ភាគទី36,37

783 31 0
                                    


ទាយាទម៉ាហ្វៀ
ភាគ36,37

កាលបើបានលឺគ្រូពេទ្យនិយាយបែបនេះ អ្នកជាឪពុកដែលទើបតែស្រពិចស្រពិលច្របូកច្របល់ជាមួយនឹងរឿងរបស់ហាណាមុននោះកាន់តែវិលវល់ថែមទៀត ខណៈកូនរបស់គេមានឈាមដូចគេ តែបែរជាកូនស្រីដែលគេមើលថែបីបមថ្នមថ្នាក់តាំងតែពីបាត់ជើងក្រហមរងាលនោះគ្មានឈាមដូចជាគេទៅវិញ?
"នេះរឿងវាយ៉ាងមិចទៅ?!" ថេយ៉ុងកំពុងតែតប់ប្រមល់គ្រូពេទ្យដែលអស់តួនាទីគេក៏ចេញទៅបាត់ ម្ចាស់កាយមាំទាំក៏ទម្លាក់ខ្លួនអង្គុយចុះនៅលើពូក្បែរកូន ងាកភ្នែកសំឡឹងមើលលីឈីងដែលកំពុងតែគេងលក់ឯណោះ ដៃមាំទាំទម្លាក់ចុះវែកសក់កូនស្រាលៗ ឃើញមុខកូនអារម្មណ៍ដែលមានមន្ទិលសង្ស័យមុននោះក៏បែរប្រែមកជាស្រាលស្រាន្តពីចិត្តវិញ។
"ប៉ាមិនគួរសង្ស័យកូនទេត្រូវទេឈីង?" ថេយ៉ុងញញឹមរួចទម្លាក់ខ្លួនគេងអោបកូនស្រីនៅលើគ្រែពេទ្យឯណោះ លីឈីងដែលគេងលក់នោះក៏បម្រាស់ខ្លួនរួចបែរមកអោបលោកប៉ានាងពេញដៃ ញញឹមទាំងបិទភ្នែក។
"ឡាញ់ប៉ាប៉ាណាស់ ហិហិ"
...
"ហាណា..ហ៊ឹក ហាណាកូន" ប្រមាណជាប៉ុន្មានម៉ោងក្រោយអ្នកដែលសន្លប់ស្ដូកស្ដឹងនៅលើគ្រែអ្នកជម្ងឺឯណោះក៏ដឹងខ្លួន មិនមែនជាកូនស្រីដែលមានរបួសតែជាម្ដាយដែកសន្លប់កាលពីថ្ងៃនោះ រូម៉ាឧទានហៅឈ្មោះកូនទាំងទឹកភ្នែកហូរស្រក់តាមកន្ទុយភ្នែក។
"ម៉ា..ម៉ា" សំឡេងគ្រលរធំបន្លឺឡើងពីម្ចាស់កាយមាំទាំដែលមកដល់បានប្រមាណជាកន្លះម៉ោងក្រោយពីទទួលបានដំណឹងថាហាណាកូនស្រីគេចួបគ្រោះថ្នាក់ចរាចរណ៍ភ្លាម រ៉ូហ្សេស៍ចូលមកជិតរូម៉ា ដៃម្ខាងលូកក្រសោបដៃនាង ដៃម្ខាងទៀតក៏លូកកាន់ប៉ះក្បាលរូម៉ាអង្អែលលួងលោមនាងមិនឲ្យយំ។
"ហាណា..ហ៊ឺ" រាងកាយដេកយំមួយកន្លែងក៏ស្រាប់តែស្ទុះក្រោកឡើងភ្លាមទាំងយំ រូម៉ាញ័រដៃជើងអស់ក៏ព្រោះតែសុបិន្តអាក្រក់ដែលទើបចួប តែនាងមិនដឹងទេថាមានរឿងអីខ្លះទៀតដែលនាងត្រូវចួបក្រោយពេលក្រោកមកនេះ។
"បងរ៉ូហ្សេស៍..បងរ៉ូហ្សេស៍ឯណាហាណា? ឯណាកូនយើង?"
"ម៉ា..ម៉ាស្ងប់អារម្មណ៍! កូនមិនអីទេ ហាណាវះកាត់បានជោគជ័យហើយ" ឃើញរូម៉ាស្លន់ស្លោរនឹងមានអារម្មណ៍មិននឹងធឹងរ៉ូហ្សេស៍ក៏ប្រញាប់លួងលោមនាង លូកដៃកាន់ប៉ះមុខនាងក៏ព្រោះតែបើគេមិនធ្វើបែបនោះផ្លូវចិត្តម៉ាអាចនឹងកាន់តែយ៉ាប់ជាងនេះក៏ថាបាន។
"ជូនអូន..ជូនអូនទៅមើលកូន ហ៊ឹក" លឺត្រឹមតែរ៉ូហ្សេស៍និយាយរូម៉ាមិនបានស្ងប់ចិត្តឡើយ នាងប្រញាប់ក្រោកឡើង ប្រមូលផ្ដុំអារម្មណ៍ច្រត់ចុះពីគ្រែទាល់តែត្រង់ខ្លួន រ៉ូហ្សេស៍ឯណោះក៏ស៊កដៃទប់ចង្កេះនាងជាប់មិនលែង ហើយក៏នាំនាងចេញទៅមើលហាណាតាមបំណង។
រូម៉ាក៏ត្រូវបានរ៉ូហ្សេស៍គ្រានាំយកមកកាន់បន្ទប់វីអាយភីដែលមានកូនស្រីតូចកំពុងតែគេងនៅលើគ្រែពូកទន់ៗឯណោះ នៅលើពូកនាងក៏មានតុក្កតា2-3ដែលមេស៍យកមកព្រោះតែវាជារបស់ដែលនាងចូលចិត្ត តែថាឃើញកូនបែបនេះរូម៉ាក៏កាន់តែខ្លោចផ្សាចិត្តខ្លាំងលើសដើមទៀត នាងរើចេញពីការកាន់របស់រ៉ូហ្សេស៍រួចប្រញាប់ចូលទៅរកកូនស្រីភ្លាម។
"ហាណា..ហ៊ឹក ហាណាកូនម៉ាក់" រូម៉ាទម្លាក់ខ្លួនអង្គុយលើពូកក្បែរកូន កាន់ក្រសោបបាតដៃតូចៗដែលមានស្នាមរបួសព្រោះតែគ្រោះថ្នាក់អាក្រក់នៅថ្ងៃនេះ នាងលើកដៃកូនឡើងមកថើបតិចៗខណៈទឹកភ្នែកហូរស្រក់មិនឈប់។
"អ្នកគេងត្រង់នេះគួរតែជាម៉ាក់ មិនមែនជាកូនឡើយ ហ៊ឹក ឲ្យម៉ាក់សុំទោស សុំទោសដែលម៉ាក់មិនបានមើលថែកូនឲ្យល្អ ម៉ាក់សុំទោស" រូម៉ាសុំទោសកូននឹងស្ដីបន្ទោសខ្លួនឯងថាមើលថែនាងមិនបានល្អទាំងដែលកន្លងមកនាងព្យាយាមមើលថែកូន ផ្ដល់គ្រប់យ៉ាងទាំងក្ដីស្រឡាញ់នឹងពេលវេលាឲ្យកូនបានយ៉ាងល្អហើយនោះ។
"កុំយំ វាមិនមែនជាកំហុសអូនឡើយម៉ា អូនធ្វើបានល្អបំផុតហើយក្នុងនាមជាម្ដាយ"
"លោកប្រុសរ៉ូហ្សេស៍និយាយត្រូវទាន៎ អ្នកនាងធ្វើបានល្អបំផុតហើយ អ្នកនាងហាណាក៏អាចមើលឃើញដែរ អ្នកនាងម៉ាគួរតែឈប់បន្ទោសខ្លួនឯងទៅណា៎" មេស៍ក៏យល់ស្របនឹងសម្ដីរបស់ចៅហ្វាយប្រុស ព្រោះគេនៅតាមរូម៉ាជាប់ពីក្រោយគេក៏ដឹងថាចៅហ្វាយស្រីគេព្យាយាមខ្លាំងប៉ុណ្ណាដែរ។
ក្រាក!
ខណៈគ្រប់គ្នានៅខាងក្នុងកំពុងតែស្រណោះស្រណោករឿងហាណា ទ្វារបន្ទប់ក៏បើកឡើង រ៉ូហ្សេស៍ក៏ងាកទៅមើលស្របនឹងរូម៉ាដែលនៅក្នុងរង្វង់ដៃនោះងាកមើលទៅដូចគ្នា តែថាវត្តមានអ្នកដែលមកដល់នោះធ្វើឲ្យនាងទ្រាំមិនបាន មិនដឹងជាកម្លាំងមានមកពីណារុញច្រាននាងឲ្យរើចេញពីដៃគូដណ្ដឹងរួចចូលទៅរកគេ ក្របួចករអាវគេជាប់។
"មកធ្វើស្អី? លោកមានសិទ្ធិអីមកជាន់ទីនេះ?? ឆាប់និយាយមក"
"ម៉ា..ម៉ាបានហើយស្ងប់អារម្មណ៍" រ៉ូហ្សេស៍ក៏ចូលមកជួយឃាត់នាងមិនឲ្យនាងច្រឡោត ព្រោះតែនាងច្រឡោតខ្លាំងនាងក៏អាចនឹងសន្លប់ដូចជាកាលពីថ្ងៃអញ្ចឹងដែរ ថេយ៍ចូលមកតែម្នាក់ឯងក្រោយពីជូនលីឈីងទៅផ្ទះរួចមក គេមិនចង់ឲ្យកូនបានលឺនឹងដឹងរឿងស្រពិចស្រពិលទាំងនោះឡើយ។
"យើងមិនមករករឿងនាងនោះឡើយ គ្រាន់តែយើងចង់មកសួរបញ្ជាក់ថាហាណាជាកូនរបស់យើងពិតមែនរឺក៏អត់?" សំនួរមួយនេះសមតែរូម៉ាដែលជាអ្នកភ្ញាក់ផ្អើលតែនរណាទៅដឹងថារ៉ូហ្សេស៍ឯណោះជាអ្នកភ្ញាក់ផ្អើលទៅវិញ គេសំឡឹងមើលឆ្លាស់គ្នារវាងថេយ៍នឹងរូម៉ាមុននឹងថយជំហានបន្តិច។
"បើហាណាជាកូនយើង ចុះលីឈីង? លីឈីងជាកូនអ្នកណា? នេះនាងមានកំនិតថោកទាបដល់ថ្នាក់លួចប្ដូរក្មេងផងហ្អេស៎? ផាច់!!!!" សម្ដីឡើងចាងរបស់ថេយ៍តែងតែត្រូវបញ្ឈប់ដោយរន្ទះដៃរបស់រូម៉ា តែថាលើកនេះនាងទះគេខ្លាំងជាងសព្វមួយដងទៅទៀតក៏ព្រោះតែនាងខឹងខ្លាំង ខ្លាំងដល់កម្រិតដែលនាងពិបាកនឹងទទួលយកតែម្ដង។
"ខ្ញុំកោតលោកចេះនឹកឃើញគំនិតថោកទាបបែបនោះកើត? លីឈីងជាកូននរណាហ្អេស៎? បើលោកចង់ដឹងមិចក៏មិនទៅសួរប្រពន្ធលោកទៅ សង្ស័យវាខូចខ្លួនជាមួយប្រុសហើយបោកលោកដើម្បីពាក់ស្នែងក្របីឲ្យមើលថែវានឹងកូនទេដឹង?" រូម៉ានិយាយចំៗចំណុចដែលនាំឲ្យរ៉ូហ្សេស៍អ្នកចូលរួមក្នុងផែនការនោះប្រញាប់ថយក្រោយនឹងចុចទូរសព្ទ័ហាក់ទាក់ទងទៅកាន់នរណាម្នាក់។
"ហាណានាងជាកូនរបស់ខ្ញុំ ជាកូនដែលខ្ញុំបង្កើតតែម្នាក់ឯង គ្មានអ្នកណាមកឈឺឆ្អាលរឺក៏មើលថែឡើយ បើសិនជាលោកមិនបានសូម្បីតែនឹកអាណិតខ្ញុំរឺក៏មើលថែខ្ញុំ កុំមកប្រើសម្ដីថោកទាបចោទប្រកាន់ខ្ញុំបែបនេះ" រូម៉ានិយាយរួចក៏លើកដៃចង្អុលទៅទ្វារ ថេយ៉ុងក៏សំឡឹងមុខនាងហាក់មិនអាចនិយាយអ្វីបាន រូម៉ាងើបមើលទៅគេទាំងភ្នែកក្រហមងាំងមុននឹងលូកដៃរុញគេមួយទំហឹង។
"ចេញទៅ! កុំមកឲ្យខ្ញុំឃើញមុខលោកទៀត ចង់ទៅងាប់ឯណាក៏ងាប់ទៅ" រូម៉ាស្រែកថាឲ្យថេយ៍ខ្លាំងៗដល់ថ្នាក់ទឹកភ្នែកហូរស្រក់ដូចជាបាក់ទំនប់ ថេយ៉ុងក៏ថយក្រោយនឹងប្រញាប់នាំខ្លួនចេញពីទីនោះទាំងលែងតវ៉ា។
"ហ៊ឹក ហ៊ឺ" រូម៉ាក៏ទម្លាក់ខ្លួននៅលើឥដ្ឋរួចយំយកៗមិនឈប់ នាងឈឺចិត្ត ខូចចិត្ត ខឹងចិត្តដែលគេមកនិយាយមើលងាយនាង ចោទប្រកាន់នាងសូម្បីតែរឿងកូន នាងជាម្ដាយ ម្ដាយឯណាដែលហ៊ានធ្វើអំពើអសីលធម៌បែបនេះដាក់កូននោះ? បើគេមិនបានមើលថែនាង មិនសូម្បីតែឲ្យតម្លៃនាង យ៉ាងហោចណាស់ក៏គួរតែគិតនាងក្នុងនាមនាងជាម្ដាយរបស់កូនដែលមានសាច់ឈាមរបស់គេដែរ។
"ខ្ញុំស្អប់លោក ខ្ញុំស្អប់លោកខ្លាំងណាស់ ហ៊ឹកៗ" រ៉ូហ្សេ៍អោបកាន់ស្មានាង ដៃម្ខាងក៏ចុចទូរសព្ទ័ព្យាយាមទាក់ទងទៅនរណាម្នាក់តែអ្នកខាងនោះហាក់មិនលើកសោះ នេះរឿងបែកការណ៍ហើយនាងទៅណាមិចក៏មិនព្រមមកដោះស្រាយជាមួយគេ?
(លីលី?នាងនៅឯណា?)
....
ក្រឺង! ក្រឺង..
ទូរសព្ទ័នៅបន្ទប់ទទួលភ្ញៀវក៏រោទ៍ឡើង រោទ៍ជាច្រើនដងតែមិនមានអ្នកមកលើក ម្ចាស់កាយតូចឈរនៅបន្ទប់ខាងលើឯណោះកំពុងតែលខោអាវថ្មីទើបនឹងទិញហាក់មិនខ្វល់ថានរណាខលមកសោះតែម្ដង។
"ស្អាតណាស់ ហ៊ឹម ល្អៗ" លីលីលរ៎មួយឈុត ដាក់មួយឈុតទៀត មិនខ្វល់រឿងអីសោះ សូម្បីតែមើលកូនដែលនៅជាន់ជាមួយគ្នានោះ។
"ម៉ាក់..ម៉ាក់កូនឃ្លាន ហ៊ឹក"
"ម៉ាក់..."
"ហ៊ើយ! ថ្លង់នោះថ្លង់ បើឃ្លានមិចក៏មិនចុះទៅរកសុីទៅ? ឪនាងឯងមិននៅទេ តិចបានត្រូវទៅ" លីលីនិយាយជេរកូនរួចក៏លរអាវបន្ត លីឈីងដែលនៅអង្គុយអោបតុក្កតាក៏យំឡើង នាងងាកភ្នែកមើលទៅទ្វាររួចប្រញាប់រត់ចេញទៅភ្លាមៗ។
"នែ! ទៅណាតិចធ្លាក់ងាប់ ឪនាងឯងបន្ទោសយើងទៀត"
"ហ៊ើយ!!!" លីលីនិយាយទាំងធុញទ្រាន់រួចប្រញាប់ទុករបស់នឹងទៅតាមកូន ស្រីតូចដើរចេញទៅមាត់ទ្វាររួចក៏ភ្ញាក់កាលបើបានឃើញវត្តមានមនុស្សម្នាក់ឈរនៅមាត់ទ្វារកាន់ស្មាកូនជាប់។
"បងថេយ៍.."
"បងមិនស្មានថាអូនអាក្រក់ដាក់កូនដល់ម្លឹងសោះលីលី ល្អ! បងមានរឿងសួរអូនល្មម កូននេះជារបស់អ្នកណា? បងបានមើលឈាមរួចហើយនាងមិនមែនជាកូនរបស់.." និយាយបានតែប៉ុណ្ណឹងថេយ៍ក៏ទប់អារម្មណ៍រួចហុចកូនឲ្យទៅអ្នកបម្រើពរចេញ ព្រោះមិនចង់ឲ្យកូនលឺ។
"មកតាមបង.."
"លែង..លែងអូន ហ៊ឹស" ថេយ៍អូសនាងមកដល់ក្បែរជណ្ដើរក៏ត្រូវនាងគ្រវាសដៃមួយទំហឹងរហូតដល់ធ្លាក់បែកថូផ្កាច្រាវតែម្ដង ថេយ៍ក៏មើលមុខនាងរួចចាប់ស្មានាងជាប់ណែនទាំងកំហឹង។
"កូនឈីងជាកូនអូននឹងនរណា? នាងមិនមែនជាកូនបងឡើយ"
"បងនិយាយស្អី? អូនមិនយល់ទេ? នាងនោះវាកុហកបងស្អីទៀតហើយ?" ទោះជាចាប់បាននឹងមុខលីលីនាងក៏នៅតែកុហកបាន ស្រីតូចក៏ក្ដាប់ដៃកាលបើអ្នកម្ខាងទៀតសំឡឹងនាងទាំងកាច ថេយ៍ក៏ចាប់ក្រដាសមួយឡើង វាជាក្រដាសពិនិត្យDNAដែលគេបានធ្វើបញ្ជាក់ថាលីឈីងមិនមែនជាកូនរបស់គេឡើយ។
"ច្បាស់រឺនៅ? អញ្ចឹងតើបានជាអូនតែងតែលាក់បាំងបងរឿងកូន សូម្បីតែការធ្វើតេស្តឈាម អូនសាហាវណាស់លីលី ថោកទាបបំផុត" ដៃតូចៗក្ដាប់ណែនកាលបើលឺគេនិយាយបែបនោះ ខណៈថេយ៉ុងបែរខ្នងបំណងចង់ចេញនាងក៏លើកដៃឡើងទាំងសងខាងរួច..
ផឹប! ហ្អា៎ ព្រូស!!!!
រាងកាយមាំទាំរមៀលធ្លាក់ពីលើជណ្ដើរខ្ពស់របស់ផ្ទះលំហែនឹងបោកជាមួយចែងជណ្ដើរនាំឲ្យឈាមឲ្យរហាចដាបពេញឥដ្ឋ អ្នកដែលរុញច្រាននោះក៏គ្មានភាពសោកស្ដាយមានតែស្នាមញញឹម។
"យឺតពេលហើយ បើអូនយកបងមិនបាន អ្នកណាក៏យកមិនបានដែរ បងត្រូវតែនៅជាមួយ មួយជីវិត"

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now