ហេរី ដៀលចប់ភ្លាម មិននៅរង់ចាំឲ្យអ្នកប្រុស ចូវ ខឹងស្រែកឡូឡា ស្ដីបន្ទោសឲ្យទាន់ទេ ប្រញាប់ប្រញាល់រត់ចេញពីបន្ទប់គេ ទៅបន្ទប់នាងយ៉ាងលឿនមិនងាកក្រោយ ស្របពេលគេខឹងចង់គាំងបេះដូងស្លាប់ហើយ ព្រះជាម្ចាស់អើយ តាំងពីគេកើតមក រស់ដល់ចំណាស់នេះទៅហើយ មិនដែលមានស្រីណា ហ៊ានដៀលគេបែបនេះទេ នាងថាគេមិនសូវថ្លៃ មានន័យថាគេថោកទាប? គេគួរឲ្យខ្ពើម នៅត្រង់ណា? កន្លែងណា? ដែលថាខ្ពើមនោះ?
ជីមីន ខឹងណាស់ ញ័រសាច់ទ្រើកៗ ចង់តែតាមទៅដាក់ទោសឲ្យរាងចាល ឲ្យដឹងពីលទ្ធផលដែលហ៊ានឈ្លើយដាក់មនុស្សចាស់ តែកូនចិត្តមួយទៀតក៏គិតថា នាងនៅក្មេងខ្ចីពេក ថែមទាំងមានបញ្ហាសតិអារម្មណ៍តាំងពីតូចមក រាល់ថ្ងៃក៏នៅតែលេបថ្នាំជាប់ជាប្រចាំ ទោះនាងធ្លាប់ធ្លោយសារភាពថាស្រឡាញ់គេ តែនាងគឺនៅស្ទាក់ស្ទើរ មិនទាន់យល់ច្បាស់ពីអារម្មណ៍ខ្លួនឯង មិនទាន់ដឹងថាបេះដូងត្រូវការអី? ដូច្នេះអ្វីដែលគេកំពុងតែធ្វើពេលនេះ គឺជួយនាងឲ្យដឹងពីបេះដូងខ្លួនឯង។
បើនាងស្រឡាញ់គេ នាងពិតជាមិនអាចទ្រាំបានទេ ពេលឃើញគេនៅជាមួយស្រីផ្សេង ហើយមិនយូរទេ នាងច្បាស់ជាបញ្ចេញនូវអាការប្រចណ្ឌខឹង។
ហេរី ឱបសៀវភៅជាប់ទ្រូង រត់ឡើងត្រហេបត្រហបចូលមកដល់ក្នុងបន្ទប់ និងរហ័សទាញទ្វារបិទ ដាក់គន្លឹះជាប់ ព្រោះខ្លាចអ្នកប្រុស ចូវ តាមមករករឿង មុននេះនាងមិនដឹងថាខ្លួនឯង ទៅបានភាពក្លាហានមកពីណាទេ ទើបហ៊ានដៀលគេបែបនេះ ទាំងដែលការពិតខ្លាចគេញ័រដូចកូនសត្វ បេះដូងនៅលោតញាប់មិនទាន់បាត់ទេ ភ័យបុកពោះណាស់។
ហេរី ប្រែទឹកមុខទៅជាស្រពោនសោកសៅ ស្របពេលដើរទៅដាក់បង្គុយលើពូក គិតដល់ថាពេលនេះ តើគេនិង យួយលិ កំពុងតែនាំគ្នាធ្វើអ្វី?
នាងឃើញ យួយលិ ចោមពុងកន្សែងពោះគោ ចំណែកគេសរសើរថា យួយលិ គួរឲ្យស្រឡាញ់ជាងនាងឆ្ងាយណាស់ ចុះប្រាប់ថាស្រឡាញ់នាង ចង់សុំនាងធ្វើសង្សារ ថែមទាំងសន្យាយ៉ាងច្បាស់លាស់ថា បើទោះពិភពលោកនេះបោះបង់នាងចោល ក៏គេមិនបោះបង់នាងចោលដាច់ខាត ជាពាក្យកុហកទាំងអស់មែនទេ?
«សម្ដីអ្នកប្រុសគ្មានការពិតសូម្បីតែម្យ៉ាង គ្រប់យ៉ាងគ្រាន់តែជាខ្យល់មាត់» ហេរី ផ្ដួលខ្លួនដេកយំឈឺចាប់ មិនគួរល្ងង់លង់ជឿសម្ដីគេទេ ទីបំផុតបានត្រឹមតែឈឺចាប់ និងខកចិត្តប៉ុណ្ណោះ បើគង់តែបែបនេះដដែល តើចាំបាច់សម្ដែងធ្វើល្អដាក់នាងត្រឹមរយៈពេលខ្លីធ្វើអី? ធ្វើដូចពេលមុនទៅ ស្អប់នាង មិនសម្លឹងមុខនាង មិននិយាយរកនាង ប្រហែលជាល្អជាងពេលនេះ។ព្រឹកថ្ងៃថ្មី...
ហេរី ក្រោកងូតទឹកស្អាតហើយ តែឯកសណ្ឋានសិស្សទាំងអស់របស់នាង គឺនៅក្នុងបន្ទប់អ្នកប្រុស ចូវ នាងងូតទឹកហើយ គ្មានសម្លៀកបំពាក់ស្លៀកទេ នៅលើខ្លួនមានត្រឹមតែអាវឃ្លុំពណ៌សមួយប៉ុណ្ណោះ ដូច្នេះនាងគ្មានជម្រើសទេ ក្រៅពីបង្ខំចិត្តដើរទៅបន្ទប់គេ ដើម្បីយកសម្លៀកបំពាក់។
តុក/ តុក/ តុក/
ហេរី លើកដៃគោះទ្វារបន្ទប់គេ ទាំងបេះដូងលោតឌុកឌាក់ៗភ័យ។
«ចូលម៉ោ»
ក្រាក...
នាងបើកទ្វារដើរចូលទៅ ហើយក៏ឃើញនៅលើខ្លួនអ្នកប្រុស ចូវ មានត្រឹមតែកន្សែងពោះគោពណ៌សមួយផ្ទាំងរុំចង្កេះប្របេះៗ ព្រមទាំងមានតំណក់ទឹកគ្រាប់ៗតោងជាប់ស្បែកសស្គុស បញ្ជាក់ថាទើបតែងូតទឹករួចដូចគ្នា ប៉ុន្តែមិនឃើញ យួយលិ ទេ។
«ខ្ញុំមកយកឯកសណ្ឋានសិស្ស» ហេរី ប្រាប់ទាំងមិនសម្លឹងមុខគេ ហើយក៏ដើរទៅរកទូសម្លៀកបំពាក់ ទើបគេដើរទៅឈរក្រោយខ្នង និយាយឌឺដង៖
«ឯងឃើញកម្រាលពូកទក់ទីទេ?»
«...» ហេរី មិនមាត់ តែកែវភ្នែកសម្លឹងកម្រាលពូកតាមកញ្ចក់ទូ ឃើញថាវាពិតជាខ្ទេចទីទក់មែន។
«ឯងចង់ដឹងថាហេតុអីវាមានសភាពបែបនេះទេ?»
«អត់ចង់ដឹងទេ ព្រោះមិនមែនជាមេរៀនត្រូវចេញពេលប្រឡង»

YOU ARE READING
♡នរកជីវិត♡
Romanceគេហាមហេីយ ហាមទៀត តែប៉ាម៉ាក់មិនស្ដាប់ នៅតែរឹងមានះ ចង់យកក្មេងស្រីដែលមានជំងឺប្រសៃប្រសាទនោះ មកធ្វេីជាកូនចិញ្ចឹម ទាំងដែលក្មេងនៅក្នុងមណ្ឌលកុមារកំព្រាច្រេីនណាស់ ប៉ាម៉ាក់ចង់យកក្មេងម្នាក់ណាមកចិញ្ចឹមក៏បាន លេីកលែងតែក្មេងឈ្មោះ សិង្ហ ហេរី ដែល ចូវ ជីមីន មិនយល់ស្រ...