ភាគ១៣

92 5 0
                                    

ភាគ១៣
កំពុងអោបគ្នាយំសុខៗហ៊ាហានក៏ដើរមកស្រែកហៅក្វាន់ដល់បន្ទប់មួយទំហឹង ធ្វើឲ្យក្វាន់និងមីងព្រីមប្រញាប់ងាកមុខទៅរកហ៊ាហាន ហើយព្យាយាមយកដៃមកជូតទឹកភ្នែកឲ្យស្អាតទាំងអណ្ដឺតអណ្ដក
ហ៊ាហាន«នាងក្វាន់! នៅអោបក្រសោបគ្នាដល់ណាទៀតហាស? ថៅកែគៀងគេមកខំមកចាំឯងដល់ផ្ទះ ឆាប់ចេញមក មកឲ្យលឿនមក នាងព្រីម! នាំវាចេញមក» និយាយរួចហ៊ាហានក៏ដើរចេញទៅវិញបាត់ មកដល់បន្ទប់ទទួលភ្ញៀវឃើញថាថៅកែគៀងដូចជាអន្ទះអន្ទែងខ្លាំងណាស់ ហ៊ាហានក៏ដាក់ខ្លួនអង្គុយចុះលើសាឡុងមុននឹងនិយាយ
ហ៊ាហាន«នៅឲ្យស្ងៀមសិនទៅ បន្តិចទៀតគង់តែបាននៅជាមួយគ្នាទេ»
និយាយមិនទាន់ចប់ផងក្វាន់ក៏បានដើរមកដល់ទាំងទឹកមុខមិនពេញចិត្តសោះ មីងព្រីមក៏បានត្រឹមតែអោនមុខចុះ ថៅកែគៀងក៏ប្រញាប់ដើរមករកក្វាន់ហើយលូកដៃចាប់កៀកក្វាន់មកជិតខ្លួននៅមុខគេគ្រប់គ្នា ក្វាន់ខំរើខ្លួនចេញតែថៅកែមិនព្រមលែង មុននឹងនិយាយទៅហ៊ាហានទាំងញញឹម
ថៅគៀង«ទៅសិនហើយណាហ៊ា កុំភ័យខ្ញុំនឹងស្រឡាញ់កូនហ៊ាឲ្យច្រើនៗ»
ហ៊ាហាន«យើងឲ្យហើយ ឯងចង់ធ្វើអីក៏ធ្វើទៅ» លឺសម្ដីនេះហើយមីងព្រីមងើបមុខសម្លឹងមើលហ៊ាហានទាំងស្លុតចិត្ត ក្វាន់ក៏បានត្រឹមតែមិនមាត់ឈរខាំមាត់សង្កត់ចិត្ត ថៅកែគៀងក៏ញញឹមងក់ក្បាលហើយយកក្វាន់ចេញទៅ
មីងព្រីមបម្រុងនឹងដើរទៅតាមមើលកូន តែក៏ត្រូវហ៊ាហានស្រែកឃាត់
ហ៊ាហាន«នាងព្រីម! ចង់ទៅណា យើងឲ្យកូនឯងទៅសោយសុខហើយ កុំភ័យច្រើនពេកអី»
មីងព្រីម«សោយសុខ ឬក៏សោយទុក្ខ នេះបងឲ្យក្វាន់ទៅធ្វើជាប្រពន្ធចុងគេ នឹងហេសដែលហៅថាសោយសុខ» មីងព្រីមដើរមកស្រែកប្រកែកជាមួយហ៊ាហាន ហ៊ាហានឃើញមីងព្រីមដើរមកសម្លុតខ្លួនបែបនេះក៏ស្ទុះក្រោកចេញពីសាឡុងសម្លឹងមើលមុខមីងព្រីម
ហ៊ាហាន«ឲ្យវាដូចនាងឯងនឹងហើយ ប្រពន្ធចុងគេទាំងម៉ែទាំងកូនបែបនេះហើយទើបវាសមដូចគ្នា នេះឯងជាប្រពន្ធចុងយើងមានផ្ទះនៅ មានបាយស៊ី ប៉ុន្នឹងហើយឯងនៅហ៊ានមកប្រកែកទៀតហេស?»
មីងព្រីម«ក៏ដោយសារខ្ញុំជាប្រពន្ធចុងនឹងហើយទើបមិនចង់ឲ្យកូនមានវាសនាដូចជាខ្ញុំ មកនៅបម្រើបងគ្រប់យ៉ាងនឹងហេសដែលហៅថាសោយសុខ វាមានតែសោយទុក្ខវិញទេ»
ហ៊ាហាន«ហ្អឹស...នាងព្រីម!» ផ្លាច់! "សម្លេងទះកំភ្លៀង" មីងព្រីមសម្លុតហ៊ាហានធ្វើឲ្យហ៊ាហានទ្រាំមិនបានក៏ទះមីងព្រីមមួយកាំភ្លៀងមួយទំហឹង ធ្វើឲ្យមីងព្រីមដួលភ្លាមៗ ហ៊ាហានក៏អោនទៅច្របាច់មុខមីងព្រីមមុននឹងនិយាយបន្ត
ហ៊ាហាន«ចាំទុកក្នុងខួរក្បាលនាងឲ្យច្បាស់ណា នាងឯងជាប្រពន្ធចុងយើង ត្រូវបម្រើគ្រប់បែបយ៉ាងមកដល់យើង ក្នុងនាមជាប្រពន្ធចុង កូននាងឯងក៏ដូចគ្នាវាជាកូនយើង យើងជាឪវាយើងចង់ធ្វើបែបណាក៏បាន ក្នុងនាមយើងជាឪវា» និយាយរួចហ៊ាហានក៏រុញមុខមីងព្រីមចេញមុននឹងក្រោកដើរចេញទៅបាត់ ទុកឲ្យមីងព្រីមតាមសម្លឹងមើលហ៊ាហានពីក្រោយទាំងភ្នែកក្រហម យំមិនចេញព្រោះគុំក្នុងចិត្តខឹងខ្លាំងពេក
ផ្ទះលោកមេកង មេកងកំពុងតែរៀបចំខ្លួនស្អាតបាត នៅនឹងមុខសែបដែលកំពុងតែឈរមើលមេកងពីក្រោយ
សែប«មេកងហ្អា! នេះយើងទៅជួយស្រីក្វាន់ឬក៏ទៅដើរលេងទៅទាន» មេកងលឺភ្លាមក៏ប្រញាប់ងាកមុខមកមើលសែប
មេកងចក្រៃយ៍«ក៏ទៅជួយស្រីក្វាន់នោះអី សែបត្រៀមរបស់រួចអស់ហើយមែនទេ?»
សែប«រួចអស់ហើយទាន»
មេកងចក្រៃយ៍«ល្អ! ពេលនោះយើងនឹងបានភស្តុតាងចាប់អាថៅកែគៀងដាក់គុកយប់នេះមិនចាំស្អែក» មេកងនិយាយរួចក៏ញញឹមបែបលាក់កំនួចតិចៗ
នៅឯផ្ទះថៅកែគៀង
សម្លេងសម្រឹបជើងដើរតិចៗ របស់មនុស្សមួយក្រុមបិទមុខក្រណាត់ខ្មៅជិត ម្នាក់ដែលនាំមុខគេបិទមុខ ពាក់អាវយឺតដៃខ្លីទុយនុយជាមួយខោស្បែកពណ៌ខ្មៅ ទំនងដូចជាក្រុមចោរឆាត គ្នាមួយក្រុមនេះនាំគ្នាពួនចាំលបមើលសកម្មភាពរបស់កូនចៅថៅកែគៀងនៅនឹងមុខនេះ ព្រោះមើលទៅដូចជាការពារតឹងរឹងបានល្អណាស់
ចោរឆាត«អ៊ុំ! អ៊ុំនាំគ្នានៅចាំលបមើលនៅទីនេះហើយ ខ្ញុំប្រើអាគមចូលទៅខាងក្នុងផ្ទះវាដើម្បីយកផែនទី អណ្ដូងរ៉ែរបស់វា» និយាយរួចទាំងអស់គ្នាក៏ងក់ក្បាលយល់ព្រមរៀងខ្លួនចោរឆាតក៏ដកម្លូររុំឲ្យតូចបំផុត ដាក់រុំជាប់ជាមួយកថា រួចក៏សូត្រគាថា ហើយក៏យកមកសៀតនៅនឹងត្រចៀកខាងឆ្វេង គ្នាចោរឆាតពីរនាក់ក៏មកប៉ះខ្លួនចោរឆាតហើយក៏បំបាំងខ្លួនទៅជាមួយគ្នា គ្នីគ្នាដែលនៅសល់ក៏នៅចាំមើលសកម្មភាពនៅខាងក្រៅ
មកដល់បន្ទប់ថៅកែគៀង ចោរឆាតក៏យកកថាចេញពីស្លឹកត្រចៀកដើម្បីបង្ហាញខ្លួនព្រោះក្នុងបន្ទប់គ្មានមនុស្សទេ
ចោរឆាត«នាំគ្នាឆាប់រកមើលឲ្យគ្រប់កន្លែងទៅ វាប្រហែលជាមិនទុកនៅឆ្ងាយពីទីនេះទេ»
និយាយចប់ក៏នាំគ្នារើរុះរកមើលពេញទាំងបន្ទប់ថៅកែគៀង ចោរឆាតក៏ប្រទះឃើញថាមានកូនសោរមួយនៅក្រោមក្នើយកើយរបស់ថៅកែគៀងគេក៏យកវាមក មើលថាគ្មានទូឬក៏ថតតុមួយណាចាក់សោរនោះទេគឺបើកទាំងអស់តែគេនៅតែរកមិនឃើញ ហើយសោរមួយនេះក៏មិនដឹងជាសោរអ្វី បានបន្តិចចោរឆាតក៏ក្រឡេកភ្នែកសម្លឹងមើលជញ្ជាំងមួយដែលមានបិទរូបថតនៅជាប់យ៉ាងចម្លែកដាច់ដោយឡែកពីគេ ចោរឆាតក៏ដើរសម្ដៅទៅរករូបនៅហើយក៏ឃើញថារូបនេះបើមើលឲ្យយូរទៅមានគន្លឹះចាក់សោរ គេក៏ដឹងភ្លាមសោរនេះគឺត្រូវជាមួយគន្លឹះសោរនេះគេក៏យកវាមកចេះ ក៏ឃើញថាវាពិតជាត្រូវមែនគេក៏ប្រញាប់ទាញផ្ទាំងរូបបើកមើលក៏ឃើញថាមានផែនទីសណ្ឋានអណ្ដូងរ៉ែនៅក្នុងនោះពិតមែន ចោរឆាតក៏ប្រញាប់ដកមកមើល គ្នីគ្នារបស់ចោរឆាតក៏ដើរមកមើល មុននឹងនិយាយ «ហ្អើយ! នៅទីនេះពិតមែនតើ អាថៅកែគៀងនេះពិតជាពូកែលាក់របស់មែន»
ចោរឆាត«តោះ យើងប្រញាប់ចេញទៅវិញទៅក្រែងលោពួកវាមកទាន់ រៀបចំទីនេះឲ្យដូចដើមវិញកុំឲ្យវាសង្ស័យ» និយាយរួចចោរឆាតក៏យកផែនទីរមូលសៀតនៅចង្កេះខោយ៉ាងជាប់មុននឹងជួយគ្នីគ្នារៀបចំបន្ទប់ថៅកែគៀងវិញ
ក្រឡេកមកមើលអ្នកនៅខាងក្រៅវិញ សែបនិងមេកងកំពុងតែឈរចាំលបមើលផ្លូវរបស់ថៅកែគៀងដែលកំពុងនាំក្វាន់មកទីនេះមួយសន្ទុះ ឡានរបស់ថៅកែគៀងក៏មកដល់
ឡានក៏មើលចូលទៅខាងក្នុងផ្ទះ ក្រុមចោរឆាតដែលនៅខាងក្រៅ ព្រមទាំងសែបនិងមេកងក៏បានឃើញឡាននោះដូចគ្នា ឡានក៏ឈប់ហើយថៅកែគៀងក៏ចាប់ទាញដៃក្វាន់ចុះពីឡានទាំងដែលក្វាន់ខំរើបម្រាស់ចេញយ៉ាងណាក៏ថៅកែមិនលែងដៃដែល
ថៅកែគៀង«នៅឲ្យស្ងៀមទៅមើល មិនហត់ទេហ្អេស? រើបែបនេះប្រយ័ត្នតែត្រូវឈឺខ្លួនទៅ» ក្វាន់ក៏សម្លឹងមើលមុខថៅកែទាំងខឹងមុននឹងគ្រលាស់ដៃចេញមួយទំហឹង
ក្វាន់«គិតថាចង់ធ្វើអីមកមើលខ្ញុំក៏បានចឹងហ្អេសថៅកែ? ខ្ញុំមិនមែនជាប្រពន្ធថៅកែទេ កុំមកបង្ខំខ្ញុំ ខ្ញុំមិនមែនជាមនុស្សស្រួលធ្វើបាបដូចដែលថៅកែគិតទេ» ថៅកែលឺហើយខឹងចិត្តខ្លាំងក៏បម្រុងលើកដៃវាយស្រីក្វាន់តែក៏ត្រូវឈប់វិញព្រោះមេកងមកស្រែកហៅទាន់
មេកងចក្រៃយ៍«ថៅកែចង់ធ្វើអី?» មេកងក៏ដើរចូលទៅ មុននឹងនិយាយបន្ត
មេកងចក្រៃយ៍«ថៅកែចង់លើកដៃវាយស្រីចឹងហ្អេស? នេះថៅកែអាចត្រូវគេចាប់ឬក៏ប្ដឹងពីបទបំពានរាងកាយមនុស្សណា នេះជាមនុស្សស្រីទៀតទោសមិនស្រាលប៉ុណ្ណាទេ» មួយឃ្លាយ៉ាងត្រជាក់ពីលោកមេកង ក្វាន់ក្រោយឃើញមេកងចូលមកដល់ក៏ញញឹមឡើងបាត់អស់ទុកកង្វល់ព្រោះកំពុងគិតថានឹងគ្មានអ្នកណាមកជួយខ្លួនហើយ
ថៅកែគៀង«អ៎រ...ហើយចុះមេកងនេះចូលមកចេះដឹងរឿងគ្រួសារគេបែបនេះ ហៅថាប៉ូលិសល្អដែលហ្អេស?»
មេកងចក្រៃយ៍«ចៃដន្យក៏ចេញល្បាតមើលក្នុងភូមិស្រុក គាប់ជួនមកដល់ឃើញថៅកែចាប់ទាញ ប្រតាយប្រតប់គ្នា ឃើញថាមិនស្រួលក៏ចូលមកសួរនាំ គ្មានបានធ្វើអ្វីណាមិនដឹងហ្អេសសែប?»
សែប«មែនហើយ ជាប៉ូលិសល្អត្រូវតែដឹងសុខទុក្ខរបស់ប្រជាជនមិនចឹងហ្អេសថៅកែ?»
ទាំងសែប ទាំងមេកងនាំគ្នានិយាយឌឺដងដាក់ថៅកែធ្វើឲ្យថៅកែគៀងខឹងទ្រាំមិនបានក៏លូកដៃចាប់អូសទាញក្វាន់បម្រុងយកចូលទៅខាងក្នុងផ្ទះតែត្រូវលោកមេកងរហ័សចាប់ទាញក្វាន់មកវិញ ថៅកែគៀងក៏កាន់តែខឹងច្រឡោតឡើងងាកមកស្រែកដាក់មេកងភ្លាម
ថៅកែគៀង«ស្អីឯងនេះហ្អាសអាមេកង មកចេះដឹងរឿងស្អីជាមួយប្ដីប្រពន្ធគេនៀក»
មេកងក៏សើចតិចៗមុននឹងរុញក្វាន់ឲ្យទៅឈរក្បែរសែប ខ្លួនក៏ដើរចូលទៅនិយាយជាមួយថៅកែគៀង
មេកងចក្រៃយ៍«ប្ដីប្រពន្ធគ្នាគេមិនចាប់បង្ខំបែបនេះទេ ថៅកែ នេះពិតជាប្ដីប្រពន្ធពិតមែនហ៎?»
ថៅកែគៀង«អឺ ចាប់យកក្វាន់មកនេះវិញ»
មេកងចក្រៃយ៍«ពិតមែនហ្អេស? អ្នកនាងក្វាន់?» មេកងក៏ធ្វើជាងាកសួរស្រីក្វាន់ ស្រីក្វាន់ក៏សម្លឹងមើលមុខមេកងបន្តិចក៏យល់ន័យមុននឹងនិយាយយ៉ាងម៉ាត់ៗ
ក្វាន់«ចាមិនមែនទេ! ថៅកែជាអ្នកចាប់បង្ខំខ្ញុំមក» ថៅកែគៀងលឺហើយរឹតតែក្ដៅស្លឹកត្រចៀកឡើង
ថៅកែគៀង«នេះនាង..» ថៅកែក៏ងក់ក្បាលបញ្ជាឲ្យកូនចៅខ្លួនចូលទៅចាប់ស្រីក្វាន់មកវិញ តែក៏ត្រូវមេកងរហ័សធាក់មួយជើងប៉ើងចេញវិញ
មេកងចក្រៃយ៍«សែបនាំក្វាន់ចេញទៅម្ខាងសិនទៅ» និយាយមិនទាន់រួចផង គ្នីគ្នារបស់អាថៅកែគៀងក៏ព្រួតគ្នាចូលមកវាយមេកង មេកងតែម្នាក់ឯងព្រមទាំងសែបផងដែរ នាំគ្នាវាយទប់ទល់ជាមួយក្រុមពួកអស់នោះ តែថៅកែគៀងឆ្លៀតឳកាសក៏ចូលទៅចាប់ស្រីក្វាន់អូសមកក្បែរខ្លួនទោះបីជាក្វាន់ខំរើយ៉ាងណាក៏មិនឈ្នះកម្លាំងថៅកែគៀងដែល សម្លេងវាយតប់គ្នាក៏លាន់លឺពេញហ្នឹង ធ្វើឲ្យក្រុមចោរឆាតដែលនៅខាងក្នុងផ្ទះលឺហើយក៏នាំគ្នាចេញមកលបមើល
ចោរឆាត«នេះមានរឿងអីនឹង មិចក៏អាមេកងនោះមកទីនេះដែលហើយស្រីក្វាន់ហេតុអីស្រីក្វាន់មកទីនេះជាមួយអាថៅកែគៀង មានរឿងស្អី? មិនបានទេ ពួកឯងយកផែនទីនេះទៅឲ្យអ៊ុំផាត់នៅខាងក្រៅមុនទៅយើងចូលទៅជួយស្រីក្វាន់» គ្នីគ្នាចោរឆាតក៏ងក់ក្បាលទទួលយកផែនទីហើយនាំគ្នាចេញទៅបាត់នៅសល់តែចោរឆាតម្នាក់ឯង ចោរឆាតក៏ដើរចេញទៅធាក់អាថៅកែគៀងមួយទំហឹងពីក្រោយធ្វើឲ្យថៅកែប៉ើងដួលផ្កាប់មុខភ្លាមៗ ស្រីក្វាន់ក៏ងាកមើលមុខចោរឆាត ចោរឆាតក៏ងាកមើលមុខស្រីក្វាន់ ភ្នែកទាំងពីរក៏ប្រទះគ្នាបានបន្តិចគ្នីគ្នារបស់ថៅកែគៀងក៏ព្រួតមកវាយចោរឆាតដែល
មេកងដែលកំពុងវាយគ្នារបស់ថៅកែក៏ប្រញាប់មកទាញដៃក្វាន់ដែលកំពុងតាមមើលចោរឆាតទៅតាមខ្លួនវាយគ្នាបណ្ដើរការពារក្វាន់បណ្ដើរ មេកងនិងចោរឆាតក៏បន្តវាយគ្នាជាមួយពួកនោះឆ្លៀតដែលគេទាំងពីរវាយគ្នាពួកវាដួលរាបទៅនឹងដី រួចក៏ងាកមុខមកសម្លឹងគ្នាបន្តិច មេកងនៅតែចាប់កាន់ដៃក្វាន់ជាប់ តែក៏ឆ្លៀតសួរចោរឆាត
មេកងចក្រៃយ៍«ឯងជាចោរ ថ្ងៃមុនតើមកទីនេះបានយ៉ាងមិច អរ មកឲ្យយើងចាប់ហេស ចឹងក៏ចាប់ទាំងចោរ ទាំងថៅកែតែម្ដងទៅ» និយាយរួចចោរឆាតមិនទាន់បានតបផងមេកងក៏លើកជើងធាក់ចោរឆាតមួយទំហឹងធ្វើឲ្យចោរឆាតប៉ើងទៅក្រោយបន្តិចតែក៏មិនអី មិនខ្វល់មេកងក៏នៅតែដើរចូលទៅទាត់បណ្ដួលចោរឆាតមួយជើងទៀត «អ្ហស់!» មេកងបម្រុងនឹងដើរទៅទាត់ចោរឆាតមួយជើងទៀតតែក៏ត្រូវថៅកែគៀងដើរមកធាក់មួយជើងភ្លាមហើយក៏ចាប់ទាញក្វាន់មកវិញ ក្វាន់ក៏នៅតែរើបម្រាស់ចេញ មេកងក៏ងាកមកមើលថៅកែគៀងវិញ ចោរឆាតក៏ក្រោកឡើង ស្ទុះទៅរកថៅកែគៀងបម្រុងនឹងជួយក្វាន់តែក៏ត្រូវគ្នារបស់ថៅកែគៀងមកវាយមួយដំបងពីក្រោយ តែគ្រាន់តែធ្វើឲ្យចោរឆាតអោនខ្លួនទៅមុខបន្តិចតែប៉ុណ្ណោះ មិនមានរបួសអ្វីទេ វាបម្រុងចូលមកវាយទៀតតែក៏ត្រូវចោរឆាតវាយបានមុន ឯមេកងវិញក៏នៅតែទៅទប់ទល់វាយគ្នាជាមួយគ្នារបស់ថៅកែដូចគ្នា ហើយក៏ចូលទៅហក់ធាក់ថៅកែគៀងមួយទំហឹង រួចក៏ស្ទុះទៅចាប់ក្វាន់មកវិញ មេកងនិងចោរឆាតក៏ដើរថយក្រោយមកទល់ខ្នងគ្នា ចោរឆាតក៏និយាយឡើង
ចោរឆាត«កម្ចាត់ពួកវាជួយនាងសិនទៅ ចាំមកចាត់ការរឿងយើងតាមក្រោយ» សម្លេងនេះធ្វើឲ្យស្រីក្វាន់ចាប់អារម្មណ៍ភ្លាម តែមេកងក៏ប្រញាប់រុញក្វាន់ឲ្យទៅសែបមើល ឯខ្លួននិងចោរឆាតក៏សហការណ៍គ្នាវាយគ្នាជាមួយពួកថៅកែគៀង ក្វាន់និងសែបឈរមើលបណ្ដើរភ័យជំនួសបណ្ដើរ
សែប«នោះចោរឆាតតាស ទឹកដៃវាយមិនធម្មតាទេ» ក្វាន់លឺហើយក៏រឹតតែភ្ញាក់ផ្អើលងាកមើលមុខសែបភ្លាម
ក្វាន់«ចោរឆាតដែលជួយអ្នកភូមិនឹងហ្អេស?»
សែប«នឹងហើយ!»
ក្វាន់«ហេតុអីក៏មានអារម្មណ៍ដូចធ្លាប់ស្គាល់» ក្វាន់លាន់មាត់ឡើងនិយាយតិចៗហើយក៏តាមសម្លឹងមើលចោរឆាតមិនដាក់ភ្នែកសោះ សម្លឹងមើលទាំងរូបរាងនិងកាយវិការរបស់ចោរឆាត
មេកងនិងចោរឆាតនាំគ្នាព្រួតវាយគ្នីគ្នាថៅកែដេកស្ដូកអស់ក៏ងាកមុខមកសម្លឹងគ្នា មេកងមិនចាំយូរក៏យាដៃវាយទៅចោរឆាតមួយដៃ ចោរឆាតក៏ដាក់តបមួយដៃវិញ មួយដៃទៅមួយដៃមករៀងខ្លួន សែបឃើញមិនស្រួលក៏ស្រែកប្រាប់ពីចម្ងាយ
សែប«មេកង! ចោរឆាត! ឈប់វាយគ្នាឯងទៅមនុស្សល្អដូចគ្នាទេ» មេកងនិងចោរឆាតលឺហើយក៏ងាកមុខមកសម្លឹងគ្នាទាំងកំហឹងរៀងខ្លួន
មេកងចក្រៃយ៍«មនុស្សល្អគេមិនមកធ្វើចោរទេ» មេកងរហ័សនិយាយរួចក៏លើកដៃវាយចោរឆាតមួយទំហឹងមួយដៃទៀត
ចោរឆាត«បើរើសបានក៏យើងចង់ធ្វើជាប៉ូលិសដែរ មិនមែនមកធ្វើចោរបែបនេះដែល» ចោរឆាតបែរមុខមកស្រែកដាក់មេកងហើយក៏វាយភ្លាមៗទៅមេកងធ្វើឲ្យមេកងប៉ើងថយក្រោយបន្តិច ចោរឆាតក៏បម្រុងនឹងហក់បុកជង្គង់ទៅមេកងហើយតែក៏ត្រូវឈប់ព្រោះស្រីក្វាន់ចូលមកឃាត់
ក្វាន់«ឈប់ភ្លាមណា» សែបនិងស្រីក្វាន់ក៏ប្រញាប់ចូលមកចាប់មេកងឃាត់ តែមេកងនិងចោរឆាតនៅឈរសម្លឹងមុខគ្នាមិនដាក់ភ្នែកសោះ
ផាំងៗៗ "សម្លេងបាញ់កាំភ្លើង" ឆ្លៀតពេលនោះថៅកែឃើញថាកូនចៅខ្លួនដួលដេកស្ដូកស្ដឹងក្រោកមិនរួចក៏ប្រញាប់ក្រោកឡើងទាញយកកាំភ្លើងមកបាញ់សម្ដៅទៅរកចោរឆាតភ្លាមៗធ្វើឲ្យចោរឆាតត្រូវពីរបីគ្រាប់ តែក៏មិនអីព្រោះចោរឆាតមានខ្សែរកការពារ ចោរឆាតរហ័សយកកថាមកសូត្របាលីបំបាំងកាយហើយក៏ទៅចាប់ដៃស្រីក្វាន់នាំទាំងមេកង ទាំងសែប និងស្រីក្វាន់បំបាំងកាយទៅបាត់ ឯថៅកែក៏ផ្ដេកខ្លួនដេកទៅលើដីវិញព្រោះត្រូវគេវាយច្រើនពេក
នៅកន្លែងស្ងាត់មួយ ផឹប! សម្លេងបង្ហាញខ្លួនវិញរបស់ចោរឆាត ព្រមទាំងមេកង សែបនិងស្រីក្វាន់ ចេញមកភ្លាមមេកងនិងសែបក៏ក្រឡេកភ្នែកឃើញចោរឆាតកំបុងកាន់ដៃស្រីក្វាន់ មេកងក៏ប្រញាប់ទាញស្រីក្វាន់ឲ្យមកនៅក្រោយខ្នងខ្លួនវិញ ខ្លួនក៏ចូលទៅនិយាយជាមួយចោរឆាតទាំងកំហឹងមិនទាន់បាត់
មេកងចក្រៃយ៍«និយាយមកឯងមកផ្ទះថៅកែគៀងធ្វើអី?»
ចោរឆាត«មកស៊ើបមើលថាពួកវាមានគម្រោងអាក្រក់ស្អីខ្លះ»
មេកងចក្រៃយ៍«ចង់បញ្ជាក់ថាឯងជាមនុស្សល្អចឹងហ្អេស?»
ចោរឆាត«អឺ! យើងមិនបានបញ្ជាក់ឲ្យឯងបានដឹង យើងប្រាប់អ្វីដែលយើងធ្វើ ឯងធ្វើជាមេកងយ៉ាងមិចបានមិនដឹងថាអាថៅកែគៀងជាមនុស្សអាក្រក់ យើងប្រាប់ឯងណាចោរមិនមែនអាក្រក់ទាំងអស់ទេ» សម្ដីមួយឃ្លានេះធ្វើឲ្យមេកងខឹងចិត្តឡើង ភ្នែកក៏ក្រហមឡើងសម្លឹងមុខចោរឆាតមិនដាក់ភ្នែកសោះ បម្រុងនឹងវាយគ្នាជាមួយចោរឆាតទៀតហើយតែក៏ត្រូវសែបនិងស្រីក្វាន់ចូលមកឃាត់ទាន់
សែប«ឈប់ៗៗៗ ណាមេកង ឈប់ភ្លាមណាចោរឆាត» ស្រីក្វាន់ស្ទុះមកចាប់ដៃមេកងជាប់ទុកឲ្យសែបជាអ្នកចូលទៅឃាត់នៅកណ្ដាលអ្នកទាំងពីរដែលកំពុងសម្លឹងមុខគ្នា
សែប«មកឈ្លោះគ្នាធ្វើអី សុទ្ធតែជាមនុស្សល្អដូចគ្នានេះ ឈ្លោះគ្នាបានអីមកវិញ មេកងហ្អាឈប់តាមចាប់ចោរឆាតទៅណា គេនេះជាចោរតែគេមិនដែលធ្វើអីអាក្រក់ប៉ះពាល់អ្នកភូមិម្ដងណាទេ» ស្រីក្វាន់លឺហើយក៏សម្លឹងមើលមុខចោរឆាតមិនដាក់ភ្នែកសោះព្រោះក្នុងចិត្តកំពុងតែសង្ស័យដូចជាធ្លាប់ស្គាល់
មេកងចក្រៃយ៍«តែយ៉ាងណាក៏វាមានឈ្មោះថាជាចោរ»
ចោរឆាត«អឺ! ប៉ូលិសដូចឯងចាប់តែចោរទេមែនហ្អេស?» មួយម៉ាត់ទៅមួយម៉ាត់មកមិនឲ្យចាញ់គ្នា និយាយមិនទាន់ចប់បម្រុងនឹងស្ទុះទៅរកវាយគ្នាទៀតហើយតែក៏ត្រូវសែបនៅកណ្ដាលឃាត់
សែប«ឈប់!!! ប្រាប់ថាឲ្យឈប់ មេកងបើចាប់ចោរឆាតអ្នកស្រុកច្បាស់ជាមិនព្រមហើយ ច្បាស់ជាមានរឿងដល់មេកង ព្រោះមនុស្សល្អដូចជាចោរឆាតនៀកត្រូវប៉ូលិសចាប់ តែមនុស្សអាក្រក់ដូចជាអាថៅកែគៀង និងហ៊ាហាននៀកបែរជារួចខ្លួន មេកងគិតទៅមើល» លឺមួយឃ្លានេះហើយមេកងក៏ហាក់ដូចជាតាំងស្មារតីមកវិញ តែនៅឈរសម្លឹងមើលមុខចោរឆាតដដែល ចោរឆាតក៏មិនមាត់តទៀត សែបក៏ងាកមុខមើលគេទាំងពីរចុះឡើងៗ ឯស្រីក្វាន់ក៏ឈរមើលមុខចោរឆាតមិនឈប់ ចោរឆាតក៏ដាច់ចិត្តនិយាយមួយម៉ាត់
ចោរឆាត«បើឯងចង់ចាប់យើង ចាំទុកពេលឲ្យយើងចាត់ការពួកមនុស្សអាក្រក់ឲ្យអស់សិន ឯងនឹងអាចចាប់យើងបាន» និយាយរួចចោរឆាតក៏យកកថាមកសៀតត្រចៀកហើយបំបាំងកាយចេញទៅបាត់ទៅបាត់ ឃើញបែបនេះសែបក៏ងាកមើលមុខមេកងឯមេកងបែរជាសម្លឹងមើលមុខសែបមិនដាក់ភ្នែកទៅវិញ
នៅឯផ្ទះមេកងចក្រៃយ៍ មីងយ៉ែមនិងនាងពីនកំពុងអង្គុយចាំមុខផ្ទះឆ្លេឆ្លាៗងាកឆ្វេង ងាកស្ដាំ ចាំមើលផ្លូវលោកមេកងនិងសែបមកវិញ បានបន្តិចក៏ឃើញមេកងនិងសែបត្រឡប់មកវិញ នាងពីនក៏ប្រញាប់រត់ទៅរកលោកមេកងភ្លាម តែបែរជាឃើញស្រីក្វាន់មកជាមួយវិញនាងពីនក៏សម្លឹងមើលមុខស្រីក្វាន់មិនដាក់ភ្នែកព្រោះឆ្ងល់សុខៗឃើញមកជាមួយគ្នា ក្វាន់ឃើញគេមើលបែបនេះក៏ញញឹមតិចៗដាក់គេវិញ
នាងពីន«មេកង! នេះអ្នកណានឹង នេះដែលប្រាប់ថាទៅជួយមនុស្សក៏ទៅជួយស្រីម្នាក់នឹងទេមែន?» និយាយចប់មីងយ៉ែមក៏ដើរមកដល់លូកដៃក្ដិចនាងពីនបន្តិចធ្វើឲ្យនាងពីនលាន់មាត់ឡើង
នាងពីន«អួយ!ម៉ែ មកក្ដិចខ្ញុំធ្វើស្អីនេះ» នាងពីនធ្វើមុខជូរព្រោះត្រូវម៉ែក្ដិច មីងយ៉ែមមិនខ្វល់បែរជាទាញនាងពីនចេញពីលោកមេកងហើយមុននឹងនិយាយទៅអ្នកទាំងបី
មីងយ៉ែម«កុំនៅខាងក្រៅអីមកនាំគ្នាចូលទៅខាងក្នុងសិនទៅ យប់ជ្រៅណាស់ហើយ» ទាំងអស់គ្នាក៏នាំគ្នាទៅខាងក្នុង មេកងក៏ចាប់កាន់ដៃស្រីក្វាន់ដើរចូលទៅខាងក្នុងទាំងញញឹមតិចៗធ្វើឲ្យនាងពីនតាមមើលមិនឈប់
នៅខាងក្នុងផ្ទះរបស់មេកង មេកងនិងស្រីក្វាន់អង្គុយជិតគ្នា ស្រីក្វាន់មិនហ៊ានមាត់អ្វីសោះគឺអង្គុយស្ងៀមចាំស្ដាប់គេនិយាយគ្នា ពេលនោះមីងយ៉ែមក៏យកទឹកមកដាក់ឲ្យមេកង សែប និងស្រីក្វាន់ ស្រីក្វាន់ក៏ងើបមើលមុខញញឹមដាក់មីងយ៉ែមតិចៗ
មីងយ៉ែម«សរុបមកមានរឿងអ្វីទៅមេកង?» សែបដែលកំពុងផឹកទឹកក៏ដាក់ទឹកចុះហើយតបជាមួយមីងយ៉ែម
សែប«ពុទ្ធោ! យ៉ែម នេះមិនគិតសួរខ្ញុំខ្លះទេហ្អេស ខ្វល់តែពីមេកងតែម្នាក់ហើយ ខ្ញុំក៏ទៅជាមួយដែលណា»
មីងយ៉ែម«មិនចង់សួរ ចង់សួរលោកមេកង» ឃើញអ្នកទាំងពីរឈ្លោះគ្នាមេកងក៏សើចឡើងបន្តិចមុននឹងឆ្លើយតបជាមួយមីងយ៉ែមវិញ

ស្នេហ៍ចិត្តពីរWhere stories live. Discover now