ភាគ២២

122 8 2
                                    

ពេលមកដល់បារ មេកងបានឲ្យសែបឈប់ឡាននៅឲ្យឆ្ងាយពីបារបន្តិច មេកងក៏លើកវែនតាមកពាក់មុននឹងនាំគ្នាចុះដើរចូលទៅខាងក្នុងយើងក៏មិនដឹងថាមេកងនិងសែបនាំគ្នាមកទីនេះក្នុងគោលបំណងអ្វីនោះទេ ពេលមកដល់មេកងក៏ក្រឡេកមើលឆ្វេងមើលស្ដាំឃើញថាគ្មានពួកជនពាលមកទីនេះទេ មេកងក៏ក្រឡេកមើលទៅអាទិត្យ គាប់ជួនអាទិត្យក៏កំពុងតែឈរជូតកែវសម្លឹងមើលមកមេកងដូចគ្នា មេកងក៏ដើរទៅអង្គុយនៅតុកៀនជញ្ជាំងដូចរាល់ដង
អាទិត្យក្រោយពីឃើញមេកងចូលទៅអង្គុយក្នុងតុក៏អោនមុខធ្វើជាជូតកែវបណ្ដើររអ៊ូតិចៗតែម្នាក់ឯងបណ្ដើរ
អាទិត្យ«អាម្នាក់នេះចង់តាមដានយើងទេដឹង បានជាថ្ងៃតាមសម្លឹងមើលមិនឈប់ ហើយយប់ក៏មករកដល់ទីនេះទៀត ឬមួយវាស្រឡាញ់យើង ហ្អើយ អត់ទេ» និយាយតែឯងរួចអាទិត្យក៏ញាក់ខ្លួន ក្រញេងខ្លួនបន្តិច ហើយក៏ងើបមុខឡើងដាក់កែវលើតុវិញ ចៃដន្យអីមេកងនិងសែបក៏នាំគ្នាមកឈរទល់មុខល្មម
មេកងចក្រៃយ៍«រអ៊ូអីមែនទេ? សុំស្រាមួយមក» និយាយរួចមេកងក៏ងាកមើលមុខមកសែបហើយសែបក៏រហ័សនិយាយបន្ត
សែប«ខ្ញុំសុំដូចរាល់ដង» អាទិត្យក៏ងក់ក្បាលតិចៗរួចក៏ងាកទៅយកស្រាដាក់កែវជូនអ្នកទាំងពីរ ទឹកមុខស្មើៗមិនញញឹមអ្វីបន្តិចសោះ មេកងក៏ទទួលយកស្រាមកផឹកបន្តិចមុននឹងដាក់ចុះហើយសម្លឹងមើលមុខអាទិត្យទាំងទឹកមុខស្មើដូចគ្នា
មេកងចក្រៃយ៍«ឯងមើលទៅមិនបារម្ភពីស្រីក្វាន់សោះ ឯងមិនទាន់ដឹងព័ត៌មានទេមែនទេ?» សុខៗមេកងក៏និយាយរឿងស្រីក្វាន់ដាក់អាទិត្យព្រមទាំងសម្លឹងមើលមុខអាទិត្យចង់ដឹងពីប្រតិកម្មរបស់អាទិត្យពេលលឺឈ្មោះស្រីក្វាន់ អាទិត្យក៏ដកដង្ហើមធំបន្តិចមុននឹងនិយាយ
អាទិត្យ«ព័ត៌មានដែលស្រីក្វាន់ត្រូវគេតាមចាប់នឹងមែនទេ? ខ្ញុំសង្ឃឹមថាមេកងនឹងចាត់ចែងរឿងនេះឲ្យល្អផងចុះ បើសិនខ្ញុំដឹងថាស្រីក្វាន់មានរឿងអីតែបន្តិច មេកងក៏មិនរួចខ្លួនដូចគ្នា» អាទិត្យនិយាយធ្វើដូចជាមិនដឹងរឿងអី ទាំងសម្លឹងមើលចាក់ចូលទៅក្នុងភ្នែករបស់មេកង សម្ដីនិយាយយ៉ាងម៉ឺងម៉ាត់ទៅកាន់មេកង មេកងស្ដាប់ហើយក៏សើចបន្តិចមុននឹងនិយាយទៅវិញ
មេកងចក្រៃយ៍«មិនបាច់បារម្ភទេ ស្រីក្វាន់គ្មានគ្រោះថ្នាក់ប្រាកដណាស់ ឯងចង់ដឹងថាស្រីក្វាន់គេនៅជាមួយអ្នកណាទេ?» អាទិត្យលឺបែបនេះក៏កាន់តែឆ្ងល់ថែមទៀត មេកងឃើញទឹកមុខអាទិត្យដូចជាចង់ដឹងណាស់ហើយមិនតបអ្វីនោះ មេកងក៏បន្តនិយាយ
មេកងចក្រៃយ៍«គឺនៅផ្ទះជាមួយយើង ចឹងហើយឯងមិនបាច់បារម្ភទេ យើងនឹងមើលថែស្រីក្វាន់ដោយផ្ទាល់ដៃ» មេកងនិយាយដូចជាចង់ឌឺដងដាក់អាទិត្យ អាទិត្យឯនេះក៏រៀងចង់ឆួលច្រមុះខឹងបន្តិចដែរតែក៏ទប់ជាប់ ទាំងពីរនាក់ក៏ឈរសម្លឹងមុខគ្នាមិនព្រិចភ្នែកសោះ សែបឃើញហើយទាស់ចិត្តពេកក៏ចូលទៅនិយាយកាត់
សែប«ពុទ្ធោអើយមេកង ស្មានថាមកនេះមានរឿងអីតាមពិតមកនិយាយរឿងនឹងសោះ ស្រីក្វាន់និងអាទិត្យណា៎ គេស្គាល់គ្នាមុនមេកងទៅទៀតចឹងហើយគេក៏បារម្ភគ្នាជារឿងធម្មតាទេមេកង» សែបនិយាយចប់ភ្លាមមេកងក៏និយាយបន្តវិញយ៉ាងលឿន ភ្នែកក៏មិនព្រមឈប់សម្លឹងមើលអាទិត្យដូចគ្នា
មេកងចក្រៃយ៍«មិនធម្មតាទេសែប ខ្ញុំថាទំនាក់ទំនងគេទាំងពីរមិនធម្មតាទេ តែថានៅជិតអ្នកណាបានអ្នកនោះហើយ តែកុំភ័យអីយើងនឹងឧស្សាហ៍នាំដំណឹងស្រីក្វាន់មកប្រាប់»មេកងនិយាយទាំងញញឹមឌឺដាក់ទៅអាទិត្យ ទឹកមុខអាទិត្យក៏មិនប្រែនៅតែរក្សាភាពម៉ាំដដែល
សែប«មេកង! នោះមកហើយ» គ្រាន់តែមេកងនិយាយចប់ភ្លាម គ្នីគ្នារបស់ហ៊ាហានដែលហ៊ាហានបានជួលក៏ចូលមកដល់ ពួកវាចូលមកទាំងសម្លឹងមើលគ្រប់ជ្រុង ដើម្បីរកមើលថាមេកងនៅឬអត់ ស្រាប់តែក៏ក្រឡេកភ្នែកមកប្រទះគ្នា មេកងសម្លឹងទៅពួកវា ពួកវាសម្លឹងមកមេកងដូចគ្នា គ្រាន់តែឃើញមេកងភ្លាមវាក៏សើចតិចៗ មុននឹងងក់ក្បាលនាំគ្នាវាចូលទៅអង្គុយក្នុងតុជាមួយគ្នា មេកងនិងសែបក៏តាមសម្លឹងមើលវាមិនឈប់ដូចគ្នា ចូលទៅអង្គុយក្នុងតុហើយពួកវាក៏នាំគ្នាតាមសម្លឹងមើលមេកងនិងសែបមិនដាក់ភ្នែក ឯសែបនិងមេកងក៏ចេះតែនាំគ្នាគេចមុខចេញ មួយសន្ទុះមេកងក៏ងក់ក្បាលហៅសែបនាំគ្នាចេញទៅក្រៅ ពេលមេកងនិងសែបនាំគ្នាចេញទៅ ពួកវាក៏នាំគ្នាចេញទៅតាមពីក្រោយឃើញបែបនេះ អាទិត្យមិនចាំយូរក៏រហ័សទៅសុំថៅកែបារ
អាទិត្យ«អ៊ុំហ្អា ខ្ញុំមានការបន្ទាន់ ខ្ញុំសូមអ៊ុំចេញទៅមុនថ្ងៃនេះ ចាំស្អែកខ្ញុំនៅជួយបិទហាងអ៊ុំ»និយាយមិនទាន់ចប់ស្រួលបួលផងអាទិត្យក៏ស្ទុះចេញទៅបាត់ អ៊ុំខំងាករកមកនិយាយជាមួយតែអាទិត្យចេញទៅបាត់
អ៊ុំ«អាមួយនេះ រកតែឯងនិយាយមិនបានប្រញាប់នោះប្រញាប់» អ៊ុំនិយាយទាំងក្រវីក្បាលតិចៗ អាទិត្យមិនបានទៅណាឆ្ងាយទេគឺមកស្លៀកពាក់ ក្លែងខ្លួនទៅជាចោរឆាត ដើម្បីទៅតាមដានសកម្មភាពរបស់មេកងនិងក្រុមរបស់ហ៊ាហានដែលជួលមកនោះ
ពេលនេះមេកងនិងសែបបាននាំគ្នាដើរមកដល់ផ្លូវមួយស្ងាត់គ្មានមនុស្សសោះ ហើយក៏ឈប់ដើរទៅមុខបន្តដល់ពេលដែលងាកមុខមកមើលក៏ឃើញថាពួកវាក៏មកដល់ពីក្រោយខ្នងដូចគ្នា មេកងក៏កេះសែបឲ្យថយចេញទៅម្ខាងទុកឲ្យមេកងចាត់ការតែម្នាក់ឯង សែបងាកមើលមុខមេកងមិនហ៊ានថយចេញចោលចៅហ្វាយ
សែប«មេកងទប់ទល់បានដែលហ្អេស ច្រើនដល់ថ្នាក់នេះ»
មេកងចក្រៃយ៍«យ៉ាងច្រើនប្ដូរដៃគ្នា ពិការឬក៏ស្លាប់ម្ខាងៗប៉ុន្នឹងឯង» និយាយចប់ហើយសែបក៏ថយចេញទៅម្ខាងទុកឲ្យមេកងនៅទប់ទល់ម្នាក់ឯង ពួកវាឃើញបែបនេះក៏នាំគ្នាទៅចោមរោមជុំវិញមេកងជិត មេកងក៏រហ័សសូត្របាលីជាប់មាត់យ៉ាងលឿនដែលជាបាលីការពារខ្លួនវាយមិនឈឺកាប់មិនមុតបាញ់មិនត្រូវអីនឹងឯង មិនចាំយូរពួកវាក៏នាំគ្នាចូលវាយមេកងយកតែម្ដង  ដំបូងឡើយម្នាក់រត់ចូលទៅវាយក៏ត្រូវមេកងទាត់ចេញទៅឆ្ងាយ ចូលពីរនាក់ក្រោយទៀតក៏ត្រូវមេកងវាយម្ដងម្នាក់ផ្ទប់គ្នាទៅម្ខាងបាត់ទៀត សម្លេងវាយគ្នាពេញកណ្ដាលយប់បន្លឺឡើងពេញផ្សារ ធ្វើឲ្យអាទិត្យដែលតាមរកមកលឺសម្លេងហើយក៏ដើរមកតាមសម្លេងក៏បានឃើញថាមេកងកំពុងទប់ទល់តែម្នាក់ឯង អាទិត្យចិត្តមួយចង់ចូលទៅជួយតែក៏ឈប់ចាំមើលបន្តិចទៀតសិន
ពេលនេះមេកងកំពុងត្រូវពួកវាព្រួតវាយម្ដងម្នាក់ៗរហូត មិនឲ្យមេកងដកខ្យល់សូម្បីបន្តិច ឆ្លៀតពេលនោះមេរបស់វាម្នាក់ក៏មកលួចវាយមេកងពីក្រោយមួយដំបងជ្រុង
ឌឺក! “សម្លេងដាក់មួយដំបង” មួយដំបងនេះធ្វើឲ្យមេកងដួលទៅនឹងដីរៀងសឺស្លឺភ្នែកបន្តិចដែរ មេកងក៏រហ័សក្រោកមកវិញ តែក៏ត្រូវវាចូលទៅវាយយកៗ ធ្វើឲ្យមេកងទប់មិនចង់ជាប់ ចុងក្រោយក៏ត្រូវវាដាល់មួយដៃបែកមាត់ តែមេកងមិនព្រមចុះចាញ់ វាចូលមកបម្រុងនឹងវាយមេកងថែមតែក៏ត្រូវមេកងធាក់មួយជើងទៅក្រោយដួលនឹងដី ពួកវាក៏នាំគ្នាហក់មករកមេកងម្ដងទៀតតែមេកងគេចផុត ហើយក៏បានវាយពួកវាដួលនឹងដី ឃើញមេកងទប់ទល់តែឯងមិនរួចសែបក៏ដាច់ចិត្តចូលមកជួយ ពេលនេះពីរនាក់ទល់នឹងគ្នាដប់នាក់ជាង
មេកងក៏បានចូលទៅវាយពួកវាជាមួយសែបជួយគ្នាទប់ទល់ វាយត្រូវទៅវិញទៅមក តែពួកវាក៏គ្នាច្រើនធ្វើឲ្យសែបទប់មិនជាប់ក៏ត្រូវពួកវាវាយឡើងទ្រោមខ្លួន មេកងឯនេះកំពុងតែវាយគ្នាជាមួយមេធំរបស់ពួកវា ក៏ត្រូវមេវាវាយឡើងទ្រោមខ្លួនដូចគ្នា ឈាមមុខឈាមមាត់រៀងខ្លួន ព្រោះជាអ្នកពូកែវាយដូចគ្នា ពេលនេះមេកងកំពុងតែសឺងើបមុខមិនរួច វាកំពុងតែដើរសម្លឹងមើលជុំវិញមេកងរួចក៏លើកដំបងជ្រុងវាយមេកងភ្លាមមួយរំពេច
«ហ្អស់!» “សម្លេងស្រែករបស់មេកង” ដោយសារមេកងកំពុងតែខ្សោយកម្លាំងស្រាប់ត្រូវវាដាក់មួយដំបងថែមក៏ធ្វើឲ្យមេកងសឹងតែក្អួតឈាមចេញមកក្រៅ វាក៏លើកបម្រុងវាយមេកងម្ដងទៀតតែពេលនោះក៏
ឌឹប! “សម្លេងហក់ធាក់មួយជើង» ភ្លាមនោះចោរឆាតទ្រាំមើលលែងបានក៏បានហក់មកបុកជង្គង់ចំកណ្ដាលមុខវាពេញទំហឹងធ្វើឲ្យវាដួលភ្លាមទៅនឹងដី មិនមែនដួលធម្មតាទេថែមទាំងបែកច្រមុះទៀតព្រោះមួយជង្គង់ហោះនេះមិនធម្មតា មេកងក៏សម្លឹងមើលចោរឆាតទាំងភ្នែកសឺ មុននឹងនិយាយតិចៗ
មេកងចក្រៃយ៍«ចោរឆាត» ចោរឆាតក៏ជួយលើកមេកងឡើងមក
ចោរឆាត«គិតថាអាចទប់ទល់បានព្រោះពូកែដូចមេកងនេះ តែថាវាលេងបែបនេះមិនសមជាកូនប្រុសទេ» ចោរឆាតនិយាយហើយក៏ងាកទៅសម្លឹងមុខរបស់វាវិញទាំងកំហឹង វាក្រោកឡើងរត់មកវាយអ្នកទាំងពីរតែចោរឆាតក៏បានប្រើអាគមបំបាំងកាយបាត់ពីរនាក់មេកង ហើយក៏កាន់ដៃមេកងជាប់ដើម្បីបំបាំងកាយជាមួយគ្នា ពេលនោះមេកងនិងចោរឆាតមិនបានទៅណាឆ្ងាយទេ គឺនៅឈរពីក្រោយវាតែវាមើលមិនឃើញ
អ្នកទាំងពីរក៏ងាកមុខមកងក់ក្បាលដាក់គ្នាបន្តិចរួចហើយចោរឆាតក៏ធាក់វាពីក្រោយមួយទំហឹង រួចក៏បង្ហាញខ្លួនមកវិញ ពេលដែលវាងាកមកឃើញអ្នកទាំងពីរក៏រត់មករកវាយម្ដងទៀតតែចោរឆាតក៏បំបាំងកាយបាត់ទៀត បំបាំងភ្លាមមេកងក៏ដាល់វាមួយដៃភ្លាម រួចក៏បង្ហាញខ្លួនទៀត វាក៏ស្ទុះមកទៀតតែក៏បាត់ទៅទៀត ហើយចោរឆាតក៏បានធាក់វាមួយជើងមេកងក៏ចូលទៅបន្ថែមមួយជើងទៀត ចោរឆាតក៏ចូលទៅវាយមួយដៃថែម មេកងក៏ដាក់ថែមមួយជើងទៀតធ្វើឲ្យវាទន់ខ្លួនដួលភ្លាមៗហើយក៏ស្រែកឡើង
«លេងបែបនេះមិនមែនជាកូនប្រុសទេវ៉ើយ បើឯងខ្លាំងក៏ចេញមកវាយមួយស្មើ»លឺបែបនេះចោរឆាតក៏បង្ហាញខ្លួនចេញមកជាមួយនឹងមេកង ហើយក៏ឈរសម្លឹងមើលមុខវាមិនដាក់ភ្នែកទាំងពីរនាក់
ចោរឆាត«ឯងជាអ្នកលេងព្រួតមុន ចឹងហើយក៏ឲ្យកូនចៅឯងឈប់សិនទៅយើងមកតទល់គ្នាតែពីរនាក់វិញ» និយាយចប់ធ្វើឲ្យមេកងភ្ញាក់ផ្អើលងាកមើលមុខចោរឆាតភ្លាមៗរួចហើយវាក៏ក្រោកឡើងដើរទៅម្ខាង ហើយចោរឆាតក៏ដើរទៅម្ខាងតាមវា ឃើញបែបនេះគ្នារបស់វាក៏ឈប់ហើយរត់ទៅម្ខាងចាំមើលចៅហ្វាយខ្លួន ពេលនោះសែបក៏បានដើរមករកមេកងទាំងទ្រោមខ្លួនខ្លាំងណាស់ មេកងក៏រហ័សជួយទប់ខ្លួនសែប
មេកងចក្រៃយ៍«យ៉ាងមិចហើយសែប?»
សែប«មិនអីទេមេកងនៅទប់បាន តែថាចោរឆាតអាចទប់បានទេ? មើលទៅវាមិនធម្មតាទេ» មេកងក៏ងាកទៅមើលចោរឆាតកំពុងត្រៀមខ្លួនវាយជាមួយអាមួយមេធំនោះ
មេកងចក្រៃយ៍«ខ្ញុំក៏មិនច្បាស់ដូចគ្នា តែចោរឆាតគេពូកែប្រហែលជាមិនអីទេ» និយាយចប់ភ្លាមការប្រកូតក៏ចាប់ផ្ដើមឡើង អាម្នាក់នុងក៏ហក់ចូលវាយចោរឆាតតែចោរឆាតគេចផុតហើយក៏ចាំដៃវាម្ខាងរួចទាត់យកៗបីបួនជើងហើយក៏ប្រឡែងទៅវិញ វាក៏ហក់ចូលម្ដងទៀតពេលនេះវាក៏មិនឲ្យភ្លាត់ស្នៀតបានដាល់មុខចោរឆាតមួយដៃ ហើយក៏ប្រុងដាក់មួយដៃទៀតតែចោរឆាតក៏អោនចុះហើយក៏លួចចាប់ទាញកវាមកបោកខ្លួនទៅនឹងដីមួយទំហឹង ហើយក៏លើកជើងប្រុងនឹងធាក់វា តែត្រូវវាចាប់ជាប់ហើយបត់ខ្លួនចោរឆាតមកវាយ តែមិនត្រូវចោរឆាតក៏រហ័សចាប់កាច់ដៃហើយយកក្បាលបុកក្បាលវាមួយទំហឹងធ្វើឲ្យបែកចិញ្ចើមទាំងសងខាង ចោរឆាតក៏បែកវាក៏បែកដូចគ្នា
ពីរនាក់កំពុងតែវាយគ្នាឃើញថាចៅហ្វាយខ្លួនដូចជាត្រូវច្រើនពួកវាក៏ឆ្លៀតឳកាសចូលទៅធាក់ចោរឆាតមួយជើង មេកងឃើញបែបនេះក៏ចូលទៅវាយតទល់ជាមួយជួយចោរឆាត ពេលនេះលែងវាយគ្នាមួយស្មើអីទៀតហើយប្រែទៅជាវាយបីជាមួយគ្នាដប់នាក់ដដែរ តែមេកងពេលនេះមានកម្លាំងមកវិញហើយក៏តាមចាត់ការជាមួយមេធំរហូតដល់ច្រកផ្លូវមួយតែពីរនាក់ ឯចោរឆាតនិងសែបនាំគ្នាទប់ទល់ជាមួយពួកនៅខាងនេះ
ពេលនេះមេកងនិងអាមេធំកំពុងសម្លឹងមុខគ្នាទៅវិញទៅមក វាក៏ស្ទុះចូលមកប្រុងវាយមេកងមួយដំបងតែមេកងចាប់ដំបងជាប់ហើយក៏បត់ខ្លួនទាញយកដំបងបាន ហើយក៏រហ័សវាយវាមួយដំបងមុន តែវានៅតែមានកម្លាំងទប់ទល់បានជាមួយមេកងទៀត ភ្លាមនោះវាក៏ស្ទុះមកធាក់មេកងវិញធ្វើឲ្យមេកងថយខ្លួនបន្តិច ហើយវាក៏ស្ទុះមកចាប់ច្របាច់កមេកងមួយទំហឹងតែមេកងក៏ប្រើស្ទាយដូចអាទិត្យក៏យកក្បាលទៅបុកជាមួយខ្ទង់ច្រមុះរបស់វាធ្វើឲ្យវាឆួលថយខ្លួនបន្តិចហើយមេកងក៏ស្ទុះទៅវាយវាថែម តែថាវាក៏រហ័សគេចទាន់ថែមទាំងដកកាំបិតមកផ្ជុងមេកងថែមទៀត
មេកងមិនបានខ្លាចអីនោះទេក៏បានសើចឡើងតិចៗមុននឹងនិយាយ
មេកងចក្រៃយ៍«កុំធ្វើឲ្យយើងប្រើអស់ដៃអីឯងអាចនឹងស្លាប់បាន» វាលឺហើយក៏សើចឡើងហើយក៏និយាយ «ហាសហា យើងមិនលេងយូរទៀតទេព្រោះថាវាអស់ពេលរបស់យើងហើយសម្លាញ់» និយាយហើយវាក៏ទម្លាក់កាំបិតចុះ ពេលនោះមេកងក៏កើតចម្ងល់ឡើងវាឃើញមេកងធ្វើមុខឆ្ងល់មិនអស់ចិត្តហើយក៏និយាយប្រាប់តែម្ដងទៀត «មេកងដូចឯងនេះ ភ្លើក៏ភ្លើ ល្ងង់ក៏ល្ងង់ មិនចេះប្រើខួរក្បាលគិតទេហ្អេស? ហ្អាស យើងគិតថាមនុស្សដូចឯងនេះឆ្លាតហើយក៏ពូកែ តែឯងនេះមិនដូចអីដែលយើងគិតសោះ ឯងវាពិតជាល្ងង់ហួសការគិតយើងទៅទៀត ឯងមិនដឹងទេហ្អេស គេគ្រាន់តែជួលយើងឲ្យមកបង្វែងដានពន្យាពេលរបស់ឯងប៉ុណ្ណោះ ហ៊ើយ...ចាំជួបគ្នាលើកក្រោយណាអាមេកងល្ងង់» និយាយហើយវាក៏សើចតិចៗមុននឹងងាកខ្លួនដើរចេញទៅបាត់ធ្វើឲ្យមេកងបើកភ្នែកធំៗធ្វើមុខឆ្ងល់តាមសម្លឹងមើលវាពីក្រោយ ពេលនោះចោរឆាតក៏រត់មកដល់ឃើញមេកងឈរធ្មឹងម្នាក់ឯងក៏ដើរទៅអើតរកមើលអាមួយនោះបន្តិច មិនឃើញអ្វីសោះក៏ងាកមករកមេកងវិញ
ចោរឆាត«ឯណាវា? មិចក៏ឯងឲ្យវារួចខ្លួនចេញទៅ?» ចោរឆាតសួរមេកងដូចជាចង់ខឹងជាមួយមេកងបន្តិចអីបន្តិចតែមេកងមិនតបអ្វីច្រើនក៏និយាយតិចៗ
មេកងចក្រៃយ៍«វាថាមានគេជួលវាឲ្យមកបង្វែងដានពន្យាពេលរបស់យើង» ចោរឆាតក៏ធ្វើមុខឆ្ងល់សម្លឹងមើលមុខមេកង
ចោរឆាត«ពន្យាពេល? ពន្យាពេលរឿងអី? អ្នកណាជួលវាមក»មេកងកើតចម្ងល់ឆ្ងល់ដូចគ្នាទឹកមុខម្នាក់ៗពេលនេះស្មើថេងដាក់គ្នាទៅវិញទៅមក
មេកងចក្រៃយ៍«មិនដឹងដូចគ្នា សុខៗវាក៏ឈប់វាយ ហើយមកប្រាប់ថាវាអស់ពេល ព្រោះវាគ្រាន់តែមកពន្យាពេល ដោយសារមានគេជួលវាមក ហើយយើងក៏មិនដឹងថាវាចង់សម្ដៅទៅរឿងអី?» និយាយចប់ភ្លាមចោរឆាតក៏ចាប់ក្រវួចកអាវរបស់មេកង ហើយក៏សម្លឹងមុខគ្នាមិនដាក់ភ្នែក
ចោរឆាត«តែយ៉ាងណាក៏ឯងមិនត្រូវបណ្ដោយឲ្យវាទៅបាត់បែបនេះដែរ ក្រែងឯងជាប៉ូលិសមិនចឹង?» ចោរឆាតស្រែកសម្លុតដាក់មេកង សម្លឹងមុខមេកងមិនដាក់ភ្នែក មេកងក៏ចាប់ក្រវួចកអាវចោរឆាតមកវិញមុននឹងនិយាយ
មេកងចក្រៃយ៍«ឯងគិតថាជាប៉ូលិស យើងត្រូវតែចាប់ជនល្មើសគ្រប់រឿងចឹងហ្អេស? វាក៏មានពេលភ្លាត់ស្នៀតបែបនេះហើយ ភ្លាមៗឲ្យយើងទៅចាប់វាបានយ៉ាងមិច?»
ចោរឆាត«ក្រែងឯងជាអ្នកនិយាយខ្លួនឯងមិនចឹង ថាឯងនឹងចាប់ចោរឲ្យបាន ព្រោះឯងជាប៉ូលិស ជាប៉ូលិសក៏ត្រូវតែចាប់ចោរ!»
មេកងចក្រៃយ៍«អឺ! ចឹងយើងក៏ចាប់ឯងនឹងហើយព្រោះឯងក៏ជាចោរ ចឹងយើងគួរចាប់ឯងទេ» កំពុងតែស្រែកសម្លុតដាក់គ្នាសម្លឹងមុខគ្នាចង់ស៊ីសាច់ទៅវិញទៅមក សែបក៏រត់មកដល់ឃើញពីរនាក់នេះកំពុងតែចង់ស៊ីសាច់គ្នាក៏ចូលទៅបំបែកចេញពីគ្នា
សែប«ពេលនេះហើយនៅមានពេលមកឈ្លោះគ្នាទៀត ពេលនេះមិនមែនពេលដែលត្រូវឈ្លោះគ្នាទេ ឆាប់ទៅប៉ុស្តិ៍ប៉ូលិសទៅ ខ្ញុំមានអារម្មណ៍ថាដូចមិនស្រួលសោះហើយមេកង» សែបខំព្យាយាមសម្រួលតែថាពីរនាក់នេះនៅឈរសម្លឹងមុខគ្នាមិនដាក់ភ្នែកសោះហើយ សែបឃើញបែបនេះក៏និយាយម្ដងទៀត
សែប«ចង់ឈរនៅសម្លឹងគ្នាដល់ណាទៀត សម្រេចថាទៅឬមិនទៅ» និយាយចប់ចោរឆាតក៏ចាប់ផ្ដើមញាក់ត្រចៀកឆ្វេងតិចៗដូចជាលឺសម្លេងអ្វីម្យ៉ាងក៏ធ្វើឲ្យចោរឆាតឈប់សម្លឹងមុខមេកងហើយផ្ដោតមកលើសម្លេងដែលខ្លួនបានលឺវិញ តាមពិតនោះគឺជាសម្លេងកណ្ដឹងដែលនៅជាប់នឹងកជើងរបស់ថៅកែគៀង ដោយសារតែថៅកែមានចលនាពេលនេះទើបចោរឆាតលឺសម្លេងនេះចឹង រួចហើយចោរឆាតក៏ងើបមុខមកនិយាយវិញ
ចោរឆាត«ឆាប់ទៅប៉ុស្តិ៍ប៉ូលិសភ្លាមទៅ ថៅកែគៀងកំពុងតែរត់គេចហើយ» និយាយបែបនេះភ្លាមមេកងក៏មិនជឿហើយថែមទាំងនៅឈរច្រត់ចង្កេះសម្លឹងមើលទៅចោរឆាតទោវិញ
មេកងចក្រៃយ៍« ឯងនិយាយមកដូចជាឯងជាព្រះដឹងគ្រប់រឿងយ៉ាងចឹង ថៅកែនៅក្នុងគុកវាមិចនឹងអាចចេញរួចទៅ ឯងនិយាយមកឯងជាបក្សពួកតែមួយជាមួយវាមែនទេ?» មេកងនៅតែមិនជឿសម្ដីរបស់ចោរឆាតថែមទាំងចោតប្រកាន់ចោរឆាតទៀតផង ចោរឆាតលឺហើយក៏ខឹងចិត្តឡើង រួចក៏ដើរទៅទល់មុខសម្លឹងមុខមេកងហើយក៏និយាយ
ចោរឆាត«ឯងគិតថាគុកតូចតាចបែបនុងទប់ជាប់ថៅកែគៀងមែនទេ? ឯងមកទីនេះក្រោយយើងទេ យើងដឹងគ្រប់យ៉ាងពីទីនេះ ឯងនេះដឹងស្អីខ្លះទៅ»
មេកងចក្រៃយ៍«មែនហើយយើងដឹង គឺដឹងថាចោរវានៅតែជាចោរគ្មានថ្ងៃចោរជាមនុស្សល្អនោះទេ តាមមើលដែលឯងធ្វើនេះក៏ចង់បានប្រយោជន៍ពីអ្នកភូមិដែរ ចោរដូចជាឯងនេះគិតហ្អេសថានឹងធ្វើអីដែលល្អនោះ ចោរនៅតែជាមនុស្សអាក្រក់វាគ្មានថ្ងៃល្អជាមួយអ្នកណាទេ» លឺបែបនេះភ្លាមចោរឆាតក៏ស្ទុះទៅដាល់មុខមេកងមួយដៃភ្លាម មុននឹងនិយាយសម្លុតទៅមេកងវិញ
ចោរឆាត«អឺបើជាចោរដែលអាក្រក់ក៏អាក្រក់ជាមួយឯងនឹងហើយ អាមេកង!»និយាយចប់ភ្លាមក៏ស្ទុះទៅដាល់មួយដៃថែមទៀត មេកងក៏តដៃមិនរួចព្រោះទ្រោមខ្លួនខ្លាំងពេក ចោរឆាតក៏បន្តនិយាយទៀត
ចោរឆាត«ឯងគិតហ្អេសថាយើងនេះវាចង់ធ្វើចោរណាស់ ទោះដឹងថាចោរធ្វើល្អយ៉ាងណាក៏មិនស្មើនឹងតម្លៃរបស់ប៉ូលិសដែរ គេក៏មើលឃើញថាចោរនៅតែអាក្រក់ ប៉ូលិសនៅតែល្អ បើយើងរើសបានយើងក៏រើសធ្វើជាប៉ូលិសដែរ មិនមកធ្វើចោរបែបនេះទេ» និយាយចប់ក៏ស្ទុះទៅដាល់មួយដៃថែមទៀតធ្វើឲ្យមេកងដួលទៅនឹងដីភ្លាមៗ ចោរឆាតក៏ដើរទៅនិយាយបន្តព្រោះពេលនេះកំពុងតែខឹងជាមួយមេកងខ្លាំងហើយ
ចោរឆាត«បើដឹងថាឯងប្រកាន់ខ្លួនបែបនេះ យើងមិនមកជួយទេវ៉ើយ តែយើងនេះ យើងវាមានបេះដូងមានឆន្ទះមានចិត្តមានគំនិតជាមនុស្សល្អ អាឈ្មោះថាជាចោរនេះ វាក៏គ្រាន់តែយកមកបិទបាំងខ្លួនពីក្រៅព្រោះយើងវាមិនមានលទ្ធភាពធ្វើជាប៉ូលិសដូចឯងបាននោះអី» និយាយហើយចោរឆាតក៏ថយខ្លួនបន្តិចវិញចេញពីមេកង ពេលនេះមេកងមិនតបអ្វីបានត្រឹមតែអស់កម្លាំងហើយខំក្រោកមកតទល់ជាមួយចោរឆាតវិញ ឈរនឹងស្រួលបួលហើយក៏និយាយបកទៅចោរឆាតវិញ
មេកងចក្រៃយ៍«ហ៊ឺស...បើបែបនឹងមែន ធ្វើអីផ្សេងក៏បានដើម្បីការពារអ្នកភូមិ មនុស្សល្អដូចជាឯងនេះ មកធ្វើចោរក៏ត្រូវតែគេស្គាល់ថាជាមនុស្សអាក្រក់នឹងហើយព្រោះវាមានឈ្មោះថាជាចោរ» មេកងនិយាយចប់ក៏ដាល់មុខចោរឆាតមួយដៃវិញ ចោរឆាតក៏ងាកមុខមកវិញដាល់មេកងវិញភ្លាមៗហើយក៏ស្រែកនិយាយបន្ត ពេលនេះសែបធ្វើអីមិនចេញបានត្រឹមតែឆ្លេឆ្លាជួយឃាត់តែឃាត់មិនឈ្នះ
ចោរឆាត«អឺ ដោយសារតែគ្មានជម្រើស ទើបរើសធ្វើចោរ មនុស្សដូចឯងនេះគ្មានថ្ងៃយល់ពីជីវិតកូនកំព្រាដូចយើងទេ អាមេកង យើងជាកូនកំព្រា គេចិញ្ចឹមតាមរបៀបជាចោរ រស់នៅក្នុងជម្រកចោរក៏ត្រូវធ្វើជាចោរនឹងហើយ» ពាក្យមួយឃ្លានេះចោរឆាតនិយាយទាំងឆួលច្រមុះខំស្រែកសម្លុតមេកង ភ្នែកចាប់ផ្ដើមក្រហមចាញ់កលរកស្រក់ទឹកភ្នែកតែក៏ទប់ជាប់ ឈរសម្លឹងមើលមុខមេកងមិនដាក់ភ្នែកវិញ មេកងលឺមួយឃ្លានេះហើយក៏តបវិញយ៉ាងលឿន
មេកងចក្រៃយ៍«អឺ យើងក៏ជាកូនកំព្រារឿងអីដែលយើងមិនយល់នោះ ជាកូនកំព្រាវាពិបាកប៉ុណ្ណាយើងក៏ដឹង» មេកងក៏ស្រែកនិយាយទៅវិញពេលនេះចោរឆាតក៏ស្ងាត់ លែងតបអ្វីមេកងក៏លែងនិយាយបន្ត បានត្រឹមតែឈរសម្លឹងមើលមុខគ្នាទៅវិញទៅមកទាំងមុខមាំពិសេសនោះគឺចោរឆាត សែបឃើញស្ថានការណ៍បែបនេះក៏រហ័សទៅសម្រួល
សែប«ឈប់ឈ្លោះគ្នាបានហើយ នាំគ្នាទៅប៉ុស្តិ៍ប៉ូលិសវិញទៅ ខ្ញុំសុំចុះណាមេកង» លឺការអង្វររបស់សែបមេកងក៏ងាកមើលមុខសែបបន្តិចមុននឹងដើរចេញទៅ ហើយសែបក៏ដើរទៅតាមក្រោយ ចោរឆាតនៅឈរស្ទាក់ស្ទើរមិនចង់ទៅ តែសែបក៏ងាកមកអូសដៃចោរឆាតទៅជាមួយគ្នា
ពេលនេះកំពុងតែនៅតាមផ្លូវយប់ស្ងាត់ជ្រងំទៅកាន់ប៉ុស្តិ៍ប៉ូលិស មេកងនិងចោរឆាតនាំគ្នាអង្គុយទាំងមុខមាំមិនមាត់មិនមើលមុខគ្នាអីបន្តិច សែបក៏ចេះតែលួចមើលមុខពីរនាក់នឹងរហូតខ្លាចថានឹងកើតរឿងឈ្លោះគ្នាទៀត តែក៏មិនអីសែបក៏បន្ថែមល្បឿនយ៉ាងលឿន
ងឺត!!! “សម្លេងចាប់ហ្វ្រាំងឡាន” មកដល់ប៉ុស្តិ៍ប៉ូលិស មេកងនិងសែបក៏រហ័សចុះទៅមើលនៅខាងក្នុង ចោរឆាតក៏ចូលទៅតាក្រោយ នាំគ្នាចូលមកដល់ក៏ឃើញថាពេលនេះថៅកែគៀងនិងកូនចៅបាននាំគ្នារត់បាត់អស់មែន មេកងកើតចិត្តខឹងជាខ្លាំងក៏ស្ទុះទៅទាត់ដែកមាត់ទ្វាមួយទំហឹង
មេកងចក្រៃយ៍«ចង្រៃយ៍ហ្អើយ...» មេកងទាត់ហើយក៏ស្រែកទាំងខឹងក្ដាប់ដៃយ៉ាងណែន ភ្នែកក្រហមទាំងក្នុងចិត្តខឹងស្ទើរតែផ្ទុះចេញមកក្រៅហើយ សែបក៏និយាយឡើង
សែប«យើងគិតទៅរកវានៅឯណាទៅមេកង»
មេកងចក្រៃយ៍«មិនខ្វល់វាទៅដល់ណាទេ ត្រូវតែតាមចាប់វាមកវិញតតែបាន» មេកងនិយាយទាំងបើកភ្នែកធំៗចងគ្រឺតធ្មេញខឹងយ៉ាងខ្លាំង សែបក៏ងាកមុខមកសម្លឹងមើលមុខចោរឆាត មុននឹងនិយាយ
សែប«ចោរឆាតជួយបន្តិចមកណា» សែបក៏និយាយអង្វរចោរឆាតតែចោរឆាតមិនតបហើយក៏ធ្វើមុខមាំ បានបន្តិចក្រោយក៏តបឡើង
ចោរឆាត«ខ្ញុំមិនជួយទេ ព្រោះខ្ញុំជាចោរ» និយាយចប់មេកងក៏ភ្ញាក់ងាកមកមើលមុខចោរឆាតតែគាប់ជួនចោរឆាតក៏បំបាំងកាយទៅបាត់ មេកងក៏សម្លឹងមើលមុខសែប សែបក៏សម្លឹងមើលមុខមេកងទៅវិញទៅមក មេកងក៏ដកដង្ហើមធំងើយមុខឡើងដូចជាអស់កម្លាំងខ្លាំងណាស់ ហើយមកត្រូវចាញ់បោកគេបែបនេះធ្វើឲ្យមេកងរិទ្ធតែខឹងចិត្តជាខ្លាំង

យឺតបន្តិចហើយព្រោះadminច្រឡំដេកលក់🌚
រឿងនេះរៀងរ៉ាយរ៉ាប់កន្លែងវាយគ្នាបន្តិចហើយ ព្រោះវាជារឿងបែបប្រយុទ្ធគ្នាចឹងហើយត្រូវរ៉ាយរ៉ាប់ឲ្យចូលសាច់រឿងបន្តិចហើយ ភាគក្រោយៗនឹងបានឃើញតួឯកយើងនៅជាមួយគ្នាហើយ

ស្នេហ៍ចិត្តពីរWhere stories live. Discover now