ទាយាទម៉ាហ្វៀ
ភាគ66,67"កូនគេងត្រង់នឹងហើយ" រាងកាយតូចស្រឡូនរបស់ហាណាក៏ត្រូវអ្នកជាឪពុកទម្លាក់ចុះស្រាលៗនៅលើគ្រែពូកធំទូលាយក្នុងបន្ទប់គេ ថេយ៉ុងក៏ឡើងអង្គុយលើពូកក្បែរកូននឹងលើកដៃវែកសក់កូនស្រីជាប់ស្រាលៗ លីឈីងឯណោះមិនខុសពីឪពុកឡើយ កាលបើគ្រាន់តែទទួលបានការអនុញ្ញាតពីរូម៉ាភ្លាមថាឲ្យហាណាស្នាក់នៅទីនេះមួយយប់លីឈីងក៏ប្រញាប់ប្រញាល់ឡើងមករៀបចំគ្រែពូកបន្ទប់លោកប៉ាឲ្យស្អាតបាត។
សម្រឹបជើងស្រាលរបស់រូម៉ាក៏បោះជំហានចូលមកកាន់បន្ទប់ធំទូលាយដែលនាងខ្លួនឯងក៏ដឹងច្បាស់ថាបន្ទប់មួយនេះជាបន្ទប់របស់នរណា រូបថតអនុស្សាវរីយ៍រវាងពួកគេ របស់អនុស្សាវរីយ៍ដែលពួកគេធ្លាប់បានទិញជុំគ្នាក៏មាននៅទីនោះទាំងអស់ កន្លងទៅប៉ុន្មានឆ្នាំគ្រប់យ៉ាងក៏នៅដូចដើមដូចដែលកាលពីគេធ្លាប់បានប្រាប់នាង តែថាគេមិនបានរស់នៅទីនេះយូរហើយព្រោះគេរើទៅនៅអាផាតមិនថ្មី អញ្ចឹងគ្រប់យ៉ាងមិនផ្លាស់ប្ដូរវាមិនមែនជារឿងចម្លែកនោះទេ។
"អត់ទោស!" កំពុងតែឈរស្មឹងស្មាថគិតក៏មានសំឡេងស្អកៗមួយបន្លឺពីក្រោយខ្នងរបស់រូម៉ានាំឲ្យនាងប្រញាប់ងាករួចបែរបង្ហាញផ្លូវឲ្យគាត់ចូល គ្រាន់ែតរូម៉ាអនុញ្ញាតឲ្យហាណានៅសម្រាកទីនេះភ្លាម ឡេឡានីក៏ស្វះស្វែងខលហៅដុកទ័រប្រចាំវិមានឲ្យមកពិនិត្យមើលក្មួយស្រីភ្លាម។
"លោកដុកទ័រពិនិត្យមើលនាងផង កូនស្រីខ្ញុំដួលហើយនាងមិនដឹងខ្លួនទេលោកដុកទ័រ" គ្រាន់តែឃើញលោកដុកទ័រចូលមកថេយ៍ក៏ប្រញាប់រៀបរាប់ប្រាប់គេមិនឈប់តាមអារម្មណ៍ភ័យខ្លាចនឹងព្រួយបារម្ភដែលគេមាន លីឈីងនៅជិតនោះក៏ប្រញាប់លូកកាន់ដៃលោកប៉ានាងបន្តិចហាក់ព្យាយាមរំងាប់អារម្មណ៍មិននឹងនររបស់គាត់ ថេយ៉ុងក៏មើលមកកូនរួចងក់ក្បាលទាំងញញឹម រូម៉ាឯណោះក៏ដើរចូលមករួចទម្លាក់ខ្លួនអង្គុយលើពូកក្បែរហាណារួចលូកកាន់ដៃម្ខាងរបស់កូនអឹបជាប់នឹងមាត់។
"អ្នកនាងតូចមិនបានកើតអីធ្ងន់ធ្ងរទេ នាងសន្លប់មកពីនាងតក់ស្លុតខ្លាំងពេក បើរបួសដែលបង្កពីការដួលនោះវាអាចនឹងបង្កការឈឺចាប់តិចតួចពេលក្រោកឡើង តែគ្រាន់តែឲ្យនាងសម្រាកហើយក្រោកឡើងលេបថ្នាំបំបាត់ការឈឺចាប់ទៅនឹងអស់អីហើយ"
"ថ្នាំបំបាត់ការឈឺចាប់? លោកដុកទ័រមានថ្នាំណាកម្រិតស្រាលទេ កូនខ្ញុំនាងប្រហែលជាមិនអាច-"
"ហាណាមិនអីទេ! នាងមិនប្រតិកម្មជាមួយថ្នាំឡើយ" ខណៈថេយ៉ុងព្យាយាមលើកយកហេតុផលឡើងព្រោះគិតថាហាណាប្រហែលជាអាចមានជម្ងឺដូចជាម្ដាយនាងដែលមិនអាចលេបថ្នាំមានកម្រិតខ្លាំងបាន តែគេក៏បានធូរចិត្តពេលដែលរូម៉ានិយាយប្រាប់ថាកូនមិនអីវិញ។
"ចាំខ្ញុំជូនដំណើរលោកដុកទ័រ"លោកដុកទ័រក៏ងក់ក្បាលនឹងបើកកាតាបគាត់ដើម្បីរកមើលថ្នាំដែលហាណាអាចញ៊ាំបាន មួយសន្ទុះក្រោយពីការរកនឹងប្រាប់វេជ្ជបញ្ជានៃការប្រើប្រាស់រួចមក លោកដុកទ័រក៏បានសុំខ្លួនចាកចេញទៅព្រោះអស់តួនាទីហើយ រូម៉ាក៏ជាអ្នកជូនដំណើរលោកដុកទ័រ។
"អរគុណលោកអុំដុកទ័រ" លីឈីងក៏អោនគំនាបដាក់គាត់បន្តិចទុកជាការជូនដំណើរពីចម្ងាយ ចំណែកឯថេយ៉ុងឯណេះវិញគេក៏ប្រញាប់លូកកាន់ដៃហាណាជាប់ ថើបកូនមួយខ្សឺតរួចទើបទាញភួយមកដណ្ដប់ឲ្យនាង។
"ឈីង បើកូនងងុយកូនគេងជាមួយហាណាតែម្ដងទៅ"
"បានដែររឺប៉ា? កូនខ្លាចរំខានហាណា" ថេយ៉ុងក៏តបវិញដោយការក្រវីក្បាលទាំងញញឹម ដៃមាំទាំក៏លូកទាញកូនស្រីឲ្យគេងក្បែរមិត្ត ពេលនេះពួកគេអាចនៅជាមិត្តតែបើសិនជាពេលណាដែលគេអាចផ្សះផ្សាជាមួយរូម៉ាបាននោះពួកគេក៏នឹងអាចប្ដូរងារជាបងប្អូនជាមិនខានឡើយ។
ថេយ៉ុងនៅអង្គុយមើលកូនស្រីទាំង2នាក់ព្រមជាមួយនឹងស្នាមញញឹម លីឈីងអោបហាណាមួយសន្ទុះនាងក៏គេងលង់លក់ដំណេកជាមួយគ្នាតែម្ដងទៅ ឪពុកក៏លូកទាញភួយមកដណ្ដប់ឲ្យកូនទាំង2នាក់រួចអោនទម្លាក់បបូរមាត់ថើបថ្ងាសកូនម្ដងម្នាក់មិនឲ្យរំលង។
"រាត្រីសួស្ដីព្រះនាងតូចរបស់ប៉ាទាំង2" គេថើបកូនរួចឧទានឃ្លាប្រយោគដែលគេប្រាថ្នាថាអាចនឹងនិយាយនៅថ្ងៃណាមួយពេលកូននៅជុំគ្នា ពេលនេះវាក៏បានសម្រេចហើយ គេមិនបង្អង់ក៏ក្រោកឡើងពីពូករួចបែរខ្នងបំណងចង់ចាកចេញតែក៏ទច់ដំណើរក្រោយបានឃើញវត្តមានមនុស្សម្នាក់នៅឈរនៅឯមាត់ទ្វារឯណោះ រូម៉ានាងចូលមកបំណងចង់មើលហាណា កូនស្រីនាងតែក្រោយបានឃើញថាថេយ៍ដាក់ឲ្យនាងគេងជាមួយលីឈីងរួចស្រេចទើបនាងមិនចូលទៅរំខាន។
"បងដាក់ឲ្យកូនៗគេងហើយ"
"ខ្ញុំក៏ឃើញ មិនបានខ្វាក់ទេ" រូម៉ាឆ្លើយតបគម្រោះគម្រើយដាក់ថេយ៉ុងរួចបែរខ្លួនចាកចេញ ថេយ៉ុងអស់សំណើចបន្តិចរួចចេញទៅខាងក្រៅតាមម៉ា មិនភ្លេចលូកទាញទ្វារបិទផង។
រូម៉ាកាលបើចេញពីបន្ទប់នោះមកនាងក៏នាំខ្លួនចេញហួសទៅខាងក្រៅវិមាន ខ្យល់លំហើយបក់បោកនាំឲ្យអារម្មណ៍នាងបានស្រស់ស្រាយបន្តិច ស្រីតូចប្រញាប់បោះជំហានដើរឆ្លងកាត់ពីធ្លាវិមានធំទៅកាន់ផ្ទះតូចមាត់ទឹកដែលមានតុអង្គុយលេងឯណោះ ស្រីតូចទម្លាក់ខ្លួនអង្គុយនៅតុនោះរួចសំឡឹងមើលផ្ទៃទឹកដែលចែងចាំងទៅដោយពន្លឺព្រះចន្ទស្រស់បំព្រង។
"ហ៊ឹម!" រូម៉ាព្រលែងខ្យល់ដង្ហើមធ្ងន់ចេញមក។
"តឹងចិត្តរឿងអីទៅម៉ា?!" រូម៉ាមកដល់បានមួយភ្លែតក៏មានអ្នកមកតាមនាងទៀត ស្រីតូចងាកបែរភ្នែកមើលទៅអ្នកដែលចូលមកនោះរួចក៏បង្ហាញទឹកមុខក្រម៉ូវភ្លាម អារម្មណ៍ចង់មកអង្គុយស្រូបយកខ្យល់អាកាសក៏ត្រូវរលាយរលត់អស់ នាងក៏ក្រោកបំណងចង់ចេញតែក៏ត្រូវដៃក្រាស់ចាប់ក្រសោបជាប់ឃាត់នាង។
"ផឹកជាមួយគ្នាមួយកែវសិនទៅ បងមិននិយាយអីឲ្យរំខានចិត្តអូនឡើយម៉ា"
"គ្រាន់តែមុខលោកនេះក៏រំខានអារម្មណ៍ខ្ញុំណាស់ទៅហើយ ថេយ៉ុង អាល់ហ្វ្រេដដូ" រូម៉ាគ្រវាសដៃថេយ៉ុងចេញបន្តិចរួចទម្លាក់ខ្លួនអង្គុយទាញកែវនឹងដបស្រាក្រហមពីដៃនាយមករួចចាក់ពេញកែវអកផឹកក្អឹកៗរកតែថេយ៉ុងនិយាយមិនទាន់។
"ម៉ា..កុំបង្ខំពេក"
"ក្រែងលោកនិយាយថាមិនរំខានខ្ញុំហ្អេស៎? ដកដៃចេញ" ដៃមាំទាំដែលលូកកាន់ស្មានាងក៏ត្រូវដកចេញទាំងមិនចាំយូរ ថេយ៉ុងក៏មិនបានឃាត់នាងទៀតព្រោះគេមិនចង់ឲ្យនាងខឹងហើយកាន់តែស្អប់គេទៀត រូម៉ាក៏មិនបាននិយាយអ្វីទៀតតែចាក់ស្រាផឹកក្អឹកៗអស់ពីមួយកែវចូលមួយកែវដល់ថ្នាក់អ្នកយកមកនោះសំឡឹងមើលនាង ឃើញនាងភ្លេចខ្លួនទើបគេយកមកចាក់ដាក់កែវគេខ្លាំង ព្រោះមិនអញ្ចឹងនាងច្បាស់ជាសន្លប់ហៅលែងលឺហើយ។ប្រមាណជាជិតមួយម៉ោងក្រោយ..
អ្នកដែលចាក់ផឹកៗនោះក៏អស់ជិត2ដបម្នាក់ឯង ដៃដែលលើកចាក់ៗញាប់ស្អេកក៏ប្រែមកជាលើកមួយៗតែពេលខ្លះក៏ដាក់មិនត្រង់មាត់ទៀតទាល់តែថេយ៍ជួយតម្រង់។
"ម៉ា..ម៉ាកំពប់ឥលូវហើយ"
"កុំមកចេះ..លោកឯងគ្មានសិទ្ធិទេយល់? អឹក..ដណ្ដើមយកគ្រប់យ៉ាងខ្ញុំហើយចង់មកដណ្ដើមស្រាទៀតហ្អេស៎ អឹក.." រូម៉ាមិនត្រឹមតែនិយាយរអ៊ូតិចៗតែក៏ទាញដបស្រាយកមកអោបជាប់ទៀត ថេយ៉ុងដែលច្រត់ដៃមើលនាងក៏អស់សំណើចបន្តិច នេះផឹកខ្លាំងមិនធម្មតាដែរ ផឹកដល់ថ្នាក់អោបដបស្រាហើយ។
"សើចស្អី? ទះបែកមាត់អាលូវ.. ខ្ញុំជ្រេញមុខលោកឯងណាស់ អឹក! ឲ្យយល់..ឃើញមុខលោកឯងម្ដងៗខ្ញុំចង់តែទះ ចង់តែតប់ អឹក! ឲ្យវាសមចិត្ត ហ៊ឺ" រូម៉ានិយាយផងរេរាំខ្លួនដូចអន្ទង់អញ្ចឹង នាងបញ្ចប់ប្រយោគដោយកាយបំណងចង់ផ្ងារក្រោយតែជាសំណាងដែលថេយ៉ុងចូលមកទប់នាងជាប់ ដៃមាំក្រសោបនាងជាប់រួចបីឡើងផុតពីតុអង្គុយនោះ គេងាកមើលទៅវិមាន វាក៏ឆ្ងាយបន្តិចហើយទើបគេសម្រេចប្ដូរទិសដៅដោយបីនាងចូលទៅផ្ទះមាត់ទឹកវិញ។
"លោកនឹងអស្ចារ្យស្អីណាស់ណា៎ទៅ? ខ្ញុំមិនយល់..មិនយល់ទេ! ស្រីតាមច្រើនឡើងគរលេងហើយគ្មានទំនួលខុសត្រូវទៀត.." រូម៉ាបន្តជេរគេមិនដកមាត់ទាំងដែលខ្លួននាងនៅលើដៃគេនៅឡើយ ថេយ៉ុងអស់សំណើចរួចរុញទ្វារចូលដើម្បីដាក់នាងឲ្យគេងនឹងឈប់រអ៊ូទៀត។
"លោកអាក្រក់ណាស់..តែខ្ញុំស្អប់លោកមិនបានសោះ!" រូម៉ានិយាយមួយឃ្លានេះនាំឲ្យទឹកមុខអស់សំណើចមុននោះរលត់ពីមុខថេយ៍បន្តិច គេសំឡឹងមើលទៅនាងរូម៉ាភ្នែកនឹងថ្ពាល់ឡើងក្រហមព្រោះនាងស្រវឹងខ្លាំងហើយ រូម៉ាក៏ងើបមើលមុខគេទន់ភ្នែករួចលើកដៃម្ខាងទះថ្ពាល់គេតិចៗ។
ផាច់!
"ប្រុសឆ្កួត.."
ផាច់!
"ខ្ញុំនឹក..ហ៊ឹម" រូម៉ានិយាយមិនទាន់ចប់ផងបបូរមាត់នាងក៏ត្រូវអ្នកកំពុងតែបីនោះទម្លាក់បបូរមាត់ថើបតែម្ដង ថេយ៉ុងថើបដោយមានការថើបតបពីអ្នកស្រវឹងជោគវិញ រូម៉ាតបតរទាំងមិនដឹងខ្លួន ខ្នងតូចក៏ត្រូវទម្លាក់ដល់ពូកមុននឹងថេយ៍ងើបមុខឡើងសំឡឹងមើលទៅនាង។
"អូនមិនដែលស្អប់បងទេរឺ?"
"អត់ដឹង អឹក!"
YOU ARE READING
ទាយាទម៉ាហ្វៀ (រដូវកាលទី០២)
Romanceចិត្តស្នេហ៍ប្រែមកជាស្អប់ ការស្អប់ដែលកើតឡើងពីការយល់ច្រឡំនឹងការលាក់បាំង។ (បងស្រឡាញ់អូន) ប្រែក្លាយមកជា «យើងស្អប់នាង..ស្រីផិតក្បត់» ថេយ៉ុង អាល់ហ្វ្រេដដូ / រូម៉ា ផាទ្រីសៀរ៍