ភាគ៣៦

188 11 0
                                    

ពេលនេះស្រីក្វាន់បាននាំម្ដាយខ្លួនមកសម្រាកព្យាបាលនៅផ្ទះរបស់ខ្លួនក្បែរនឹងផ្ទះអាទិត្យ មានមេកងនិងសែបនៅក្បែរជួយមើលថែ និងនៅគ្រាន់បានជាគ្នា មេកងសម្លឹងមើល ទៅស្រីក្វាន់ដូចជាពិបាកចិត្តខ្លាំងពេក ទើបចូលទៅក្បែរនិយាយលួងលោម
មេកងចក្រៃយ៍«កុំយំអី គាត់មិនអីទេ ឈប់យំទៅ» មេកងចូលទៅអង្អែលក្បាលស្រីក្វាន់ថ្នមៗព្រោះពេលនេះកំពុងតែយំអណ្ដឺតអណ្ដកមិនឈប់សោះ ជួនជាពេលនោះអាទិត្យក៏មកដល់ដោយមានកាន់ឆ្នាំងបបរមកជាមួយ មេកងក៏ប្រញាប់ដកដៃចេញមកវិញ
អាទិត្យ«បងប្រុសពិសារបបរសិនទៅ សែប ស្រីក្វាន់ញ៉ាំបបរសិនទៅ» អាទិត្យទុកបបរនៅមួយកន្លែង
មេកងចក្រៃយ៍«មិនអីទេ បងមានការនិយាយជាមួយឯងបន្តិច»
មេកងនិងអាទិត្យពេលនេះកំពុងតែឈរនិយាយគ្នានៅមាត់ទឹក ទឹកមុខម្នាក់ៗដូចជាតានតឹងដល់ហើយមិនដឹងថាគិតពីរឿងអ្វីនោះទេ
អាទិត្យ«ខ្ញុំគិតថា អាហានវាច្បាស់ជាមានគម្រោងការអ្វីមួយមិនខានទេ បានជាវាធ្វើបាបម៉ែស្រីក្វាន់ដ៏ថ្នាក់នេះ»
មេកងចក្រៃយ៍«បងក៏គិតចឹងដែរ តែបងឆ្ងល់ណាស់ហេតុអីក៏ប៉ារបស់បងគាត់មិនដឹងរឿងបងសោះចឹង»
អាទិត្យ«ម៉េចនឹងអាចមិនដឹងទៅ គាត់អាចនឹងដឹងហើយ តែក៏រកវិធីជួយមិនទាន់បាន តែបើតាមគិតពេលនេះខ្ញុំចង់តែសម្លាប់អាហានចោលភ្លាមៗទេ»
មេកងចក្រៃយ៍«ឯងធ្វើចិត្តឲ្យត្រជាក់សិនបើវាលេងល្បិច យើងក៏ត្រូវប្រើល្បិចជាមួយវាវិញ បងគិតថាយប់នេះបងត្រឡប់ទៅផ្ទះវិញ បងគិតថាអាចនឹងបានផ្ញើរសំបុត្រទៅប្រាប់គាត់»
អាទិត្យ«យប់នេះហ្អេស ចាំខ្ញុំទៅជាមួយបង» មេកងក៏ដើរមកទះស្មាប្អូនតិចៗ
ក្រឡេកមកមើលស្រីក្វាន់វិញពេលនេះកំពុងតែ អង្គុយកាន់ដៃម្ដាយ សម្លឹងមើលមុខម្ដាយទាំងក្រៀមក្រំ ជួនជាពេលនោះមីងព្រីមក៏កម្រើកដៃបន្តិច ធ្វើឲ្យស្រីក្វាន់ភ្ញាក់យកដៃចាប់ដៃម្ដាយកាន់តែណែន
ស្រីក្វាន់«ម៉ែ! ម៉ែដឹងខ្លួនហើយមែនទេ? ម៉ែ» ស្នាមញញឹមបានលេចឡើងនៅលើមុខស្រីក្វាន់ពេលដឹងថាម្ដាយកម្រើកដៃឡើងមក ជាសញ្ញាបញ្ជាក់ថាគាត់កំពុងតែជិតដឹងខ្លួនហើយ
អាទិត្យ«ស្រីក្វាន់!» ជួនជាពេលនោះអាទិត្យនិងមេកងក៏ត្រឡប់មកវិញ ឃើញស្រីក្វាន់ស្រវ៉េស្រវ៉ាចាប់ដៃម្ដាយទាំងញញឹម
ស្រីក្វាន់«បង ម៉ែគាត់កម្រើកដៃឡើងមក» អាទិត្យនិងមេកងក៏រហ័សទៅជិតស្រីក្វាន់
មេកងចក្រៃយ៍«ប្រហែលជាគាត់ជិតដឹងខ្លួនហើយ»
អាទិត្យ«ចាំបងចុះទៅដាំទឹកថ្នាំឲ្យគាត់ ស្រីក្វាន់នៅក្បែរគាត់ទៅ» អាទិត្យក៏ញញឹមដាក់ស្រីក្វាន់បន្តិចមុននឹងដើរចេញទៅ
មេកងចក្រៃយ៍«ចឹងបងសុំទៅក្រោមវិញសិនហើយ ទៅបានជាគ្នាជាមួយអាទិត្យ»
ស្រីក្វាន់«ចាបង» មេកងក៏ញញឹមហើយដើរចេញទៅ ស្រីក្វាន់នៅកាន់ដៃម្ដាយជាប់ទាំងញញឹម
ក្រឡេកមកមើលផ្ទះរបស់អ៊ុំផាត់វិញពេលនេះ ចាន់កំពុងតែអង្គុយបត់ក្រណាត់ទុកដាក់ទាំងទឹកមុខដូចជាក្រៀមស្រពោនសម្បើមណាស់ ស្រាប់តែពេលនោះមេកងក៏ដើរមកដល់
មេកងចក្រៃយ៍«មានអីឲ្យខ្ញុំជួយដែលទេ?» មេកងដាក់ខ្លួនអង្គុយចុះនិយាយជាមួយចាន់ទាំងញញឹម តែចាន់ក៏សម្លឹងមើលមុខមេកងបន្តិចហើយក៏មិនបានតបអ្វីដែរ
មេកងចក្រៃយ៍«ខ្ញុំគ្រាន់តែទំនេរមិនមានអីធ្វើចឹងហើយ ក៏ចេះតែមកសួរនាំទៅ» មេកងសើចតិចៗដាក់ចាន់
ចាន់«បើចង់ជួយខ្ញុំមេកងជួយយកក្រណាត់នេះទៅបោកឲ្យនៅឯមាត់ទឹកបន្តិចទៅ ហើយកុំភ្លេចយកទៅហាលឲ្យផង» និយាយរួចចាន់ក៏រុញកន្រ្តកឲ្យទៅមេកងហើយក៏ក្រោកដើរចេញទៅបាត់ មេកងក៏ទទួលយកកន្ត្រកទាំងមុខស្អុយថាសួរគេយកគួរតែគេប្រើមែនទែន
អាទិត្យវិញពេលនេះកំពុងតែអង្គុយដាក់អុសថែមភ្លើងដាំទឹកថ្នាំឲ្យម្ដាយរបស់ស្រីក្វាន់ ពេលនោះក៏ក្រឡេកភ្នែកឃើញបងប្រុសខ្លួនកំពុងតែអង្គុយបោកក្រណាត់ អាទិត្យក៏ដើរទៅជិត
អាទិត្យ«នេះបងធ្វើអីនឹង ទាំងនេះជាក្រណាត់របស់ចាន់តាស» អាទិត្យនិយាយបណ្ដើរទប់សើចបណ្ដើរ
មេកងចក្រៃយ៍«នឹងហើយដំបូងបងថា សួរនាំយកគួរតែគេឲ្យបងធ្វើមែនទែន តែក៏ល្អដែរបងនឹងមានអីធ្វើខ្លះមិនទំនេរអត់ប្រយោជន៍»
អាទិត្យ«ត្រូវម្យ៉ាងដែរតាសបងប្រុស» កំពុងនិយាយគ្នាសុខៗចាន់ក៏ដើរមកពីក្រោយ
ចាន់«ខ្ញុំយកត្រីអាំង និងបាយមកឲ្យនៅខាងលើផ្ទះធ្វើរួចហើយកុំភ្លេចនាំគ្នាទៅហូបបាយផង» អាទិត្យក៏សើចញញឹមដាក់ចាន់
អាទិត្យ«និយាយចឹងចាន់ អ៊ុំគាត់ទៅណាហើយ»
ចាន់«ពុកទៅផ្សារបាត់ហើយ បន្តិចទៀតប្រហែលជាត្រឡប់មកវិញហើយ» អាទិត្យក៏ងក់ក្បាលតិចៗហើយក៏ងាកសម្លឹងមើលមុខបងប្រុសខ្លួន មើលទៅដូចជាចង់អស់សំណើចយ៉ាងម៉េចមិនដឹងទេ
ស្រីក្វាន់«ម៉ែ ពិសារបបរឲ្យច្រើនទៅ នឹងឆាប់មានកម្លាំង» ពេលនេះម្ដាយស្រីក្វាន់ដឹងខ្លួនមកវិញហើយ ស្រីក្វាន់ក៏ជាអ្នកអង្គុយបញ្ជុកបបរដល់ម្ដាយទាំងញញឹមនិងនិយាយលួងលោម អាទិត្យ និងមេកងក៏នាំគ្នាអង្គុយមើលទាំងញញឹម ពេលឃើញម្ដាយកូនគេជួបគ្នាវិញ
មីងព្រីម«ខ្ញុំអរគុណមេកង និងក្មួយអាទិត្យច្រើនហើយដែលបានជួយកូនស្រីខ្ញុំកន្លងមក ពេលនេះក៏បានមកជួយខ្ញុំម្នាក់ទៀត ខ្ញុំពិតជាអរគុណខ្លាំងណាស់នៅគុណបំណាច់មួយនេះ» មីងព្រីមពិសារបបររួចឆ្លៀតពេលនោះក៏និយាយអរគុណទៅកាន់មេកងនិងអាទិត្យដែលកំពុងអង្គុយញញឹមដាក់គាត់
មេកងចក្រៃយ៍«មិនអីទេបាទ នេះជាតួនាទីរបស់ពួកយើងស្រាប់ហើយ» អាទិត្យក៏ឆ្លើយបន្ត
អាទិត្យ«ពិតមែនហើយពួកខ្ញុំពេញចិត្តនឹងជួយ ហើយក៏ជួយមើលថែស្រីក្វាន់រហូតទៅ» អាទិត្យនិយាយហើយក៏ឆ្លៀតងាកទៅញញឹមដាក់ស្រីក្វាន់ ដែលកំពុងតែដួសទឹកថ្នាំកាន់យកទៅបញ្ចុកម្ដាយ ពាក្យមួយឃ្លានេះធ្វើឲ្យមីងព្រីមចាប់អារម្មណ៍ភ្លាមៗអំពីទំនាក់ទំនងរបស់កូនខ្លួនជាមួយអាទិត្យ តែគាត់ក៏មិនទាន់សួរនាំអ្វីច្រើន មេកងពេលនេះក៏ញញឹមបានសមចិត្តវិញឲ្យតែប្អូនមានក្ដីសុខខ្លួនឯងក៏មានក្ដីសុខដូចគ្នា
ស្រីក្វាន់«ម៉ែពិសារថ្នាំសិនទៅ នេះអ៊ុំស៊ីងជាម្ចាស់នៅទីនេះ គាត់ជាអ្នកផ្សំទុកឲ្យម៉ែ» មីងព្រីមក៏អោនទៅហូបថ្នាំដែលស្រីក្វាន់បញ្ចុក ពេលនោះចាន់ក៏ឡើងមកដល់ជាមួយនឹងអ៊ុំផាត់ ហើយសែបក៏ឡើងមកតាមក្រោយ
អ៊ុំផាត់«មេកងមានគេផ្ញើរសំបុត្រមកឲ្យមេកង» មេកងក៏ប្រញាប់ទទួលយកសំបុត្រពីដៃរបស់អ៊ុំផាត់មកអាន
សែប«នេះប្រហែលជាសំបុត្រមកពីប៉ារបស់មេកងហើយមើលទៅ» មេកងក៏បើកសំបុត្រមកអាន មួយសន្ទុះក្រោយមកមេកងក៏ងាកមកនិយាយជាមួយគ្រប់គ្នាវិញ
មេកងចក្រៃយ៍«ពិតជាប៉ារបស់ខ្ញុំមែន គាត់ប្រាប់ថាគាត់មកដល់ទីនេះហើយ ពេលនេះកំពុងតែសម្រាកនៅផ្ទះរបស់ខ្ញុំ»
អាទិត្យ«ចឹងយប់នេះ យើងប្រហែលជាទៅទាន់ពេលល្អហើយ តែខ្ញុំចង់ទៅជួបអ៊ុំស៊ីងប្រាប់ដំណឹងគាត់ជាមុនសិន» មេកងក៏ងក់ក្បាលយល់ព្រមតាមសម្ដីរបស់ប្អូនខ្លួនបាននិយាយ
កាត់មកដល់ពេលនេះ អាទិត្យនិងមេកងកំពុងតែអង្គុយនិយាយគ្នាជាមួយនឹងអ៊ុំស៊ីងនៅក្នុងផ្ទះរបស់គាត់
អ៊ុំស៊ីង«កុំប្រហែលឲ្យសោះ ពេលនេះវាប្រើម្ដាយរបស់ស្រីក្វាន់ជាអ្នកនាំផ្លូវវាហើយចឹងហើយពួកឯងទាំងពីរត្រៀមខ្លួនឲ្យហើយទៅ» លឺបែបនេះមេកងនិងអាទិត្យក៏សម្លឹងមុខគ្នាទាំងមិនយល់ការ
អាទិត្យ«ប្រើម៉ែស្រីក្វាន់នាំផ្លូវចឹងហ្អេសអ៊ុំ?» អ៊ុំស៊ីងក៏ងក់ក្បាល
អ៊ុំស៊ីង«ត្រូវហើយគឺដូចពេលឯងប្រើវិធីតាមរកថៅកែគៀងនោះអី ពេលនេះអាហានវាក៏ប្រើវិធីនេះដូចគ្នា» អាទិត្យក៏ងក់ក្បាលយល់ន័យអំពីអ្វីដែលអ៊ុំស៊ីងបាននិយាយ
ក្រោយពីនិយាយគ្នាចប់សព្វគ្រប់រួចហើយមេកងនិងអាទិត្យក៏នាំគ្នាចុះមកវិញ តែមេកងក៏សម្លឹងមើលមុខអាទិត្យដូចជាចង់និយាយអ្វី
មេកងចក្រៃយ៍«ឯងប្រើវិធីអីតាមរកថៅកែគៀងហេតុអីក៏បងមិនដឹង?»
អាទិត្យ«គឺវិធីនឹងប្រើអំបោះកណ្ដឹងចង់កជើង ពេលម្នាក់នោះទៅដល់ទីណាយើងក៏អាចទៅរកឃើញតាមសម្លេងកណ្ដឹងនៅនឹងកជើងនោះ»
មេកងចក្រៃយ៍«ចឹងក៏បានន័យថា មីងព្រីមម្ដាយស្រីក្វាន់ពេលនេះគឺមានខ្សែរនោះនៅនឹងកជើងត្រូវទេ»
អាទិត្យ«គឺពិតមែនហើយ»
មេកងចក្រៃយ៍«ឯងធ្លាប់ប្រើវិធីនេះ ចឹងក៏ស្រាយដោះវាចេញពីកជើងរបស់គាត់ចេញទៅកុំឲ្យអាហានវាតាមមករកដល់ទីនេះ» អាទិត្យក៏ក្រវីក្បាលបដិសេធជាមួយសម្ដីបងប្រុសខ្លួន
អាទិត្យ«ខ្ញុំថាមិនបាច់ទេបង ខ្ញុំមានគម្រោងការហើយ» និយាយហើយមេកងនិងអាទិត្យក៏សម្លឹងមើលមុខគ្នាទៅវិញទៅមក យើងក៏មិនដឹងថាវាជាគម្រោងការអ្វីដូចគ្នា
ពេលនេះយើងក៏ត្រឡប់មកមើលស្រីក្វាន់ជាមួយម្ដាយវិញ ស្រីក្វាន់កំពុងតែអង្គុយជូតនិងលាងរបួសឲ្យម្ដាយខ្លួនថ្នមៗជាមួយស្នាមញញឹម
ស្រីក្វាន់«ម៉ែឈឺទេ? ខ្ញុំសូមទោសណាដែលទុកឲ្យម៉ែរងទុក្ខបែបនេះ» ស្រីក្វាន់និយាយទាំងទឹកភ្នែករលីងរលោងលាយជាមួយស្នាមញញឹម តែមីងព្រីមក៏ក្រវីក្បាលបដិសេធហើយលើកដៃអង្អែលក្បាលកូនថ្នមៗ
មីងព្រីម«ម៉ែមិនអីទេ ឲ្យតែកូនមានសុវត្ថិភាពម៉ែក៏សប្បាយចិត្តណាស់ហើយ» ស្រីក្វាន់ក៏ញញឹមទាំងទឹកភ្នែកស្រក់ចុះមក ព្រោះតែរំភើបជាមួយក្ដីស្រលាញ់ដែលម៉ែខ្លួនមានចំពោះខ្លួន
មីងព្រីម«កូនស្រលាញ់អាទិត្យមែនទេ?» ឆ្លៀតពេលមិនមានអ្នកណានៅមីងព្រីមក៏ដាច់ចិត្តសួររឿងនេះជាមួយកូន ស្រីក្វាន់សម្លឹងមើលមុខម្ដាយភ្លឹះៗមិនទាន់ហ៊ានឆ្លើយតបអ្វីទេ មីងព្រីមឃើញបែបនេះក៏និយាយបន្ត «បើកូនស្រលាញ់ក៏ប្រាប់ម៉ែមក ម៉ែគ្រាន់តែចង់ដឹង រឿងបេះដូងនេះម៉ែហាមចិត្តកូនមិនបានទេ ម៉ែមាននាទីត្រឹមតែមើលថែទាំកូន គ្មានសិទ្ធិទៅគ្រប់គ្រងលើជីវិតកូននោះទេ បើកូនស្រលាញ់អ្នកណាម៉ែក៏យល់ស្របជានិច្ច» មីងព្រីមក៏អង្អែលក្បាលកូនហើយញញឹមដាក់ស្រីក្វាន់ ពេលនេះស្រីក្វាន់រំភើបចិត្តស្ទើរតែស្រក់ទឹកភ្នែកទៅហើយ ក៏ស្ទុះអោបម្ដាយព្រមទាំងនិយាយ
ស្រីក្វាន់«កូនស្រលាញ់ម៉ែណាស់» ស្រីក្វាន់អោបម្ដាយហើយនិយាយទាំងរំភើបក្នុងចិត្ត
មិនយូរប៉ុន្មានព្រះអាទិត្យក៏ចាប់ផ្ដើមលិចបាត់បន្តិចម្ដងៗ ពេលនេះក៏ឈានចូលដល់ពេលរសៀល ចាន់ពេលនេះកំពុងតែអង្គុយយកជើងរាទឹកលេងទាំងទឹកមុខក្រៀមក្រំមិនឈប់ ចាប់តាំងតែពីពេលដែលអាទិត្យត្រឡប់មកវិញម្លេះ
ចាន់«អួយ!» ពេលនោះក៏ស្រាប់តែអាទិត្យដើរមកបិទភ្នែកពីក្រោយ «ខ្ញុំដឹងថាជាបងហើយមិនបាច់លេងបែបនេះទេ» អាទិត្យក៏ដកដៃចេញមកវិញ
អាទិត្យ«នេះបងឲ្យ» អាទិត្យក៏ហុចផ្កាដែលក្រងពាក់ពីលើក្បាលទៅឲ្យចាន់ទាំងញញឹម មុននឹងនិយាយ«បងស្មានថាប្អូនស្រីបងភ្លេចបងបាត់ទៅហើយ ឃើញប៉ុន្មានថ្ងៃនេះមិនសូវរវីរវល់ជាមួយបង» អាទិត្យក៏ដាក់ខ្លួនអង្គុយចុះក្បែរចាន់
ចាន់«ខ្ញុំទៅវិញទេដែលគួរតែគិតថាបងភ្លេចខ្ញុំបាត់ទៅហើយ»អាទិត្យឃើញប្អូននិយាយទាំងមុខស្រពោនក៏លើកដៃអង្អែលក្បាលប្អូនថ្នមៗ
អាទិត្យ«បងឯណាទៅភ្លេចប្អូនស្រីសំណព្វបានទៅ គួរឲ្យក្នាញ់ដ៏ថ្នាក់នឹង» រួចហើយអាទិត្យក៏យកដៃទៅច្បិចចុងច្រមុះចាន់បន្តិច ហើយក៏អង្គុយអស់សំណើច សម្ដីអាទិត្យធ្វើឲ្យចាន់កាន់តែច្បាស់ក្នុងចិត្តថាអាទិត្យពិតជាមិនស្រលាញ់ខ្លួនពិតមែន
ចាន់«ចា តែទង្វើរបងបញ្ជាក់ថាបងភ្លេចខ្ញុំបាត់ហើយ»ចាន់ក៏ខំញញឹមទាំងបង្ខំចិត្ត អាទិត្យលឺបែបនេះក៏ងាកមកសម្លឹងមើលមុខប្អូន ចាន់ក៏ញញឹមដាក់អាទិត្យ «ទោះជាយ៉ាងណាបងកុំបំភ្លេចខ្ញុំចោលទៅបានហើយ ក្រៅពីពុកខ្ញុំមានតែបងម្នាក់ទេដែលជាអ្នកនៅក្បែរនិងចាំមើលថែខ្ញុំ» ចាន់និយាយហើយសម្លឹងមើលអាទិត្យទាំងទឹកភ្នែករលីងរលោង នេះក៏ធ្វើឲ្យអាទិត្យមានអារម្មណ៍ថាកាន់តែអាណិតនិងស្រលាញ់ប្អូនលើសដើម
អាទិត្យ«បងនឹងមិនចោលចាន់ទៅណាទេ បងសន្យាថានឹងនៅស្រលាញ់ហើយនឹងមើលថែចាន់រហូតស្រលាញ់ចាន់ដូចជាប្អូនបង្កើតជារៀងរហូត មិនថាមានរឿងអ្វីក៏ដោយ» អាទិត្យទាញប្អូនមកអោបជាប់ទ្រូងដើម្បីលួងលោមចិត្តប្អូន កុំឲ្យគិតច្រើន ចាន់ពេលនេះក៏ព្រមបិទភ្នែកសម្រក់ទឹកភ្នែកទទួលយកការពិត ហើយក៏សម្រេចចិត្តដកក្ដីស្រលាញ់នេះទុកសម្រាប់អ្នកថ្មី ហើយក៏សូមយំនៅក្នុងរង្វង់ដៃអាទិត្យជាលើកចុងក្រោយ
សកម្មភាពដែលអាទិត្យនិងចាន់កំពុងអោបគ្នានេះ ស្រីក្វាន់ក៏បានសម្លឹងមើលពីចម្ងាយឃើញទាំងអស់ ធ្វើឲ្យស្រីក្វាន់ចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រួល ស្រីក្វាន់ក៏សម្រេចចិត្តដើរចេញទៅម្ខាងបាត់ទាំងទឹកមុខស្រពោន
អាទិត្យ«ស្រីក្វាន់!» អាទិត្យឡើងមកខាងលើផ្ទះហើយស្រែកហៅរកស្រីក្វាន់តែមិនឃើញមានសម្លេងឆ្លើយតបនោះទេ
មីងព្រីម«អាទិត្យមែនទេ? មករកស្រីក្វាន់មែនទេ ស្រីក្វាន់មិនទាន់ត្រឡប់មកវិញទេ» មីងព្រីមចេញមកពីខាងក្នុងបន្ទប់ដើរតិចៗមកនិយាយជាមួយអាទិត្យ
អាទិត្យ«ឲ្យខ្ញុំជួយមីង» អាទិត្យចូលទៅជួយគ្រាដៃមីងព្រីមឲ្យមកអង្គុយចុះ មុននឹងសួរនាំបន្ត«ស្រីក្វាន់ទៅណាមែនទេមីង?»
មីងព្រីម«លឺថាប្រាប់មីងថាទៅបោកខោអាវនៅឯមាត់ទឹក ហើយទៅជួបនិយាយជាមួយក្មួយ» អាទិត្យក៏ភ្ញាក់សួរមីងព្រីមភ្លាមៗ
អាទិត្យ«ជួបខ្ញុំ ខ្ញុំមិនបានជួបស្រីក្វាន់ទេមីង»
មីងព្រីម«ចឹងក្មួយមិនបានជួបក្វាន់ទេហ្អេស»
អាទិត្យ«អត់ទេមិនបានជួបទេមីង តែមីងកុំបារម្ភអីប្រហែលជាពេលនេះស្រីក្វាន់កំពុងតែបោកខោអាវនៅមាត់ទឹកហើយមើលទៅ ចាំខ្ញុំទៅរកស្រីក្វាន់ មីងសម្រាកនៅទីនេះហើយ ចាំខ្ញុំប្រាប់ឲ្យសែបមកទីនេះបានជាគ្នាជាមួយមីង»
មីងព្រីម«អឹម!» មីងព្រីមក៏ងក់ក្បាលយល់ព្រមតាមអាទិត្យ អាទិត្យក៏ប្រញាប់ចុះទៅខាងក្រោមវិញសម្ដៅទៅផ្ទះអ៊ុំផាត់ទៅរកសែបភ្លាមមិនចាំយូរ
អាទិត្យ«សែប! សែបនៅដែលទេ?» អាទិត្យដើរមកដល់ក៏ស្រែកហៅរកសែបភ្លាម តែអ៊ុំផាត់ក៏ចេញមកដល់
អ៊ុំផាត់«មានការអី ឯងរកសែបមានការអីហ្អេសអាទិត្យ»
អាទិត្យ«គឺចេះណាអ៊ុំ ពេលនេះស្រីក្វាន់មិននៅ ខ្ញុំចង់ពឹងឲ្យសែបទៅមើលមីងព្រីមនៅផ្ទះគ្រាន់បានជាគ្នា» អ៊ុំផាត់ក៏ងក់ក្បាលយល់ន័យរបស់អាទិត្យ
អ៊ុំផាត់«សែបប្រហែលជានៅជួយការងារមេកងនៅខាងក្រោយផ្ទះឯណោះ» អាទិត្យក៏ប្រញាប់ដើរទៅខាងក្រោយផ្ទះភ្លាមៗ «អេ អាមួយនេះរហ័នៗយ៉ាងម៉េចវាទេ» អ៊ុំផាត់រអ៊ូតែម្នាក់ឯងរួចហើយក៏ដើរចូលទៅខាងក្នុងវិញ
អាទិត្យពេលនេះដើរមកដល់ក៏ឃើញមេកងនិងសែបកំពុងតែជួយគ្នាធ្វើស្នួលសម្រាប់ហាលខោអាវ មេកងក៏ក្រឡេកភ្នែកមកឃើញប្អូនក៏ញញឹមដាក់មុននឹងនិយាយ
មេកងចក្រៃយ៍«អរអាទិត្យ មករកបងមែនទេ?» អាទិត្យក៏ឆ្លើយយ៉ាងលឿន
អាទិត្យ«អត់ទេខ្ញុំមករកសែប» សែបនិងមេកងក៏សម្លឹងមើលមុខគ្នាបន្តិច
សែប«រកខ្ញុំហ្អេស?»
អាទិត្យ«នឹងហើយ នេះធ្វើជិតរួចហើយឬនៅ?»
មេកងចក្រៃយ៍«ឯងមានការអីក៏និយាយមក មកប្រញាប់ៗបែបនេះឯងចង់បានអី?»មេកងក៏សួរអាទិត្យភ្លាមព្រោះមើលទៅអាទិត្យដូចជារហ័នខុសធម្មតា
អាទិត្យ«គឺខ្ញុំចង់ឲ្យសែបទៅផ្ទះស្រីក្វាន់បានជាគ្នាពីរនាក់ជាមួយមីងព្រីមនឹងណា»
សែប«អ៊ាវ ក្រែងគាត់នៅជាមួយកូនគាត់ហើយតាស» អាទិត្យក៏ឆ្លើយវិញភ្លាមៗលឿនៗ
អាទិត្យ«ដោយសារតែកូនគាត់មិននៅនឹងហើយបានជាពឹងសែបឲ្យទៅនឹងណា»
មេកងចក្រៃយ៍«ស្រីក្វាន់ទៅណា?»
អាទិត្យ«ខ្ញុំក៏មិនដឹងដូចគ្នាបង ក៏គិតថានឹងទៅរកព្រោះលឺមីងគាត់ប្រាប់ថាស្រីក្វាន់ទៅបោកខោអាវនៅមាត់ទឹក» មេកងក៏ងក់ក្បាល
មេកងចក្រៃយ៍«ចឹងសែបទៅៗ ក្រែងលោមីងព្រីមគាត់ត្រូវការអី ពិបាកមិនមានអ្នកជួយ»
សែប«ចុះអានេះធ្វើមិនទាន់ហើយផង»
មេកងចក្រៃយ៍«មិនអីទេ ជិតហើយៗខ្ញុំចាត់ការបាន» សែបក៏ព្រមចេញទៅទាំងចិត្តមិនសូវជាចង់ប៉ុន្មានទេ មេកងក៏និយាយបន្ត «ឯងកុំទាន់ទៅណា មកជួយបងបង្ហើយសិនមក» មេកងក៏ហៅអាទិត្យឲ្យមកជួយការងារខ្លួន ព្រោះវាជិតហើយៗ អាទិត្យក៏ប្រញាប់ចូលទៅជួយបង្ហើយការងាររបស់បងខ្លួន បន្តិចក្រោយមកការងារក៏រួចរាល់មេកងមើលទៅប្អូននៅមិនសុខក៏ដាច់ចិត្តនិយាយ
មេកងចក្រៃយ៍«បើឯងប្រញាប់ទៅក៏ទៅៗ រួចរាល់ហើយ មិនមានធ្វើអីទៀតទេ»
អាទិត្យ«ចឹងខ្ញុំទៅសិនហើយបង» មេកងក៏ងក់ក្បាល
មេកងចក្រៃយ៍«ប្រញាប់មកវិញផង» មេកងឆ្លៀតស្រែកផ្ដាំផ្ញើរប្អូនពីក្រោយ ទឹកមុខមេកងពេលនេះមើលទៅធម្មតាមិនមាន ព្រោះថាមេកងព្រមទទួលស្គាល់ពីក្ដីស្រលាញ់របស់ប្អូនខ្លួនចំពោះស្រីក្វាន់ ហើយក៏បើកចិត្តសម្លឹងមើលអ្នកផ្សេងជំនួសវិញ
អាទិត្យពេលនេះកំពុងតែដើរយ៉ាងញាប់ជើង ទៅមើលនៅឯមាត់ទឹកក្បែរផ្ទះខ្លួន តែក៏មិនឃើញមានវត្តមានស្រីក្វាន់ អាទិត្យឈរគិតបន្តិចក៏បន្តដំណើរទៅមុខបន្តទៅមួយកន្លែងទៀតរៀងឆ្ងាយពីផ្ទះគួរសមដែរ
ស្រីក្វាន់វិញពេលនេះកំពុងតែអង្គុយយកជើងរាទឹកលេងទាំងទឹកមុខស្រពោន ប្រហែលជាកំពុងតែយល់ច្រឡំជាមួយអាទិត្យមុននឹងហើយទើបមកអង្គុយធ្វើមុខអីបែបនេះ ស្រាប់តែពេលនោះក៏លឺមានសម្រឹបជើងអ្នកណាដើរមកពីក្រោយ ស្រីក្វាន់ក៏ងាករកមើលតែក៏មិនឃើញ ម្ដងទៀតក៏មានសម្លេងមកម្ដងទៀតពេលនេះស្រីក្វាន់ភ័យក្នុងចិត្ត មិនដឹងថាជាអ្នកណាក៏សម្រេចចិត្តស្ទុះក្រោកឈរបែរមកមើល ពេលនោះក៏ស្រាប់តែ
ព្រូង! “សម្លេងធ្លាក់ចូលទឹក”
ស្រីក្វាន់«អ្ហឹកៗ..» ក្រោយពីត្រូវអ្នកណាមិនដឹងច្រានធ្លាក់ទឹកពេលនេះស្រីក្វាន់ក្រោកមកវិញទាំងឈ្លក់ទឹកពេញច្រមុះ ពេលដែលសម្លឹងរកមើលមនុស្សម្នាក់ទៀតដែលបានធ្លាក់ទឹកមកជាមួយខ្លួននៅម្ខាងទៀត ព្រោះខ្លួនមុននេះបានស្រវ៉េស្រវ៉ាចាប់ទាញគេឲ្យធ្លាក់មកជាមួយខ្លួន តែពេលនេះបាត់ម្នាក់នោះទៅណាបាត់ក៏មិនដឹង
ស្រីក្វាន់«ស្លាប់ឬក៏អត់នឹង?» ពេលនោះក៏ឃើញដូចជាស្រមោលអ្នកណាម្នាក់ទៀតនៅក្នុងទឹកមិនព្រមហើបមកស្រីក្វាន់ក៏ដើរលបៗទៅជិតមើល ទោះបីជាខ្លួនពេលនេះកំពុងតែភ័យស្លន់យ៉ាងណាក៏ដោយ ក៏ស្រីក្វាន់នៅតែសម្រេចចិត្តដើរចូលទៅមើលដែរ
ពេលដែលទៅដល់ស្រីក្វាន់អោនចុះមើលទៅក្នុងទឹកតិចៗ បេះដូងកាន់តែលោតញាប់់ទៅៗ បុកពោះភ័យខ្លាំងណាស់ពេលនោះក៏ស្រាប់តែ «អ្ហាយ! អ្ហឹប!» ផ្លឹប! “សម្លេងចាប់ចូលទៅក្នុងទឹក” ស្រីក្វាន់ពេលនេះកំពុងតែត្រូវអ្នកណាម្នាក់ចាប់ទាញខ្លួនឲ្យលឹបចូលទៅក្នុងទឹកភ្លាមៗជាមួយនឹងគ្នា

យប់ស្អែកម៉ោងដដែរ តែបានតែមួយភាគទេព្រោះភាគពិសេស

ស្នេហ៍ចិត្តពីរWhere stories live. Discover now