ហេរី មានអារម្មណ៍ថាខឹងតូចចិត្តមែន ដែលគេនាំ យួយលិ មក តែសម្ដីនាងមិនបានចង់ឌឺដងគេទេ គ្រាន់តែនិយាយការពិតប៉ុណ្ណោះ ព្រោះនាងចង់ដេកជាមួយគេពីអង្កាល់? ពីដំបូងគេទេដែលបង្ខំនាង ប្រាប់ថាចង់ការពារនាង ប្រាប់ថាដើម្បីសុវត្ថិភាពនាង ទើបបញ្ជាឲ្យស្រីបម្រើជញ្ជូនសម្លៀកបំពាក់ និងរបស់ប្រើប្រាស់នាង ទៅដាក់នៅក្នុងបន្ទប់គេ ទោះនាងបដិសេធក៏មិនព្រម ឥឡូវក៏ជាគេដូចគ្នាដែលដេញឲ្យនាងទៅដេកនៅបន្ទប់នាងវិញ នាងត្រឹមតែជាអ្នកស្នាក់អាស្រ័យ គ្មានសិទ្ធតវ៉ានឹងម្ចាស់ផ្ទះទេ ម្យ៉ាងទៀត យួយលិ ទោះធ្លាប់ចង់សម្លាប់នាង តែយ៉ាងណា យួយលិ ក៏ជាប្អូនស្រីរបស់គេ ចំណែកនាងគ្មានជាប់សាច់ឈាមអ្វីនឹងគេទេ ថែមទាំងគេគិតជានិច្ចថានាងជាដើមហេតុធ្វើឲ្យប៉ាម៉ាក់គេស្លាប់ ដូច្នេះរវាងនាងនិង យួយលិ គេត្រូវតែស្រឡាញ់ យួយលិ ជាងហើយ មកស្រឡាញ់អីក្មេងចង្រៃដូចនាង។
«បើឯងសប្បាយចិត្តយ៉ាងនេះ ខ្ញុំអនុញ្ញាតឲ្យឯងទៅនៅបន្ទប់ឯងវិញ ស្អែកប្រមូលសម្លៀកបំពាក់ចេញពីបន្ទប់ខ្ញុំចុះ ព្រោះចាប់ពីស្អែក យួយលិ នឹងមកនៅជាមួយខ្ញុំ ដេកបន្ទប់ជាមួយខ្ញុំ» ជីមីន ខាំធ្មេញសង្កត់សំឡេងត្រង់ពាក្យដេកបន្ទប់ជាមួយខ្ញុំ ស្របពេលកែវភ្នែកសម្លឹងមុខនាងមិនព្រិច គេចង់ដឹងណាស់ថានាងពិតជាគ្មានអារម្មណ៍អ្វីសោះ? មិនខឹង? មិនប្រចណ្ឌ? មិនតវ៉ា? នាងពិតជាសប្បាយចិត្តដែលគេធ្វើបែបនេះ?
«ចាស ស្រេចតែអ្នកប្រុសចាត់ចែង អ្នកប្រុសថាម៉េច គឺចឹងហើយ ខ្ញុំតាមអ្នកប្រុស» ហេរី ខំញញឹមទាំងព្យាយាមទប់ទឹកភ្នែកមិនឲ្យហូរ ធ្វើធម្មតាៗ ហាក់ដូចគ្មានអារម្មណ៍អ្វី ទាំងដែលបេះដូងកំពុងចុកឈឺខ្ទោកៗ។
«ល្អ! តាមហ្នឹង» ជីមីន ងក់ក្បាលតិចៗ ទាំងទ្រូងក្ដៅឆេះឆួល ព្យាយាមធ្វើឲ្យនាងប្រចណ្ឌ ដើម្បីឲ្យនាងបង្ហាញថាស្រឡាញ់គេ តែនាងមិនខ្វល់ គេខ្វល់តែម្នាក់ឯង ខឹងចិត្តចង់ឆ្កួតតែម្នាក់ឯង។
«ចឹងខ្ញុំសុំចូលយកសៀវភៅប៉ុន្មានក្បាលសិនបានទេ?» ព្រោះនាងដឹងថាយប់នេះ ច្បាស់ជាគិតច្រើនដេកមិនលក់ទេ ទើបចង់យកសៀវភៅធម៌ទៅអាន ក្រែងចិត្តបានស្ងប់ខ្លះ។
«...» ជីមីន មិនតប តែព្រមបើកផ្លូវឲ្យនាងដើរចូល។
ហេរី រហ័សដើរចូលទៅក្នុងបន្ទប់ ដើម្បីយកសៀវភៅធម៌ ហើយក៏ឃើញ យួយលិ កំពុងតែចោមពុងកន្សែងពោះគោពណ៌ស ឈរនៅមុខទូកញ្ចក់ ធ្វើឲ្យនាងរលីងរលោងទឹកភ្នែក មានអារម្មណ៍ថាឈឺនៅក្នុងទ្រូង ដូចត្រូវព្រួញបាញ់ទម្លុះបេះដូង នាងមិនហ៊ានងាកមើល យួយលិ ចំៗទេ ហើយក៏ប្រញាប់ឱបសៀវភៅដើរចេញ ខណៈដែល ជីមីន ឈរនៅជិតមាត់ទ្វារបន្ទប់។
«យួយលិ គួរឲ្យស្រឡាញ់ជាងឯងឆ្ងាយណាស់» ជីមីន និយាយបញ្ឈឺឌឺដង ពេលឃើញ ហេរី ឱបសៀវភៅដើរមកដល់មាត់ទ្វារចេញពីបន្ទប់ ចំណែកនាងក៏ងាកសម្លឹងមុខគេដោយស្នាមញញឹម៖
«ខ្ញុំមានពាក្យចង់និយាយ សុំអនុញ្ញាតអ្នកប្រុសនិយាយបានទេ?»
«និយាយទៅ»
«អ្នកប្រុសគួរឲ្យខ្ពើម»
«ថាម៉េច?»
«ហើយមិនសូវថ្លៃទៀត»
«សិង្ហ ហេរី!»
«ខ្ញុំអត់ប្រចណ្ឌទេ តែយល់ថារអើម ពេលនៅជិតអ្នកប្រុស»
«ឯង...»
«សុំអនុញ្ញាតលា»
YOU ARE READING
♡នរកជីវិត♡
Romanceគេហាមហេីយ ហាមទៀត តែប៉ាម៉ាក់មិនស្ដាប់ នៅតែរឹងមានះ ចង់យកក្មេងស្រីដែលមានជំងឺប្រសៃប្រសាទនោះ មកធ្វេីជាកូនចិញ្ចឹម ទាំងដែលក្មេងនៅក្នុងមណ្ឌលកុមារកំព្រាច្រេីនណាស់ ប៉ាម៉ាក់ចង់យកក្មេងម្នាក់ណាមកចិញ្ចឹមក៏បាន លេីកលែងតែក្មេងឈ្មោះ សិង្ហ ហេរី ដែល ចូវ ជីមីន មិនយល់ស្រ...