You are not my brother
Part35អ្នកទាំងពីរអង្គុយនិយាយសាសងគ្នាពីនេះពីនោះ ព្រោះថាខានជួបគ្នាមកយូរហើយ ដូច្នេះត្រូវមានរឿងច្រើនបន្តិច ដើម្បីនិយាយគ្នាហើយ
«មកទៅផ្ទះ យើងខំដើររក នៅអង្គុយសាសងដល់ណាទៀត?» កំពុងតែអង្គុយសុខៗសម្លេងមួយក៏បាននិយាយមកកាន់គេ ដែលនោះគឺគ្មានអ្នកណាក្រៅពីម៉ាប៊ែលនោះទេ ព្រោះបើមិត្តភក្តិរបស់ជីមីនប្រហែលគ្មានអ្នកណាហ៊ានទេ
«ឯងនេះពិតជាពូកែកាត់ចង្វាក់មែន ម៉ោះ បងជួយ» រាងក្រាស់អ៊ូរងូវៗចុងប្រយោគ មុននឹងក្រោកខ្លួនឯងជាមុន ទើបហុចដៃទៅអោយជីមីនតោងដៃគេមកឡើងតាមក្រោយ
«យើងខំដើររក អត់មានប្រាប់យើងមួយម៉ាត់ទេ» ម៉ាប៊ែលសម្លក់មិត្តចង់ជ្រុះគ្រាប់ភ្នែក ពេលឃើញជុងហ្គុកមិនគិតចង់សុំទោសនាងដែលមិនបានប្រាប់នាងទេ នៅឆ្លៀតធ្វើមុខដូចចង់ខឹងនឹងនាងដែលមកកាត់ចង្វាក់គេទៅវិញ
«ឯងបើកឡានទៅផ្ទះបានឬអត់?ឬចង់អោយយើងជូនទៅ?» នរៈសង្ហាមិនបានគិតឆ្លើយសំណួររបស់មិត្តគេឡើយ ផ្ទុយទៅវិញបែរជាសួរនាងរឿងបានអ្វីជិះទៅផ្ទះទៅវិញ
«ថ្ងៃនេះយើងមិនជិះឡានមកទេ អ៊ំតៃកុងឡានមកយកយើងហើយ តាមសប្បាយយើងទៅហើយ យប់ហើយប្រញាប់ទៅផ្ទះទៅ»
«អើ ប្រយ័ត្នផង ដល់ផ្ទះពេលណាប្រាប់យើងផង»
«ដឹងហើយ»
ជុងហ្គុកឈរសម្លឹងស្ងៀមរហូតដល់នាងដើរទៅដល់ខ្លោងទ្វារ រួចចូលក្នុងឡានបាត់ដោយការប្រាកដចិត្តទើបគេ ដឹកដៃប្អូនប្រុសទៅរកឡានរបស់ខ្លួនវិញ ដោយជីមីនអ្នកត្រូវគេដឹកដៃនេះញញឹមឡើងខ្ចឹប សប្បាយរីករាយហាក់ធ្វើមិនត្រូវ
«បងអ្នកបើកក៏បានណា បងស្វាងហើយ» ដើរមកដល់ឡានរួចគេវាចាបែបនេះហើយ ទើបដើរវាងទៅបើកទ្វារឡានឲ្យរាងតូច
ជីមីនញញឹមបន្តិចដាក់បងប្រុសមុននឹងឡើងទៅខាងស្តាំដៃ ដោយខាងឆ្វេងដៃទុកឲ្យបងប្រុសជាអ្នកបើកដោយគេបាននិយាយនៅមុននេះនោះឯង
«ថ្ងៃនេះបងសប្បាយចិត្តដែលបាននិយាយជាមួយឯង មានរឿងអីនៅក្នុងចិត្តក៏អាចប្រាប់បងបាន បងចាំស្តាប់គ្រប់ពេល»
«ខ្ញុំមិនអាចធ្វើអញ្ចឹងបានទេ បងប្រុសការងារច្រើនណាស់ មិនចង់បន្ថែមបន្ទុកអោយបងទេ» រាងតូចតបទៅកាន់បងប្រុសវិញ ដោយសម្លឹងផ្ទៃមុខរបស់ជុងហ្គុកជាប់ ដោយការភ្លឹកមិនដឹងខ្លួនរហូតដល់ម្ចាស់សមីខ្លួនងាកទៅ ទើបគេព្រមដកក្រសែភ្នែកចេញមកវិញយ៉ាងលឿន
«យ៉ាងម៉េច?បងសង្ហាពេកមែនទេ?បានជាសម្លឹងមុខបងរហូត?»
«គ្ម-គ្មានទេ បងកុំចេះតែនិយាយនោះ» មាត់ប្រកែកថាមិនមែន រីឯភ្នែកវិញព្រិចចង់មួយលានព្រិចគ្រាន់តែមិនប៉ុន្មានវិនាទីផង សម្តីនេះបើមិននិយាយក៏ដឹងថាបោកដែរ
«អរអញ្ចឹងហ៎?មិនសង្ហាក៏មិនសង្ហាទៅអញ្ចឹង» គេធ្វើជានិយាយដូចជាអន់ចិត្តរួចបង្វែរកែវភ្នែកទៅសម្លឹងផ្លូវក្នុងការបើកបរវិញ ខណៈជីមីនក៏ញញឹមហួសចិត្តពេលឃើញទង្វើបងប្រុសបែបនេះ ចាស់មិនកើតសោះតែម្តងបងគេនេះ
«លេខអ្នកណាអញ្ចេះ?» កំពុងតែផ្តោតអារម្មណ៍លើការបើកបរសុខៗនោះស្រាប់តែមានលេខមិនស្គាល់មួយបានខលចូលមកកាន់គេ លេខនេះជាលេខផ្ទាល់ខ្លួនរបស់គេទាល់តែក្រុមគ្រួសាររបស់គេឬនាយហានទើបមានលេងគេ តើអាចជានរណាទៅ?ព្រោះបើលេខនាយហានមែន គេបានសេវឈ្មោះត្រឹមត្រូវណាស់
«អាឡូ ខ្ញុំជុងហ្គុក ចននូរៀរ៍និយាយ»
(ចៅ-ហ្វាយ គឺខ្ញុំ)
«ហាន! មានរឿងអី?ហើយឯងយកលេខអ្នកណាខលមកនឹង?»
(ទុកឲ្យខ្ញុំជាអ្នកនិយាយវិញ អាឡូចៅហ្វាយ ហានត្រូវបានក្រុមមិនស្គាល់មុខឆ្មក់ពីមុខឡានហើយវាយគេ ឡានត្រូវខូចខាតទាំងស្រុងសូម្បីតែគេក៏របួសធ្ងន់ដែរ កុំតែពួកខ្ញុំខលទៅគេមិនចូល ក៏នឹកឃើញជិះតាមGPSទើបប្រទះឃើញគេបែបនេះទេ កុំអីមិនដឹងគេអាចមានជីវិតឬអត់ទេ...)
«ចុះមានចាប់បានស្លាកលេខឡានទេ?»
(គ្មានទេចៅហ្វាយ ឡានពួកគេនោះគ្មានស្លាកលេខទេ ដូច្នេះយើងអាចសន្មត់បានថាជាក្រុមអន្ធពាល ដែលឆ្មក់ប្លន់ ឬក៏មូលេហេតុមួយវិញទៀតអាចទាក់ទងនឹងការស៊ើបអង្កេតរបស់គេ ប្រហែលជាខាងជនសង្ស័យចាប់ផ្តើមដឹងខ្លួន ទើបស្ទាក់គេវាយតែម្តង)
«ពេលនេះហានសម្រាកនៅមន្ទីរពេទ្យណា?ខ្ញុំទៅមើលគេ»
(ចាំខ្ញុំផ្ញើទីតាំងអោយចៅហ្វាយចុះ)
«ល្អ មើលថែគេអោយស្រួលបួល ជនប្លែកមុខកុំអោយចូលក្នុងបន្ទប់សម្រាកគេអោយសោះ»
(បាទយល់ហើយ ចៅហ្វាយ)
«បងហានមានរឿងអីមែនទេបងប្រុស?» ដោយឃើញទឹកមុខរបស់ជុងហ្គុកដូចជាបារម្ភខ្លាំងណាស់ គេមិនអាចអត់សួរមិនបានទេ ប្រហែលវាក៏ទាក់ទងនឹងនាយហានដែលជាលេខាបងប្រុសគេដូចគ្នា
«ហាន ត្រូវគេស្ទាក់វាយត្រូវរបួសយ៉ាងដំណំ ពេលនេះបងត្រូវទៅមើលគេនៅមន្ទីរពេទ្យ ចាំបងជូនឯងទៅផ្ទះសិនណា»
«មិនអាចទេ ខ្ញុំអាចទៅទីនោះជាមួយបងបាន»
«កុំអី ទីនោះមិនសុវត្ថិភាពសម្រាប់ឯងទេ ទៅសម្រាកចុះ»
«តែ-»
«ស្តាប់បង បើជារឿងល្អ បងក៏មិនឃាត់ឯងដែរ»
«បាទ» ជីមីនត្រូវបង្ខំចិត្តឆ្លើយយល់ព្រមជាមួយបងប្រុស ត្បិតអីពេលនេះក៏ចង់ដឹងពីសុខទុក្ខរបស់នាយហានដែរ ថាទៅជាយ៉ាងណាហើយពេលនេះ លើកទីមួយហើយដែលគេឮនាយហានត្រូវរបួសធ្ងន់យ៉ាងនេះ ព្រោះរាល់ដងនាយហានតែងបំពេញការងារល្អជានិច្ច
បើកឡានលឿនដូចហោះប្រហែលជាប្រាំនាទីកន្លងផុតទៅ ទីបំផុតពួកគេទាំងពីរក៏បានមកដល់ផ្ទះធំ ជុងហ្គុកចុះពីឡានព្រមនឹងដៃទាំងសងខាងដាក់លើស្មារបស់ជីមីនជាប់មុននឹងនិយាយ
«ទៅខាងក្នុងសម្រាកអោយបានស្ងប់ មិនបាច់ប្រាប់រឿងនេះទៅលោកប៉ានិងអ្នកម៉ាក់ទេ ព្រោះបងនឹងចាត់ចែងវាអោយបានរៀបរយ អូខេទេ?»
«បងសន្យានឹងខ្ញុំមក ថាបើសិនជាបងមានរឿងអ្វីចង់អោយខ្ញុំជួយ បងត្រូវតែប្រាប់ខ្ញុំ»
«បានៗ បងសន្យា ចូលទៅខាងក្នុងចុះ អ៊ំជួយនាំជីមីនទៅបន្ទប់ផង»
«បាទ អ្នកប្រុសធំ»
«បងទៅហើយ រាត្រីសួស្តី» ដោយបានពឹងផ្អែកទៅលោកអ៊ំសន្តិសុខរួចហើយ គេគោះស្មាជីមីនជាលើកចុងក្រោយ មុននឹងដើរចេញទៅរកឡាន បើកចេញទៅយ៉ាងលឿនក្រោមក្រសែភ្នែកនៃការសម្លឹងមើលដោយព្រួយបារម្ភរបស់ជីមីន
«តោះអ្នកប្រុសតូច ចូលមកខាងក្នុងមក យប់ហើយមិនល្អទេនៅខាងក្រៅយូរបែបនេះ»
«អ៊ំមិនបាច់ជូនខ្ញុំទៅបន្ទប់ទេ ខ្ញុំទៅខ្លួនឯងបាន អ៊ំសម្រាកចុះ» ជីមីនញញឹមតបទៅកាន់លោកអ៊ំរួច ទើបគេដាច់ចិត្តដើរចូលទៅខាងក្នុង មិនដឹងជានាយហាននោះយ៉ាងម៉េចយ៉ាងម៉ាទៅហើយទេ ហើយមានរឿងអ្វី?ហេតុអីនាយហានធ្លាក់ខ្លួនត្រូវរបួសធ្ងន់ដល់ថ្នាក់នឹង?ហើយនៅមានគេស្ទាក់វាយទៀត មានរឿងអ្វីដែលគេមិនដឹងពីបងប្រុសទៅ?
តែទោះយ៉ាងណាការសង្ស័យបានត្រឹមតែសង្ស័យ គេមិនអាចដឹងអ្វីបានលើសពីនេះទេ ព្រោះបងប្រុសក៏មិនទាន់ចង់ប្រាប់គេ មានតែរង់ចាំពេលវេលាសមស្របជាងនេះ ហើយក៏សង្ឃឹមថាមិនទាន់ហួសពេលទៅចុះ
ងាកមកខាងរាងក្រាស់ឯណេះវិញ គេប្រើពេលតែដប់នាទីប៉ុណ្ណោះដើម្បីមកដល់មន្ទីរពេទ្យធំ ដែលវាពិតជាឆ្ងាយពីផ្លូវនៃផ្ទះរបស់គេខ្លាំងណាស់។ ជុងហ្គុកឈានជើងចុះពីរថយន្តប្រញាប់រត់ចូលទៅមន្ទីរពេទ្យតាមអង្គរក្សរបស់គេជាអ្នកឈរចាំនៅទីនោះស្រាប់
ដើរមកដល់បន្ទប់ ជុងហ្គុកបើកទ្វារបន្ទប់សម្រាករបស់នាយហាន សម្លឹងមើលសភាពកូនចៅដែលជាលេខាដៃស្តាំរបស់គេដោយសេចក្តីខ្លោចចិត្ត ទម្រង់មុខរបស់គេសឹងតែមើលលែងយល់ ដៃជើងពោរពេញដោយស្នាមរបួស ឃើញសភាពបែបនេះហើយ វាពិតជាធ្វើអោយគេនេះសង្វែកនាយហានជាពន់ពេក
«ចៅហ្វាយ~~» មាត់ប្រឹងហើបហៅចៅហ្វាយខ្លួន ពេលឃើញវត្តមានរាងក្រាស់មកដល់ហើយ ដែលធ្វើអោយអ្នកមកឃើញសភាពបែបនេះ រន្ធត់សឹងទប់ស្មារតីមិនបានទៅហើយ
«ឯងមិនបាច់ប្រឹងនិយាយទេ សម្រាកទៅណា»
«យ៉ាងម៉េចហើយ?ពួកឯងមានរាយការណ៍ទៅប្រាប់ប៉ូលីសឬនៅ?» ជុងហ្គុកដើរមកជិតគ្នីគ្នាដែលជាក្រុមស៊ើបអង្កេតជាមួយគ្នានឹងនាយហាន ដោយទឹកមុខរបស់គេហាក់ខឹងសម្បារ ដូចខ្លាចង់សង្រ្គប់ចំណីយ៉ាងអញ្ចឹង
«ខ្ញុំគិតថា វាមិនមែនជារឿងល្អទេ ដែលយើងត្រូវរាយការណ៍ទៅប៉ូលីស ព្រោះប៉ូលីសនឹងជីកកាយ រឿងនឹងវែងឆ្ងាយជាមិនខាន»
«ចុះបើមិនប្រាប់ប៉ូលីស ពួកឯងគិតថាខ្លួនឯងនេះអាចដោះស្រាយខ្លួនឯងបានទេ?មានឃើញសភាពមិត្តឯងទេ?ថាពេលនេះវាអាក្រក់យ៉ាងណា?»
«ខ្ញុំ ក៏ គិត បែប នោះ ដែរ មិន បាច់ រាយ ការណ៍ ទៅ ប៉ូលីស ទេ មានតែ យើងខ្លួនឯង ទេ ដែលអាច ចាប់ជនល្មើស បាន» នាយហានក៏បានគិតដូច្នោះទើបគេប្រឹងនិយាយនៅខាងមិត្ត ព្រោះកាលដែលមិត្តគេនិយាយក៏វាត្រឹមត្រូវពិតមែន បើរាយការណ៍ទៅប៉ូលីស រឿងនឹងវែងឆ្ងាយហើយភាគរយនៃការចាប់ជនល្មើសបានក៏ចុះថយទៅតាមនោះដែរ
«ចុះដឹងតម្រុយខ្លះទេ?ថាអាចជានរណាដែលស្ទាក់ឯងវាយនោះ?»
«តាមខ្ញុំមើលកាមេរ៉ាសុវត្ថិភាពឡានរបស់អាហាន ខ្ញុំគិតថា ពួកនោះប្រហែលជាចាំផ្លូវដែលអាហានវាបើកបរឆ្លងកាត់ បែបថាវាស៊ើបមកពីរបីថ្ងៃហើយ ទើបវាប្រាកដចិត្តយ៉ាងខ្លាំង ហើយចតឡានរង់ចាំនៅទីនោះតែម្តង គ្នីគ្នាវាច្រើននាក់ខ្លាំងណាស់ បើពួកខ្ញុំមិនបាញ់កាំភ្លើងគម្រាមហើយទៅទាន់ទេ ប្រហែលពួកវាមិនរត់ទេ ខ្ញុំពិបាកស្មានណាស់ ថាអាចជាអ្នកណា តែអ្វីដែលខ្ញុំគិតនៅពេលនេះ ភាគរយច្រើន អាចនឹងជនសង្ស័យដែលហាក់ដូចជាដឹងថាអាហានកំពុងតាមស៊ើបការណ៍អោយចៅហ្វាយ ទើបពួកគេស្ទាក់វាយ ចង់បំបិទភស្តុតាងតែម្តង»
«ភស្តុតាងអី?ហានរកបានភស្តុតាងថ្មីហ្អេស?» ពេលឮមិត្តរបស់នាយហាននិយាយបែបនេះ ទើបគេចាប់បានថានាយហានបានរកឃើញភស្តុតាងអ្វីមួយ ហើយប្រញាប់សួរបកភ្លាមៗតែម្តង
«ភស្តុតាងនោះ គឺនៅក្នុងទូរស័ព្ទវា សោកស្តាយដែលពេលនេះ ទូរស័ព្ទវាត្រូវខូចខាតទាំងស្រុង តែខ្ញុំបានយកទៅអោយជាងជួសជុលហើយ ប្រហែលជាពីរទៅបួនថ្ងៃទៀត ទូរស័ព្ទនឹងធ្វើរួចហើយ»
«តែខ្ញុំអាចនិយាយប្រាប់ចៅហ្វាយនៅពេលនេះបាន...»
«មិនបាច់ទេ សម្រាកចុះ ខ្ញុំមិនប្រញាប់ទេ ជិវិតឯងគឺសំខាន់ជាង»
ជុងហ្គុកឈរសម្លឹងមើលសភាពនាយហាន ដោយក្នុងចិត្តគេ ហាក់មានអារម្មណ៍ដូចជាឈឺចាប់ជំនួស គេមើលឃើញគុណតម្លៃរបស់នាយហានកាន់តែខ្លាំង ជាកូនចៅដែលតែងល្អនឹងគេ មើលថែគេ នៅជាមួយគេតាំងពីនៅអាយុម្ភៃឆ្នាំ រហូតពេលនេះគេចូលក្បែរសាមសិបទៅហើយ អនុស្សាវរីយជាមួយគ្នាក៏មានច្រើន ស្រម៉ៃមិនចេញទេ បើសិនជានាយហានមានរឿងយ៉ាងម៉េចទៅ តើគេនឹងមានវិប្បដិសារីបែបណា...
«អាហានវាខំណាស់ ប្រាប់អោយពួកខ្ញុំទៅសម្រាក តែវាលួចទៅស៊ើបតែម្នាក់ឯង ពេលខ្ញុំតាមទាន់ វាថា វាមិនចង់ឃើញចៅហ្វាយពិបាកចិត្តច្រើនពេកទេ វាចង់អោយរឿងគ្រប់យ៉ាងត្រូវបានដោះស្រាយ ទើបវាលួចទៅតែម្នាក់ឯង សូម្បីតែពួកខ្ញុំក៏វាមិនប្រាប់ដែរ ឥឡូវនេះត្រូវរបួសធ្ងន់ទៀត មិត្តខ្ញុំពិតជាគោរពស្រឡាញ់ចៅហ្វាយខ្លាំងណាស់» មិត្តរបស់នាយហាន ដើរមកឈរជិតនឹងជុងហ្គុក សម្លឹងមើលសភាពមិត្ត ដោយការនិយាយអមទៅជាមួយ ការខំប្រឹងរបស់នាយហានទាំងអស់ក៏ដោយសារតែជុងហ្គុកនេះហើយ ជាមូលហេតុចម្បង។ រាងក្រាស់មានគុណចំពោះគេណាស់ ទើបគេចាំបាច់ត្រូវតែដឹងគុណ ត្បិតត្រូវរបួសដល់ថ្នាក់នេះក៏គេមិនបានបន្ទោសទៅកាន់ចៅហ្វាយខ្លួនឯងឡើយ
«ខ្ញុំដឹងពីបំណងរបស់គេ គេតែងចង់ឃើញខ្ញុំសប្បាយចិត្តជានិច្ច ចាប់ពីពេលនេះទៅមើលថែមិត្តរបស់លោកអោយបានល្អ មិនបាច់អោយគេទៅណាទៀតទេ រហូតដល់ជាសះស្បើយ ស្តាប់ខ្ញុំបានទេ?»
«បាទ ទទួលបានចៅហ្វាយ»
«អរគុណលោកផងដែរ ដែលបានជួយ រឿងបន្ទាប់ ខ្ញុំចង់អោយលោកតាមរកក្រុមអន្ធពាលទាំងនោះ ចាប់គេមកសួរ ហើយត្រូវដឹងពីបំណងរបស់ពួកគេ ថាចង់បានអ្វីអោយប្រាកដ»
«បាទ ខ្ញុំកំពុងអោយគីមសម្ងាត់របស់ខ្ញុំតាមស៊ើបហើយ កុំបារម្ភអី»
(តើភស្តុតាងនៅក្នុងទូរស័ព្ទនោះមានអ្វី?ហេតុអីពួកទាំងនោះ ស្ទាក់វាយនាយហាន ហើយកម្ទេចទូរស័ព្ទនោះចោល?វាទាក់ទងនឹងលោកប៉ាអ្នកម៉ាក់ទេ?...) ជុងហ្គុកគិតនៅក្នុងចិត្ត ដែលវាជាគំនិតដែលគេគិតពេលនេះនៅក្នុងខួរក្បាលដ៏សែនវិលវល់របស់គេ គិតសង្ស័យមិនត្រូវ ស្រម៉ៃមិនចេញ តើអាចជាប៉ាម៉ាក់ចិញ្ចឹមគេយ៉ាងម៉េចទៅ?បើថ្ងៃនេះពួកគាត់នៅជាមួយគេនឹង?តែវា50/50ទេ មិនប្រាកដនោះទេ ថាគាត់បានធ្វើអ្វីនៅពីក្រោយសកម្មភាពរបស់គាត់នៅល្ងាចនេះ គួរឲ្យសង្ស័យណាស់....
__________________________
មានអ្វីអោយប្រាកដ??#lysin

YOU ARE READING
You're not my brother(✅)
Romanceស្នេហាដែលគ្រប់គ្នាគិតថាមិនអាចទៅរួច តើចុងក្រោយនឹងទៅជាយ៉ាងណា? lysin