ទាយាទម៉ាហ្វៀ
ភាគ57"កូនចង់បានតុក្កតាអាធំនៅនឹងដៃនួក៎" នាងល្អិតហាណាដែលចូលមករកម្ដាយទាំងតុក្កតាពេញដៃទៅហើយនោះក៏នៅមិនទាន់ស្កប់ នាងទាញម្ដាយឲ្យបែរតាមទិសស្របគ្នារួចចង្អុលទៅតុក្កតាដែលថេយ៉ុងកំពុងតែកាន់នោះ រូម៉ានាងក៏ព្រលែងខ្យល់ដង្ហើមធ្ងន់បន្តិចរួចក៏អង្អែលប៉ះក្បាលកូន។
"ទៅយកទៅប្រាប់ថាម៉ាក់ឲ្យយក.." រូម៉ាក៏មិនបានជំទាស់ព្រោះមិនចង់ឲ្យកូនល្អក់កករចិត្តនៅថ្ងៃកំណើតរបស់នាងនាងមិនអាចឃាត់ឃាំងហាណារហូតឡើយ។
"គាត់ថាទាល់តែម៉ាក់ហៅគាត់បងសម្លាញ់ទើបគាត់ឲ្យ.." ពាក្យសម្ដីបែបបង្គាប់ប្រាប់ដែលថេយ៉ុងនិយាយមកកូននាង មិនបានល្អសើចដូចជាអ្វីដែលថេយ៍គិតនោះឡើយ ថេយ៉ុងដែលមុននោះញញឹមជាប់លើផ្ទៃមុខយ៉ាងស្រស់បំព្រងគេសុខៗក៏ប្រែជារលត់ក៏ព្រោះតែបានឃើញពណ៌ភ្នែករបស់រូម៉ាប្រែ ពោលគឺប្រែពីធម្មតាទៅជាក្រហមថើរៗហាក់បីដូចជានាងចង់យំអញ្ចឹង។
"ហាណាកូន.." ថេយ៉ុងចូលមករកក្មេងស្រីតូចដែលតាមអ្វីដែលត្រឹមត្រូវនោះនាងគឺមានសាច់ឈាមរបស់គេ ជាចំណងចុងក្រោយដែលគេបន្សល់ទុកនៅក្នុងពោះម៉ា មុនពេលដែលពួកគេបែកគ្នា ទោះបីជាគេបែកគ្នាជាមួយនឹងនាងយូរឆ្នាំព្រោះតែមិនមានការចងចាំក៏ដោយតែពេលនេះគេក៏ត្រឡប់មកទាមទារអ្វីដែលមានចំណែកគេ សិទ្ធិរបស់គេក្នុងនាមជាឪពុកម្នាក់។
"ហាណាចង់បាន.."
"ចេញទៅ កុំមកប៉ះកូនខ្ញុំ" បើសិនជាគេចង់ចូលជិតហាណាវាមិនមែនជាការពិបាកទេ តែវាមិនពិបាកតែពេលដែលហាណាគ្មានម្ដាយនៅក្បែរប៉ុណ្ណោះ ព្រោះក្មេងអាយុប៉ុណ្ណេះនាងនៅអាចទាក់ទាញបានដោយរបស់លេងនឹងសម្ភារៈស្អាតៗដែលមនុស្សធំឲ្យ ពេលឃើញរបស់នាងចូលចិត្ត ពេញចិត្តពាក្យសម្ដីនឹងអារម្មណ៍ខឹងស្អប់គ្រប់យ៉ាងក៏រលត់បាត់ពីស្មារតីរបស់គេ ដូចជាហាណាពេលនេះអញ្ចឹង នាងយល់ព្រមធ្វើតាមអ្វីដែលថេយ៉ុងនិយាយក៏ព្រោះតែនាយមានតុក្កតាស្អាតៗជាល្បិចទាក់ទាញចិត្តនាង តែថាល្បិចនេះមិនអាចប្រើការជាមួយនឹងមនុស្សធំមានការគិតជ្រៅជ្រះពេញលេញដូចជារូម៉ាឡើយ។
"លោកចំជាមុខក្រាស់ពិតមែន! ខ្ញុំបញ្ជាក់លោកច្រើនលើកច្រើនសាររួចមកហើយថាកុំមករញ៉េរញ៉ៃជាមួយនឹងកូនស្រីរបស់ខ្ញុំទៀត លោកស្ដាប់មិនបានទេហ្អេស៎?" រូម៉ាមិនបានបន្ធូរដៃឲ្យគេ តែនាងបែរជាស្រែកស្ដីឲ្យគេខ្លាំងៗពីមុខអ្នកគ្រប់គ្នាដែលដើរឆ្លងកាត់ទីនោះ ក្រសែភ្នែកអ្នកគ្រប់គ្នាសំឡឹងមើលនាយ អោនខ្សឹបខ្សៀវគ្នាហាក់បីដូចជាកំពុងតែនិយាយមិនល្អពីរឿងដែលពួកគេកំពុងតែបានឃើញនេះ តែវាក៏មិនបានធ្វើឲ្យថេយ៍យកចិត្តទុកដាក់គិតនោះដែរ ត្បិតគេមកទីនេះមិនមែនដើម្បីយកចិត្តនរណាម្នាក់ឡើយ តែគេមកនេះដើម្បីផ្សះផ្សា រកវិធីធ្វើយ៉ាងណាឲ្យរូម៉ានឹងកូនព្រមទទួលស្ដាប់នឹងយល់ពីគេទៅវិញទេ។
"បងមុខក្រាស់ពិតមែន! បងមុខក្រាស់ព្រោះតែបងចង់ចួបអូននឹងហាណា បងគ្រាន់តែចង់បាន-"
"ប៉ាប៉ា" ថេយ៉ុងមិនអាចបញ្ចប់ប្រយោគខ្លួនឯងបានក៏ព្រោះតែមានសំឡេងស្រាលស្រទន់របស់ក្មេងស្រីស្រែកហៅគេ ហើយម្ចាស់សំឡេងនោះក៏គ្មាននរណាឡើយក្រៅពីលីឈីងកូនស្រីរបស់នាយនឹងឯង ថេយ៉ុងក៏ងាកមើលទៅរូម៉ានឹងកូនបន្តិចរួចបែរក្រោយចូលទៅរកលីឈីងដែលរត់មកនោះ។
"ហាណា..យើងទៅផ្ទះវិញកូន" រូម៉ាតាមសំឡឹងមើលផែនខ្នងរបស់ថេយ៍បន្តិចរួចចាត់ចែងនាំកូនស្រីចាកចេញពីទីនោះជាបន្ទាន់ មិនសូម្បីតែលាអ្នកដែលឈរនិយាយជាមួយគ្នាមុននេះអីបន្តិចទាល់តែសោះ។
"ម៉ា..ម៉ាឈប់សិន" ថេយ៉ុងលើកពរលីឈីងបំណងចង់នាំនាងមករកហាណា មិត្តសម្លាញ់ តែគេក៏គ្មានឱកាសព្រោះទម្រាំតែគេងាកមកវិញរូម៉ានឹងហាណាក៏ឡើងឡានចាកចេញទៅបាត់ហើយ ថេយ៉ុងងើយក្បាលឡើងហាក់តានតឹងជាខ្លាំង លីឈីងដែលដំបូងឡើយមានទឹកមុខញញឹមតែពេលនេះស្នាមញញឹមក៏រលាយបាត់ពីផ្ទៃមុខ ភ្នែកក៏ងាកតាមមើលឡានដែលចាកចេញទៅនោះទាំងក្នុងចិត្តកំពុងតែគិតពីអ្វីម៉្យាង។
...
ងឹក!
ឡានដែលបើកចាកចេញពីសាលាឯកជនមួយកន្លែងក្នុងល្បឿនលឿនគួរសម តែពេលនេះក៏បែរជាឈប់ងឹកមួយកន្លែងត្រឹមមួយប៉ព្រិចភ្នែកតាមការបញ្ជារបស់តៃកុង ដៃស្រឡូនតូចដែលកាន់ក្ដាប់ចង្កូតឡាននោះក៏ទម្លាក់ចុះពីចង្កូតទាំងញ័រទទ្រើត រូម៉ាអោនមុខចុះផ្ទប់នឹងចង្កូតឡានជាហេតុនាំឲ្យកូនស្រីដែលអង្គុយនៅបាំងខាងក្រោយប្រញាប់ដោះខ្សែក្រវ៉ាត់នឹងប្រញាប់ឡើងមកមើលម្ដាយភ្លាម។
"ម៉ាក់..ម៉ាក់កើតអីម៉ាក់?!" ហាណាលូកដៃកាន់ស្មាម្ដាយដាស់តឿនម្ដាយឲ្យក្រោកឡើងមកនិយាយជាមួយនាង តែថារូម៉ានាងនៅអោនផ្ទប់មុខនឹងចង្កូតដដែល ហៅក៏មិនឆ្លើយ មុខក៏មិនងើបឡើងសំឡឹងមើលមកជាហេតុនាំឲ្យហាណាដែលមានអារម្មណ៍មិនស្រួលនោះត្រូវយំឡើងភ្លាម ហាណាមិនដែលឃើញម្ដាយនាងមានអាការៈបែបនេះឡើយពីមុនមក។
"ម៉ាក់ ហ៊ឹកៗម៉ាក់"
"ហាណា" គ្រាន់តែសំឡេងកូនយំបន្លឺឡើងភ្លាម ទោះបីជានាងមានអារម្មណ៍មិនស្រួលចុកអួលទ្រូងចង់យំឲ្យអស់ចិត្តក៏នាងគ្មានឱកាសដែរ រូម៉ាក្រោកក្បាលពីចង្កូតរួចបែរមើលមកកូនទាំងភ្នែកខ្លួនឯងដាបដោយស្នាមទឹកភ្នែកដូចគ្នា។
"ម៉ាក់..ហ៊ឹក មិចក៏ម៉ាក់យំ? កូនធ្វើអីខុសមែនទេ? ហាណាធ្វើខ្លួនមិនល្អមែនទេម៉ាក់? ហាណាសុំទោសម៉ាក់ ហ៊ឹកៗ"
"អត់ទេកូន! អត់ទេ..ហាណារបស់ម៉ាក់ជាក្មេងល្អ ហាណាជាក្មេងឆ្លាតណាស់ ហ៊ឹម" រូម៉ាប្រញាប់បដិសេធការយល់ឃើញរបស់កូន ទាញនាងមកអោបជាប់នឹងទ្រូង ចាប់ផ្ដើមបន្ទោសខ្លួនឯង នាងជាម្ដាយគួរតែរឹងមាំ គួរតែទប់ទឹកភ្នែកខ្លួនឯង ហេតុអីក៏នាងបែរជាធ្លោយសម្រក់ទឹកភ្នែកនៅចំពោះមុខកូនបែបនេះទៅវិញ?នាងជាម្ដាយមិនល្អ...
"ចឹងម៉ាក់ប្រាប់ហាណាមក មិចក៏ម៉ាក់យំ? រឺក៏មកពីពូមិញនោះ? ម៉ាក់មិនចូលចិត្តគាត់មែនទេ? ម៉ាក់..." សំនួរចោទសួរក៏កាន់តែច្រើន រូម៉ាក៏ប្រញាប់ដកខ្លួនពីការអោបក្រសោបរួចកាន់ស្មានាងជាប់ណែន ដៃស្រឡូនតូចលូកជូតទឹកភ្នែកពីភ្នែកកូន ស្របពេលដែលកូនកំពុងតែជូតទឹកភ្នែកចេញពីថ្ពាល់ម្ដាយដូចគ្នា។
"មានរឿងជាច្រើនដែលកូនមិនទាន់បានដឹងណា៎ហាណា ហើយវាក៏មិនទាន់ដល់ពេលដូចគ្នាដែរ អ្វីដែលសំខាន់នៅពេលនេះបំផុតគឺម៉ាក់ចង់ឲ្យកូនបន្តធ្វើខ្លួនជាក្មេងល្អបែបនេះ ខំប្រឹងរៀនហើយរីករាយជាមួយនឹងជីវិតរបស់កូននៅពេលនេះ ដរាបណាម៉ាក់នៅទីនេះ ម៉ាក់នឹងធ្វើគ្រប់យ៉ាងមិនឲ្យកូនលំបាកនោះឡើយហាណា ជុប៎" រូម៉ាមិនបានរៀបរាប់ហេតុផល តែនាងក៏ប្ដូរមកជាការទូន្មានប្រៀនប្រដៅកូនវិញ រូម៉ាតែងតែចង់ឲ្យកូននាងធំធាត់ឡើងយ៉ាងល្អបំផុតក៏ព្រោះតែនាងមិនចង់ឲ្យគេមានពាក្យសម្ដីនិយាយថានាងជាម្ដាយដែលចិញ្ចឹមកូនមិនកើតការ។
"ហើយម៉ាក់ចង់ឲ្យកូនសន្យាជាមួយនឹងម៉ាក់មួយទៀតបានទេ?" ហាណាមិនបានឆ្លើយតែក៏ងក់ក្បាលញាប់ស្អេកមិនបដិសេធនឹងការសុំរបស់ម្ដាយសោះ ស្រីតូចក៏លើកកូនដៃម្ដាយឡើងរួចថ្ពក់ជាប់គ្នាជាស្រេចដោយមិនចាំលឺសំណូមពរជាមុនសិនសោះ។
"បើសិនជាមិនចាំបាច់កូនកុំចួបជាមួយប៉ាលីឈីងបានទេ?"
"បើសិនជាធ្វើចឹងហើយម៉ាក់មិនយំទៀត ហាណានឹងធ្វើណា៎ ហាណាស្រឡាញ់ម៉ាក់ណាស់" នាងល្អិតហាណាមិនជំទាស់តែក៏យល់ព្រមពេញទំហឹង ក្មេងតូចក៏ត្រសុលឡើងអោបម្ដាយនាំឲ្យអ្នកដែលកំពុងតែចុកអួលទ្រូងនោះមានហេតុផលអាចញញឹមក្នុងស្ថានភាពបែបនេះបានខ្លះ។
"ម៉ាក់ស្រឡាញ់ហាណាបំផុត..ម្ចាស់ជីវិតម៉ាក់" រូម៉ាអោបកូនស្រីជាប់ណែន គោះអង្អែលខ្នងនាង កែវភ្នែកងាកមើលទៅផ្ទៃមេឃងងឹតស្លុបនៅខាងក្រៅឡានដែលវាមិនខុសពីចិត្តរបស់នាងនៅពេលនេះឡើយ។
រកចំណុចដែលមិនប្រេះស្រាំលែងឃើញហើយ...
YOU ARE READING
ទាយាទម៉ាហ្វៀ (រដូវកាលទី០២)
Romanceចិត្តស្នេហ៍ប្រែមកជាស្អប់ ការស្អប់ដែលកើតឡើងពីការយល់ច្រឡំនឹងការលាក់បាំង។ (បងស្រឡាញ់អូន) ប្រែក្លាយមកជា «យើងស្អប់នាង..ស្រីផិតក្បត់» ថេយ៉ុង អាល់ហ្វ្រេដដូ / រូម៉ា ផាទ្រីសៀរ៍