ហេរី ស្រែកចាច ពេលត្រូវអ្នកប្រុស ចូវ ចាប់លើកបីឡើង ដើរចូលទៅក្នុងផ្ទះ សំដៅកាំជណ្តើរឡើងទៅបន្ទប់ ក្លិនស្រាដែលភាយចេញពីរាងកាយនាង ធ្វើឲ្យកំហឹងក្នុងទ្រូងគេ កាន់តែពុះកញ្ជ្រោលក្ដៅគគុក ស្រមៃរូបភាពដែលនាងចូលខារ៉ាអូខេជាមួយប្រុសៗ រាំច្រៀងឡេឡូ ស្រវឹងទន់ខ្លួនបែបនេះ ត្រូវអាចង្រៃណាឆ្លៀតឱកាសលូកលាន់ខ្លះ? ហេតុអីនាងធ្វើខ្លួនផ្ដេសផ្ដាសគួរឲ្យចង់ទះកំប៉េះគូទបែបនេះ?
«អ្នកប្រុសដាក់ខ្ញុំចុះ ដាក់ចុះ» ហេរី ស្រែកឡូឡាបណ្ដើរ ព្យាយាមសម្រូតខ្លួនចុះពីលើដៃគេបណ្ដើរ ព្រោះទទួលដឹងដល់អារម្មណ៍ដែលគ្មានសុវត្ថិភាព តែសម្រូតចុះមិនបានសម្រេច រហូតគេបីនាងដើរចូលមកដល់ក្នុងបន្ទប់គេ ក៏បោះនាងទៅកណ្ដាលពូកដោយមិនថ្នាក់ថ្នម
បឹប/
«ខ្ញុំស្អប់អ្នកប្រុសហើយ ខ្ញុំនឹងទៅបួស ខ្ញុំមិននៅជាមួយអ្នកប្រុសទៀតទេ តាំងពីតូចដល់ធំ អ្នកប្រុសចូលចិត្តស្ដីបន្ទោសឲ្យខ្ញុំ អ្នកប្រុសបិទសិទ្ធសេរីភាពខ្ញុំ ធ្វើអីក៏ខុស ធ្វើអីក៏មិនដែលត្រូវចិត្តអ្នកប្រុស ដកដង្ហើមក៏ត្រូវអ្នកប្រុសចាប់កំហុស អ្ហឹកៗ» ហេរី ស្ទុះក្រោកអង្គុយ យំរៀបរាប់ពាក្យនៅក្នុងចិត្តចេញមក គេដឹងថានាងស្រវឹង សម្ដីអ្នកស្រវឹងភាគច្រើនគឺជាការពិត ទើបសួរចង់ឲ្យនាងនិយាយពាក្យដែលកប់ទុកនៅក្នុងចិត្តនាងរាប់ឆ្នាំមកនេះ ចេញមកឲ្យអស់ក្នុងថ្ងៃនេះ ពេលនេះ ឥឡូវនេះ
«យ៉ាងម៉េចទៀត?»
«អ្នកប្រុសអាងខ្លួនឯងជាមនុស្សចាស់ ចង់ធ្វើអ្វីក៏បានស្រេចចិត្ត គិតថាអ្វីដែលខ្លួនឯងធ្វើសុទ្ធតែត្រូវទាំងអស់មែនទេ? អ្នកប្រុសដឹងហើយថាអ្នកនាង យួយលិ ធ្លាប់ព្យាយាមចង់សម្លាប់ខ្ញុំ ទើបខ្ញុំរត់ទៅបួស តែអ្នកប្រុសតាមទៅឃាត់មិនឲ្យខ្ញុំបួសបានសម្រេច អ្នកប្រុសសន្យាថានឹងការពារខ្ញុំ សន្យាថាមិនបោះបង់ខ្ញុំចោល តែចុងក្រោយអ្នកប្រុសយកអ្នកដែលធ្លាប់ព្យាយាមសម្លាប់ខ្ញុំ ឲ្យមកនៅក្បែរខ្ញុំ ឬអ្នកប្រុសមិនខ្លាចអ្នកនាង យួយលិ សម្លាប់ខ្ញុំទៀតទេ? ឬជីវិតក្មេងកំព្រាថោកទាបម្នាក់នេះ វាគ្មានន័យសម្រាប់អ្នកប្រុសកិត្តិយសដ៏ខ្ពង់ខ្ពស់ទេ?»
«...»
«ខ្ញុំនៅតូច ខ្ញុំមិនដឹងអីទេ ជាក្មេងដែលមានជំងឺប្រសៃប្រសាទ ប៉ាម៉ាក់បង្កើតជាអ្នកណា? មុខមាត់បែបណា? គាត់នៅរស់ឬស្លាប់ហើយ? ហេតុអីគាត់បោះបង់ខ្ញុំចោល? តើខ្ញុំជាអ្នកណា? ខ្ញុំមិនស្គាល់ខ្លួនឯងទេ អ្ហឹកៗ ប៉ាម៉ាក់អ្នកប្រុសយកខ្ញុំមកចិញ្ចឹម តែគាត់ជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត ហេតុអីបន្ទោសថាមកពីខ្ញុំចង្រៃ? ខ្ញុំមិនចង់ឲ្យគាត់ស្លាប់ទេ អ្ហឹកៗ អ្នកប្រុសស្អប់ខ្ញុំព្រោះតែរឿងនេះ អ្នកប្រុសឃើញខ្ញុំក៏នឹកដល់រឿងនេះ វាប្រៀបដូចជាដំបៅដែលចាក់ឬសជាប់នៅក្នុងចិត្តអ្នកប្រុស ទោះពេលវេលាកន្លងទៅប៉ុន្មានឆ្នាំទៀត ក៏អ្នកប្រុសនៅតែស្អប់ខ្ញុំព្រោះតែរឿងនេះ អ្នកប្រុសមិនអាចភ្លេចរឿងនេះពីក្នុងចិត្តបានទេ»
«មានអ្វីទៀតដែលលាក់នៅក្នុងចិត្តឯង?»
«តាំងពីតូចមក ខ្ញុំខ្លាចអ្នកប្រុសណាស់ សូម្បីតែមុខអ្នកប្រុសមិនហ៊ានសម្លឹងមើលចំ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ អ្នកប្រុសចាប់ផ្តើមប្រែប្រួល អ្នកប្រុសមិនដូចមុនទេ អ្នកប្រុសធ្វើល្អចំពោះខ្ញុំ អ្នកប្រុសស្និទ្ធស្នាលជាមួយខ្ញុំ អ្នកប្រុសនិយាយជាមួយខ្ញុំច្រើនជាងមុន អ្នកប្រុសធ្វើឲ្យខ្ញុំរំភើបចិត្ត ហើយអារម្មណ៍ភ័យខ្លាចដែលខ្ញុំមានលើអ្នកប្រុស ក៏កាត់បន្ថយបន្តិចម្តងៗ»
«ដូច្នេះទើបឯងហ៊ានចូលខារ៉ាអូខេ?» ជីមីន ដាក់បង្គុយលើពូក លូកដៃច្បិចចង្កានាង ទើបនាងរៀបរាប់ប្រាប់ទាំងអារម្មណ៍អន់ចិត្ត
«មកពីអ្នកប្រុសមិនខ្វល់នឹងខ្ញុំ»
«ហើយក៏រកវិធីទាមទារចំណាប់អារម្មណ៍?»
«អត់ទាមទារចំណាប់អារម្មណ៍ទេ»
«អត់ទេ តែមានចេតនាបញ្ឈឺច្បាស់ណាស់ ទើបឲ្យប្រុសជូនមក?»
«ចុះអ្នកប្រុសនាំអ្នកនាង យួយលិ ទៅ Shopping នោះយ៉ាងម៉េចវិញ?»
«មានយ៉ាងម៉េច ហេតុអី? មិនបាន? សិទ្ធខ្ញុំ»
«ហ្នឹង! ដូចគ្នា»
«ដូចគ្នាស្អី?»
«ខ្ញុំចូលខារ៉ាអូខេ យ៉ាងម៉េច? ហេតុអី? មិនបាន? សិទ្ធខ្ញុំ» ហេរី យកសម្ដីគេមកនិយាយតាម ស្របពេលគេញោចចុងមាត់ លូកដៃចូលទៅក្នុងហោប៉ៅខោ យកប្រអប់ក្រហមតូចមួយចេញមកបង្ហាញនាង
«ថ្ងៃនេះខ្ញុំនាំ យួយលិ ទៅ Shopping ក៏ឆ្លៀតចូលទិញចិញ្ចៀនពេជ្រមួយវង់ ដើម្បីសុំក្មេងស្រីម្នាក់រៀបការ តែថាពេលនេះខ្ញុំត្រូវពិចារណាឡើងវិញបន្តិចហើយ»
«ហ៊ឺ?»
YOU ARE READING
♡នរកជីវិត♡
Romanceគេហាមហេីយ ហាមទៀត តែប៉ាម៉ាក់មិនស្ដាប់ នៅតែរឹងមានះ ចង់យកក្មេងស្រីដែលមានជំងឺប្រសៃប្រសាទនោះ មកធ្វេីជាកូនចិញ្ចឹម ទាំងដែលក្មេងនៅក្នុងមណ្ឌលកុមារកំព្រាច្រេីនណាស់ ប៉ាម៉ាក់ចង់យកក្មេងម្នាក់ណាមកចិញ្ចឹមក៏បាន លេីកលែងតែក្មេងឈ្មោះ សិង្ហ ហេរី ដែល ចូវ ជីមីន មិនយល់ស្រ...