ហេរី បិទភ្នែកហើយ តែក៏ត្រូវបើកភ្នែកឡើងវិញដោយការភ្ញាក់ផ្អើល មុននឹងងាកក្រោយសម្លឹងមើលទៅមាត់ទ្វារចូលមកក្នុងព្រះវិហារ ទើបឃើញ ជីមីន កំពុងតែរត់ត្រហេបត្រហបចង់ចូលមក តែត្រូវដូនជីដែលឈរនៅជិតមាត់ទ្វារ ស្ទុះចូលទៅឃាត់រារាំងមិនឲ្យចូល៖
«ចូលមិនបានទេឧបាសក ទីនេះជាកន្លែងធម៌អាថ៌ ប្រុសហាមចូល ចេញទៅវិញទៅឧបាសក»
«ហេរី កុំឆ្កួតឲ្យសោះ ឯងមិនអាចបួសទេ ខ្ញុំមិនឲ្យឯងបួសទេ» ជីមីន ស្រែកឡូឡាទាំងភ័យស្លន់ស្លោ សំណាងហើយដែលគេចេះមកទាន់ ចំពេលដែលដូនជីរៀបនឹងកាត់សក់បំបួសឲ្យនាង បើគេមកយឺតតែមួយជំហាននោះ គេមិនហ៊ានស្រមៃទេថាគេនឹងធ្វើរឿងបាបកម្មអ្វីខ្លះ?
«ហេរី ចេញម៉ោ» ជីមីន ស្លុតស្លន់ចង់ឆ្កួត ពេលឃើញនាងគ្រងស្បង់ចីវរ គេចង់សម្រុកចូលទៅអូសនាងចេញមកក្រៅ ក៏ប៉ុន្តែដូនជី៥នាក់នោះ ព្យាយាមរារាំងច្រានគេចេញមិនឈប់៖
«ចូលមិនបានទេឧបាសក»
«បើឯងមិនស្ដាប់ខ្ញុំ នៅតែមានះចង់បួស ខ្ញុំគ្មានមធ្យោបាយក្រៅពីកម្ទេចអារាមនេះចោលទេ» ជីមីន ខឹងហៅនាងមិនព្រមចេញមក ហើយខ្លាចដូនជីបួសឲ្យនាង ទើបស្រែកគំរាម ធ្វើឲ្យនាងញ័រភ័យស្លេកបបូរមាត់ ភ័យដោយទាំងដូនជីទៀត។
«អ្នកប្រុសទៅវិញទៅ» ហេរី ស្រែកដេញទាំងទឹកភ្នែកហូរដាបថ្ពាល់រហាម ក្រៅពីអារម្មណ៍ភ័យខ្លាច នាងគ្មានអារម្មណ៍អ្វីទៅលើគេទេ តែពេលឃើញមុខគេ ស្រាប់តែរំជួលចិត្ត ព្រោះនាងគិតថាគេមិនខ្វល់នឹងនាងទេ ចង់នាងស្លាប់រស់ ចង់នាងបាត់ទៅណា ក៏គេមិនចាប់អារម្មណ៍ គេស្អប់នាង តែមិននឹកស្មានថា គេបែរជាអាចតាមមករកនាងឃើញដល់ទីនេះ។
«ខ្ញុំទៅទាល់តែមានឯងទៅជាមួយ» បើនាងមិនព្រមទៅវិញជាមួយគេ គេមិនទៅណាដាច់ខាត។
«អ្នកប្រុសដោះលែងខ្ញុំទៅ»
«ទេ! ឯងជំពាក់ខ្ញុំច្រើនណាស់ ឯងត្រូវនៅជាមួយខ្ញុំ ត្រូវសងខ្ញុំវិញ ចេញម៉ោ ហេរី»
«សុំអង្វរអ្នកប្រុស អ្ហឹកៗ»
«កុំដោយសារឯងម្នាក់ ធ្វើឲ្យដូនជីនៅក្នុងអារាមត្រូវពិបាក ឆាប់ចេញម៉ោ» ជីមីន ស្រែកឡូឡាកាន់តែខ្លាំង ទោះត្រូវដូនជីហាម ដូនជីឃាត់ ក៏មិនព្រមស្ដាប់ ធ្វើឲ្យដូនជីដកដង្ហើមធំហត់នឿយ និងមានតែឲ្យ ហេរី ចេញទៅជួបគេ មិនអ៊ីចឹងគេស្រែកឡូឡាផ្អើលទាំងអារាមដែលធ្លាប់តែស្ងប់សុខហើយ។
«មើលទៅដូនជីបួសឲ្យនាងតូចមិនបានទេ នាងតូចនៅជាប់ជំពាក់នឹងរឿងមនុស្សប្រុស គួរតែចេញទៅដោះស្រាយឲ្យដាច់ស្រេច កុំឲ្យឧបាសកខាងនោះ មកស្រែកឡូឡានៅកន្លែងធម៌អាថ៌» ដូនជីដែលកាន់កន្រ្តៃរៀបនឹងកាត់សក់ឲ្យ ហេរី ទុកកន្រ្តៃទៅលើកូនថាសវិញ និងលើកដៃសំពះសម្មាសម្ពុទ្ធ។
ហេរី ស្ទុះក្រោកឈរ ដើរទៅរក ជីមីន ធ្វើឲ្យ ជីមីន មានអារម្មណ៍ថាធូរទ្រូងខ្សាក ដែលអាចរារាំងនាងមិនឲ្យបួសបាន តែបើគេមកមិនទាន់ នាងបួសជាដូនជីបានសម្រេច គេក៏មិនខ្លាចបាបក្នុងការចាប់បង្ខំនាងឲ្យសឹក ហើយបើនាងមិនព្រមសឹក គេចាប់ទៅផ្ទះវិញទាំងសភាពជាដូនជី បាបអីបាបទៅ គេមិនខ្លាចធ្លាក់នរកទេ។
«ចេញទៅនិយាយគ្នាខាងក្រៅ» ជីមីន លូកចាប់កដៃ ហេរី ជាប់ អូសនាងដើរចេញពីក្នុងព្រះវិហារ ទៅឈរនិយាយគ្នានៅកន្លែងស្ងាត់ៗ ដែលមិនមានសំឡេងឡូឡារំខានដល់ដូនជី ឯនាងក៏ដើរតាម ព្រោះក៏មានរឿងចង់និយាយជាមួយគេឲ្យច្បាស់ដូចគ្នា។
«លែងដៃខ្ញុំទៅអ្នកប្រុស» ហេរី រលាស់ដៃចេញពីគេខ្លាំងៗ ព្រោះនៅក្នុងអារាម គេមិនគួរចាប់ដៃចាប់ជើងនាងទេ ម្យ៉ាងទៀតនាងកំពុងតែជិតបួស ចំណែកគេក៏ព្រមលែងដៃនាង។
«ហេតុអីរត់ចេញពីពេទ្យ? ដឹងទេថាខ្ញុំតាមរកឯងស្ទើរឆ្កួតមិនបានដេកពេញមួយយប់?» ជីមីន គំហកសួរទាំងខឹងច្រឡោត ខឹងដែលនាងធ្វើឲ្យគេបារម្ភភ័យព្រួយពេញបេះដូង គេតាមរកនាងតាំងពីយប់រហូតដល់ថ្មើរហ្នឹង មិនហ៊ានសម្រាកសូម្បីមួយវិនាទី បារម្ភពេកដល់ថ្នាក់រត់តាមរកនាងលែងដឹងហត់ ម៉ោង៦ព្រឹក ប៉ូលិសតេរប្រាប់ថាបានដំណឹងនាងហើយ មានអ្នកប្រទះឃើញនាងរត់នៅម្ដុំៗអារាមនេះ ហើយពេលសាកសួរព្រះសង្ឃ ព្រះសង្ឃក៏ឲ្យមកសួរខាងដូនជី ទើបបានដឹងថានាងកំពុងតែចង់បួសធ្វើជាដូនជី វាធ្វើឲ្យគេកាន់តែចង់ឆ្កួត។
«អ្នកនាង យួយលិ ចង់សម្លាប់ខ្ញុំ គាត់យកខ្នើយមកខ្ទប់មុខខ្ញុំ អ្ហឹកៗ បើខ្ញុំមិនរត់ចេញមក ខ្ញុំច្បាស់ជាត្រូវគាត់សម្លាប់ ខ្ញុំមិនយល់ទេ ហេតុអីសាច់ញាតិអ្នកប្រុសចង់សម្លាប់ខ្ញុំ? ពួកគាត់ចង់រស់ ខ្ញុំក៏ចង់រស់ដូចគ្នា អ្ហឹកៗ» ហេរី រៀបរាប់រឿងគ្រប់យ៉ាងប្រាប់គេទាំងយំអណ្ដឺតអណ្ដក ស្របពេលគេឮហើយឈរស្រឡាំងកាំង ព្រោះគេខំទុកចិត្ត យួយលិ មិននឹកស្មានថា យួយលិ ហ៊ានធ្វើរឿងឃោរឃៅបែបនេះទេ ថែមទាំងសម្ដែងធ្វើដូចមិនដឹងខ្យល់អីទៀត។
«មិនអីទេ ទៅវិញជាមួយខ្ញុំ ខ្ញុំច្បាស់ជាការពារឯង ខ្ញុំរកយុត្តិធម៌ឲ្យឯង ខ្ញុំមិនឲ្យអ្នកណាធ្វើបាបឯងទៀតទេ» ជីមីន យកប្រអប់ដៃទាំង២ក្ដោបមុខនាង និយាយលួងលោម ខណៈនោះស្រាប់តែមានព្រះសង្ឃដ៏សង្ហា៤អង្គដើរឆ្លងកាត់ម្ដុំៗកន្លែងដែលគេកំពុងឈរនិយាយជាមួយនាង គេឃើញភ្នែកនាងរេតាមមើលព្រះសង្ឃមិនព្រិច ថែមទាំងចាប់ទាញដៃគេចេញមិនឲ្យក្ដោបមុខនាង ធ្វើឲ្យគេសង្កៀតធ្មេញក្រតៗ ខឹងចង់ហុយផ្សែងតាមត្រចៀក។
«ខ្ញុំសម្រេចចិត្តសាងផ្នួសអស់មួយជីវិតហើយ អ្នកប្រុសទៅវិញទៅ»
«ចង់បួស ព្រោះឃើញព្រះសង្ឃសង្ហា?»
«អ្នកប្រុស?» ហេរី ជ្រួញចិញ្ចើម ឧទានសំឡេងខ្ពស់ហួសចិត្ត សម្ដីបាបបែបនេះក៏គេអាចនិយាយចេញដែរ?
«ភ្នែកឯងតាមមើលព្រះសង្ឃ ដូចស្រីបិសាចសម្លឹងថាំងចេង»
«ទីនេះជាអារាម អ្នកប្រុសនិយាយអីសុំគោរពដល់ព្រះសង្ឃ ដូនជី និងស្បង់ចីវរនៅលើខ្លួនខ្ញុំផង»
«ដូនជីដូចឯង ខ្ញុំមិនចេះគោរពទេ ចេះតែរំលោភ»
«អ្នកប្រុស...អុប៎»
YOU ARE READING
♡នរកជីវិត♡
Любовные романыគេហាមហេីយ ហាមទៀត តែប៉ាម៉ាក់មិនស្ដាប់ នៅតែរឹងមានះ ចង់យកក្មេងស្រីដែលមានជំងឺប្រសៃប្រសាទនោះ មកធ្វេីជាកូនចិញ្ចឹម ទាំងដែលក្មេងនៅក្នុងមណ្ឌលកុមារកំព្រាច្រេីនណាស់ ប៉ាម៉ាក់ចង់យកក្មេងម្នាក់ណាមកចិញ្ចឹមក៏បាន លេីកលែងតែក្មេងឈ្មោះ សិង្ហ ហេរី ដែល ចូវ ជីមីន មិនយល់ស្រ...
