“ ក្មេងស្រីជើងល្អ ”
សាលាបឋមសិក្សាក្រុងសេអ៊ូល
ថ្ងៃនេះជាថ្ងៃប្រឡងផ្ដាច់ព្រ័ត្រសម្រាប់សិស្សថ្នាក់ទីប្រាំមួយឡើងទៅអនុវិទ្យាល័យថ្នាក់ទីប្រាំពីរ។ ដេលលី ក្មេងស្រីរៀនថ្នាក់ទីប្រាំ គេចម៉ោងរៀនស្ពាយកាតាបដើរលឹបលរនៅជិតថ្នាក់ដែល អេវីល កំពុងតែអង្គុយប្រឡង។ មុខតូចច្រឡឹងគួរឲ្យស្រលាញ់ប្រឹងចំអើតជើង អើតកមើល អេវីល តាមបង្អួចថ្នាក់រៀន។
« បងប្រុស » ដេលលី ហៅ អេវីល ខ្សឹបៗខ្លាចអ្នកដ៏ទៃនិងគ្រូនៅក្នុងថ្នាក់លឺ។
អេវីល ងាកមុខមកឃើញនាងហើយក៏ប្រែទឹកមុខទៅជាស្លន់ស្លោមួយរំព្រិច។
« ឆាប់ទៅវិញទៅ » អេវីល ព្យាយាមដេញនាងចេញដោយសំឡេងខ្សឹបៗព្រោះបើអ្នកគ្រូឃើញ ដេលលី នៅមាត់បង្អួច គេច្បាស់ជាត្រូវដកពិន្ទុមិនខាន។
« បងប្រុស » ដេលលី មិនព្រមចេញទៅណាហើយថែមទាំងហៅគេដដែលម្តងហើយម្តងទៀត ពេលគេងាកទៅមើលក៏ឃើញនាងល្អិតហុចក្រដាសចម្លើយមកតាមមាត់បង្អួច ទើប អេវីល ចាប់ផ្តើមភ័យស្លេកមុខ ព្រោះបើអ្នកគ្រូចាប់បានគេច្បាស់ជាត្រូវដកសិទ្ធិប្រឡងមិនខាន។
« ឆាប់ចេញទៅ បងមិនយកទេ » អេវីល ដេញនាងកាន់តែខ្លាំងជាងមុន ទឹកមុខក៏បញ្ជាក់យ៉ាងច្បាស់ថាគេកំពុងតែខឹងជាមួយនាង។
ដេលលី ធ្វើមុខក្រញូវដាក់ អេវីល ហើយក៏អង្គុយចុះក្បែរជញ្ជាំងវិញ។
« ហេតុអ្វីបងប្រុសមិនយកក្រដាសចម្លើយ? ឬបងប្រុសយកមិនដល់? អា៎! ខ្ញុំនឹកឃើញហើយ » ដេលលី ញញឹមស្រស់ឡើងពេលនឹកឃើញមធ្យោបាយល្អដើម្បីជួយដល់ អេវីល ហើយ។ ដេលលី បត់ក្រដាសចម្លើយធ្វើជាយន្តហោះហើយក៏ក្រោកឡើង រួចគប់យន្តហោះក្រដាសដែលមានចម្លើយប្រឡងឲ្យ អេវីល តាមបង្អួច។
វី...ដុក!
យន្តហោះក្រដាសរបស់ ដេលលី ធ្លាក់ចំគោលដៅល្អខ្លាំងណាស់គឺចំលើក្រដាសប្រឡងពីមុខរបស់ អេវីល តែម្តង ប៉ុន្តែអ្វីដែលមិនល្អគឺអ្នកគ្រូបានឃើញយន្តហោះក្រដាសនោះ។
« សយហើយ » ដេលលី លាន់មាត់ឡើងហើយក៏រហ័សរត់ចេញពីក្បែរថ្នាក់របស់ អេវីល ទៅព្រោះខ្លាចអ្នកគ្រូចាប់នាងបាន។
« អេវីល ក្រដាសអ្វីនៅលើតុឯង? » អ្នកគ្រូរហ័សដើរចូលមកតុរបស់ អេវីល ហើយយកយន្តហោះក្រដាសមកលាមើល។
« យន្តហោះនេះមិនមែនជារបស់ខ្ញុំទេអ្នកគ្រូ » អេវីល ប្រកែកទាំងភ័យស្លេកមាត់។
« ចម្លើយរបស់សំណួរប្រឡងតើ! អេវីល កូនមើលប្រយ៉ុងមែនទេ? »
« អត់ទេ ខ្ញុំមិនបានមើលទេ » អេវីល ប្រកែកទាំងកែវភ្នែករលីងរលោងចង់យំ។
« អ្នកគ្រូចាប់បាននៅនឹងមុខបែបនេះហើយនៅកុហកទៀតមែនទេ? អ្នកគ្រូនឹងដកសិទ្ធិប្រឡងរបស់កូន អេវីល កូនត្រូវរៀនត្រួតថ្នាក់មួយឆ្នាំទៀត »
YOU ARE READING
បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)ចប់
Romanceក្តីស្រលាញ់ដែលនាងមានចំពោះគេមករាប់ឆ្នាំ តែងតែធ្វើឲ្យនាងទទួលបានអារម្មណ៍ខកបំណងនិងឈឺចាប់ឥតស្បើយ ដល់ថ្នាក់នាងចង់បោះបង់ចោលម្តងៗ ប៉ុន្តែដោយសារតែបេះដូងដែលនៅតែស្រលាញ់គេនិងមានអារម្មណ៍ខុសចំពោះគេ ទើបនាងតស៊ូនៅក្បែរគេទោះបីជាគេតែងតែជេរស្តីថានាងជាមេរំខាននៅក្នុងជីវិ...