ស្រីក្វាន់កាន់ដៃអាទិត្យលើកឡើងមកថ្នមៗ កែវភ្នែកសម្លឹងមើលមុខអាទិត្យដែលកំពុងសន្លប់ដោយក្ដីអាណិត ដៃក៏ញ័រទឹកភ្នែកក៏ស្រក់ចុះមកស្របគ្នា
អ៊ុំផាត់«ស្រីក្វាន់ ដោះក្រណាត់រុំចេញសិនទៅ» អ៊ុំផាត់ក៏ដើរមកមើលអាទិត្យ ឃើញក្រណាត់រុំរបួសឈាមដាមពេកក៏ ជួយស្រាយក្រណាត់រុំចេញ
អ៊ុំផាត់«ពុទ្ធោអើយ! នេះរបួសអីក៏ជ្រៅ ឈាមហូរមិនឈប់បែបនេះ» ក្រោយពេលស្រាយក្រណាត់ចេញ ឃើញរបួសភ្លាមគ្រប់គ្នាក៏ភ្ញាក់ផ្អើលជាខ្លាំង ព្រោះរបួសវាជ្រៅខ្លាំងពេក
អ៊ុំផាត់«មិនកើតទេ មើលនេះនែ៎ ឈាមហូរឡើងស្លេកមុខអស់ហើយ រកអីមកទប់របួសសិនលឿនឡើង»
សែប«អ៊ុំហ្អា ខ្ញុំថានាំទៅពេទ្យវិញទៅល្អទេ»
អ៊ុំផាត់«នៅទីនេះគ្មានពេទ្យទេ តែអ៊ុំស៊ីងអាចជួយបាន ចាំបន្តិចសិនទៅ» អ៊ុំផាត់និងស្រីក្វាន់ក៏ជួយគ្នាជូតលាងរបួសឲ្យអាទិត្យ និងជួយរុំរបួសទប់ឈាមឲ្យម្ដងទៀត
សែប«និយាយទៅមើលថាមានរឿងអីជាមួយ អាទិត្យនិងមេកង» សែបកេងាកមកសួរក្រុមមនុស្សដែលបានជួយអាទិត្យនិងមេកងមកដល់ទីនេះ
«គឺថា ពួកខ្ញុំនេះ នាំគ្នាទៅរកអុសនៅឯក្នុងព្រៃឯនោះ តែក៏ឃើញមានឈាមមកពីណាក៏មិនដឹង ក៏នាំគ្នាដើរតាមឈាមនោះទៅដល់ រហូតបានឃើញថាជាមេកងនិងអាទិត្យកំពុងតែសន្លប់ដូចគ្នា តែបើតាមមើលសភាពទៅ អាទិត្យធ្ងន់ធ្ងរខ្លាំងណាស់»
អ៊ុំផាត់«ចឹងក៏បានន័យថា របួសនេះមកពី» អ៊ុំផាត់ក៏ឈប់និយាយបន្តិចសែបក៏ជាអ្នកនិយាយបញ្ចប់
សែប«មកពីអាហានមិនខានទេ»
ស្រីក្វាន់«អ៊ុំបងអាទិត្យ គាត់ក្ដៅខ្លួនណាស់» ស្រីក្វាន់ចាប់កាន់ដៃអាទិត្យជាប់ សម្លឹងមើលអាទិត្យមិនឈប់កែវភ្នែកក៏កាន់តែក្រហមឡើងពោរពេញដោយទឹកភ្នែក
មីងព្រីម«យកទឹកក្ដៅមកជូតឲ្យថែមទៅកូន កុំឲ្យក្ដៅជាងនេះទាន់» ស្រីក្វាន់ក៏ប្រញាប់ធ្វើតាមសម្ដីម្ដាយខ្លួនប្រាប់ យកក្រណាត់ជ្រលក់ក្ដៅឧណៗមកជូតមុខ ជូតខ្លួមឲ្យអាទិត្យបន្តិច តែថាអាទិត្យជូតយ៉ាងណាក៏មិនធូរស្បើយសោះ
ស្រីក្វាន់«បងកុំកើតអីឲ្យសោះណា» ស្រីក្វាន់ជូតបណ្ដើរដៃញ័របណ្ដើរ ព្រោះតែបារម្ភពីអាទិត្យខ្លាំងពេក
ក្រឡេកមកមើលចាន់ឯនេះវិញរត់យ៉ាងត្រហេបត្រហបមករកអ៊ុំស៊ីងដល់ផ្ទះ ចៃដន្យក៏ឃើញអ៊ុំស៊ីងនៅខាងក្រោមផ្ទះល្មម
ចាន់«អ៊ុំស៊ីង! អ៊ុំស៊ីង! អ៊ុំស៊ីងទៅជួយបងអាទិត្យផង» ចាន់រត់មកចាប់ដៃនាំផ្លូវអ៊ុស៊ីងទៅយ៉ាងប្រញាប់
អ៊ុំស៊ីង«អឺៗ ឈប់សិនហើយមានរឿងអី ឯងកុំទាន់អូសយើងពេក» អ៊ុំស៊ីងនិយាយឃាត់ចាន់ឲ្យឈប់ចាប់អូសគាត់នៅនិយាយតាមសម្រួលសិន
ចាន់«អ៊ុំបងអាទិត្យគាត់មានរបួសហូរខ្លាំងណាស់សន្លប់ពេញមួយយប់ហើយមិនដឹងខ្លួនទេ»
អ៊ុំស៊ីង«អាទិត្យចឹងហ្អេស? ឆាប់ទៅ» ដោយគ្រាន់តែលឺថាជាអាទិត្យកំពុងត្រូវរបួសភ្លាមអ៊ុំស៊ីងក៏ប្រញាប់ឲ្យចាន់នាំគាត់ទៅភ្លាម
អ៊ុំផាត់«នោះអ៊ុំស៊ីងមកដល់ហើយ» អ៊ុំផាត់ក៏ក្រឡេកឃើញចាន់កំពុងតែនាំអ៊ុំស៊ីងមកដល់ល្មម
អ៊ុំផាត់«អ៊ុំជួយមើលអាទិត្យនិងមេកងផងទៅ» អ៊ុំស៊ីងក៏ដើរមកស្ទាបជីពចរនៅដៃរបស់មេកងមុនសិនរួចក៏និយាយ
អ៊ុំស៊ីង«មិនអីទេ! មេកងគ្រាន់តែអស់កម្លាំងមានរបួសនិងក្ដៅខ្លួន ឯងទៅយកថ្នាំដាំឲ្យពុះមកឲ្យគេផឹក គេក៏ចុះថយកម្ដៅនិងមានកម្លាំងមកវិញ ហើយក៏និងឆាប់ដឹងខ្លួនមកវិញ បើរបួសគេលាងហើយក៏យកស្មៅជាថ្នាំរបស់យើងមកបិទឲ្យ វានឹងឆាប់ជាហើយគ្មានស្នាមទេ»
សែប«បាទអ៊ុំ!» អ៊ុំស៊ីងក៏បន្តដើរទៅរកកន្លែងរបស់អាទិត្យមុននឹងលើកដៃអាទិត្យស្ទាបជីពចរជាមុនសិន ស្ទាបបានបន្តិចមិនដឹងថាជាអ្វីច្បាស់ក៏ទម្លាក់ដៃអាទិត្យចុះទៅវិញ មុននឹងយកដៃស្ទាបកញ្ជឹងកអាទិត្យវិញ រួចក៏បញ្ចេញទឹកមុខព្រួយបារម្ភចេញមក ធ្វើឲ្យគ្រប់គ្នាកាន់តែភ័យលើសដើម
អ៊ុំផាត់«យ៉ាងម៉េចហើយអ៊ុំ?» ឃើញអ៊ុំស៊ីងស្ងាត់មិនទាន់និយាយអ្វី អ៊ុំផាត់គាត់ភ័យពេកក៏សួរបន្ត
អ៊ុំស៊ីង«វាត្រូវអាគមរបស់អាហានហើយ» គ្រាន់តែលឺសម្ដីនេះភ្លាមគ្រប់គ្នាក៏កាន់តែភ្ញាក់ផ្អើលថែមទៀត
អ៊ុំផាត់«ចឹងក៏បានន័យថា អាទិត្យរបួសបែបនេះមកពីអាហានមែនទេ»
អ៊ុំស៊ីង«វាត្រូវកាំបិតអាគមរបស់អាហានហើយ»
ស្រីក្វាន់«ធ្វើយ៉ាងម៉េចទៅអ៊ុំ?»
អ៊ុំស៊ីង«សំណាងហើយដែលអាទិត្យមានគុជនាគក្នុងខ្លួនការពារជួយព្យាបាលឲ្យ»
ស្រីក្វាន់«តែគាត់ហូរឈាមមិនឈប់ទេអ៊ុំ» ស្រីក្វាន់ក៏និយាយបន្តយ៉ាងលឿនរកតែអ៊ុំស៊ីងនិយាយបន្តមិនបាន
អ៊ុំស៊ីង«ដោយសារតែវាជួយមិនបានច្រើនទេ វាគ្រាន់តែជួយឲ្យអាគមរបស់អាហានថយចុះតែបណ្ណោះ មិនអីទេ អាផាត់ឆាប់ទៅផ្ទះយើងយកកាំបិតនាងនៅក្នុងផ្តិលមកឲ្យយើង យើងនឹងធ្វើពិធីប្ដូរឈាម»
អ៊ុំផាត់«បាទអ៊ុំ» មិនចាំយូរអ៊ុំផាត់ក៏រហ័សចេញទៅភ្លាម
សែប«ប្ដូរឈាមកើតទេអ៊ុំ អាទិត្យហូរឈាមច្រើនឡើងចង់អស់ពីខ្លួនហើយ»
អ៊ុំស៊ីង«ប្ដូរឈាមជាមួយមេកងនឹងហើយ យកឈាមរបស់មេកងមកលាយក្នុងឈាមរបស់អាទិត្យបន្តិច ហើយសូត្រអាគមឲ្យអាទិត្យផឹកឲ្យអស់ ហើយក៏ឲ្យគេត្រាំក្នុងទឹកអង្កដំណើបមិនយូរទេ របួសទាំងប៉ុន្មានក៏ជាទៅវិញ នេះជាវិធីតែមួយគត់ដែលបន្សាបអាគមរបស់អាហានបាន» គ្រាន់តែនិយាយចប់ភ្លាម អ៊ុំផាត់ក៏ត្រឡប់មកវិញល្មមរួចក៏ហុចកាំបិតឲ្យទៅអ៊ុំស៊ីង
អ៊ុំស៊ីង«យកផ្តិលមួយមក» ងាករកផ្តិលមកបន្ទាន់មិនឃើញសែបក៏ហុចចានដែកឲ្យទៅអ៊ុំស៊ីងភ្លាម តែអ៊ុំស៊ីងស្ទាបដឹងគាត់ក៏មិនយក
អ៊ុំស៊ីង«យើងឲ្យយកផ្តិលមិនមែនចានដែកទេ» អ៊ុំផាត់ក៏រត់ទៅយកម្ដងទៀតមកឲ្យអ៊ុំស៊ីង
អ៊ុំស៊ីងក៌ចាប់ផ្ដើមធ្វើតាមវិធីរបស់គាត់ គាត់ក៏ចាប់ផ្ដើមយកដៃរបស់មេកងមកឆូតបន្តិចយកឈាមដាក់ចូលក្នុងទឹក ហើយក៏ងាកមករកអាទិត្យវិញ ស្រីក្វាន់ដែលកាន់ដៃអាទិត្យជាប់ក៏ហុចដៃអាទិត្យឲ្យអ៊ុំស៊ីង គាត់ក៏ឆូតយកឈាមអាទិត្យដាក់ចូលក្នុងនោះដូចគ្នា រួចហើយគាត់ក៏យកវាមកកូរចូលគ្នាបណ្ដើរសូត្របាលីបណ្ដើរ បានមួយសន្ទុះក្រោយមកគាត់ក៏ហុចវាឲ្យទៅស្រីក្វាន់ តែស្រីក្វាន់មិនហ៊ានទទួលយកមកនោះទេ នាងក៏ធ្វើមុខឆ្ងល់មិនដឹងអ្វី ភ្លាមៗក៏ហុចមកឲ្យនាងទៅវិញ អ៊ុំស៊ីងដឹងថាស្រីក្វាន់មិនហ៊ានទទួលយកនោះគាត់ក៏និយាយ
អ៊ុំស៊ីង«អាទិត្យវាប្រហែលជាចង់ឲ្យមនុស្សដែលវាស្រលាញ់បំផុត ជាអ្នកបញ្ចុកវា ឆាប់យកទៅ» ស្រីក្វាន់ក៏ងាកមើលមុខម្ដាយខ្លួនបន្តិច គាត់ក៏ញញឹមដាក់វិញ ទើបស្រីក្វាន់ហ៊ានទទួលយកមក
មុននឹងបញ្ចុកអាទិត្យស្រីក្វាន់ក៏លើកខ្លួនអាទិត្យថ្នមៗឡើងមកផ្អែកនឹងខ្លួនរួចក៏បញ្ចុកអាទិត្យឲ្យផឹកទឹកនោះ ទោះបីជាសន្លប់មិនដឹងអ្វីតែសរសៃឈាមនៅដើរ បែបនេះហើយពេលដែលមានទឹកចូលបំពងក សរសៃឈាមវានឹងបញ្ជាឲ្យលេបទឹកនោះ ស្រីក្វាន់ក៏បញ្ចុកបន្តិចម្ដងៗរហូតដល់អស់ រួចក៏ទម្លាក់អាទិត្យឲ្យដេកវិញថ្នមៗ
អ៊ុំស៊ីង«រួចហើយក៏ទៅយកអង្ករដំណើបទៅចាក់ត្រាំទឹក ទុកឲ្យអាទិត្យវាត្រាំខ្លួនទៅ វានឹងឆាប់ជារបួសមកវិញ»
អ៊ុំផាត់«អ៊ុំស៊ីង ចុះរឿងអាហាននោះ?»
អ៊ុំស៊ីង«យើងក៏ធ្វើអ្វីមិនទាន់កើត នៅស្ងៀមបន្តិចសិនទៅ ចាំដល់ពេលពួកគេពីរនាក់លែងអីហើយ ចាំរកវិធីតទៀត តែយើងមិនចង់ឲ្យគេទាំងពីរយកជីវិតទៅប្ដូរបែបនេះទេ ម្នាក់ក៏របួសម្នាក់ក៏ប៊ិះតែនឹងស្លាប់ហើយ ហ៊ើយ…» និយាយរួចអ៊ុំស៊ីងក៏ដកដង្ហើមធំបន្តិច ព្រោះតែបារម្ភពីសភាពអាទិត្យនាពេលនេះខ្លាំងពេក
មួយសន្ទុះធំក្រោយមកយើងក៏ឃើញថា មេកងនិងអាទិត្យត្រូវគេនាំមកចូលឲ្យសម្រាកនៅខាងក្នុងផ្ទះរបស់អ៊ុំផាត់ទាំងពីរនាក់ នៅក្បែរខ្លួនអាទិត្យមានស្រីក្វាន់នៅអង្គុយក្បែរចាំមើលថែរហូត ស្រីក្វាន់មិនព្រមទៅញ៉ាំបាយឬទៅណាឆ្ងាយពីអាទិត្យនោះទេ
ចាន់«ញ៉ាំបាយសិនទៅ គាត់លែងអីហើយ» ចាន់ចូលមកយកចានបាយសម្លរទុកក្បែរខ្លួនស្រីក្វាន់ មុននឹងដាក់ខ្លួនអង្គុយក្បែរគ្នា
ស្រីក្វាន់«អរគុណចាន់ច្រើនហើយ តែខ្ញុំមិនឃ្លានទេ» ស្រីក្វាន់តបវិញទាំងញញឹមតិចៗដាក់ចាន់
ចាន់«បើបងមិនហូបបាយទេ មានកម្លាំងណានឹងនៅមើលថែបងអាទិត្យនោះ គាត់ដឹងខ្លួនមកវិញបើសិនជាគាត់ដឹងថាបងមិនហូបបាយទេនោះ គាត់នឹងមករករឿងខ្ញុំមិនខានទេ» ស្រីក្វាន់លឺហើយមិនតបអ្វីទេបានត្រឹមតែញញឹមឡើងមកនៅចំពោះមុខចាន់ ចាន់ក៏លែងនិយាយអ្វីបានត្រឹមតែដកដង្ហើមធំបន្តិចឡើងមក
ចាន់«ពួកគាត់សន្លប់តាំងតែពីយប់មកម្លេះដល់ពេលនេះនៅមិនទាន់ដឹងខ្លួនទៀត បងអាទិត្យវិញឈាមក៏ហូរអស់ច្រើនទៀត ហេតុអីក៏ហ៊ាហានវាសាហាវដ៏ថ្នាក់ហ្នឹង» ចាន់លូកចាប់កាន់ដៃបងខ្លួននិយាយទាំងទឹកមុខក្រៀមក្រំ
ស្រីក្វាន់«សូម្បីតែកូនខ្លួនជាប់សាច់ឈាមគ្នាដូចជាខ្ញុំ វានៅដាច់ចិត្តធ្វើបាបរាល់ថ្ងៃស្ទើរស្លាប់ស្ទើររស់ ទុកដូចឆ្កែដូចឆ្មា ក្រៅពីខ្លួនឯងវាមិនយល់ពីអ្នកណាទាំងអស់ វាយល់តែពីប្រយោជន៍របស់ខ្លួនឯង» ស្រីក្វាន់និយាយទាំងញញឹមតែទឹកភ្នែកបែរជាហូរចុះមកប្រដេញគ្នា ចាន់ឃើញបែបនេះក៏លូកដៃទៅអង្អែលលួងលោមស្រីក្វាន់តិចៗ
ចាន់«វាមិនមែនជាឪពុករបស់បងទេ សូម្បីតែសត្វក៏វាមិនដូចដែរ សត្វវានៅស្រលាញ់ប្រពន្ធកូន តែប្រហែលវាជាសត្វនរកហើយមើលទៅ បងនៅមានបងអាទិត្យនិងអ្នកនៅទីនេះចាំមើលថែបង កុំពិបាកចិត្តពេកអី» និយាយហើយចាន់ក៏ទាញស្រីក្វាន់មកអោប ព្រោះឃើញស្នាមញញឹមស្រីក្វាន់ញញឹមពោរពេញដោយទឹកភ្នែកមកអោបដោយក្ដីស្រលាញ់អាណិតចេញពីចិត្ត
«ហ្អឹម…» ស្រាប់តែបន្តិចក្រោយមកលឺសម្លេងក្រហឹមរបស់អ្នកណាមិនដឹងលឺឡើងមក ទើបធ្វើឲ្យទាំងពីរនាក់លែងគ្នាចេញពីការអោប ងាកមកមើលពីរនាក់ដែលកំពុងសន្លប់នេះវិញ
មេកងចក្រៃយ៍«ហ្អឹម…» តាមពិតមេកងគឺជាអ្នកគ្រហឹមចេញមក ហើយកម្រើកខ្លួនតិចៗ តែនៅមិនទាន់បើកភ្នែកនោះទេ
ចាន់«មេកង! មេកងដឹងខ្លួនហើយ» ចាន់ក៏ប្រញាប់មកក្បែរមេកងក្រែងលោមេកងបើកភ្នែកក្រោកមកត្រូវការជំនួយ
ស្រីក្វាន់«មេកង! មេកងដឹងខ្លួនហើយ ចាន់ ចាន់ទៅប្រាប់អ៊ុំផាត់និងសែបមកណា» ចាន់លឺហើយក៏ស្ទុះក្រោកចេញទៅភ្លាមៗ
មេកងចក្រៃយ៍«ហ្អឹម…»ស្រីក្វាន់ក៏ជាអ្នកមកក្បែរជួយសម្រួលមេកងឲ្យក្រោកមកអង្គុយ ព្រោះមេកងបើកភ្នែកឡើងមកវិញហើយ
ស្រីក្វាន់«តិចៗណាមេកងប្រយ័ត្នផង» ស្រីក្វាន់ក៏ជួយលើកមេកងឲ្យអង្គុយផ្អែកខ្នងនឹងជញ្ជាំង មេកងក៏សម្រួលខ្លួនអង្គុយតាមស្រីក្វាន់ប្រាប់
ស្រីក្វាន់«មេកងនេះទឹក» ស្រីក្វានយក៏ងាកយកទឹកដែលយកមកទុកក្បែរខ្លួនមកឲ្យមេកង
មេកងចក្រៃយ៍«អឹម!» មេកងក៏ទទួលយកទឹកពីដៃស្រីក្វាន់មកតែដៃនៅទន់ចាប់កាន់មិនទាន់ជាប់ទើបធ្វើឲ្យប៊ិះធ្លាក់កែវតែត្រូវស្រីក្វាន់ចាប់ជាប់
ស្រីក្វាន់«មិនអីទេមេកង ចាំខ្ញុំបញ្ចុក» ស្រីក្វាន់ក៏ជាអ្នកបញ្ចុកទឹកឲ្យទៅមេកង
ក្រាក "សម្លេងបើកទ្វារ" មួយសន្ទុះក្រោយមកក៏មានសម្លេងបើកទ្វារចូលមកគឺជាចាន់ អ៊ុំផាត់និងសែប
សែប«មេកង! មេកងរបស់ខ្ញុំ» សែបក្រោយបើកទ្វារមកឃើញមេកងក្រោកមកអង្គុយក៏អរស្ទើរតែហោះ ស្ទុះទៅក្បែរមេកងភ្លាម
មេកងចក្រៃយ៍«សែប…តិចៗ ខ្ញុំមិនអីទេ» ដោយសារតែសែបមកអោបខ្លួនជាប់មេកងរកដកដង្ហើមមិនចេញក៏ដាច់ចិត្តនិយាយតិចៗ ឲ្យសែបប្រលែងខ្លួនចេញ
សែប«ខ្ញុំបារម្ភគិតថាមេកងនឹងមិនបានជួបមុខខ្ញុំទៀតទេ» មេកងក៏សើចតិចៗឡើងមក
មេកងចក្រៃយ៍«សែបគិតបែបនឹងចេញមកបានយ៉ាងម៉េច? ខ្ញុំមានអីឯណា តែថាអ្នកដែលអីគឺជាអាទិត្យទៅវិញទេ» និយាយដល់ពាក្យនេះមេកងក៏ងាកសម្លឹងមើលទៅប្អូនដោយកែវភ្នែកអាណិតស្រលាញ់ប្អូនស្ទើរតែស្រក់ទឹកភ្នែកមកទៀតហើយ មេកងក៏ខិតទៅជិតប្អូនយកដៃអង្អែលក្បាលប្អូនថ្នមៗដោយក្ដីស្រលាញ់
មេកងចក្រៃយ៍«ឆាប់ក្រោកមកវិញណា ជាកំហុសបងដែលបងការពារឯងមិនបានល្អ បងសុំទោស» មេកងនិយាយទៅកាន់ប្អូនទាំងឆួលច្រមុះអួលដើមកចាញ់កលរកយំឡើងមក តែក៏ទប់ជាប់មកវិញ
ស្រីក្វាន់«មិនអីទេមេកង បន្តិចទៀតបងអាទិត្យគាត់ដឹងខ្លួនមកវិញហើយ» ស្រីក្វាន់ក៏លូកដៃទៅអង្អែលខ្នងលួងលោងមេកងតិច
ចាន់«មេកង ហូបថ្នាំសិនទៅ» ចាន់ក៏លើកថ្នាំមកឲ្យមេកង មេកងក៏ងាកមករកចាន់ មុននឹងទទួលយកមក តែភ្នែកនៅតែងាកសម្លឹងមើលអាទិត្យមិនឈប់
មួយសន្ទុះក្រោយពេលដែលអង្គុយនិយាយគ្នាពីនេះពីនោះមិនឈប់ អាទិត្យនៅតែមិនទាន់ដឹងខ្លួនមកវិញដដែរ ធ្វើឲ្យគ្រប់គ្នាកាន់តែបារម្ភថែមមួយកម្រិតទៀត ពិសេសនោះគឺមេកង ភ្នែកនៅតែងាកសម្លឹងមើលប្អូនមិនដាក់ភ្នែកសោះហើយ
YOU ARE READING
ស្នេហ៍ចិត្តពីរ
Storie d'amoreខាងយើងខ្ញុំធ្វើការផុសរឿងនៅថ្ងៃ ព្រហ សុក្រ សៅរ៍ អាទិត្យ វេលាម៉ោង10យប់ ប្រលោមលោកបែបស្នេហា ស្រីនិងស្រី នេះជាប្រលោមលោកបែបមនោសញ្ចេតនា មានទាំងអាគមគាថា លាយលំនឹងស្នេហាដែលមិនអាចបែកចែកបាន ប្រលោមលោកមួយនេះជាការសរសេរលើកដំបូង បើសិនជាមានកន្លែងណាដែលមិនសមរម្យ ខុសទ...