“ គំនុំនិងការសងសឹកនាំមកនូវសេចក្តីវិនាស ”
អេវីល ឈានទៅមុខមួយជំហានចង់ចូលទៅជិតអ្នកមីងរបស់គេម្តងទៀត ប៉ុន្តែពេលបានឃើញកែវភ្នែកខុសឆ្ងាយស្រឡះពីអ្នកមីងរបស់គេពីមុនហើយ គេក៏ឈប់ជើងមួយកន្លែងវិញ ទាំងឈឺចាប់ពេញដើមទ្រូង។
« ហេតុអ្វីទៅ? ហេតុអ្វីបានជាអ្នកមីងសម្លាប់លោកប៉ាហើយធ្វើល្អចំពោះខ្ញុំ? » អេវីល ប្រឹងសួរទៅកាន់រាងចំណាស់ទាំងអួលដើមកឈឺចាប់ជាពន់ពេក។
« ព្រោះតែឯងជាអ្នកស្នងមរតកលោកប៉ារបស់ឯងនោះអី ខ្ញុំធ្លាប់គិតថានឹងធ្វើពុតជាល្អចំពោះឯងរហូតទៅ ព្រោះមានតែធ្វើបែបនោះប៉ុណ្ណោះ ទើបខ្ញុំអាចរស់នៅយ៉ាងសុខស្រួលនៅក្នុងចម្ការលីអូណាបន្តបាន ប៉ុន្តែនៅសុខៗស្រីដែលឈ្មោះ ដេលលី នេះបែរជាបង្ហាញខ្លួនឡើងមក ដំបូងខ្ញុំខំទុកចិត្តឯងថាឯងនឹងមិនស្រលាញ់ស្រីម្នាក់នេះទេ ទើបខ្ញុំគ្រាន់តែបង្ករឿងក្នុងចម្ការហើយទម្លាក់កំហុសឲ្យនាង ដើម្បីឲ្យឯងកាន់តែស្អប់នាងខ្លាំងឡើង ប៉ុន្តែមិននឹកស្មានថាទីបំផុតឯងបែរជាស្រលាញ់នាងទៅវិញ។ នាងបានសង្ស័យរឿងរបស់ខ្ញុំហើយថែមទាំងព្យាយាមស៊ើបរកការពិតទៀតផង ទើបខ្ញុំត្រូវរួមដៃជាមួយថៅកែម៉ាឡុននិង ស៊ីរ៉ូ កម្ចាត់នាងចោល ដោយមាន ស៊ូជីន ដែលចាំរាយការណ៍គ្រប់យ៉ាងពីនាង ហេតុនេះហើយមិនថា ដេលលីឬអ្នកទាំងអស់គ្នាធ្វើអ្វីទេ ពួកយើងតែងតែដឹងមុនជានិច្ច ហាសហា! » យូរ៉ាន់ ញញឹមឡើងយ៉ាងសប្បាយចិត្តពេលរំលឹកដល់ការសហការណ៍និងផែនការដ៏ល្អរបស់នាងជាមួយគ្នីគ្នាកន្លងមក គ្រប់យ៉ាងតែងតែដំណើរការទៅយ៉ាងល្អមិនគួរណាចុងក្រោយនាងនៅតែចាញ់សោះ ។
« មានន័យថាកន្លងមកគ្រាន់តែជាការសម្តែងចឹងមែនទេ? អ្នកមីងមិនដែលស្រលាញ់ខ្ញុំទុកដូចជាកូនក្មួយពិតទេ? »
« ពិតមែនហើយ ម្ភៃឆ្នាំមកនេះយើងមិនដែលបានរស់នៅជាខ្លួនឯងម្តងណាទេ យើងទ្រាំមកម្ភៃឆ្នាំជាងព្រោះគិតថាថ្ងៃណាមួយយើងនឹងក្លាយជាម្ចាស់ចម្ការលីអូណាពេញសិទ្ធិ ប៉ុន្តែចុងក្រោយពួកឯងក៏បំផ្លាញ់បំណងប្រាថ្នារបស់យើងអស់ហើយ ពួកឯងធ្វើឲ្យការខិតខំរបស់យើងកន្លងមកប្រែជាគ្មានន័យ » យូរ៉ាន់ ស្រែកដាក់គ្រប់គ្នាដោយភាពឈឺចាប់បំផុត។
«...» អេវីល និយាយអ្វីមិនចេញ ពេលនេះគេមានតែពាក្យថាខកចិត្តចំពោះអ្នកមីងរបស់គេប៉ុណ្ណោះ។
« យូរ៉ាន់ ឈប់បានហើយ ទម្លាក់គំនុំចុះហើយកែខ្លួនជាថ្មីទៅ » ឡូវែល ព្យាយាមបញ្ចុះបញ្ចូលឲ្យនាងព្រមទម្លាក់គំនុំក្នុងចិត្តចុះហើយកែខ្លួនជាថ្មី។
« ឡូវែល ខ្ញុំទៅជាបែបនេះព្រោះតែបង បើកាលនោះបងមិននាំ ដេរ៍ស៊ី មកហើយបងព្រមរៀបការជាមួយខ្ញុំ ខ្ញុំក៏មិនធ្លាក់ខ្លួនដល់ថ្នាក់នេះដែរ គ្រួសាររបស់ខ្ញុំ ឋានៈខ្ពង់ខ្ពស់របស់ខ្ញុំសុទ្ធតែត្រូវបងបំផ្លាញ់ទាំងអស់ ហ៊ឹក! » ទឹកភ្នែកដល់សែនឈឺចាប់របស់នាងស្រក់ចុះមកពេលនឹកដល់រឿងកាលពីម្ភៃឆ្នាំមុន បើថ្ងៃដែលនាងរៀបការជាមួយគេនោះ គេមិនបកអាក្រាតលោកប៉ារបស់នាង នាងក៏មិនអាចធ្លាក់ខ្លួនលំបាកបែបនេះដែរ ហើយម្ចាស់តំណែងអ្នកស្រីរ៉ូប៊ីនសុននាពេលនេះប្រាកដជានាងមិនខាន មិនមែនជា ដេរ៍ស៊ី ទេ។
« អ្នកស្រីទៅជាបែបនេះព្រោះតែអ្នកស្រីខ្លួនឯងទៅវិញទេ ខ្ញុំបានមើលព័ត៌មានហើយថាលោកប៉ារបស់អ្នកស្រីបានធ្វើរឿងអាក្រក់អ្វីខ្លះ ប៉ុន្តែកាលនោះអ្នកស្រីមិនបានពាក់ព័ន្ធនឹងរឿងក្តីលោកប៉ាទេ តែដោយសារការគុំគួនចង់សងសឹករបស់អ្នកស្រី ទើបធ្វើឲ្យអ្នកស្រីធ្លាក់ខ្លួនជាប់ទោសឧក្រិដ្ឋដែរ » ដេរ៍ស៊ី មិនអាចទ្រាំឲ្យ យូរ៉ាន់ ទម្លាក់កំហុសគ្រប់យ៉ាងទៅលោកប៉ានិងអ្នកម៉ាក់របស់នាងទេ ទើបនាងចេញមកនិយាយការពិតដាស់តឿនសតិរបស់ យូរ៉ាន់។
« បិទមាត់ឯងទៅ! ពិតមែនហើយគ្រប់យ៉ាងក៏ព្រោះតែក្មេងចង្រៃឯងនេះដែរ បើម្តាយរបស់ឯងមិនមានឯង ពេលនេះ ឡូវែលក៏មិនអាចយកម្តាយរបស់ឯងវិញដែរ »
« ឈប់និយាយផ្តេសផ្តាសទៀតទៅ យូរ៉ាន់ នាងក៏ដឹងក្នុងចិត្តច្បាស់ហើយថាទោះបីជាខ្ញុំមិនមាន ដេលលី ក៏ឡូវែល នៅតែជ្រើសរើសយកខ្ញុំដែរ ព្រោះគេស្រឡាញ់ខ្ញុំ » ដេរ៍ស៊ី ចូលមកឈរនៅពីមុខកូនស្រីហើយព្យាយាមការពារកូនស្រីពីពាក្យសម្តីផ្តេសផ្តាសរបស់ យូរ៉ាន់។
« តើពិតដែរទេឡូវែល? បើនាងមិនមានកូនរបស់បង បងនៅតែជ្រើសរើសនាងដដែលមែនទេ? ហ៊ឹក! » យូរ៉ាន់ ងាកទៅសួរ ឡូវែល វិញទាំងទឹកភ្នែកហូរហាម។
« ដេរ៍ស៊ី និយាយមិនខុសទេ ទោះជានាងគ្មានកូនរបស់ខ្ញុំ ខ្ញុំក៏នៅតែជ្រើសរើសយកនាងដដែល ព្រោះក្នុងជាតិនេះខ្ញុំស្រលាញ់តែនាងម្នាក់ប៉ុណ្ណោះ » ឡូវែល និយាយឡើងទាំងចោលភ្នែកសម្លឹងមុខរបស់ ដេរ៍ស៊ី ជាមួយកែវភ្នែកស្រទន់ពេញដោយក្តីស្រលាញ់។
« ហាសហា » យូរ៉ាន់ សើចឡើងខ្លាំងៗដូចមនុស្សរោគចិត្តហើយក៏កាន់តេឡេបញ្ជាគ្រាប់បែកលើកឡើង។
« អ្នកមីងចង់ធ្វើអី? » អេវីល ស្រែកសួររាងចំណាស់ទាំងភ័យបារម្ភខ្លាចនាងចុចបំផ្ទុះគ្រាប់បែក។
« បើយើងគ្មានក្តីសុខ មនុស្សដែលធ្វើបាបយើងកន្លងមកក៏មិនអាចមានក្តីសុខបានដែរ » យូរ៉ាន់ ញោចមាត់ញញឹមហើយក៏ចុចបំផ្ទុះគ្រាប់បែកដែលនៅជាន់ខាងលើមុន។
«...»
គ្រាប់គ្នាខំទប់ត្រចៀកក្រាបចុះប៉ុន្តែបែរជាគ្មានរឿងអ្វីកើតឡើងទៅវិញ។
« តើមានរឿងអ្វីកើតឡើង? » យូរ៉ាន់ ប្រឹងចុចម្តងហើយម្តងទៀតប៉ុន្តែគ្រាប់បែកដែលនាងដាក់នៅជាន់ខាងលើមិនផ្ទុះសោះ។
« នៅឲ្យស្ងៀមពួកយើងជាប៉ូលីស ឆាប់ដាក់តេឡេបញ្ជាគ្រាប់បែកចុះភ្លាម » ក្រុមប៉ូលីសនៅជាន់ខាងលើភ្ជង់កាំភ្លើងមកកាន់ យូរ៉ាន់។
« តាមពិតពួកឯងជាអ្នកដោះគ្រាប់បែកនៅជាន់ខាងលើសោះ ប៉ុន្តែមិនអីទេព្រោះនៅគ្រាប់បែកក្រោមសាឡុនមួយទៀត » យូរ៉ាន់ ងាកទៅមើលគ្រាប់បែកដែលនៅលោតភ្លើងពណ៌គ្រាប់ក្រោមសាឡុនក្រោមខ្នងចំណាប់ខ្មាំងទាំងបួនវិញ រួចនាងក៏ដាក់ដៃប្រុងបំផ្ទុះគ្រាប់បែក តែក៏ត្រូវ អេវីល ស្ទុះចូលទៅដណ្តើមតេឡេបញ្ជាគ្រាប់បែកពីនាង។
« ឆាប់នាំគ្នារត់ចេញទៅ » អេវីល ព្យាយាមស្រែកប្រាប់ឲ្យ ដេលលីនិងលោកប៉ាអ្នកម៉ាក់របស់នាងរត់ចេញពីក្នុងផ្ទះ។
« ឆាប់ទៅៗ » ឡូវែល អូសដៃភរិយានិងកូនស្រីចេញពីក្នុងផ្ទះ ប៉ុន្តែ ដេលលី ក៏ប្រលែងដៃពីអ្នកម៉ាក់របស់នាងហើយរត់ចូលទៅជួយ អេវីល វិញ។
« ដេលលី! » ដេរ៍ស៊ី ចង់ចូលទៅវិញ ប៉ុន្តែក៏ត្រូវ ឡូវែល ចេញមកខាងក្រៅយ៉ាងលឿន ។
« ដេរ៍ស៊ី ឡូវែល » រ៉ូណាន់ ដែលនៅចាំខាងក្រៅជាមួយ ថេរ៉ុននិងរ៉េណា រហ័សរត់មករក ដេរ៍ស៊ីនិងឡូវែល ដែលរត់ចេញពីក្នុងផ្ទះមក។
« រ៉ូណាន់ ផ្ញើរ ដេរ៍ស៊ី ផង » ឡូវែល ប្រគល់ ដេរ៍ស៊ី ឲ្យទៅ រ៉ូណាន់ ហើយក៏ប្រលែងដៃពីនាងរត់ចូលទៅក្នុងផ្ទះវិញ។
YOU ARE READING
បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)ចប់
Romanceក្តីស្រលាញ់ដែលនាងមានចំពោះគេមករាប់ឆ្នាំ តែងតែធ្វើឲ្យនាងទទួលបានអារម្មណ៍ខកបំណងនិងឈឺចាប់ឥតស្បើយ ដល់ថ្នាក់នាងចង់បោះបង់ចោលម្តងៗ ប៉ុន្តែដោយសារតែបេះដូងដែលនៅតែស្រលាញ់គេនិងមានអារម្មណ៍ខុសចំពោះគេ ទើបនាងតស៊ូនៅក្បែរគេទោះបីជាគេតែងតែជេរស្តីថានាងជាមេរំខាននៅក្នុងជីវិ...