“ ភាពឈឺចាប់វេទនាដូចស្លាប់ទាំងរស់ ”
ត្របកភ្នែកស្តើងបើកឡើងប្រិមៗខណៈរាងកាយរបស់នាងទាំងមូលឈឺចាប់ឡើងស្ពឹកកម្រីកខ្លួនមិនរួច អ្វីដែលនាងឃើញនៅពេលនេះមានតែឈាមពណ៌ក្រហមឆ្អិនឆ្អៅរបស់មនុស្សជុំវិញខ្លួន ក្នុងច្រមុះរបស់នាងមានតែក្លិនឈ្ងៀមពីម៉ាស៊ីនឡាន។ ចុងបញ្ចប់នៃជីវិតមួយនេះបែរជាឈឺចាប់យ៉ាងនេះ នាងបែរជាត្រូវស្លាប់ទៅជាមួយនឹងចិត្តដែលគ្រាំគ្រាដោយសារការក្បត់របស់មិត្តនិងមនុស្សដែលនាងស្រលាញ់បែបនេះមែនទេ? បើនាងមិនរឹងរូសចចេសច្រើនហើយស្តាប់បង្គាប់អ្នកម៉ាក់និងលោកប៉ារបស់នាងបន្តិច ជីវិតរបស់នាងក៏ប្រហែលមិនជួបរឿងអាក្រក់ៗបែបនេះដែរ នាងចាប់ផ្តើមស្តាយក្រោយហើយដែលសម្រេចចិត្តចាកចេញពីផ្ទះមក។
« ស៊ូជីន...ហ៊ឹក! » បបូរមាត់ស្លេកស្លាំងប្រឹងហៅអ្នកដែលសន្លប់ស្តូកស្តឹងក្នុងថ្លុកឈាមក្បែរខ្លួន ពេលឃើញមុខរបស់ ស៊ូជីន នាងមិនចង់ជឿទេថា ស៊ូជីន បានក្បត់នាង ព្រោះរូបភាពល្អរបស់ ស៊ូជីន ស្ថិតនៅក្នុងការចងចាំរបស់នាងគ្មានថ្ងៃរលប់ឡើយ។“ អរ! តាមពិតគឺនាង និស្សិតផ្នែកជំនួញដែលបានលួចពិន្ទុមិត្តរួមថ្នាក់ហើយពេលបែកធ្លាយការពិតក៏រុញមិត្តរួមថ្នាក់ឲ្យធ្លាក់ជណ្ដើរបាក់ជើង ”
“ បិទមាត់របស់ឯងទៅ មិត្តរបស់យើងមិនបានធ្វើរឿងបែបនេះទេ គឺស្រីបិសាចម្នាក់នោះជាអ្នកលាបពណ៌ឲ្យមិត្តរបស់យើង ”....
“ ហ៊ឹក...អ្នកណាធ្វើឲ្យឯងទៅជាបែបនេះ? ប្រាប់មកខ្ញុំនឹងទៅសម្លាប់គេភ្លាម ”...
“ នេះជាខ្សែដៃគូរបស់ពួកយើងណា...”
ស្នាមញញឹមលើផ្ទៃមុខស្មោះត្រង់របស់ ស៊ូជីន កាលពីមុន និងក្តីព្រួយបារម្ភយកចិត្តទុកដាក់ទាំងប៉ុន្មានដែល ស៊ូជីន ធ្លាប់ធ្វើដាក់នាងកន្លងមក ធ្វើឲ្យបេះដូងរបស់នាងកាន់តែឈឺចាប់ទ្វាដង។
« ដេលលី! »
សំឡេងគ្រលរដែលនាងស្គាល់ច្បាស់ថាជាអ្នកណាហៅនាងតាំងពីចម្ងាយ ធ្វើឲ្យនាងចង់ហារមាត់តបជាមួយគេខ្លាំងណាស់ តែនាងធ្វើមិនបាន។
“ ខ្ញុំយល់ព្រម ”
“ យល់ព្រមស្អីនាង? ”
“ យល់ព្រមរៀបការជាមួយបងនោះអី បងសារភាថាស្រលាញ់ខ្ញុំមក ខ្ញុំនឹងរៀបការជាមួយបងភ្លាម ”
” ខ្ញុំយល់ព្រមរៀបការជាមួយនាង ”
“ នឹកមិនឃើញរឿងពីមុនក៏មិនអីដែរ ប៉ុន្តែពេលវេលាមួយនេះសូមចងចាំទុកបានទេ សូមកុំបំភ្លេចវាចោលម្តងទៀតអី ព្រោះបងឈឺចិត្តខ្លាំងណាស់ពេលដឹងថា ដេលលី បំភ្លេចវេលាដែលធ្លាប់មានជាមួយបងចោល ”
“ ជីវិតគូមិនអាចដើរទៅមុខបានយូអង្វែងត្រឹមតែពាក្យថាស្រលាញ់ពីរម៉ាត់នេះទេ អ្វីដែលខ្ញុំចង់បានបំផុតគឺភាពស្មោះត្រង់ដែលមានចំពោះគ្នា...”
“ គ្រប់យ៉ាងដែលនាងចង់បានពីខ្ញុំ គ្មានថ្ងៃអាចកើតឡើងឡើយ ដេលលី ”
“ សុំទោសចំពោះរឿងដែលកើតឡើងទាំងប៉ុន្មាននាពេលនេះ បងគ្មានចេតនាចង់ឲ្យរឿងទៅជាបែបនេះទេ បងមិនដែលគិតចង់បំពានលើ រ៉េណា ម្តងណាឡើយហើយបងក៏មិនបានស្រលាញ់ រ៉េណា ដែរ ប៉ុន្តែបងស្រលាញ់អូន ដេលលី! ”
នឹកឃើញរឿងរ៉ាវទាំងអស់របស់នាងនិងគេហើយទឹកភ្នែករបស់នាងក៏ស្រក់ចុះមកតាមចុងភ្នែកដែលចាប់ផ្តើមបិទជិតព្រោះគ្មានកម្លាំង។
“ បងមកហួសពេលទៀតហើយ អេវីល ” នេះគឺជាឃ្លាចុងក្រោយដែលនាងគិតនៅក្នុងចិត្តមុនពេលសន្លប់បាត់ស្មារតីទៅ។ ហេតុអ្វីបានជានាងគិតថាគេមកហួសពេល? ព្រោះបើគេមកលឿនជាងនេះ ទាន់ពេលដែលនាងនៅអាចបើកភ្នែកបាន នាងច្បាស់ជាបានឃើញមុខគេជាលើកចុងក្រោយមុនពេលចាកចេញពីលោកនេះទៅមិនខាន ប៉ុន្តែគេនៅតែដូចរាល់ដង ទាល់តែហួសពេលទើបគេមករកនាងហើយនិយាយពាក្យពិតចេញពីចិត្តដាក់នាង ប៉ុន្តែវាហួសពេលអស់ទៅហើយ។
« ដេលលី! » អេវីល លុតជង្គង់លើអំបែងកញ្ចក់ឡានឱនរកមើលស្រីក្រមុំដែលជាប់នៅក្នុងឡាន ទាំងក្នុងទ្រូងឈឺចាប់ប្រេះបែកជាច្រើនបំណែក ។
កែវភ្នែកក្រហមឆ្អៅក្រឡេកឃើញនាងហើយក៏រហ័សរកវិធីគាស់ទ្វាឡានឲ្យរបើកហើយទាញនាងចេញមកឱបក្រសោបក្នុងដៃ។
« ឆាប់ខលហៅឡានពេទ្យមក » អេវីល ស្រែកខ្លាំងៗទៅកាន់ រ៉េណា ដែលកំពុងចុចទូរស័ព្ទទាំងញ័រដៃទទ្រើក។
« ស៊ូជីន » ថេរ៉ុន ចូលទៅជួយ ស៊ូជីន ម្នាក់ទៀត មុនពេលឡានផ្ទុះ។
ផាំងៗ
ឡានផ្ទុះឡើងឆាបឆេះទៅព្រមជាមួយនាយម៉ាវីននិងគ្នីគ្នារបស់គេពីរនាក់ទៀត ចំណែក ដេលលីនិងស៊ូជីន ត្រូវបានជួយសង្គ្រោះទាន់ពេល ប៉ុន្តែស្ថានភាពរបួសរបស់ពួកនាងធ្ងន់ធ្ងរមិនដឹងថាអាចនៅមានជីវិតឬអត់ទេ។
YOU ARE READING
បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)ចប់
Romanceក្តីស្រលាញ់ដែលនាងមានចំពោះគេមករាប់ឆ្នាំ តែងតែធ្វើឲ្យនាងទទួលបានអារម្មណ៍ខកបំណងនិងឈឺចាប់ឥតស្បើយ ដល់ថ្នាក់នាងចង់បោះបង់ចោលម្តងៗ ប៉ុន្តែដោយសារតែបេះដូងដែលនៅតែស្រលាញ់គេនិងមានអារម្មណ៍ខុសចំពោះគេ ទើបនាងតស៊ូនៅក្បែរគេទោះបីជាគេតែងតែជេរស្តីថានាងជាមេរំខាននៅក្នុងជីវិ...