ជីមីន ឮហើយ ក្ដាប់ប្រអប់ដៃណែន ខាំធ្មេញស្ទើរបែក សែនក្ដៅចង់ឆេះបេះដូង ចុះអាឆ្កែត្រូវគ្រាប់ណា ក៏មាត់មានសំណាងជាងគេយ៉ាងនេះ? បានផឹកទឹកក្រូចច្របាច់ស្នាដៃនាង ទាំងដែលគេឃ្លានផឹកចង់ងាប់ នាងមិនច្របាច់ឲ្យផឹកផង នេះបញ្ជាក់យ៉ាងច្បាស់ថាក្នុងចិត្តនាង ទុកគេមិនស្មើឆ្កែអនាថា?
«មើលទៅឯងសម្បូរពេលទំនេរធ្វើរឿងឥតប្រយោជន៍ណាស់?» ជីមីន សួរឌឺដងដោយទឹកមុខកាច ស្របពេលខ្សែភ្នែកសម្លក់មុខក្មេងតូចឆ្លាស់កែវទឹកក្រូចច្របាច់ ទាំងអារម្មណ៍ច្រណែនឆ្កែអនាថាមួយក្បាលនោះបំផុត។
«អឺ ឆ្កែកំពុងចាំខ្ញុំ ខ្ញុំយកទៅឲ្យវាផឹកសិន» ហេរី ប្រាប់ទាំងមិនហ៊ានសម្លឹងមើលមុខគេចំ ហើយក៏ប្រញាប់ប្រញាល់រត់ចេញទៅ ស្របពេលអ្នកប្រុស ចូវ ងាកតាមសម្លក់ ទាំងសង្រ្គឺតធ្មេញ ខឹងក្ដៅស្លឹកត្រចៀកឆេវ។
«ឆ្កែផឹកទឹកក្រូចច្របាច់ ហ៊ិស គួរឲ្យចង់សើចណាស់ ជំងឺប្រសៃប្រសាទក្មេងនេះ បែបមិនទាន់ជាទេ» យួយលិ និយាយដោយការសើចចំអក តែមិនប្លែកទេ ព្រោះមនុស្សឆ្កួត តែងតែនឹកឃើញធ្វើរឿងដែលមិនប្រក្រតី។
ជីមីន ខឹងផង ច្រណែនឆ្កែផង ផ្ទៃមុខសង្ហាឡើងក្រហមងាំង ហើយដែលគេនាំ យួយលិ មក គឺចង់បញ្ឈឺចិត្តនាង ដែលហ៊ានព្រហើនសម្ដីឡូយដាក់គេ តែមើលទៅនាងមិនខ្វល់នឹងគេទេ សុខចិត្តទៅយកចិត្តទុកដាក់ចំពោះឆ្កែអនាថា ល្អណាស់ ចាំមើលឡូយដាក់គេបានយូរប៉ុនណា?
ហើយក៏នាំ យួយលិ ឡើងទៅបន្ទប់។
ចំណែក ហេរី វិញ ពេលរត់ផុតពីខ្សែភ្នែកអ្នកប្រុស ចូវ ហើយ ក៏លើកកែវទឹកក្រូចច្របាច់ផឹកខ្លួនឯងទាល់តែអស់ ការពិតនាងមិនចង់កុហកគេទេ គឺចង់ហុចកែវទឹកក្រូចច្របាច់ទៅឲ្យគេណាស់ ចង់ប្រាប់ថានាងតាំងចិត្តធ្វើឲ្យគេ តែមកពីឃើញគេលូកដៃឱបចង្កេះ យួយលិ យ៉ាងស្និទ្ធស្នាល ទាំងដែលដឹងហើយថា យួយលិ ធ្លាប់ចង់សម្លាប់នាង ប៉ុន្តែគេនៅតែនាំ យួយលិ មក នាងពិតជាតូចចិត្ត ម្យ៉ាងទៀតបើនាងហុចកែវទឹកក្រូចឲ្យគេ តែគេមិនទទួល នាងប្រាកដជាខ្មាសទាំងគេ ខ្មាសទាំង យួយលិ ដូច្នេះទើបនាងកុហក។
ហេរី សំងំផឹកទឹកក្រូចច្របាច់អស់ហើយ ទើបដើរចូលទៅក្នុងភូមិគ្រឹះវិញ ហើយក៏ឡើងកាំជណ្ដើរទៅបន្ទប់ ពេលដើរមកដល់មុខបន្ទប់ ក៏ឃើញអ្នកប្រុស ចូវ កំពុងឈរនៅមុខបន្ទប់រង់ចាំនាង និងនិយាយឲ្យបេះដូងនាងសែនឈឺចុកអួល៖
«យប់នេះដេកបន្ទប់ឯងទៅ ខ្ញុំដេកជាមួយ យួយលិ»
«ចាស» ហេរី ងក់ក្បាលតិចៗ យល់ព្រម ធ្វើឲ្យគេសង្កៀតធ្មេញសួរទាំងគ្រឺតក្នាញ់៖
«មិនតវ៉ាទេ?»
«អត់ទេ»
«ខ្ញុំនឹងមានអីៗជាមួយ យួយលិ»
«ចាស»
«ឯងប្រចណ្ឌទេ?»
«អត់ទេ អ្នកប្រុសធ្វើអីធ្វើទៅ ខ្ញុំសប្បាយចិត្តណាស់ ព្រោះមិនដែលចង់ដេកជិតអ្នកប្រុសស្រាប់ហើយ»
YOU ARE READING
♡នរកជីវិត♡
Romanceគេហាមហេីយ ហាមទៀត តែប៉ាម៉ាក់មិនស្ដាប់ នៅតែរឹងមានះ ចង់យកក្មេងស្រីដែលមានជំងឺប្រសៃប្រសាទនោះ មកធ្វេីជាកូនចិញ្ចឹម ទាំងដែលក្មេងនៅក្នុងមណ្ឌលកុមារកំព្រាច្រេីនណាស់ ប៉ាម៉ាក់ចង់យកក្មេងម្នាក់ណាមកចិញ្ចឹមក៏បាន លេីកលែងតែក្មេងឈ្មោះ សិង្ហ ហេរី ដែល ចូវ ជីមីន មិនយល់ស្រ...
