ថ្ងូរ?
ហេរី ភ្ញាក់ខ្លួនព្រើត បើកភ្នែកធំៗ ទើបតែចាប់អារម្មណ៍ថាគេបីនាងដើរមកបន្ទប់គេ មិនមែនបន្ទប់នាងទេ ហើយពេលឃើញគេបម្រុងបើកទ្វារចូលទៅក្នុងបន្ទប់ នាងក៏រហ័សសម្រូតខ្លួនចុះពីលើដៃប្រុសកំលោះយ៉ាងលឿន។
«អឺ គឺ មកដល់ផ្ទះហើយ ខ្ញុំមិនរំខានអ្នកប្រុសទៀតទេ ខ្ញុំសុំទៅបន្ទប់របស់ខ្ញុំ សុំអរគុណអ្នកប្រុសម្ដងទៀត សម្រាប់គ្រប់យ៉ាងនៅថ្ងៃនេះ សុំឲ្យអ្នកប្រុសគេងលក់សុបិនល្អ» ហេរី ឱនគំនាប់ដាក់រាងខ្ពស់ជាការអរគុណ មុននឹងបែរខ្នងដាក់មេប្រុចទៅបន្ទប់នាងយ៉ាងលឿន ហាក់ដូចខ្លាចគេចាប់នាងចូលបន្ទប់គេ ស្របពេលគេឈរនៅមុខបន្ទប់គេ តាមមើលនាងទាល់តែនាងចូលទៅក្នុងបន្ទប់នាងផុត ទើបគេបើកទ្វារចូលទៅក្នុងបន្ទប់គេដែរ។ព្រឹកថ្ងៃថ្មី...
នាងក្រមុំតូចនៅក្នុងឯកសណ្ឋានសិស្ស ដើរចុះពីលើកាំជណ្ដើរមកជាន់ខាងក្រោម ដោយទឹកមុខញញឹមតិចៗ ព្រោះនៅសល់ចំហាយកាលពីយប់មិញ។
នាងខ្លាចគេ ប៉ុន្តែពេលនឹកឃើញដល់ទង្វើគេកាលពីម្សិលមិញ នាងបែរជាដេកញញឹមដោយមិនដឹងខ្លួន បេះដូងនាងរំភើបញាប់ញ័រ ស្រមៃដល់ពេលដែលគេរងកំផ្លៀងជំនួសនាង កម្ម៉ង់អាហារជាច្រើនមុខមកឲ្យនាងញ៊ាំ ថែមទាំងយល់ព្រមឲ្យនាងខ្ចប់អាហារសល់ទៅចែកអ្នកសុំទានទៀត ទោះគេកាចបន្តិចមែន តែក៏ចិត្តល្អ។
ហេរី ដើរចុះមកដល់តុអាហារ តែមិនឃើញ ជីមីន ទេ ព្រោះគេទៅក្រុមហ៊ុនបាត់ហើយ ដោយសារថ្ងៃនេះមានប្រជុំ ទើបទៅរាងលឿនបន្តិច ចំណែកនាងពេលទទួលទានអាហារពេលព្រឹកហើយ ក៏កាន់ប្រអប់បាយម្ហូបដែលស្រីបម្រើរៀបចំឲ្យ ដើរចេញទៅរកតៃកុងឡាន ឲ្យជូនទៅសាលា។ពេលល្ងាច...
ត្រូវ ជីមីន ទះមួយកំផ្លៀងម្សិលមិញ អានលី មិនសុខចិត្តដាច់ខាត។
មួយកំផ្លៀងរបស់គេមិនធ្វើឲ្យនាងឈឺសាច់ទេ ក៏ប៉ុន្តែឈឺចិត្តស្ទើរក្អួតឈាម នាងយករឿងគ្រប់យ៉ាងទៅនិយាយប្រាប់អ្នកម៉ាក់ ប្រាប់ថាគេសំងំនៅក្នុងបន្ទប់ទឹកជាមួយ ហេរី គេទះកំផ្លៀងនាងដោយសារនាងដៀលជេរ ហេរី គេថែមទាំងរងកំផ្លៀងជំនួស ហេរី ទៀត អ្នកស្រី សឹងចឹង ឮហើយខឹងដាច់ក្បាលដាច់កន្ទុយ ទើបនាំកូនស្រីមកភូមិគ្រឹះត្រកូលចូវ អង្គុយរង់ចាំ ហេរី ចេញពីរៀន នឹងចាប់ក្មេងចង្រៃនោះទះកំផ្លៀងឲ្យឈាមមាត់ សងសឹកឲ្យកូនស្រីជាទីស្រឡាញ់ ចាំមើលពេលគាត់វាយក្មេងនោះក្បែរស្លាប់ ជីមីន អាចធ្វើអីគាត់បាន?
ហេរី ចេញពីរៀន បើកទ្វារចុះពីលើឡាន ដើរចូលទៅក្នុងផ្ទះ ដោយមិនដឹងថា២នាក់ម៉ាក់កូននោះ ខឹងគុំកួន មកអង្គុយរង់ចាំវាយទេ ហើយពេលឃើញ ហេរី ដើរចូលមកដល់ក្នុងផ្ទះភ្លាម សឹងចឹង និង អានលី ក៏ស្ទុះក្រោកពីលើសាឡុង កែវភ្នែកសម្លក់ ហេរី ដោយការស្អប់ខ្ពើម ធ្វើឲ្យ ហេរី ភ័យស្លេកមុខ បបូរមាត់ចាប់ផ្ដើមញ័រ បេះដូងលោតញាប់ស្អេក។
«ម្សិលមិញបងប្រុសខ្ញុំទះកំផ្លៀងខ្ញុំដោយសារឯង សមចិត្តឯងណាស់មែនទេ?» អានលី សួរឌឺដងដោយកំហឹង ប្រអប់ដៃទាំងសងខាងក្ដាប់ណែន ដើរចូលទៅរក ហេរី ស្របពេល ហេរី ថយគេចតិចៗ ទាំងរាងកាយញ័រខ្លាច។
«អឺ អត់ទេ» ហេរី គ្រវីក្បាលតតាត់ ទឹកភ្នែកនៃការភ័យខ្លាចហូរដាបថ្ពាល់ នាងមិនដឹងអីទេ នាងមិនបានសមចិត្ត មានតែអាណិត មានតែបន្ទោសខ្លួនឯង ដែលឃើញ ជីមីន ទះកំផ្លៀង អានលី កាលពីម្សិលមិញដោយសារនាង។
«ទះវាឲ្យឈាមមាត់ទៅកូន មានម៉ាក់នៅទីនេះ គ្មានអ្នកណាហ៊ានធ្វើអីកូនទេ» អ្នកស្រី សឹងចឹង ស្រែកតឿន ព្រោះឃើញមុខស្លូតបូតគួរឲ្យអាណិតរបស់ ហេរី ហើយ សែនស្អប់ គិតថានាងសម្ដែង ទាំងដែលធាតុពិតនាងអាក្រក់ពិសពុល ប្រើសម្រស់ពង្វក់ ជីមីន ចង់លេបត្របាក់ទ្រព្យសម្បត្តិដែលគួរតែជារបស់ អានលី កូនស្រីគាត់។
«អ្នកនាង អានលី កុំធ្វើបាបខ្ញុំអី អ្ហឹកៗ» ហេរី លើកដៃសំពះអង្វរករ ទាំងយំអណ្ដឺតអណ្ដក ប៉ុន្តែ អានលី គ្មានទេក្ដីអាណិត មានតែកំហឹងខឹងស្អប់ ទើបយារដៃឡើងទះមុខ ហេរី ២កំផ្លៀងផ្ទួនៗ៖
ផ្លាច់/ ផ្លាច់/
«អូ៎យយយ អ្ហឹកៗ» ហេរី លើកដៃក្ដោបថ្ពាល់ ដួលព្រូសទៅលើឥដ្ឋ ហើយក៏ត្រូវ អានលី ចាប់បោចសក់ក្បាល កន្រ្តាក់អូសទាញ ទៅបោកក្បាលនឹងជ្រុងតុភូសៗ ធ្វើឲ្យនាងឈឺស្ទើរដាច់ខ្យល់ ស្របពេល សឹងចឹង ឈរមើលទង្វើព្រៃផ្សៃរបស់កូនស្រី ទាំងញញឹមសមចិត្ត។
«អូ៎យ បានហើយអ្នកនាង អានលី ខ្ញុំខ្លាចហើយ អ្ហឹកៗ» ហេរី យំអង្វរករ ទាំងរាងកាយញ័រទទ្រើកដូចកូនសត្វ សៀតផ្កាបោកទង្គិចនឹងជ្រុងតុ បែកឈាមហូរកក្លាក់ ប៉ុន្តែវានៅមិនទាន់សមចិត្ត អានលី ទេ។
«បងប្រុសខ្ញុំការពារឯងណាស់ ថ្នាក់ថ្នមឯងណាស់ សុខចិត្តឈឺខ្លួនឯង តែមិនឲ្យឯងឈឺទេ នៀកៗ»
ផ្លាច់/ ផ្លាច់/
អានលី ចាប់ទាញក្បាល ហេរី ពីតុឲ្យងាកមករក មុននឹងយារដៃទះថែម២កំផ្លៀងទៀតយ៉ាងខ្លាំង ធ្វើឲ្យចង្វែកមាត់ទាំងសងខាងរបស់ ហេរី ហូរឈាមរហូតចុះមកដល់ក្រោមចង្កា ថ្ពាល់ទាំងសងខាងសុទ្ធតែស្នាមបាតដៃក្រហមក្រវេមក្រវាម សក់ក្បាលកន្រ្ទីងកន្រ្ទើង ត្រូវ អានលី បោចទាញ ទះតប់ឥតប្រណីដៃ។
«ឯងធ្វើឲ្យខ្ញុំឈឺ ត្រូវឈឺលើសខ្ញុំរាប់រយដង ស្លាប់ទៅ»
«អូ៎យយយ អ្ហឹកៗ»
ភូស/ ភូស/
អានលី ចាប់ក្បាល ហេរី បោកនឹងជ្រុងតុជាច្រើនដង ខ្លាំងៗ បោកទាល់តែ ហេរី សន្លប់បាត់បង់ស្មារតី រាងកាយដេកស្ដូកស្ដឹងនៅលើឥដ្ឋ ទាំងមុខដាបដោយឈាមក្រហមឆ្អៅ ខណៈនោះ ជីមីន ក៏មកដល់ បន្ទាប់ពីស្រីបម្រើតេរប្រាប់។
គេសម្លឹងមើលទៅក្មេងតូចច្រមក់ ដែលសន្លប់ស្ដូកស្ដឹងនៅលើឥដ្ឋគួរឲ្យអាសូរ ដោយសារត្រូវម្ដាយកូនចិត្តខ្មៅ២នាក់នោះធ្វើបាប ទាំងក្ដាប់ដៃញាប់ញ័រព្រោះកំហឹងខឹងក្រោធ៖
«បាយផ្ទះលែងឆ្ងាញ់ហើយ ចង់នាំកូនស្រីស៊ីបាយគុកម្ដង?»
«ចូវ ជីមីន ខ្ញុំជាមីងឯង»
«ខ្ញុំមិនធ្លាប់រាប់សត្វថាជាមីង»

YOU ARE READING
♡នរកជីវិត♡
Romanceគេហាមហេីយ ហាមទៀត តែប៉ាម៉ាក់មិនស្ដាប់ នៅតែរឹងមានះ ចង់យកក្មេងស្រីដែលមានជំងឺប្រសៃប្រសាទនោះ មកធ្វេីជាកូនចិញ្ចឹម ទាំងដែលក្មេងនៅក្នុងមណ្ឌលកុមារកំព្រាច្រេីនណាស់ ប៉ាម៉ាក់ចង់យកក្មេងម្នាក់ណាមកចិញ្ចឹមក៏បាន លេីកលែងតែក្មេងឈ្មោះ សិង្ហ ហេរី ដែល ចូវ ជីមីន មិនយល់ស្រ...