ចោរឆាតកំពុងតែដើរទាំងពិបាកចិត្តទៅជម្រកចោរវិញទាំងយប់ជ្រៅម្នាក់ឯង គាប់ជួនពេលនោះសុខៗក៏ស្រាប់តែមានសម្លេងអ្វីមិនដឹងមកតាមពីក្រោយចោរឆាត តែចោរឆាតក៏ធ្វើជាដើរទៅមុខធម្មតា ទៅដល់កន្លែងមួយស្ងាត់ចោរឆាតក៏ឈប់ដំណើរហើយក៏ងាកមកក្រោយភ្លាមៗឃើញ ថាអ្នកដើរពីក្រោយគឺជាស្រីក្វាន់ ចោរឆាតពេលនេះបើកភ្នែកធំៗ ភ្ញាក់ផ្អើលនឹងវត្តមានរបស់ស្រីក្វាន់ជាខ្លាំង ស្រីក្វាន់ក៏ធ្វើមុខភ័យៗ ប្រុងនឹងរត់គេចចេញទៅតែត្រូវចោរឆាតហៅឲ្យឈប់
ចោរឆាត«ឈប់! ចង់ទៅណា?» សម្ដីចោរឆាតស្រែកសម្លុតស្រីក្វាន់ ធ្វើឲ្យស្រីក្វាន់ញ័រខ្លួនងាកមករកចោរឆាតវិញ ទាំងមិនហ៊ានមើលមុខគេចំ ចោរឆាតក៏ដើរទៅជិតស្រីក្វាន់
ចោរឆាត«ដើរតាមខ្ញុំធ្វើអី? ជាកូនចៅអ្នកណាមែនទេ? ឬជាកូនចៅរបស់មេកង មិនបាច់ខំតាមអង្វរទេខ្ញុំមិនជួយដាច់ខាត» ចោរឆាតនិយាយដូចជាសម្លុតក្វាន់ដល់ហើយ ព្រោះថាចោរឆាតគិតថាស្រីក្វាន់ជាគ្នីគ្នារបស់មេកង ដែលមកតាមអង្វរខ្លួនឲ្យជួយ តែតាមពិតស្រីក្វាន់មិនដឹងអីទេ ពេលនេះស្រីក្វាន់រៀងភាំងនឹងសម្ដីរបស់ចោរឆាត ងើយសម្លឹងមើលមុខចោរឆាតទាំងមិនយល់
ស្រីក្វាន់«មេកង? នេះមានរឿងអី? ជួយមេកងរឿងអី?» ចោរឆាតពេលនេះកាន់តែខឹងហើយតែក៏ទប់អារម្មណ៍មិននិយាយខ្លាំងដាក់ស្រីក្វាន់
ចោរឆាត«រឿងដែលវាចង់ឲ្យខ្ញុំជួយតាមចាប់ថៅកែគៀងមកវិញ ខ្ញុំមិនធ្វើទៀតទេ? ព្រោះខ្ញុំមិនមែនប៉ូលិស» និយាយចប់ក៏ដើរចេញទៅយ៉ាងលឿន ស្រីក្វាន់ក៏បានត្រឹមតែឈរសម្លឹងមើលចោរឆាតទាំងមិនយល់ពីអ្វីដែលចោរឆាតនិយាយ ខ្លួនក៏មកជួបចោរឆាតនេះដោយសារតែចង់មករកអាទិត្យថានៅធ្វើការនៅបារដែលឬអត់តែក៏ឃើញចោរឆាតដើរមក ហើយក៏ដើរតាមក្រោយតែម្ដងទៅ គាប់ជួនពេលនោះស្រីក្វាន់ក៏ក្រឡេកមើលឃើញស្នាមនៅលើដៃរបស់ចោរឆាត តែក៏មិនបានចាប់អារម្មណ៍ច្រើនដែរ
នៅឯផ្ទះរបស់មេកង ពេលនេះមេកងនិងសែបបាននាំគ្នាមកដល់ផ្ទះវិញហើយ ក៏ឃើញថាផ្ទះស្ងាត់ដូចគ្មានមនុស្សចឹង មេកងក៏ដើរចូលទៅទុកឲ្យសែបបើកឡានទៅទុកនៅឯផ្ទះខ្លួន ចូលមកដល់មេកងក៏ឃើញថាមីងយ៉ែមកំពុងតែសម្រានលក់នៅលើសាឡុង មិនចង់រំខានមេកងក៏ដើរទៅខាងលើ ទៅរកស្រីក្វាន់ពេលបើកទ្វារមកក៏ឃើញថាស្រីក្វាន់កំពុងតែអង្គុយចាំមេកងមកវិញ ឃើញមេកងបើកទ្វារមកស្រីក្វាន់ក៏ស្ទុះក្រោកឡើងញញឹមមករកមេកងយ៉ាងលឿន
មេកងនិងស្រីក្វាន់ពេលនេះក៏នាំគ្នាមកបន្ទប់ទទួលភ្ញៀវវិញព្រោះថាមេកងមើលទៅដូចជាពិបាកចិត្តដល់ហើយ មីងយ៉ែមក៏យកទឹកមកឲ្យមេកងមួយកែវ
មីងយ៉ែម«មេកងរបួសពេញមុខមាត់បែបនេះ មានរឿងអីនៅបាមែនទេ?» មីងយ៉ែមសួរទាំងទឹកមុខបារម្ភ ស្រីក្វាន់ក៏សម្លឹងមើលមេកងទាំងបារម្ភដូចគ្នា
មេកងចក្រៃយ៍«គឺជួបគ្នាជាមួយពួកអ្នកលេង» ស្រីក្វាន់លឺបែបនេះក៏ភ្ញាក់តែម្ដង គិតទៅដល់សម្ដីចោរឆាតបាននិយាយមកខ្លួនបន្តិចហើយក៏សួរមេកង
ស្រីក្វាន់«ចុះមេកងទប់ទល់តែម្នាក់ឯងមែនទេ?» មេកងក៏ក្រវីក្បាលតិចៗ
មេកងចក្រៃយ៍«អត់ទេ! ចោរឆាតមកជួយទាន់ពេល» និយាយហើយមេកងក៏ដកដង្ហើមធំម្ដងទៀត រួចក៏និយាយបន្ត
មេកងចក្រៃយ៍«មិននឹកស្មានថា ពួកវាប្រើល្បិចចឹងទេ ពេលនេះថៅកែគៀងរត់បាត់ហើយ» លឺបែបនេះភ្លាមមីងយ៉ែមនិងស្រីក្វាន់ក៏ភ្ញាក់ស្រែកនិយាយឡើងដំណាលគ្នា
«ហ្អាស? រត់បាត់?» និយាយចប់ស្រីក្វាន់ក៏សួរបន្ត
ស្រីក្វាន់«ហើយចុះចោរឆាតនោះ គេអាចនឹងជួយមេកងបានណា» មេកងសម្លឹងមើលមុខស្រីក្វាន់បន្តិច
មេកងចក្រៃយ៍«អត់ទេ ខ្ញុំនិងគេ ពួកយើងបានឈ្លោះគ្នា គេមិនមកជួយទៀតទេ? តែយ៉ាងណាកុំបារម្ភអី ខ្ញុំអាចតាមរកថៅកែគៀងបាន ខ្ញុំនឹងអូសក្បាលវាមកវិញឲ្យតតែបាន ចុះមិចក៏ស្រីក្វាន់ដឹងពីចោរឆាត?» មេកងនិយាយទាំងមុតមាំ ស្រីក្វាន់ក៏ដាក់ខ្លួនអង្គុយចុះជិតមេកងព្រមទាំងសម្លឹងមើលមុខមេកងមុននឹងនិយាយរកលេសដោះសារទាំងរដាក់រដុប
ស្រីក្វាន់«គឺ...គឺថា...មេកង មេកងធ្វើរឿងនេះតែម្នាក់ឯងមិនកើតទេ ព្រោះថាហ៊ាហាននិងថៅកែគៀង មិនស្រួលដូចដែលមេកងគិតទេ យ៉ាងណាខ្ញុំក៏នៅតែគិតថាចោរឆាតអាចជួយមេកងបាន ព្រោះកន្លងមកគេក៏ជាអ្នកជួយអ្នកភូមិ» និយាយរួចហើយមេកងក៏ងាកមករកស្រីក្វាន់
មីងយ៉ែម«តែមេកងនិងចោរឆាតនេះ មិនត្រូវគ្នាបានអ្នកណាជួយ ណាមួយមេកងជាប៉ូលិស» លឺសម្ដីមីងយ៉ែមបែបនេះស្រីក្វាន់ ក៏នឹកឃើញដល់ពាក្យដែលចោរឆាតបាននិយាយមកកាន់ខ្លួន ថាគេមិនមែនជាប៉ូលិស ស្រីក្វាន់ក៏យល់ភ្លាមថាចោរឆាតនិងមេកងឈ្លោះគ្នារឿងអ្វី
មេកងចក្រៃយ៍«ខ្ញុំថានៅមានមនុស្សម្នាក់ទៀតដែលមានថ្វីដៃមិនចាញ់ ចោរឆាតទេ» ស្រីក្វាន់ក៏ធ្វើមុខឆ្ងល់ មីងយ៉ែមក៏សួរបន្ត
មីងយ៉ែម«អ្នកណាគេមេកង?»
មេកងចក្រៃយ៍«គឺអាទិត្យនោះអី ជាក្មេងដែលធ្វើការនៅក្នុងបារ» ស្រីក្វាន់ក៏ភ្ញាក់ហើយរហ័សសួរភ្លាម
ស្រីក្វាន់«បងអាទិត្យនិងហ្អេស?» លឺមេកងនិយាយភ្លាមស្រីក្វាន់ក៏ស្រមៃដល់ពេលដែលខ្លួនឃើញស្នាមដៃនៅលើដៃរបស់ចោរឆាតភ្លាមហើយក៏និយាយម្នាក់ឯងតិចៗ «ឬក៏ជាមនុស្សតែមួយ»
មីងយ៉ែម«មែនហើយៗ ខ្ញុំភ្លេចឲ្យឈឹង គេក៏ពូកែមិនធម្មតាដែល» ស្រីក្វាន់ក៏ងាកមើលមុខមីងយ៉ែមបន្តិចមើលមុខមេកងបន្តិចដូចជាមានអារម្មណ៍អ្វីមិនដឹងទេ
នៅឯជម្រកចោរ ពេលនេះអាទិត្យក៏បានមកដល់ ដើរយ៉ាងលឿនទាំងមុខមាំទៅសម្ដៅទៅកាន់ផ្ទះខ្លួន តែថាមិនបានឃើញចាន់នៅអង្គុយចាំដូចរាល់ដងទេតែបែរជាឃើញអ៊ុំផាត់នៅអង្គុយចាំទៅវិញ អាទិត្យដើរមកដល់ក៏ឈប់ដំណើរបន្តិច
អ៊ុំផាត់«យ៉ាងមិចឯង? ស្លៀកពាក់បែបនេះ មានរឿងស្អីមែនទេ?» អ៊ុំផាត់សម្លឹងមើលខ្លួនអាទិត្យឃើញស្លៀកពាក់ជាចោរ គាត់ក៏សួរអាទិត្យ
អាទិត្យ«គឺមានណាអ៊ុំ»
អ៊ុំផាត់«រឿងស្អី?»
អាទិត្យ«ថៅកែគៀងរត់បាត់ហើយ»
អ៊ុំផាត់«រត់បានយ៉ាងមិច?»
អាទិត្យ«គឺវាជួលឲ្យអ្នកលេងមួយក្រុមមកបង្វែងដានពន្យាពេលពួកខ្ញុំនិងមេកងឲ្យមកវាយគ្នាជាមួយវា ហើយមួយក្រុមទៀតក៏ទៅជួយថៅកែគៀង»
អ៊ុំផាត់«ហ៊ើយ..តែមុននេះឯងនិយាយថាមិច? ឯងនិងមេកងចឹងហ្អេស?» អ៊ុំផាត់សួរបញ្ជាក់ពីអ្វីដែលអាទិត្យនិយាយមុននេះ
អាទិត្យ«គឺចេះណាអ៊ុំ អាមេកងវាទៅបារហើយគាប់ជួនពួកអ្នកលេងមួយក្រុមនុង ក៏មកតាមពួកវាក៏ចេញទៅក្រៅ ខ្ញុំក៏ទៅតាមបានឃើញពួកវាព្រួតវាយអាមេកងក៏ចូលទៅជួយ តែថាការជួយរបស់ខ្ញុំវាបានទោសមកវិញ ពេលដែលមកដល់ប៉ុស្តិ៍ប៉ូលិសវិញថៅកែក៏រត់បាត់»
អ៊ុំផាត់«បានទោសយ៉ាងមិច? អាមេកងវាប្រុងចាប់ឯងមែនទេ?»
អាទិត្យ«មែនហើយ ព្រោះវាបាននិយាយថាខ្ញុំនេះជាចោរយ៉ាងណាក៏ជាមនុស្សល្អមិនបានណាអ៊ុំ» អាទិត្យនិយាយដល់កន្លែងនេះភ្លាមចិត្តខឹងក៏កើតមានមកម្ដងទៀត
អ៊ុំផាត់«ចុះឯងមិនគិតតាមចាប់អាថៅកែគៀងមកវិញទេហ្អេស?»
អាទិត្យ«ខ្ញុំដឹងថាវានៅឯណាតែខ្ញុំមិនចង់ជួយអាមេកងទៀតទេ?» អ៊ុំផាត់ស្ដាប់លឺហើយក៏លើកដៃគោះស្មាអាទិត្យតិចៗមុននឹងនិយាយ
អ៊ុំផាត់«ក៏ល្អហើយ មិនបាច់ពាក់ព័ន្ធអ្វីជាមួយប៉ូលិសទៀតទេ ទៅសម្រាកទៅយប់ហើយ» អ៊ុំផាត់ក៏ងក់ក្បាលតិចៗដាក់អាទិត្យ មិនបានតបអ្វីទៀតអាទិត្យក៏ដើរចេញទៅបាត់ទៅ
នៅឯផ្ទះមេកង មេកងពេលនេះកំពុងតែឈរងូតទឹកនៅក្រោមតំណក់ទឹកដែលកំពុងតែធ្លាក់ចុះមកលើខ្លួនទាំងអោនមុខចុះនិងមានទឹកមុខស្រងូតស្រងាត់ មេកងក៏ងើយមុខឡើងយកដៃចូកសក់របស់ខ្លួនមុននឹងដកដង្ហើមធំបន្តិច រួចក៏គិតស្រមៃទៅដល់ពេលដែលខ្លួននិងចោរឆាតបានឈ្លោះគ្នា ពាក្យដែលចោរឆាតបាននិយាយលឺឡើងពេញត្រចៀករបស់មេកងពេញទំហឹង ត្រង់ពាក្យចោរឆាតបាននិយាយថា «អឺ ដោយសារតែគ្មានជម្រើស ទើបរើសធ្វើចោរ មនុស្សដូចឯងនេះគ្មានថ្ងៃយល់ពីជីវិតកូនកំព្រាដូចយើងទេ អាមេកង យើងជាកូនកំព្រា គេចិញ្ចឹមតាមរបៀបជាចោរ រស់នៅក្នុងជម្រកចោរក៏ត្រូវធ្វើជាចោរនឹងហើយ» ពាក្យមួយឃ្លានេះធ្វើឲ្យមេកងនៅមិនសុខមិនស្រណុកចិត្តតតែសោះ ណាមួយក៏មានអារម្មណ៍ថាខ្លួនឯងខុសព្រោះចោរឆាតជាអ្នកខំមកជួយខ្លួនតែខ្លួនបែរជាចោទប្រកាន់គេនិងមើលងាយគេថែមទៀត
មួយសន្ទុះក្រោយមកមេកងក៏ដើរចេញមកពីបន្ទប់ទឹកជាប់ជាមួយកន្សែងនៅនឹងចង្កេះខ្លួន ចៃដន្យក៏ជល់មុខគ្នាជាមួយស្រីក្វាន់ដែលដើរចេញពីបន្ទប់មក ស្រីក្វាន់ក៏មុខក្រហមឡើងភ្លាមៗព្រោះមេកងនៅឈរពីមុខខ្លួនធ្វើឲ្យឃើញសាច់ដុំទាំងកងៗនៅចំពោះមុខ
ស្រីក្វាន់«អ..អឺ...គឺថាមេកងជៀសផ្លូវបន្តិចបានទេ ខ្ញុំទៅបន្ទប់ទឹកបន្តិច» ស្រីក្វាន់និយាយទាំងរដាក់រដុប ដូចជាអៀនជាមួយមេកងសូម្បីតែមុខក៏មិនហ៊ានសម្លឹងមើលមេកងដែរ មេកងឃើញបែបនេះក៏សើចតិចៗរួចក៏អោនទៅនិយាយជាមួយស្រីក្វាន់
មេកងចក្រៃយ៍«ខ្ញុំធ្វើឲ្យស្រីក្វាន់ភ័យមែនទេ? បានជាមិនមើលមុខខ្ញុំសោះចឹង» លឺបែបនេះស្រីក្វាន់ក៏ងើបមុខឡើងសម្លឹងមើលមុខមេកងមុននឹងនិយាយទៅវិញ
ស្រីក្វាន់«ចា អត់ទេ! តែមេកងមកទាំងបែបនេះ ខ្ញុំមិចនឹងហ៊ានមើលមេកងនោះ» មេកងក៏ងើបមុខចេញពីស្រីក្វាន់ព្រមទាំងញញឹមងក់ក្បាលតិចៗ តែមិនព្រមជៀសផ្លូវស្រីក្វាន់ ស្រីក្វាន់ក៏និយាយម្ដងទៀត
ស្រីក្វាន់«មេកងជៀសផ្លូវខ្ញុំបានឬនៅ?» មេកងក៏ងាកខ្លួនចេញឲ្យស្រីក្វាន់ ស្រីក្វាន់ក៏ញញឹមដូចជាអៀនមេកងបន្តិចហើយក៏ប្រញាប់ដើរទៅបាត់ ទុកឲ្យមេកងឈរសម្លឹងមើលស្រីក្វាន់ពីក្រោយទាំងញញឹមមិនឈប់ មិនព្រមទៅបន្ទប់ខ្លួនសោះ បែបនេះទំនងជាលង់ស្នេហ៍ស្រីក្វាន់ងប់ហើយ
ស្រីក្វាន់មកដល់បន្ទប់ទឹកក៏ប្រញាប់ចូលហើយបិទទ្វារបន្ទប់ទឹកទាំងផ្អឹបខ្លួនទៅនឹងទ្វារញញឹមអៀនប្រៀនតែម្នាក់ឯងដោយសារទង្វើររបស់មេកងមុននេះ តែក៏ភ្ញាក់ខ្លួនមកវិញប្រញាប់ទៅបើកទឹកលុបមុខចេញ
មេកងឯនេះកាលដែលចូលមកដល់បន្ទប់ហើយក៏ឈរមុខទូខោអាវភ្លឹកគិតដល់រឿងរបស់ចោរឆាតម្ដងទៀតមុននឹងនិយាយម្នាក់ឯងតិចៗ
មេកងចក្រៃយ៍«ខ្ញុំគួរតែទៅសូមទោសគេឬអត់? ហ៊ើយ...ពុទ្ធោអើយ» មេកងក៏យកដៃញីក្បាលខ្លួនទាំងស្មុគស្មាញព្រោះតែខ្លួនបានធ្វើខុសចំពោះមនុស្សដែលខំមកជួយខ្លួន
ក្រឡេកមកមើលអាទិត្យវិញពេលនេះកំពុងអង្គុយលើគ្រែទាំងមុខមាំ ដៃក្ដាប់ខ្សែរចងសក់របស់អ្នកណាក៏មិនដឹង ទឹកមុខដូចជាខឹងសម្បើមណាស់ អាទិត្យក៏បានស្រមៃទៅដល់ពេលដែលខ្លួនបានជួបជាមួយស្រីក្វាន់ ក្រោយពេលដែលអាទិត្យបានដើរចេញពីស្រីក្វាន់ ក្នុងចិត្តអាទិត្យក៏ខកចិត្តជាមួយស្រីក្វាន់ខ្លាំង ព្រោះថាមុននឹងជួបស្រីក្វាន់ប៉ុន្មានថ្ងៃមុនគេបានទៅទិញខ្សែរចងសក់ទុកឲ្យស្រីក្វាន់ដែលខ្សែរចងសក់នោះកំពុងតែត្រូវអាទិត្យក្ដាប់ជាប់ពេញដៃទាំងខឹងនេះឯង បានបន្តិចក្រោយមកអាទិត្យក៏ញាក់ស្លឹកត្រចៀកឡើង ដោយសារតែបានលឺកណ្ដឹងនៅនឹងជើងរបស់ថៅកែគៀងលឺឡើង ហើយអាទិត្យក៏និយាយម្នាក់ឯងទាំងកំហឹង
អាទិត្យ«ចាំមើលថាឯងនឹងចាប់វាបានយ៉ាងមិចបើគ្មានយើងជួយ សមត្ថភាពប៉ូលិសដូចជាឯងវាគ្មានបានការទេ» និយាយរួចអាទិត្យក៏ញញឹមបែបគុំគួនតែឡើងមក
នៅឯផ្ទះរបស់ហ៊ាហាន ពេលនេះហ៊ាហានកំពុងតែចុះពីលើឡានដើរសម្ដៅចូលទៅខាងក្នុងផ្ទះ ចូលទៅដល់ខាងក្នុងផ្ទះក៏ឃើញថាមីងព្រីមកំពុងតែអង្គុយចាំផ្លូវខ្លួននៅខាងក្នុង តែហ៊ាហានក៏សម្លឹងមើលមីងព្រីមទាំងមុខមាំ រួចក៏បោះថង់ខោអាវទៅឲ្យមីងព្រីមមុននឹងនិយាយ
ហ៊ាហាន«យើងទើបតែមកពីក្រុង ទិញទុកឲ្យឯងត្រៀមទៅក្រុងជាមួយយើងអាទិត្យក្រោយ» មីងព្រីមក៏សម្លឹងមើលមុខហ៊ាហានបន្តិចព្រោះមិនយល់ពីអ្វីដែលហ៊ានិយាយមុននេះ
មីងព្រីម«នាងខ្ញុំមិនទៅទេ ឲ្យនាងខ្ញុំទៅធ្វើអីទៅ? លោកបងមិនខ្លាចអ្នកស្រីម្លិះខឹងទេហ្អេស?» ហ៊ាហានក៏ដើរទៅច្របាច់មុខមីងព្រីមមួយទំហឹងដៃមុននឹងនិយាយទាំងសង្កត់សម្ដីខ្លាំងៗ
ហ៊ាហាន«នាងឯងគ្មានសិទ្ធិប្រកែកជាមួយយើងទេ យើងចង់ឲ្យនាងឯងធ្វើអីនាងឯងក៏ត្រូវតែធ្វើ» និយាយរួចហ៊ាហានក៏ក្រវាសមុខមីងព្រីមទៅម្ខាងមុននឹងដើរឡើងទៅខាងលើ ហើយក៏ជល់មុខជាមួយអ្នកស្រីម្លិះកំពុងតែឈរមើល តែមិនខ្វល់ហ៊ាហានក៏ដើរទៅបាត់ទុកឲ្យអ្នកស្រីម្លិះដើរចុះមករកមីងព្រីមទាំងកំហឹង «ហឹស...» អ្នកស្រីម្លិះកញ្ឆក់យកខោអាវពីដៃមីងព្រីមក្រវាត់ទៅម្ខាងទាំងខឹងរួចក៏ ងាកទៅបោចសក់មីងព្រីមភ្លាម
អ្នកស្រីម្លិះ«ហេតុអីក៏នាងឯងវាមុខក្រាស់ដ៏ថ្នាក់នេះហ្អាសនាងព្រីម? ហេតុអីក៏លោកបងមើលមិនឃើញយើង លោកបងចាប់អារម្មណ៍តែនាងឯង នាងឯងធ្វើស្អីដាក់លោកបងហាសនាងព្រីម?»
មីងព្រីម«អ្ហឹស!» និយាយចប់មីងព្រីមក៏រុញអ្នកស្រីម្លិះចេញពីខ្លួនទៅមួយទំហឹងមុននឹងនិយាយត
មីងព្រីម«ក៏ដោយសារអ្នកស្រីចរិកមិនបានបែបនេះឯងទើបលោកបងមើលមិនឃើញ» អ្នកស្រីម្លិះលឺមីងព្រីមដៀលខ្លួនបែបនេះហើយ មិនចាំយូរក៏ស្ទុះក្រោកឡើងមកស្រែកជេរមីងព្រីមភ្លាមៗ
អ្នកស្រីម្លិះ«មីប្រពន្ធចុង» ក្រោយពេលអ្នកស្រីម្លិះស្រែកហើយ មីងព្រីមលឺហើយក៏ប្រញាប់តបវិញមិនចាំយូរទេ
មីងព្រីម«អឺ ជាប្រពន្ធដើមដូចជានាងនឹងហើយទើបលោកបងមើលឃើញប្រពន្ធចុងដូចជាយើងនឹងហើយវ៉ើយ»
អ្នកស្រីម្លិះ«អាយ!!! មីនាងព្រីម!!» និយាយចប់មីងព្រីមក៏ដើរទៅរើសខោអាវរបស់ខ្លួនរួចក៏ដើរចេញទៅបាត់ទុកឲ្យអ្នកស្រីម្លិះ ឈរស្រែកតែម្នាក់ឯងទាំងខឹង
ឯហ៊ាហានឯនេះវិញមិនខ្វល់ពីប្រពន្ធណាឈ្លោះគ្នាក៏ឈ្លោះទៅហ៊ាហានក៏នៅតែឈរគិតពីរឿងត្បូងដែលនៅក្នុងអណ្ដូងរ៉ែរបស់ថៅកែគៀងតែមួយមុខគត់ថាត្រូវធ្វើបែបណាបន្ត ហើយក៏នឹងគិតពីគម្រោងរបស់ខ្លួនដែលឈរឈ្មោះជាតំណាងរាស្រ្តប្រចាំខេត្តគិរី កំពុងតែឈរគិតសុខៗអ្នកស្រីម្លិះក៏បើកទ្វារចូលមកមួយទំហឹង
ហ៊ាហាន«កើតស្អីអូននឹង មិនចេះថ្នមខ្លះទេហ្អេស? មានមើលម៉ោងទេម៉ោងប៉ុន្មានហើយ» ហ៊ាហានងាកមកនិយាយម៉ាត់ៗដាក់អ្នកស្រីម្លិះទាំងមុខមាំ ដែលអ្នកស្រីម្លិះកំពុងតែសម្លឹងមើលទៅហ៊ាហានទាំងខឹងដូចគ្នា
អ្នកស្រីម្លិះ«មិចក៏លោកបងយកចិត្តទុកដាក់ជាមួយមីព្រីមម្លេះ? វាជាប្រពន្ធចុង ខ្ញុំជាប្រពន្ធដើមស្របច្បាប់ណាលោកបង ខ្ញុំមិនស្មើរវាត្រង់ណាលោកបង?» អ្នកស្រីម្លិះឈរស្រែកដាក់ហ៊ាហានតែហ៊ាហានក៏ដើរមកឈរជិតសម្លឹងមុខអ្នកស្រីម្លិះវិញ
ហ៊ាហាន«ក៏បងប្រើវាជានុយនោះអី? បើអូននៅតែបែបនេះទៀតបងគ្មានថ្ងៃចាប់អារម្មណ៍អូនទេ»
អ្នកស្រីម្លិះ«ចឹងអូនក៏ទៅនិយាយជាមួយប៉ារឿងតំណាងរាស្រ្តដូចគ្នា» លឺប្រពន្ធនិយាយបែបនេះហ៊ាហានក៏យកដៃទៅចាប់ច្របាច់មាត់ប្រពន្ធខ្លួនភ្លាម មុននឹងសម្លុតទៅកាន់អ្នកស្រីម្លិះ
ហ៊ាហាន«ក្រែងបងប្រាប់អូនហើយមែនទេថាបងយកនាងព្រីមធ្វើជានុយ កម្ចាត់អាមេកងចោលចេញពីខេត្តគិរីនេះ បងក៏សហការណ៍ជាមួយប៉ាអូនរួចហើយ អូនគិតហ្អេសថាគាត់ជឿអូននោះ» និយាយចប់ហ៊ាហានក៏ក្រវាសមុខអ្នកស្រីម្លិះទៅម្ខាងហើយក៏ដើរចេញទៅបាត់ទៅ តាមពិតកាលដែលហ៊ាហានទៅក្រុងលើកនេះក៏ទៅជួបជាមួយប៉ារបស់អ្នកស្រីម្លិះនឹងឯង
ស្រមៃបកក្រោយបន្តិច ហ៊ាហាននិងប៉ារបស់អ្នកស្រីម្លិះកំពុងតែអង្គុយនិយាយគ្នាតែពីរនាក់
ប៉ា«ប៉ារៀបចំរឿងតំណាងរាស្ត្ររបស់ឯងរួចហើយហាន» ហ៊ាហានលឺបែបនេះក៏ទម្លាក់កែវទឹកដែលកំពុងផឹកចុះទៅលើតុវិញ
ហ៊ាហាន«អរគុណណាស់ប៉ា ខ្ញុំនឹងមិនធ្វើឲ្យប៉ាខកបំណងទេ តែខ្ញុំសូមឲ្យប៉ាជួយខ្ញុំរឿងមួយបានទេ»
ប៉ា«រឿងអីក៏និយាយមក ប៉ាចាំជួយឯងគ្រប់យ៉ាង» ហ៊ហានលឺហើយក៏ញញឹមចុងមាត់តិចៗ
ហ៊ាហាន«គឺចង់ឲ្យប៉ាជួយទៅប្តឹងថ្នាក់លើ ពីរឿងអាមេកងថ្មីនៅឯខេត្តគិរីដើម្បីកម្ចាត់វាអាមេកងចេញពីភូមិ ព្រោះរារាំងការងាររបស់ខ្ញុំណាប៉ា»
ប៉ា«ហេតុអីក៏ចាំបាច់ប្តឹងដល់ថ្នាក់លើធ្វើអី? ឯងមិនកម្ចាត់វាខ្លួនឯងទៅ»
ហ៊ាហាន«គឺព្រោះតែអាក្រៃយ៍សុទ្ធជាអ្នកគ្រប់គ្រងរបស់អាមេងថ្មីដែលជាកូនរបស់វា ពេលដែលថ្នាក់លើដឹងហើយក៏នឹងដាក់ឲ្យអាក្រៃយ៍សុទ្ធជាអ្នកចាត់ការរឿងនេះ បើវាធ្វើមិនបានឪកូនវាទាំងពីរនាក់នឹងធ្លាក់ចេញពីការងារ ហើយអាមេកងក៏នឹងត្រូវផ្លាស់ចេញពីខេត្តគិរី»
ប៉ា«ល្អ! តែយើងគ្រាន់តែទៅនិយាយជាមួយថ្នាក់លើជាមិត្តយើងប៉ុណ្ណោះ រឿងអីផ្សេងឯងចាត់ការខ្លួនឯងទៅ ចុះឯងចង់ឲ្យយើងទៅប្តឹងពីរឿងអី?» ហ៊ាហានក៏ញញឹមចុងមាត់ឡើងយ៉ាងពេញចិត្ត
ហ៊ាហាន«បាទប៉ា ខ្ញុំរៀបចំរួចហើយ រឿងចង់ឲ្យប៉ាប្តឹងនោះគឺរឿងដែលអាមេកងធ្វើឲ្យថៅកែគៀងដែលជាអ្នកជួញដូរមនុស្សរត់គេចខ្លួនបាន»
ប៉ា«ល្អ ប៉ានឹងទៅនិយាយជាមួយគេនៅថ្ងៃស្អែក»
ហ៊ាហាន«ចឹងអាទិត្យក្រោយខ្ញុំនឹង មកជួបប៉ាម្ដងទៀត» ហ៊ាហានក៏សើចឡើងទាំងពេញចិត្ត
ក្រឡេកមកមើលបច្ចុប្បន្នកាលវិញពេលនេះហ៊ាហានកំពុងតែដើរសម្ដៅទៅរកបន្ទប់របស់មីងព្រីមទាំងយប់ ជាមួយទឹកមុខមាំ ទៅដល់មុខបន្ទប់ក៏គោះទ្វារឡើងមួយទំហឹង
តុកៗៗ «សម្លេងគោះទ្វារ» មិនទាន់ឃើញបើកទ្វារហ៊ាហានក៏ស្រែកហៅបន្ថែម
ហ៊ាហាន«នាងព្រីម បើកទ្វារ នាងព្រីម!» បន្តិចក្រោយមកមីងព្រីមក៏បើកទ្វារឡើងតិចៗឃើញថាជាហ៊ាហាន មីងព្រីមក៏កើតចិត្តភ័យតិចៗ
មីងព្រីម«ហ៊ាមកមានការអី?» ហ៊ាហានមិនខ្វល់ក៏និយាយសម្លុតមីងព្រីម
ហ៊ាហាន«ចង់ឲ្យយើងគោះបែកទ្វារមែនទេបានជាមិនព្រមបើកទ្វារ យើងធុញចង់មករំសាយអារម្មណ៍» និយាយរួចហ៊ាហានក៏ចាប់មីងព្រីមចូលទៅខាងក្នុងនឹងព្រមទាំងចាប់ធ្វើបាបមីងព្រីមនៅយប់នេះតែម្ដងទៅ
ព្រឹកថ្ងៃថ្មីបានចូលមកដល់ពន្លឺចាំងចូលតាមបង្អួច ចូលទៅជះចប់ផ្ទៃមុខដ៏ស្រស់សង្ហាររបស់អាទិត្យដែលកំពុងតែដេកលង់លក់នៅលើគ្រែ ភ្លាមនោះក៏ស្រាប់តែមានសម្លេងបើកទ្វារចូលមករបស់អ្នកណាគេម្នាក់ចូលមកក្នុងបន្ទប់របស់អាទិត្យ ម្នាក់នោះគឺជាចាន់នឹងឯងចាន់ក៏ដើរចូលទៅរកអាទិត្យដែលកំពុងតែដេកលើគ្រែទាំងញញឹម រួចក៏អោនមុខចុះទៅមើលមុខអាទិត្យទាំងគៀកមុខគ្នា រួចហើយក៏«ហ្វូ...» ចាន់ក៏ផ្លុំខ្យល់ទៅដាក់មុខអាទិត្យធ្វើឲ្យអាទិត្យប្រញាប់ភ្ញាក់បើកភ្នែកឡើងមកភ្លាមៗទាំងមិនអស់ងងុយ
អាទិត្យ«ចាន់!» បើកភ្នែកមកក៏សម្លឹងមើលឃើញថាជាចាន់នៅចំពោះមុខខ្លួន អាទិត្យក៏ភ្ញាក់ឡើងព្រើតប្រញាប់ស្ទុះក្រោកឡើង ចាន់ក៏ដកខ្លួនចេញមុននឹងនិយាយទាំងញញឹម
ចាន់«ភ្លឺហើយបង បងមិនទៅផ្សារទេហ្អេស? ថ្ងៃណាស់ហើយបង» អាទិត្យក៏ធ្វើមុខអេះអុញៗដូចជាអៀនចាន់បន្តិចអីបន្តិចតែក៏ក្រោកឡើងចេញពីគ្រែមុននឹងនិយាយ
អាទិត្យ«ចាន់មានការអីមែនទេ? មករកបងផ្ទះបែបនេះ ថែមទាំងចូលមកដល់ក្នុងបន្ទប់ទៀត មិនល្អទេណា» ចាន់ក៏ឃើញថាអាទិត្យនិយាយទាំងគេចមុខខ្លួនហើយក៏តាមទៅញោះអាទិត្យភ្លាម
ចាន់«មិនល្អអីទៅបង នេះបងមិនមែនប្រុសឯណា ហើយណាមួយបងគ្រាន់តែជាបងរបស់ខ្ញុំគ្មានអីទាស់ខុសទេដែលប្អូនស្រីមកដាស់បងដល់ផ្ទះបែបនេះ» ចាន់ក៏ដើរទៅអោនមុខនិយាយនៅជិតអាទិត្យ
អាទិត្យ«នេះនែ៎ ហើយមានការអីហេស?» អាទិត្យលឺហើយក៏លើកដៃផ្ទាត់ថ្ងាស់ប្អូនបន្តិចមុននឹងនិយាយទាំងសើចតិច ឯចាន់ក៏បានត្រឹមតែឈរយកដៃអង្អែលថ្ងាស់ខ្លួនតិចទាំងធ្វើមុខជូរតិចៗ
ចាន់«ចា៎ គឺចង់ឲ្យបងជូនទៅផ្សារនឹងណា ខ្ចិលដើរទៅថ្ងៃនេះក្ដៅខ្លាំងពេក»
អាទិត្យ«អរ ចឹងចាំបងបន្តិចទៅ ទៅងូតទឹកសិន តែយើងនេះទៅចាំនៅខាងក្រៅទៅ» អាទិត្យនិយាយទាំងដើរទៅយកកន្សែងកាន់នៅនឹងដៃរួចក៏ឆ្លៀតងាកមកផ្ដាំទៅចាន់បន្តិចមុននឹងញញឹមហើយងាកខ្លួនដើរចេញទៅ ចាន់ក៏ញញឹមឡើងតិចៗមុននឹងចុះទៅចាំនៅខាងក្រៅផ្ទះវិញជួបជាមួយតួអង្គថ្មីចាន់ តំណាងដោយ tontawan ជួបគ្នាម្ដងទៀតនៅយប់នេះ ម៉ោង10 សូមទោសចំពោះការខកខានកន្លងមកយូរបែបនេះ តែរឿងនេះadminនឹងផុសដល់ចប់ មិនឈប់ផុសពាក់កណ្ដាលរឿងទេ អរគុណសម្រាប់ការគាំទ្រ
YOU ARE READING
ស្នេហ៍ចិត្តពីរ
Romanceខាងយើងខ្ញុំធ្វើការផុសរឿងនៅថ្ងៃ ព្រហ សុក្រ សៅរ៍ អាទិត្យ វេលាម៉ោង10យប់ ប្រលោមលោកបែបស្នេហា ស្រីនិងស្រី នេះជាប្រលោមលោកបែបមនោសញ្ចេតនា មានទាំងអាគមគាថា លាយលំនឹងស្នេហាដែលមិនអាចបែកចែកបាន ប្រលោមលោកមួយនេះជាការសរសេរលើកដំបូង បើសិនជាមានកន្លែងណាដែលមិនសមរម្យ ខុសទ...