ហេរី ស្ទុះក្រោកឈរ លើកដៃសំពះសុំអង្វរករឲ្យដូនជីជួយ ទាំងយំសស្រាក់ យ៉ាងកម្សត់គួរឲ្យអាណិត នាងគ្មានកន្លែងណាដែលត្រូវទៅទៀតទេ ក៏គ្មានចិត្តជាប់ជំពាក់អាឡោះអាល័យនឹងអ្នកណា ទើបសម្រេចចិត្តថាជ្រើសរើសដើរលើផ្លូវព្រះធម៌ មានតែការសាងផ្នួស រស់នៅក្នុងអារាមទេ ដែលធ្វើឲ្យជីវិត និងចិត្តនាងបានស្ងប់សុខ គេចផុតពីពួកមនុស្សអាក្រក់អស់ទាំងនោះ។
«នាងតូចនៅក្មេង នាងតូចមានបញ្ហាអីទើបចង់បួស?» ដូនជីឃើញសភាពរបស់នាង គឺដឹងហើយថាមានបញ្ហា មានសេចក្ដីទុក្ខ ប៉ុន្តែការបួសមិនមែនជាការដោះស្រាយបញ្ហានោះទេ ម្យ៉ាងទៀតនាងនៅក្មេងស្រស់ស្អាត មិនគួរបង្ហិនភាពយុវវ័យនៅក្នុងអារាមដែលមានតែដូនជីចាស់ៗកាន់សីល។
«ខ្ញុំចង់បួស សុំអង្វរដូនជីបំពេញបំណងផង អ្ហឹកៗ» ហេរី លុតជង្គង់ចុះ លើកដៃសំពះដូនជី មុននឹងក្រាបក្បាលដល់ចុងម្រាមជើងដូនជីអង្វរករ ធ្វើឲ្យដូនជីដកដង្ហើមធំ មុននេះគាត់ដើរកាត់ម្ដុំៗនេះ បានឮសំឡេងនាងយំ ទើបដើរមកមើល។
«ក្រោកឡើង» ដូនជីឱនចាប់លើកនាងឲ្យក្រោក តែនាងមិនព្រមក្រោក គិតតែយំអង្វរករទាមទារបួសឲ្យបាន៖
«ដូនជីព្រមឲ្យខ្ញុំបួសទៅ អ្ហឹកៗ»
«បានៗ តែនាងតូចត្រូវនិយាយពីបញ្ហារបស់នាងតូចឲ្យដូនជីស្ដាប់សិន»
«ករុណា» ហេរី ញញឹមដោយការត្រេកអរ ស្ទុះក្រោកឈរ សប្បាយចិត្តដែលដូនជីព្រមឲ្យនាងបួស ហើយក៏ដើរតាមដូនជីចូលទៅក្នុងព្រះវិហារ។ជីមីន តាមរក ហេរី សព្វទាំងពេញមន្ទីរពេទ្យអស់ហើយ នៅតែរកមិនឃើញនាង ពេលឲ្យខាងមន្ទីរពេទ្យឆែកកាំមេរ៉ាសុវត្ថិភាពមើល ទើបបានឃើញថានាងរត់ចេញពីមន្ទីរពេទ្យទៅបាត់ហើយ មើលឫកពានាងពេលនៅក្នុងកាំមេរ៉ាសុវត្ថិភាព ហាក់ដូចជាភ័យស្លន់ស្លោ ខំប្រឹងរត់គេចពីអ្វីម្យ៉ាង។
គេបានប្ដឹងប៉ូលិសឲ្យជួយតាមរក ចំណែកគេក៏ព្យាយាមតាមស្វែងរកនាងដូចគ្នា គេជិតឆ្កួតហើយ ឆ្កួតព្រោះបារម្ភពីនាង តើនាងរត់ទៅណាទាំងយប់អធ្រាត្រស្ងាត់? ក្រៅពីផ្ទះ និងសាលារៀន នាងមិនធ្លាប់ចេញទៅណាទេ ទីក្រុងធំធេងណាស់ គេប្រាកដច្បាស់ថានាងនឹងវង្វេងផ្លូវ ហើយអ្វីដែលគេខ្លាចបំផុតនោះ ខ្លាចថានាងរត់ទៅជួបពួកមនុស្សអាក្រក់ ត្រូវពួកវារំលោភធ្វើបាប គិតដល់ត្រឹមនេះ បេះដូងគេហាក់ដូចមានកាំបិតជាច្រើនសម្រុកមកចាក់ឆ្កៀលកម្ទេច។
«ឯងនៅទីណា ហេរី?» ជីមីន រត់តាមរកនាងទាំងមិនហ៊ានឈប់សម្រាក យប់កាន់តែជ្រៅទៅៗ ក្ដីបារម្ភដែលគេមានចំពោះនាងកាន់តែកើនឡើងកប់កំពូល គេរត់ជួបអ្នកណាដែលដើរនៅតាមផ្លូវ ស្ទាក់សួរអ្នកហ្នឹង ក្រែងមានអ្នកណាបានឃើញ ហេរី តែសួរមនុស្សជិត៥០នាក់ហើយ គឺគ្មានអ្នកណាបានឃើញនាងទេ។
គេនៅតែបន្តរត់តាមរកនាង តាំងពីយប់ រហូតដល់មេឃជិតភ្លឺ បែកញើសជោកខ្លួនប្រាណ ហត់ដង្ហក់ខ្យល់ ប៉ុន្តែបើរកនាងមិនឃើញ គេមិនឈប់ដាច់ខាត។ថ្ងៃថ្មី...
ព្រះអាទិត្យចាប់ផ្ដើមរះឡើង ជះពន្លឺចូលមកក្នុងព្រះវិហារ រាងតូចគ្រងស្បង់ចីវរពណ៌ខៀវចាស់ លុតជង្គង់លើកដៃសំពះនៅពីមុខព្រះ សក់ពណ៌ខ្មៅទម្លាក់ដល់ចង្កេះ ដោយមានដូនជី២នាក់ឈរពីក្រោយ កំពុងតែរៀបចំកោរសក់ឲ្យ។
ហេរី បានសម្រេចចិត្តច្បាស់ហើយ គឺគ្មានការស្ដាយក្រោយ គ្មានការអាឡោះអាល័យនូវអ្វីទេ នាងនឹងសាងផ្នួសអស់មួយជីវិតរបស់នាង។
ទឹកភ្នែកនាងហូរ ពេលឮដូនជីចាប់ផ្ដើមសូត្រធម៌ នាងគ្មានឪពុកម្ដាយ គ្មានសាច់ញាតិបងប្អូន គ្មានស្នេហា មិនត្រូវការភាពសប្បាយរីករាយ សុំត្រឹមអាចរស់ដោយស្ងប់សុខ គ្មានអ្នករំខាន។
ហេរី បិទភ្នែកសន្សឹមៗ ស្របពេលដូនជីយកដៃចាប់សក់របស់នាង កាន់កន្រ្តៃពណ៌មាស រៀបនឹងកាត់ហើយ ស្រាប់តែមានសំឡេងមនុស្សប្រុសស្រែកឃាត់ភ្លាត់សំឡេង៖
«ឈប់សិន!»
«អ្នកប្រុស?»
![](https://img.wattpad.com/cover/350178499-288-k351779.jpg)
YOU ARE READING
♡នរកជីវិត♡
Romanceគេហាមហេីយ ហាមទៀត តែប៉ាម៉ាក់មិនស្ដាប់ នៅតែរឹងមានះ ចង់យកក្មេងស្រីដែលមានជំងឺប្រសៃប្រសាទនោះ មកធ្វេីជាកូនចិញ្ចឹម ទាំងដែលក្មេងនៅក្នុងមណ្ឌលកុមារកំព្រាច្រេីនណាស់ ប៉ាម៉ាក់ចង់យកក្មេងម្នាក់ណាមកចិញ្ចឹមក៏បាន លេីកលែងតែក្មេងឈ្មោះ សិង្ហ ហេរី ដែល ចូវ ជីមីន មិនយល់ស្រ...