អាទិត្យនិងមេកងក៏ងាកមករកគ្នាទាំងមុខស្មើរដាក់គ្នា សែបនិងស្រីក្វាន់ក៏នាំគ្នាឈរមើលទប់សើចសឹងមិនជាប់
មេកងចក្រៃយ៍«មកនេះមក យើងលាងឲ្យឯងមុន» អាទិត្យក៏ខិតខ្លួនចូលទៅរកមេកងឲ្យជិតបន្តិច មេកងក៏ចាប់ផ្ដើមលាងរបួសឲ្យ
អាទិត្យ«អួយ! ឈឺណាស់វ៉ើយ» អាទិត្យស្រែកហើយក៏ដកខ្លួនចេញបន្តិចមកវិញ
មេកងចក្រៃយ៍«មកពីឯងនៅមិនចេះស្ងៀមនឹង កុំមកបន្ទោសយើង» មេកងខិតចូលទៅរកអាទិត្យតាមលាងរបួសឲ្យបន្ត តែអាទិត្យខិតចេញ
អាទិត្យ«មិនបាច់លាងទៀតទេ យើងលាងខ្លួនឯងបាន» និយាយរួចក៏ងាកមើលមុខស្រីក្វាន់
ស្រីក្វាន់«មិនបាន» អាទិត្យក៏ខិតចូលទៅរកមេកងវិញ
អាទិត្យ«ក៏មកពីឯងនឹង»
មេកងចក្រៃយ៍«មកពីយើងយ៉ាងម៉េច?»
អាទិត្យ«ក៏ឯងនឹងហើយជាអ្នកបង្ករឿង»
មេកងចក្រៃយ៍«តែឯងក៏ជាអ្នកនិយាយថាឲ្យយើងមុន ឯងរករឿងយើងមុននោះអី»
អាទិត្យ«តែឯងជាអ្នកមកវាយយើងមុន បើឯងនិយាយធម្មតាយើងក៏ចេះស្ដាប់គ្នាដែលតាស នឹងក៏មកពីឯង»
មេកងចក្រៃយ៍«មកពីឯងមិនមែនយើងទេ»
អាទិត្យ«ក៏មកពីឯងនឹង» ដោយទ្រាំឈរមើលអ្នកទាំងពីរឈ្លោះគ្នាមិនបានស្រីក្វាន់ក៏ស្រែកថាឲ្យទាំងពីរនាក់តែម្ដងទៅ
ស្រីក្វាន់«នេះវាយគ្នាម្ដងទៀតតែម្ដងទៅ និងបានសម្រេចថាអ្នកណាជាអ្នកបង្ករឿងមុន តែថាអ្នកណាបង្កមុនវាមិនសំខាន់ទេ វានៅតែមកពីអ្នកទាំងពីរដដែរនឹង នៅចង់ឈ្លោះគ្នាបែបនេះរហូតបានវាយគ្នាម្ដងទៀតមែនទេ?» ស្រីក្វាន់ក៏សម្លឹងមើលមុខអ្នកទាំងពីរនាក់ ធ្វើឲ្យមេកងនិងអាទិត្យបានត្រឹមតែនៅស្ងៀម ងាកមុខចេញពីគ្នា សែបនិងអ៊ុំផាត់ក៏ជាអ្នកឈរមើលទប់សើចមិនជាប់សោះ រួចហើយស្រីក្វាន់ក៏ដើរចេញទៅបាត់
មេកងចក្រៃយ៍«ស្រីក្វាន់!» មេកងឃើញស្រីក្វាន់ដើរចេញទៅក៏ខំស្រែកហៅ តែស្រីក្វាន់មិនសូម្បីតែងាកមុខមកមើល ពេលនោះចាន់ក៏ចេញមកវិញឃើញទិដ្ឋភាពបែបនេះ ក៏លើកចិញ្ចើមឆ្ងល់មើលមុខសែបផងមើលមុខពុកខ្លួនផង មុននឹងដើរមកនិយាយជាមួយអាទិត្យ
ចាន់«នេះមិនទាន់លាងរបួសហើយទៀត? មុខម្នាក់ៗឈាមកកពេញមុខហើយមិចក៏មិនលាងរបួស? សែបមិចក៏មិនលាងឲ្យមេកងទៅ» ឃើញទាំងពីរនាក់មិនឆ្លើយចាន់ក៏ងាកមករកសែបវិញ
សែប«ក៏មកពីស្រីក្វាន់មុននេះឲ្យអ្នកទាំងពីរលាងរបួសឲ្យគ្នាទៅវិញទៅមក ព្រោះរបួសនេះមកពីអ្នកទាំងពីរវាយគ្នាឯង» ចាន់លឺហើយក៏ងាកមកសម្លឹងមើលមុខគេទាំងពីរ
ចាន់«ឲ្យសមមុខចឹងចុះ លាងខ្លួនឯងទៅ ដំបូងថាមានចិត្តល្អចង់ជួយលាងឲ្យតែពេលលឺបែបនេះហើយ ក៏ប្ដូរមកជាចិត្តអាក្រក់វិញតែម្ដង» អាទិត្យចំហរមាត់មើលមុខប្អូនភ្លឹះៗ
អាទិត្យ«នេះចាន់ដាច់ចិត្តដាក់បងដ៏ថ្នាក់នឹងផងហ៎ យ៉ាងណាក៏លាងឲ្យបងម្នាក់ទៅ ព្រោះថាបងជាបងរបស់ចាន់នោះអី មិនបាច់លាងឲ្យអ្នកដទៃទេ»
ចាន់«ចាអត់ទេ ទុកឲ្យអ្នកទាំងពីរលាងខ្លួនឯងទៅ» និយាយហើយចាន់ក៏ដើរចូលទៅខាងក្នុងផ្ទះវិញបាត់ ទុកឲ្យអ្នកទាំងពីរនៅជាមួយអ៊ុំផាត់និងសែប
អ៊ុំផាត់«អឺ បើជ្រុលជាចឹងហើយ មិនបាច់ទាន់លាងរបួសទេ និយាយរឿងហេតុដែលកើតឡើងសិនមកអ៊ុំចង់ដឹង» មេកងនិងអាទិត្យក៏ងាកសម្លឹងមុខគ្នាបន្តិច អ៊ុំផាត់ឃើញបែបនេះក៏និយាយបន្ត
អ៊ុំផាត់«អ៊ុំមិនបានឲ្យពួកឯងរៀបរាប់រឿងឯងវាយគ្នាទេ និយាយរឿងជាមួយអាហានមក»
អាទិត្យ«គឺក្រោយពេលខ្ញុំត្រូវគ្រាប់ដូចដែលអ៊ុំបានឃើញ មេកងក៏នាំខ្ញុំរត់ទៅឃ្លាំងមួយ ហើយក៏ជួយព្យាបាលរបួសឲ្យខ្ញុំ ហើយ...» អាទិត្យប្រុងនិយាយតតែអ៊ុំផាត់និយាយកាត់
អ៊ុំផាត់«ឈប់ៗ ឈប់សិន នេះមេកងចេះសិល្ប៍អីមែនទេ ព្យាបាលគ្រាប់កាំភ្លើងឯងជាគ្មានរបួសសូម្បីតែបន្តិច» អ៊ុំផាត់ធ្វើមុខឆ្ងល់សម្លឹងមើលមុខមេកងផងមើលមុខអាទិត្យផង មេកងក៏និយាយជំនួសអាទិត្យ
មេកងចក្រៃយ៍«គឺមកពីអាទិត្យត្រូវស្អីចូលខ្លួនក៏មិនដឹង ហើយពេលត្រូវគ្រាប់ខ្ញុំមិនបានជួយព្យាបាលរបួសនោះទេ របួសលើខ្លួនអាទិត្យសុខៗវាក៏រលាយបាត់ខ្លួនឯង ហើយខ្ញុំគ្រាន់តែជួយព្យាបាល..» មេកងទាក់និយាយមិនចេញអាទិត្យក៏និយាយយ៉ាងលឿនបន្ត
អាទិត្យ«ជួយព្យាបាលគុជនាគដែលចូលខ្លួនខ្ញុំ» លឺហើយសែបនិងមេកងក៏លាន់មាត់ព្រមគ្នា «ហ្អាស? គុជនាគ?» អ៊ុំផាត់មិនបានភ្ញាក់ផ្អើលទេព្រោះគាត់ដឹងពីរឿងនេះហើយ
អ៊ុំផាត់«ហេតុអីក៏ព្យាបាលបាន ព្រោះថាគុជនាគនេះវាមិនធម្មតាទេ តតែអ្នកចេះមន្ដព្រះធម៌ទើបអាចព្យាបាលបាន កុំប្រាប់ថាមេកង...» មេកងក៏ងក់ក្បាល
មេកងចក្រៃយ៍«បាទ! ខ្ញុំចេះ»
អ៊ុំផាត់«សំណាងហើយនៅពេលដែលឯងយកត្បូងបាន គុជនាគនោះវាមិនធ្វើឲ្យឯងស្លាប់បានប្រហែលមកពីឯងអាចមានកម្លាំងខ្លាំងទ្រាំនឹងវាបានចុះឯណាត្បូង» គ្រាន់តែលឺភ្លាមមេកងនិងអាទិត្យងាកមើលមុខគ្នាទៅវិញទៅមក
អាទិត្យ«កុំប្រាប់យើងណាថាវាត្រូវជ្រុះបាត់ឲ្យសោះ»
មេកងចក្រៃយ៍«អត់ជ្រុះទេ តែវានៅក្នុងខ្លួនឯងនឹងហើយ» អាទិត្យលើកចិញ្ចើមធ្វើមុខឆ្ងល់ដាក់មេកង មេកងឃើញបែបនេះក៏និយាយបន្ត «យើងមិនដឹងដូចគ្នាថាវាចូលបានយ៉ាងម៉េច តែពេលដែលយើងដឹងថាវាបាត់ យើងក៏ដើររកតែក៏ងាកទៅឃើញវាភ្លឺនៅក្នុងខ្លួនឯង ទើបយើងសន្មត់ថាវានៅក្នុងខ្លួនឯងនឹងហើយ យើងមិនបានកុហកទេយើងនិយាយការពិត» អាទិត្យក៏ស្ទុះក្រោកឈរឡើង
អាទិត្យ«ឯងទៅរកអ៊ុំស៊ីងជាមួយយើង» រួចហើយអាទិត្យក៏ដើរចេញទៅបាត់ មេកងក៏ស្រែកសួរអាទិត្យតែអាទិត្យមិនឆ្លើយ
មេកងចក្រៃយ៍«ស្អីឯងនឹង?» មេកងឃើញអាទិត្យដើរលឿនពេកក៏ប្រញាប់ក្រោកឡើងដើរទៅតាម អ៊ុំផាត់និងសែបពេលឃើញបែបនេះភ្លាមៗពេក ធ្វើអ្វីមិនត្រូវក៏ដើរទៅតាមតែម្ដងទៅ
មេកងដែលដើរតាមអាទិត្យពីក្រោយ ត្រូវអ្នកនៅក្នុងជម្រកចោរសម្លឹងមើលមកគ្រប់ៗគ្នាមេកងក៏ហាក់ដូចជាមានអារម្មណ៍ប្លែក ហើយក៏ដើរយ៉ាងលឿនទៅក្បែរអាទិត្យ
មេកងចក្រៃយ៍«ហេតុអីគេនាំគ្នាមើលមកយើងប្លែកៗបែបនេះ»
អាទិត្យ«កុំសួរច្រើន មកតាមយើងសិនមក ចាំយើងប្រាប់ឯងតាមក្រោយ» មេកងក៏ស្ងាត់ហើយចេះតែដើរតាមអាទិត្យពីក្រោយរហូតទៅ
បន្តិចក្រោយមកពួកគេក៏មកដល់ផ្ទះរបស់អ៊ុំស៊ីង អាទិត្យក៏ប្រញាប់ឡើងទៅលើផ្ទះរបស់អ៊ុំស៊ីងបណ្ដើរស្រែកហៅអ៊ុំស៊ីងបណ្ដើរគោះទ្វារបណ្ដើរ
អាទិត្យ«អ៊ុំស៊ីង! អ៊ុំស៊ីងនៅខាងក្នុងដែរទេ? នេះខ្ញុំអាទិត្យ អ៊ុំស៊ីងលឺខ្ញុំហៅទេ» តុកៗ អាទិត្យហៅបណ្ដើរគោះទ្វារបណ្ដើរ មេកង និងអ៊ុំផាត់ ព្រមទាំងសែបជាអ្នកឈរមើលនៅខាងក្រោម បន្តិចក្រោយមកអ៊ុំស៊ីងក៏បានបើកទ្វារ
អ៊ុំស៊ីង«យើងដឹងហើយថាឯងនឹងមក ឆាប់នាំគ្នាចូលមក» អ៊ុំស៊ីងក៏ងាកខ្លួនដៃរាវដើរចូលទៅខាងក្នុងវិញ ធ្វើឲ្យសែបនិងមេកងមើលមុខគ្នាឆ្ងល់ទាំងពីរនាក់ អាទិត្យក៏ដើរចូលទៅខាងក្នុង
អ៊ុំផាត់«ឆាប់នាំគ្នាឡើងទៅ នៅមើលមុខគ្នាធ្វើអីទៀត» និយាយរួចអ៊ុំផាត់ក៏ដើរឡើងទៅមុន មេកងនិងសែបក៏សម្រេចចិត្តឡើងទៅតាមក្រោយ ពេលចូលមកដល់ធ្វើឲ្យមេកងសម្លឹងមើលជុំវិញខ្លួនមិនឈប់ មិនព្រមអង្គុយចុះ
អាទិត្យ«ឆាប់អង្គុយចុះមក ឯងនៅឈរធ្វើស្អី?» ដោយអាទិត្យសង្កត់សម្ដីឲ្យអង្គុយទើបមេកងដាក់ខ្លួនអង្គុយចុះក្បែរអាទិត្យ សែបនិងអ៊ុំផាត់នាំគ្នាអង្គុយនៅម្ខាងទៀត មេកងចេះតែសម្លឹងមើលមុខអ៊ុំស៊ីងមិនឈប់ព្រមទាំងធ្វើមុខឆ្ងល់ៗ ទើបអ៊ុំស៊ីងនិយាយតែម្ដង
អ៊ុំស៊ីង«ខ្ញុំមើលមិនឃើញទេ មិនបាច់ឆ្ងល់» មេកងក៏ងក់ក្បាលតិចៗ អ៊ុំស៊ីងក៏និយាយបន្ត «អាទិត្យត្បូងនៅនឹងឯងមែនទេ? សំណាងល្អណាស់ដែលឯងអាចទប់ទល់វាបាន អ៊ុំមិននឹកស្មានទេ» អាទិត្យលឺហើយក៏ងាកមុខទៅមើលមេកងបន្តិច
អាទិត្យ«តែអ៊ុំនេះក៏ដោយសារមេកងវាប្រើមន្ដព្រះធម៌របស់វាជួយខ្ញុំ ទើបខ្ញុំមិនកើតអី» អ៊ុំស៊ីងក៏ញញឹម
អ៊ុំស៊ីង«ក៏ត្រូវអរគុណមេកងហើយដែលបានជួយ ខ្ញុំគិតរួចមកហើយថាមេកងច្បាស់ជាមនុស្សដែលចេះមន្ដព្រះធម៌នេះ ព្រោះតាំងពីមេកងមកភ្នំគិរីនេះដំបូងខ្ញុំក៏មានអារម្មណ៍ដឹងរួចមកហើយ»
មេកងចក្រៃយ៍«នេះអ៊ុំដឹងដែរហ្អេស?» មេកងឈប់និយាយអាទិត្យក៏បន្តនិយាយភ្លាម
អាទិត្យ«អ៊ុំ នេះមេកងវាប្រាប់ខ្ញុំថាត្បូងនេះវានៅក្នុងខ្លួនខ្ញុំ ខ្ញុំក៏មិនច្បាស់ដូចគ្នាអ៊ុំជួយធ្វើអ្វីម្យ៉ាងបានទេ បើវានៅក្នុងខ្លួនខ្ញុំមែន ខ្ញុំនឹងពិបាកទប់ទល់ជាមួយអាហានហើយ» អ៊ុំស៊ីងលើកចិញ្ចើមធ្វើមុខឆ្ងល់ មុននឹងយកដៃប៉ះក្បាលអាទិត្យ
អ៊ុំស៊ីង«ឯងនៅឲ្យស្ងៀមទៅ ចាំយើងសូត្រគាថាហៅព្រលឹងត្បូង» រួចហើយអ៊ុំស៊ីងក៏ចាប់ផ្ដើមសូត្រ ពេលនោះពន្លឺនៃត្បូងដែលនៅក្នុងថ្ងាសរបស់អាទិត្យក៏ភ្លឺហើយ
មេកងចក្រៃយ៍«នេះហើយវាភ្លឺហើយ» រួចហើយមេកងក៏ងាកមើលឃើញត្បូងនៅខ្សែរករបស់អាទិត្យភ្លឺដូចគ្នាមេកងក៏ភ្ញាក់ «ហ្អើយ ត្បូងខ្សែរកឯងក៏ភ្លឺដែរ» អាទិត្យក៏អោនមុខមើលទៅខ្សែរកខ្លួនតាមមេកងប្រាប់ ហើយក៏ឃើញថាវាភ្លឺពិតមែន មិនត្រឹមតែប៉ុន្នឹងទេ ត្បូងចិញ្ចៀនរបស់មេកងក៏ភ្លឺដូចគ្នា វាធ្វើឲ្យគ្រប់គ្នានៅពេលនេះភ្ញាក់ផ្អើលគ្រប់ៗគ្នា អ៊ុំស៊ីងក៏បញ្ឈប់ការសូត្រ ហើយក៏ញញឹមបន្តិច
អ៊ុំស៊ីង«ត្បូងនៅក្នុងខ្លួនឯងពេលនេះ វាស្ដាប់បញ្ជារបស់ឯងហើយ ចង់យកវាចេញក៏មិនបានដែរ ចឹងហើយឯងត្រូវតែរៀនប្រើវាឲ្យត្រូវ ពិសេសនោះគឺប្រយ័ត្នជាមួយនឹងអ្នកដែលមានត្បូងនេះដូចជាឯង ព្រោះវាអាចនឹងប្រឆាំងគ្នាធ្វើឲ្យឯងគ្រោះថ្នាក់បាន តែត្បូងនេះវាប្រឆាំងគ្នាជាមួយតែអ្នកដែលមានត្បូងនេះពណ៌ខ្មៅតែប៉ុណ្ណោះ» ស្ដាប់រួចហើយអាទិត្យក៏បានយល់ហើយងាកមើលទៅមេកង មេកងក៏ងាកមើលមកវិញ ទាំងពីរនាក់ពេលនេះកំពុងតែបុកពោះបេះដូងលោតញាប់ដូចគ្នា អាទិត្យបម្រុងនឹងងាកទៅសួរអ៊ុំស៊ីងបន្ត តែអ៊ុំស៊ីងក៏និយាយកាត់
អ៊ុំស៊ីង«បើឯងចង់សួរយើងថា ទប់ទល់ជាមួយត្បូងខ្មៅនោះយ៉ាងណា នេះក៏អាស្រ័យលើមន្ដព្រះធម៌របស់មេកងនេះហើយ រួមចិត្តគំនិតគ្នាបាន នោះឯងនឹងយកឈ្នះវាបាន» អាទិត្យក៏ប្រញាប់ប្រកែកហើយសួរយកភ្លាមៗ
អាទិត្យ«ខ្ញុំមិនបានចង់សួររឿងនេះទេអ៊ុំ ខ្ញុំចង់សួរអ៊ុំថាហេតុអី ត្បូងខ្សែរកខ្ញុំ និងត្បូងចិញ្ចៀនរបស់មេកងវាភ្លឺដូចគ្នា» អ៊ុំស៊ីងលឺហើយក៏សាកសូត្រគាថាម្ដងទៀត ហើយពន្លឺត្បូងក៏ភ្លឺម្ដងទៀត
អ៊ុំស៊ីង«ឯងទាំងពីរនាក់ជាបងប្អូននឹងគ្នា» អ៊ុំស៊ីងលាន់មាត់ឡើង ធ្វើឲ្យមេកងនិងអាទិត្យងាកសម្លឹងមើលមុខគ្នាទាំងអារម្មណ៍ភ្ញាក់ផ្អើល សែបនិងអ៊ុំផាត់ក៏ភ្ញាក់ងាកមើលមុខគ្នាទៅវិញទៅមក
អាទិត្យ«នេះអ៊ុំថាម៉េច ខ្ញុំ...ខ្ញុំជាបងប្អូនជាមួយមេកងចឹងហ្អេស?» ទាំងមេកងនិងអាទិត្យពេលនេះស្លន់ក្នុងចិត្ត បុកពោះមិនដឹងថាមកពីរំភើបឬក៏យ៉ាងណានោះទេ
អ៊ុំស៊ីង«អាផាត់ទៅយកទឹកមួយផ្តិលមកឲ្យយើង» មិនតបអ៊ុំស៊ីងក៏ងាកប្រើអ៊ុំផាត់វិញ
អ៊ុំផាត់«បាទអ៊ុំ!» អ៊ុំផាត់ក៏ប្រញាប់ងើបទៅយកទឹកមកឲ្យអ៊ុំស៊ីង ពេលនេះអាទិត្យនិងមេកងកំពុងតែពុះកញ្ជ្រោលអារម្មណ៍នៅមិនសុខក្នុងខ្លួន រំភើបក៏ថាមិនត្រូវព្រោះមិនទាន់ដឹងចម្លើយនៅឡើយ បន្តិចក្រោយមកអ៊ុំផាត់ក៏យកទឹកមកឲ្យអ៊ុំស៊ីង
អ៊ុំផាត់«នេះបាទទឹកអ៊ុំស៊ីង» អ៊ុំស៊ីងក៏ទទួលយកទឹកមកក្នុងដៃ ហើយក៏ងាកយកកាំបិតជិតខ្លួនមកហុចឲ្យអាទិត្យ
អ៊ុំស៊ីង«នេះអាដៃដាក់ឈាមឯងទាំងពីរនាក់ចូលក្នុងទឹកនេះមក» អាទិត្យក៏ទទួលយកមកហើយក៏អាចុងម្រាមដៃចង្អុលបន្តិចដោយគ្មានស្ទាក់ស្ទើរបន្តក់ដាក់ចូលក្នុងទឹក រួចហើយក៏សម្លឹងមើលមុខមេកងបន្តិចមេកងក៏ទទួលយកកាំបិតមកអាដៃបន្តក់ឈាមចូលក្នុងទឹកដូចគ្នា ហើយក៏រងចាំមើលបន្ត សែបនិងអ៊ុំផាត់នាំគ្នាអើតកមើលពីក្រោយ
សែប«ហ្អើយឈាមដូចគ្នាបេះបិទតែម្ដងហើយមេកង!» សែបស្រែកឡើងលឺៗព្រោះឃើញឈាមអ្នកទាំងពីរបន្តក់ភ្លាម ក៏រលាយចូលគ្នាគ្មានសល់ដូចជាឈាមចេញពីមនុស្សតែមួយ នេះក៏ធ្វើឲ្យមេកងស្រក់ទឹកភ្នែកចេញមកភ្លាមៗ អាទិត្យក៏ទន់ខ្លួនចុះយំចេញមក ស្ទើរតែមិននឹកស្មាន មេកងក៏ស្ទុះងាកទៅចាប់អោបអាទិត្យទាំងទឹកភ្នែកស្រក់មកដោយក្ដីរំភើប
មេកងចក្រៃយ៍«ហ៊ឹ...ប្អូនស្រីបង...ប្អូនស្រីបងនៅរស់នៅឡើយទេ»មេកងពេលនេះទឹកភ្នែកស្រក់ជាថ្មីម្ដងទៀត ព្រោះតែរំភើបនឹងនឹករលឹកប្អូនស្រីខ្លួនដែលបាត់ខ្លួនតាំងពីតូចមិនដឹងថារស់ឬក៏ស្លាប់ តែក៏បានមកជួបគ្នាថាទៅមើលអ្នកណាដែលមិនស្រក់ទឹកភ្នែក ទឹកភ្នែកដែលស្រក់មកពេលនេះលាយលំចូលគ្នាជាច្រើនណាស់ដែលស្រក់ចេញមកពីភ្នែកកូនប្រុសដូចជាមេកង
អាទិត្យ«ប..បងប្រុស» អាទិត្យនិយាយមិនចេញបានត្រឹមតែហៅមេកងថាបងប្រុស ទាំងទឹកភ្នែកស្រក់មក ក្នុងចិត្តមិនដែលគិតថានឹងមានបងប្រុសមករកខ្លួនវិញទេតាំងពីតូច តែក៏មកជួបគ្នាវិញ អារម្មណ៍ដែលគិតថាខ្លួនមានតែម្នាក់ឯងពេលនេះក៏បាត់អស់ជំនួសមកវិញដោយក្ដីរំភើប ជាមួយទឹកភ្នែកដែលស្រក់មកបង្ហាញច្បាស់ណាស់ថាគេពិតជារងចាំវាយូរមកហើយ ពេលនេះយល់សប្ដិដែលខ្លួនគិតកន្លងមកបានក្លាយជាការពិតហើយ
អ៊ុំស៊ីងទោះមិនបានឃើញទិដ្ឋភាពទាំងនេះក៏មានចិត្តរំភើបជាមួយអ្នកទាំងពីរដូចគ្នា សែបឯនេះរំភើបឡើងស្រក់ទឹកភ្នែកដូចម្ចាស់ខ្លួនគេយ៉ាងចឹង ហើយក៏ងាកទៅយំលើស្មារបស់អ៊ុំផាត់
សែប«មេកង...» អ៊ុំផាត់ឃើញបែបនេះក៏រុញសែបចេញ
អ៊ុំផាត់«យំអីដែរឯងមិនមែនជាសមីខ្លួនឯណា» សែបជូតទឹកភ្នែកចេញហើយក៏និយាយ
សែប«រំភើបជំនួសនឹងណា នេះខ្ញុំមិនមែនសមីខ្លួនតរំភើបបែបនេះហើយ ចុះសមីខ្លួនគេទាំងពីរមិនដឹងថារំភើប ហើយនឹកគ្នាយ៉ាងណាទេ បែកគ្នាតាំងតែពីតូចបែបនេះ» មេកងក៏ប្រលែងប្អូនចេញពីខ្លួន ហើយភ្នែកសម្លឹងមើលអាទិត្យពោរពេញដោយក្ដីស្រលាញ់និងនឹករលឹកប្អូនណាស់ យកដៃអង្អែលក្បាលប្អូនថ្នមៗ ទឹកភ្នែកដក់ក្នុងភ្នែកដោយសារហូរមិនទាន់អស់ក៏ហូរមកម្ដងទៀត ស្របពេលដែលអាទិត្យហូរទឹកភ្នែកដូចទឹក
អ៊ុំស៊ីង«ហ៊ឹស! ជាបងប្អូននឹងគ្នា បានជួបគ្នាវិញហើយក៏ត្រូវចេះសាមគ្គីគ្នា កុំបោះបង់គ្នាឲ្យសោះព្រោះពួកឯង តាមរកគ្នាមកជាយូរហើយ» មេកងក៏ងាកទៅអោនសំពះអ៊ុំស៊ីង
មេកងចក្រៃយ៍«ខ្ញុំអរគុណអ៊ុំណាស់ ដែលជួយចិញ្ចឹមមើលថែប្អូនខ្ញុំរហូតមក ខ្ញុំពិតជាក្រាបអរគុណអ៊ុំខ្លាំងណាស់» មេកងក៏ក្រាបអោនគោរពអ៊ុំស៊ីងដល់កន្ទេលបន្តិច
អ៊ុំស៊ីង«មិនអីទេ ប្រហែលជាអ៊ុំមាននិស្ស័យជាមួយអាទិត្យ អ៊ុំក៏ស្រលាញ់វាដូចជាកូនបង្កើតស្រាប់ហើយ ពេលនេះពួកឯងបានមកជួបគ្នាហើយ ក៏ដល់ពេលពួកឯងត្រូវសងសឹកជូនឪពុកម្ដាយពួកឯងវិញដូចគ្នា ក៏ដើម្បីភ្នំគិរីដូចគ្នា»
មេកងចក្រៃយ៍«បាទអ៊ុំ!» អាទិត្យបានត្រឹមតែងក់ក្បាលហើយញញឹម ពេលនេះបងប្អូនទាំងពីរនាក់ក៏ត្រឡប់មកជួបគ្នាវិញ នេះគេហៅថានិស្ស័យបងប្អូន ឈាមរត់រកឈាម ទើបបណ្ដាលឲ្យពួកគេត្រឡប់មកជួបគ្នាវិញក្រោយពេលតាមរកគ្នាអស់រយៈច្រើនឆ្នាំមកនេះ
ក្រឡេកមកមើលស្រីក្វាន់វិញពេលនេះក៏ត្រឡប់មកផ្ទះអ៊ុំផាត់ម្ដងទៀតមិនឃើញអ្នកណាក៏ចេះតែអើតករកមើល គាប់ជួនពេលនោះចាន់ក៏ចេញមកល្មមទើបស្រីក្វាន់ញញឹមដាក់
ស្រីក្វាន់«ចាន់! នេះពួកគាត់ទៅណាអស់ហើយ» ចាន់ក៏ងាករកមើលជុំវិញខ្លួន ហើយក៏ងាកមកឆ្លើយជាមួយស្រីក្វាន់វិញ
ចាន់«មិនដឹងដូចគ្នា មុននេះខ្ញុំនៅខាងក្រោយផ្ទះធ្វើម្ហូបមិនបានដឹងថា ពួកគាត់ទៅណាទេ» ស្រីក្វាន់ក៏ញញឹម ហើយងក់ក្បាលតិចៗដាក់ចាន់
ចាន់«អូនោះ ពួកគាត់មកវិញល្មម» ស្រីក្វាន់ក៏ងាកទៅមើលតាមចាន់ប្រាប់ ឃើញថាសែបនិងអ៊ុំផាត់នាំគ្នាដើរមកតែពីរនាក់ប៉ុណ្ណោះ
អ៊ុំផាត់«ចាន់ ថ្ងៃនេះរៀបបាយឲ្យច្រើនមកណា ដោយសារផ្ទះយើងគ្នាច្រើន ហើយល្ងាចបន្តិចនឹងមានកម្មវិធីមួយ»
ចាន់«កម្មវិធីអីគេពុក ហេតុអីក៏ធ្វើទាន់ហន់បែបនេះ» អ៊ុំផាត់ក៏ដាក់ខ្លួនអង្គុយចុះលើគ្រែ
អ៊ុំផាត់«គ្មានអីទេ គឺកម្មវិធីដូចរាល់ដងពេលដែលទទួលភ្ញៀវចូលជម្រកចោរនឹងឯង» ចាន់ក៏ងក់ក្បាលតិចៗ តែស្រីក្វាន់មិនយល់ ហើយក៏មិនសូវចាប់អារម្មណ៍ដែរ
ស្រីក្វាន់«សែបនេះមេកងនិងបងអាទិត្យនាំគ្នាទៅណាបាត់ហើយ» ស្រីក្វាន់សួរហើយក៏ងាករកមើលបន្តទៀត សែបកំពុងផឹកទឹកក៏រហ័សដាក់កែវចុះបម្រុងនឹងឆ្លើយតែអ៊ុំផាត់ឆ្លើយកាត់ជំនួស
អ៊ុំផាត់«ពួកគេនៅផ្ទះអ៊ុំស៊ីង មានធុរៈនិយាយគ្នា» ស្រីក្វាន់ក៏ញញឹមហើយងក់ក្បាល
ស្រីក្វាន់«ខ្ញុំគ្រាន់តែបារម្ភខ្លាចថាពួកគាត់ ឈ្លោះគ្នាវាយតប់គ្នាទៀត ទើបសួរតែម្ដងទៅ» សែបនេះមាត់រហ័សក៏ឆ្លើយយ៉ាងលឿន
សែប«មិនបាច់ភ័យទេ គេមិនឈ្លោះគ្នាទៀតទេពេលនេះស្រលាញ់គ្នាស្ទើរលេបហើយ» លឺសែបនិយាយបែបនេះចាន់និងស្រីក្វាន់ភ្ញាក់ឡើងនិយាយដំណាលគ្នា «ហ្អាសស្រលាញ់គ្នា?» សែបធ្វើមុខអេះអុញព្រោះភ្ញាក់ជាមួយនឹងការស្រែកសួរបស់ទាំងពីរពេក មិនមានអ្នកណាឆ្លើយចាន់និងស្រីក្វាន់ក៏ងាកសម្លឹងមើលមុខគ្នាទាំងឆ្ងល់ទាំងពីរនាក់
ស្រីក្វាន់«ស្រលាញ់ចឹងហ្អេស?» ស្រីក្វាន់សួរបញ្ជាក់ទាំងស្លន់ក្នុងចិត្តម្ដងទៀត តែអ៊ុំផាត់ក៏ឆ្លើយមកវិញ
អ៊ុំផាត់«អើយ គឺវាស្រលាញ់ក្នុងនាមជាបងប្អូននឹងគ្នានឹងណា ប៉ុន្នឹងក៏និយាយមិនឲ្យអស់ដែរឯងនេះ» រួចហើយគាត់ក៏ទះក្បាលសែបមួយដៃ
ស្រីក្វាន់«ស្រលាញ់ជាបងប្អូនចឹងហ្អេស? ហ៊ឹស អាចទៅរួចដែរហ្អេស ឈ្លោះគ្នាគ្រប់ពេលនៅជាមួយគ្នា មកត្រូវគ្នាស្រលាញ់គ្នាដូចបងប្អូនភ្លាមៗចឹងបានដែរហ្អេសអ៊ុំ» ស្រីក្វាន់សួរហើយក៏អស់សំណើច ធ្វើឲ្យអ៊ុំផាត់និងសែបសម្លឹងមុខគ្នាចុះឡើងៗ សែបក៏ហើបមាត់ និយាយ
សែប«គឺមកពីពួកគេជា..» និយាយបានប៉ុន្នឹងអ៊ុំផាត់ក៏ទះក្បាលសែបមួយដៃទៀត
សែប«អួយ! ឈឺណាស់អ៊ុំ ពីរដៃហើយណា» សែបងាកទៅនិយាយធ្វើមុខខឹងដាក់អ៊ុំផាត់
អ៊ុំផាត់«មកពីឯងមាត់ឆ្កែ មិនឈប់នោះអី» អ៊ុំផាត់វាយកាត់ការនិយាយរបស់សែបបែបនេះក៏ព្រោះចង់ឲ្យសមីខ្លួនគេជាអ្នកប្រាប់ដោយខ្លួនឯង តែកាយវិការទាំងអស់នេះក៏ធ្វើឲ្យស្រីក្វាន់ចាប់អារម្មណ៍ថាប្លែកៗទាំងពីរនាក់ តែខ្ចិលសួរនាំបន្តនៅចាំមើលថានឹងមានអ្វីកើតឡើងបន្ត ចាន់ឯនេះក៏លួចមើលមុខស្រីក្វាន់រហូត ហើយក៏មិនបាននិយាយអ្វីច្រើនដែរតាំងពីព្រឹកមិញមកម្លេះ ធ្វើខ្លួនចេះតែគេចមុខរហូត ពេលនេះក៏ដូចគ្នាចាន់ក៏ដើរទៅក្រោយផ្ទះវិញធ្វើឲ្យអ៊ុំផាត់ជាឪពុកតាមមើល ខ្វល់ថាកូនស្រីខ្លួនថ្ងៃនេះប្លែកៗខុសធម្មតាជិតដល់ភាគគេអូម៉ូឡូកគ្នាហៃ ជួបគ្នាយប់ស្អែកម៉ោងដដែរ
YOU ARE READING
ស្នេហ៍ចិត្តពីរ
Romanceខាងយើងខ្ញុំធ្វើការផុសរឿងនៅថ្ងៃ ព្រហ សុក្រ សៅរ៍ អាទិត្យ វេលាម៉ោង10យប់ ប្រលោមលោកបែបស្នេហា ស្រីនិងស្រី នេះជាប្រលោមលោកបែបមនោសញ្ចេតនា មានទាំងអាគមគាថា លាយលំនឹងស្នេហាដែលមិនអាចបែកចែកបាន ប្រលោមលោកមួយនេះជាការសរសេរលើកដំបូង បើសិនជាមានកន្លែងណាដែលមិនសមរម្យ ខុសទ...