ទង្វើដែលអ្នកស្រី សឹងចឹង និង អានលី ធ្វើចំពោះ ហេរី មិនមែនជាទង្វើមនុស្សទេ តែជាទង្វើសត្វ កាចសាហាវ អាក្រក់ឃោរឃៅ គ្មានភាពមេត្តានៅក្នុងខ្លួន មនុស្សចាស់ទាំងសក់ខ្មៅ សក់ស មកព្រួតវាយធ្វើបាបក្មេងស្រីតូចស្លូតបូតមិនដឹងខ្យល់អីម្នាក់ ទាល់តែសន្លប់ ទាំងឋិតនៅក្នុងឯកសណ្ឋានសិស្ស ម្ដាយមីងគេគ្មានភាពជាមនុស្សបែបនេះ តើស័ក្តិសមឲ្យគេគោរពថាជាមីងទេ?
គ្រាន់តែស្រីបម្រើតេរប្រាប់ គេប្រញាប់ធ្វើដំណើរមកភូមិគ្រឹះភ្លាម ព្រោះដឹងថា សឹងចឹង និង អានលី មកមានបំណងធ្វើបាប ហេរី ដោយសារម្សិលមិញគេជ្រុលដៃទះកំផ្លៀង អានលី គេដឹងថា អានលី ច្បាស់ជាមិនសុខចិត្តទេ ត្រូវតែយករឿងនេះទៅប្រាប់ប៉ាម៉ាក់របស់នាង ឲ្យមករករឿងគេ តែមីងពូគេ មិនហ៊ានជាមួយគេទេ ទើបបញ្ចេញកំហឹងដាក់ ហេរី ជំនួស ព្រោះស្អប់ ហេរី ដល់ឆ្អឹង កាន់តែដឹងថាគេទះកំផ្លៀង អានលី ដោយសារ ហេរី ទៀត ប្រាកដជាខឹងស្អប់ ហេរី លើសមុនរាប់រយដង។
«ចូវ ជីមីន ឯងថាខ្ញុំជាសត្វ?» អ្នកស្រី សឹងចឹង បើកភ្នែកធំៗ ខឹងច្រឡោតញ័រក្បាល គាត់ជាមីងរបស់គេបង្កើត អាយុអាចធ្វើម្ដាយគេបាន ឃើញគេមកតាំងពីតូចបាតជើងក្រហមរងាល តែដោយសារក្មេងកំព្រាដ៏ចង្រៃ គេបែរជាហ៊ានដៀលម្ដាយមីងខ្លួនឯងថាជាសត្វ ព្រះអើយ គាត់ខឹងចង់គាំងបេះដូងស្លាប់។
«ជីមីន បងហួសហេតុពេកហើយ ម្សិលមិញទះកំផ្លៀងខ្ញុំ ថ្ងៃនេះហ៊ានដៀលអ្នកម៉ាក់ខ្ញុំថាជាសត្វ ចង់ចាប់មីង និងប្អូនខ្លួនឯងដាក់គុក ដោយសារក្មេងចង្រៃដែលជាដើមហេតុធ្វើឲ្យប៉ាម៉ាក់បងស្លាប់ បងឆ្កួតហើយ បងត្រូវក្មេងនេះពង្វក់ហើយ ភ្ញាក់ខ្លួនឡើង» អានលី ស្រែកដាក់ ជីមីន ខ្លាំងៗ ចង់ដាស់សតិគេឲ្យភ្ញាក់រឭក ពីមុនគេមិនមែនបែបនេះទេ គេចាប់ផ្ដើមប្រែប្រួលតាំងពីក្មេងនេះធំពេញក្រមុំ មានរូបសម្រស់ស្រស់ស្អាត ស្របពេល ជីមីន ដើរទៅឱនលើក ហេរី បីឡើង ធ្វើឲ្យ២នាក់ម្ដាយកូននោះ សម្លក់ ហេរី ទាំងអារម្មណ៍កាន់តែខឹងស្អប់។
«ខ្ញុំទះកំផ្លៀងឯង មកពីមាត់ឯងនិយាយសម្ដីថោកទាបគួរឲ្យខ្ពើម ម៉ាក់ឯង និងឯង មកអង្គុយរង់ចាំវាយក្មេងសិស្សសាលាក្បែរស្លាប់ គ្មានភាពជាមនុស្សនៅក្នុងខ្លួន ព្រៃផ្សៃដូចសត្វ ហើយរឿងដែលប៉ាម៉ាក់ខ្ញុំស្លាប់ វាជាឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ មិនមែនជាកំហុស ហេរី ទេ ឈប់យករឿងនេះមកនិយាយច្រំដែលឲ្យខ្ញុំឮទៀត» ជីមីន ខាំធ្មេញនិយាយដោយកំហឹង ខឹងដែល អានលី មិនដឹងខ្លួនខុស ខឹងដែលអ្នកមីងរបស់គេមិនចេះប្រដៅកូន បែរជាចូលដៃជាមួយកូនប្រព្រឹត្តរឿងអាក្រក់ៗ ម្សិលមិញមិនមែននៅសុខៗគេទះកំផ្លៀង អានលី ទេ មកពីសម្ដី អានលី វាគ្រោតគ្រាតទើសត្រចៀកពិបាកស្ដាប់ រឿងអីថាគេមិនដឹង អ្នកមីងទាំង២របស់គេ រួមទាំងកូនៗរបស់គាត់ តែងតែរឭកពីការស្លាប់របស់ប៉ាម៉ាក់គេ ថាដើមហេតុមកពី ហេរី ជាក្មេងចង្រៃនាំស៊យ ចង់ឲ្យគេស្អប់ ហេរី ចង់ឲ្យគេបណ្ដេញ ហេរី ចេញពីភូមិគ្រឹះត្រកូលចូវ ព្រោះខ្លាច ហេរី ដណ្ដើមទ្រព្យសម្បត្តិរបស់គេ ប៉ុន្តែគេនៅជាមួយ ហេរី រាល់ថ្ងៃ តាំងពី ហេរី អាយុ៩ឆ្នាំ រហូត ហេរី អាយុ១៧ឆ្នាំ ចរិត ហេរី យ៉ាងម៉េចរឿងអីថាគេមើលមិនដឹង?
កុំថាតែមានគំនិតចង់ដណ្ដើមទ្រព្យសម្បត្តិគេ សូម្បីតែមុខរបស់គេមិនហ៊ានសម្លឹងមើលចំផង រាល់ថ្ងៃចង់តែរត់ចេញពីផ្ទះទេ តែគេមិនឲ្យចេញ។
អ្នកស្រី សឹងចឹង និង អានលី ឈរគាំង រកពាក្យតបទៅ ជីមីន វិញលែងចេញ ព្រោះបានអាពាក្យថា ហេរី ចង្រៃជាដើមហេតុធ្វើឲ្យប៉ាម៉ាក់គេស្លាប់ហ្នឹងហើយ មកចាក់រុក មកផ្លុំត្រចៀកគេ ដល់ពេលគេថាវាជាឧបទ្ទវហេតុ មិនមែនកំហុស ហេរី វាធ្វើឲ្យ២នាក់ម្ដាយកូននោះរាងទាល់។
«ខ្ញុំសង្ឃឹមថានេះជាលើកចុងក្រោយ អ្នកណាក៏ដោយ បើមកវាយធ្វើបាប ហេរី ទៀត ខ្ញុំមិនលើកលែងឲ្យទេ ចេញទៅ» ជីមីន ដេញទាំងមិនទុកមុខថាជាម្ដាយមីង ហើយក៏បី ហេរី ដើរចេញទៅក្រៅ សំដៅឡាន ដើម្បីនាំនាងទៅមន្ទីរពេទ្យដោយការព្រួយបារម្ភ ខណៈដែលអ្នកស្រី សឹងចឹង និង អានលី ឈរក្ដាប់ដៃណែនដោយកំហឹងគុំកួន វាមិនមែនលើកចុងក្រោយ ហើយវាក៏មិនមែនបញ្ចប់តែត្រឹមនេះ។
![](https://img.wattpad.com/cover/350178499-288-k351779.jpg)
YOU ARE READING
♡នរកជីវិត♡
Romanceគេហាមហេីយ ហាមទៀត តែប៉ាម៉ាក់មិនស្ដាប់ នៅតែរឹងមានះ ចង់យកក្មេងស្រីដែលមានជំងឺប្រសៃប្រសាទនោះ មកធ្វេីជាកូនចិញ្ចឹម ទាំងដែលក្មេងនៅក្នុងមណ្ឌលកុមារកំព្រាច្រេីនណាស់ ប៉ាម៉ាក់ចង់យកក្មេងម្នាក់ណាមកចិញ្ចឹមក៏បាន លេីកលែងតែក្មេងឈ្មោះ សិង្ហ ហេរី ដែល ចូវ ជីមីន មិនយល់ស្រ...