«ខ្ញុំមិនបានរករឿង»
«មិនបាច់និយាយច្រើន លេបថ្នាំហើយ សំងំដេក»
«...» ហេរី សម្លឹងមុខគេទាំងនៅមានពាក្យជាច្រើនទៀតដែលនាងចង់និយាយ ចង់សួរ ចង់ឲ្យគេឆ្លើយ តែគេហាមមិនឲ្យនាងនិយាយដោយធ្វើមុខកាចដាក់នាង ទើបនាងលូកដៃកញ្ឆក់ថ្នាំនិងទឹកពីដៃគេមកលេប មុននឹងផ្ដួលខ្លួនដេកបែរខ្នងដាក់គេទាំងអារម្មណ៍តូចចិត្ត នាងនិយាយការពិត គេបែរជាគិតថានាងឆ្កួត ទាំងដែលនាងដឹងខ្លួនឯងច្បាស់ថាមិនបានឆ្កួតទេ សតិនាងប្រក្រតី។
ជីមីន បិទភ្លើងនៅក្នុងបន្ទប់ ឡើងដេកនៅលើពូក លូកដៃឱបចង្កេះក្មេងល្ងង់ តែត្រូវនាងចាប់ទាញដៃចេញមិនឲ្យឱប ធ្វើឲ្យគេលួចញញឹមអស់សំណើច ព្រោះដឹងថានាងកំពុងខឹងងរង៉ក់ ទើបលូកដៃឱបចង្កេះនាងទៀត និងខ្សឹបដាក់ត្រចៀកនាងលួងលោម៖
«កុំគិតច្រើន គ្រប់រឿងដែលឯងកំពុងគិត មិនមែនជាការពិតទេ ហើយមិនបាច់ឆ្ងល់ ចង់សួររកការពិត បន្តិចទៀតឯងនឹងបានយល់» ជីមីន ថើបសៀតផ្កានាងមួយខ្សឺត ដឹងថានាងមិនទាន់ដេកលក់ទេ ក៏ដឹងទៀតថានាងកំពុងគិតអី ចំណែកនាងឮហើយ គឺពិតជាចង់ងាកសួរគេណាស់ តែគេហាមប្រាមទុកមុនមិនឲ្យសួរ ទើបនាងធ្វើបានត្រឹមលាក់ចម្ងល់ទុកនៅក្នុងបេះដូង ហើយក៏សំងំដេកលក់ទៅ។
ថ្ងៃថ្មី...
ព្រះអាទិត្យរះខ្ពស់ហើយ តែ ជីមីន និង ហេរី នៅមិនទាន់ភ្ញាក់ពីដំណេកទេ ដោយសារកាលពីយប់មិញ ទាស់សម្ដីគ្នា នៅដល់យប់ជ្រៅ ទម្រាំតែដេក ម្យ៉ាងទៀតថ្ងៃនេះ គឺជាថ្ងៃសម្រាកចុងសប្ដាហ៍ គេមិនទៅធ្វើការ ចំណែកនាងក៏មិនទៅរៀន ទើបដេកភ្ញាក់រាងយូរជាងថ្ងៃធម្មតា។
ពន្លឺថ្ងៃចាំងចំបង្អួចកញ្ចក់ ជះពន្លឺចូលមកក្នុងបន្ទប់ ដាស់ ហេរី ឲ្យភ្ញាក់ពីដំណេក ត្របកភ្នែកតូចកម្រើកតិចៗ មុននឹងបើកភ្នែកឡើងយឺតៗ ងាកសម្លឹងក្បែរខ្លួន ទើបឃើញ ជីមីន នៅដេកលក់មិនទាន់ភ្ញាក់ទេ ដៃគេឱបចង្កេះនាងជាប់។
នាងសម្លឹងមុខគេ ពេលដេកលក់មិនដឹងខ្លួនយ៉ាងយូរ មានតែគេដេកលក់ទេ ទើបនាងហ៊ានសម្លឹងមើលមុខគេចំៗ សម្លឹងយូរៗទៅ មានអារម្មណ៍ថាមុខគេស្អាតណាស់ សង្ហាណាស់ កាន់តែសម្លឹង កាន់តែមិនចង់ដកខ្សែភ្នែកចេញ ស្របពេលចង្វាក់បេះដូងលោតខុសពីប្រក្រតី តែមិនមែនលោតព្រោះភាពភ័យខ្លាចដូចគ្រាកន្លងមកទេ លោតបែបរំភើបៗយ៉ាងម៉េចក៏មិនដឹង នាងពិបាកបរិយាយណាស់។
ហេរី ចាប់លើកដៃគេថ្នមៗ ទាញចេញពីចង្កេះរបស់នាង មុននឹងស្ទុះក្រោកអង្គុយ យកដៃស្ទាបទ្រូង ដែលបេះដូងនៅតែលោតញាប់មិនបាត់ តើបេះដូងនាងកើតជំងឺអី? អារម្មណ៍បែបនេះនាងមិនធ្លាប់មានពីមុនមកទេ ចម្លែកណាស់។
«កើតអី?» ហេរី សួរខ្សឹបៗឲ្យឮតែខ្លួនឯង ទាំងមិនយល់ពីបេះដូងដែលចេះតែលោតញាប់ នាងបម្រុងចុះពីលើពូក តែក៏ត្រូវភ្ញាក់ព្រើត ពេលអ្នកដែលនាងគិតថានៅដេកលក់មិនទាន់ភ្ញាក់ ចាប់ទាញនាងទៅឱបជាប់ណែន និងបើកភ្នែកសម្លឹងមុខនាង ធ្វើឲ្យបេះដូងនាងកាន់តែលោតញាប់លើសមុន១០០ដង។
«អឺ អ្នកប្រុសភ្ញាក់តាំងពីពេលណា?»
«ពេលឯងដេកសម្លឹងមុខខ្ញុំមិនព្រិចភ្នែក»
«ហេតុអីអ្នកប្រុសដឹង?» ហេរី បើកភ្នែកធំៗដោយការភ្ញាក់ផ្អើល ទាំងដែលគេស្មានលេងសោះ។
«ឯងសម្លឹងមុខខ្ញុំមែន?»
«ចាស ខ្ញុំសម្លឹងមែន» ហេរី សារភាពតាមត្រង់ ធ្វើឲ្យគេស្ទើរតែផ្ទុះសំណើចទៅហើយ តែប្រឹងទប់។
«សម្លឹងធ្វើអី?»
«ខ្ញុំស្មានថាអ្នកប្រុសនៅគេងលក់ តែសម្លឹងយូរទៅ មុខអ្នកប្រុសគឺសង្ហាណាស់ ទើបខ្ញុំ អឺ មិនអាចដកខ្សែភ្នែកចេញបាន»
«...» ថ្ពាល់ ជីមីន ឡើងក្រហមព្រឿងៗ ព្យាយាមទប់ស្នាមញញឹមអស់ពីសមត្ថភាព ពេលឮក្មេងតូចសរសើរត្រង់ៗ។
«ខ្ញុំមិនដឹងហេតុអីទេ ពេលសម្លឹងមុខអ្នកប្រុស បេះដូងស្រាប់តែលោតខុសចង្វាក់»
«ពេលនេះបេះដូងឯងកំពុងតែលោតញាប់?»
«ចាស លោតញាប់ខ្លាំងណាស់ ខ្ញុំសង្ស័យថាបេះដូងខ្ញុំមានជំងឺអ្វីម្យ៉ាងហើយ»
«ជំងឺលង់ស្នេហ៍ប្រុសចាស់?»
YOU ARE READING
♡នរកជីវិត♡
Любовные романыគេហាមហេីយ ហាមទៀត តែប៉ាម៉ាក់មិនស្ដាប់ នៅតែរឹងមានះ ចង់យកក្មេងស្រីដែលមានជំងឺប្រសៃប្រសាទនោះ មកធ្វេីជាកូនចិញ្ចឹម ទាំងដែលក្មេងនៅក្នុងមណ្ឌលកុមារកំព្រាច្រេីនណាស់ ប៉ាម៉ាក់ចង់យកក្មេងម្នាក់ណាមកចិញ្ចឹមក៏បាន លេីកលែងតែក្មេងឈ្មោះ សិង្ហ ហេរី ដែល ចូវ ជីមីន មិនយល់ស្រ...
