«មិនបាច់ធ្វើដល់ថ្នាក់ហ្នឹងទេអ្នកប្រុស ខ្ញុំគិតថាគេងបន្ទប់រៀងខ្លួនដូចដើមទៅល្អជាង» ហេរី ភ័យស្លេកមុខងាំង គ្រាន់តែឮថាចាប់ពីពេលនេះទៅ ត្រូវគេងបន្ទប់ជាមួយគេ បែបនេះមិនមែនដើម្បីសុវត្ថិភាពនាងទេ តែធ្វើឲ្យនាងអាយុខ្លីឆាប់ស្លាប់ទៅវិញទេ តាំងពីដើមមក គេមិនមែនមិនដឹងថានាងខ្លាចគេខ្លាំងយ៉ាងណាទេ ពេលនាងចង់គេចពីគេ នាងតែងតែសំងំលាក់ខ្លួននៅក្នុងបន្ទប់ ចុះបើនាងគេងបន្ទប់ជាមួយគេ?
មុនចូលគេងឃើញមុខគេ ភ្ញាក់ពីគេងឃើញមុខគេ ពេលចូលបន្ទប់ទឹក ងូតទឹក បត់ដៃបត់ជើង គេច្បាស់ជាដឹង ពេលស្រាតសម្លៀកបំពាក់ ស្លៀកសម្លៀកបំពាក់ ឲ្យនាងធ្វើម៉េច?
នាងជាក្មេងស្រីដែលមានការភ័យខ្លាចច្រើន អៀនខ្មាសច្រើន ម្យ៉ាងទៀតបើនាងគេងបន្ទប់ជាមួយគេ នាងនឹងបាត់បង់ភាពផ្ទាល់ខ្លួន នាងខ្លាចគេផង ក្រែងចិត្តគេផង ពេលនៅជាមួយគេ សូម្បីតែដកដង្ហើមក៏មិនហ៊ានដកឮៗ ការរស់នៅបែបនេះវាវេទនាជាងស្លាប់ទៅទៀត បើបួសធ្វើដូនជីរស់នៅក្នុងអារាមប្រហែលស្រួលជាង។
«មិនបាន ឯងត្រូវគេងបន្ទប់ជាមួយខ្ញុំ បើមានអ្នកណាចង់ធ្វើបាបឯង ខ្ញុំនឹងបានជួយទាន់ពេល» គ្រាន់តែជាលេសរបស់គេប៉ុណ្ណោះ តាមការពិតគេចង់គេងជាមួយនាង ចង់នៅជិតៗនាង ចង់ស្និទ្ធស្នាលជាមួយនាង ចង់ឃើញមុខនាងចុងក្រោយគេមុនពេលចូលគេង ចង់ឃើញមុខនាងមុនគេពេលភ្ញាក់ពីគេង ចង់រស់នៅជាមួយនាងដូចជាប្ដីប្រពន្ធ។
«តែអ្នកប្រុស...»
«គ្មានតែអ្វីទាំងអស់ ខ្ញុំសម្រេចចិត្តបែបនេះហើយ មិនកែប្រែទេ» ជីមីន មិនព្រមឲ្យនាងតវ៉ា ចាប់អូសដៃនាងដើរចូលទៅក្នុងបន្ទប់គេ ស្របពេលនាងធ្វើមុខពិបាកចិត្តចង់យំចេញមក ព្រោះនាងមិនពេញចិត្តការសម្រេចចិត្តរបស់គេសូម្បីតែបន្តិចឡើយ។
«ខ្ញុំអាចសំណូមពរអ្នកប្រុសរឿង១បានទេ?» ហេរី ងាកសម្លឹងមើលគ្រប់យ៉ាងនៅក្នុងបន្ទប់ដ៏ប្រណីតរបស់គេ ឃើញថាផ្ទៃបន្ទប់ធំទូលាយល្វឹងល្វើយណាស់ តែគ្រែគេងមានតែ១ទេ ឯគេក៏ងាកសម្លឹងមុខនាង ទាំងចាប់ដៃនាងជាប់មិនព្រមលែង៖
«និយាយទៅ» នាងចង់សំណូមពរអី?
«អឺ ខ្ញុំចង់ឲ្យអ្នកប្រុសលើកគ្រែបន្ទប់ខ្ញុំ មកដាក់នៅក្នុងបន្ទប់អ្នកប្រុស» សំណូមពររបស់នាងធ្វើឲ្យគេជ្រួញចិញ្ចើមមិនពេញចិត្ត ព្រោះដឹងថានាងកំពុងតែគិតអីហើយ នាងមិនព្រមដេកគ្រែរួមជាមួយគេទេ បើលើកគ្រែនាងមកដាក់នៅក្នុងបន្ទប់គេដដែល ដេកបន្ទប់រៀងខ្លួនដូចដើមវាមិនល្អជាង?
«គ្រែមានស្រាប់ហើយ ធំទូលាយណាស់ កុំថាដេកមនុស្ស២នាក់ ដេកមនុស្ស១០នាក់ក៏បានដែរ លើកគ្រែ១ទៀតចូលមក នាំតែចង្អៀតបន្ទប់ធ្វើអី?» ជីមីន លើកដៃចង្អុលទៅគ្រែនៅក្នុងបន្ទប់បង្ហាញនាង តែសម្រាប់នាង វាមិនសំខាន់ត្រង់ថាគ្រែធំអាចដេកបានមនុស្សប៉ុន្មាននាក់ទេ សំខាន់នាងមិនចង់ដេករួមគ្រែជាមួយគេ ព្រោះគេជាប្រុស ហើយនាងជាស្រី ថែមទាំងគ្មានទំនាក់ទំនងអ្វីជាមួយគ្នាទៀត។
«ប៉ុន្តែបន្ទប់អ្នកប្រុសធំណាស់ ដាក់គ្រែ៣ទៀតចូលក៏មិនឃើញថាចង្អៀត ត្រង់នេះ ត្រង់នោះ ហើយត្រង់នោះទៀត សុទ្ធតែអាចដាក់គ្រែបានទាំងអស់» ហេរី លើកដៃចង្អុលទៅកន្លែងវាលស្រឡះៗ បើទោះដាក់គ្រែចូល៣,៤ទៀត ក៏មិនធ្វើឲ្យបន្ទប់គេចង្អៀតដែរ តែបើថាចង្អៀតចិត្តមិនចង់ឲ្យដាក់ត្រូវជាង។
«ត្រង់នេះ ត្រង់នោះ ហើយត្រង់នោះដែលឯងចង្អុល សុទ្ធតែជាផ្លូវខ្ញុំដើរ ដាក់នៅត្រង់ណាក៏ទើសផ្លូវខ្ញុំដើរទាំងអស់»
«ទោះដាក់គ្រែ ក៏នៅសល់ផ្លូវដើរធំដែរ ខ្ញុំគិតថាមិនទើសទេ»
«តែខ្ញុំថាទើស សរុបទៅគឺមិនអនុញ្ញាតឲ្យយកគ្រែ១ទៀតចូលមកដាច់ខាត» ខ្លីៗ ងាយយល់ ឆាប់ចប់។
«ចឹងខ្ញុំសុំគេងខាងក្រោម»
«គេងលើគ្រែ គេងជាមួយខ្ញុំ»
«ខ្ញុំគេងបម្រះណាស់ ខ្លាចរំខានអ្នកប្រុស»
«មិនអីទេ បម្រះត្រង់ណាក៏បាន ក្រោមទ្រូងខ្ញុំក៏បាន លើទ្រូងខ្ញុំក៏បាន ក្នុងភួយក៏បាន ក្រៅភួយក៏បាន បម្រះលើពូកហត់ ប្ដូរបរិយាកាសទៅបម្រះលើសាឡុងក៏បាន»
«អឺ ចាស?»

YOU ARE READING
♡នរកជីវិត♡
Romansaគេហាមហេីយ ហាមទៀត តែប៉ាម៉ាក់មិនស្ដាប់ នៅតែរឹងមានះ ចង់យកក្មេងស្រីដែលមានជំងឺប្រសៃប្រសាទនោះ មកធ្វេីជាកូនចិញ្ចឹម ទាំងដែលក្មេងនៅក្នុងមណ្ឌលកុមារកំព្រាច្រេីនណាស់ ប៉ាម៉ាក់ចង់យកក្មេងម្នាក់ណាមកចិញ្ចឹមក៏បាន លេីកលែងតែក្មេងឈ្មោះ សិង្ហ ហេរី ដែល ចូវ ជីមីន មិនយល់ស្រ...