“ ចាប់ដៃគ្នារត់ចោលរោងការ ”
ពីរសប្ដាហ៍ក្រោយមក
អេវីលនិងរ៉េណា មកផ្សារដើរទិញអីវ៉ាន់ចាំបាច់ខ្លះដែលត្រូវប្រើក្នុងពិធីនៅសប្តាហ៍ក្រោយនេះ។
« ទិញបានគ្រប់ចំនួនហើយ ពួកយើងត្រឡប់ទៅវិញទៅ » រ៉េណា ចេញពីក្នុងហាងមកព្រមជាមួយអីវ៉ាន់ពេញដៃ ទើប អេវីល ដែលឈរចាំរហ័សចូលទៅជួយនាងកាន់អីវ៉ាន់។
ទីងៗ
សំឡេងទូរស័ព្ទក្នុងហោប៉ៅរបស់ អេវីល រោទិ៍ឡើង ទើបគេរហ័សដាក់អីវ៉ាន់ចុះហើយលើកទូរស័ព្ទសិន។
« ខ្ញុំលើកទូរស័ព្ទបន្តិចសិនណា » អេវីល ប្រាប់ទៅ រ៉េណា ហើយក៏ថយទៅនិយាយទូរស័ព្ទក្បែរនេះ។
« ហាឡូ...ខ្ញុំ អេវីល លីអូណា និយាយ »
“ លោក អេវីល ខ្ញុំគឺគ្រូពេទ្យដែលលោកបានជួយនៅថ្ងៃមុនណា តើលោកទំនេរទេ? ខ្ញុំចង់ជួបលោក ព្រោះខ្ញុំមានរឿងសំខាន់ចង់ប្រាប់លោកឲ្យដឹង ”
« បាទ បាន ពេលនេះខ្ញុំនៅខាងក្រៅល្មម អញ្ចឹងចាំខ្ញុំផ្ញើរទីតាំងទៅឲ្យលោកគ្រូពេទ្យណា » អេវីល និយាយចប់ហើយក៏ដាក់ទូរស័ព្ទចុះជាមួយទឹកមុខព្រួយបារម្ភ ទើប រ៉េណា បានឃើញហើយរហ័សដើរមកសួរគេ។
« តើមានរឿងអ្វីមែនទេ? »
« គឺលោកគ្រូពេទ្យដែលពួកយើងជួយថ្ងៃមុន គាត់ចង់ជួបពួកយើង ប្រាប់ថាមានរឿងសំខាន់ចង់ប្រាប់ ស្តាប់តាមសំឡេងទៅដូចជារឿងធំខ្លាំងណាស់ »
« ចឹងយើងរកហាងមួយអង្គុយចាំគាត់សិនទៅ »មួយសន្ទុះក្រោយមក
ងក់!
លោកគ្រូពេទ្យឈប់ឡាននៅមុខហាងកាហ្វេមួយកន្លែងដែល អេវីល បានផ្ញើរទីតាំងមកឲ្យលោក។ មិនបង្អង់យូវ័យចំណាស់ឱនយកសាមីពណ៌ត្នោតក្នុងឡានហើយក៏ប្រញាប់ចូលទៅក្នុងហាងដើម្បីជួបកំលោះក្រមុំទាំងពីរ។
« លោកគ្រូពេទ្យនៅខាងនេះ » អេវីល ក្រឡេកឃើញលោកគ្រូពេទ្យដើរចូលមកក៏រហ័សហៅ ព្រោះខ្លាចលោករកគេនិងរ៉េណាមិនឃើញ។
លោកគ្រូពេទ្យដើរមកតាមការហៅរបស់ អេវីល ហើយក៏ចូលអង្គុយតុទល់មុខពួកគេ។
« លោកគ្រូពេទ្យមានការអ្វីសំខាន់ចង់និយាយជាមួយពួកយើងមែនទេ? » រ៉េណា សួរទៅលោកគ្រូពេទ្យដោយការចង់ដឹង ទើបលោកគ្រូពេទ្យហុចសាមីដែលកាន់មកឲ្យទៅនាងនិងអេវីលដើម្បីបើកមើល។
« លទ្ធផលពិនិត្យ...! » អេវីលនិងរ៉េណា ចំហរមាត់និយាយលែងចេញក្រោយបានឃើញខ្លឹមសារនៅក្នុងក្រដាសមួយសន្លឹកនេះហើយ។
« ខ្ញុំពិតជាសុំទោសចំពោះអ្នកទាំងពីរខ្លាំងណាស់ដែលបានលួចក្លែងបន្លំឯកសារពិនិត្យរបស់អ្នកទាំងពីរ » លោកគ្រូពេទ្យឱនមុខចុះដឹងកំហុសគ្រប់យ៉ាង។
« ហេតុអ្វីបានជាលោកធ្វើបែបនេះ? » អេវីល ស្ទុះក្រោកឈរផុតកៅអីស្រែកគំហកដាក់លោកគ្រូពេទ្យតាមកំហឹងដែលមាននៅក្នុងខ្លួនពេលនេះ បើលោកគ្រូពេទ្យយកលទ្ធផលពិនិត្យពិតប្រាកដនេះចេញមកតាំងពីដំបូងរឿងរបស់គេនិងរ៉េណា ក៏មិនពិបាកដល់ថ្នាក់នេះដែរ។
« ស្ងប់អារម្មណ៍សិនទៅ អេវីល ខ្ញុំថាយើងស្តាប់លោកគ្រូពេទ្យសិនទៅ » រ៉េណា ប្រាប់គេឲ្យស្ងប់អារម្មណ៍ហើយទាញឲ្យគេអង្គុយចុះវិញ។
« គឺខ្ញុំត្រូវលុយពង្វក់ចិត្តឲ្យធ្វើរឿងខុស ប៉ុន្តែពេលនេះខ្ញុំដឹងខ្លួនខុសហើយ ទើបចង់មកលុបលាងកំហុសរបស់ខ្លួនឯង »
« លោកនិយាយបែបនេះមានន័យថាមានអ្នកយកលុយទៅជួលលោកឲ្យធ្វើរឿងមួយនេះហើយមែនទេ? តើលោកស្គាល់ថាគេជាអ្នកណាទេ? » រ៉េណា សួរបន្តដោយការសង្ស័យ។
« ខ្ញុំមិនដឹងថានាងជាអ្នកណាទេ ប៉ុន្តែនាងមានវ័យចំណាស់ប្រហាក់ប្រហែលនឹងខ្ញុំដែរ នាងមិនបានប្រាប់អ្វីមកច្រើនទេ គ្រាន់តែយកលុយមកហុចឲ្យខ្ញុំរួចប្រាប់ឲ្យរៀបចំក្លែងក្លាយមួយសន្លឹកឲ្យអ្នកទាំងពីរប៉ុណ្ណោះ »
« មនុស្សស្រីវ័យចំណាស់នៅជិតខ្លួនរបស់ពួកយើងមានតែបីនាក់ប៉ុណ្ណោះ » អេវីល និយាយឡើងដោយការសង្ស័យហើយក៏ចង់ប្រាប់ឲ្យ រ៉េណា ពិសោធន៍នៅពេលនេះ។
« ចឹងលោកនៅចាំមុខរបស់មនុស្សម្នាក់នោះបានទេ? » រ៉េណា សួរបន្ត។
« ខ្ញុំគិតថាខ្ញុំអាចចាំបាន »
« ចឹងខ្ញុំនឹងបើករូបថតឲ្យលោកសាកមើលណា » រ៉េណា លើកទូរស័ព្ទមកហើយចុចបើករូបអ្នកម៉ាក់របស់នាងឲ្យលោកគ្រូពេទ្យមើលមុនគេ ទាំងក្នុងចិត្តព្រួយបារម្ភជាខ្លាំង។
« មិនមែនម្នាក់នេះទេ »
រ៉េណា ធូរទ្រូងបន្តិចពេលដឹងថាអ្នកដែលធ្វើរឿងនេះមិនមែនជាអ្នកម៉ាក់របស់នាង។
« ឬក៏ជាម្នាក់នេះ? » អេវីល បើករូបអ្នកស្រី រ៉ាវ៉ាន់ ឲ្យលោកគ្រូពេទ្យមើល។
« បាទ គឺម្នាក់នេះហើយ ខ្ញុំចាំបាន »
« លោកប្រាកដទេ » អេវីល សួរបញ្ជាក់ម្តងទៀតព្រោះគេមិនជឿទេថាអ្នកមីងរបស់គេជាអ្នកធ្វើរឿងមួយនេះ។
« បាទ ខ្ញុំប្រាកដណាស់ »
« អ្នកមីង រ៉ាវ៉ាន់ » អេវីល ស្ទុះក្រោកឈរឡើងទាញឯកសារពិនិត្យប្រញាប់ចាកចេញទៅយ៉ាងលឿន ទើប រ៉េណា រហ័សរត់ទៅតាមគេដែរ។
« អេវីល ចាំខ្ញុំផង »
YOU ARE READING
បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)ចប់
Romanceក្តីស្រលាញ់ដែលនាងមានចំពោះគេមករាប់ឆ្នាំ តែងតែធ្វើឲ្យនាងទទួលបានអារម្មណ៍ខកបំណងនិងឈឺចាប់ឥតស្បើយ ដល់ថ្នាក់នាងចង់បោះបង់ចោលម្តងៗ ប៉ុន្តែដោយសារតែបេះដូងដែលនៅតែស្រលាញ់គេនិងមានអារម្មណ៍ខុសចំពោះគេ ទើបនាងតស៊ូនៅក្បែរគេទោះបីជាគេតែងតែជេរស្តីថានាងជាមេរំខាននៅក្នុងជីវិ...