ភាគ42,43,44

786 33 1
                                    

ទាយាទម៉ាហ្វៀ
ភាគ42,43,44

គ្រប់យ៉ាងប្រែក្លាយមកជាស្ងប់ស្ងាត់មួយរំពេចក្រោយសំនួររបស់រូម៉ាចោទសួររួចមក រ៉ូហ្សេស៍ក៏នៅឈរស្ងៀមហាក់បីដូចជាមិនដឹងគួរត្រូវនិយាយបកស្រាយប្រាប់នាងពីចំណុចណាមួយមកមុន រូម៉ាក៏ចងចិញ្ចើមកាន់តែខ្លាំង ជើងតូចបោះជំហានធ្ងន់ៗចូលទៅកាន់តែកៀកជិតអ្នកដែលនាងសួរមិនឆ្លើយនោះថែមទៀត។
"បងរ៉ូហ្សេស៍?!"
"ស្ដាប់បងបកស្រាយសិនណាម៉ា"
"ក៏បាន! បងនិយាយមកអូនចាំស្ដាប់" រូម៉ានាងក៏ថយជំហានចេញបន្តិចទុកកន្លែងទូលាយឲ្យរ៉ូហ្សេស៍ងាយស្រួលក្នុងការនិយាយបកស្រាយប្រាប់នាង នាយសង្ហាក៏ងាកសំឡឹងចំមករូម៉ាហាក់ដូចជាឆ្ងល់ ព្រោះថានាងដូចជាមិនមានប្រតិកម្មអ្វីខ្លាំងដល់ថ្នាក់ខឹងច្រឡោតទាល់តែសោះរឺមួយក៏នាង...
"បើបងមិនចង់និយាយក៏មិនអីដែរ អូនគ្រាន់តែចង់ដឹងថាលីលីនេះជានរណាព្រោះថាឃើញបងវេរលុយទៅនាងចំនួនច្រើនសន្ធឹកទើបអូនឆ្ងល់ តែបើបងមិនទុកចិត្តនឹងប្រាប់អូនក៏មិនអីដែរណា៎" រូម៉ាញញឹមបន្តិចរួចបែរខ្នងបំណងចង់រៀបចំកន្លែងគេងឲ្យកូនជាថ្មីតែថាក៏មានដៃមាំលូកក្រសោបខ្មងដៃនាងជាប់ណែន។
"ពួកយើងចេញទៅនិយាយនៅខាងក្រៅទៅ ក្រែងហាណាអាចនឹងភ្ញាក់ណា៎" ក្រោយស្ដាប់គូដណ្ដឹងនិយាយរួចរូម៉ាក៏ងាកមើលទៅកូនស្រីបន្តិចហាក់ដូចរារែកចិត្ត ចិត្តមួយចង់នៅទីនេះព្រោះបានជាគ្នានឹងកូន ចំណែកចិត្តមួយទៀតក៏ខ្លាចថាការជជែកគ្នារវាងពួកគេអាចរំខានដំណេកកូនដែលកំពុងតែឈឺនោះ។
រ៉ូហ្សេស៍នឹងរូម៉ាក៏សម្រេចចិត្តនាំគ្នាចេញមកខាងក្រៅបន្ទប់ ដោយពួកគេឈប់ត្រឹមរានហាលដែលអាចមើលឃើញទេសភាពទីក្រុងស្ទើរតែទាំងមូលពីទីនោះ។
"បងមានអីក៏និយាយមក នៅខាងក្រៅយូរវាមិនល្អសម្រាប់សុខភាពទេ បងកំពុងមានបញ្ហាច្រមុះផង" រូម៉ាដាស់តឿនរ៉ូហ្សេស៍ឲ្យប្រញាប់ប្រញាល់និយាយព្រោះតែព្រួយបារម្ភពីសុខភាពរបស់គេ គ្រាន់តែការព្រួយបារម្ភមួយដុំកំភួននេះហើយដែលនាំឲ្យអ្នកឈរកៀកក្បែរសំឡឹងមើលនាងឯណោះដកក្រសែភ្នែកពីនាងលែងរួចតែម្ដង នាងទាំងស្រស់ស្អាត ទាំងឆ្លាតនឹងទន់ភ្លន់ រាល់ពាក្យសម្ដីដែលចេញមាត់តែងតែស្អំចិត្តអ្នកស្ដាប់ជុំវិញខ្លួននាងជានិច្ច។
"បានអូនបារម្ភបែបនេះ ជម្ងឺបងដូចជាបានជាឡើងវិញអស់ទាំងស្រុងយ៉ាងមិចមិនដឹងទេ?" រ៉ូហ្សេស៍លើកដៃម្ខាងឈ្លីប៉ះក្បាលនាងថ្នមៗព្រមជាមួយនឹងស្នាមញញឹម គេងាកមើលទៅទិដ្ឋភាពទីក្រុងបន្តិចរួចទើបដកដង្ហើមស្រាល។
"លុយដែលបងផ្ញើនោះគឺជាលុយទំនួលខុសត្រូវដែលបងត្រូវឲ្យទៅគេ នៅពេលនេះបងមិនចង់បានអីឡើយក្រៅពីបានរស់នៅជាមួយអូន ហាណា ហើយនឹងកូនៗរបស់ពួកយើងក្រោយរៀបការរួចនោះ" រូម៉ាសំឡឹងមើលមុខគេរួចញញឹមស្រាលៗហាក់យល់ស្របនឹងទទួលស្ដាប់ការចង់បានរបស់គូដណ្ដឹង នាងតូចក៏ខិតទៅកាន់តែជិតបង្កាន់ដៃរួចបែរភ្នែកសំឡឹងមើលទីក្រុងស្រស់ស្អាតនាពេលរាត្រីយប់យន់ទន់ទោរនោះ។
"អូនមិនគិតសួរបងថាបងទទួលខុសត្រូវលើអីទេរឺ?"
"អត់ទេ! ព្រោះអូនជឿជាក់លើបង.. បងតែងតែល្អមកលើអូន មិនប្រកាន់ទោសពៃនូវរឿងកន្លងដែលអូនធ្លាប់បានធ្វើ អញ្ចឹងអូនក៏គួរតែតបស្នងទៅបងវិញដូចគ្នា" រូម៉ានិយាយធម្មតាៗតាមអារម្មណ៍តែវាបែរជាចាក់ដោតទម្លុះទ្រូងអ្នកដែលកំពុងតែកុហកនាង ពាក្យថា«ជឿជាក់» មួយម៉ាត់នេះវាដូចជាទះកំផ្លៀងគេឲ្យស្វាងនឹងនឹកឃើញពីកំហុសដ៏ធំធេងដែលគេបានសាងទៅលើនាង។
រ៉ូហ្សេស៍ក៏ងាកបែរមករករូម៉ាចំទល់មុខគ្នា ដៃទាំងសងខាងចាប់ស្មានារីជាទីស្រឡាញ់ជាប់ណែន គេញ៉ោចស្នាមញញឹមស្ងួចខណៈសំឡឹងមើលទៅនាង រូម៉ាក៏ញញឹមតបមកគេវិញរួចលើកដៃកាន់ប៉ះដើមដៃរបស់គេ។
(បងសុំទោស..បងសន្យាថាបងនឹងមិនបង្ករឿងផ្សេងដែលខុសឆ្គងជាមួយអូនទៀតឡើយ ម៉ា បងសន្យា)

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now