ភាគទី៥៥🖤

385 12 5
                                    

បើសិនពេលប្រឡងចេញសំណួរមក សួរថាហេតុអ្វីបានជាពេលក្រោកពីដេកកម្រាលពូកមានសភាពខ្ទេចទីទក់ ចូររៀបរាប់ពីមូលហេតុ ហើយលើកជាឧទាហរណ៍ឲ្យបាន១០ក្រដាសសៀវភៅ នាងចេះតែចង់ដឹងហើយ តែនេះជារឿងឥតប្រយោជន៍ ដែលគ្មាននៅក្នុងមេរៀន ហើយនាងពិតជាអត់ចង់ដឹងមែន ព្រោះបើដឹងទៅវាយ៉ាងម៉េច? បើមិនដឹងទៅវាយ៉ាងម៉េច? តើនាងទទួលបានផលចំណេញអ្វីខ្លះ?
តែទោះនាងមិនចង់ដឹង ក៏មនុស្សតាំងចិត្តបញ្ឈឺចង់ប្រាប់៖
«ដែលកម្រាលពូកមានសភាពបែបនេះ ព្រោះខ្ញុំនិង យួយលិ ពួកយើងមិនមែនដេកធម្មតា»
«អ្នកប្រុសចាស់ចំណាស់នេះទៅហើយ បែរជាមិនយល់អ្វីដែលហៅថាសីលធម៌ ខ្ញុំកំពុងតែមកយកឯកសណ្ឋានសិស្ស ដើម្បីស្លៀកទៅសាលារៀន តែអ្នកប្រុសព្យាយាមនិយាយរឿងកាមតណ្ហាប្រាប់ក្មេង ចាស់គ្មានការយល់ដឹង មិនគួរឲ្យគោរព» ហេរី ដៀលទាំងមុខស្មើស្ងួត មុននឹងយកឯកសណ្ឋានសិស្សចេញពីក្នុងទូ ដើរចេញទៅវិញ ស្របពេលអ្នកប្រុស ចូវ ឈរខឹងស្រឡាំងកាំង ព្រោះសម្ដីនាងត្រង់ៗ ចំៗ ចាក់ដោតពេក ធ្វើឲ្យគេគាំងរកពាក្យតបមិនចេញ បានត្រឹមសង្កៀតធ្មេញក្រតៗ ទាំងខឹងចង់បែកទ្រូងស្លាប់ ចាស់គ្មានសីលធម៌ គ្មានការយល់ដឹង មិនគួរឲ្យគោរពអ៊ីចឹងហ្អេស៎?
«សិង្ហ ហេរី!» ជីមីន ខាំធ្មេញហៅឈ្មោះនាង ទាំងអារម្មណ៍ខឹងគ្រឺតយកតែមែនទែន សឹងតែថាបើអាចលេបនាងបាន គេនឹងត្របាក់លេបចូលទៅក្នុងពោះភ្លាម ក្មេងអីពូកែដៀលចុកហួស។
គ្រប់យ៉ាងគឺគេរៀបចំឡើងដើម្បីធ្វើឲ្យនាងប្រចណ្ឌ យប់មិញគេមិនបានដេកជាមួយ យួយលិ ទេ គេអនុញ្ញាតឲ្យ យួយលិ មកនៅទីនេះមែន តែបញ្ជាស្រីបម្រើឲ្យរៀបចំបន្ទប់មួយផ្សេងទៀតសម្រាប់ យួយលិ ហើយដែល ហេរី ឃើញ យួយលិ ចោមពុង គឺចោមពុងងូតទឹក បន្ទាប់ពីងូតទឹករួច ចង់ទាក់ទាញគេដែរ តែគេមិនចាប់អារម្មណ៍ ព្រោះទុក យួយលិ ត្រឹមតែជាប្អូនស្រី ចុងក្រោយ យួយលិ ក៏ត្រូវចេញទៅដេកនៅបន្ទប់ផ្សេង ចំណែកគេដេកតែម្នាក់ឯង ដោយមិនភ្លេចលើកដៃគងថ្ងាសគិតដល់ក្មេងតូច។

តុអាហារ...
បើជ្រុលជាសម្ដែងធ្វើឲ្យនាងប្រចណ្ឌទៅហើយ អ្នកប្រុស ចូវ មានតែសម្ដែងបន្តទៀត ធ្វើជាស្និទ្ធស្នាលផ្អែមល្ហែម យកចិត្តទុកដាក់ចំពោះ យួយលិ បង្ហាញឲ្យ ហេរី ឃើញ តែ ហេរី មិនខ្វល់ គិតតែឈ្ងោកទទួលទានអាហារពេលព្រឹកស្ងាត់ៗ ន្អាលនឹងបានទៅសាលា ចង់អ្នកណានិយាយអី ធ្វើអីធ្វើទៅ។
«ល្ងាចនេះចេញពីធ្វើការ បងត្រូវនាំខ្ញុំទៅ Shopping ណា៎» យួយលិ អង្គុយនៅលើកៅអីជិតអ្នកប្រុស ចូវ លូកចាប់ដៃគេអង្រួនតិចៗ ទាមទារឲ្យគេនាំដើរ Shopping ដោយធ្វើឫកពាញ៉ិកញ៉ក់ដាក់ តែភាពញ៉ិកញ៉ក់របស់នាង មិនគួរឲ្យស្រឡាញ់សម្រាប់គេទេ គឺគេយល់ថាធុញទ្រាន់ណាស់ តែ ហេរី លួចគិតក្នុងចិត្ត ថាគេចូលចិត្ត ព្រោះ យួយលិ ពូកែញ៉ិកញ៉ក់បែបនេះ ទើបគេថា យួយលិ គួរឲ្យស្រឡាញ់ជាងនាងឆ្ងាយ។
«អូខេ» ជីមីន យល់ព្រមទាំងប្រឹងសើចញឹមៗ ព្រោះចង់បញ្ឈឺក្មេងខ្លះ ម្យ៉ាងទៀតគេខុសសន្យាជាមួយ យួយលិ ម្ដងហើយ ទុកថាសងនាងវិញចុះ។
«បងគួរឲ្យស្រឡាញ់ណាស់» យួយលិ ញញឹមដោយការសប្បាយចិត្ត ស្របពេលលោមុខទៅថើបថ្ពាល់គេមួយខ្សឺត ធ្វើឲ្យ ហេរី លេបបាយអួលៗ ចុកក្នុងទ្រូងជាអនេក ទើបទម្លាក់សមស្លាបព្រាចុះ ស្ទុះក្រោកឈរ លូកដៃទាញយកប្រអប់បាយម្ហូបនៅលើតុមកកាន់ មុននឹងដើរចេញពីតុអាហារ ទៅខាងក្រៅ ដែលតៃកុងឡានកំពុងរង់ចាំជូនទៅសាលា។

ពេលល្ងាច...
ព្រះអាទិត្យហៀបអស្ដង្គត នាំឲ្យផ្ទៃមេឃមានពណ៌ទឹកក្រូច ដល់ម៉ោងចេញពីរៀន ទៅផ្ទះវិញទៀតហើយ ហេរី ស្ពាយកាតាបដើរចេញពីសាលា ទៅរកតៃកុងឡាន ភ្លាមនោះស្រាប់តែមានមិត្តរួមថ្នាក់នាងមួយក្រុម មានទាំងស្រី ទាំងប្រុស ហើយក៏មាន ជីយៀន មិត្តស្និទ្ធស្នាលរបស់នាងដែរ ដើរមកស្ទាក់ពីមុខ៖
«ហេរី ទៅច្រៀងខារ៉ាអូខេជាមួយពួកយើងទេ?» ជីយៀន បបួល ស្របពេល ហេរី ឈរគិតមួយភ្លែត មុននឹងងក់ក្បាលយល់ព្រម៖
«ទៅ តែទៅប្រាប់តៃកុងឡានសិន កុំឲ្យគាត់ចាំ» ហេរី រត់ទៅរកតៃកុងឡាន និងហុចកាតាបទៅឲ្យទុក៖
«បើអ្នកប្រុសសួរ ប្រាប់ថាខ្ញុំទៅច្រៀងខារ៉ាអូខេជាមួយមិត្តប្រុសៗ យប់ជ្រៅទើបទៅផ្ទះ»

♡នរកជីវិត♡Where stories live. Discover now