ទាយាទម៉ាហ្វៀ
ភាគ49,50វីឡាធំស្កឹមស្កៃដែលជាកម្មសិទ្ធិរបស់ទាយាទម៉ាហ្វៀស្រីដែលកំពុងតែមានឈ្មោះបោះសំឡេងមិនត្រឹមតែអំណាចដែលនាងមាននោះឡើយ តែក៏ព្រោះតែភាពភ្ញាក់ផ្អើលជាមួយនឹងអាយុព្រមទាំងរូបសម្រស់របស់នាង រូបភាពកាលពីនៅរៀនដែលកំពុងតែត្រូវបានអ្នកលេងតាមបណ្ដាញសង្គមចែកចាយ នាងមើលទៅដូចជាក្មេងម្នាក់ដែលមានទឹកមុខបរិសុទ្ធនឹងគួរឲ្យស្រឡាញ់ ហេតុអីក៏នាងបែរជាជ្រើសរើសយកខ្សែជីវិតនឹងអំណាចដ៏ខ្មៅងងឹតនេះទៅវិញ?
ដូចជាគេធ្លាប់បាននិយាយថា..
ពេលវេលា ទង្វើនឹងអតីតកាលឈឺចាប់អាចផ្លាស់ប្ដូរមនុស្សម្នាក់បានត្រឹមតែរយៈពេលមួយយប់តែប៉ុណ្ណោះ ហើយវាក៏ដូចជារឿងដែលកើតឡើងលើរូម៉ានេះឯង នាងរងទុក្ខលំបាកជាច្រើនទម្រាំតែនាងអាចឆ្លងកាត់នឹងឈរនៅត្រង់ចំណុចនេះ នាងមានកូនជាកម្លាំងចិត្តខ្លាំងក្លាបំផុតជំរុញឲ្យនាងតស៊ូមិនចេះនឿយហត់សោះ។
"មេស៍..មេស៍ជួយកវែនតាឲ្យខ្ញុំបន្តិច"
"មេស៍?!" ក្រោយពីចំណាយពេលប្រមាណជា3នាទីក្នុងការហៅជំនិតរបស់នាង សម្រឹបជើងក៏បន្លឺឡើង រូម៉ានាងអង្គុយពិនិត្យមើលឯកសារនឹងរបស់សំខាន់មួយចំនួនដែលនៅត្រូវបញ្ចប់នៅថ្ងៃនេះ ព្រោះមិនប៉ុន្មានថ្ងៃទៀតក៏ដល់ថ្ងៃមង្គលការរបស់នាងហើយ នាងមិនចង់ទុកការងារឲ្យគនចោលនោះឡើយ ព្រោះវាដូចជាខ្វះទំនួលខុសត្រូវខ្លាំងពេក នាងមិនចូលចិត្ត។
"អរគុណ..ហាណា?!" វែនតាដាក់លើតុធ្វើការរូម៉ា នាងក៏ងាកបែរទៅមើលបំណងចង់អរគុណនាយជំនិតតែក៏ភ្ញាក់កាលបើមិនបានឃើញវត្តមានមេស៍តែមានតែកូនស្រីនាងដែលឈរក្បែរតុនោះ អញ្ចឹងបានន័យថាមុននេះនាងជាអ្នកយកវែនតាមកឲ្យខ្លួនរឺ?
"ហាណា?!"
"កូនលឺម៉ាក់រកវែនតាទើបកូនយកមកឲ្យម៉ាក់តែម្ដងទៅ ហើយម៉ាក់កំពុងតែធ្វើអីនុង៎?" ហុចវែនតាឲ្យម្ដាយរួច ហាណាក៏នៅមានចម្ងល់នឹងអ្វីដែលម្ដាយធ្វើទើបនាងចោទសួរ រូម៉ាក៏ញញឹមទទួលវែនតាពីដៃកូនយកមកពាក់រួចលូកដៃលើកកូនស្រីឡើងមកអង្គុយលើភ្លៅនាងដែរ ហាណាបើកភ្នែកម៉ក់ៗសំឡឹងមើលទៅការងារដែលមាននៅលើតុម្ដាយធ្វើការរួចក៏ច្បូញមាត់តិចៗ។
"មិចក៏បូញមាត់ចឹងកូន?"
"ច្រើនណាស់ ចឹងបានម៉ាក់មើលឡើងឈឺភ្នែកនោះ កូនគ្រាន់តែឃើញអក្សរវឹកៗបែបនេះស្រាប់តែនឹកឃើញខ្នើយកើយតែម្ដងម៉ាក់អើយម៉ាក់" ហាណាមិននិយាយតែមាត់តែនាងក៏លើកដៃញីភ្នែកខ្លួនឯងរួចក្រាបលើតុធ្វើការរបស់ម្ដាយតែម្ដង រូម៉ាក៏អស់សំណើចរួចទម្លាក់ចង្ការនៅលើស្មារបស់កូនស្រីតិចៗមិនភ្លេចឆ្មក់ថើបថ្ពាល់កូនតិចៗផង។
"ពេលនេះកូននៅតូច កូនអាចនឹងងងុយរឺក៏ខ្ជិលដែលបានឃើញការងារទាំងអស់នេះ តែពេលកូនធំឡើងកូនក៏មានទំនួលខុសត្រូវ បើមិនមែនលើអ្នកគ្រប់គ្នាក៏ទំនួលខុសត្រូវលើជីវិតខ្លួនឯងដែរ ម៉ាក់ចង់ឲ្យកូនធំឡើងដោយមានម្ចាស់ការនឹងទំនួលខុសត្រូវក្នុងខ្លួន ចង់ឲ្យកូនរឹងមាំនឹងមិនខ្លាចនរណាទាំងអស់"
"កូនអត់ខ្លាចទេម៉ាក់ ព្រោះម៉ាក់នៅទីនេះជាមួយកូនហើយតើស៎ ម៉ាក់កូនពូកែសឹងអីនឹង ហិហិ" ហាណាងាកបែរមករកម្ដាយរួចលូកដៃទាំងសងខាងកាន់ច្របាច់ថ្ពាល់ម្ដាយតិចៗ សំឡឹងមើលកូនកាន់តែជិត ភ្នែករូម៉ាក៏កាន់តែរលីងរលោង ក្នុងនាមជាម្ដាយម្នាក់នាងគិតច្រើនណាស់ ជាពិសេសគឺរឿងអនាគតរបស់កូននឹងឯង រូម៉ាក្ដាប់មាត់ខ្លួនឯងតិចរួចងាកទៅម្ខាងដើម្បីសម្រក់ទឹកភ្នែក។
"ម៉ាក់.."
"ហាណាសន្យាជាមួយនឹងម៉ាក់បានទេ? មិនថាមានរឿងអីកើតឡើងនៅពេលមុខ កូនត្រូវតែរឹងមាំ ក្លាហានជានិច្ចណា៎ កុំឲ្យនរណាម្នាក់បំបាក់កូនបានឲ្យសោះ កុំទុកចិត្តនរណាងាយៗទោះជាម្នាក់នោះជាអ្នកក្បែរខ្លួនបំផុតនឹងធ្លាប់ស្រឡាញ់កូនបំផុតក៏ដោយ ព្រោះនៅលើលោកមួយនេះ គ្មាននរណាដែលស្រឡាញ់យើងនឹងស្មោះត្រង់ជាមួយយើងជាងខ្លួនឯងឡើយ កូនយល់ទេ?" ហាណានៅស្ងៀមស្ដាប់ពាក្យទូន្មានប្រៀនប្រដៅរបស់ម្ដាយ តែភ្នែកនាងក៏ងាកមើលទៅប្រស្រីភ្នែកម្ដាយដែលប្រែពីធម្មតាទៅជាក្រហមនោះ កាន់តែមើលនាងកាន់តែដឹងថាគ្រប់យ៉ាងដែលម៉ាក់នាងធ្វើគឺសុទ្ធសឹងតែដើម្បីអនាគតនាងនឹងចង់ឲ្យនាងល្អ។
"ចុះប៉ាប៉ា?" ហាណាសួរសម្ដៅទៅលើរ៉ូហ្សេស៍ នាងប្រើសព្វនាមបែបនេះញឹកញាប់ព្រោះតែម៉ាក់នឹងជិតរៀបមង្គលការជាមួយនឹងលោកប៉ាក្រោយនាងហើយ ពួកគេក៏នឹងរស់នៅជាមួយគ្នាក្នុងនាមជាគ្រួសារពេញលេញមួយតែម្ដង រូម៉ាក៏លូកដៃវែកសក់កូនស្រាលៗរួចញញឹម។
"មុននេះនេះម៉ាក់និយាយថាមិចខ្លះហាណា?"
"កុំទុកចិត្តនរណាងាយៗទោះជាម្នាក់នោះជាអ្នកក្បែរខ្លួនបំផុតនឹងធ្លាប់ស្រឡាញ់កូនបំផុតក៏ដោយ ព្រោះនៅលើលោកមួយនេះ គ្មាននរណាដែលស្រឡាញ់យើងនឹងស្មោះត្រង់ជាមួយយើងជាងខ្លួនឯងឡើយ" ហាណារៀបរាប់តាមអ្វីដែលលឺម្ដាយនិយាយ រូម៉ាក៏ងក់ក្បាលទាំងញញឹមសប្បាយចិត្តដែលកូនត្រងត្រាប់ស្ដាប់នាងបានយ៉ាងល្អបែបនេះ នាងលូកដៃទាញកូនយកមកអោបជាប់ទ្រូងរួចគោះអង្អែលខ្នងនាងស្រាលៗ។
មួយសន្ទុះក្រោយពីអោបម្ដាយនឹងទទួលការគោះអង្អែលលួងលោមហាណាក៏គេងលង់លក់ដំណេកនៅគ្រានោះទៅ រូម៉ាអោបកូនផ្អែកខ្នងនឹងកៅអី ទឹកភ្នែករាប់សិនតំណក់ហូរស្រក់កាត់ផែនថ្ពាល់នាងយ៉ាងស្ងប់ស្ងាត់ រូម៉ាមិនងាយនឹងសម្រក់ទឹកភ្នែកនោះឡើយតែបញ្ហាលើកនេះនាងក៏មិនអាចទប់ចិត្តបានក៏ព្រោះតែវាជាបញ្ហាធំ។
(អ្នកនាងមានបញ្ហាភ្នែកដែលទាមទារឲ្យអ្នកនាងទទួលការវះកាត់បន្ទាន់ មុនពេលដែលវាយឺតពេលហើយអ្នកនាងអាចនឹងពិការបានបើសិនជាអ្នកនាងមិនព្យាបាលនៅកំឡុងពេលនេះ)
"ម៉ាក់មិនអាចទុកកូនចោលបានឡើយហាណា ទោះបីជាមួយវិនាទីចុងក្រោយនៃជីវិតរបស់ម៉ាក់ក៏ម៉ាក់ចង់នៅក្បែរកូនតែម្នាក់ដែរ ទោះជាពេលខាងមុខម៉ាក់អាចមានឱកាសមើលឃើញកូនទៀតរឺអត់ម៉ាក់ក៏មិនដឹង តែអ្វីដែលសំខាន់គឺពេលនេះម៉ាក់ចង់នៅជាមួយកូន មើលកូនធំធាត់ឡើងឲ្យបានពេញភ្នែក ម៉ាក់ស្រឡាញ់កូនណា៎" រូម៉ាមានបញ្ហាដែលបន្សល់ពីការវាយប្រហាររបស់លោកតានាងកាលពីនៅក្នុងព្រៃឯណោះ តែនាងមិនបានទទួលការព្យាបាលក៏ព្រោះនាងមិនគិតថាវាអាចមានបញ្ហាធ្ងន់ធ្ងរដល់ថ្នាក់នេះ តែពេលវេលាវាក៏បានមកដល់ វាហុចផលមកសឹងតែនាងមិនអាចនឹងទទួលយកវាបានតែម្ដង។
"ព្រះនាងតូចរបស់ម៉ាក់.." រូម៉ាថើបកូនស្រីថ្នមៗមុននឹងក្រោកពរនាងទៅកាន់បន្ទប់គេងដែលនៅទល់មុខនឹងបន្ទប់ធ្វើការនោះ ហាណាតែងតែទទួលបានការស្រឡាញ់យ៉ាងពេញលេញពីម្ដាយនាង ចុះបើថ្ងៃណាមួយនាងបាត់វត្តមានម្ដាយនាងទៅ តើនាងនឹងក្លាយទៅជាបែបណា?
YOU ARE READING
ទាយាទម៉ាហ្វៀ (រដូវកាលទី០២)
Romanceចិត្តស្នេហ៍ប្រែមកជាស្អប់ ការស្អប់ដែលកើតឡើងពីការយល់ច្រឡំនឹងការលាក់បាំង។ (បងស្រឡាញ់អូន) ប្រែក្លាយមកជា «យើងស្អប់នាង..ស្រីផិតក្បត់» ថេយ៉ុង អាល់ហ្វ្រេដដូ / រូម៉ា ផាទ្រីសៀរ៍