ភាគ៣០

115 10 0
                                    

អ៊ុំផាត់ក៏នាំអ៊ុំស៊ីងសម្ដៅមកកាន់គ្រែអង្គុយមុខផ្ទះ
អ៊ុំផាត់«អង្គុយចុះសិនទៅអ៊ុំ» អ៊ុំផាត់ក៏ដាក់ឲ្យអ៊ុំស៊ីងអង្គុយលើគ្រែ រួចហើយអ៊ុំស៊ីងក៏ខំស្ដាប់សំលេងមើលថាមានមនុស្សប៉ុន្មាននាក់មករកគាត់
អ៊ុំស៊ីង«ឯងនាំពួកគេមកដោយសារអាទិត្យមែនទេ?» អ៊ុំផាត់លឺហើយក៏សម្លឹងមើលមុខស្រីក្វាន់ដែលកំពុងហូរទឹកភ្នែកមិនឈប់និងសែបដែលឈរទាំងទឹកមុខក្រៀមក្រំក្បែរគ្នាមុននឹងឆ្លើយ
អ៊ុំផាត់«បាទអ៊ុំ ពេលនេះអាទិត្យវា...» អ៊ុំផាត់បម្រុងចង់និយាយតែអ៊ុំស៊ីងក៏និយាយកាត់
អ៊ុំស៊ីង«យើងដឹងហើយ» ចាន់លឺបែបនេះក៏ស្ទុះមកចាប់ដៃអ៊ុំស៊ីងនិយាយទាំងអណ្ដឺតអណ្ដក
ចាន់«អ៊ុំ..អ៊ុំមានវិធីអីជួយបងអាទិត្យបានទេ? អ៊ុំជួយគាត់ផងខ្ញុំមិនចង់បាត់បង់គាត់ទេអ៊ុំ ហឹៗ» ទឹកភ្នែកដែលស្រក់ចុះមកបង្ហាញច្បាស់ណាស់ថាពេលនេះចាន់កំពុងតែបារម្ភខ្លាំងណាស់ពីអាទិត្យ
អ៊ុំស៊ីង«យើងជួយមិនបានទេ គឺមានតែចាំមើលលើព្រហ្មលិខិតជាអ្នកកំណត់ហើយ» លឺបែបនេះស្រីក្វាន់និងចាន់និយាយលែងចេញ គាំងខ្លាំងណាស់ទោះបីជានិយាយបែបណាមិនត្រូវទេព្រោះការឈឺចាប់វាលើសលុបទឹកភ្នែកដែលហូរស្រក់ចុះមក អ៊ុំផាត់និងសែបបានត្រឹមតែអោនមុខចុះយ៉ាងក្រៀមក្រំ
អ៊ុំស៊ីង«អាផាត់ នាំពួកគេទាំងពីរនាក់ទៅសម្រាកនៅផ្ទះក្បែរផ្ទះរបស់អាទិត្យទៅ នៅសល់ផ្ទះទំនេរមួយនៅក្បែរនោះ»
អ៊ុំផាត់«បាទអ៊ុំ!» អ៊ុំផាត់ក៏នាំផ្លូវសែបនិងស្រីក្វាន់ទៅផ្ទះនោះ សែបក៏គៀកស្រីក្វាន់ដើរទៅព្រោះថា ស្រីក្វាន់ពេលនេះកំពុងតែទន់ខ្លួនទៅមុខមិនរួច ដោយសារតែក្នុងចិត្តក្ដុកក្ដួលណាស់ពេលដែលលឺអ្វីដែលអ៊ុំស៊ីងបាននិយាយមុននេះ
សែប«ឈប់យំទៅស្រីក្វាន់ គេប្រហែលជាមិនអីទេ» សែបឃើញស្រីក្វាន់យំមិនឈប់ ក៏ដើរបណ្ដើរនិយាយលួងលោមបណ្ដើរ មិនថាទោះបីជាលួងលោមយ៉ាងណាក៏ពេលនេះក្នុងចិត្តស្រីក្វាន់ គឺគិតឃើញនិងបារម្ភពីអាទិត្យមិនឈប់ទេ
ក្រោយពេលគេទៅបាត់អស់ ចាន់ចាប់ផ្ដើមយំឡើងចង់ដង្ហក់ នៅចំពោះមុខអ៊ុំស៊ីង
អ៊ុំស៊ីង«ឯងយំធ្វើអី? យើងនិយាយនេះមិនបានចង់ឲ្យឯងយំទេ បើឯងចង់ឲ្យអាទិត្យវានៅរស់ពិតមែន ឯងគួរតែផ្ដល់កម្លាំងចិត្តពីចម្ងាយឲ្យទៅវា នោះវានឹងបានដឹងលឺហើយវានឹងមិនស្លាប់ងាយៗទេ បើឯងមកយំបែបនេះវាគ្មានបានអីឡើយ»
ចាន់«ហឹៗ អ៊ុំឲ្យខ្ញុំមិនយំបានយ៉ាងម៉េច បើខ្ញុំឃើញបងគាត់ត្រូវគ្រាប់កាំភ្លើងនៅនឹងមុខខ្ញុំច្បាស់ៗបែបនេះ ខ្ញុំទទួលយកមិនបានទេអ៊ុំ ហឹៗ» ទោះបីជាស្ដាប់អ៊ុំស៊ីងនិយាយយ៉ាងណាក៏ចាន់នៅតែយំ នឹកឃើញទិដ្ឋភាពដែលអាទិត្យត្រូវគ្រាប់កាំភ្លើងមិនឈប់បែបនេះ
អ៊ុំស៊ីង«ហ៉ើយ...បើឯងនៅតែបែបនេះ ប្រយ័ត្នលែងបានជួបមុខវាទៀតទៅ ឈប់យំហើយក៏ទៅផ្ទះបន់ព្រះឲ្យវាបានសេចក្ដីសុខទៅ» អ៊ុំស៊ីងនិយាយចប់ក៏ក្រោកដើរឡើងទៅខាងលើផ្ទះវិញ ចាន់ពេលនេះខំប្រឹងលេបទឹកភ្នែកមិនឲ្យស្រក់ចុះមកយ៉ាងអណ្ដឺតអណ្ដក ព្យាយាមដើរទៅផ្ទះទាំងភ្នែកស្រវាំងដោយសារតែយំខ្លាំងពេក
ក្រឡេកមកមើលនៅឯខាងនាយកង ហ៊ាហាននិងថៅកែវិញពេលនេះហ៊ាហានកំពុងតែ ប្រើអាគមរបស់ខ្លួនដកយកគ្រាប់កាំភ្លើងចេញពីដៃរបស់នាយកង
នាយកង«អ្ហក!!» ក្រោយពេលត្រូវយកគ្រាប់ចេញក៏បង្កជាការស្រែកឈឺចាប់បន្តិច តែក៏បាត់ទៅវិញព្រោះហ៊ាហានបានយកគ្រាប់កាំភ្លើងចេញបានសម្រេច
ហ៊ាហាន«ពេលនេះពួកវាប្រហែលជាកំពុងសប្បាយចិត្ត ដែលរត់គេចបានសម្រេចតែវាមិនដឹងទេថា យើងកំពុងតែដើរខ្សែរលើពួកវាហើយ» ហ៊ាហាននិយាយទាំងញញឹមចុងមាត់យ៉ាងឃោឃៅ
មកមើលមេកងនិងអាទិត្យពេលនេះវិញ អាទិត្យកំពុងតែបិទភ្នែកមិនព្រមដឹងខ្លួនតតែសោះ មេកងក្រោយពីសូត្របាលីចប់ក៏ឃើញថាខ្លួនប្រាណរបស់អាទិត្យប្រែមកជាសភាពធម្មតាដូចដើមវិញ របួសគ្រប់កន្លែងក៏បាត់អស់ តែក៏ហូរញើសមកមិនឈប់ ខ្លួនប្រែជាត្រជាក់ខុសធម្មតា មេកងក៏សម្រេចចិត្តគ្រាអាទិត្យយកទៅផ្អែកនឹងជញ្ជាំងជាមុនសិន
មេកងចក្រៃយ៍«ហ្អើយឯណាត្បូងនោះ?» មួយសន្ទុះក្រោយមេកងក៏សង្កេតឃើញថា ត្បូងតែខ្លួនកាន់យកបានមុននោះបានបាត់ទៅណាក៏មិនដឹង
មេកងក៏ឆ្លេឆ្លាដើររកមើលត្បូងនោះ
ភ្លាមនោះក៏ស្រាប់តែពន្លឺពណ៌ក្រហមបានជះចេញពីលើថ្ងាសរបស់អាទិត្យ មើលទៅដូចជារូបរាងរបស់ត្បូងនោះច្បាស់ណាស់ មេកងក៏ភ្ញាក់ផ្អើលណាស់ដែរ ហើយក៏ឈានជើងដើរតិចៗទៅរកអាទិត្យ
មេកងចក្រៃយ៍«ហ្អើយ!» ពេលមកក្បែរអាទិត្យមេកងក៏អោនចុះសម្លឹងមើលឲ្យច្បាស់ តែពេលនោះស្រាប់តែមានអ្នកណាម្នាក់ចាប់ជើងរបស់ខ្លួនធ្វើឲ្យមេកងភ្ញាក់ស្រែកឡើង
ពេលសម្លឹងមើលក៏ឃើញថាជាដៃរបស់អាទិត្យសោះ
អាទិត្យ«គឺយើងទេ» អាទិត្យក៏បើកភ្នែកឡើងសម្លឹងមករកមេកង មេកងក៏ដកខ្លួនថយមកវិញ
មេកងចក្រៃយ៍«យើងស្មានថាឯងស្លាប់បាត់ហើយតាស» មេកងក៏ជួយចាប់ទាញអាទិត្យឲ្យក្រោកឈរឡើង
អាទិត្យ«ប៊ិះនឹងស្លាប់ហើយ តែយើងមិនទាន់បានសងសឹក យើងមិនចង់ស្លាប់»
មេកងចក្រៃយ៍«សងសឹកអ្នកណា?»
អាទិត្យ«អាហាននោះអី វាជាសត្រូវតពូជរបស់យើងហើយ»
មេកងចក្រៃយ៍«ឯងមានសត្រូវដូចជាយើងបេះបិទ យើងក៏ចង់សងសឹកវាដូចគ្នា» ទាំងពីរនាក់ក៏សម្លឹងមុខគ្នាទៅវិញទៅមក
មេកងក៏សម្លឹងមើលទៅកាន់ខ្សែរករបស់អាទិត្យម្ដងទៀត មុននឹងនិយាយ
មេកងចក្រៃយ៍«ឯងមានខ្សែរកនេះមកពីណា?» អាទិត្យក៏សម្លឹងមើលមកខ្សែរកខ្លួនបន្តិចមុននឹងឆ្លើយទៅវិញ
អាទិត្យ«ម៉ាក់ប៉ារបស់យើងជាអ្នកឲ្យមកយើង» លឺបែបនេះមេកងក៏កាន់តែសង្ស័យ
មេកងចក្រៃយ៍«តាំងពីពេលណា?» អាទិត្យក៏សម្លឹងមើលមុខមេកងទាំងឆ្ងល់
អាទិត្យ«តាំងតែពីយើងនៅតូច ហើយយ៉ាងម៉េច?»
មេកងចក្រៃយ៍«ហើយចុះអីលូវពួកគាត់ទៅណាហើយ?»
អាទិត្យ«គាត់ស្លាប់តាំងតែពីយើងនៅតូចម្លេះ» លឺបែបនេះហើយមេកងក៏កាន់តែច្បាស់ក្នុងចិត្តថា អាទិត្យនេះហើយជាប្អូនរបស់ខ្លួន ភ្នែកមេកងពេលនេះក៏សម្លឹងមើលទៅអាទិត្យក្នុងន័យជាបងប្អូនបណ្ដើរៗហើយ តែអាទិត្យក៏ឆ្ងល់នឹងទឹកមុខប្លែកៗរបស់មេកងវិញ
មេកងចក្រៃយ៍«នេះៗ ឯងឃើញទេយើងក៏មានចិញ្ចៀនត្បូងដូចខ្សែរករបស់ឯងដូចគ្នា វាដូចគ្នាណាស់» មេកងនិយាយទាំងរំភើបក្នុងចិត្តតែអាទិត្យក៏ធ្វើមុខឆ្ងល់
អាទិត្យ«ដូចត្រង់ណា? មួយជាចិញ្ចៀន មួយជាខ្សែរក» អាទិត្យនិយាយចប់ភ្លាមមេកងក៏និយាយភ្លែត
មេកងចក្រៃយ៍«ដូចត្រង់ថាវាធ្វើពីត្បូងតែមួយ ហើយបានពីគ្រួសារតែមួយដូចគ្នា បានពីមនុស្សតែមួយ» អាទិត្យក៏ភ្ញាក់ទាញខ្សែរកមកមើល ហើយក៏មើលចិញ្ចៀននៅនឹងដៃរបស់មេកង
អាទិត្យ«ឯងចង់បានន័យថា...» មេកងនិងអាទិត្យសម្លឹងមុខគ្នាបន្តិចក៏និយាយឡើងព្រមគ្នា
«យើងជាបងប្អូននឹងគ្នា» មេកងលឺហើយក៏ញញឹមយ៉ាងសប្បាយចិត្ត តែអាទិត្យក៏និយាយកាត់ភ្លែត
អាទិត្យ«មិនអាចទេ បើឯងជាបងរបស់យើងមែន ម៉េចក៏ខ្សែរកនិងចិញ្ចៀនវាមិនចេញពន្លឺក្រហមដូចគ្នា ព្រោះថាអ៊ុំស៊ីងប្រាប់យើងថាបើវាជួបជាមួយគូរបស់វា វានឹងភ្លឺឡើងព្រមគ្នា»
មេកងចក្រៃយ៍«ចឹងក៏ចាំយើងសូត្រមន្ដព្រះធម៌សិន បើសិនជាឯងចង់ច្បាស់» មេកងក៏ចាប់ផ្ដើមសូត្រមន្ដព្រះធម៌របស់ខ្លួន ពេលនោះក៏ចេញពន្លឺពិតមែន តែក៏ចេញតែលើចិញ្ចៀនរបស់មេកងតែប៉ុណ្ណោះ ធ្វើមេកងឆ្ងល់ណាស់ហើយក៏ឈប់សូត្របន្ត
អាទិត្យ«នេះឯងចង់បោកយើងហ្អេស? គ្មានផ្លូវទេដែលយើងជាបងប្អូននឹងគ្នា ហ៊ឹស» អាទិត្យនិយាយទាំងសើច តែមេកងក៏នៅតែមិនអស់ចិត្ត បម្រុងនឹងហាមាត់និយាយតែពេលនោះក៏ស្រាប់តែមាននរណាម្នាក់ទះដៃដើរចូលមក
ថៅកែគៀង«អូហូៗៗ... នេះពិតនេះរ៉ូមែនទិច មែនទែនតែម្ដងហើយ ល្អមើលណាស់រឿងមួយឆុតនេះពេលណាចេញ?» ថៅកែគៀងនិយាយទាំងសើចចំអក តែទាំងពីរនាក់ឈរសម្លឹងមើលមុខមិនដាក់ភ្នែកសោះ
ថៅកែគៀង«កុំសម្លឹងយើងបែបនេះ គួរឲ្យខ្លាចដ៏ហើយនៀក» ថៅកែគៀងនិយាយចប់ នាយកងនិងហ៊ាហានក៏នាំគ្នាដើរចូលមក
ហ៊ាហាន«មិនគិតថាឯងមានកម្លាំងខ្លាំងទប់ជាប់ជាមួយនឹង គុជនាគសោះ តែយ៉ាងណាមិនអីទេ ឯងនៅតែចាញ់យើងដដែរទេ»
អាទិត្យ«ចាញ់? យើងនឹងហ្អេសចាញ់ បើយើងចាញ់ ក៏មិនមែនចាញ់ក្នុងដៃឯងដែរ»
ហ៊ាហាន«ហ៊ឹសៗ ក្មេងស្រីដូចឯងនឹងហ្អេស កន្លងមកយើងខំគិតថាចោរឆាតនេះជាប្រុស តែការពិតគឺជាស្រី មិនសប្បាយលេងសោះ ធ្វើឲ្យយើងត្រូវធ្វើបាបមនុស្សស្រីទៅហើយនៀក តែថាយ៉ាងណា យើងក៏ត្រូវតែលេងវាឲ្យចប់ដែរ» ហ៊ាហាននិយាយចប់នាយកងក៏ដកកាំភ្លើងចេញមកតម្រង់ទៅកាន់ពួកគេទាំងពីរ
មេកងក៏ចាប់ផ្ដើមសូត្របាលីរបស់ខ្លួនដើម្បីការពារគ្រាប់កាំភ្លើង ហើយក៏ដកកាំភ្លើងរបស់ខ្លួនចេញមកដើម្បីតតាំងជាមួយគ្នា រួចក៏ឈានជើងដើរចូលទៅមួយជំហ៊ានតែពេលនោះក៏ស្រាប់តែ
ផាំង! “សម្លេងបាញ់កាំភ្លើង” គ្រាប់កាំភ្លើងនោះមិនបានបាញ់ចំមេកងនោះទេ តែបែរជាត្រូវថៅកែគៀងទៅវិញ
ផាំង! “សម្លេងបាញ់កាំភ្លើង” ដោយសារតែថៅកែគៀងនៅមានដង្ហើម នាយកងក៏បាញ់មួយគ្រាប់ទៀតបញ្ចប់ដង្ហើមរបស់ថៅកែគៀងឲ្យដួលទៅនឹងដីតែម្ដង
ស្ថានភាពពេលនេះធ្វើឲ្យអាទិត្យនិងមេកងបើកភ្នែកធំៗ មិនជឿនឹងភ្នែកតតែសោះ ព្រោះនេះគឺជាការប៉ុនប៉ងបាញ់តែម្ដង ឃើញថាថៅកែគៀងពេលនេះគ្មានដង្ហើមតទៅទៀត នាយកងក៏ទម្លាក់កាំភ្លើងចុះទាំងញញឹម
ហ៊ាហាន«ស្វាគមន៍មកកាន់ល្បែងទីពីររបស់យើង ឯងជាប្រហែលជាមិននឹកស្មានទេ តែយើងចង់ប្រាប់ឯងថាពួកឯងគឺល្ងង់ ល្ងង់ទាំងម្នាក់ជាចោរ ម្នាក់ទៀតជាប៉ូលិសតែក៏នៅតែល្ងង់» មេកងនិងអាទិត្យបានត្រឹមតែចំហរមាត់គាំងនិយាយមិនចេញប៉ុន្នឹងឯង ពេលនោះក៏លឺសម្លេងឡានសារ៉ែនប៉ូលិសមកដល់
នាយកង«លាសិនហើយណាមេកង» និយាយចប់ហ៊ាហានក៏ប្រើអាគមបំបាំងខ្លួនគេចបាត់ទៅទុកឲ្យមេកងនិងអាទិត្យនៅឈរធ្មឹងជាប់គាំងទៅណាមិនរួច
ពេលនោះស្នងការ ក៏បាននាំកូនចៅរបស់ខ្លួនមកដល់ ហើយក៏នាំគ្នាភ្ជង់កាំភ្លើងសម្ដៅទៅកាន់មេកងនិងអាទិត្យ ដែលមិនដឹងអីព្រោះឃើញសាកសពថៅកែគៀងនៅនឹងមុខមេកង
ស្នងការ«មេកងនេះមេកង?» ស្នងការសម្លឹងមើលទៅសាកសព ហើយក៏សម្លឹងមើលទៅមេកងដែលមានកាន់កាំភ្លើងជាប់ដៃ
មេកងចក្រៃយ៍«ស្នងការនេះខ្ញុំមិនបានធ្វើទេ មិនមែនខ្ញុំជាអ្នកធ្វើទេ»
ស្នងការ«ចូលទៅចាប់ពួកគេទៅនេះជាបញ្ជា» ស្នងការដើរទៅរើសសំបកគ្រាប់កាំភ្លើងដែលជ្រុះនោះមកមើល ក៏ឃើញថាវាជាគ្រាប់កាំភ្លើងរបស់មេកង រួចក៏ស្រែកបញ្ជាកូនចៅខ្លួនមួយទំហឹង
ពេលនេះមេកងនិងអាទិត្យធ្វើអ្វីមិនចេញក៏បានត្រឹមតែឈរឲ្យប៉ូលិសវាយខ្នោះនៅនឹងដៃខ្លួនប៉ុណ្ណោះ
ស្នងការ«នាំពួកគេទៅ» មេកងនិងអាទិត្យក៏ត្រូវប៉ូលិសនាំខ្លួនចេញទៅ មេកងក៏ងាកសម្លឹងមើលមុខស្នងការ ភ្នែកទល់នឹងភ្នែក ស្នងការក៏ញញឹមដាក់មេកង ទាំងពីរនាក់ក៏ត្រូវបានប៉ូលិសនាំខ្លួនឡើងឡានប៉ូលិសចេញទៅ
ស្នងការក៏ឈរទាំងញញឹម ហើយស្នងការក៏ឈរស្រមៃបកក្រោយបន្តិច
ស្នងការកំពុងតែអង្គុយមើលរបាយការណ៍ពីថ្នាក់លើ ពេលនោះក៏ស្រាប់តែហ៊ាហានបានទូរស័ព្ទមកខ្លួន
ស្នងការ«ជម្រាបសួរបាទហ៊ា»
ហ៊ាហាន«ពេលនេះអាមេកងវាចេញក្រៅហើយមែនទេ?»
ស្នងការ«បាទហ៊ា វាប្រហែលជាទៅក្នុងផ្សារបាត់ហើយហ៊ា»
ហ៊ាហាន«ល្អ! ចឹងចាត់ការតាមអ្វីដែលយើងប្រាប់ឯងទៅ» និយាយរួចហើយហ៊ាហានក៏បិទទូរស័ព្ទចុះ ពេលនោះស្នងការក៏ឈរញញឹមតែម្នាក់ឯ បានបន្តិចក្រោយមកក៏ឃើញថាស្នងការកំពុងតែចូលទៅក្នុងបន្ទប់ធ្វើការរបស់មេកង គាត់ក៏ដើរសម្ដៅទៅរកតុធ្វើការរបស់មេកងហើយក៏បានបើកកេកតុមើល រួចក៏យកប្រអប់ម្យ៉ាងរបស់មេកងមកបើកមើលឃើញថាវាជាគ្រាប់កាំភ្លើងដែលបានបញ្ចុះអាគមរបស់មេកង ស្នងការក៏ដកយកគ្រាប់កាំភ្លើងនោះចេញមក ពេលយប់ស្នងការក៏បានយកគ្រាប់កាំភ្លើងនោះទៅឲ្យហ៊ាហានដល់ផ្ទះ នេះហើយគឺជាផែនការរបស់ហ៊ាហានដើម្បីកម្ចាត់មេកងចោល
បកមកមេកងនិងអាទិត្យពេលនេះក៏ត្រូវបានគេមកនាំមកដាក់នៅក្នុងគុកបណ្ដោះអាសន្នដើម្បីធ្វើការកាត់ទោសតាមក្រោយ
ស្នងការ«បើសិនជាពួកឯងហ៊ានតែជួយមេរបស់ខ្លួននោះ យើងនឹងដាក់ឯងចូលគុកជាមួយគ្នា ពីបទរួចគំនិតសម្លាប់មនុស្ស» ស្នងការដែលនៅទីនោះក៏បាននិយាយគំរាមដល់សែបដាំនិងសែបណាមដែលមកមើលមេកងនិងអាទិត្យត្រូវគេនាំមកដាក់ក្នុងគុក
អាទិត្យ«មេកងគេមិនបានសម្លាប់មនុស្សទេ យើងនៅទីនោះយើងឃើញផ្ទាល់ភ្នែកថាអាកងវាជាអ្នកសម្លាប់មិនមែនមេកងទេ» អាទិត្យស្ទុះមកប្រកែកជាមួយស្នងការ ស្នងការក៏លើកថង់ដែលដាក់សំបកគ្រាប់កាំភ្លើងរបស់មេកង
ស្នងការ«នេះជាភស្តុតាង នេះជាគ្រាប់កាំភ្លើងដែលមកងប្រើមិនចឹង ម៉េចក៏វានៅទីនោះបើមេកងមិនបានធ្វើ ហើយថែមទាំងកាន់កាំភ្លើងក្នុងដៃទៀត មិនថាយ៉ាងណាទេ មេកងក៏នៅតែមានបទរួមគំនិតជាមួយចោរដូចជាឯងដដែរ» និយាយចប់ស្នងការក៏ញញឹមឌឺដាក់មេកងដែលកំពុងឈរផ្អែកខ្នងនឹងជញ្ជាំងរួចក៏ដើរចេញទៅ
សែបដាំ«ចោរ? ឯងជាចោរហ្អេស?» អាទិត្យមិនឆ្លើយចឹងហើយមេកងក៏ឆ្លើយជំនួស
មេកងចក្រៃយ៍«គេជាចោរឆាតដែលយើងគ្រប់គ្នាស្គាល់កន្លងមកនេះ» ដាំនិងណាមក៏ស្រែកឡើងដំណាលគ្នា «ហ្អាស! ចោរឆាត ជាស្រីចឹងហ្អេស?»
សែបដាំ«ហ៊ូយ មិនគួរឲ្យជឿសោះហើយនៀក ចោរឆាតជាស្រីសោះ» អាទិត្យលឺហើយក៏ផ្អែកខ្លួនទៅនឹងជម្រឹងដែកអោបដៃសម្លឹងមើលមុខមេកង
សែបដាំ«តែថាមេកងហ្អា យើងគិតធ្វើយ៉ាងម៉េចបន្តទៅ»
មេកងចក្រៃយ៍«ខ្ញុំមិនទាន់ដឹងដូចគ្នា តែសែបមិនបាច់មកពាក់ព័ន្ធទេ រឿងនេះខ្ញុំចាត់ការខ្លួនឯងបាន» ភ្លាមនោះស្រាប់តែមានប៉ូលិសពីរនាក់ចូលមក ហើយស្នងការក៏ចូលមកជាមួយម្ដងទៀតដូចគ្នា
ស្នងការ«ពួកឯងមិនបាច់នៅចាំយាមមេរបស់ខ្លួនទេ ព្រោះថាពេលនេះយើងយកអ្នកយាមថ្មីមកហើយ» និយាយហើយក៏ប្រើក្រសែភ្នែកធ្វើឲ្យសែបដាំនិងសែបណាមនាំគ្នាដើរចេញទៅវិញទាំងមិនដាច់ចិត្តពីមេកងសោះ
ស្នងការ«តាមសប្បាយណាមេកង» ស្នងការក៏ញញឹមឌឺដាក់មេកងម្ដងទៀតមុននឹងដើរចេញទៅ ផាំង! “សម្លេងវាយដែករបស់អាទិត្យ”
អាទិត្យ«មួលបង្កាច់ច្បាស់ណាស់ នេះឯងបណ្ដោយឲ្យវាធ្វើបែបនេះទាំងយើងមិនបានខុសចឹងហ្អេស?» អាទិត្យងាកមកនិយាយជាមួយមេកងវិញទាំងកំហឹង
មេកងចក្រៃយ៍«ឲ្យយើងធ្វើយ៉ាងម៉េច ឯងនិយាយមក នេះក៏ដោយសារយើងបានរួមដៃជាមួយឯងចឹងហើយយើងក៏នៅតែមានទោស» លឺភ្លាមកំហឹងអាទិត្យក៏កើនឡើងស្ទុះទៅចាប់ក្រវួចកអាវមេកងមួយទំហឹងរួចក៏និយាយខ្សឹបតិចៗ
អាទិត្យ«យប់នេះយើងមានវិធីចេញពីទីនេះ» “និយាយតិចៗ”  រួចហើយអាទិត្យក៏ធ្វើជាស្រែកខ្លាំងៗវិញ «ហើយឯងចង់ចោទថាក៏មកពីយើងចឹងហ្អេស?» មេកងក៏ចាប់កអាវអាទិត្យវិញរួចបោកទៅជាប់ជញ្ជាំង ព្រមទាំងនិយាយតិចៗ
មេកងចក្រៃយ៍«បើយើងមិនបានខុសយើងក៏មិនចេញទៅណាទេ ដើម្បីបញ្ជាក់ថាយើងពិតជាមិនខុស បើយើងរត់គេចក៏បានន័យថាយើងព្រមទទួលកំហុសនេះ» រួចហើយក៏ស្រែកមួយទំហឹងវិញ «អឺមែនហើយ មកពីឯង ដោយសារតែឯងជាចោរនោះអី» អាទិត្យក៏រើខ្លួនហើយដាល់មុខមេកងមួយដៃ ព្រមទាំងនិយាយខ្សឹបតិចៗម្ដងទៀត
អាទិត្យ«បញ្ជាក់យ៉ាងណាក៏ឯងមិនឈ្នះពួកវាដែរ ត្រូវតែប្រើល្បិចទល់ល្បិចនឹងហើយ» រួចហើយក៏ស្រែកមួយទំហឹងវិញ «ជាចោរវាយ៉ាងម៉េចយើងវាខុសត្រង់ណា ប៉ូលិសដូចឯងល្អត្រង់ណាហ្អាស» មេកងក៏ដាល់អាទិត្យមួយដៃវិញមុននឹងនិយាយតិចៗ
មេកងចក្រៃយ៍«អត់ទេ យើងមិនព្រមទេ» មេកងក៏ស្រែកឡើងមួយទំហឹងវិញ «អឺវាល្អ ល្អជាងចោរដូចជាឯងនោះអី» អាទិត្យក៏ចាប់បោកមេកងទៅនឹងជញ្ជាំងមួយទំហឹងមុននឹងទៅចាប់កអាវម្ដងទៀត ហើយក៏និយាយតិចៗ
អាទិត្យ«បើចឹងឯងក៏គ្មានថ្ងៃបានបញ្ជាកថាឯងមិនបានធ្វើ ព្រោះនៅក្នុងនេះឯងធ្វើអីមិនកើតទេ» និយាយចប់ទើបអាទិត្យស្រែកមួយទំហឹងវិញ «អឺបើល្អជាងមិនមែនមកនៅក្នុងគុកជាមួយគ្នាទេវ៉ើយ» មេកងក៏រហ័សដាល់អាទិត្យឲ្យដួលវិញរួចក៏ចាប់ក្រវួចកអាវដាល់មួយដៃទៀតមុននឹងនិយាយតិចៗ
មេកងចក្រៃយ៍«ល្អ តែយើងមិនធ្វើចោរដូចជាឯងទេ» អាទិត្យក៏រហ័សតបវិញ
អាទិត្យ«មិនបានឲ្យឯងមកធ្វើចោរទេ តែឯងក៏ត្រូវធ្វើតាមសម្ដីយើង» រួចហើយអាទិត្យក៏ស្រែកមួយទំហឹង «អឺ!» ឌឹប! អាទិត្យក៏រុញមេកងឲ្យដួលរួចក៏ស្ទុះទៅវាយគ្នាជាមួយមេកងបន្ត ការវាយគ្នានេះធ្វើឲ្យអ្នកយាមពីរនាក់នោះឆ្ងល់ជាមួយមេកងនិងអាទិត្យណាស់សុខៗក៏ឈ្លោះគ្នា ទើបពេលនេះដើរទៅមើល «ហ្អើយ ឈ្លោះគ្នាដូចឆ្កែចឹងស្ងាត់ទៅ» មេកងនិងអាទិត្យក៏បញ្ឈប់ការវាយគ្នា ហើយឈរសម្លឹងមុខគ្នាដូចចង់ស៊ីសាច់ដដែរ
ពេលយប់ក៏ឈានចូលមកដល់
ស្រីក្វាន់«ហ៊ឹៗៗៗ...»ពេលនេះស្រីក្វាន់កំពុងតែសង្ងំអង្គុយអោបជង្គង់យំនៅក្នុងផ្ទះមិនឈប់សោះ ទិដ្ឋភាពរបស់អាទិត្យដែលត្រូវគ្រាប់កាំភ្លើងលោតពេញខួរក្បាលច្បាស់ៗ ដៃញ័រតតាត់កាន់ខ្សែរចងសក់ដែលអាទិត្យបានឲ្យមកមើល រួចទឹកភ្នែកក៏ចាប់ផ្ដើមកាន់តែស្រក់ខ្លាំងមកមិនឈប់ ស្រមៃទៅដល់ពេលដែលខ្លួននៅជាមួយអាទិត្យអនុស្សាវរីយ៍ជាច្រើនបានលោតចេញមកធ្វើឲ្យស្រីក្វាន់កាន់តែពិបាកទទួលយក ព្រោះគិតថាពេលនេះប្រហែលជាខ្លួនលែងបានជួបអាទិត្យទៀតហើយ
សែប«ស្រីក្វាន់! ស្រីក្វាន់! ចេញមកញ៉ាំបាយសិនមក» ស្រីក្វាន់ក៏ស្រែកឆ្លើយតបវិញទាំងញ័រមាត់
ស្រីក្វាន់«អត់ទេ! ខ្ញុំមិនឃ្លានទេសែប» សែបលឺហើយបានត្រឹមតែអាណិតស្រីក្វាន់ ព្រោះបើតាមស្ដាប់សម្លេងស្រីក្វាន់ទៅគឺកំពុងតែយំខូចចិត្តខ្លាំងហើយ សែបក៏មិនបានតបអ្វីរួចហើយដើរចេញពីមាត់ទ្វារចុះមកអង្គុយលើគ្រែមុខផ្ទះវិញ
សែប«មេកងអើយមេកង ពេលនេះសុខទុក្ខយ៉ាងណាទៅហើយទេ ហ៊ឹម» សែបងើយមុខសម្លឹងមើលទៅលើមេឃទាំងព្រួយបារម្ភ ស្រីក្វាន់ពេលនេះក៏មិនព្រមធ្វើអ្វីក្រៅពីអង្គុយយំមិនឈប់ ចាន់ពេលនេះក៏មិនខុសគ្នាពីស្រីក្វាន់ប៉ុន្មានដែរតែដោយស្ដាប់តាមអ៊ុំស៊ីងចាន់ក៏ព្រមឈប់យំមកអង្គុយបន់ព្រះវិញម្ដង
ចាន់«ខ្ញុំមិនសុំអ្វីច្រើនទេ ខ្ញុំសុំត្រឹមតែបងអាទិត្យមិនស្លាប់ទៅបានហើយ ហ៊ឹៗៗ បងត្រូវតែរស់មកជួបខ្ញុំវិញ ទោះបីជាបង...បងមិនបានស្រលាញ់ខ្ញុំក៏ដោយ» ចាន់អង្គុយបន់ព្រះដំបូងថាមិនយំទេតែបានបន្តិចក៏ស្រក់ទឹកភ្នែកមកជាថ្មីម្ដងទៀត
មេកងនិងអាទិត្យពេលនេះកំពុងតែអង្គុយពែនភ្នែនសម្លឹងមុខគ្នាទៅវិញទៅមកដោយមិននិយាយអ្វីអ្វីសូម្បីតែមួយម៉ាត់នេះក៏ដោយសារតែ ពួកគេប្រើអាគមខ្លួននិយាយគ្នាតាមព្រលឹងវិញទើបគ្មានអ្នកណាដឹង ឯអ្នកយាមពីរនាក់នោះក៏មិនចាប់អារម្មណ៍អ្វីច្រើនដែរ បានត្រឹមតែដើរទៅដើរមកពិនិត្យមើលគេទាំងពីរនាក់

យប់នេះបើadminទំនេរនឹងផុសមួយភាគទៀត តែមិនទាន់ច្បាស់ទេ ចាំជួបគ្នាជាមួយភាគបន្ត🙏

ស្នេហ៍ចិត្តពីរWhere stories live. Discover now