មនុស្សម្នាក់ដែលកំពុងតែឈរសម្លឹងមើលគេទាំងពីរនាក់អោបគ្នា ទាំងក្នុងចិត្តឈឺចាប់បំផុតមិនអាចទទួលយកបានសូម្បីតែបន្តិច ម្នាក់នេះគឺជាអាទិត្យ ដែលបានបំបាំងកាយចូលមកក្នុងផ្ទះមេកងដើម្បីមកជួបស្រីក្វាន់ ប្រាប់ពីដំណឹងរបស់ថៅកែគៀង ណាមួយក៏ព្រោះក្នុងចិត្តចង់ជួបជាមួយមនុស្សដែលខ្លួនស្រលាញ់ផងនោះក៏សម្រេចចិត្តចូលមកគិតថាប្រហែលជាបានអោបមនុស្សខ្លួនស្រលាញ់ហើយ
តែវាបែរជាផ្ទុយស្រឡះ មនុស្សដែលខ្លួនស្រលាញ់ពេលនេះកំពុងតែអោបគ្នាជាមួយអ្នកផ្សេងទៅវិញដែលមិនមែនជាខ្លួន នេះគឺធ្វើឲ្យអាទិត្យខកចិត្តគឺខកចិត្តខ្លាំងណាស់
ដោយទ្រាំឈរមើលគេទាំងពីរនាក់អោបគ្នាទាំងមានក្ដីសុខមិនបាន ខ្លួនក៏សម្រេចចិត្តទៅវិញទាំងឈឺចាប់បំផុតនៅក្នុងចិត្ត ទោះបីជាដឹងថាខ្លួនត្រូវយកដំណឹងមកប្រាប់ស្រីក្វាន់ ក៏អាទិត្យដាច់ចិត្តថានឹងមិនប្រាប់វិញផងដែរ
ក្រោយពេលអាទិត្យទៅបាត់ មេកងនិងស្រីក្វាន់ក៏លែងគ្នាចេញពីការអោបមួយនេះ មេកងក៏ឈរសម្លឹងមើលមុខស្រីក្វាន់ទាំងស្នាមញញឹម ព្រមទាំងយកដៃទៅវែកសក់ឲ្យស្រីក្វាន់ទៀតផង
មេកងចក្រៃយ៍«ឆាប់ចូលទៅគេងទៅ ថ្ងៃស្អែកនឹងជាថ្ងៃល្អ ស្រីក្វាន់មិនបាច់គិតច្រើនពេកទេ» ស្រីក្វាន់ក៏ញញឹមហើយងក់ក្បាលដាក់មេកងទាំងមុខក្រហមមុននឹងដើរចូលទៅខាងក្នុងបន្ទប់
ស្រីក្វាន់«រាត្រីសួស្ដីលោកមេកង»
មេកងចក្រៃយ៍«បាទ រាត្រីសួស្ដី សុបិន្ដល្អណា៎» ស្ដាប់រួចហើយស្រីក្វាន់ក៏ទាញទ្វារបិទបាត់ទៅ ទុកឲ្យមេកងនៅឈរញញឹមតែម្នាក់ឯងនៅនឹងមុខបន្ទប់របស់គេ
ក្រឡេកមកមើលអាទិត្យវិញ ពេលនេះកំពុងតែដើរសម្ដៅទៅបន្ទប់គេងរបស់ខ្លួននៅឯក្នុងសណ្ឋាគារ ទាំងទឹកមុខដូចជាកំពុងខកចិត្តខ្លាំងណាស់ជាមួយរឿងមុននេះ មកដល់បន្ទប់អាទិត្យក៏ឈរទុចងាកសម្លឹងមើលទៅបន្ទប់របស់ថៅកែគៀងនៅក្បែរនេះបន្តិចមុននឹងបើកទ្វារចូលទៅខាងក្នុង
ចាន់ដែលនៅខាងក្នុងនោះកំពុងតែអង្គុយចាំអាទិត្យត្រឡប់មកវិញមិនព្រមគេងទេ ឃើញប្អូនមិនគេងបែរជាមកអង្គុយចាំខ្លួនទៅវិញ អាទិត្យក៏ដើរទៅទម្លាក់ខ្លួនអង្គុយជិតប្អូន
ចាន់«យ៉ាងម៉េចហើយបង? ប្រាប់ដំណឹងរួចហើយមែនទេ? ចុះមានអ្នកណាតាមទាន់ឬអត់?»
អាទិត្យ«អត់ទេ! ដំណើរការល្អណាស់» អាទិត្យនិយាយដូចជាគ្មានកម្លាំងក្នុងខ្លួនតតែសោះ ចាន់ឃើញបែបនេះក៏តាមសម្លឹងមើលមុខបងរបស់ខ្លួន
ចាន់«បងកើតអីមែនទេ? មើលទៅដូចជាពិបាកចិត្តម្លេះ មុននឹងចេញទៅឃើញសប្បាយអរធម្មតា មិនកើតអីឯណា ឬមួយបងមិនស្រួលខ្លួន?» និយាយរួចចានក៏លើកដៃយកទៅស្ទាបមុខ ស្ទាបថ្ងាស ស្ទាបខ្លួនអាទិត្យលមើល ក្រែងថាអាទិត្យមិនស្រួលខ្លួន តែអាទិត្យក៏ចាប់ដៃចាន់ជាប់
អាទិត្យ«មិនអីទេ បងគ្រាន់តែអស់កម្លាំងបន្តិច ចាន់មិនបាច់បារម្ភទេ ឆាប់ចូលគេងទៅយប់ណាស់ហើយ ស្អែកយើងត្រូវក្រោកពីព្រឹកទៅវិញផង ខ្លាចចាន់មិនស្រួលខ្លួន»
ចាន់«រាល់ដងនៅឯជម្រកចោរ ខ្ញុំចាំបងបែបនេះមករហូតហើយ វាគ្មានអីទេ ខ្ញុំមិនងងុយផង»
អាទិត្យ«ចឹងហ្អេស? តែលើកនេះបងមកវិញហើយ ចឹងចាន់ឆាប់រៀបចំចូលគេងទៅ បងទៅងូតទឹកចេញសិន នឹងបានឆាប់មកសម្រាកវិញដូចគ្នា» អាទិត្យនិយាយរួចក៏លើកដៃអង្អែលក្បាសចាន់ថ្នមៗ មុននឹងញញឹមដាក់ចាន់ ហើយក្រោកដើរចូលទៅបន្ទប់ទឹកបាត់ទៅ ទុកឲ្យចាន់អង្គុយគិតរអ៊ូតិចៗតែម្នាក់ឯង
ចាន់«ប្រហែលជាត្រូវ ស្រីម្នាក់នោះបោកប្រាស់ចិត្តហើយមើលទៅ បានខូចចិត្តដ៏ថ្នាក់នឹង»
ក្រឡេកមកមើលអាទិត្យវិញពេលនេះកំពុងតែឈរក្រោមដំណក់ទឹកដែលធ្លាក់ចុះមកលើខ្លួន ក្នុងចិត្តដែលកំពុងអន់ចិត្ត ហើយក៏ខកចិត្តនោះក៏បានដុតខួរក្បាលអាទិត្យឲ្យបិទភ្នែកឈរនឹកស្រមៃដល់រឿងដែលបានកើតឡើង
គិតដល់ពេលដែលស្រីក្វាន់មករកខ្លួននិយាយលួងលោមឲ្យខ្លួនជួយ ហើយក៏ត្រឡប់ទៅគិតរឿងដែលស្រីក្វាន់អោបគ្នាជាមួយមេកងវិញ ទាំងនេះប្រហែលជាធ្វើឲ្យអាទិត្យគិតយល់ច្រឡំទៅលើស្រីក្វាន់ហើយមើលទៅ ក្រោយពេលអាទិត្យបើកភ្នែកមកវិញ បញ្ជាក់ឲ្យដឹងថាពេលនេះអាទិត្យកំពុងតែខឹង ភ្នែកដែលមានពណ៌ខ្មៅក៏ប្រែទៅជាក្រហមច្រាលភ្លាមៗ
ខួរក្បាលអាទិត្យពេលនេះពោរពេញដោយការគិតថាស្រីក្វាន់បោកប្រាស់ក្ដីស្រលាញ់ខ្លួនឲ្យទៅជួយមេកងដើម្បីជាប្រយោជន៍តែពីរនាក់ អ្វីដែលអាទិត្យបានយល់ច្រឡំធំនោះគឺ
អាទិត្យ«ស្រីក្វាន់ស្រលាញ់អាមេកងចឹងហ្អេស?» សម្ដីមួយឃ្លានេះអាទិត្យនិយាយឡើងទាំងភ្នែកក្រហមច្រាល ខឹងសម្បារខ្លាំងណាស់ គិតថាខ្លួនចាញ់កលល្បិចរបស់ស្រីក្វាន់ឲ្យទៅជួយមនុស្សដែលគេបានស្រលាញ់គឺមេកងទៅវិញ
ពេលយប់ស្ងាត់ជ្រងំក៏ឈានចូលមកដល់ មនុស្សគ្រប់គ្នាសុទ្ធតែគេងលក់នៅក្នុងសុបិន្ដអស់បាត់ទៅហើយ នៅឡើយតែចាន់ម្នាក់ប៉ុណ្ណោះ មិនព្រមបិទភ្នែកគេង ខ្លួនដែលកំពុងតែគេងបែរខ្នងទល់ជាមួយអាទិត្យក៏បែរខ្លួនងាកមករកអាទិត្យវិញ សម្លឹងមើលអាទិត្យដូចជាកំពុងតែគិតពីអ្វីម្យ៉ាងហើយក៏ចង់និយាយវាចេញមក
ចាន់«ហ៊ើយ...នេះបងស្រលាញ់ខ្ញុំឬអត់? ឬបងគ្រាន់តែចាត់ទុកខ្ញុំជាប្អូនម្នាក់ទេ? បងធ្វើ ឲ្យខ្ញុំស្ទើរតែឆ្កួតម្ដងៗហើយ បងដឹងទេខ្ញុំស្រលាញ់បង» និយាយចប់ទឹកភ្នែកដែលដក់ជាប់នៅក្នុងភ្នែករបស់ចាន់ក៏ស្រក់ចុះមក ក្នុងចិត្តខ្លួនឯងបានដឹងច្បាស់ពីចម្លើយរួចហើយ តែនៅតែបន្តក្ដីស្រលាញ់ព្រោះមិនអាចហាមចិត្តបានទេ ចាន់លើកដៃជូតទឹកភ្នែកចេញរួចក៏បែរខ្លួនទៅបិទភ្នែកសង្ងំគេងវិញ
ទោះបីជាបិទភ្នែកគេងយ៉ាងណាក៏ចិត្តវានៅតែឈឺចាប់ដដែល
ព្រឹកព្រលឹមថ្ងៃថ្មីក៏ចូលមកដល់ពេលនេះ ចាន់ក៏កំពុងតែអង្គុយរៀបចំក្រណាត់របស់ខ្លួនដាក់លក់នៅឯតូបរបស់ខ្លួនតាមទម្លាប់ធម្មតា តែទឹកមុខមិនធម្មតានោះទេ គឺញញឹមមិនចំជាញញឹម ធ្វើជាសប្បាយចិត្តនៅតែខាងក្រៅតាមការពិតចិត្តនៅខាងក្នុងកំពុងតែឈឺផ្ទួនៗ
មីង«ចាន់! ថ្ងៃនេះមើលទៅស្រងូតស្រងាត់ម្លេះ មើលទៅមិនសប្បាយចិត្តដូចរាល់ដងសោះ បែបនេះលែងស្អាតហើយ» ចាន់ស្ដាប់ហើយក៏ធ្វើជាញញឹមដាក់អ្នកមីងម្នាក់នេះវិញទោះបីជាញញឹមមិនសមយ៉ាងក៏ដោយ
ចាន់«មានឯណាមីង ខ្ញុំគ្រាន់តែមិនសូវស្រួលខ្លួនបន្តិចបន្តួច តែប៉ុន្នឹងឯង»
មីង«អឺ! បើឈឺហើយក៏សម្រាកទៅ មិនបាច់ខំពេកទេ ប្រយ័ត្នវាឈឺកាន់តែធ្ងន់ទៅណាក្មួយចាន់»
ចាន់«មិនអីទេមីង បន្តិចបន្តួចទេ តែបន្តិចទៀតនឹងវាក៏លែងអីទៅវិញហើយ ណាមួយខ្ញុំក៏មិនបានកើតអ្វីធ្ងន់ដែរមីង» និយាយរួចចាន់ក៏ងាកមករៀបចំក្រណាត់របស់ខ្លួនដាក់វាតាមធម្មតាវិញ តែក៏ក្រឡេកឃើញជើងនរណាម្នាក់ឈរនៅពីមុខខ្លួន ពេលងើបមុខមើលក៏ឃើញថាជាអាទិត្យ
ចាន់«បងអាទិត្យ!»
អាទិត្យ«នេះ! ព្រឹកមិញនាំចាន់ក្រោកពីយប់ពេក ចឹងហើយបងក៏ទិញបបរមកឲ្យ» និយាយរួចអាទិត្យក៏ហុចចានបបរទៅឲ្យចាន់ ចាន់សម្លឹងមើលមុខអាទិត្យបន្តិចមុននឹងលូកដៃទទួលយកបបរមកទុកនៅក្បែរខ្លួន មុននឹងងាកទៅញញឹមដាក់អាទិត្យវិញ
ចាន់«អរគុណច្រើនណាបង» អាទិត្យក៏ញញឹមងក់ក្បាលដាក់ចាន់វិញ
អាទិត្យ«នេះចាន់កើតអីមុខស្លេកស្លាំងម្លេះ មិនស្រួលខ្លួនមែនទេ?» និយាយហើយអាទិត្យក៏ដើរចូលមកជិតចាន់ព្រមទាំងចាប់មុខចាន់មកស្ទាបថ្ងាសចាន់លមើល តែចាន់ក៏ដកដៃអាទិត្យចេញវិញ
ចាន់«ខ្ញុំមិនអីទេបង បន្តិចទៀតលែងអីហើយ»
អាទិត្យ«មិនកើតទេ ចេះចុះ ចាំបងដឹកបន្លែរួចបងនឹងប្រញាប់ជូនចាន់ទៅផ្ទះនឹងបានសម្រាក» ចាន់ញញឹមហើយក៏ដក់ក្បាលតិចៗ
អាទិត្យ«ចឹងបងទៅសិនហើយ នឹងបានឆាប់មកវិញជូនចាន់ទៅផ្ទះ» និយាយហើយអាទិត្យក៏យកដៃអង្អែលក្បាលចាន់តិចៗមុននឹងចេញទៅ
ក្រោយពេលដែលអាទិត្យចេញទៅបាត់ ចាន់ក៏ងាកខ្លួនលើកយកបបរមកមុននឹងដាក់ខ្លួនអង្គុយចុះ
មីង«នេះជាបងឯងមែនទេចាន់?»
ចាន់«ចា៎មីង» ចាន់ងាកទៅឆ្លើយទាំងញញឹម
មីង«មើលទៅមិនសមជាមនុស្សស្រីសោះ សង្ហារដូចជាមនុស្សប្រុសតែម្ដងហើយនេះ»ចាន់លឺហើយមិនបានឆ្លើយតបអ្វីនោះទេ តែក៏ងាកទៅសើចញញឹមដាក់គាត់មុននឹងងាកមកវិញគិតក្នុងចិត្តតែម្នាក់ឯង "បែបនឹងហើយទើបខ្ញុំដែលជាប្អូនស្រីគាត់តែក៏លង់ស្រលាញ់គាត់ លើសពីពាក្យថាបងប្អូន" ចាន់គិតហើយក៏ញញឹមតែម្នាក់ឯងមុននឹងដួសបបរក្នុងចាន់មកញ៉ាំ
ក្រឡេកមកមើលពីអាទិត្យវិញ ពេលនេះកំពុងតែជិះកង់ដឹកបន្លែទៅតាមកន្លែងទម្លាក់ឲ្យម៉ូយរបស់ខ្លួន លុះដល់ថ្ងៃត្រង់បន្តិចកន្លែងនេះក៏ជាកន្លែងចុងក្រោយហើយដែរ អាទិត្យក៏ឈប់កង់នៅនឹងមុខតូបលក់របស់ថៅកែនោះមុននឹងលើកបន្លែចូលទៅឲ្យថៅកែ
ថៅកែ«អាទិត្យហ្អា ថ្ងៃណាបានឯងឈប់ដឹកបន្លែ?» គាត់សួរអាទិត្យបណ្ដើរក៏ហុចប្រាក់ឲ្យទៅអាទិត្យបណ្ដើរ អាទិត្យទទួលយកប្រាក់ទាំងញញឹមក៏មិនទាន់ឆ្លើយអ្វីទៅវិញដែរ
ថៅកែ«មកដឹកបន្លែបែបនេះវាមិនសមជាការងារដូចជាមនុស្សស្រីស្អាតដូចជាឯងចឹងសោះហើយ» អាទិត្យក៏សើចឡើងជាមួយនឹងសម្ដីរបស់ថៅកែនិយាយមកនេះ មុននឹងតបទៅវិញ
អាទិត្យ«ចាំខ្ញុំក្លាយជាអ្នកមានសិនថៅកែ» និយាយហើយអាទិត្យក៏សើចដាក់ថៅកែមុននឹងងាកខ្លួនដើរចេញមកវិញ តែក៏ត្រូវទុចដំណើរឈប់មួយកន្លែងបន្តិច ក្រោយពេលបានសម្លឹងមើលឃើញមនុស្សស្រីម្នាក់ កំពុងតែឈរនៅក្បែរកង់របស់ខ្លួន ម្នាក់នោះគឺជាស្រីក្វាន់នឹងឯង
ស្រីក្វាន់ខំប្រឹងតែងខ្លួនលាក់មុខមិនឲ្យគេមើលឃើញឬក៏ស្គាល់មុខខ្លួននោះទេ ដើម្បីស្កាត់មកជួបអាទិត្យក្នុងដៃក៏ដូចជាកំពុងក្ដាប់កាន់របស់អ្វីម្យ៉ាង
អាទិត្យ«ស្រីក្វាន់!» បន្តិចក្រោយមកអាទិត្យក៏ដាច់ចិត្តដើរចូលទៅរកស្រីក្វាន់ទាំងទឹកមុខដែលសើចមុននេះប្រែមកជាស្មើរធេង
ស្រីក្វាន់«បងអាទិត្យ មានបានដំណឹងអ្វីខ្លះទេ?» គ្រាន់តែអាទិត្យមកដល់ភ្លាមស្រីក្វាន់ក៏សួរភ្លាមទាំងទឹកមុខញញឹម ឯអាទិត្យវិញលឺហើយក្នុងចិត្តស្ទើរតែផ្ទុះកំហឹងចេញមកហើយតែក៏ព្យាយាមធ្វើដូចជាធម្មតា
អាទិត្យ«នៅទេ! គ្មានតម្រុយពីវាសូម្បីតែបន្តិច» ឃើញអាទិត្យតបមកវិញបែបម៉ាត់ៗមុខក៏មិនមើលខ្លួន ស្រីក្វាន់ក៏មិនបានតបអ្វីតែក៏តាមសម្លឹងមើលទឹកមុខរបស់អាទិត្យវិញ
ស្រីក្វាន់«បងកើតអីមែនទេ?»
អាទិត្យ«មិនបានកើតអីទេ»
ស្រីក្វាន់«កុហក! រាល់ដងបងមិនមែនបែបនេះជាមួយខ្ញុំទេ»
អាទិត្យ«បងក៏ធម្មតាទេ»
ស្រីក្វាន់«ធម្មតាចឹងមែនទេ? ហេតុអីក៏មុខខ្ញុំបងមិនសូម្បីតែសម្លឹងមើល ចាំបាច់គេចភ្នែកខ្ញុំធ្វើអីទាំងដែលខ្ញុំនៅឈរពីមុខបង» លឺស្រីក្វាន់និយាយបែបនេះទើបអាទិត្យដាច់ចិត្តសម្លឹងមើលមុខស្រីក្វាន់ចំៗតែម្ដង តែនៅតែរក្សាទឹកមុខស្មើរមិនញញឹមដដែរ ទោះបីជាស្រីក្វាន់ខំសម្លឹងមើលយ៉ាងណាក៏ដោយ
អាទិត្យ«បងមិនបានកើតអីទេ បងផ្ដាំប្រាប់មេកងផងនៅមិនទាន់បានតម្រុយទេ ឲ្យមេកងរងចាំបន្តិចសិនទៅបើបានដឹងដំណឹងពេលណាបងនឹងមកប្រាប់តាមក្រោយ» ស្រីក្វាន់មិនបានចាប់អារម្មណ៍ជាមួយនឹងសម្ដីរបស់អាទិត្យបាននិយាយមុននេះទេ តែស្រីក្វាន់បែរជាខំតាមសម្លឹងមើលចាក់ចូលទៅក្នុងភ្នែករបស់អាទិត្យទៅវិញ តែថាមើលយ៉ាងណាក៏មិនយល់ពីចិត្តអាទិត្យពេលនេះដែរ
ស្រីក្វាន់«ចា៎! ចឹងខ្ញុំលាបងទៅវិញសិនហើយ» អាទិត្យក៏មិនបានឆ្លើយតបអ្វី ស្រីក្វាន់ក៏មិនទាន់់ចេញទៅភ្លាមៗតែដោយសារឃើញថាអាទិត្យមិននិយាយអ្វីសោះ ស្រីក្វាន់ក៏ដាច់ចិត្តដើរចេញទៅទាំងខកចិត្តក្នុងដៃក៏កាន់តែក្ដាប់របស់នោះយ៉ាងណែនជាប់ក្នុងដៃ
អាទិត្យ«ហ៊ើយ...» អាទិត្យបានត្រឹមតែឈរសម្លឹងមើលស្រីក្វាន់ពីក្រោយទាំងដកដង្ហើមធំរួចក៏ទាញកងជិះចេញទៅបាត់
បន្តិចក្រោយមក អាទិត្យក៏មកដល់មុខតូបរបស់ចាន់តែមិនបានឈប់នៅនឹងមុខតូបនោះទេ អាទិត្យបានចូលកង់ទៅម្ខាងទៀតវិញ ក៏ព្រោះតែមានភ្ញៀវកំពុងតែទិញក្រណាត់របស់ចាន់ អាទិត្យវាយជន្ទល់កង់អង្គុយចាំចាន់នៅមួយកន្លែង
ចាន់«អរគុណច្រើន កុំភ្លេចមកជួយទិញម្ដងទៀតផងណាចា» ចាន់និយាយជាមួយភ្ញៀវទាំងស្នាមញញឹមយ៉ាងស្រស់ អាទិត្យដែលនៅអង្គុយចាំឃើញប្អូនស្បាយចិត្តញញឹមបែបនេះ ខ្លួនក៏អង្គុយមើលទាំងស្នាមញញឹមដូចគ្នាជាស្នាមញញឹមចេញពីចិត្តទៀតផង
ចាន់«តោះបង!» រៀបចំក្រណាត់ទុកដាក់រួចរាល់ហើយ ចាន់ក៏ដើរទៅរកអាទិត្យដែលកំពុងអង្គុយញញឹមមើលមកកាន់ខ្លួន
អាទិត្យ«អូហូ មិននឹកស្មានថាចាន់ពូកែសម្ដីបែបនេះសោះ ពូកែលក់ដ៏ហើយ ទាំងស្អាតបែបនេះប្រហែលជាលក់ដាច់រាល់ថ្ងៃហើយ» អាទិត្យនិយាយហើយក៏សើច រួចយកដៃទៅក្ដិចច្រមុះរបស់ចាន់ធ្វើឲ្យចាន់រហ័សយកដៃខ្ទប់ច្រមុះធ្វើមុខស្អុយមុននឹងនិយាយ
ចាន់«យ៉ាងម៉េចនឹង បងមិនជូនខ្ញុំទៅផ្ទះទេហ្អេស?»
អាទិត្យ«ជូនទៅតាស៎ ម៉េចក៏ប្រញាប់ខឹងម្លេះ បងញោះលេងបន្តិចសោះ ម៉ោះៗឡើងមកបងជូនទៅផ្ទះ» អាទិត្យក៏លើកដៃទៅញីក្បាលចាន់ម្ដងទៀត ញោះប្អូនទាំងស្នាមញញឹម ទង្វើរនេះធ្វើឲ្យចាន់ញញឹមខ្ជឹបបិទមាត់មិនជិត
ទាំងពីរនាក់បងប្អូនក៏នាំគ្នាជិះកង់ចេញទៅមើលទៅដូចជាស្និតស្នាលស្រលាញ់គ្នាណាស់ ម្នាក់ៗសើចសប្បាយបិទមាត់មិនជិតសោះហើយ ដែលសកម្មភាពទាំងអស់នេះធ្វើឲ្យមនុស្សស្រីម្នាក់ដែលកំពុងឈរលបមើលពួកគេ ខូចចិត្តជាទម្ងន់ ម្នាក់នេះគ្មានអ្នកណាក្រៅពីស្រីក្វាន់នោះទេ ស្រីក្វាន់នៅឈរសម្លឹងមើលគេពីក្រោយទាំងទឹកមុខក្រៀមក្រំខូចចិត្តណាស់ហើយមើលទៅ
ការស្រមៃបកក្រោយ ការពិតស្រីក្វាន់មុននេះមិនបានដាច់ចិត្តទៅនោះទេ ក្រោយពេលដើរហួសបន្តិចខ្លួនក៏សម្រេចចិត្តងាកមករកអាទិត្យវិញ តែក៏ឃើញអាទិត្យឡើងកង់ជិះចេញទៅបាត់ហើយស្រីក្វាន់ក៏សម្រេចចិត្តរត់តាមពីក្រោយ រហូតបានមកឃើញអាទិត្យនៅកន្លែងរបស់ចាន់ ធ្វើឲ្យស្រីក្វាន់ក៏សម្រេចចិត្តនៅលួចឈរមើលគេពីចម្ងាយ
ក្រោយពេលឃើញសកម្មភាពអស់ទាំងនេះហើយ ស្រីក្វាន់ពិតជាខកចិត្តណាស់ ភ្នែកក៏ចាប់ផ្ដើមចាញ់កលរកយំតែក៏ទប់ជាប់បានមកវិញ ហើយក៏លើករបស់ក្នុងដៃមកមើល ដែលការពិតនៅក្នុងដៃរបស់ស្រីក្វាន់នោះគឺជាកូនកន្សែងតូចមួយ ដែលស្រីក្វាន់អង្គុយចាក់ដោយផ្ទាល់ដៃ មិនដឹងនៅធ្វើអីទៀតស្រីក្វាន់ក៏សម្រេចចិត្តចេញទៅទាំងក្នុងខ្លួនដូចជាមនុស្សគ្មានវិញ្ញាណយ៉ាងចឹង
ស្រីក្វាន់ដើរតាមផ្លូវទាំងមិនមានអារម្មណ៍ក្នុងខ្លួន ពេលនេះខួរក្បាលស្រីក្វាន់ក៏កំពុងតែគិតថាអាទិត្យគឺកំពុងតែស្រលាញ់ចាន់បាត់ទៅហើយពេលនោះ ស្រីក្វាន់ក៏ដើរមកដល់មុខច្រកផ្លូវចូលទៅកាន់ផ្ទះរបស់ខ្លួន ស្រីក្វាន់ក៏បម្រុងនឹងឈានជើងដើរសម្ដៅទៅហើយតែក៏ភ្លាមនោះស្រាប់់តែ
ទីតៗៗ ងឺត
ក៏ស្រាប់តែមានសម្លេងឡានជិះមកជិតខ្លួនហើយក៏ឈប់ភ្លាមៗនៅក្បែរខ្លួន ពេលស្រីក្វាន់ងាកមើលក៏ឃើញថាជាឡានរបស់មេកងនិងសែបសោះ
សែប«អ៊ាវ ស្រីក្វាន់មកទីនេះបានយ៉ាងម៉េច? ពុទ្ធោអើយស្មានថាអ្នកណា ដើរដូចគ្មានព្រលឹងក្នុងខ្លួនសោះចឹង សំណាងល្អហើយដែលខ្ញុំនេះ ចាប់ហ្វ្រាំងទាន់» មេកងមិនចាំយូរក៏ប្រញាប់ស្ទុះចុះទៅរកស្រីក្វាន់ភ្លាម
មេកងចក្រៃយ៍«ហើយចុះស្រីក្វាន់ម៉េចក៏ចេញមកខាងក្រៅទាំងបែបនេះ ថែមទាំងមកធ្វើអីនៅពីមុខច្រកផ្លូវផ្ទះហ៊ាហានទៀត បើវាចាប់បានគិតយ៉ាងម៉េច» និយាយហើយមេកងក៏ចាប់ទាញខ្លួនស្រីក្វាន់ឲ្យងាកមករកខ្លួន ឃើញថាស្រីក្វាន់ពេលនេះដូចជាមនុស្សគ្មានវិញ្ញាណអ្វីសោះ មិនចាប់អារម្មណ៍សូម្បីតែសម្ដីខ្លួននិយាយមុននេះ
សែប«មេកងស្រីក្វាន់កើតអី? ភ្លឹកៗបែបនេះ» សែបឃើញសកម្មភាពបែបនេះក៏ចុះមករកអ្នកទាំងពីរដូចគ្នា
មេកងចក្រៃយ៍«ខ្ញុំក៏មិនដឹងដូចគ្នា ស្រីក្វាន់!» មេកងក៏ស្រែកហៅស្រីក្វាន់ឲ្យមានស្មារតីមកវិញ ស្រីក្វាន់ក៏ភ្ញាក់ហើយងាកមកសម្លឹងមើលមុខសែបនិងមេកងបែបធម្មតា
ស្រីក្វាន់«មេកង»
មេកងចក្រៃយ៍«កុំទាន់និយាយឡើងឡានសិនទៅ» និយាយរួចមេកងក៏ដឹកដៃនាំស្រីក្វាន់ឲ្យឡើងឡានជាមុនសិន សែបក៏ជាអ្នកបើកឡានឡើងមកតាមក្រោយ ទាំងពីរនាក់សែបនិងមេកងនាំគ្នាសម្លឹងមើលទៅស្រីក្វាន់ទាំងមិនដាក់ភ្នែក ធ្វើឲ្យស្រីក្វាន់មានអារម្មណ៍ប្លែកមើលមុខមេកងនិងសែបវិញភ្លឹះៗ
ស្រីក្វាន់«មេកងនិងសែបមានបញ្ហាអីមែនទេ?»
មេកងចក្រៃយ៍«ហេតុអីក៏ចេញមកក្បែរផ្ទះអាហានបែបនេះ?»
ស្រីក្វាន់«ខ្ញុំគ្រាន់តែមកផ្សាររកទិញរបស់ ចែដន្យក៏ភ្លេចខ្លួនដើរមកវិញតាមផ្លូវនេះ ចុះមេកងនិងសែបមានការអីនៅទីនេះដែរ?»
មេកងចក្រៃយ៍«ខ្ញុំមកឃ្លងមើលសកម្មភាពរបស់អាហាននិងកូនចៅ ចែដន្យក៏ឃើញស្រីក្វាន់នៅទីនេះ»
ស្រីក្វាន់«ឲ្យខ្ញុំសូមនៅទីនេះបានដែរទេមេកង ខ្ញុំចង់នៅមើលសកម្មភាពរបស់ម៉ែថាម៉ែកំពុងតែធ្វើអ្វីខ្លះ មានត្រូវពួកវាធ្វើបាបដែរឬអត់? ណាមេកងឲ្យខ្ញុំនៅផង យ៉ាងណាខ្ញុំក៏នៅជាមួយមេកងស្រាប់ហើយ» លឺសម្ដីស្រទន់សុំអង្វរពីស្រីក្វាន់បែបនេះ មេកងនិងសែបក៏នាំគ្នាសម្លឹងមុខគ្នាចុះឡើងៗមិនទាន់ហ៊ានសម្រេចថានិយាយអ្វីនោះទេ តែមេកងក៏ងាកមកសម្លឹងមើលមុខស្រីក្វាន់វិញទាំងស្នាមញញឹមមុននឹងនិយាយ
មេកងចក្រៃយ៍«បាន តែមិនថាមានរឿងអីនោះទេស្រីក្វាន់មិនត្រូវទៅណាឆ្ងាយពីខ្ញុំឡើយ» ស្រីក្វាន់សប្បាយចិត្តពេក ក៏ញញឹមស្មេញទាំងពេញចិត្តដាក់មេកង ទាំងដែលក្នុងចិត្តកំពុងតែបែកបាក់ខូចខាតដោយសារតែអាទិត្យបានបំផ្លាញវាមុននេះ ស្រីក្វាន់សើចសប្បាយបានបន្តិចក៏នឹកឃើញរឿងមុននេះហើយក៏ប្ដូរទឹកមុខភ្លាមៗ មេកងមិនបានចាប់អារម្មណ៍ច្រើនក៏ងាកទៅសម្លឹងមើលមុខសែបវិញ
មេកងចក្រៃយ៍«សែបបើកឡានចូលទៅ» លឺបញ្ជាហើយសែបក៏សម្រេចចិត្តបើកឡានចូលទៅតាមច្រកនោះ ពេលចូលមកដល់ក៏ឈប់នៅឆ្ងាយល្មមពីផ្ទះរបស់ហ៊ាហានដើម្បីកុំឲ្យមានគេចាប់បានពិសេសនោះគឺស្រីក្វាន់ ទាំងបីនាក់ក៏នាំគ្នាខំសង្កេតមើលសកម្មភាពនៅខាងក្នុងផ្ទះរបស់ហ៊ាហានទាំងអស់គ្នា តែមិនទាន់ឃើញមានសកម្មភាពអ្វីប្លែកនោះទេ
មេកងឯនេះនៅមិនសុខនោះទេ ភ្នែកម្ដងសម្លឹងមើលទៅខាងក្នុងផ្ទះរបស់ហ៊ាហាន ម្ដងទៀតក៏សម្លឹងមើលទៅកាន់ស្រីក្វាន់ ស្រីក្វាន់មិនបានចាប់អារម្មណ៍ពីមេកងកំពុងតែលួចមើលខ្លួននោះទេ ស្រីក្វាន់ផ្ដោតសំខាន់ទៅលើតែនៅខាងក្នុងផ្ទះព្រោះថាខ្លួនពិតជាចង់ជួបម៉ែរបស់ខ្លួនខ្លាំងណាស់បើសិនជាខឹងadminទាំងអស់គ្នាអាចaddមកកាន់facebookរបស់adminផ្ទាល់ដើម្បីធ្វើការជេរក៏បានដែរ admin free ជេរ Facebook name : Channy តែមួយម៉ាត់ទេណា ចូលមើលមានbioដាក់ថា Virgo នឹងហើយadminចាំទទួល
អរគុណសម្រាប់ការគាំទ្រ
YOU ARE READING
ស្នេហ៍ចិត្តពីរ
Romanceខាងយើងខ្ញុំធ្វើការផុសរឿងនៅថ្ងៃ ព្រហ សុក្រ សៅរ៍ អាទិត្យ វេលាម៉ោង10យប់ ប្រលោមលោកបែបស្នេហា ស្រីនិងស្រី នេះជាប្រលោមលោកបែបមនោសញ្ចេតនា មានទាំងអាគមគាថា លាយលំនឹងស្នេហាដែលមិនអាចបែកចែកបាន ប្រលោមលោកមួយនេះជាការសរសេរលើកដំបូង បើសិនជាមានកន្លែងណាដែលមិនសមរម្យ ខុសទ...