ភាគ២៥

146 8 0
                                    

"ម៉ែវ...." តាមពិតសម្លេងធ្លាក់របស់អម្បាញ់មិញគឺជាស្នាដៃរបស់ឆ្មាសោះ គ្រាន់តែលឺសំលេងឆ្មាភ្លាមទាំងពីរនាក់ក៏នាំគ្នាងាកសម្លឹងមើលឆ្មាភ្លែត ឆ្មាពេលឃើញមនុស្សសម្លឹងមើលមកវាក៏លោតចុះរត់ចេញបាត់ទៅ អាទិត្យក៏ធ្វើជាងាកមកនិយាយបន្លប់រឿងមុននេះវិញ
អាទិត្យ«មិនដឹងថានៅទីនេះមានឆ្មាសោះ ព្រោះបងខានមកយូរហើយតាំងពីពេលស្រីក្វាន់ឈប់ច្រៀងម្លេះ» អាទិត្យនិយាយទាំងញញឹម ចរិកធ្វើរឹកពារមិនចង់ត្រូវ ស្រីក្វាន់ក៏បានត្រឹមតែសើចតិចហើយក៏ងក់ក្បាល
ស្រីក្វាន់«ចឹងបានន័យថាបងមកទីនេះ នៅពេលដែលមានខ្ញុំមែនទេ?» អាទិត្យក៏ញញឹមងក់ក្បាលយល់ស្របនឹងចម្លើយរបស់ស្រីក្វាន់ ទាំងពីរនាក់ក៏ចេះតែនៅឈរញញឹមដាក់គ្នាទៅវិញទៅមកនឹងឯង តែកុំភ្លេចថានៅខាងក្រៅមានមនុស្សពីរនាក់នៅឈរចាំទាំងក្ដៅ
ពេលនេះមេកងចាប់ផ្ដើមនៅលែងសុខ ភ្នែកឆ្លេឆ្លា សម្លឹងរកមើលស្រីក្វាន់មិនឈប់ ម្ដងក៏ឈរម្ដងក៏អង្គុយ ម្ដងទៅស្ដាំ ម្ដងក៏ទៅឆ្វេង សែបឯនេះតាមសម្លឹងមើលមេកងឡើងចង់សាលេវភ្នែកទៅហើយ
សែប«មេកងហ្អា! មេកងអង្គុយចុះសិនមកបានទេ? ខ្ញុំនេះវិលមុខជំនួសមេកងណាបាទ បន្តិចទៀតណា គេនឹងចេញមកហើយ បើមេកងនៅមិនសុខបែបនេះណា ក៏ចូលទៅរកមើលតែម្ដងទៅ នឹងបានឃើញផ្ទាល់ភ្នែក» គ្រាន់តែសែបនិយាយចប់ភ្លាមមេកងក៏ឈានជើងបម្រុងនឹងដើរចូលទៅវិញពិតមែន សែបនេះក៏លាន់មាត់ភ្លាមៗ
សែប«អាវ មេកង» គ្រាន់តែមេកងឈានជើងប្រុងចូលទៅហើយ តែក៏ត្រូវឈប់វិញព្រោះស្រីក្វាន់ក៏បានបើកទ្វារចេញមក មិនមែនចេញមកតែម្នាក់ឯងនោះទេ មកដោយទាំងអាទិត្យទៀតផង ធ្វើឲ្យមេកងប្រញាប់ថយខ្លួនចេញមកវិញ
ស្រីក្វាន់«ខ្ញុំស្មានថាមេកងទៅវិញចោលខ្ញុំបាត់ហើយតាស» ស្រីក្វាន់និយាយទាំងញញឹម ធ្វើឲ្យមេកងចាប់អារម្មណ៍ថាស្រីក្វាន់សប្បាយចិត្តខុសប្លែកពីមុននេះ មេកងក៏មិននិយាយអ្វីភ្លាមដែរ
ស្រីក្វាន់«ចៃដន្យអី ខ្ញុំមានការនិយាយជាមួយបងអាទិត្យ ទើបយូរបែបនេះ» ស្រីក្វាន់និយាយទាំងមើលមុខមេកងព្រោះខ្លាចចិត្តមេកងនឹងចាំយូរ មេកងប្រុងនឹងនិយាយហើយតែសែបក៏រហ័សមាត់និយាយភ្លាម
សែប«មិនយូរទេស្រីក្វាន់ តែថាមេកងនេះឆ្លេឆ្លា ជាងមាន់រកពងទៅទៀត នេះបានស្រីក្វាន់ចេញមកទាន់ទេកុំអីចូលទៅរកវិញបាត់ហើយ» លឺបែបនេះស្រីក្វាន់ក៏សើចឡើងភ្លាម ឯមេកងវិញងាកសម្លឹងមុខសែបព្រោះតែនិយាយចំៗពេក
មេកងចក្រៃយ៍«ខ្ញុំគ្រាន់តែបារម្ភ ខ្លាចថាស្រីក្វាន់មានរឿងអី»
ស្រីក្វាន់«មិនអីទេ ខ្ញុំនៅជាមួយបងអាទិត្យ គ្មានអីដែលគួរឲ្យបារម្ភទេ» លឺបែបនេះភ្លាមមេកងក៏សម្លឹងមើលមុខអាទិត្យ ហើយអាទិត្យក៏សម្លឹងមើលមុខមេកងវិញ ស្រីក្វាន់ឃើញបែបនេះក៏ធ្វើជានិយាយបន្ត
ស្រីក្វាន់«ចឹងមេកង ប្រញាប់ទៅវិញមែនទេ តោះចឹងទៅ ខ្ញុំអស់ការអីហើយ» ស្រីក្វាន់ក៏ងាកមកញញឹមដាក់អាទិត្យបន្តិចមុននឹងនិយាយ
ស្រីក្វាន់«ខ្ញុំទៅសិនហើយបង» ស្រីក្វាន់និយាយរួចក៏ងាកខ្លួនដើរចេញទៅមុនមេកងតែថាមេកងនៅតែឈរសម្លឹងមើលមុខអាទិត្យមិនឈប់ហើយអាទិត្យក៏សម្លឹងមើលមុខមេកងមិនឈប់ដូចគ្នា
មេកងចក្រៃយ៍«ខ្ញុំសង្ឃឹមថាឯងនឹងមិនមែនជាមនុស្សក្បត់មនសិការខ្លួនឯងទៅចុះ» មេកងនិយាយទាំងម៉ឺងម៉ាត់ទៅកាន់អាទិត្យបើតាមក្រសែភ្នែកគឺបញ្ជាក់ច្បាស់ណាស់
អាទិត្យ«មនសិការរបស់ខ្ញុំគឺជួយស្រីក្វាន់ មិនមែនជួយឯងទេ» អាទិត្យនិយាយមួយឃ្លានេះធ្វើឲ្យមេកងស្ងាត់មាត់តបមិនចេញ ថែមទាំងអាទិត្យប្រើក្រសែរភ្នែកមុតសម្លឹងដាក់មេកង
ថែមទៀត ទាំងពីរនាក់ក៏ឈរសម្លឹងមើលមុខគ្នាទៅវិញទៅមកមិនឈប់ ស្រីក្វាន់និងសែបក៏នាំគ្នានៅឈរស្ងៀមចាំមើលថាតើពីរនាក់នេះនឹងធ្វើអីបន្ត ដោយហេតុថាសែបធុញនឹងចាំខ្លាំងពេកក៏ដាច់ចិត្តស្រែកទៅតែម្ដង
សែប«នេះឈរសម្លឹងគ្នាពេញមួយថ្ងៃហើយ នៅមើលមុខគ្នាមិនទាន់ឆ្អែតទេមែនទេ? កុំស្រលាញ់គ្នាដ៏ថ្នាក់នេះពេកអី មើលមុខគ្នាល្មមៗបានហើយ» ពាក្យនេះធ្វើឲ្យស្រីក្វាន់ទប់សើចមិនបាន មេកងនិងអាទិត្យក៏ងាកមុខចេញរៀងខ្លួន ហើយមេកងក៏ដើរចេញទៅឆ្កុយមុនគេដោយមិនចាំអ្នកណាទាំងអស់
សែប«ចង់ទៅក៏ទៅ ចង់នៅក៏នៅ តាមចិត្តមិនទាន់សោះហើយនៀក» សែបក្រវីក្បាលរួចហើយក៏ដើរចេញទៅតាមក្រោយនៅឡើយតែស្រីក្វាន់ អាទិត្យក៏ដើរមករកស្រីក្វាន់ព្រោះឃើញស្រីក្វាន់នៅឈរសម្លឹងមើលមកខ្លួន
អាទិត្យ«បងនឹងជួយតែបងជួយដើម្បីស្រីក្វាន់» ពាក្យមួយឃ្លានេះធ្វើឲ្យស្រីក្វាន់រំភើបញញឹមបិទមាត់មិនជិតហើយ ភ្នែកនៅសម្លឹងមើលគេមិនឈប់សោះ តែបានបន្តិចក៏ត្រូវងាកភ្នែកចេញពីអាទិត្យព្រោះថាសែបមកស្រែកហៅម្ដងទៀត
សែប«យ៉ាងមិចនិយាយគ្នាមិនទាន់អស់ចិត្តមែនទេ?» សែបមកច្រតចង្កេះសួរស្រីក្វាន់ ស្រីក្វាន់ក៏រហ័សងាកមុខមកលាអាទិត្យជាថ្មីម្ដងទៀត
ស្រីក្វាន់«ខ្ញុំទៅសិនហើយណាបង» ស្រីក្វាន់ក៏ញញឹមដាក់អាទិត្យ ហើយក៏ងាកខ្លួនដើរចេញទៅយ៉ាងលឿនព្រោះខ្លាចមេកងខឹងដែលឲ្យចាំយូរ អាទិត្យក៏បានត្រឹមតែឈរមើលស្រីក្វាន់ពីក្រោយ មើលស្រីក្វាន់ហើយក៏ងាកមកសម្លឹងមើលមុខសែបបែបស្មើៗដាក់សែបធ្វើឲ្យសែបប្រញាប់ដើរចេញទៅយ៉ាងលឿនដូចគ្នា
ក្រឡេកមកមើលនៅឯផ្ទះហ៊ាហានវិញពេលនេះ ស្ទាវកងកំពុងតែដើរចូលមករកហ៊ាហានដែលកំពុងតែអង្គុយនិយាយគ្នាជាមួយនឹងស្នងការ ស្ទាវកងចូលមកដល់ក៏អោនគោរពហ៊ាហានបន្តិចមុននឹងនិយាយ
ស្ទាវកង«ហ៊ាបាទ! ខ្ញុំចាត់ការកន្លែងស្នាក់នៅរបស់ថៅកែរួចហើយបាទ» ហ៊ាហានក៏ងក់ក្បាលតិចៗ
ហ៊ាហាន«ទុកឲ្យវារស់ស្រួលបានបន្តិចសិនចុះ ហើយឯងចង់ធ្វើអីជាមួយថៅកែគៀងក៏ធ្វើចុះ មិនយូរទេអាមេកងវានឹងតាមរកថៅកែមិនខាន» ស្ទាវកងស្ដាប់ហើយក៏អោនក្បាលគោរពហ៊ាហានបន្តិច
ហ៊ាហាន«ហើយឯងនាំវាទៅនៅឯណា?»
ស្ទាវកង«នាំទៅសណ្ឋាគារមួយនៅជិតនឹងអណ្ដូងរ៉ែរបស់វា» ហ៊ាហានក៏សើចឡើងតិចៗ
ហ៊ាហាន«ល្អ! ឯងកុំភ្លេចនាំវាទៅអណ្ដូងរ៉ែរបស់វា ឲ្យវានាំចូលឲ្យស្គាល់គ្រប់ច្រកល្ហកនៅក្នុងនោះ មិនយូរទេដល់ថ្ងៃដែលយើងត្រូវយកត្បូងផ្កាយព្រះគ្រោះមកធ្វើជារបស់ដើម្បីកម្ចាត់អាចោរឆាតចោលឲ្យផុតពីផុតពីមាត់យើង» ហ៊ាហាននិយាយទាំងម៉ាត់ៗភ្នែកសង្កត់យ៉ាងមុតបញ្ជាក់ថាហ៊ាហានស្អប់ហើយគុំជាមួយចោរឆាតយ៉ាងខ្លាំង
ស្ទាវកង«បាទហ៊ា!» ក្រោយពីស្ដាប់ពីរនាក់កូនចៅគេនិយាយគ្នារួចហើយស្នងការដែលអង្គុយនៅទីនោះក៏លួចញញឹមទាំងលាក់គំនួចចេញមកផងដែរ
នៅឯសណ្ឋាគារ ពេលនេះថៅកែគៀងកំពុងតែងូតទឹកយ៉ាងសប្បាយចិត្ត ព្រោះថាមិនបានជាប់គុក ហើយរត់គេចបានមកនៅក្នុងសណ្ឋាគារថែមទៀត រួចហើយថៅកែក៏ចេញមកវិញ តែក៏ឃើញថាស្ទាវកងកំពុងតែឈរចាំសម្លឹងមើលមកខ្លួន ធ្វើឲ្យថៅកែដូចជាខឹងស្ទាវកងជាខ្លាំង ថៅកែគៀងក៏ដើរទៅយកចិញ្ចៀនរបស់ខ្លួនមកពាក់នៅនឹងដៃព្រមទាំងនិយាយ
ថៅកែគៀង«ឯងគ្មានច្បាប់ទម្លាប់សោះ ចូលមកបន្ទប់គេបែបនេះ ម្ចាស់គេមិនទាន់អនុញ្ញាតផង»
ស្ទាវកង«មិនចាំបាច់មានការអនុញ្ញាតទេ ខ្ញុំជាអ្នកជួយថៅកែខ្ញុំជាអ្នកមានគុណ នាំថៅកែមកកន្លែងល្អៗបែបនេះ ហើយថៅកែរៀបចំខ្លួនឲ្យលឿនទៅបន្តិចទៀតជួបគ្នានៅខាងក្រៅ» ថៅកែក៏ភ្ញាក់ឡើងព្រើតព្រោះថាខ្លួនកំពុងតែរត់គេចខ្លួនសុខៗក៏នាំឲ្យទៅក្រៅបានយ៉ាងមិច
ថៅកែគៀង«ទៅក្រៅធ្វើអី ក្រែងឯងនាំយើងមកគេចខ្លួននៅទីនេះហ្អេស? បើយើងចេញក្រៅមានអ្នកចាប់បានយើងឯងគិតយ៉ាងមិច?»
ស្ទាវកង«ហ៊ាហានជាអ្នកបញ្ជាចឹងថៅកែគ្មានសិទ្ធិប្រកែកទេ ហើយក៏មិនបាច់បារម្ភទេ ហ៊ាហានគាត់មិនធ្វើឲ្យភ្លាត់ស្នៀតទេ» ថៅកែលែងហ៊ានមាត់អ្វីទៀតក៏ស្ងាត់បានត្រឹមតែឈរសម្លឹងមើលមុខស្ទាវកងប៉ុណ្ណោះ
នៅឯជម្រកចោរ ពេលនេះអាទិត្យបានត្រឡប់មកក្នុងជម្រកចោរវិញ ដើរទាំងប្រញាប់សម្ដៅទៅរកផ្ទះរបស់អ៊ុំស៊ីងដូចជាមានការអ្វីក៏មិនដឹង មកដល់អាទិត្យក៏ឡើងទៅរកអ៊ុំស៊ីងនៅក្នុងផ្ទះភ្លាម គ្រាន់តែអាទិត្យចូលទៅដល់ភ្លាមអ៊ុំស៊ីងក៏ដឹងថាជាអាទិត្យតែម្ដងទោះបីគាត់មើលមិនឃើញក៏ពិតមែន
អ៊ុំស៊ីង«មានការអីមែនទេ?» អាទិត្យក៏ដាក់ខ្លួនអង្គុយចុះសិនមុននឹងនិយាយ
អាទិត្យ«អ៊ុំអាចជួយខ្ញុំរឿងមួយបានទេ?»
អ៊ុំស៊ីង«រឿងអីរបស់ឯង?»
អាទិត្យ«គឺចង់ឲ្យអ៊ុំមើលថាពេលនេះអាហានវាយកត្បូងហើយឬនៅ?» អ៊ុំស៊ីងលឺហើយក៏រាប់ម្រាមដៃខ្លួនគុនគូរចុះឡើងក៏ងាកមុខមកនិយាយជាមួយអាទិត្យវិញ
អ៊ុំស៊ីង«ថ្ងៃស្អែក ស្អែកវានឹងយកត្បូងនោះហើយ» អាទិត្យលឺបែបនេះក៏រហ័សសួរបន្តទៀត
អាទិត្យ«ចឹងអ៊ុំខ្ញុំគួរតែទៅយកត្បូងនោះឲ្យបានមុនវាមែនទេ? ព្រោះខ្ញុំមានផែនទីរបស់ថៅកែគៀងរួចហើយ»
អ៊ុំស៊ីង«មិនបាច់ទេ ឯងគ្រាន់តែសូត្រឆាបយកត្បូងនោះមកវានឹងមករកឯងដោយខ្លួនឯងហើយ ឆ្លៀតពេលដែលវាកំពុងតែសូត្របាលីជីកយកត្បូង ពេលវាសូត្រចប់ឯងប្រើអាគមឆាបយកត្បូងដោយប្រើខ្សែករបស់ឯងជាជំនួយ នាំយកពន្លឺរបស់ខ្សែកឆាបយកត្បូងវានឹងរត់មករកដោយខ្លួនឯង ព្រោះថាខ្សែកនិងត្បូងនោះវាភិនភាគ និងពណ៌ដូចគ្នា ណាមួយជារបស់ដែលមានអាគមជាប់នៅខាងក្នុងរួចស្រេចដូចគ្នា តែយើងហាមឯងរឿងមួយ»
អាទិត្យ«រឿងអីទៅអ៊ុំ?»
អ៊ុំស៊ីង«ឯងត្រូវតែប្រយ័ត្នកុំឲ្យគុជនាគវាជ្រាបចូលខ្លួនឯងបើមិនចឹងទេ ឯងនឹងពិបាកមិនខាន» អាទិត្យលើកចិញ្ចើមធ្វើមុខឆ្ងល់ព្រោះមិនយល់ពីអ្វីដែលអ៊ុំស៊ីងនិយាយ
អាទិត្យ«គុជនាគអីទៅអ៊ុំ?ខ្ញុំមិនយល់ទេ»
អ៊ុំស៊ីង«នៅពេលដែលត្បូងនោះត្រូវយកចេញដោយអាគមរបស់អាហានវានឹងបែកចេញគុជនាគដែលជាធាតុភ្លើងនៅខាងក្នុងនោះមានពិសចេញមក កាលដែលត្បូងនោះនៅជាប់ទីនោះព្រោះដើម្បីទប់គុជនាគកុំឲ្យបែកចេញមក បើមានអ្នកយកត្បូងនោះមកតាមខ្លួន គុជនាគនឹងមកតាមជ្រាបចូលខ្លួនអ្នកនោះដូចគ្នា»
អាទិត្យ«ចុះបើសិនជាវាចូលខ្លួនអាចនឹងស្លាប់ទេអ៊ុំ?» អ៊ុំស៊ីងក៏ងក់ក្បាលតិចៗ
អ៊ុំស៊ីង«វាអាចនឹងមិនស្លាប់បើសិនជាធាតុខាងក្នុងរបស់ឯងមានកម្លាំងទប់វាបាន តែវាអាចនឹងស្លាប់បើសិនជាធាតុខាងក្នុងរបស់ឯងទប់មិនបាន តែឯងត្រូវចាំថាបើសិនជាគុជនាគជ្រាបចូលខ្លួនឯង ឯងត្រូវប្រញាប់មករកអ៊ុំ អ៊ុំនឹងធ្វើពិធីជួយឲ្យធាតុខាងក្នុងរបស់ឯងទប់ទល់បាន ហើយវានឹងមានប្រយោជន៍ដ៏ឯងនៅពេលដែលឯងទប់ទល់វាបាន»
អាទិត្យ«ប្រយោជន៍អីទៅអ៊ុំ?» អ៊ុំស៊ីងក៏ញញឹមជាប់មាត់បន្តិចមុននឹងបន្តនិយាយ
អ៊ុំស៊ីង«គឺប្រយោជន៍ត្រង់ថាឯងនឹងមិនអាចត្រូវអាគមរបស់អាហានបាន ព្រោះគុជនាគនឹងជួយបិទបាំងការពារខ្លួនឯងឲ្យផុតពីអាគមខ្មៅងងឹតដូចជាអាហានបាន តែលើកលែងតែអាគមមួយដែលមិនអាចទប់ទល់បាន គឺអាគមគ្រុឌិតថានៈ ហៅឲ្យខ្លីគឺអាគមគ្រុឌគុជនាគមិនអាចទប់់ទល់ជាមួយអាគមគ្រុឌនេះបានទេ»
អាទិត្យ«ខ្ញុំមិនដែលលឺទេអ៊ុំ» អ៊ុំស៊ីងក៏ងក់ក្បាលយល់ស្របនឹងអ្វីដែលអាទិត្យបាននិយាយមុននេះ
អ៊ុំស៊ីង«អាគមនេះមិនសូវជាមានអ្នកចេះប៉ុន្មានទេ តែអាគមរបស់មន្ដព្រះធម៌អាចទប់ទល់និងកម្ចាត់វាបាន ព្រោះថាមន្ដព្រះធម៌គឺអាគមគាថាដែលមានចិត្តបរិសុទ្ធតំណាងដោយព្រះពុទ្ធ» អាទិត្យលឺហើយក៏ងក់ក្បាលយល់អ្វីគ្រប់យ៉ាងដែលអ៊ុំស៊ីងបានពន្យល់ប្រាប់
អ៊ុំស៊ីង«តែអ្វីដែលសំខាន់ឯងត្រូវតែមករកអ៊ុំជាមុនពេលយកត្បូងបាន មិនថាគុជនាគជ្រាបចូលឬក៏អត់នោះទេ យល់ទេ?»
អាទិត្យ«ខ្ញុំយល់ហើយអ៊ុំ ខ្ញុំនឹងមករកអ៊ុំ» អ៊ុំស៊ីងក៏ញញឹមងក់ក្បាលដាក់អាទិត្យ
ក្រឡេកមកមើលមេកង និងស្រីក្វាន់វិញពេលនេះក៏នាំគ្នាត្រឡប់មកដល់ផ្ទះវិញ មេកងក៏ដើរទៅខាងក្នុងផ្ទះមុនស្រីក្វាន់ សែបឃើញថាមេកងដូចជាមិនខ្វល់ជាមួយស្រីក្វាន់ខុសពីរាល់ដងក៏ងាកមើលមុខស្រីក្វាន់ ហើយស្រីក្វាន់ក៏ងាកមើលមុខសែបវិញ មើលគ្នាចុះឡើងៗហើយក៏នាំគ្នាចូលទៅខាងក្នុងតាមមេកង
គ្រាន់តែមកដល់សែបក៏ចាប់អារម្មណ៍ឃើញមេកងដូចជាកំពុងតែមានអាការៈប្រចណ្ឌស្រីក្វាន់ទើបងក់ក្បាលតិចយល់ន័យមុននឹងនិយាយ
សែប«អូហូ នេះមេកងងរមែនទេ?» លឺសំណួរភ្លាមមេកងងាកមកសម្លឹងមើលសែបភ្លាម
មេកងចក្រៃយ៍«អ្នកណាងរ ខ្ញុំមិនមែនក្មេងចេះងរទេសែប» សែបក៏ធ្វើជាងក់ក្បាលយល់ស្របតែក៏មើលដឹងថាមេកងកំពុងតែប្រចណ្ឌស្រីក្វាន់ ស្រីក្វាន់ដែលមិនដឹងអីក៏បានត្រឹមតែឈរស្ងៀម មេកងក៏ចាប់អារម្មណ៍ឃើញសក់ស្រីក្វាន់ពេលទៅទម្លាក់សក់ ពេលមកវិញក៏បានខ្សែចងសក់មកពីណាចងសក់ក៏មិនដឹង មេកងក៏ចេះតែសម្លឹងមើលមិនឈប់
មេកងចក្រៃយ៍«ហើយចុះ ស្រីក្វាន់ទៅបានខ្សែចងសក់មកពីណា?» ស្រីក្វាន់ក៏ភ្ញាក់ហើយយកដៃស្ទាបខ្សែចងសក់បន្តិចមុននឹងឆ្លើយទាំងញញឹមស្រស់ដាក់មេកង
ស្រីក្វាន់«ចាគឺបងអាទិត្យជាអ្នកឲ្យ» មួយឃ្លានេះធ្វើឲ្យមេកងបើកភ្នែកធំងាកមកសម្លឹងមើលមុខសែបវិញ សែបឃើញបែបនេះស្ញេញធ្មេញដាក់មេកង ហើយមេកងក៏ស្មេញធ្មេញដាក់វិញ
សែប«មេកងហ្អា ទៅរកទឹកញ៉ាំសិនទៅបាទ ខ្លាចថាមេកងក្ដៅក» មេកងក៏ងក់ក្បាលតិចៗតែមិនបានទៅយកទឹកផឹកទេ ស្រីក្វាន់លឺថាមេកងក្ដៅកក៏រហ័សនិយាយ
ស្រីក្វាន់«ចាំខ្ញុំទៅយកទឹកមកឲ្យមេកង» និយាយរួចស្រីក្វាន់ក៏ដើរទៅយកទឹក បន្តិចក្រោយមកក៏បានត្រឡប់មកវិញជាមួយនឹងទឹកនៅក្នងដៃមកឲ្យមេកង
ស្រីក្វាន់«មេកងនេះទឹក» មេកងក៏ទទួលយកទឺកពីដៃស្រីក្វាន់មកផឹកយកៗតែម្ដង ស្រីក្វាន់ក៏មើលមុខមេកងទាំងឆ្ងល់ព្រោះមេកងមានអាការៈប្លែកៗ ហើយសែបក៏សើចមុននឹងនិយាយ
សែប«ប្រហែលជាក្ដៅខ្លាំងណាស់ហើយ» មេកងក៏ទម្លាក់កែវចុះសម្លឹងមើលមុខសែបដោយប្រើក្រសែរភ្នែកដាក់សែប ស្រីក្វាន់ឯនេះមិនយល់អីបានត្រឹមតែងាកមើលមេកងផងសែបផងទាំងឆ្ងល់ ព្រោះម្នាក់មានអាការៈប្លែកៗម្នាក់ទៀតនិយាយប្លែកៗ
នៅឯជម្រកចោរ អាទិត្យក្រោយពីបញ្ចប់ការនិយាយគ្នារួចហើយអាទិត្យក៏ចុះមកខាងក្រោមហើយក៏ដើរចេញទៅវិញពេលមកដល់មុខផ្ទះរបស់អ៊ុំផាត់ក៏ឈប់ដំណើរបន្តិចងាកសម្លឹងមើលទៅខាងក្នុងផ្ទះដើម្បីរកមើលអ៊ុំផាត់តែក៏ត្រូវចាន់មកពញ្ញាក់ពីក្រោយ
ចាន់«បងអាទិត្យ!» សម្លេងពញ្ញាក់នេះធ្វើឲ្យអាទិត្យភ្ញាក់ងាកមករកចាន់ភ្លាមៗ
អាទិត្យ«ពុទ្ធោអើយចាន់ មិចក៏ពញ្ញាក់បងបែបនេះ?» ចាន់ក៏សើចឡើង
ចាន់«ខ្ញុំស្មានថាមនុស្សដូចជាបងនេះមិនចេះភ្ញាក់ទេ» អាទិត្យក៏ប្រុងនឹងលើកដៃមកផ្ទាត់ថ្ងាសចាន់ទៀតតែក៏ត្រូវចាន់ចាប់ដៃជាប់
ចាន់«ខ្ញុំដឹងណាថាបងនឹងធ្វើបែបនេះ តែខ្ញុំមិនឲ្យភ្លាត់ស្នៀតទៀតទេ» និយាយមិនទាន់ចប់ផងក៏ ត្រូវអាទិត្យលើកដៃម្ខាងទៀតមកផ្ទាត់តតែបាន
ចាន់«អួយបង!» ចាន់ក៏ដកដៃយកមកអង្អែលថ្ងាសខ្លួនតិចៗ អាទិត្យក៏អស់សំណើចទប់មិនជាប់ព្រោះធ្វើបាបប្អូនបានសម្រេច
អាទិត្យ«នេះមិនមើលទេហ្អេស ចាប់ដៃបងជាប់តែម្ខាងទេ នៅម្ខាងទៀតអូនមានបានចាប់ឯណា» អាទិត្យនិយាយបណ្ដើរអស់សំណើចបណ្ដើរ តែចាន់ក៏មុខជូរងាកខ្លួនដើរទៅអង្គុយលើគ្រែងរដាក់អាទិត្យ កំពុងតែញ៉ោះគ្នានោះអ៊ុំផាត់ក៏ដើរមកដល់ឃើញកូនខ្លួនធ្វើមុខស្អុយៗដូចមិនសុខចិត្តរឿងអីក៏សម្លឹងមើលទាំងលើកចិញ្ចើមឆ្ងល់
អ៊ុំផាត់«ហើយយ៉ាងមិចនឹង? ម្នាក់សើច ម្នាក់ធ្វើមុខស្អុយ»
ចាន់«គឺបងអាទិត្យណាពុក គាត់មកផ្ទាត់ថ្ងាសខ្ញុំឡើងក្រហមអស់ហើយ» ចាន់និយាយធ្វើមុខជូរដាក់អ៊ុំផាត់ អ៊ុំផាត់ស្ដាប់ហើយក៏ងាកមកមើលមុខអាទិត្យដែលកំពុងអស់សំណើច
អ៊ុំផាត់«លើកក្រោយឯងដាក់ឲ្យខ្លាំងជាងនេះបន្តិចទៅ» ស្មានថាកាន់ជើងកូនហើយតាសតែតាមពិតនិយាយទាំងមុខស្មើឲ្យអាទិត្យដាក់ឲ្យខ្លាំងទៅវិញ ធ្វើឲ្យចាន់ចំហរមាត់មិនជឿនឹងអីដែលពុកខ្លួននិយាយ ឯអាទិត្យក៏កាន់តែអស់សំណើចថែមទៀត
ចាន់«នេះពុកចង់ឲ្យកូនខ្លួនត្រូវជាំថ្ងាសលែងស្អាតមែនទេ?»
អ៊ុំផាត់«ប៉ុន្នឹងវាមិនឈឺទេ មកនេះមើលយើងដាក់ឯងថែម» និយាយហើយអ៊ុំផាត់ធ្វើជាលលេងចង់វាយកូន កំពុងតែឈរសើចមើលឪកូនគេលេងជាមួយគ្នាសុខៗអាទិត្យក៏ស្រាប់តែញាក់ត្រចៀកឆ្វេងឡើងតិច ដែលជាសញ្ញាបញ្ជាក់ពីកណ្ដឹងនៅជាប់នឹងជើងរបស់ថៅកែគៀង អាទិត្យក៏ស្ងាត់មាត់ឈប់សើចភ្លាមហើយខំផ្ទៀងត្រចៀកស្ដាប់សម្លេងកណ្ដឹងវិញ អ៊ុំផាត់ឃើញអាទិត្យប្ដូរកាយវិការភ្លាមមួយរំពេចក៏ចាប់អារម្មណ៍ងាកមកមើលមុខអាទិត្យវិញ
អាទិត្យ«អ៊ុំខ្ញុំដឹងថាថៅកែគៀងវានៅកន្លែងណាហើយ»
អ៊ុំផាត់«អឺ! ហើយឯងចាប់អារម្មណ៍ធ្វើអី? បើឯងនិយាយថាឈប់ជួយមេកងហើយមិនចឹង»
អាទិត្យ«មែនហើយអ៊ុំ តែថាព្រឹកមិញនេះគេបានមករកខ្ញុំ ហើយខ្ញុំក៏គិតថាខ្ញុំនឹងជួយគេវិញ តែមិនមែនដើម្បីគេទេ តែដើម្បីស្រីក្វាន់និងអ្នកភូមិ» លឺបែបនេះអ៊ុំផាត់ក៏ងក់ក្បាលយល់ស្របតាមអាទិត្យ
អ៊ុំផាត់«ហើយឯងគិតថានឹងទៅចាប់ថៅកែគៀងខ្លួនឯងមែនទេ?»
អាទិត្យ«អត់ទេអ៊ុំ! ខ្ញុំគ្រាន់តែជួយរកទីតាំងដែលថៅកែវាលាក់ខ្លួនហើយផ្ដល់ដំណឹងឲ្យប៉ូលិសតែប៉ុន្នឹងឯង តែខ្ញុំជួយមិនមែនជារូបរាងចោរឆាតទេ តែជារូបរាងខ្ញុំផ្ទាល់» លឺបែបនេះភ្លាមចាន់និងអ៊ុំផាត់នាំគ្នាបើកភ្នែកធំៗលាន់មាត់ឡើងភ្លាមៗ «ហ្អាស!»
ចាន់«នេះបងគិតថាជួយបែបនេះបើគេចាប់បានថាបងជាចោរឆាតគិតយ៉ាងមិច?»
អាទិត្យ«គេចាប់មិនបានទេ ព្រោះថាបងនឹងយកអូនទៅបន្លំខ្លួនជាមួយគ្នា» លឺអាទិត្យនិយាយហើយអ៊ុំផាត់ក៏ងាកសម្លឹងមើលមុខអាទិត្យមិនឈប់
អ៊ុំផាត់«ឯងចង់នាំកូនយើងទៅធ្វើអី?» អាទិត្យក៏សើចតិចៗនិយាយបន្លប់
អាទិត្យ«មិនមានអីទេអ៊ុំ ខ្ញុំធានាថានឹងមើលថែចាន់ឲ្យល្អមិនឲ្យសូម្បីតែស្រមោចខាំ» ចាន់ក៏លួចញញឹមតិចៗ តែអ៊ុំផាត់ក៏ងាកមើលមុខចាន់ហើយចាន់ក៏ធ្វើជាញញឹមងក់ក្បាលយល់ព្រមដាក់ពុកខ្លួន
ចាន់«មិនអីទេពុក ខ្ញុំពេញចិត្តនឹងជួយបងអាទិត្យ»ចាន់បង្ហាញស្នាមញញឹមដ៏ស្រស់ស្អាត ញញឹមដាក់ពុកខ្លួនធ្វើឲ្យអ៊ុំផាត់ជឿចិត្តហើយក៏មិនបានតវ៉ាអ្វីច្រើនដែរមានតែយល់ព្រមតាមកូនខ្លួនព្រោះកូនខ្លួនជាអ្នកយល់ព្រមរួចហើយ អ៊ុំផាត់ក៏ងាកមកសម្លឹងមើលមុខអាទិត្យវិញហើយអាទិត្យក៏សើចស្ញេញដាក់អ៊ុំផាត់មុននឹងងក់ក្បាលដាក់អ៊ុំផាត់ឲ្យទុកចិត្តជាមួយខ្លួន ហើយអ៊ុំផាត់ក៏ងាកមើលមុខចាន់ផងអាទិត្យផងចុះឡើងៗ ឃើញថាពីរនាក់នេះនឹងមិនអីដូចគ្នាទើបគាត់ក៏ងក់ក្បាលបញ្ជាក់ថាយល់ព្រម

ជួបគ្នាយប់ស្អែក យប់នេះadminផុសមុនម៉ោងព្រោះ admin រវល់ធ្វើ assignment ខ្លាចមិនបានផុសឲ្យ ស្អែកadminនឹងផុសមុខតួអង្គ កុំឲ្យគ្នាយើងពិបាកស្រមៃរកតួអង្គ

ស្នេហ៍ចិត្តពីរWhere stories live. Discover now