ភាគ84

585 30 1
                                    


ទាយាទម៉ាហ្វៀ
ភាគ84

"អត់ទេ! ហាណានៅជាមួយប៉ា ហាណាមិនចោលប៉ាទៀតទេ ហ៊ឹកហ៊ឺ" មិនថាចាស់ទុំនិយាយបែបណាក៏ហាណានាងមិនព្រមដកខ្លួនពីការអោបលោកប៉ានាងទៀត ក្មេងតូចព្យាយាមលូកដៃអោបក្រសោបអង្រួនកាយលោកប៉ា ទ្រហោយំចង់ឲ្យលោកប៉ាក្រោកតែក៏មិនអាចត្បិតលោកប៉ានាងពេលនេះដេកបំពាក់អុកសុីសែនផង សឺរ៉ូមផង នេះនៅមានជីវិតក៏ចាត់ទុកថាសំណាងណាស់ទៅហើយ។
"ប៉ា..យើងទៅផ្ទះយើងវិញណាប៉ាណា៎ ចាំកូន..ចាំកូនជួយនិយាយជាមួយម៉ាក់ឲ្យដោះស្រាយជាមួយនឹងប៉ា ហ៊ឹក ប៉ាប៉ានិយាយមួយម៉ាត់មក ហាណាតឹងទ្រូងណាស់ប៉ា ហ្អា៎ ហ៊ឹកៗ" ហាណានៅតែបន្តថ្ងួចថ្ងូរអង្វរលោកប៉ាឲ្យឆ្លើយតបត្បិតថានាងដឹងកំហុស ដឹងខុសចំពោះសម្ដីនឹងទង្វើដែលនាងតែងតែនិយាយដាក់លោកប៉ាពីមុន ពេលនេះចង់លុបលាងក៏គ្មានឱកាស បានត្រឹមតែអោបនឹងយំសោកបែបនេះ។
"ហាណា! ហាណាហ្អា៎..ស្ដាប់តាមអុំស្រីទៅ ឲ្យប៉ាសម្រាកទៅ ហ៊ឹកៗ"
"លីឈីង! លីឈីងមកជួយដាស់ប៉ាមកលីឈីង..ប្រាប់ប៉ាថាមករកពួកយើងវិញមក ឲ្យប៉ាមកវិញមកលីឈីង ហ្អា៎" ហាណានិយាយផងដៃកាន់ស្មាលីឈីងជាប់ផង ក្នុងស្ថានភាពបែបនេះលីឈីងបែរជាអាចរក្សាចិត្តឲ្យរឹងប៉ឹងបាន ខុសពីហាណាដែលចិត្តនាងទន់ជ្រាយដូចជាបបរ ត្បិតនាងធំធាត់ឡើងមកមានតែម្ដាយ មិនដែលដឹងមិនដែលស្គាល់រសជាតិនៃការមើលថែពីសំណាក់លោកប៉ាបង្កើតដូចជាក្មេងដទៃ ពេលនេះនាងមានឱកាសបានចួប បានស្គាល់នឹងបានទទួលការថ្នាក់ថ្នមពីលោកប៉ាហើយ តែវាក៏មានត្រឹមរយៈពេលខ្លីបំផុតថែមទៀត។
"អ្នកនាងតូច.."
"អត់ទេ! អត់ឲ្យយកប៉ាទៅទេ អត់ទេ..ហ៊ឺ ប៉ា..ប៉ាមកវិញប៉ា ប៉ា ហ៊ឹក"
ព្រូស!
"ហាណា!!!!" រាងកាយតូចដែលព្យាយាមរត់តាមពីក្រោយគ្រែអ្នកជម្ងឺដែលដឹកនាំកាយទន់ល្វក់របស់លោកប៉ានាងចាកចេញទៅនោះក៏បែរជាដួលខ្ពោក ឡេឡានីប្រញាប់ប្រញាល់រត់ចូលទៅបីត្រកងក្មួយស្រីមុននឹងបានឃើញថាហាណានាងសន្លប់បាត់ហើយ នាងសន្លប់ទាំងភ្នែកដាមទឹកភ្នែកហូរស្រក់ស្ទើរតែក្លាយជាឈាម ទឹកភ្នែកដែលប្រៀបដូចជាកាំបិតដែលដកដោតចេញពីទ្រូងនាងមកខាងក្រៅ រាងកាយត្រូវចាស់ទុំបីឡើងមែនពិតតែចិត្តកាយនាងក៏ទៅតាមលោកប៉ានាងអស់ទៅហើយ។
"ប៉ា..ហាណាសុំទោសប៉ា ហ៊ឹក"
....
(ថេយ៍..ថេយ៍)
សំឡេងតូចស្រាលបន្លឺឡើងពីដើមករម្ចាស់កាយតូចដែលដើរតែម្នាក់ឯងក្នុងអព្ទ័ផ្សែងងងឹតខ្មួរខ្មាញ់រកអ្វីមើលមិនឃើញ នាងតូចក្នុងឈុតរ៉ូបសក្បុសមិនខុសពីសាច់របស់នាងដើរទៅមុខក្នុងអព្ទ័ផ្សែង បបូរមាត់ក៏ឧទានហៅរកមនុស្សម្នាក់មិនឈប់ រាងកាយក៏ប្រែជារងាញ័រញាក់ព្រោះតែអាកាសធាតុប្រែប្រួលនៅទីនោះ នាងដើរអោបដៃញ័រទទ្រើត បបូរមាត់ក៏ញីញ័រមិនខុសពីដៃជើង ភ្នែកនាងព្យាយាមងាករកមើលម្ចាស់ខ្លួននោះ កាន់តែមើលវាក៏កាន់តែដាច់ស្រយាលដល់ថ្នាក់មើលអ្វីក៏លែងឃើញ ឃើញតែផ្សែង ផ្សែងនៃភាពត្រជាក់នោះ។
"ហ៊ឺ..ថេយ៍! ហ៊ឹម" រាងកាយដែលកំពុងតែរងាញាក់ក៏បែរជាមានអារម្មណ៍ថាកក់ក្ដៅភ្លាមៗកាលបើមានអាវសាច់ក្រណាត់ក្រាស់មកគ្របពីលើស្មានាង រូម៉ាក៏ងាកបែរមករួចបានឃើញបុរសដែលនាងកំពុងតែរក ស្រីតូចក៏ឈរទ្រឹងសំឡឹងមើលទៅគេ ហាក់មើលឲ្យច្បាស់ថាពិតជាគេពិតមែន នាងមិនបានសុបិន្តទេ! នាងអាចមើលឃើញគេ។
"ថេយ៍..ភ្នែក ភ្នែកខ្ញុំ"
(អូនធ្វើបានល្អណាស់ បងមានមោទនភាពលើអូនណាស់ម៉ា បងដឹងថាអូនច្បាស់ជាជម្នះបាន ហ៊ឹសហ៊ឹម)
ថេយ៉ុងនិយាយទាំងស្នាមញញឹមជាប់លើផ្ទៃមុខ រូម៉ាក៏រលីងរលោងកាលបើបានឃើញមុខគេមុននរណាគេទាំងអស់ គេក៏ជាមនុស្សចុងក្រោយដែលនាងបានឃើញមុននឹងនាងសន្លប់បាត់ទៅ គេបានចូលរួមក្នុងរឿងរ៉ាវសំខាន់មួយនេះ លើកនេះគេក៏ធ្វើឲ្យនាងរំភើបចិត្ត សប្បាយចិត្ត ថ្លែងអំណរគុណយ៉ាងខ្លាំង ជើងតូចស្រឡូនក៏បោះជំហានមួយៗចូលទៅជិតគេ ថេយ៍ក៏សំឡឹងមើលនាងញញឹមរកនាង។
"ថេយ៍! ហ្អា៎ អូយ៎" រូម៉ាត្រដាងដៃបំណងចង់អោបថេយ៍តែក៏បែរជាមិនអាចសូម្បីតែប៉ះគេ តែនាងក៏ជ្រុលដួលអុកជង្គង់នឹងថ្មគ្រួសដែលមុននោះនាងមើលមិនឃើញសោះនោះ រូម៉ាក៏ភាំងរួចងាកបែរមកមើលថេយ៍ រាងកាយគេដែលច្បាស់មុននោះក៏ប្រែមកជាព្រាលៗ រូម៉ាក្រវីក្បាលរួចប្រញាប់ប្រមូលកម្លាំងឡើងអោបគេតែក៏ដូចជាអោបខ្យល់ មិនអាចសូម្បីតែប៉ះមួយចុងសក់គេ។
"ហេតុអី?! ហេតុអីក៏បែបនេះថេយ៍?!" រូម៉ាព្យាយាមក្រោកឈរដោយដៃទប់ទ្រូងខ្លួនឯង ថេយ៉ុងក៏ឈរកន្លែងដដែលសំឡឹងមើលមកនាងព្រមជាមួយនឹងស្នាមញញឹម ទឹកថ្លាមួយតំណក់ក៏ហូរស្រក់កាត់ផែនថ្ពាល់គេ មុននឹងរាងកាយចាប់រលាយតាមផ្សែងត្រជាក់នោះ។
"បងមកមើលអូន បានឃើញអូនមិនអីបងស្ងប់ចិត្តហើយ អូនត្រូវថែខ្លួនណា៎ម៉ា...បងស្រឡាញ់អូន!!!"
"អត់ទេថេយ៍..អត់ទេ!!" រូម៉ាស្រែកឡើងរួចរត់ទៅរកថេយ៍ តែគេក៏រលាយបាត់ នាងងាកមើលឆ្វេងស្ដាំទាំងយំ ទឹកភ្នែកនាងក៏នាំឲ្យនាងស្រវាំងភ្នែក ស្រវាំងដូចជាទើបតែងើបពីគេង។

"ថេយ៍! ថេយ៍.." បបូរមាត់ដែលហើបហៅឈ្មោះគេពីតិចៗក៏ប្ដូរមកជាខ្លាំង រាងកាយដែលដេកស្ដឹងអស់មួយសប្ដាហ៍ក៏ក្រោកឡើងព្រមជាមួយនឹងទឹកភ្នែករហេមរហាមជោគថ្ពាល់ មេស៍ដែលនៅគេងកំដរនាងក៏ភ្ញាក់ក្រញ៉ាងនឹងប្រញាប់ឡើងមកមើលចៅហ្វាយស្រីភ្លាម នេះម៉ោង12យប់ហើយតែនាងក៏ដឹងខ្លួនពេលនេះ។
"ថេយ៍..ខ្ញុំចង់រកថេយ៍" រូម៉ាក៏រើកញ្ជ្រោលចង់រកបុរសដែលនាងឃើញក្នុងសុបិន្តមុននោះ សុបិន្តដែលអាក្រក់បំផុត ធ្វើឲ្យនាងខ្លាច ហើយនាងក៏សង្ឃឹមថាងើបមកនឹងបានឃើញគេ តែបែរជាបានឃើញទឹកមុខស្រពាប់ស្រពោនរបស់កូនចៅជំនួសវិញ។
"មេស៍ឆ្លើយមក! ថេយ៍..ថេយ៍នៅឯណា?!"
"លោកថេយ៍មិននៅទៀតទេទាន៎"

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now