ភាគទី៧+៨🖤

618 10 0
                                        

យប់មិញធ្វេីឲ្យគេខឹងមួម៉ៅក្ដៅក្រហល់ក្រហាយនៅមិនទាន់បាត់ផង ព្រឹកឡេីងយកសាំងមកចាក់ស្រោចលេីភ្លេីងកំហឹងក្នុងចិត្តគេឲ្យកាន់តែឆេះសន្ធោសន្ធៅខ្លាំងថែមទៀត ក្មេងម្នាក់នេះ កាន់តែធំ កាន់តែលែងខ្លាចញញេីតអ្វី ឈ្លេីយ រឹងរូស ឌឺផ្គេីន មិនស្ដាប់បង្គាប់ ឥឡូវចេះតមាត់តសម្ដីចំណាប់ គេហាមមិនឲ្យហៅអ្នកប្រុស ឲ្យហៅថាបងប្រុស នៅតែរឹងហៅអ្នកប្រុសទៀត មេីលទៅទាល់តែវាត់បាក់រំពាត់ម្ដងទេីបរាងចាល។
«...» ហេរី ឈ្ងោកមុខចុះ ស្ងាត់លែងហ៊ានតមាត់ ព្រោះខ្លាចបានត្រូវរំពាត់ទាំងព្រលឹម ទៅរៀនទាំងទឹកភ្នែកទឹកសម្បោរ។
«ឡេីងឡាន» ជីមីន គំហកប្រាប់ទាំងមុខងាប់ មុននឹងដេីរវាងចូលទៅអង្គុយនៅកន្លែងបញ្ជាចង្កូត ទាំងអារម្មណ៍ខឹងមួម៉ៅក្ដៅដូចភ្លេីង ចំណែក ហេរី ទោះខឹងមិនសុខចិត្ត ប៉ុន្តែខ្លាចគេស្រែកស្ដីបន្ទោសឲ្យទៀត ក៏រហ័សយកដៃបេីកទ្វារ ចូលទៅអង្គុយនៅក្នុងឡានស្ព័រទំនេីបពណ៌ខ្មៅ ដោយមិនភ្លេចទាញទ្វារឡានបិទវិញ។
បន្ទាប់ពីឃេីញនាងពាក់ខ្សែក្រវាត់សុវត្ថិភាពហេីយ គេក៏បញ្ឆេះឡានបេីកចេញទៅ។

វិទ្យាល័យដ៏ល្បីមួយក្នុងទីក្រុង...
ហេរី ដេីរចូលទៅក្នុងសាលា ទាំងទឹកមុខក្រៀមស្រពោន យប់មិញនាងដេកមិនលក់ទេ យកសម្ដីគេមកដាក់ក្នុងខួរក្បាលគិតពេញមួយយប់ គិតបណ្ដេីរ ហូរទឹកភ្នែកបណ្ដេីរ តូចចិត្តនឹងជីវិតដ៏កម្សត់របស់ខ្លួនឯង។
រាល់ថ្ងៃនាងគ្មានអ្វីទេ គ្មានអ្វីទាំងអស់ មានតែជីវិតកំដររាងកាយ ផ្ទះដែលនាងរស់នៅ ជាផ្ទះរបស់គេ នាងគ្រាន់តែជាអ្នកស្នាក់អាស្រ័យ នាងរស់នៅផ្ទះគេរយៈពេល៨ឆ្នាំមកនេះ គឺដូចរស់នៅក្នុងនរក គ្មានសេរីភាព រងសម្ពាធផ្លូវចិត្ត មានតែការភ័យខ្លាច ការក្រែងចិត្ត មិនហ៊ានធ្វេីអ្វីដែលខ្លួនឯងចង់ធ្វេី ហាមាត់គឺខុស ធ្វេីអ្វីក៏ខុស មួយជីវិតចាំតែខុស ណាមួយម្ចាស់ផ្ទះស្អប់នាងដល់ឆ្អឹង ទាំងគេ ទាំងបងប្អូនសាច់ញាតិគេ ម្នាក់ៗសុទ្ធតែស្អប់ខ្ពេីមនាង តេីនាងត្រូវទ្រាំរស់នៅមេីលទឹកមុខ និងក្រសែភ្នែកពួកមនុស្សដែលស្អប់នាងដល់ពេលណាទៀត?
ពិភពលោកនេះធំធេងណាស់ ប៉ុន្តែហេតុអីនាងមានអារម្មណ៍ថាវាតូចចង្អៀតបែបនេះ? តូចដល់ថ្នាក់នាងរកកន្លែងរស់នៅឲ្យមានសេចក្ដីសុខផ្លូវចិត្តដូចគេមិនបាន។
«អ្ហេ៎ ហេរី» មិត្តរួមថ្នាក់ស្រីអង្គុយនៅតុរៀនជិតគ្នាឈ្មោះ ជីយៀន លេីកដៃគ្រវីស្រែកហៅ ហេរី ឲ្យដេីរទៅរក នាងកំពុងតែអង្គុយនៅលេីបង់ក្រោមដេីមឈេី ព្រោះមិនទាន់ដល់ម៉ោងចូលរៀន។
«មកដល់យូរហេីយនៅ?» ហេរី សួរទាំងមុខស្មេី មុននឹងដាក់បង្គុយលេីបង់ក្បែរមិត្ត។
«មួយសន្ទុះហេីយ ប៉ុន្តែមុខឯងក្រៀមម្ល៉េះ មានបញ្ហាអី?»
«គ្មានទេ» ហេរី គ្រវីក្បាលតិចៗ ទាំងមិនងាកសម្លឹងមុខមិត្ត ព្រោះមុខនាងបែបនេះរាល់ថ្ងៃហេីយ មានថ្ងៃណាដែលនាងមករៀនដោយទឹកមុខស្រស់ស្រាយ បបូរមាត់លម្អដោយស្នាមញញឹមនោះ?
គឺគ្មានទេ!
«គ្មានល្អហេីយ តែបេីឯងមានបញ្ហាអី អាចចែករំលែកមកខ្ញុំបាន ខ្ញុំរីករាយស្ដាប់ពីបញ្ហាឯងជានិច្ច ព្រោះពួកយេីងជាមិត្តល្អ» ជីយៀន លេីកដៃកៀកក ហេរី ប្រាប់ដោយស្នាមញញឹម ព្រោះនាងដឹងថាមិត្តមានជំងឺបាក់ទឹកចិត្ត ដូច្នេះនាងតែងតែព្យាយាមលួងលោម និងលេីកទឹកចិត្តមិត្ត ហេីយវាក៏ជាហេតុផលដែល ហេរី ចង់តែមកសាលា មិនចង់នៅផ្ទះ ដោយសារនៅសាលាមានមិត្តដែលយល់ពីចិត្តនាងដូច ជីយៀន ប៉ុន្តែនៅផ្ទះគ្មានអ្នកណាយល់ពីនាងទេ មានតែអ្នកជាន់ឈ្លីបំបាក់ទឹកចិត្តនាង។
«ជីយៀន ខ្ញុំអាចសួរឯង១បានទេ?»
«សួរធ្វេីអី១ សួរ១០,២០អីម៉ោ»
«អឺ ឯងជួលផ្ទះគេនៅម្នាក់ឯងយ៉ាងម៉េចដែរ?»
«សប្បាយណាស់ មានសេរីភាព រស់នៅជាខ្លួនឯង ចង់ទៅណា ចង់ធ្វេីអីក៏បាន»
«ចុះបេីខ្ញុំសុំទៅនៅជាមួយឯងផងបានទេ ចាំខ្ញុំជួយចេញលុយថ្លៃផ្ទះពាក់កណ្ដាល»
«អ្នកផ្ទះឯងព្រមដែរ?»
«គ្មានអ្នកណាខ្វល់នឹងខ្ញុំទេ គេបន់ឲ្យតែខ្ញុំចេញ ព្រោះខ្ញុំជាបន្ទុក នាំអំពល់ទុក្ខ»
«ដែលមុខក្រៀមនេះ ឈ្លោះជាមួយអ្នកផ្ទះម៉ោហ្អេស៎?» ព្រោះ ជីយៀន ក៏មិនត្រូវជាមួយលោកប៉ា ស្អប់លោកប៉ា តាំងពីអ្នកម៉ាក់នាងស្លាប់ លោកប៉ាបណ្ដេីរស្រីចូលផ្ទះមិនជាន់មុខ ទេីបនាងរេីចេញពីផ្ទះ មករស់នៅតែឯងឯករាជ្យ។
«អ្ហឹម» ហេរី ងក់ក្បាលតិចៗ និងដកដង្ហេីមធំ។
«ឈ្លោះខ្លាំង?» ជីយៀន លេីកចិញ្ចេីមម្ខាងសម្លឹងមុខមិត្ត។
«មិនខ្លាំងទេ ប៉ុន្តែខ្ញុំតែងតែត្រូវគាត់ស្ដីបន្ទោសឲ្យរាល់ថ្ងៃ ខ្ញុំធ្វេីស្អីក៏ខុស នៅស្ងៀមៗក៏ខុស ណាមួយខ្ញុំមិនមែនជាសាច់ឈាមគាត់បង្កេីតទេ គាត់ស្អប់ខ្ញុំ បេីជាឯង ឯងសុខចិត្តទ្រាំរស់នៅជាមួយមនុស្សដែលចាំតែចាប់កំហុសឯងទេ?»
«អត់ទេ បេីអ្នកផ្ទះឯងព្រម បានឯងមកនៅជាមួយ ខ្ញុំសប្បាយចិត្តណាស់ ខ្ញុំនឹងនាំឯងឲ្យស្គាល់ពិភពខាងក្រៅ»
«គ្រាន់តែគិតថាបានចេញពីផ្ទះនោះក៏សប្បាយចិត្ត»
«តោះដល់ម៉ោងចូលរៀនហេីយ ចាំទៅនិយាយតនៅក្នុងថ្នាក់»
ហេីយពួកនាងក៏ក្រោកពីលេីបង់ នាំគ្នាដេីរទៅថ្នាក់រៀនដោយទឹកមុខញញឹម ព្រោះគិតថាបានរស់នៅជាមួយគ្នាឆាប់ៗ។

♡នរកជីវិត♡Where stories live. Discover now