មេកងក៏ឈរអោបដៃបិទភ្នែកសើច ហួសចិត្តខ្លាំងពេកនាងពីនក៏យកខោអាវមកស្លៀកពាក់វិញ រួចរាល់ទើបដើរមកនិយាយជាមួយមេកងវិញ
នាងពីន«រួចហើយលោកមេកងចង់ឲ្យខ្ញុំធ្វើអី? សម្អាតបន្ទប់ទឹកនឹងហេស?»
មេកងចក្រៃយ៍«បាទ! ហ្នឹងហើយ» មេកងសើចតិចៗ តែមុខនាងពីនឡើងក្រញ៉ូវ
នាងពីន«នែ លោកមេកងនេះសំណាងហើយណាដែលខ្ញុំមិនស្រាតទៅទាំងអស់ កុំអីខ្ញុំចោលកេរ្ដិ៍ខ្មាស់កណ្ដាលវាលហើយ» ស្ដាប់នាងពីននិយាយហើយមេកងក៏រឹតតែសើចថែមទៀត តែនាងពីនក៏ប្រែជាដើរមកជិតមេកងមុននឹងលូកដៃអង្អែលមុខលោកមេកង
នាងពីន«តែបើលោកមេកងប្ដូរចិត្តពេលណាខ្ញុំយល់ព្រមគ្រប់ពេលណា» មេកងក៏ប្រញាប់ដកដៃនាងពីនចេញពីមុខខ្លួន ហើយក៏ដកខ្លួនដើរចេញពីនាងពីនបន្តិច
មេកងចក្រៃយ៍«ខ្ញុំថាអ្នកនាងជួយសម្អាតឲ្យលឿនបន្តិចទៅ ខ្ញុំប្រញាប់ងូតទឹកចេញទៅខាងក្រៅព្រោះមានការនៅខាងក្រៅ» មេកងញញឹមបន្តិចមុននឹងប្រញាប់ដើរចេញទៅ នាងពីនក៏កន្រ្ទាក់ខ្លួនដើរចូលទៅសម្អាតបន្ទប់ទឹក
នៅក្នុងបន្ទប់លោកមេកង មេកងចក្រៃយ៍ដើរមកបើកទូខោអាវខ្លួនយកខ្សែរចង់សក់មនុស្សស្រីចេញមកមើលទាំងញញឹមតែម្នាក់ឯង រួចក៏ទុកក្នុងហោប៉ៅខោខ្លួន រួចក៏ដកយកចិញ្ចៀនត្បូងទទឹមរបស់ខ្លួនមកអង្គុយមើល
មេកងចក្រៃយ៍«បើសិនដូចអីដែលលោកឪប្រាប់ពិតមែនសូមឲ្យចិញ្ចៀននេះជាអ្នកចង្អុលផ្លូវជួយខ្ញុំរកឃើញប្អូនរបស់ខ្ញុំផងចុះ» មេកងក៏ពាក់ចិញ្ចៀននៅនឹងដៃរបស់ខ្លួនមុននឹងងើបមុខស្រមៃបកក្រោយបន្តិចទៅរកពេលដែលមេកងទៅរកលោកឪនៅឯវត្ត
ការស្រមៃរបស់លោកមេកង មេកងកំពុងតែអង្គុយដោះអាវឲ្យលោកឪសាក់យ័ន្ដដើម្បីការពារខ្លួន ព្រោះជាយ័ន្ដរបស់ព្រះធម៌ លោកឪសាក់យ័ន្ដឲ្យមេកងបណ្ដើរនិយាយបណ្ដើរ
លោកឪ«ស្ដាប់ណាចក្រៃយ៍ នៅពេលដែលឯងសាក់រួចគឺគ្មានអ្នកណាមើលឃើញស្នាមសាក់ទេ លុះត្រាតែចិញ្ចៀនត្បូងទទឹម ខូចទើបសាក់នេះអស់ឬទ្ធិនិងបង្ហាញឲ្យគេឃើញព្រោះស្នាមសាក់នេះគឺផ្សារភ្ជាប់ទៅនឹងចិញ្ចៀនត្បូងទទឹមនេះ មួយវិញទៀតចិញ្ចៀននេះនឹងបង្ហាញពន្លឺនៅពេលដែលវាជួបជាមួយរបស់ម្យ៉ាង»
មេកងចក្រៃយ៍«ជួបអ្វីទៅលោកឪ?»
លោកឪ«វានឹងបង្ហាញពន្លឺ ប្រសិនបើវាបានជួបជាមួយនឹងគូររបស់វា»
មេកងចក្រៃយ៍«គូរអ្វីទៅបាទ? ជាគូរស្នេហ៍ឬក៏ជាគូរអ្វីផ្សេងលោកឪ»
លោកឪ«មិនមែនជាគូរស្នេហ៍របស់ឯងនោះទេ គឺជាគូររបស់វាដែលធ្វើចេញពីត្បូងតែមួយរបស់នោះនៅនឹងម្ចាស់មួយផ្សេងទៀត កាលណាបើវាជួបគ្នាថ្ងៃណាមួយវានឹងបង្ហាញពន្លឺឡើងព្រមគ្នា»
មេកងចក្រៃយ៍«ចឹងក៏បានន័យថាលោកប៉ារបស់ខ្ញុំបានឲ្យខ្សែរកទៅនឹងប្អូនរបស់ខ្ញុំ ព្រោះលោកប៉ាបានធ្វើវា ចេញពីត្បូងតែមួយបានជាចិញ្ចៀនមួយនិងខ្សែរកមួយខ្សែរ ចឹងខ្ញុំក៏អាចរកប្អូនឃើញតាមរយៈចិញ្ចៀននេះហើយ ព្រោះគាត់ច្បាស់ជាឲ្យចិញ្ចៀនមកខ្ញុំនិងខ្សែរកឲ្យទៅប្អូនខ្ញុំមិនខាន»
លោកឪ«អាត្មាមិនហ៊ាននិយាយទេ វាត្រូវការពេលវេលារបស់វា តែអ្វីដែលឯងបានគិតគឺត្រឹមត្រូវហើយអាត្មាមិនអាចប្រាប់ពីអនាគតដល់ឯងមុនទេ មនុស្សគឺត្រូវតែស្វែងរកសច្ចភាព ជាភាពពិតដោយខ្លួនឯង មិនអាចឲ្យអ្នកណាម្នាក់មកបង្ហាញផ្លូវបានឡើយ អាត្មាអាចពន្យល់ប្រាប់បានតែប៉ុន្នឹងឯង» មេកងចក្រៃយ៍ស្ដាប់រួចហើយក៏ញញឹមឡើងទោះបីជាមានសង្ឃឹមតិច ដឹងបានតែបន្តិចតែក៏មានសង្ឃឹមខ្លះដែល
ត្រឡប់មកបច្ចុប្បន្នវិញ នាងពីនបានមករកលោកមេកងកំពុងតែឈរហៅមេកងនៅឯមាត់ទ្វារមិនហ៊ានចូលទៅខាងក្នុងទេតែមេកងមិនលឺព្រោះរវល់នឹកភ្លឹកគិតដល់រឿងចាស់
នាងពីន«លោកមេកង! លោកមេកងចា៎ លោកមេកង! មេកងចក្រៃយ៍»
មេកងចក្រៃយ៍«បា...បាទ!» សម្លេងស្រែកហៅមួយទំហឹងរបស់នាងពីនចុងក្រោយធ្វើឲ្យមេកងរហ័សភ្ញាក់មកវិញ នៅពេលដាកមុខមកមើលក៏ឃើញថាជាពីនក៏ក្រោកឈរដើរមកនិយាយជាមួយ
នាងពីន«លោកមេកងរវល់ភ្លឹកគិតដល់រឿងអី?បានជាហៅមិនលឺសោះ កុំប្រាប់ណាថាលោកមេកងគិតដល់រូបរាងខ្ញុំមុននេះណា» មេកងស្ដាប់់ហើយក៏អស់សំណើចឡើង
មេកងចក្រៃយ៍«ពុទ្ធោអ្នកនាងពីន ខ្ញុំមិនមែនបែបនេះទេ កុំយល់ច្រឡំអីអ្នកនាង អរចុះបន្ទប់ទឹកសម្អាតរួចហើយមែនទេ?» នាងពីនក៏ទម្លាក់ទឹកមុខចុះមកជាធម្មតាវិញ
នាងពីន«ចារួចហើយ»
មេកងចក្រៃយ៍«ចឹងខ្ញុំសូមទៅសម្អាតខ្លួនសិនហើយ អ្នកនាងអាចទៅផ្ទះវិញបានណា» និយាយរួចមេកងក៏ប្រញាប់ដើរចេញទៅបាត់ទៅ នាងពីនក៏ងាកមុខតាមសម្លឹងពីក្រោយមុននឹងដើរទៅតាមក្រោយ
នៅឯក្នុងព្រៃ អាទិត្យនិងចាន់កំពុងតែបណ្ដើរគ្នាដើររកផ្កាអង្គារដីជាមួយគ្នាមើលទៅដូចជាគូរសង្សារយ៉ាងចឹង តែតាមពិតពួកគេជាបងប្អូននឹងគ្នាទេ
អាទិត្យ«ចាន់! នេះល្ងាចម៉ោងប៉ុន្មានហើយ យើងដូចជាមកយូរដែលហើយ តាំងតែពីព្រឹកមកម្លេះ មើលច្រើនប៉ុណ្ណាហើយ» អាទិត្យក៏ដើរទៅមើលកន្រ្តកដាក់ផ្កាអង្គារដីដែលចាន់កាន់
អាទិត្យ«អូហ៊ូ...បានច្រើនណាស់តើនៀក»
ចាន់«ចា! តែខ្ញុំចង់បានអាមែកនោះទៀតព្រោះមើលទៅវាល្អ បងអាទិត្យឡើងទៅបេះមក ឲ្យបន្តិចបានទេ»
អាទិត្យ«ចឹងចាំបងឡើងទៅបេះមកឲ្យ»
ផាំង! "សម្លេងបាញ់កាំភ្លើង" «អួយ» សម្លេងស្រែករបស់ចាន់ ដោយសារតែគ្រាប់កាំភ្លើងបាញ់ឡើងភ្លាមធ្វើឲ្យចាន់ភ្ញាក់អោនចុះយកដៃមកខ្ទប់ត្រចៀកសងខាង អាទិត្យមិនទាន់បានឡើងផងក៏ប្រញាប់មករកចាន់វិញ
អាទិត្យ«ចាន់! ចាន់! ចាន់មិនអីទេហេស? នេះសម្លេងកាំភ្លើងមកពីខាងណា ប្រហែលនៅម្ដុំៗនេះឯង ចាន់ចាំនៅត្រង់នេះហើយ បងទៅមើលមួយភ្លេត» អាទិត្យបម្រុងនឹងងើបដើរទៅតែចាន់ចាប់ដៃជាប់
ចាន់«កុំអីបង! ខ្ញុំមិនហ៊ាននៅម្នាក់ឯងទេ ខ្ញុំសូមទៅជាមួយផង»
អាទិត្យ«ចឹងក៏ល្អដែល កុំឲ្យមានរឿងអីកើតឡើងចាន់មកជាមួយបងមក» ព្រមព្រៀងគ្នារួចក៏នាំគ្នាដើរទៅរកមើលទាំងពីរនាក់
ផាំង! ផាំង! "សម្លេងបាញ់កាំភ្លើង" តាមពិតសម្លេងនេះមិនមែនជាសម្លេងគេបាញ់គ្នានោះទេ តែជាសម្លេងរបស់ក្វាន់និងលោកមេកងដែលកំពុងបង្ហាត់គ្នាបាញ់កាំភ្លើង
មេកងចក្រៃយ៍«នេះអ្នកនាងត្រូវតាំងស្មារតីឲ្យល្អណា បន្ធូរអារម្មណ៍ សម្លឹងឲ្យចំគោលដៅទើបអាចបាញ់ចំ» មេកងលូកដៃចាប់តម្រង់ដៃក្វាន់បង្រៀនឲ្យនឹង ធ្វើឲ្យខ្លួនអ្នកទាំងពីរនៅជិតគ្នាអឹបតែម្ដង
ក្វាន់«ចា៎»
ផាំង!
មេកងចក្រៃយ៍«មើលចុះសក់អ្នកនាងបាំងមុខហើយ» មេកងក៏ទាញចង្កេះក្វាន់មកជិតខ្លួនរួចក៏ដកខ្សែរចង់សក់មកចង់ឲ្យក្វាន់ មុននឹងយកដៃវែកសក់ឲ្យក្វាន់ សកម្មភាពទាំងអស់នេះធ្វើឲ្យពីរនាក់បងប្អូនដែលកំពុងតែលួចលបមើលនោះឃើញទាំងអស់
ចាន់«អ្នកណាគេនឹងបង? មករៀនបាញ់កាំភ្លើងអីស្មើនេះវិញ» អាទិត្យមើលទាំងភ្លឹកស្មារតីក្នុងចិត្តដូចជាមិនពេញចិត្តជាមួយទង្វើរអ្នកទាំងពីរនោះទេ
អាទិត្យ«ម្នាក់នោះគឺអាមេកងមកថ្មី ចំណែកឯ...ម្នាក់ស្រីនោះជាអ្នកចម្រៀងក្នុងបារដែលបងធ្វើការរាល់យប់»
ចាន់«អ៊ាវ! ចុះហេតុអីក៏មករៀនបាញ់កាំភ្លើងទៅវិញ មិនយល់ទេ»
អាទិត្យ«មិនបាញ់យល់ទេ តោះចាន់យើងទៅវិញទៅ» និយាយរួចអាទិត្យក៏ទាញដៃចាន់ដើរចេញទៅដូចទំនងជាខឹងយ៉ាងមិចមិនដឹងទេ
នៅឯជម្រកចោរ អ៊ុំផាត់កំពុងតែអង្គុយសម្លៀងកាំបិតក៏ក្រឡេកភ្នែកឃើញអាទិត្យនិងចាន់ត្រឡប់មកវិញឃើញមុខអាទិត្យដូចជាមិនសប្បាយចិត្តគាត់ក៏សួរ
អ៊ុំផាត់«យ៉ាងមិចរកផ្កាបានទេ កើតអីហេសអាទិត្យ» គាត់មើលមុខចាន់ផង មើលមុខអាទិត្យផង
អាទិត្យ«មិនមានអីទេអ៊ុំ ខ្ញុំគ្រាន់តែមិនសប្បាយចិត្តរឿងខ្លះ»
អ៊ុំផាត់«រឿងអីរបស់ឯង» អាទិត្យដើរទៅអង្គុយលើគ្រែជាមួយអ៊ុំផាត់មុននឹងនិយាយបន្ត
អាទិត្យ«គឺរឿងអាមេកងថ្មីនឹងណា មិនដឹងជាធ្វើស្អីទេ មិននៅបញ្ចាំការប៉ុស្តិ៍ប៉ូលិសទេតែបែរជាមកបង្រៀនស្រីបាញ់កាំភ្លើង»
អ៊ុំផាត់«អឺ...ហើយចុះវាក៏ជារឿងគេតាស ឯងឈឺចិត្តជាមួយវាធ្វើស្អី?»
អាទិត្យ«គ្មានអីទេអ៊ុំ ខ្ញុំគ្រាន់តែមិនយល់ក្រែងចង់មកជួយអ្នកស្រុកភូមិគិរីមិនចឹងតែបែរជាមកទាក់ទងស្រីវិញ»
អ៊ុំផាត់«មិនបាច់ឈឺឆ្អាលរឿងគេទេ យប់នេះចេញទៅប្លន់ផ្ទះអាថៅកែគៀង អ៊ុំស៊ីងប្រាប់ថាយប់នេះ វាយកកាំភ្លើងនាំចូលមក ហើយក៏នាំត្បូងមកជាមួយដែលចឹងយើងទៅស៊ើបរកទីតាំងអណ្ដូងរ៉ែរបស់់វាយប់នេះ»
អាទិត្យ«អ៊ុំ! ចុះយើងទៅស៊ើបរកធ្វើអី»
អ៊ុំផាត់«មិនដឹងទេ តែអ៊ុំស៊ីងប្រាប់ថានៅក្នុងអណ្ដូងរ៉ែរបស់អាថៅកែគៀង មានត្បូងម្យ៉ាងដែលអាចទប់ទល់ជាមួយអាហានបាន»
អាទិត្យ«ពិតមែនហេសអ៊ុំ ចឹងយប់នេះជួបគ្នាណាអ៊ុំ ខ្ញុំទៅរកអ៊ុំស៊ីងសិន» និយាយចប់អាទិត្យក៏ប្រញាប់ក្រោកដើរចេញទៅបាត់ទៅ
ចាន់«ពុក! យប់នេះនាំបងអាទិត្យទៅណាទៀតហើយហេស?»
អ៊ុំផាត់«មិនបាននាំវាស្ម័គ្រចិត្តទៅ»
ចាន់«ហ៊ឹម...ពុកកុហកមិនសមសោះ មុននេះលឺនិយាយគ្នាពុកអ្នកប្រាប់បងអាទិត្យមុនទើបបងគាត់ព្រមទៅជាមួយ»
អ៊ុំផាត់«អឺ! បើវាមិនចង់ទៅគិតថាវាព្រមហេស? ហើយវាថីឯង បានជាមកនិយាយស្អីបែបនេះ?» ចាន់លឺសំនួរហើយខ្លាចពុកខ្លួនចាប់បានក៏ធ្វើជាងាកមុខចេញ
ចាន់«មិនមានអីទេគ្រាន់តែសួរ...» អ៊ុំផាត់ខ្ចិលចាប់អារ្មណ៍សួរដេញដោលច្រើនក៏បង្វែរខ្លួនមកសម្លៀងកាំបិតរបស់គាត់បន្ត
ផ្ទះរបស់អ៊ុំស៊ីង អាទិត្យកំពុងតែដើរមករកអ៊ុំស៊ីងស្រែកហៅអ៊ុំស៊ីងមុននឹងដើរឡើងទៅខាងក្នុងផ្ទះ
អាទិត្យ«អ៊ុំស៊ីង! អ៊ុំស៊ីងគឺខ្ញុំអាទិត្យណា» អាទិត្យចូលទៅរកអ៊ុំស៊ីងកំពុងតែអង្គុយតាំងសមាធិនៅក្នុងបន្ទប់សក្ការៈបូជារបស់គាត់
អ៊ុំស៊ីង«មានការអី?»
អាទិត្យ«គឺ ខ្ញុំចង់មកសួររឿង ត្បូងនៅក្នុងអណ្ដូងរ៉ែរបស់អាថៅកែគៀង» អ៊ុំស៊ីងងាកខ្លួនមករកអាទិត្យដែលកំពុងអង្គុយបត់ជើងនៅនឹងក្រោយខ្នងគាត់
អ៊ុំស៊ីង«យ៉ាងមិច? អាផាត់វាប្រាប់ឯងហើយហេស?»
អាទិត្យ«គាត់ប្រាប់ខ្ញុំថា នៅក្នុងអណ្ដូងរ៉ែរបស់អាថៅកែគៀងមានត្បូងម្យ៉ាងដែលអាចកម្ចាត់អាហ៊ាហានបាន ចឹងយើងយកត្បូងនោះបានតាមណាទៅអ៊ុំ»
អ៊ុំស៊ីង«ត្បូងនោះមិនងាយយកបានទេ មិនថាទោះបីជាឯងមានអាគមខ្លាំងប៉ុណ្ណាក៏យកមិនបាន កុំថាឡើយអាហានក៏មិនប្រាកដថាវាអាចយកបានដែល លុះត្រាតែវារកអ្នកដែលចេះមន្ដធម្មរាជ ឬអ្នកដែលមន្ដព្រះធម៌រួមដៃគ្នាទើបអាចយកបាន ឯងក៏ដូចគ្នាលុះត្រាតែឯងរកបានអ្នកចេះមន្ដព្រះធម៌មករួមដៃគ្នាទើបអាចយកត្បូងនោះបាន»
អាទិត្យ«ហើយចុះយើងទៅរកអ្នកចេះមន្ដព្រះធម៌មកពីណាទៅអ៊ុំ ឬក៏គ្មានវិធីផ្សេងទេ»
អ៊ុំស៊ីង«គឺមាន»
អាទិត្យ«ធ្វើយ៉ាងណាទៅអ៊ុំ?»
អ៊ុំស៊ីង«គឺត្រូវធ្វើពិធីហូតត្បូង ត្រូវយកមនុស្សដែលមានអាគមខ្លាំងហើយសូត្រអាគមខ្លា ប្រើត្បូងតែដែលមានពណ៌ក្រហម មកហូតទាញយកត្បូងនោះចេញមក ពេលដែលសូត្រអាគមខ្លារួចហើយ ត្បូងនោះវានឹងបញ្ចេញពន្លឺហើយត្បូងផ្កាយព្រះគ្រោះនឹងបញ្ចេញពន្លឺមកដូចគ្នាហើយវានឹងរត់មករកគ្នាដោយខ្លួនឯង»
អាទិត្យ«ត្បូងដែលអ៊ុំនិយាយអម្បាញ់មិញ គឺត្បូងផ្កាយព្រះគ្រោះចឹងហេស?»
អ៊ុំស៊ីង«ត្បូងផ្កាយព្រះគ្រោះ ត្បូងនេះវាប្រយោជន៍អាចទប់ទល់នឹងអាគមខ្មៅដូចជាអាហានបាន តែបើធ្លាក់ទៅលើដៃរបស់វា វានឹងធ្វើឲ្យខ្លួនវាកាន់តែខ្លាំង គ្មានអ្នកណាកម្ចាត់វាបានទេ»
អាទិត្យ«ចឹងខ្ញុំនឹងប្រញាប់ទៅយកត្បូងនោះមកឲ្យបាន»
អ៊ុំស៊ីង«ចឹងឯងក៏ត្រូវទៅយកផែនទីនៅផ្ទះវាយប់នេះ ហើយមិនបាច់ទៅយកត្បូងផ្កាយព្រះគ្រោះដោយខ្លួនឯងទេ ឯងត្រូវធ្វើជាឆ្មាលួចត្រីអាំងវិញ ចាំទៅយកនៅពេលដែលអាហានវាធ្វើពិធីយកត្បូងនោះ ហើយឯងក៏ឆ្លៀតឳកាសចូលទៅយកមក ព្រោះបើឯងចូលទៅយកមុនច្បាស់ជាមិនបាន ពួកវាជាគ្នីគ្នាតែមួយចេញចូលបានតាមចិត្ត តែឯងពិបាកព្រោះពួកវាដាក់អ្នកយាមយ៉ាងត្រឹមត្រូវ ចឹងហើយរងចាំដល់អាហានវាធ្វើពិធីថ្ងៃណាយើងក៏ទៅថ្ងៃនោះ»
អាទិត្យ«ខ្ញុំយល់ហើយអ៊ុំ តែខ្ញុំតែម្នាក់ឯងមិចនឹងអាចយកឈ្នះវាបានទៅ»
អ៊ុំស៊ីង«យើងកំពុងតែបារម្ភរឿងនេះដូចគ្នា តែបើឯងរួមដៃគ្នាជាមួយអ្នកដែលចេះមន្ដព្រះធម៌បានវានឹងពិបាកឈ្នះពួកឯង ហើយឯងនិងងាយស្រួលចាត់ការពួកវា តែអីដែលសំខាន់គឺឯងត្រូវរកអ្នកចេះមន្ដព្រះធម៌ឲ្យបានជាមុនសិន»
អាទិត្យ«ទៅរកនៅណាទៅអ៊ុំ ខ្ញុំមិនដឹងថាទៅរកនៅណាទេ» អាទិត្យដកដង្ហើមធំបន្តិច
អ៊ុំស៊ីង«យើងមានអារម្មណ៍ថា តាំងតែពេលមេកងម្នាក់នោះមកទីនេះ ដូចជាមានអ្នកប្រើមន្ដព្រះធម៌ជារឿយមករហូត ថាមិនត្រូវមេកងម្នាក់នេះជាអ្នកចេះមន្ដព្រះធម៌ក៏ថាបាន»
អាទិត្យ«ធ្វើយ៉ាងមិចដឹងទៅអ៊ុំស៊ីង ខ្ញុំមិនជឿទេថាអាមេកងថ្មីនេះវាចេះមន្ដព្រះធម៌»
អ៊ុំស៊ីង«កុំអាលមើលស្រាលវាអី ឯងត្រូវស៊ើបពីវាឲ្យបានច្បាស់បើសិនវាចេះមន្ដព្រះធម៌ពិតមែនវានឹងចំណេញដល់យើង ឯងអាចរួមដៃជាមួយវាបានកម្ចាត់អាហានបាន ណាមួយវាជាប៉ូលិសស្រាប់វាច្បាស់ជាដឹងរឿងរបស់អាហានខ្លះៗហើយ»
អាទិត្យ«តែអ៊ុំវាជាប៉ូលិស ហើយខ្ញុំជាចោរ រួមដៃគ្នាបានយ៉ាងមិចទៅអ៊ុំ ប៉ូលិសវាតែងតែចាប់ចោរណាអ៊ុំ»
អ៊ុំស៊ីង«ត្រូវហើយ! តែបើសិនជាឯង កម្ចាត់អាហានបានចាំចរចាជាមួយប៉ូលិសតាមក្រោយក៏មិនអីដែលមែនទេ» អាទិត្យស្ដាប់ហើយក្រវីក្បាល ទឹកមុខមិនចេញចិត្តបន្តិចសោះ ព្រោះខ្លួនកំពុងតែស្អប់មេកងផង
អាទិត្យ«ខ្ញុំមិនដឹងទេ អ៊ុំ»
អ៊ុំស៊ីង«យ៉ាងណាឯងត្រូវដឹងពីផែនទីអណ្ដូងរ៉ែរបស់អាថៅកែគៀងជាមុនសិន រឿងរបស់អាហានចាំគិតតាមក្រោយ ថាត្រូវធ្វើយ៉ាងណាជាមួយវា» អ៊ុំស៊ីងនិយាយហើយ ក៏លើកដៃទះស្មាអាទិត្យតិចៗ មុននឹងនិយាយបន្ដ
អ៊ុំស៊ីង«យ៉ាងណាអ៊ុំក៏ជឿថាមេកងនេះគេជាមនុស្សល្អ ចឹងឯងរកវិធីរួមដៃជាមួយវាទៅ» អាទិត្យមិនបានឆ្លើយតបអ្វីទេបានត្រឹមតែអង្គុយនៅស្ងៀមតែប៉ុណ្ណោះ
វ៉ូៗៗ "សម្លេងទឹកហូរ" អាទិត្យកំពុងតែអង្គុយលើថ្មដាក់ជើងចូលទៅក្នុងទឹកដែលកំពុងហូរនៅក្បែរផ្ទះខ្លួន ទាំងទឹកមុខដូចជាកំពុងពិបាកចិត្តគិតរឿងអ្វីម្យ៉ាង
អាទិត្យ«យើងត្រូវចូលទៅរួមដៃជាមួយសត្រូវបេះដូងចឹងហេស? ហ៊ើយ! យ៉ាងណាក៏យើងមិនជឿថាឯងជាមនុស្សដែលចេះមន្ដព្រះធម៌ដែរ តែហេតុអីក៏ជាឯង បើសិនជាឯងមែនយើង...អើយ» អាទិត្យនិយាយរួចក៏ក្រវីក្បាលវិលមុខជាមួយនឹងអ្វីដែលខ្លួនកំពុងគិតនេះដែរ តែភ្លាមនោះក៏មានដៃស្រឡូនៗទន់ៗមកខ្ទប់បិទភ្នែកទាំងពីររបស់អាទិត្យ គ្មានអ្នកណាក្រៅពីចាន់នោះទេ
ចាន់«បងទាយទៅមើលថាជាអ្នកណា?» អាទិត្យចាប់ដកដៃចាន់ចេញមុននឹងនិយាយ
អាទិត្យ«គិតថាបងមិនស្គាល់ហេស គ្មានអ្នកណាហ៊ានមកបិទភ្នែកបងទេក្រៅពីចាន់» ចាន់ក៏ញញឹមដាក់ខ្លួនអង្គុយក្បែរអាទិត្យ
ចាន់«បងចំណាំខ្ញុំបានដល់ថ្នាក់នេះហ៎?»
អាទិត្យ«គឺចាំក្លិនដៃរបស់ចាន់នឹងហើយ» ស្ដាប់មួយពាក្យនេះហើយធ្វើឲ្យចាន់ញញឹមបិទមាត់មិនជិត សប្បាយចិត្តចង់ហោះទៅហើយ
ចាន់«នេះបងចាំក្លិនដៃខ្ញុំដល់ថ្នាក់នេះហ៎?»
អាទិត្យ«មិនឲ្យចាំយ៉ាងមិច ដៃចាន់ក្រអូបក្លិនផ្កាម្លិះ ស្រទន់ ទន់ជាប់ច្រមុះ»
"ហ៊ឹស.." ស្ដាប់អាទិត្យនិយាយរួចចាន់ក៏សើចឡើងតិចៗ ព្រោះតែកំពុងរំភើបជាមួយសម្ដីរបស់អាទិត្យជាខ្លាំង ចាន់ក៏ងាកមើលមុខអាទិត្យមិនដាក់ភ្នែកសោះ អាទិត្យក៏មិនបានចាប់អារម្មណ៍អ្វីច្រើនដែរ តែបានបន្តិចអាទិត្យក៏ងាកមុខមកសួរចាន់
អាទិត្យ«ចាន់មករកបងមានការអីហេស?»
ចាន់«អរគ្មានអីទេ ខ្ញុំអផ្សុកក៏មករកបងទៅ» ទាំងពីរនាក់ក៏អង្គុយមើលមុខគ្នាសើចមុននឹងនាំគ្នានិយាយពីនេះពីនោះមិនចេះចប់
ពេលយប់នៅផ្ទះហ៊ាហាន
«ហ៊ឹកៗ...ហ៊ឹក...» សម្លេងយំខ្សឹកខ្សួលរបស់ក្វាន់ ក្វាន់រៀបចំខោអាវដាក់កាបូបបណ្ដើរ ស្រក់ទឹកភ្នែកហូរមកបណ្ដើរ ក្នុងចិត្តគ្រាំស្ទើរស្លាប់ព្រោះឪខ្លួនលក់ខ្លួនឲ្យគេ ក្វាន់ខំយកដៃមកជូតទឹកភ្នែកតែជូតមិនអស់ កាន់តែជូតទឹកភ្នែកកាន់តែហូរ មីងព្រីមដើរចូលមកក៏យកដៃជូតទឹកភ្នែកចេញព្រោះទប់មិនបានធ្វើជាម្ដាយគេតែបែរជាជួយអ្វីកូនមិនបាន
មីងព្រីម«ក្វាន់កូន...ឲ្យម៉ែសុំទោស» មីងព្រីមនិយាយទាំងអ៊ួលដើមក ហូរទឹកភ្នែកស្រក់ចុះមកដេញប្រដាក់គ្នាមិនឈប់ មីងព្រីមលោដៃទាញកូនមកអោបជាប់ទ្រូងពេលឃើញទឹកភ្នែកកូនហូរដាបថ្ពាល់មិនឈប់
ក្វាន់«ហ៊ឹកៗៗ...ហ៊ឹក...ហ៊ឹក» ក្វាន់យំកាន់តែខ្លាំងព្រោះមិននឹកស្មានថានឹងមានថ្ងៃនេះដែលខ្លួនក្លាយទៅជាប្រពន្ធចុងគេទាំងវ័យក្មេង មីងព្រីមក៏ទាញក្វាន់ចេញបន្តិចមុននឹងនិយាយបន្តទាំងទឹកភ្នែកខ្លួនហូរមកដូចទឹកជ្រោះមិនឈប់
មីងព្រីម«ក្វាន់កូន...ម៉ែសូមទោសចាំម៉ែនិយាយអង្វរលោកបងម្ដងទៀត» មីងព្រីមបម្រុងនឹងក្រោកចេញទៅរកហ៊ាហានតែក្វាន់ក្រវីក្បាល មកចាប់ទាញដៃម្ដាយឲ្យអង្គុយចុះមកវិញទាំងទឹកភ្នែកស្រក់ហូរមករៀងខ្លួន
ក្វាន់«មិនបាច់ទេម៉ែ ខ្ញុំនឹងស៊ូនៅឲ្យបាន ទោះបីជាម៉ែអង្វរយ៉ាងណាក៏គាត់មើលមិនឃើញមិនយល់ដែល» ក្វាន់យំរឹតតែខ្លាំងហើយក៏ស្ទុះទៅអោបម្ដាយពេញដៃ ឯទឹកភ្នែកក៏ចេះតែស្រក់មកមិនឈប់ មីងព្រីមក្នុងចិត្តគ្រាំចិត្តស្ទើរស្លាប់ហើយពេលគេធ្វើដាក់កូនបែបនេះ តែមិនអាចជួយអ្វីបាន គាត់ពិតជាមានអារម្មណ៍ថាខ្លួនអត់បានការខ្លាំងណាស់គាត់ក៏ស្រវ៉ាអោបកូនទាំងទឹកភ្នែក

YOU ARE READING
ស្នេហ៍ចិត្តពីរ
Romanceខាងយើងខ្ញុំធ្វើការផុសរឿងនៅថ្ងៃ ព្រហ សុក្រ សៅរ៍ អាទិត្យ វេលាម៉ោង10យប់ ប្រលោមលោកបែបស្នេហា ស្រីនិងស្រី នេះជាប្រលោមលោកបែបមនោសញ្ចេតនា មានទាំងអាគមគាថា លាយលំនឹងស្នេហាដែលមិនអាចបែកចែកបាន ប្រលោមលោកមួយនេះជាការសរសេរលើកដំបូង បើសិនជាមានកន្លែងណាដែលមិនសមរម្យ ខុសទ...