួយពីមនុស្សដូចជាលោកនោះ? អូ!មែនហើយ..លោកក៏ដូចគ្នាព្រោះលោកក៏អាចនឹងមានវាសនាមិនខុសពីរ៉ូហ្សេស៍ដែរក៏ថាបាន ខ្ញុំអាចលេងល្បិចដាក់លោក តែមួយប្រាវ! សូម្បីតែសិទ្ធិចួបមុខហាណាក៏លោកគ្មានដែរថេយ៉ុង អាល់ហ្វ្រេដដូ" ដូចជាពេលដើម ទោះបីជាថេយ៉ុងព្យាយាមនិយាយប៉ះប៉ូវជាមួយនាងយ៉ាងណា ក៏ម៉ានាងមិនព្រមទទួលជំនួយរឺក៏ទទួលការព្រួយបារម្ភពីនាយឡើយ។
"រូម៉ាកាលពីមុន នាងជាស្រីដែលទន់ខ្សោយ ក្លបខ្លាចគ្រប់រឿងរ៉ាវទាំងអស់ ស្រីដែលរត់ចូលទៅក្នុងរង្វង់ដៃលោកគ្រប់ពេលឲ្យតែមានបញ្ហាកើតឡើងក៏ព្រោះតែនាងគិតថាលោកកក់ក្ដៅ លោកជាមនុស្សប្រុសទន់ភ្លន់ដែលនាងអាចជឿទុកចិត្តបានហើយក៏ស្រឡាញ់នាងបំផុត រូម៉ារបស់លោកនាងទន់ភ្លន់ណាស់" ស្រីតូចរៀបរាប់ម៉ាត់ៗច្បាស់ៗដាក់មុខរបស់គេ ហើយវាក៏ជាការពិតគ្រប់ពាក្យគ្រប់ម៉ាត់ដែលចេញពីមាត់នាង គ្មានមួយឃ្លាណាដែលខុសពីការពិតនោះឡើយ បែបនេះហើយទើបថេយ៉ុងនៅស្ងៀមមិនតបតរទៅកាន់នាង។
"ពេលនេះខ្ញុំលែងជារូម៉ារបស់លោកទៀតហើយ នាងស្លាប់បាត់កប់ជាមួយនឹងការឈឺចាប់ដែលអ្នកជុំវិញខ្លួនបានបន្សល់ទុកឲ្យនាង ជាពិសេសគឺក្ដីស្រឡាញ់លាយឡំនឹងការឈឺចាប់ដែលលោកបានបន្សល់ទុកឲ្យនាង..ការស្រឡាញ់ដែលនាងខ្លាចរអាក្នុងការសាកល្បងម្ដងទៀត ការអោបក្រសោបកក់ក្ដៅតែពេញប្រៀបទៅដោយបន្លាចាក់សុះសាច់បន្សល់ទុកនូវការឈឺចាប់ឲ្យនាងចងចាំ ការបោះបង់ចោលដែលជម្រុញឲ្យនាងអាចក្រោកឡើងដោយខ្លួនឯង មិនចាំបាច់ត្រូវការខ្នងបង្អែកពីលោកទៀត"
"ម៉ា.." ថេយ៉ុងក្រវីក្បាលតិចៗរួចប្រញាប់លូកដៃបំណងចង់ក្រសោបប្រអប់ដៃនាង តែរូម៉ាក៏ដកចេញយ៉ាងលឿន ស្រីតូចងើបភ្នែកមើលទៅគេរួចបង្ហាញស្នាមញញឹមមួយជាលើកចុងក្រោយ។
"ខ្ញុំគួរតែអរគុណលោក ព្រោះការឈឺចាប់ដែលលោកផ្ដល់ឲ្យខ្ញុំ វាជួយឲ្យខ្ញុំអាចកែប្រែបានច្រើនណាស់" រូម៉ាក៏លូកដៃទះស្មាគេបន្តិចរួចបោះជំហានចាកចេញពីគេ ស្រីតូចដើរចេញបានតែប៉ុន្មានជំហានភ្នែកនាងក៏ចាប់ផ្ដើមស្រវាំង តែដោយសារតែប្រមូលផ្ដុំសតិនឹងស្មារតីក៏ធ្វើឲ្យនាងអាចនាំខ្លួនចេញទៅយ៉ាងមានសុវត្ថិភាព។
ថេយ៉ុងឯណេះគេក៏ឈរធ្មឹងមិនកម្រើក ក្រោយស្ដាប់អ្វីដែលនាងនិយាយចប់រួចរាល់មកគេក៏មានអារម្មណ៍ថ្មីមួយហោះហើរចូលមក អារម្មណ៍ដែលប្រាប់ថាគេជាមនុស្សអាក្រក់ គេជាបិសាច បិសាចដែលនៅក្នុងខ្លួនគេបានបញ្ចេញរូបរាងនាពេលអតីតកាលហើយធ្វើបាបស្រីទន់ខ្សោយដូចជាម៉ាឲ្យរងទុក្ខ គេនៅចាំបានគ្រប់សព្វបែបយ៉ាងដែលគេធ្លាប់បានសាងលើនាង ពាក្យសម្ដីមើលងាយមើលថោក ការរំលោភបំពាន សំឡេងយំរបស់នាងពីអតីតកាលក៏កំពុងតែលងបន្លាចគេមិនឈប់ កាន់តែនឹកគិតគេក៏កាន់តែយល់ថាគេមិនសាកសមនឹងចួបនាង យាយីជីវិតនាង ចង់រស់នៅក្បែរនាងទៀតឡើយ។
"សូម្បីតែស្រឡាញ់អូន បងក៏គិតថាបងគ្មានសិទ្ធិទៀតដែរម៉ា..បងខុសហើយ"
YOU ARE READING
ទាយាទម៉ាហ្វៀ (រដូវកាលទី០២)
Romanceចិត្តស្នេហ៍ប្រែមកជាស្អប់ ការស្អប់ដែលកើតឡើងពីការយល់ច្រឡំនឹងការលាក់បាំង។ (បងស្រឡាញ់អូន) ប្រែក្លាយមកជា «យើងស្អប់នាង..ស្រីផិតក្បត់» ថេយ៉ុង អាល់ហ្វ្រេដដូ / រូម៉ា ផាទ្រីសៀរ៍