ព្រឹកព្រលឹមនៃថ្ងៃថ្មីក៏បានមកដល់ ពន្លឺព្រះអាទិត្យបានជះឡើងបំភ្លឺឲ្យឃើញទេសភាពដ៏ស្រស់ស្អាតនាព្រឹកព្រលឹម ដែលមានទៅដោយទឹកសន្សើម ដក់នៅលើតាមស្លឹកឈើ សម្រស់ព្រៃព្រឹក្សាពិតជាស្រស់ស្អាតណាស់តែ នៅចាញ់សម្រស់ចាន់នាពេលព្រឹកនេះ ចាន់កំពុងតែចង់ពង់ងូតទឹកពាងនៅខាងក្រោយផ្ទះគយគន់សម្លឹងមើលទេសភាពជុំវិញខ្លួន
មេកងចក្រៃយ៍«អួយ!» សម្លេងនេះធ្វើឲ្យចាន់ភ្ញាក់ងាកសម្លឹងមើលទៅ ក៏ឃើញថាជាមេកង មេកងក៏រហ័សនិយាយទាំងញ័រមាត់ «ខ្ញុំសូមទោសខ្ញុំមិនដឹងថាចាន់នៅទីនេះទេ សូមទោសបាទ» មេកងក៏ប្រញាប់ដើរចេញទៅវិញទាំងមុខក្រហម
មេកងដើរមកខាងមុខផ្ទះវិញ អង្គុយលើគ្រែទាំងញ័រខ្លួន សែបដែលទើបតែក្រោកមកក៏ដើរមករកមេកង ហើយលើកដៃចាប់ស្មាមេកង ធ្វើឲ្យមេកងភ្ញាក់ស្រែកឡើងភ្លាម
មេកងចក្រៃយ៍«ហ្អើយ...ឡាបល់យ៌» សែបដកដៃចេញហើយភ្ញាក់ស្វាងពីដេកតែម្ដង មេកងក៏ងាកមើលមុខសែប រួចហើយក៏ដកដង្ហើមធំ មុននឹងនិយាយ «សែបទេហ្អេស ខ្ញុំលួសព្រលឹងអស់ហើយ មកលេងអីបែបនេះ»
សែប«ក៏រាល់ដងមេកងមិនមែនចឹងផង មេកងកើតអីថ្ងៃនឹង ខ្ញុំនេះលួសព្រឹលងដោយសារមេកងទៅវិញទេ ហើយមុខមេកងក្រហមម្លេះ? មិនទាន់ស្វាងស្រវឹងទេហ្អេស?» សែបតាមសម្លឹងមើលមុខមេកង ធ្វើឲ្យមេកងងាកមុខគេចចេញពីសែប
មេកងចក្រៃយ៍«ខ្ញុំគ្រាន់តែនៅតិចៗ មិនបានកើតអីទេ» មេកងនិយាយតែមាត់តែកាយវិការធ្វើឲ្យសែបកាន់តែឆ្ងល់ ភ្លាមនោះចាន់ក៏ដើរមកឈរនៅនឹងមុខមេកងនិងសែប រួចក៏ហុចក្រម៉ាឲ្យទៅមេកង មេកងឃើញដៃអ្នកណាហុចមកក៏ងើបមុខមើល ដល់ឃើញថាជាចាន់ធ្វើឲ្យមេកងចាប់ផ្ដើមបុកពោះ
ចាន់«មានតែក្រម៉ាមួយនឹងទេ មេកងចាំប្ដូរវាជាមួយសែបទៅ ពាងទឹកនៅខាងក្រោយផ្ទះ បើមិនចង់ងូតនៅទីនេះ អាចទៅងូតទឹកនៅកន្លែងទឹកធ្លាក់ក៏បានដែរ»
មេកងចក្រៃយ៍«ហេហេ បា...បាទ អរគុណ» មេកងក៏លូកដៃទទួលយកក្រម៉ាពីដៃចាន់ រួចហើយចាន់មិនខ្វល់ច្រើនក៏ដើរចេញឡើងទៅលើផ្ទះវិញ សែបសម្លឹងមើលកាយវិការមេកងមិនឈប់
សែប«មេកងទៅលឿនឡើងទៅ ខ្ញុំស្អុះខ្លួនណាស់» មេកងក៏ប្រញាប់ក្រោកចេញទៅ នេះកាន់តែធ្វើឲ្យសែបឆ្ងល់មួយកម្រិតទៀត «ទេ មេកងស្រវឹងដ៏ថ្នាក់អៀនចាន់ចឹងហ្អេស? ហ៊ូយចម្លែកមែនមនុស្សយើង» សែបអង្គុយអេះក្បាលឆ្ងល់តែម្នាក់ឯង
មកដល់ពេលនេះមេកងកំពុងតែឈរផ្លាស់ខោអាវនៅក្នុងបន្ទប់ រួចហើយក៏បើកទ្វារចេញមកទល់មុខជាមួយនឹងចាន់ដែលដើរកាត់នោះ ធ្វើឲ្យមេកងនៅមានអារម្មណ៍ភ័យបុកពោះមិនទាន់បាត់ទេ តែចាន់ធ្វើដូចជាធម្មតាគ្មានទៅចាប់អារម្មណ៍អ្វីជាមួយមេកងបន្តិចនោះទេ
អ៊ុំផាត់«អឺមកហើយហ្អេស ឡើងមកហូបបាយជាមួយគ្នាសិនមកមេកង» អ៊ុំផាត់សម្លឹងឃើញមេកងដើរចុះមក ក៏ស្រែកហៅ
មេកងចក្រៃយ៍«មិនបាច់ហៅខ្ញុំថាមេកងទៀតទេអ៊ុំ ខ្ញុំក៏គ្មានឋានៈអីជាមេកងបន្តទៀតដែរ ហៅខ្ញុំថាចក្រៃយ៍ទៅបានហើយ» អ៊ុំផាត់ក៏ងក់ក្បាលដាក់មេកង
អ៊ុំផាត់«អឺចឹងឡើងមកហូបបាយសិនមក» មេកងលឺអ៊ុំផាត់ហៅបែបនេះ ក៏ងាកមុខសម្លឹងរកមើលឆ្វេងស្ដាំសិន
មេកងចក្រៃយ៍«អ៊ុំ ឯណាអាទិត្យ? ស្មើនេះហើយគេមិនទាន់ក្រោកទៀត»
អ៊ុំផាត់«អឺមែនហើយ រាល់ដងគេមិនក្រោកយូរចឹងទេ ប្រហែលជារវល់អីនៅផ្ទះហើយក៏មិនដឹង ចាន់ឯងទៅហៅអាទិត្យមក» មេកងក៏ប្រញាប់និយាយកាត់យ៉ាងលឿន
មេកងចក្រៃយ៍«មិនបាច់ទេអ៊ុំ ចាំខ្ញុំទៅហៅគេខ្លួនឯងក៏បាន» និយាយរួចមេកងក៏ដើរចេញទៅបាត់ ចាន់ក៏ដាក់ខ្លួនអង្គុយចុះលើគ្រែទាំងទឹកមុខស្មើៗ ធ្វើឲ្យអ៊ុំផាត់ទ្រាំមើលមិនបានទើបសួរ
អ៊ុំផាត់«ចាន់ មើលទៅឯងប៉ុន្មានថ្ងៃនេះ ដូចជាមុខមិនសូវរីក មិនសូវមាត់ស្ដីអ្វីសោះ ឯងកើតអី?» ចាន់ក៏ក្រវីក្បាលតិច មុននឹងនិយាយ
ចាន់«គ្មានអីទេពុក»
អ៊ុំផាត់«តាមធម្មតាឯងមិនមែនបែបនេះទេកុំមកកុហកពុក»
ចាន់«ខ្ញុំគ្រាន់តែពិបាកចិត្ត បងអាទិត្យលែងយកចិត្តទុកដាក់ជាមួយខ្ញុំទៀតនឹងណា»
អ៊ុំផាត់«គេជួបជុំបងប្អូនគ្នាវិញហើយ ចឹងហើយគេក៏ត្រូវខ្វល់ពីបងប្អូនគេដូចគ្នា កុំទៅគិតច្រើនអីជួនកាលបងគេអាចនឹងរវល់មិនសូវមានពេលជាមួយ តែមិនមែនគេមិនខ្វល់ឯណា» អ៊ុំផាត់លើកដៃអង្អែលសក់កូនតិចៗដើម្បីលួងលោមកូនឲ្យញញឹមឡើងមកវិញ
តុកៗៗ... "សម្លេងគោះទ្វារ" មេកងកំពុងតែឈរគោះទ្វារបន្ទប់របស់អាទិត្យ កាន់តែគោះយូរមកហើយតែគ្មានសម្លេងឆ្លើយតបមកវិញសោះ
មេកងចក្រៃយ៍«ធ្វើស្អីចេះ ឬមួយក៏មិននៅក្នុងផ្ទះទេ» មេកងក៏ងាកមើលឆ្វេងស្ដាំម្ដងទៀត តែមិនឃើញទើបងាកមកគោះទ្វារស្រែកហៅម្ដងទៀត
តុកៗៗ "សម្លេងគោះទ្វារ"
មេកងចក្រៃយ៍«អាទិត្យ!» មេកងក៏លូកដៃចាប់មួលគន្លឹះទ្វារឃើញថាទ្វារអត់មានជាប់សោរទេទើប មេកងបើកទ្វារទៅតែម្ដងទៅ «អាទិ...» មេកងបើកទ្វារប្រុងនឹងហៅប្អូនម្ដងទៀតតែក៏ជាប់គាំងនៅស្ងៀមហាមាត់លែងកើត ព្រោះតែឃើញទិដ្ឋភាពនៅក្នុងបន្ទប់ អាទិត្យនិងស្រីក្វាន់កំពុងតែដេកអោបគ្នានៅលើគ្រែ សម្លឹងមើលជុំវិញនឹងក៏ឃើញខោអាវដែលបោះរប៉ាយពេញបន្ទប់ មេកងទ្រាំនៅឈរមើលមិនបានទើបទាញទ្វារបិទមកវិញ ហើយក៏ប្រញាប់ចុះមកខាងក្រោមវិញ
ផ្លឹប! ផ្លឹប! "សម្លេងគប់ដុំថ្មចូលក្នុងទឹក" មេកងពេលនេះកំពុងតែអង្គុយបោះដុំថ្មទៅក្នុងទឹកទាំងទឹកមុខស្រពោន ក្នុងចិត្តកំពុងតែអង្គុយគិតស្រម៉ៃពីពេលដែលខ្លួននៅជាមួយស្រីក្វាន់ ការពិតអំពើរល្អរបស់ស្រីក្វាន់ជាមួយខ្លួនវាមិនមែនជាក្ដីស្រលាញ់នោះទេ មេកងក៏អង្គុយអោនមុខចុះទាំងពិបាកចិត្តខ្លាំង
ក្រឡេកមកមើលអាទិត្យនិងស្រីក្វាន់វិញពេលនេះ ស្រីក្វាន់ជាអ្នកដែលបើកភ្នែកមកមុន សម្លឹងមើលឃើញមនុស្សដែលខ្លួនគេងអោបពេញមួយយប់ទាំងស្នាមញញឹម ស្រីក្វាន់ក៏ក្រោកខ្លួនបន្តិចមុននឹងទាញភួយមកគ្របដណ្ដប់ខ្លួនដើរចុះទៅរើស ខោអាវដែលរប៉ាត់រប៉ាយពេញបន្ទប់ ហើយក៏ទម្លាក់ភួយចេញពីខ្លួនមុននឹងប្រញាប់ដើរចូលទៅក្នុងបន្ទប់ទឹកបាត់ទៅ
អាទិត្យ«អ្ហឹម...» បានបន្តិចក្រោយមកអាទិត្យក៏បើកភ្នែករើខ្លួនក្រោកឡើងមកអង្គុយ ទាំងមិនអស់ងងុយ នៅសង្ងំបិទភ្នែកនៅឡើយ អាទិត្យក៏យកដៃញីភ្នែក ពត់ខ្លួនសម្រួលសរសៃរបន្តិចមុននឹងបើកភ្នែកសម្លឹងរកមើលស្រីក្វាន់តែមិនឃើញ
ស្រីក្វាន់«បងអាទិត្យ ក្រោកហើយមែនទេ?» ស្រីក្វាន់ក៏ចេញពីបន្ទប់ទឹកមកវិញជាមួយនឹងសម្លៀកបំពាក់ស្លៀកពាក់រួចស្រេច អាទិត្យក៏តាមសម្លឹងមើលដំណើរស្រីក្វាន់មិនដាក់ភ្នែក
ស្រីក្វាន់«ហ្អឹស...បងកើតអី? សម្លឹងមើលបែបនេះមានអីមែនទេ?» អាទិត្យក៏ញញឹមហើយក្រវីក្បាល
អាទិត្យ«គ្មានទេ! គ្រាន់តែសម្លឹងមើលចង់ដឹងថា...អឹប..» គ្រាន់តែនិយាយដល់កន្លែងនេះឃើញទឹកមុខអាទិត្យច្រឡឺមខ្លាំងពេក ស្រីក្វាន់ក៏ប្រញាប់ស្ទុះយកដៃទៅខ្ទប់មាត់អាទិត្យជាប់
ស្រីក្វាន់«កុំនិយាយណាបើបងហ៊ាននិយាយខ្ញុំនឹងខឹងបងមិនខានទេ» អាទិត្យក៏ងក់ក្បាល ស្រីក្វាន់ក៏ព្រមប្រលែងដៃចេញ «អួយ!» តែក៏ត្រូវអាទិត្យចាប់ទាញ មកឲ្យអង្គុយលើខ្លួនហើយថើបយកៗតែម្ដង
អាទិត្យ«ក្រអូបដ៏ហើយ» អាទិត្យថើបហើយថើបទៀតរហូតដល់ស្រីក្វាន់ទាញមុខចេញកុំឲ្យថើបបន្ត
ស្រីក្វាន់«បានហើយ ទៅងូតទឹកចេញ នេះជិតថ្ងៃត្រង់ហើយ» និយាយរួចស្រីក្វាន់ក៏ស្ទុះក្រោកចេញពីអាទិត្យខ្លាចថាអាទិត្យចាប់ជាប់ទៀត ឃើញបែបនេះអាទិត្យក៏សើចដាក់ស្រីក្វាន់ធ្វើមិនដឹង
មេកងវិញពេលនេះកំពុងតែដើរទៅផ្ទះអ៊ុំផាត់វិញទាំងទឹកមុខក្រៀមស្រពោន ហើយក៏ដាក់ខ្លួនអង្គុយចុះលើគ្រែដូចគ្មានកម្លាំងសោះ
សែប«អ៊ាវ! មេកងនេះមកវិញហើយ ចុះឯណាអាទិត្យ? ទៅយូរហើយមកវិញតែម្នាក់ឯងទេហ្អេស?» សែបនិយាយបណ្ដើរលើកទឹកមកផឹកបណ្ដើរ
មេកងចក្រៃយ៍«អរ គឺគេរវល់រៀបចំផ្ទះសិន ខ្ញុំក៏មកមុនទៅ» មេកងបង្ខំចិត្តនិយាយទាំងការពិតក្នុងចិត្តដូចជាបុកពោះឈឺចិត្តអួលៗនិយាយមិនចង់ចេញ សែបក៏ងក់ក្បាលតិចៗ
សែប«នោះស្រីក្វាន់មកដល់ល្មម» មេកងក៏ងាកសម្លឹងមើលទៅ ឃើញថាជាស្រីក្វាន់ពិតមែន តែក៏ឃើញប្អូនខ្លួនដើរមកពីក្រោយដូចគ្នា ឃើញគេទាំងពីរនាក់បែបនេះ មេកងមិនហ៊ានសម្លឹងមើលទៀតទេ ក៏ងាកមុខចេញព្រោះថារូបភាពនៅដិតជាប់នឹងភ្នែក
អាទិត្យ«នេះបងយប់មិញគេងនៅផ្ទះអ៊ុំផាត់មែនទេ? យប់មិញភ្លៀងខ្លាំងណាស់ ខ្ញុំខ្លាចថាបងគ្មានកន្លែងគេង សុខៗក៏បាត់បងទៅ»
មេកងចក្រៃយ៍«អឹម...នឹងហើយអ៊ុំផាត់ឲ្យបងមកសម្រាកបានគ្នាជាមួយចាន់» មេកងក៏ងក់ក្បាលបង្ខំចិត្តញញឹមដាក់ប្អូនព្រោះក្នុងចិត្ត មិនអាចខឹងស្អប់ប្អូនដែលខ្លួនស្រលាញ់ស្ទើរលេបបាននោះទេ អាទិត្យក៏ងក់ក្បាលដាក់បងតិចៗទាំងញញឹម
សែប«អេ..នេះស្រស់ស្រាយខុសធម្មតាតែម្ដងហើយអាទិត្យ» អាទិត្យក៏កាន់តែញញឹមឡើង
អាទិត្យ«មានរឿងល្អនឹងណា» មេកងគ្រាន់តែលឺបែបនេះភ្លាម ក៏ចាប់ផ្ដើមញញឹមលែងសម អាទិត្យក៏សម្លឹងមើលឆ្វេងស្ដាំ «ចុះឯណាអ៊ុំផាត់និងចាន់ទៅណាបាត់ហើយ?»
សែប«អរលឺថានាំគ្នាទៅក្នុងផ្សារបាត់ហើយ» អាទិត្យក៏ងក់ក្បាល
មេកងចក្រៃយ៍«អរអាទិត្យ ហើយឯងលែងទៅដឹកបន្លែហើយមែនទេ?» អាទិត្យក៏ដាក់ខ្លួនអង្គុយចុះមុននឹងនិយាយ
អាទិត្យ«ក្នុងផ្សារពេលនេះប្រហែលជាកំពុងបិទប្រកាសតាមចាប់ខ្លួនខ្ញុំហើយនិងបង ចឹងខ្ញុំទៅដឹកបន្លែទៀតមិនកើតទេ» មេកងក៏ងក់ក្បាលយល់ស្របតាមអាទិត្យ ហើយក៏ងាកសម្លឹងមើលមុខស្រីក្វាន់បន្តិច ស្រីក្វាន់ក៏ញញឹមដាក់តែមេកងសម្លឹងមើលមុខស្រីក្វាន់ពេលណាក៏រូបភាពនោះលេចចេញមករហូត ទើបមេកងបង្ខំចិត្តញញឹមដាក់រួចក៏រហ័សបែរមុខចេញ
នៅឯផ្ទះហ៊ាហាន
ហ៊ាហាន«ពួកវារត់បាត់ចឹងហ្អេស?»
ស្នងការ«បាទ តែហ៊ាកុំបារម្ភអី ខ្ញុំបិទព័ត៌មានប្រកាសតាមចាប់ពួកវារួចហើយ»
ហ៊ាហាន«ប្រកាសព័ត៌មានតាមចាប់របស់ឯងនឹងវាបានការណាស់មែនទេ? យើងមិនដែលឃើញបានការម្ដងណាទេ»
ស្នងការ«អត់ទេបាទ តែម្ដងនេះ គឺពិតជាបានការពិតមែន អាមេកងនោះវារត់គេចក៏បានន័យថាវាទទួលថាវាជាអ្នកសម្លាប់ថៅកែគៀង ហើយរឿងនេះក៏លឺទៅដល់ប៉ារបស់វាដូចគ្នា មិនយូរទេវានឹងមកជួយកូនរបស់វា ពេលនោះហ៊ានឹងបានសម្លាប់ទាំងកូនទាំងឪ» ហ៊ាហានស្ដាប់ហើយក៏សើចឡើងស្ងើចសរសើដល់ស្នងការជាខ្លាំង
ហ៊ាហាន«ឆ្លាត! បែបនេះទើបសមជាកូនចៅយើង តែថាយើងនៅមានរបស់មួយទៀតដែលមិនទាន់ប្រើអស់តម្លៃ បើសិនជាវាប្រើទៅបានតម្លៃលឿនជាងផែនការរបស់ឯង យើងសាកធ្វើតាមរបស់នេះសិន» ស្នងការក៏ធ្វើមុខឆ្ងល់ទាំងមិនយល់
ឌឹប! "សម្លេងដួលទៅលើដី"
មីងព្រីម«អួយ! លោកបងចង់ធ្វើអី? ខ្ញុំឈឺណាស់» មីងព្រីមត្រូវហ៊ាហានបោកឲ្យដួលទៅនឹងដីមួយទំហឹងហើយក៏អោនទៅបោចសក់មីងព្រីមថែមទៀត នេះក៏ធ្វើឲ្យមីងព្រីមព្យាយាមលើកដៃអង្វរកុំឲ្យគេធ្វើបាបខ្លួន
ហ៊ាហាន«កូននាងឯងវាហ៊ានរត់គេចទៅជាមួយសត្រូវរបស់យើង ចឹងហើយយើងក៏ត្រូវធ្វើបាបនាងឯងជំនួសកូននាងឯងចឹងហើយ» ផ្លាច់! "សម្លេងទះមួយកំផ្លៀង"
មីងព្រីម«អ..អួយ!» មួយដៃនេះធ្វើឲ្យមីងព្រីមវិលមុខព្រិលភ្នែកសម្លឹងមើលអ្វីមិនច្បាស់ ហូរឈាមមកតាមមាត់បណ្ដើរៗ តែគាត់នៅតែលើកដៃសំពះអង្វរហ៊ាហាន «ខ្ញុំសូមទោសបង លើកលែងឲ្យខ្ញុំនិងកូនផង» ផ្លាច់! "សម្លេងទះ" «អួយបង..អ..អួយ» និយាយចប់ភ្លាមក៏ត្រូវមួយដៃទៀតផ្កាប់មុខទៅនឹងដីហើយថែមទាំងត្រូវហ៊ាហានចាប់ទះថែមទៀតជាច្រើនដៃរហូតដល់បែកមុខ បែកមាត់ឈាមប្រឡាក់ពេញមុខ ទោះជាយំអង្វរយ៉ាងណាក៏ហ៊ាហានមិនព្រមឈប់ ហេតុការណ៍ធ្វើឲ្យស្នងការឈរមើលទាំងញញើតខ្លួនព្រោះវាសាហាវពេកហើយ មិនយូរប៉ុន្មានមីងព្រីមក៏សន្លប់ក្រោមស្នាដៃរបស់ហ៊ាហាន ឃើញមីងព្រីមសន្លប់បាត់ស្មារតីហ៊ាហានក៏យកអំបោះសចង់នៅនឹងកជើងរបស់មីងព្រីម ធ្វើដូចជាកាលដែលអាទិត្យធ្វើដាក់ថៅកែគៀងដូចគ្នា
ហ៊ាហាន«ហ្អឹ..អាកងយកវាទៅចោលកណ្ដាលផ្សារទៅ»
នាយកង«បាទហ៊ា» នាយកងក៏ដើរទៅចាប់លើកមីងព្រីមយកចេញទៅ ស្នងការក៏បានត្រឹមតែឈរសម្លឹងមើលពីក្រោយ
ស្នងការ«មិនសាហាវពេកទេហ្អេសហ៊ា»
ហ៊ាហាន«មិនសាហាវទេ ធ្វើបែបនេះវាមានប្រយោជន៍ដល់យើង» ស្នងការមិនហ៊ាននិយាយអ្វីបន្តបានត្រឹមតែសម្លឹងមើលមុខហ៊ាហានប៉ុណ្ណោះ
ព្រឹប! ពេលនេះនាយកងបានយកមីងព្រីមមកដាក់ចោលនៅក្បែរកន្លែងអ៊ុំផាត់និងចាន់កំពុងតែទិញរបស់ រួចហើយក៏ដើរចេញទៅវិញ អ្នកស្រុកភូមិក៏នាំគ្នាផ្អើលមកមើល ឃើញបែបនេះអ៊ុំផាត់និងចាន់ក៏នាំគ្នាមកមើលដូចគ្នា «នេះនាងព្រីមប្រពន្ធចុងអាហានតាស» «បែកមុខបែកមាត់ខ្លាំងបែបនេះប្រហែលជាត្រូវអាហានវាយហើយ» «អាចង្រៃយ៍នោះអីក៏ឃោឃៅម្លេះសូម្បីតែមនុស្សស្រីទន់ខ្សោយក៏វាធ្វើបាបបានដែរ» «ហើយនេះម៉ែស្រីក្វាន់មែនទេ?» «អឺនឹងហើយ» គ្រាន់តែលឺអ្នកភូមិនិយាយបែបនេះចាន់និងអ៊ុំផាត់ក៏ភ្ញាក់ផ្អើលងាកសម្លឹងមុខគ្នាទៅវិញទៅមក
មីងយ៉ែម«ហ្អើយ! នែនាំគ្នារោមមើលស្អីមិនគិតនាំគ្នាទៅធ្វើការទេហ្អេស អួយមិនដឹងជាស្អីទេពួកអស់នេះ» គ្រាន់តែមីងយ៉ែមមកស្រែកភ្លាមអ្នកភូមិក៏បំបែកគ្នាទៅវិញអស់ទៅ នៅសល់តែអ៊ុំផាត់និងចាន់ទាំងពីរនាក់គ្រាន់តែថយខ្លួនចេញបន្តិចប៉ុណ្ណោះ
មីងយ៉ែម«អួយនែនាងពីន នាងឯងរុញរទេះនោះមក យកសពអ្នកណានេះទៅបោះចោលទៅមកទុកនៅនឹងមុខតូបយើងលក់បែបនេះវាហេងស៊យណាស់វ៉ើយ»
នាងពីន«ចាម៉ែ..»នាងពីនក៏រុញរទេះមក ហើយពីរនាក់ម៉ែកូនក៏ជួយលើកមីងព្រីមដាក់ចូលក្នុងរទេះរុញចេញទៅ ពេលនោះអ៊ុំផាត់និងចាន់ក៏នាំគ្នារត់ទៅតាម មកដល់កន្លែងមួយស្ងាត់អ៊ុំផាត់ក៏ទៅស្ទាក់មុខមីងយ៉ែមនិងនាងពីន
អ៊ុំផាត់«នេះគិតចង់យកគេទៅចោលមែនទេ? ឲ្យមកខ្ញុំមកខ្ញុំស្គាល់គេ ខ្ញុំយកគេទៅឲ្យជួបកូនរបស់គេ កុំយកគេទៅចោលអី» លឺបែបនេះមីងយ៉ែមនិងនាងពីនក៏ងាកមើលមុខគ្នាទៅវិញទៅមក
មីងយ៉ែម«ឲ្យទុកចិត្តបានយ៉ាងម៉េចទៅ នេះម៉ែរបស់ស្រីក្វាន់ណាលោកស្គាល់ក្មួយក្វាន់ដែលហ្អេស?» អ៊ុំផាត់ក៏ប្រញាប់ងក់ក្បាល ចាន់ក៏ចូលមកជួយនិយាយ
ចាន់«ចាមីងខ្ញុំនិងពុកខ្ញុំស្គាល់បងក្វាន់ពេលនេះគាត់កំពុងតែនៅជាមួយពួកខ្ញុំលាក់ខ្លួននៅទីនោះ មីងឲ្យគាត់មកខ្ញុំចុះណាខ្ញុំនឹងជួយគាត់ទៅកន្លែងខ្ញុំ វាមានសុវត្ថិភាពជាង» លឺសម្ដីចេញពីមាត់ចាន់ម៉ត់ចត់បែបនេះមីងយ៉ែមនិងនាងពីនក៏សម្លឹងមុខគ្នាបន្តិចមុននឹងងក់ក្បាលយល់ព្រម
នៅឯជម្រកចោរ ពេលនេះស្រីក្វាន់កំពុងតែអង្គុយបេះបន្លែត្រៀមធ្វើម្ហូប ហើយអាទិត្យក៏ដើរមកអោបចង្កេះពីក្រោយភ្លាមៗ
ស្រីក្វាន់«មកអោបអីបែបនេះ ប្រយ័ត្នមានគេមកឃើញណា» ស្រីក្វាន់ក៏ប្រលេះដៃអាទិត្យចេញពីចង្កេះខ្លួន
អាទិត្យ«បើមានអ្នកឃើញក៏ល្អហើយ គេនឹងបានដឹងថាអូនជាសង្សារបង» អាទិត្យនិយាយមួយឃ្លានេះធ្វើឲ្យស្រីក្វាន់ញញឹមសឹងតែបិទមាត់មិនជិតហើយ ក៏ដូចស្រីក្វាន់និយាយមុននេះពិតមែន មេកងដែលដើរមកក៏បានឃើញបាត់ទៅហើយ តែក៏ធ្វើដូចជាធម្មតាមិនមានអី
អាទិត្យ«ខ្ញុំខំតាមរកបង បងទើបមកពីណា?»
មេកងចក្រៃយ៍«អរ បងមកពីមាត់ទឹកនៅខាងក្រោយ អផ្សុកពេកមិនដឹងធ្វើអី?» មេកងក៏ឆ្លៀតងាកទៅញញឹមដាក់ស្រីក្វាន់បន្តិច ពេលនោះក៏ស្រាប់តែសែបរត់មកយ៉ាងត្រហេបត្រហប
មេកងចក្រៃយ៍«មានរឿងអីនឹងសែប? រត់មកដូចខ្លាដេញស៊ី»
សែប«ហ្វ..ហ្វូ..ដ..ដកដង្ហើម...មិនដល់គ្នាទេ មិនមែនខ្លាដេញទេ គឺ គឺមីងព្រីមណា មីងព្រីម នោះអី» សែបនិយាយទាំងរដាក់រដុបព្រោះហត់ខ្លាំងពេកនិយាយមិនចេញទើបចង្អុលបង្ហាញទៅពួកគេ ទាំងអស់គ្នាក៏ងាកទៅមើលតាមដៃរបស់សែប ឃើញថាមីងព្រីមពេលនេះកំពុងតែត្រូវអ៊ុំផាត់អៀវមកយ៉ាងលំបាក
ស្រីក្វាន់«ម៉ែ!» ឃើញសភាពម៉ែខ្លួនទ្រុឌទ្រោមហូរឈាមពេញមុខ ស្រីក្វាន់ស្លុតចិត្តធ្លាក់បន្លែចេញពីដៃ ទឹកមុខចាប់ផ្ដើមភ័យបារម្ភ ដៃចាប់ផ្ដើមញ័រធ្វើអ្វីលែងត្រូវ អ៊ុំផាត់ក៏អៀវមីងព្រីមមកដាក់ចុះនៅលើគ្រែ
ស្រីក្វាន់«ម៉ែៗ...ហ៊ឹ...ម៉ែ ម៉ែខ្ញុំកើតអី? ម៉ែ.» ស្រីក្វាន់ស្ទុះមកមើលម្ដាយទាំងទឹកភ្នែកស្រក់មិនឈប់់ ក្រោយពីឃើញសភាពម្ដាយរបស់ខ្លួនបែកមុខបែកមាត់បែបនេះ «អ៊ុំ...អ៊ុំ...ម៉ែខ្ញុំកើតអី ម៉ែ...ហ៊ឹ..ម៉ែ ម៉ែកុំកើតអីឲ្យសោះណាម៉ែណា...ហ៊ឹ...ម៉ែ»
មេកងចក្រៃយ៍«អ៊ុំនេះមានរឿងអីទៅ មីងព្រីមហេតុអីក៏មានរបួសដ៏ថ្នាក់នេះ» ចាន់ក៏ប្រញាប់រត់មកវិញជាមួយថ្នាំមួយកន្រ្តក់នៅក្នុងដៃ ហើយក៏ប្រញាប់និយាយកាត់
ចាន់«ខ្ញុំថាកុំទាន់សួរពេលនេះអីមេកង ជួយមើលរបួសគាត់សិនទៅ» ស្រីក្វាន់ឃើញថ្នាំមកដល់ក៏ប្រញាប់ស្រវ៉េស្រវ៉ាយកមកលាបឲ្យម្ដាយទាំងទឹកភ្នែកស្រក់ ខ្លោចចិត្តអាណិតម្ដាយ
អាទិត្យ«ខ្ញុំទៅហៅអ៊ុំស៊ីងសិន គាត់ពូកែថ្នាំពេទ្យ» រួចហើយអាទិត្យក៏ស្ទុះរត់ទៅរកអ៊ុំស៊ីងភ្លាម
មួយសន្ទុះក្រោយមក អ៊ុំស៊ីងក៏បានមកពិនិត្យមើលអាការៈឲ្យមីងព្រីម ហើយក៏បានផ្សំថ្នាំពីរុក្ខជាតិនៅក្នុងព្រៃមកទុកព្យាបាលមីងព្រីមទៀតផង
អ៊ុំស៊ីង«អាការៈ មិនធ្ងន់ធ្ងរប៉ុន្មានទេ តែថ្នាំនេះឯងទុកដាំឲ្យគេផឹកជាបញ្ចាំរាល់ថ្ងៃទៅ កុំឲ្យហើមមុខហើមមាត់» អ៊ុំស៊ីងក៏ហុចកញ្ចប់ថ្នាំឲ្យស្រីក្វាន់
ស្រីក្វាន់«ចាអ៊ុំ អរគុណអ៊ុំច្រើនហើយដែលជួយម៉ែខ្ញុំ អរគុណអ៊ុំផាត់ ចាន់ដែលនាំម៉ែមកទីនេះ អរគុណខ្លាំងណាស់» ស្រីក្វាន់លើកដៃសំពះអរគុណអ្នកគ្រប់គ្នា និយាយទាំងអួលដើមក ទឹកភ្នែកក៏ស្រក់ចុះមក សម្លឹងមើលទៅម្ដាយដែលដេកលើគ្រែទាំងបែបនេះកាន់តែធ្វើឲ្យស្រីក្វាន់ស្រក់ទឹកភ្នែកមកថែមទៀត
អាទិត្យ«មិនអីទេ បន្តិចទៀតម៉ែលែងអីហើយ ចាំបងជួយមើលថែគាត់» អាទិត្យក៏ទាញស្រីក្វាន់មកអោបលួងលោម មេកងឃើញបែបនេះក៏សម្លឹងមើលមិនឈប់ ចាន់ក៏ទម្លាក់ទឹកមុខចុះ តែក៏ធ្វើដូចជាធម្មតា
មេកងចក្រៃយ៍«អ៊ុំ នេះជាស្នាដៃអាហានមែនទេ?» មេកងងាកទៅសួរអ៊ុំផាត់
អ៊ុំផាត់«អឺមែនហើយ អ៊ុំហើយនិងចាន់ឃើញអាកងនាំម៉ែស្រីក្វាន់យកទៅចោលកណ្ដាលផ្សារ ហើយមានមនុស្សស្រីពីរនាក់ចង់យកទៅតែមើលទៅគេដូចជាស្គាល់ស្រីក្វាន់ ហើយប្រហែលជាចង់ជួយ តែអ៊ុំក៏សុំគេយកម៉ែស្រីក្វាន់មកទីនេះវិញ»
មេកងចក្រៃយ៍«សែប! នេះប្រហែលជាពីននិងមីងយ៉ែមហើយ» មេកងក៏ងាកសម្លឹងមើលទៅសែប
សែប«ប្រហែលហើយ ព្រោះគ្មានអ្នកណាស្គាល់ស្រីក្វាន់ក្រៅពីយ៉ែមទេ»
ស្រីក្វាន់«មីងយ៉ែម...ពីន...» ស្រីក្វាន់ហៅឈ្មោះអ្នកទាំងពីរស្ងាត់ៗ ហើយក៏ដកខ្លួនចេញពីអាទិត្យបន្តិចឡើងទៅអង្គុយជិតម្ដាយខ្លួន «ឆាប់ដឹងខ្លួនមកណាម៉ែ ខ្ញុំសូមទោសដែលទុកម៉ែចោលឲ្យនៅជាមួយគេតែម្នាក់ឯង ខ្ញុំសូមទោស..ហ៊ឹៗៗ» ស្រីក្វាន់ចាប់កាន់ដៃម្ដាយសម្រក់ទឹកភ្នែកចេញមក ព្រោះតែអាណិតម្ដាយដែលត្រូវរងទុក្ខវេទនានៅជាមួយគេតែម្នាក់ឯង «សូមទោសគ្រប់គ្នា រឿងទាំងអស់មកពីខ្ញុំ បើសិនជាខ្ញុំមិនរត់គេច ហើយព្រមធ្វើជាប្រពន្ធរបស់ថៅកែគៀង រឿងក៏មិនទៅជាបែបនេះដែរ មេកងក៏មិនត្រូវបាត់បង់ការងារដូចគ្នា បងអាទិត្យក៏មិនត្រូវគេដឹងថាជាអ្នកណា ម៉ែក៏មិនចាំបាច់ត្រូវមកបែបនេះដូចគ្នា» ស្រីក្វាន់និយាយបណ្ដើរស្រក់ទឹកភ្នែកមកបណ្ដើរ ឃើញបែបនេះធ្វើឲ្យគ្រប់គ្នារំជួលចិត្តស្ទើរតែទប់ទឹកភ្នែកមិនជាប់ទៅហើយ
មេកងចក្រៃយ៍«រឿងទាំងអស់មិនមែនមកពីស្រីក្វាន់ តែគឺមកពីអាហានទាំងអស់» មេកងនិយាយសង្កត់ឈ្មោះហ៊ាហានទាំងមុខក្រហម ក្នុងចិត្តគុំខឹង ចង់តែសម្លាប់ហ៊ាហានភ្លាមៗតែម្ដង
អាទិត្យ«អាចង្រៃយ៍» និយាយហើយអាទិត្យក៏ស្ទុះដើរចេញទៅតែត្រូវមេកងចាប់ដៃជាប់
មេកងចក្រៃយ៍«ឯងចង់ទៅណា?» អាទិត្យក៏តបមកវិញយ៉ាងលឿន
អាទិត្យ«ទៅសម្លាប់វាចោលនឹងណាបង» មេកងក៏អូសដៃអាទិត្យមកវិញ
មេកងចក្រៃយ៍«ស្ងប់អារម្មណ៍សិនទៅយើងទៅពេលនេះក៏មិនទាន់ធ្វើអីវាបានដែរ នៅទីនេះហើយបានជាគ្នាលួងលោមស្រីក្វាន់» អាទិត្យឃាត់ប្អូនហើយក៏និយាយលួងលោមប្អូនតាមក្រោយ ធ្វើឲ្យអាទិត្យស្ងប់អារម្មណ៍មកវិញ ក្រោយពេលសម្លឹងមើលទៅឃើញស្រីក្វាន់កំពុងតែពិបាកចិត្ត អាទិត្យក៏លែងមានចិត្តចង់ទៅណាទៀតដូចគ្នាតោះអានត

YOU ARE READING
ស្នេហ៍ចិត្តពីរ
Romansaខាងយើងខ្ញុំធ្វើការផុសរឿងនៅថ្ងៃ ព្រហ សុក្រ សៅរ៍ អាទិត្យ វេលាម៉ោង10យប់ ប្រលោមលោកបែបស្នេហា ស្រីនិងស្រី នេះជាប្រលោមលោកបែបមនោសញ្ចេតនា មានទាំងអាគមគាថា លាយលំនឹងស្នេហាដែលមិនអាចបែកចែកបាន ប្រលោមលោកមួយនេះជាការសរសេរលើកដំបូង បើសិនជាមានកន្លែងណាដែលមិនសមរម្យ ខុសទ...