ភាគទី៣៨🖤

200 6 0
                                    

ជីមីន ចង់តែរត់ទៅបោកក្បាលនឹងជញ្ជាំងបន្ទប់ទឹកឲ្យហូរឈាមងាប់បាត់ៗទេ ព្រោះវាវេទនានៅក្នុងទ្រូងពេក ខំនិយាយត្អូញត្អែរឡើងហត់ហើយ នាងនៅតែមិនយល់បន្តិចសោះពីបំណងរបស់គេ ថាចង់បានអី? ត្រូវការអី? ឲ្យនាងធ្វើអី?
«ម៉ោវិញ!» ជីមីន គំហកហៅទាំងខឹងផង ហួសចិត្តផង ហត់ចិត្តផង យកដៃច្រត់ចង្កេះច្រងេងច្រងាង ពេលនាងប្រាប់ថាយល់ហើយ ស្ទុះរត់ទៅរកទ្វារបន្ទប់ទឹក ចង់បើកចេញទៅហៅគ្រូពេទ្យ តែពេលឮគេហៅ នាងក៏រហ័សរត់មករកគេវិញទាំងទឹកមុខស្លេកភិតភ័យ។
«សម្ដីខ្ញុំឯងមិនយល់បន្តិចសោះ?» ជីមីន ខាំធ្មេញសួរបែបហត់ ហត់ជាទីបំផុតនឹងភាពឆោតល្ងង់មិនដឹងខ្យល់អីរបស់នាង។
«អឺ ខ្ញុំយល់»
«ប៉ុណ្ណឹងហើយឯងនៅថាយល់?» ជីមីន សម្លុតសំឡេងលាន់ខ្ទរបន្ទប់ទឹក ធ្វើឲ្យនាងភ្ញាក់ក្រញាង ភ័យស្ទើរលស់ព្រលឹង និងតបទាំងបបូរមាត់ញ័រទទ្រើក៖
«អ្នកប្រុសឈឺក្បាល ចុករួយឆ្អឹងឆ្អែង អ្នកប្រុសប្រាប់ខ្ញុំ គឺចង់ឲ្យខ្ញុំហៅពេទ្យ ទាល់តែពេទ្យទើបអាចជួយអ្នកប្រុសឲ្យបាត់ឈឺបាន»
«ក្មេងល្ងង់! ខ្ញុំប្រាប់ថាឈឺក្បាល គឺចង់ឲ្យឯងកក់សក់ ធ្វើសរសៃក្បាលឲ្យខ្ញុំ ចុករួយឆ្អឹងឆ្អែង ចង់ឲ្យឯងគក់ច្របាច់ អស់កម្លាំង ចង់ឲ្យឯងរកនឹកធ្វើរបស់ញ៊ាំ របស់ផឹកប៉ូវកម្លាំងមកឲ្យខ្ញុំ ហេតុអីប៉ុណ្ណឹងឯងមិនយល់?» មើលទៅនាងល្ងង់ណាស់ បើគេមិននិយាយប្រាប់ត្រង់ៗ នៅតែបញ្ឆិតបញ្ឆៀង ឲ្យនាងគិតយល់ខ្លួនឯង ទោះរយៈពេល១ខែពេញ ក៏នាងគិតមិនយល់ពីបំណងរបស់គេដែរ។
«មកពីអ្នកប្រុសមិននិយាយចំៗ ដូច្នេះទើបធ្វើឲ្យខ្ញុំយល់ខុស» នាងខ្លាចគេសឹងស្លាប់ ម៉េចនឹងហ៊ាននឹកឃើញប៉ះពាល់រាងកាយគេ បើគេនិយាយត្រង់ៗពីដំបូង ថាប្រើនាងឲ្យកក់សក់ និងគក់ច្របាច់ នាងច្បាស់ជាយល់។
«ឯងនៅហ៊ានបន្ទោសខ្ញុំ?» មុននេះគេនិយាយចំៗណាស់ ថ្នាក់គេសារភាពថាស្រឡាញ់នាងត្រង់ៗ នាងនៅតែគិតមិនយល់ពីពាក្យស្រឡាញ់របស់គេឲ្យត្រឹមត្រូវផង ចង់ឲ្យគេនិយាយចំប៉ុនណាទៀត? មកពីក្នុងចិត្តនាងគ្មានគេ មកពីគេមិនសំខាន់សម្រាប់នាង ទើបខំត្អូញត្អែរថាឈឺប៉ុណ្ណឹងហើយ នាងនៅតែមិនយកចិត្តទុកដាក់ មិនព្រួយបារម្ភ បើក្នុងចិត្តនាងមានគេតែបន្តិចនោះ នាងពិតជាសួរនាំ ពិតជាចង់ចែករំលែកនូវភាពលំបាក ភាពឈឺចាប់ពីគេខ្លះ ដើម្បីឲ្យគេបានធូរស្រាល តែនាងមិនយល់ហើយ បន្ទោសមកពីគេនិយាយមិនចំ។
«ខ្ញុំអត់បន្ទោសអ្នកប្រុសទេ»
«បានហើយ ឯងចេញទៅ» ជីមីន គ្រវីដៃដេញ ទាំងមិនសម្លឹងមុខនាង នាងធ្វើឲ្យគេលែងមានអារម្មណ៍ចង់ធ្វើអីទាំងអស់ទៅលើនាង ពេលនេះគេគ្រាន់តែចង់នៅស្ងៀមស្ងាត់ម្នាក់ឯង ព្រោះបេះដូងគេឈឺដូចត្រូវចាក់១០កាំបិត គេអាយុជិត៣០ឆ្នាំហើយ មិនដែលមានស្នេហា មិនដែលទាក់ទងស្រីណាទេ ក្នុងជីវិតរបស់គេគឺមានតែការងារ រហូតបានជួបនាងទើបគេសម្រេចចិត្តបើកទ្វារបេះដូង ជាលើកដំបូងដែលគេក្លាហានសារភាពស្នេហ៍ បែរជាទទួលបានការខកចិត្តត្រលប់មកវិញ គឺគេលង់ស្នេហ៍ក្មេងមិនទាន់គ្រប់អាយុតែម្ខាង។
«អ្នកប្រុសថាឲ្យខ្ញុំកក់សក់?»
«ខ្ញុំកក់ខ្លួនឯង ចេញទៅ» ជីមីន ដេញម្ដងទៀត ទើបនាងព្រមដើរចេញពីក្នុងបន្ទប់ទឹកទាំងរសាប់រសល់នៅក្នុងចិត្ត គេចង់ឲ្យនាងគិតយល់ដោយខ្លួនឯង នឹកឃើញចង់ធ្វើចេញពីចិត្ត បើទាល់តែគេប្រាប់ គេប្រើឲ្យធ្វើ ទើបធ្វើ វាគ្មានន័យទេ។
បន្ទាប់ពីងូតទឹកហើយ ជីមីន យកកន្សែងពោះគោពណ៌សមករុំល្វែងក្រោម ដើរចេញពីក្នុងបន្ទប់ទឹក ទើបឃើញក្មេងតូចដ៏សែនល្ងង់គួរឲ្យខឹង អង្គុយនៅចុងពូក សម្លឹងមុខគេភ្លឹះៗ នៅជិតកន្លែងដែលនាងអង្គុយ មានឈុតគេងយប់គេមួយកំផ្លេបត់យ៉ាងស្អាតនៅលើនោះ ប្រហែលជានាងយកចេញពីទូមកទុកឲ្យគេស្លៀកហើយ តែគេធ្វើជាមើលមិនឃើញឈុតគេងដែលនាងរៀបចំឲ្យ ហើយដើរទៅបើកទូសម្លៀកបំពាក់ យកឈុតគេងពណ៌ប្រផេះកំផ្លេថ្មីមកស្លៀក ស្របពេល ហេរី ងាកសម្លឹងឈុតគេងដែលនាងខំរៀបទុកឲ្យគេ ទាំងមុខស្រពោន។
ជីមីន ស្លៀកពាក់ហើយ អង្គុយនៅតុធ្វើការ ចុចបើកកុំព្យូទ័រ ទាំងមិនចាប់អារម្មណ៍ពីក្មេងទុយមុយខ្លះ ធ្វើដូចក្នុងបន្ទប់មានតែគេម្នាក់ឯង។
ហេរី យកឈុតគេងយប់របស់គេទៅទុកនៅក្នុងទូវិញ ហើយយកឈុតគេងយប់ពណ៌ផ្កាឈូករបស់នាងចេញមកមួយកំផ្លេ ឱបដើរចូលទៅក្នុងបន្ទប់ទឹកងូតទឹក។
ទម្រាំតែ ហេរី ងូតទឹកហើយ ដើរចេញពីបន្ទប់ទឹកវិញ ជីមីន បិទភ្លើង ឡើងដេកឃ្លុំភួយនៅលើពូក នាងឡើងទៅលើពូកថ្នមៗ ខ្លាចរំខានគេ និងវារទៅអើតមើលមុខគេ ព្រោះគេដេកបែរខ្នងដាក់នាង ហើយក៏ភ្ញាក់ព្រើត ពេលគេបើកភ្នែកសម្លក់ ទើបនាងនិយាយទាំងបុកពោះ៖
«ចាំខ្ញុំធ្វើសរសៃឲ្យអ្នកប្រុស»
«មិនបាច់ កុំប៉ះ» ជីមីន គ្រវាសដៃនាងចេញ ពេលនាងយកដៃមកច្របាច់ស្មាគេ ឯនាងដឹងថាគេខឹង ដឹងថាខ្លួនឯងខុស ទើបសុំទោស៖
«ខ្ញុំសុំទោសអ្នកប្រុស»
«...» គេស្ងាត់ស្ងៀម គេហាមមិនឲ្យនាងប៉ះ ទើបនាងលែងហ៊ានប៉ះ ផ្ដួលខ្លួនដេកបែរខ្នងដាក់គេវិញ។
«ខ្ញុំខឹងឯង» ជីមីន ងាកមើលនាង ឃើញនាងដេកបែរខ្នងដាក់ ទើបសង្កៀតធ្មេញប្រាប់ ខ្លាចនាងមិនដឹង ព្រោះនាងល្ងង់ណាស់ ធ្វើឲ្យគេខឹងអន់ចិត្តប៉ុណ្ណឹងហើយ សុំទោស២ម៉ាត់ ដេកបែរខ្នងដាក់គេយ៉ាងព្រងើយ ឯនាងឮហើយ រហ័សងាកទាំងមុខ ទាំងខ្លួនទៅរកគេ៖
«ខ្ញុំសុំទោសអ្នកប្រុសរួចហើយ»
«ត្រឹមពាក្យសុំទោសម៉េចនឹងបាត់ខឹង?»
«ចឹងធ្វើម៉េចទើបអ្នកប្រុសបាត់ខឹង?»
«លួងលោមខ្ញុំ»
«អឺ ចាស» ហេរី ស្ទុះក្រោកអង្គុយ ខិតចូលទៅជិតគេ មុននឹងលូកដៃទៅអង្អែលទះគូទគេថ្នមៗ ហាក់ដូចម្ដាយលួងលោមកូនឲ្យដេក ធ្វើឲ្យគេជ្រួញចិញ្ចើមសួរទាំងមិនយល់ពីទង្វើនាង៖
«ឯងយកដៃមកទះគូទខ្ញុំធ្វើអី?»
«លួងលោមអ្នកប្រុស អើៗអ្នកប្រុសបាត់ខឹងទៅ អើៗ»

♡នរកជីវិត♡Where stories live. Discover now