អានលី យកដៃក្ដោបថ្ពាល់ខ្លួនឯង ទាំងបើកភ្នែកធំៗ ដោយការភ្ញាក់ផ្អើលនឹកស្មានមិនដល់ តាំងពីនាងកើតមក រហូតធំប៉ុណ្ណេះ ប៉ាម៉ាក់មិនដែលហ៊ានវាយនាងបានមួយដៃទេ តែបងប្រុសជីដូនមួយម្នាក់នេះ បងប្រុសដែលនាងគោរពស្រឡាញ់តាំងពីតូចមក បែរជាហ៊ានលើកដៃទះកំផ្លៀងនាង ដើម្បីការពារក្មេងចង្រៃដែលមិនជាប់សាច់ឈាមត្រកូលចូវបន្តិចសោះ គឺជាអ្នកដទៃសុទ្ធសាធ។
«ឯងក៏ជាស្រី សម្ដីថោកទាបបែបនេះនិយាយចេញមកបានយ៉ាងម៉េច?» ជីមីន ខឹងញ័រសាច់ ព្រោះន័យសម្ដី អានលី ចង់ថា ហេរី មានរូបសម្រស់ស្រស់ស្អាត បើចាកចេញពីភូមិគ្រឹះត្រកូលចូវ ទោះមិនធ្វើការងារអី លក់ខ្លួនឲ្យប្រុសអ្នកមានៗ តែ១០,២០នាក់ មានលុយចិញ្ចឹមខ្លួនឯងរស់សុខសប្បាយដល់ថ្ងៃស្លាប់ គំនិតបែបនេះមានតែពួកស្រីថោកទាប ដេញចាប់ប្រុសអ្នកមានរាល់ថ្ងៃទេ ទើបអាចគិតឃើញ គេខកចិត្តណាស់ ដែលឮសម្ដីឥតកេរ្តិ៍ខ្មាស គ្មានកិត្តិយសភាពជាមនុស្សស្រីថ្លៃថ្នូរ ចេញពីមាត់ប្អូនស្រី ទាំងដែល ហេរី នៅក្មេងខ្ចី ប្រៀបដូចក្រដាសសស្អាត មិនគួរបានស្ដាប់ឮសម្ដីគំរក់ៗបែបនេះទេ។
«បងហ៊ានទះកំផ្លៀងខ្ញុំ?» អានលី ស្ទុះក្រោក ស្រែកសួរទាំងខឹងច្រឡោត កែវភ្នែកក្រហមដូចឈាម ទឹកភ្នែកនៃកំហឹងឈឺចាប់ មិនសុខចិត្ត ហូរដាបថ្ពាល់រហាម។
«ទះឲ្យឯងបាត់ឆ្កួត»
«បងទេទើបឆ្កួត ឆ្កួតនឹងស្រី ហ៊ានលើកដៃវាយប្អូនខ្លួនឯង គឺមកពីឯង» ចុងប្រយោគ អានលី ស្ទុះទៅរក ហេរី ទាំងកំរោលចូល យារដៃឡើងទះកំផ្លៀង ហេរី តែមិនត្រូវ ហេរី បែរជាត្រូវ ជីមីន៖
ផ្លាច់/
ជីមីន ចូលមកពាំងពីមុខ ហេរី រងកំផ្លៀងជំនួស ផ្ទៃមុខសង្ហាផ្អៀងទៅម្ខាង ស្នាមបាតដៃក្រហមរងាលដាមជាប់ថ្ពាល់ មុតក្រចកដៃផង ឈាមជ្រាបតាមចង្វែកមាត់ផង ព្រោះកំហឹងទាំងអម្បាលម៉ាន អានលី ចង់បញ្ចេញដាក់ ហេរី តែមិននឹកស្មានថាបងប្រុសមកទទួលជំនួស សុខចិត្តឈឺខ្លួនឯង ក៏មិនព្រមឲ្យក្មេងនោះឈឺ។
«អ្នកប្រុស?» ហេរី គិតថានឹងត្រូវ អានលី ទះកំផ្លៀងហើយ ទើបធ្មេចភ្នែករង់ចាំទទួលកម្លាំងបាតដៃ អានលី មកខ្ទប់ថ្ពាល់ ទាំងរាងកាយញ័រភ័យ តែពេលឮសំឡេងទះកំផ្លៀងផ្លាច់ នាងបើកភ្នែកឡើង ឃើញរាងខ្ពស់ឈរនៅពីមុខនាង បញ្ជាក់ថាអ្នកដែល អានលី ទះត្រូវមិនមែននាងទេ តែគឺជាគេដែលមកទទួលកំផ្លៀងជំនួសនាង។
«បងការពារវាដល់ថ្នាក់ហ្នឹងហើយ នៅថាស្អប់វាទៀត?» អានលី ទម្លាក់ដៃចុះ ក្ដាប់យ៉ាងណែន កំហឹងឈឺចាប់ឆួលឆេះពេញទ្រូង មាត់គេថាស្អប់ តែទង្វើវាផ្ទុយពីពាក្យថាស្អប់ គេទះកំផ្លៀងនាងដោយផ្ទាល់ដៃគេ តែពេលនាងចង់ទះកំផ្លៀងក្មេងចង្រៃនោះ គេបែរជាចូលមករងជំនួស គេថាគេនៅដូចដើម តែនាងមើលឃើញពីការប្រែប្រួលគេហើយ នាងអស់សង្ឃឹម និងខូចចិត្តណាស់ នាងតាមគេមករាប់ឆ្នាំនេះ វាគ្មានន័យសោះ?
ហើយនាងក៏លូកដៃកញ្ឆក់យកកាបូបស្ពាយនៅលើសាឡុង លើកដៃខ្ទប់មាត់យំ រត់ចេញទៅទាំងឈឺចាប់ និងខឹងមិនសុខចិត្តបំផុត នាងជាប្អូនស្រីជីដូនមួយបង្កើតរបស់គេ តែគេបែរជាឲ្យនាងចាញ់ក្មេងចង្រៃដែលជាដើមហេតុធ្វើឲ្យប៉ាម៉ាក់គេស្លាប់ គេត្រូវភាពស្រស់ស្អាតរបស់ក្មេងនោះពង្វក់បានហើយ លែងបែងចែកខុសត្រូវ សខ្មៅ ល្អអាក្រក់ហើយ។
ហេរី ងាកតាមមើល អានលី ទាំងមានអារម្មណ៍ថាអាណិត និងគិតថាខ្លួនឯងខុស ជាដើមហេតុធ្វើឲ្យបងប្អូនគេត្រូវឈ្លោះគ្នា នាងឈ្ងោកមុខចុះ សម្រក់ទឹកភ្នែក នឹកឃើញដល់សម្ដី ជីមីន មុននេះ ដែលប្រាប់ថាស្អប់នាងណាស់ ស្អប់ពីមួយថ្ងៃ ខ្លាំងជាងមួយថ្ងៃ គ្មានថ្ងៃណាដែលមិនស្អប់ ឃើញមុខចង់តែសម្លាប់នាងចោល នាងដឹង ដឹងថាគេស្អប់នាងណាស់ ទើបនាងចង់ចាកចេញ តែគេមិនអនុញ្ញាត។
«ចង្រៃយក៏!» ជីមីន ជេរប្រទេចដោយការមួម៉ៅក្ដៅក្រហាយ ដែលនៅសុខៗ អានលី មកសន្សំរឿងដល់ផ្ទះ ធ្វើឲ្យគេខូចអារម្មណ៍អស់ ហើយក៏ដាក់បង្គុយលើសាឡុង យកចុងម្រាមដៃមេវាសឈាមចេញពីគែមមាត់ និងសម្លឹងមើល ហេរី ដោយទឹកមុខស្មើ។
«ម៉ោណេះ» ជីមីន ហៅរាងសម្លុតៗ ធ្វើឲ្យបេះដូងនាងញាប់ញ័រភ័យ មុននឹងដើរយឺតៗចូលទៅជិតគេ ហើយក៏ត្រូវគេលូកដៃទាញចង្កេះនាង ឲ្យអង្គុយចុះនៅលើភ្លៅ ស្របពេលនាងឱនមុខជ្រប់មិនហ៊ានងើប។
«ខឹង អានលី ទេ?»
«...» ហេរី គ្រវីក្បាល នាងមិនខឹង អានលី ទេ តែនាងតូចចិត្ត និងមានអារម្មណ៍ថាឈឺចាប់ ដែលឮគេប្រាប់ថាស្អប់នាង។
«ងើបមុខ»
«...» នាងនៅតែមិនព្រមងើបមុខឡើង ទើបគេយកដៃចាប់ចុងចង្កានាងឲ្យផ្ងើយ ហើយក៏ឃើញទឹកភ្នែកនាងសើមជោកថ្ពាល់។
«យំធ្វើអី?» ជីមីន ជ្រួញចិញ្ចើមសួរទាំងធ្វើមុខកាច ខណៈនោះក៏យកដៃជូតទឹកភ្នែកឲ្យនាង។
«អ្នកប្រុសស្អប់ខ្ញុំ ខ្ញុំអំពល់ទុក្ខ ខ្ញុំជាឈ្លើង ខ្ញុំធ្វើឲ្យអ្នកប្រុសឈ្លោះជាមួយអ្នកនាង អានលី ខ្ញុំ ខ្ញុំគួរតែចាកចេញ អ្ហឹកៗ» ហេរី រៀបរាប់ទាំងយំអណ្ដឺតអណ្ដក និងគ្រវីក្បាលតតាត់ ពេលឮសំណួរឌឺដងរបស់គេ៖
«ចេញទៅណា? កន្ធែកជើងឲ្យប្រុសអ្នកមាន១០,២០នាក់?»
«អត់ទេៗ» ហេរី គ្រវីក្បាលផង គ្រវីដៃផង គំនិតបែបនេះនាងមិនដែលសូម្បីតែគិត សុខចិត្តដាច់ពោះស្លាប់ ក៏មិនលក់ខ្លួនឲ្យប្រុសអ្នកមាន តាមសម្ដី អានលី ដែរ។
«អត់ទេមានន័យថាម៉េច?» ជីមីន ធ្វើដូចជាឆ្ងល់ ទាំងដែលយល់ហើយ។
«អឺ មានន័យថា គឺ មិនកន្ធែកជើងឲ្យប្រុសណាទេ»
«សូម្បីខ្ញុំ?»
YOU ARE READING
♡នរកជីវិត♡
Romansaគេហាមហេីយ ហាមទៀត តែប៉ាម៉ាក់មិនស្ដាប់ នៅតែរឹងមានះ ចង់យកក្មេងស្រីដែលមានជំងឺប្រសៃប្រសាទនោះ មកធ្វេីជាកូនចិញ្ចឹម ទាំងដែលក្មេងនៅក្នុងមណ្ឌលកុមារកំព្រាច្រេីនណាស់ ប៉ាម៉ាក់ចង់យកក្មេងម្នាក់ណាមកចិញ្ចឹមក៏បាន លេីកលែងតែក្មេងឈ្មោះ សិង្ហ ហេរី ដែល ចូវ ជីមីន មិនយល់ស្រ...