នាំគ្នាសម្លឹងមើលទៅខាងក្នុងមិនបានប៉ុន្មាន មេកងចក្រៃយ៍ក៏ចេះតែលួចសម្លឹងមើលមុខស្រីក្វាន់ពេក សែបក៏អោនទៅជិតត្រចៀកមេកងមុននឹងនិយាយខ្សឹបៗដាក់មេកង
សែប«មេកង! ចូលទៅមើលឲ្យជិតទេបាទ» មេកងកំពុងភ្លឹកមើលស្រីក្វាន់នោះក៏ឆ្លើយយ៉ាងលឿនទាំងមិនទាន់បានគិតស្រួលបួល
មេកងចក្រៃយ៍«ចូលទៅ» សែបក៏បានរុញមេកងឲ្យអោនទៅជិតស្រីក្វាន់ភ្លាម «អើយសែប!» មេកងភ្លាត់មាត់ស្រែកភ្លាមៗ ពេលខ្លួនត្រូវសែបរុញទៅជិតស្រីក្វាន់ មេកងក៏ដកខ្លួនចេញមកវិញ ស្រីក្វាន់ក៏សម្លឹងមើលមុខអ្នកទាំងពីរទាំងមិនយល់ពីស្ថានភាព
សែប«ក្រែងមេកងប្រាប់ថាចូលទៅនោះអី»
មេកងចក្រៃយ៍«ខ្ញុំមិនមែនចង់បានន័យបែបនេះទេ»
សែប«ន័យបែបណាវិញទៅមេកង»
មេកងចក្រៃយ៍«ខ្ញុំស្មានថាសែបនេះ និយាយពីរឿងចូលទៅពិនិត្យផ្ទះអាហានជិតជាងនេះ»
សែប«ចុះអីលូវមេកងនៅចង់ចូលទៅទៀតទេ» សែបសួរបែបលេងសើចដាក់មេកង
មេកងចក្រៃយ៍«ចង់ចូលក៏ចូលទៅ» ស្រីក្វាន់គ្រាន់តែលឺមេកងនិយាយចប់ភ្លាមក៏ប្រញាប់បន្តសម្ដី
ស្រីក្វាន់«ចូលទៅសែប ខ្ញុំនឹងបានជួបម៉ែណា» លឺស្រីក្វាន់និយាយភ្លាម មេកងនិងសែបក៏នាំគ្នាងាកមុខសម្លឹងមុខគ្នាទៅវិញទៅមក មេកងក៏ងក់ក្បាលឲ្យសែបបើកឡានទៅគៀកបន្តិចទៀត សែបក៏បើកឡានទៅគៀកបានបន្តិចបម្រុងនឹងទៅមុខទៀតតែក៏ត្រូវមេកងឃាត់
មេកងចក្រៃយ៍«ឈប់សិនសែប!»
សែប«ហើយពួកវាទៅណាចេះមេកង ទៅតាមដែរទេ» ដែលមេកងស្រែកឃាត់មុននេះដោយសារ គាប់ជួនឡានរបស់ហ៊ាហានក៏បើកចេញមកពីខាងក្នុងសំណាងហើយដែលបើកសម្ដៅទៅកាន់ច្រកផ្សេងមិនបានឃើញឡានរបស់មេកង
មេកងចក្រៃយ៍«ឆាប់តាមទៅសែប» សែបអេះអុញមិនចង់បើកតាមបម្រុងនឹងនិយាយអ្វីម្យ៉ាងតែក៏ត្រូវមេកងនិយាយបង្ខំម្ដងទៀត «សែបឆាប់ចេញទៅ នៅចាំធ្វើអីទៀត» សែបក៏ដាច់ចិត្តបើកឡានចេញទៅតាម
នៅតាមផ្លូវ សែបចេះតែលួចសម្លឹងមើលមុខមេកងរហូត ឯមេកងក៏ចេះតែខំតាមសម្លឹងមើលឡានរបស់ហ៊ាហានពីក្រោយមិនដាក់ភ្នែក បានបន្តិចសែបក៏ដាច់ចិត្តនិយាយជាមួយមេកង
សែប«មេកង! ស្រីក្វាន់នៅទីនេះដែរបាទ» លឺសម្ដីសែបនិយាយបែបនេះ ធ្វើឲ្យមេកងភ្ញាក់ស្មារតី បើកភ្នែកធំៗងាកសម្លឹងមើលមកខាងក្រោយឃើញថាស្រីក្វាន់នៅជាមួយខ្លួន ព្រោះប្រញាប់ចេញមកភ្លេចគិតថាស្រីក្វាន់នៅជាមួយដែរ
មេកងចក្រៃយ៍«សែបបើកឡានទៅវិញសិនទៅនាំស្រីក្វាន់ទៅផ្ទះវិញ» មេកងនិយាយចប់មិនទាន់បានប៉ុន្មានផងស្រីក្វាន់ក៏ប្រញាប់និយាយកាត់
ស្រីក្វាន់«មិនបាច់ទេមេកង នេះតាមមកជាប់រហូតហើយខ្លាចថាមកវិញមិនទាន់ពួកវា ខ្ញុំនៅទីនេះក៏មិនអីដែរ មានការអីអាចនឹងជួយគ្នាបានទាន់ពេល» ស្រីក្វាន់និយាយហើយក៏ញញឹមសម្លឹងមើលមុខមេកង មេកងក៏សម្លឹងមើលមុខស្រីក្វាន់ហើយក៏សម្លឹងមើលមុខសែប សែបក៏ងក់ក្បាលបញ្ជាក់ដាក់មេកង
មេកងចក្រៃយ៍«តែស្រីក្វាន់នៅក្នុងឡានហើយមិនបាច់ចុះទៅណាទេ នៅក្នុងនេះមានសុវត្ថិភាពជាង»
បានមួយសន្ទុះក្រោយមក ឡានរបស់ហ៊ាហានក៏បានបើកមកដល់ខាងមុខល្អាងអណ្ដូងរ៉ែរបស់ថៅកែគៀង ពេលឃើញឡានរបស់ហ៊ាហានឈប់ភ្លាមមេកងក៏ប្រញាប់កេះដៃរបស់សែបឲ្យឈប់ឡានដូចគ្នា កុំឲ្យបើកទៅជិតពេកខ្លាចថាពួកវាអាចសង្ស័យ ឬក៏ឃើញឡានរបស់មេកងនៅទីនេះ
សែប«ហើយពួកវានាំគ្នាមកទីនេះធ្វើអីនៀក»
មេកងចក្រៃយ៍«ទីនេះជាកន្លែងណាសែប»
សែប«មិនដឹងដូចគ្នាមេកង»
ស្រីក្វាន់«បើតាមខ្ញុំធ្លាប់ដឹងប្រហែលជាកន្លែងអណ្ដូងរ៉ែរបស់ថៅកែគៀងហើយ» មេកងនិងសែបលឺហើយក៏ងាកមកមើលមុខស្រីក្វាន់ទាំងពីរនាក់
មេកងចក្រៃយ៍«ចុះស្រីក្វាន់ដឹងថាពួកវាមកទីនេះធ្វើអីដែរទេ?»
ស្រីក្វាន់«ខ្ញុំក៏មិនដឹងដូចគ្នា ខ្ញុំគ្រាន់តែធ្លាប់លឺពួកគេនិយាយពីកន្លែងនេះប៉ុន្នឹងឯង» មេកងក៏ក្រឡេកមុខទៅមើលសកម្មភាពរបស់ហ៊ាហានបន្ត
ឃើញថាពេលនេះហ៊ាហាននិងនាយកងនាំគ្នាចុះពីលើឡានហើយធ្វើខ្លួនដូចជាកំពុងរងចាំនរណាម្នាក់មក ដោយមានគ្នីគ្នាមួយក្រុមផ្សេងទៀតលើកអីវ៉ាន់យកទៅរៀបចំនៅខាងក្នុងល្អាងមើលទៅដូចជាបាយសីនិងគ្រឿងប្រដាប់ប្រដាលផ្សេងទៀតដែលគេទុកសម្រាប់ធ្វើពិធីអ្វីម្យ៉ាង
មេកងចក្រៃយ៍«ពួកវាប្រហែលជារៀបចំពិធីធ្វើអ្វីនៅខាងក្នុងមិនខានទេ»
សែប«មេកង មើលទៅពួកវាដូចជាកំពុងចាំអ្នកណាម្នាក់មកចឹង»
មេកងចក្រៃយ៍«ប្រហែលជាចាំគ្រូអាគមអីមកទេដឹង ព្រោះពួកវាច្បាស់ជាធ្វើពិធីអ្វីម្យ៉ាងមិនខានទេ»
សែប«មិនមែនទេ ខ្ញុំថាមិនមែនចាំគ្រូអាគមទេ ព្រោះថាហ៊ាហាននេះជាមនុស្សពូកែខាងអាគមខ្លាំងណាស់ ទៅអញ្ជើញគ្រូអាគមផ្សេងទៀតមកធ្វើអី?»
ស្រីក្វាន់«ប្រហែលជាចាំថៅកែគៀងទេដឹង ព្រោះនេះជាល្អាងរបស់ថៅកែ» លឺបែបនេះភ្លាមមេកងនិងសែបក៏នាំគ្នាងាកមកមុខស្រីក្វាន់ម្ដងទៀត ធ្វើឲ្យស្រីក្វាន់ស្រឡាំងកាំងជាមួយនឹងទឹកមុខរបស់ពួកគេទាំងពីរ
ស្រីក្វាន់«នេះខ្ញុំនិយាយអ្វីខុសមែនទេ?»
សែប«អត់ទេ! តែថាស្រីក្វាន់នេះឆ្លាតពួកខ្ញុំនិងមេកងនឹកមិនឃើញផងតែស្រីក្វាន់នឹកឃើញនឹងណា»
ស្រីក្វាន់«ហើយចាំបាច់ធ្វើមុខអ្វីបែបនឹងដែរ?» សែបនិងមេកងក៏ឆ្លើយឡើងមកដំណាលគ្នាតែម្ដង
«គឺភ្ញាក់ផ្អើលនឹងណា» មេកងនិងសែបក៏ងាកមកសម្លឹងមុខគ្នាម្ដងព្រោះពាក្យនិយាយដូចគ្នាពេក
មេកងចក្រៃយ៍«ហ៊ើយសែប និយាយតាមខ្ញុំធ្វើអី?»
សែប«គ្មានអ្នកណានិយាយតាមអ្នកណាទេបាទ ព្រោះខ្ញុំនិងមេកងនិយាយមកដំណាលគ្នា» មេកងលឺបែបនេះក៏ស្ងាត់មាត់ឈប់និយាយហើយក៏នាំគ្នាក្រឡេកទៅមើលសកម្មភាពរបស់ពួកវាបន្ត បានបន្តិចក្រោយមកថៅកែគៀងក៏ដើរមកដល់ ពួកវាក៏នាំគ្នាចូលទៅខាងក្នុង
សែប«ហ៊ើយ! ច្បាស់ដូចថ្ងៃពិតជាអាថៅកែគៀងមែន តោះមេកងចូលទៅអីលូវល្អទេ» និយាយហើយមិនទាន់ចប់ស្រួលបួលផងសែបក៏បើកទ្វារបម្រុងនឹងចុះទៅតែត្រូវមេកងចាប់ដៃឃាត់ទាន់
មេកងចក្រៃយ៍«សែបប្រញាប់ទៅណា ចូលទៅភ្លាមៗមិនបានទេ ចាំមើលសកម្មភាពវាបន្តិចទៀតសិន» សែបក៏ឈប់ដំណើរហើយទាញទ្វារបិទវិញតាមសម្ដីរបស់មេកង
ក្រឡេកមកមើលអាទិត្យឯនេះវិញពេលនេះមកដល់ផ្ទះមួយសន្ទុះធំហើយក៏អង្គុយសកដើមឬស្សីធ្វើជាដំបង ទាំងទឹកមុខមិនសូវសប្បាយចិត្ត ស្រាប់តែពេលនោះត្រចៀកខាងឆ្វេងរបស់អាទិត្យក៏ចាប់ផ្ដើមញាក់ឡើង ធ្វើឲ្យអាទិត្យដឹងភ្លាមថាថៅកែគៀងពេលនេះកំពុងតែទៅណាមិនខាន អាទិត្យក៏ប្រញាប់ទម្លាក់ដើមឬស្សីនិងកាំបិតចោល ហើយប្រញាប់ស្ទុះឡើងទៅរកផ្ទះអ៊ុំស៊ីង អាទិត្យប្រញាប់រត់សម្ដៅទៅរកផ្ទះអ៊ុំស៊ីងពេលមកដល់ឃើញថាអ៊ុំស៊ីងក៏បើកទ្វារចេញមកល្មម
អាទិត្យ«អ៊ុំ ថ្ងៃនេះត្រូវជាថ្ងៃដែលអាហានវាទៅយកត្បូងហើយអ៊ុំ» អាទិត្យនិយាយទាំង សម្លេងស្លន់ស្លោទៅកាន់អ៊ុំស៊ីង តែអ៊ុំស៊ីងក៏ធ្វើដូចជាធម្មតា
អ៊ុំស៊ីង«យើងដឹងហើយ ឯងប្រញាប់ទៅ តែកុំភ្លេចឲ្យសោះថាពីពាក្យដែលយើងនិយាយប្រាប់» អាទិត្យលឺហើយក៏ងក់ក្បាលដាក់អ៊ុំស៊ីងហើយក៏ប្រញាប់រត់ចេញទៅ
អាទិត្យក៏មកដល់មុខផ្ទះអ៊ុំផាត់ អ៊ុំផាត់ដែលនៅលើគ្រែមុខផ្ទះឃើញសកម្មភាពអាទិត្យដូចជាប្រញាប់ប្រញាល់ខុសប្លែកពីធម្មតាក៏ស្រែកសួរបង្អាក់ដំណើររបស់អាទិត្យឲ្យឈប់សិន
អ៊ុំផាត់«អឺអាទិត្យ ហើយឯងប្រុងទៅណា ប្រញាប់ប្រញាល់ខ្លាំងម្លេះ» គាប់ជួនជាពេលនោះចាន់ក៏ដើរចេញមកល្មម
អាទិត្យ«គឺខ្ញុំប្រញាប់ទៅដណ្ដើមត្បូងពីអាហាននឹងណាអ៊ុំ ពេលនេះវាប្រហែលជាកំពុងធ្វើពិធីយកត្បូងនៅល្អាងរបស់ថៅកែគៀងមិនខាន» អ៊ុំផាត់លឺហើយក៏ស្ទុះក្រោកឡើងមុននឹងនិយាយទៅកាន់អាទិត្យបន្ត
អ៊ុំផាត់«ឲ្យអ៊ុំទៅជាមួយទេគ្រាន់បានជាគ្នា»
អាទិត្យ«ចឹងក៏ល្អដែរអ៊ុំ» ទាំងពីរនាក់ក៏បម្រុងស្ទុះចេញដំណើរទៅតែក៏ត្រូវចាន់ស្ទាក់ពីមុខ
ចាន់«ខ្ញុំទៅម្នាក់ដែរ» អ៊ុំផាត់លឺហើយក៏ប្រញាប់ប្រកែកឡើងភ្លាម
អ៊ុំផាត់«មិនបានទេ ឯងទៅមិនបានទេនាងចាន់ វាគ្រោះថ្នាក់» ចាន់លឺហើយក៏នៅតែប្រកែកចចេសជាមួយឪពុក
ចាន់«ខ្ញុំចង់ទៅដែរ បងអាទិត្យឲ្យខ្ញុំទៅម្នាក់ផង ខ្ញុំនឹងមិនអីទេ ព្រោះមានពុកមានបងនៅជាមួយហើយ» អាទិត្យដោយហេតុថាប្រញាប់ផង ក៏សម្លឹងមើលមុខអ៊ុំផាត់បន្តិចមុននឹងនិយាយតែម្ដង
អាទិត្យ«បាន តោះអ៊ុំកុំឲ្យខាតពេល» អាទិត្យនិយាយចប់ក៏ប្រញាប់ចេញទៅយ៉ាងលឿន ឯអ៊ុំផាត់ក៏ងាកសម្លឹងមើលមុខចាន់បន្តិចមុននឹងនាំគ្នាដើរចេញទៅតាមក្រោយ ក្រឡេកមកមើលខាងមេកងឯនេះវិញនាំគ្នានៅអេះអុញៗមិនព្រមចុះទៅណាសោះ
សែប«មេកងហ្អា ខ្ញុំថាយើងគួរតែចុះទៅមើលទៅនៅបែបនេះមិនដឹងស្ថានការណ៍ទេ»
មេកងចក្រៃយ៍«ចេះចុះស្រីក្វាន់នៅក្នុងឡាននេះហើយ ខ្ញុំនិងសែបនាំគ្នាចុះទៅ មានរឿងអីស្រីក្វាន់មិនបាច់ចុះទៅទេ ទោះជាលឺសម្លេងអ្វីក៏កុំចុះទៅ»
ស្រីក្វាន់«តែខ្ញុំបារម្ភពីគ្រប់គ្នា»
មេកងចក្រៃយ៍«មិនអីពួកខ្ញុំចេះការពារខ្លួនហើយ»
ស្រីក្វាន់«ប្រយ័ត្នខ្លួនផងណាមេកង» មេកងក៏ញញឹមដាក់ស្រីក្វាន់ដើម្បីបញ្ជាក់ផ្ដល់ទំនុកចិត្តដល់ស្រីក្វាន់កុំឲ្យបារម្ភ ហើយក៏ងាកខ្លួនបម្រុងនឹងនាំគ្នាចុះទៅហើយស្រាប់តែពេលនោះ ពួកគេក៏នាំគ្នាឃើញវត្តមានរបស់អាទិត្យដែលពេលនេះក្លាយខ្លួនជាចោរឆាតនៅចំពោះមុខខ្លួននៅទីនេះដូចគ្នា
សែប«ហ៊ើយនោះចោរឆាតតាសមេកង» លឺបែបនេះស្រីក្វាន់ក៏ប្រញាប់ក្រឡេកភ្នែករកមើលភ្លាមក្រោយពេលឃើញថាជាចោរឆាតពិតមែន ក៏នឹកគិតហៅឈ្មោះគេក្នុងចិត្តតែម្នាក់ឯងទាំងព្រួយបារម្ភមួយកម្រិតទៀត
ស្រីក្វាន់«បងអាទិត្យ!» ពេលនេះទាំងសែបនិងមេកងនាំគ្នាកើតការឆ្ងល់ពេញខួរក្បាលគ្រប់គ្នាក្រោយពេលឃើញមានវត្តមានរបស់ចោរឆាតនៅទីនេះ ចោរឆាតដែលនៅម្ខាងទៀតពេលនេះមិនបានចាប់អារម្មណ៍ជាមួយនឹងវត្តមានរបស់ក្រុមមេកងនោះទេ ព្រោះថាគេមើលមិនឃើញឡើយ ចោរឆាតលបមើលមុខក្រោយបញ្ជាក់រួចហើយក៏ដកកថាម្លូររបស់ខ្លួនចេញមកសូត្រគាថាបំបាំងកាយរួចហើយក៏ដាក់ជាប់នៅត្រចៀកខាងឆ្វេងហើយក៏បាត់ខ្លួនបាត់ទៅ ពេលនេះសែបនិងមេកងនាំគ្នាសម្លឹងមុខគ្នាទៅវិញទៅមកទាំងមិនយល់ មេកងក៏ប្រញាប់រត់ចង់ចូលទៅខាងមុខល្អាងភ្លាមដើម្បីពិនិត្យមើល តែក៏ឃើញថាមានគ្នាកូនចៅរបស់ហ៊ាហានបួនប្រាំនាក់នៅយាមនៅខាងក្រៅល្អាង ទាំងពីរនាក់ក៏នាំគ្នាពិភាក្សាគ្នាស្ងាត់ៗ
សែប«ធ្វើយ៉ាងម៉េចទៅមេកងបើគ្នាវានៅពេញមុខនឹងចឹង»
មេកងចក្រៃយ៍«ខ្ញុំក៏មិនដឹងដូចគ្នាចាំមើលបន្តិចទៀតទៅសែប»
សែប«មេកង ចុះការដែលចោរឆាតវាមកទីនេះមានរឿងអីកើតឡើង ឬមួយចោរឆាតពិតជាដៃជើងរបស់ហ៊ាហានដូចអីដែលមេកងគិតពិតមែន?» សម្ដីនេះធ្វើឲ្យមេកងគិតឡើងភ្លាមដល់ពាក្យដែលខ្លួនបានថាឲ្យចោរឆាតនៅយប់ថ្ងៃដែលពួកគេបានឈ្លោះគ្នា
មេកងចក្រៃយ៍«ប្រហែលជាបែបនឹងហើយ តែថាបើជាគ្នារបស់អាហានមែនចោរឆាតចាំបាច់បំបាំងកាយចូលទៅធ្វើអី?» សែបនិងមេកងក៏នាំគ្នាមើលមុខគ្នាចុះឡើងៗទាំងមិនយល់ ហើយក៏សម្លឹងមើលទៅកូនចៅហ៊ាហានដែលយាមនៅខាងមុខនោះ មួយសន្ទុះក្រោយមកក៏ស្រាប់តែមានគ្នាគេម្នាក់បានដួលសន្លប់ទៅនឹងដីដោយមិនដឹងខ្លួន ហេតុការណ៍នេះធ្វើឲ្យសែបនិងមេកងភ្ញាក់ឡើងសឹងតែមិនជឿ
មេកងចក្រៃយ៍«ហ៊ើយសែប! ម៉េចក៏ចឹង» មិនត្រឹមតែសែបនិងមេកងដែលភ្ញាក់ផ្អើលនោះទេគ្នាគេផ្សេងទៀតក៏ភ្ញាក់ផ្អើលនាំគ្នាទៅមើលគ្រប់គ្នា
៊«ហ៊ើយកើតស្អី?» គ្នាពួកវាម្នាក់បានសួរគ្នាតែស្រាប់តែមានមនុស្សសន្លប់ម្នាក់ទៀត ធ្វើឲ្យពួកវាចាប់ផ្ដើមឆ្លេឆ្លាភ្ញាក់ឡើង «ហ៊ើយចង្រៃយ៍ កើតស្អីនឹង?» សែបនិងមេកងក៏មិនទាន់ធ្វើអ្វីបានត្រឹមតែអង្គុយលបមើលពីចម្ងាយសិន
មេកងចក្រៃយ៍«ឬមួយនេះជាស្នាដៃចោរឆាតដែលបំបាំងកាយមុននេះ» សែបនិងមេកងក៏សម្លឹងមើលគ្នា ភ្លាមនោះក៏មានគ្នាគេម្នាក់ទៀតត្រូវបានចោរឆាតខ្ទប់ច្រមុះដាក់ថ្នាំសន្លប់អស់ម្នាក់ទៀត ពេលនេះគ្នារបស់ពួកវានៅសល់តែពីរនាក់ប៉ុណ្ណោះ ធ្វើឲ្យគ្នារបស់ពួកវាពីរនាក់ទៀតចាប់ផ្ដើមឆ្លេឆ្លាដកកាំភ្លើងចេញមក ទាំងមេកងនិងសែបក៏នាំគ្នាចាប់ផ្ដើមគិតសម្លឹងមើលមិនដាក់ភ្នែក
មេកងចក្រៃយ៍«សែប! សែបត្រឡប់ទៅមើលស្រីក្វាន់វិញទៅ ទុកឲ្យស្រីក្វាន់នៅម្នាក់ឯងគ្រោះថ្នាក់ណាស់ នៅទីនេះខ្ញុំចាត់ការម្នាក់ឯងបាន» មេកងងាកមកនិយាយជាមួយសែបទាំងទឹកមុខបារម្ភ
សែប«ប្រយ័ត្នខ្លួនផងមេកង» សែបនិងមេកងក៏ងក់ក្បាលដាក់ក្បាលដើម្បីជាការព្រមព្រៀងគ្នាទៅវិញទៅមក ហើយសែបក៏រត់មករកស្រីក្វាន់នៅឯក្នុងឡានវិញ
ស្រីក្វាន់«សែប! សែបមកវិញចុះឯណាមេកង» សែបចូលមកខាងក្នុងឡានហើយក៏បិទទ្វារឡានព្រមទាំងលួចសម្លឹងមើលទៅស្ថានភាពខាងមុខល្អាង មុននឹងបែរមកនិយាយជាមួយស្រីក្វាន់
សែប«មេកងបារម្ភខ្លាចថាស្រីក្វាន់កើតអី ទើបឲ្យខ្ញុំមកការពារសុវត្ថិភាពរបស់ស្រីក្វាន់វិញ ស្រីក្វាន់មិនបាច់បារម្ភពីមេកងពេកទេ ខ្ញុំជឿថាគាត់នឹងមិនអីទេ» សែបនិយាយទាំងទឹកមុខប្រាកដប្រជាជាមួយស្រីក្វាន់ទើបស្រីក្វាន់ងក់ក្បាលទុកចិត្តនឹងសម្ដីរបស់សែប តែទឹកមុខនៅតែបញ្ជាក់ប្រាប់ថានៅតែបារម្ភ យើងគ្រាន់តែមិនដឹងថាពេលនេះស្រីក្វាន់បារម្ភពីមេកងឬមួយក៏អាទិត្យឲ្យច្បាស់នោះទេ
សែប«ទាំងអស់នេះច្បាស់ជាស្នាដៃរបស់ចោរឆាតមិនខានទេ មិនដឹងថាគេអីលូវនេះជាមនុស្សល្អឬអាក្រក់ទេ ស្រីក្វាន់គិតយ៉ាងម៉េចដែរ» សែបនិយាយទាំងភ្នែកខំសម្លឹងមើលសកម្មភាពនៅខាងមុខល្អាងមិនដាក់ភ្នែក សម្ដីនេះធ្វើឲ្យស្រីក្វាន់មិនបានតបអ្វីទេគ្រាន់តែគិតក្នុងចិត្តតែម្នាក់ឯង
ស្រីក្វាន់«ចុះបងវិញមកទីនេះធ្វើអី? ខ្ញុំបារម្ភពីបងសឹងតែថប់ដង្ហើមទៅហើយ ខ្ញុំចង់តែស្ទុះចេញទៅរកបងទេតែខ្ញុំធ្វើមិនបានព្រោះខ្លាចថាការបារម្ភរបស់ខ្ញុំនាំទុកដល់បង ប្រហែលជាបងមកនេះធ្វើកិច្ចការអ្វីហើយ ខ្ញុំទុកចិត្តលើបងថាបងជាមនុស្សល្អជានិច្ច» ស្រីក្វាន់ក៏បានគិតក្នុងចិត្តតែម្នាក់ឯងទាំងទឹកមុខបារម្ភ មុននឹងឆ្លើយទៅកាន់សែបវិញ
ស្រីក្វាន់«ខ្ញុំថាចោរឆាតគ្មានថ្ងៃនឹងជាមនុស្សអាក្រក់ទេ ព្រោះគេមកប្រហែលជាមានហេតុផលរបស់គេសែប» សែបស្ដាប់ហើយក៏ងាកមុខមកមើលមុខស្រីក្វាន់ភ្លាម
ក្រឡេកមកមើលសកម្មភាពរបស់ចោរឆាតវិញពេលនេះក៏បានខ្ទប់ច្រមុះគ្នាគេម្នាក់ទៀតធ្វើឲ្យពេលនេះនៅសល់តែគ្នាវាម្នាក់ឯងប៉ុណ្ណោះ អាម្នាក់នេះក៏ចាប់ផ្ដើមឆ្លេឆ្លា សម្លឹងមើលគ្នាវាដែលដួលសន្លប់នោះទាំងស្លន់ស្លោ រួចក៏រត់ប្រុងចូលទៅក្នុងល្អាងតែក៏ត្រូវឈប់វិញព្រោះក៏លេចចេញនៅវត្តមានចោរឆាតនៅពីមុខខ្លួន វាក៏លើកកំភ្លើងបម្រុងនឹងបាញ់ចោរឆាតតែចោរឆាតរហ័សទាត់ទម្លាក់កាំភ្លើងវាចោល ហើយក៏ស្ទុះទៅច្របាច់កមួយទំហឹងដូចកម្រោលចូលរហូតដ៏ថ្នាក់ហើបជើងផុតដី ហេតុការណ៍នៅចំពោះមុខនេះធ្វើឲ្យមេកងបើកភ្នែគធំៗសឹងតែមិនជឿ
មេកងចក្រៃយ៍«ចោរឆាត!» មេកងលាន់មាត់ឡើងតែម្នាក់ឯង
ក្រោយពីច្របាច់កសឹងតែដាច់ខ្យល់ទៅហើយចោរឆាតក៏ទម្លាក់វាចុះវិញ ស្របពេលដែលវាដង្ហក់ធ្វើអ្វីមិនកើតដួលនៅនឹងដីចោរឆាតក៏ដើរចូលទៅចាប់សក់ក្បាលវារុញចាប់មុខផ្អឹបនឹងថ្នាំសន្លប់របស់ខ្លួនទោះបីជាខំរើបម្រាស់យ៉ាងណាក៏មិនរួចនោះវាក៏សន្លប់បាត់ទៅ ចោរឆាតក៏បោះក្រណាត់ថ្នាំសន្លប់នោះចោល មុននឹងបំបាំងកាយចូលទៅខាងក្នុងបាត់ គាប់ជួនជាពេលល្អបែបនេះមេកងក៏ឆ្លៀតឳកាសរត់ទៅខាងមុខល្អាងយ៉ាងលឿន
ពេលមកដល់ខាងមុខល្អាងមេកងក៏អើតកសម្លឹងមើលទៅខាងក្នុង អ្វីដែលមេកងឃើញនោះគឺនាយកងនិងថៅកែគៀងកំពុងតែឈរសងខាងហ៊ាហានដែលកំពុងតែធ្វើពិធីអ្វីក៏មិនដឹង ដោយនៅពីមុខដុំថ្មមួយដែលជះពន្លឺក្រហមចេញមកពីខាងក្នុងនោះ ស្របពេលដែលហ៊ាហានសូត្របាលីកាន់តែខ្លាំងសម្លេងអ្វីម្យ៉ាងក៏បន្លឺចេញមកកាន់តែខ្លាំងដូចគ្នាដែលនោះគឺប្រៀបដូចជាសម្លេងសត្វអ្វីម្យ៉ាងស្រែកចេញមកពីខាងល្អាងខាងឆ្វេងដៃ ធ្វើឲ្យមេកងព្រឺក្បាលឡើង
ចោរឆាតដែលចូលមកដល់ខាងក្នុងនោះកំពុងតែបំបាំងកាយឈរមើលការធ្វើពិធីរបស់ហ៊ាហានទាំងទឹកមុខមុតមាំ ភ្នែកដែលខ្មៅក៏ប្រែទៅដូចជាក្រហមឡើងមកព្រោះតែចិត្តខឹងគុំគួនជាមួយហ៊ាហានពេក ទាំងមេកងនិងចោរឆាតពេលនេះគឺសម្លឹងមើលហ៊ាហានមិនដាក់ភ្នែកដូចគ្នា
ស្របពេលនោះសម្លេងដែលដូចជាសត្វបានស្រែកនោះវាកាន់តែលឺឡើងពេញព្រៃធ្វើឲ្យអ៊ុំផាត់និងចាន់ដែលនៅខាងក្រៅកំពុងតែសម្លឹងមើលមុខគ្នាទាំងភ័យបារម្ភ
ចាន់«ខ្ញុំចង់ទៅជួយបងអាទិត្យ»ចាន់បម្រុងស្ទុះរត់ទៅរកអាទិត្យព្រោះតែបារម្ភពេកតែក៏ត្រូវអ៊ុំផាត់ជាឪពុកចាប់ដៃជាប់ឃាត់ទាន់
អ៊ុំផាត់«មិនបានទេ អាទិត្យវាមិនអីទេ ឯងមកវាចេះតែបែបនេះទើបពុកមិនចង់ឲ្យមក ទុកចិត្តបងឯងខ្លះទៅ គេមិនមែនកូនក្មេងដូចឯងគិតទេ»
ចាន់«ពុកមិនលឺសម្លេងស្អីអស់នេះទេហ្អេស បើបងគាត់កើតអីឡើងមកគិតយ៉ាងម៉េច?» ចាន់នៅតែចង់ចូលទៅតែអ៊ុំផាត់ចាប់ទាញដៃកន្ត្រាក់ខ្លួនចាន់មកវិញ
អ៊ុំផាត់«ពុកប្រាប់ថាឲ្យនៅឲ្យស្ងៀម នេះវាអាចគ្រាន់តែជាសម្លេងដែលសត្វនៅក្នុងល្អាងវាផ្អើលវាស្រែកឡើងមកក៏ថាបាន កុំចូលទៅនាំទុកឲ្យបងឯងអី» ចាន់លឺហើយក៏នៅតែបារម្ភភ្នែកសម្លឹងមើលទៅមិនឈប់ តែក៏សម្រេចចិត្តនៅស្ងៀមវិញមិនចចេស អ៊ុំផាត់ឃើញកូននៅស្ងៀមស្ដាប់បង្គាប់គាត់ក៏ប្រលែងដៃកូនចេញទាំងសម្លឹងមើលមុខកូនមិនឈប់ ព្រោះអ្នកដែលគាត់បារម្ភគឺជាចាន់
បើនិយាយពីស្រីក្វាន់ឯនេះក៏ឆ្លេឆ្លាមិនស្ទើរដែរតែដោយសារតែស្ដាប់អ្វីដែលមេកងបាននិយាយប្រាប់ខ្លួនទើបស្រីក្វាន់មិនហ៊ានចុះទៅណាទេ
ស្រីក្វាន់«សែប! នេះមេកងអាចកើតអីដែរទេ? ស្ដាប់សម្លេងអស់ទាំងនេះមើលចុះ ដូចជាមិនស្រួលសោះហើយ»
សែប«ខ្ញុំក៏បារម្ភពីមេកងដូចគ្នាបាទ តែមេកងបញ្ជារួចហើយខ្ញុំមិនហ៊ានធ្វើអ្វីលើសបញ្ជាមេកងទេបាទ»
ស្រីក្វាន់«ចុះបើសិនមេកងមានគ្រោះថ្នាក់?» លឺបែបនេះភ្លាមសែបក៏បែរមុខសម្លឹងមើលមុខស្រីក្វាន់ភ្លាម ក្នុងចិត្តទាំងពីរនាក់បារម្ភដូចគ្នាតែមិនទាន់ហ៊ានធ្វើអ្វីបាន
សែប«បើសិនមេកងមានគ្រោះថ្នាក់ទុកឲ្យខ្ញុំជាអ្នកចេញទៅជួយ» សែបនិយាយបញ្ជាក់ទាំងទឹកមុខមុតមាំដើម្បីឲ្យស្រីក្វាន់ស្ងប់ចិត្ត ស្រីក្វាន់ក៏ស្ងាត់ព្រមស្ដាប់សម្ដីសែបតែទឹកមុខនិងកែវភ្នែកបញ្ជាក់ច្បាស់ណាស់ថានៅតែបារម្ភជួបគ្នាយប់នេះជាមួយភាគបន្ត
YOU ARE READING
ស្នេហ៍ចិត្តពីរ
Romanceខាងយើងខ្ញុំធ្វើការផុសរឿងនៅថ្ងៃ ព្រហ សុក្រ សៅរ៍ អាទិត្យ វេលាម៉ោង10យប់ ប្រលោមលោកបែបស្នេហា ស្រីនិងស្រី នេះជាប្រលោមលោកបែបមនោសញ្ចេតនា មានទាំងអាគមគាថា លាយលំនឹងស្នេហាដែលមិនអាចបែកចែកបាន ប្រលោមលោកមួយនេះជាការសរសេរលើកដំបូង បើសិនជាមានកន្លែងណាដែលមិនសមរម្យ ខុសទ...