ភាគ៦១

140 4 0
                                    

“ សម្លាប់បំបិទមាត់

  ប៉ុកៗ
  សំឡេងសម្រិបជើងមួយៗស្រាលៗបន្លឺឡើងជាបន្តបន្ទាប់កាត់ភាពងងឹតនៃពេលរាត្រី រហូតមកដល់គុកសម្រាប់ឃុំអ្នកទោសនៅខាងចុងគេ។
  ស៊ូជីន ភ្ញាក់ពីដំណេកបើកភ្នែកឡើងងើយសម្លឹងមុខអ្នកដែលឈរនៅចំពោះមុខរបស់នាង។
  « ទីបំផុតអ្នកស្រីមកហើយ ឆាប់ជួយខ្ញុំឲ្យចេញពីទីនេះទៅ បើមិនអញ្ចឹងទេខ្ញុំនឹងសារភាពគ្រប់យ៉ាងដែលទាក់ទងនឹងអ្នកស្រីប្រាប់ប៉ូលីសហើយ » ស៊ូជីន ក្រោកឈរឡើងស្រែកគំរាមអ្នកដែលឈរនៅចំពោះមុខ។
  «...» បបូរមាត់ស្តើងមិនឆ្លើយតបតហើយបែរជាញោចមាត់ញញឹមដាក់នាងយ៉ាងគួរឲ្យខ្លាច ទើប ស៊ូជីន លើកចិញ្ចើមឡើងដាក់នាងដោយងឿងឆ្ងល់និងភ័យខ្លាច។
  ផឹប!
  អ្នកទោសដែលនៅក្នុងបន្ទប់ឃុំឃាំងជាមួយ ស៊ូជីន យកខ្សែមករឹតកនាងពីខាងក្រោយជាប់ហើយបន្តបន្ថែមកម្លាំងដៃកាន់តែខ្លាំងឡើងធ្វើឲ្យ ស៊ូជីន ដកដង្ហើមលែងចេញ។
  « នា...ង » ស៊ូជីន ស្រវេស្រវ៉ាចាប់អ្នកដែលឈរខាងក្រៅនៅដង្ហើមចុងក្រោយដោយភាពខឹងស្អប់ និងឈឺចាប់បំផុតដែលត្រូវស្រីម្នាក់នេះក្បត់នាងហើយក៏មកសម្លាប់នាងបំបិទមាត់ នៅដង្ហើមចុងក្រោយ ទើបនាងដឹងថាកន្លងមកនាងខុសហើយខុសធ្ងន់ទៀតផង បើនាងមិនលោភលន់ មិនច្រណែនឈ្នានីសអ្នកដ៏ទៃប្រហែលពេលនេះជីវិតរបស់នាងមិនមកដល់ដំណាក់កាលមួយនេះទេ នាងច្បាស់ជាអាចមានអនាគតល្អបានដោយសារតែការខំប្រឹងរបស់ខ្លួនឯង តែដោយសារតែការជ្រើសរើសផ្លូវខុសទើបនាងមកត្រូវស្លាប់ទាំងនៅវ័យក្មេងបែបនេះ។ ស៊ូជីន ស្រក់ទឹកភ្នែកមួយដំណក់ចុងក្រោយចេញមក ហើយក៏ដាច់ខ្យល់ស្លាប់ទៅ។
  « ធ្វើឲ្យដូចជានាងនេះចងកសម្លាប់ខ្លួន » សំឡេងស្រួយកាចសាហាវបញ្ជាទៅអ្នកទោសស្រីនៅក្នុងគុកដែលត្រូវនាងទិញក្បាលឲ្យជួយសម្លាប់ ស៊ូជីន ហើយក៏ដើរចេញទៅវិញធ្វើដូចជាគ្មានរឿងអ្វី។

  ព្រឹកថ្ងៃថ្មី

រ៉ូណាន់និងថេរ៉ុន ដើរញាប់ជើងចូលមកក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃហើយសំដៅទៅរកម្ចាស់ភូមិគ្រឹះដែលកំពុងអង្គុយជុំគ្នានៅបន្ទប់ទទួលភ្ញៀវ។
« ឡូវែល! » រ៉ូណាន់ ចូលមកដល់ក៏ហៅឈ្មោះបងប្រុសដោយទឹកមុខតានតឹង ធ្វើឲ្យឡូវែល ដេរ៍ស៊ីនិងកូនៗរបស់គេប្រែជាតានតឹងដែរភ្លាម។
« តើមានរឿងអ្វី? » ឡូវែល រហ័សសួរទាំងបារម្ភ។
« កូនចៅរបស់ស៊ីរ៉ូដែលប៉ូលីសចាប់បានត្រូវសម្លាប់បំបិទមាត់កាលពីយប់មិញអស់ហើយ »
« មានន័យថា ស៊ីរ៉ូ នៅលាក់ខ្លួនក្នុងប្រទេសកូរ៉េពិតមែន » ឡូវែល ពោលឡើងដោយក្តីបារម្ភ។
« គេពិតជាសាហាវណាស់ នេះហ៊ានលើកដៃសម្លាប់មនុស្សដល់ទៅប្រាំនាក់ដើម្បីបំបិទមាត់ » ដេរ៍ស៊ី ភ័យខ្លាចឡើងព្រឺសម្បុរពេញខ្លួនក្រោយលឺដំណឹងមួយនេះហើយ។
   ដេលលី ដែលអង្គុយជិតអ្នកម៉ាក់ ឃើញអ្នកម៉ាក់ភ័យខ្លាចបែបនេះនាងក៏ឈោងមកឱបអ្នកម៉ាក់បន្តិច។
   « ហើយចុះ ថេរ៉ុន ឯងមានអ្វីចង់រាយការណ៍? » ឡូវែល សួរទៅកាន់នាយកំលោះដែលឈរនៅក្បែរ រ៉ូណាន់ ។
   « គឺ ស៊ូជីន បានចងកសម្លាប់ខ្លួននៅក្នុងគុកកាលពីយប់មិញហើយ »
   « តើអ្វីដែលលោកនិយាយនេះជាការពិតដែរទេ? » ដេលលី ស្ទុះក្រោកឈរឡើងសួរបញ្ជាក់ ថេរ៉ុន ទាំងតក់ស្លុតនឹកស្មានមិនដល់ថា ស៊ូជីន បែរជាជ្រើសរើសយកផ្លូវមួយនេះ។ ទោះជា ស៊ូជីន បានធ្វើរឿងមិនល្អមកលើនាងច្រើន មិនសមនឹងលើកលែងទោសឲ្យ ប៉ុន្តែនាងក៏មិនគិតចង់ឲ្យ ស៊ូជីន ស្លាប់ដែរ។
    « បាទ គឺពិតណាស់ ព្រោះខ្ញុំទទួលដំណឹងនេះមកពីប៉ូលីសទទួលខុសត្រូវលើរឿងក្តី ស៊ូជីន ដោយផ្ទាល់ »
   ដុក!
   ដេលលី ដាក់ខ្លួនអង្គុយវិញទាំងមានអារម្មណ៍សោកស្តាយបន្តិច ទោះបីជាទង្វើដែល ស៊ូជីន បានធ្វើដាក់នាងមិនអាចលើកលែងឲ្យបាន ប៉ុន្តែនាងក៏នៅតែមានអារម្មណ៍សោកសៅចំពោះការស្លាប់របស់ ស៊ូជីន ដដែល ។ នាងឲ្យប៉ូលីសចាប់ ស៊ូជីន ព្រោះចង់ឲ្យ ស៊ូជីន ដឹងកំហុសហើយកែខ្លួននៅក្នុងគុក ប៉ុន្តែនាងមិនដែលគិតទេថា ស៊ូជីន នឹងសម្លាប់ខ្លួន។
   « មនុស្សយើងធ្វើអ្វីគឺតែងតែទទួលបាននោះ ស៊ូជីន នាងសាកតែអំពើអាក្រក់ ហើយចុងក្រោយក៏ទទួលបានផលតបស្នងបែបនេះហើយ » ដេរ៍ស៊ី អង្អែលខ្នងកូនស្រីហើយពន្យល់កូនស្រីមិនឲ្យគិតច្រើនតទៅទៀត។  
   « ម៉ាក់! » ដេលលី ស្តាប់សម្តីអ្នកម៉ាក់ហើយក៏ឈោងដៃឱបម៉ាក់ណែនដៃ។
  « ប៉ុន្តែយើងគិតថាចៃដន្យពេកហើយដែលជនល្មើសពាក់នឹង ស៊ីរ៉ូ ស្លាប់ក្នុងយប់តែមួយបែបនេះ » ឡូវែល និយាយឡើងដោយទឹកមុខសង្ស័យ។
  « លោកម្ចាស់មានន័យថា ស៊ូជីន ក៏ត្រូវគេសម្លាប់បំបិទមាត់ដែរមែនទេ? » ថេរ៉ុន សួរទៅកាន់ ឡូវែល វិញ។
  « ពិតមែនហើយ យ៉ាងណាយើងចង់ឲ្យប៉ូលីសស៊ើប មើលរឿងនេះដោយយកចិត្តទុកដាក់បំផុត »
  « បាទ » ថេរ៉ុន ឆ្លើយទទួលបញ្ជាហើយក៏ចេញទៅធ្វើការភ្លាម។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)ចប់Where stories live. Discover now